៨ ​-តើស្នេហាជាន័យ ឬ ជានុយ
ថ្ងៃសៅរ៍ ទី18.សីហា 2018.ម៉ោង 7:52

«QUINZE ans, ô Roméo ,l’âge de Juliette» Le passionné est un homme excessif, en rupture d’équilibre. Il ne s’adapte pas aux situations réelles, car il vit dans l’imaginaire. La prevue, c’est que Roméo et Juliette se suicident, critère ultime de leur incapacité d’assumer l’existence.          A.Vergez, D.Huisman.

   សារ៉ាក់​ និង រ័តនា​ បាន​ជួប​សន្ទនា​គ្នា​ជា​កំសាន្ដ​នៅ​បណ្ណា​ល័យ​ជាតិ​ចំនួន​ប្រាំ​ដង​មក​ហើយ។ សារ៉ាក់​មិន​ទាន់ហ៊ាន​សារភាព​សេចក្ដី​ស្នេហា​របស់​អ្នក​ប្រាប់​រ័តនា​នៅ​ឡើយ​។ ម្ដង​នេះ​សារ៉ាក់​ឈ្លក់​វង្វេង​ពេញ​ទំហឹង​ រសាត់​ទៅ​តាមរលក​ស្នេហ៍ ដោយ​គ្មាន​សង្ឃឹម​ថា នឹង​បាន​ត្រលប់​។ គំនិត​ខ្មៅ​ក្រខ្វក់​ទាំង​ប៉ុន្មាន​... គំនិត​អស់សង្ឃឹម​ក្នុង​ជីវិត​ ដែល​ធ្លាប់​បាន​មក​យាយី​ដួង​ព្រលឹង​សារ៉ាក់​ក៏ត្រូវ​អោន​ថយ​អា​នុភាព​ ហាក់​ដូច​ជា​ភ្លើង​ចង្កៀង​កំពុង​អស់​ប្រេង​។ ឱ! សេក្ដី​ស្នេហា​ធ្វើ​អោយ​មនុស្ស​វង្វេង​ពិត​មែន​ ។ សារ៉ាក់​ដែល​ធ្លាប់​មាន​បេះ​ដូង​ក្រៀម​ក្រំ​ជូរ​ចត់​ ធ្លាប់​តែ​មើល​ឃើញ​ពីភព​លោក​គ្រប់ទិស​ទី​ប្រលាក់​ប្រលូក​ទៅ​ដោយ​បញ្ញា​ខ្មៅ​ងងឹត​ ទៅ​ដោយ​សំណាម​នៃ​ការ​ព្រួយ​មួ​ហ្មង​ ក៏​ប្រែ​ប្រួល​ដួង​ចិត្ដ​មួយ​រំពេច​។ អ្នក​កំលោះ​ត្រលប់​ជា​ត្រេក​ត្រ​អាល​ នឹង ធម្ម​ជាតិ​ នឹង ទេស​ភាព​ប្លែក​ៗ នឹង វត្ថុ​ល្អ​ៗ គ្រប់​ប្រភេទ​។ អ្នក​ដក​ដង្ហើម​ស្រូប​យក​រស​ជាតិ​ខ្យល់​ពេញ​សួត​។ ពេល​អ្នក​ស្រេក​អ្នក​ក្រេប​ទឹក​ទាំង​ផ្ដិល​ ពេល​ឃ្លាន​អ្នក​ញ៉ាំ​ដោយ​គ្មាន​ត្រា​ប្រណី​...។ ឱ! ជីវិត​ចំ​ជា​មាន​រស​ជាតិ​វិសេស​វិសាល​មែន។ ជីវិត​ចំ​ជា​មាន​តំលៃ​ពិត​មែន​។

   សារ៉ាក់​គិត​ថា៖​«កិលេស​ស្នេហា​នេះ​ហើយ​ធ្វើ​អោយ​យើង​វង្វេង​! ការ​វង្វេង​នេះ​ហើយ​ជា​តំលៃ​ ជា​ន័យ​នៃ​ជី​វិត​ ! ការ​វង្វេង​នេះ​ជា​រស​ជាតិ​ ជា​ភាព​ឆ្ងាញ់​! ពេល​នោះ​អ្នក​កំលោះ​នឹក​ឆ្ងល់​ នឹង ​គំនិត​ចាស់​ទុំ​ខ្លាំង​ណាស់​ ចាស់ៗ​ពី​បូរាណ​ភាគ​ច្រើន​ម្ដេច​ក៏​គាត់​បន្ដុះ​បង្អាប់​កិលេស​ខ្លាំង​ម៉្លេះ​? គាត់​ពុំ​ព្រម​ទទួល​ស្គាល់​នូវ​តំលៃ​កិលេស​សោះ​។ បើ​គាត់​ទុក​ដាក់​កូន​ចៅ​អោយ​មាន​គូ​ស្រ​ករ​ គាត់​មិន​ព្រម​យក​ស្នេហា​ជា​ធំ​ទេ។ បើ​គាត់​មាន​កូន​ស្រី​ដូច​ដូន​ផាន់ មីង​នួន​ គាត់​ចាត់​ចែង​លក់​ដូរ​បុត្រី​គាត់​ដូច​ជា​ទំនិញ​ យក​តែ​ពី​ខាង​ចំណេញ​។ ត្រង់​រឿង​សុភ​មង្គល​កូន​ធ្លាក់​ទៅ​ដល់​ក្រហែង​ណា​ គាត់​អិត​គិត​ពិចារ​ណា​អោយ​វែង​ឆ្ងាយ​ឡើយ​។ បើ​គាត់​មាន​កូន​ប្រុស​ គាត់​រើស​រក​ប្រពន្ធ​អោយ​កូន​គាត់​ដូច​រើស​ត្រី​នៅ​ផ្សារ។ គាត់​ផ្ដាំ​កូន​ប្រុស​កុំ​អោយ​យក​ប្រពន្ធ​ល្អ​ពេក​ វា​នាំ​អោយ​តែ​យើង​ស្រលាញ់​ប្រពន្ធ​ហួស​ នោះ​ប្រពន្ធ​គេ​នឹង​ ដឹក​នាំ​យើង​បាន​តាម​ចិត្ដ​។ ចាស់​ៗ ​ បូរាណ​យល់​ខុស​ស្រឡះ​តែ​ម្ដង​ ប្រពន្ធ​គេ​ដឹក​នាំ​យ៉ាង​ដូចម្ដេច​ក៏​ដោយ​ ទោះ​បី​ជា​គេ​ប្រើ​អោយ​ទៅ​ស្លាប់​ក៏​ដោយ​ បើ​យើង​មាន​សេចក្ដី​ស្នេហា​ហើយ​គឺ​សប្បាយ​ហើយ​។ ធ្វើ​ដូចម្ដេច​អោយ​តែ​សប្បាយ​ អោយ​តែ​មាន​សោ​ភ័ណ​។ យើង​សប្បាយ​នឹង​បំរើ​បេះ​ដូង​គេ​។ យើង​សប្បាយ​នឹងអង្អែល​សក់​របស់​គេ​... យើង​សប្បាយ​នឹង​ ថើប​បបូរ​មាត់​របស់​គេ​។ សារ៉ាក់​យល់​ថា​ បើ​គ្មានកិលេស​ស្នេហា​ទេ​ អ្នក​មិន​ដឹង​ជា​រស់​នៅ​ធ្វើ​អ្វី​... ជីវិត​មាន​សភាព​គួរ​អោយ​ធុញ​ទ្រាន់​ពេក​ណាស់​។ សកម្មភាព​ធំៗ​ របស់​មនុស្ស​ បើ​បង្រួញ​អោយ​ខ្លី​ទៅ​គ្មាន​អ្វី​ប៉ុន្មាន​ទេ​ មាន​តែ​ស៊ី​ដេក​ ដេក​ស៊ី​ហើយ​បង្កបង្កើត​កូន​ចៅ​។ ដដែល​ៗ​!!! ប៉ុន្ដែ​កិលេស​ទេ​តើ​ដែល​ធ្វើ​អោយ​យើង​ភាន់​វង្វេង​ភ្លេច​ការ​ជិន​ណាយ​។ «ឱ! កិលេស​អើយ​! ខ្ញុំ​អរ​គុណ​ នឹង រូប​អ្នក​ខ្លាំង​ណាស់​.. បើ​គ្មាន​កិលេស​ទេ​ ខ្ជិល​នៅ​រស់អោយ​ធ្ងន់​ផែន​ដី​»។

   សារ៉ាក់​តែង​នឹក​ថា​ «អញ​មាន​សំណាង​ខ្លាំង​ណាស់​បាន​ប្រទះ​នឹង​ស្រី​ស្នេហ៍​។ គេ​អែ​ទៀត​គេ​យក​ប្រពន្ធ​គ្រប់​គ្នា​ ប៉ុន្ដែ​ភាគ​ច្រើន​យក​ប្រពន្ធ​ដោយ​គ្មាន​ស្រលាញ់​ ... ដោយ​គ្រាន់​តែ​ជា​ការ​គម្រប់​កិច្ច ដោយ​គ្រាន់​តែ​ចង់​បំពេញ​ចិត្ដ​ឳពុក​ម្ដាយ​អោយ​ស្រប​ទៅ​តាម​ប្រពៃ​ណី​។ ប៉ុន្ដែ​កម្រ​នរណា​ដែល​បាន​ប្រទះ​ស្រី​ស្នេហ៍​របស់​ខ្លួន​នោះ​ណាស់​ ...។ ស្រី​ស្នេហ៍ គឺ​ស្រី​ដែល​បេះ​ដូង​ប្រតិ​ព័ទ្ធ​ពេញ​គ្មាន​ចន្លោះ​។ ស្រី​របៀប​នេះ​គេ​ជួប​ប្រទះ​បាន​តែ​មួយ​ដង​គត់​ក្នុង​មួយ​ជី​វិត​នេះ​ បើ​យើង​មាន​សំណាង​ នឹង បាន​ជួប​ផង​...ដូច​អញ​ជា​ដើម​»។

    «ឱ! មុន​នេះ​បន្ដិច​ អញ​ជា​មនុស្ស​អស់​សង្ឃឹម​ ជា​មនុស្ស​ខ្ពើម​ជីវិត​! កុំ​អី​អញ​មិនដឹងជា​ក្លាយ​ខ្លួន​ទៅ​ជាមនុស្ស​ប្រភេទ​ណា​ទេ​! អញ​ចេះ​តែ​សំលឹង​មើល​ឃើញ​ថា ជី​វិត​អិត​ន័យ​! ជីវិត​អិត​ន័យ​! យូរ​ៗ​ទៅ​អញ​ប្រា​កដ​ជា​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ជ្រោះ​សែន​ជ្រៅ​នៃ​វិកល​ចរិត​។។ ឱ! អញ​មាន​ភ័ព្វ​វាសនា​មែន​។ ពេល​ដែល​អញ​រមៀល​ខ្លួន​ហៀប​តែ​ធ្លាក់​ទៅ​ក្នុង​ជ្រោះ​អពមង្គល​នោះ​ ស្រាប់​តែ​អញ​ឃើញ​បុប្ផា​ទិព្វ​មួយ​គុម្ព​នៅ​ក្បែរ​មាត់​ជ្រោះ​ អញ​ក៏​ខំ​ស្រវា​តោង​ខ្ជាប់​។ អញ​តោង​បុប្ផា​នេះ​គ្មាន​អោយ​របេះ​ទេ! បុប្ផា​នេះ​គឹ​ជាបង្គោល​នៃ​ជី​វិត​របស់​អញ​គឺ រ័តនា​...។

   «ឱ! មុន​នេះ​បន្ដិច​អញ​ស្អប់​ខ្ពើម​ស្រី​ អញ​ស្អប់​ខ្ពើម​ប្រាក់​ ព្រម​ទាំង​រតន​វត្ថុ​វិសេស​គ្រប់​យ៉ាង​។ នរណា​ដែល​លឺ​កំលោះ​អាយុ​ ម្ភៃមួយ​ឆ្នាំ​ មាន​សញ្ញា​ប័ត្រ​ខ្ពង់​ខ្ពស់​ប៉ុណ្ណេះ​ដែរ​ ហើយ​ខ្ពើម​រអើម​ជីវិត​ រហូត​ដល់​មិន​ចង់​បាន​ប្រពន្ធ,,»។
   «ឱសថ​ស្នេហា​ទេតើ​ ដែល​បាន​ជួយ​អញ​អោយ​រួច​ពី​រណ្ដៅ​វិកល​ចរិត..។ ជយោ​កិលេស! ជយោ​សេចក្ដី​ស្នេហា​!»។

   ចំនែក​នាង​រ័តនា​វិញ នាង​មាន​ទឹក​មុខ​ស្រស់​បស់​ខុស​ប្រក្រតី​ ។ ពេល​នាង​ទៅ​ជួប​សារ៉ាក់​ម្ដងៗ នាង​សប្បាយ​ចិត្ដ​ហាក់​ដូច​ជា​បាន​ទៅ​ទស្សនា​ទេស​ភាព​ នៅ​វិមាន​សួគ៌។ឈាម​នាង​គ្រប់​ដំណក់​ដែល​រត់​ក្នុង​សរសៃ​ គឺ​ជា​ហ្វូង​តំ​ណក់​សុភមង្គល​។ បេះ​ដូង​នាង​នៅ​គ្រប់​វិនា​ទី​ វាយ​ចង្វាក់​ញាប់​ត្របាញ់​ គឺ​ចង្វាក់​សុមង្គល​។ សុភមង្គល​របស់​នាង​បង្ហាញ​ខ្លួន​នៅ​គ្រប់​កន្លែង​ នៅ​លើ​ សម ស្លាប​ព្រា​ដែល​នាង​កាន់​ នៅ​លើ​បាយ​ដែល​នាង​ញ៉ាំ​ នៅ​លើ​រស្មី​ចក្ខុ​របស់​នាង​ នៅ​​លើ​បបូរ​មាត់​របស់​នាង​..។ សន្ដាន​ចិត្ដ​ដែល​ធ្លាប់​សន្ដោស​ចំពោះ​បាវ​ព្រាវ​ និង ញាតិ​មិត្ដ​ជិត​ឆ្ងាយ​របស់​នាង​ខ្លះ​ ក៏​កាន់​តែ​បង្ហាញ​នូវ​សេចក្ដី​មេត្ដា​ធម៌​ខ្លាំង​ឡើង​។ ឱ! បុប្ផា​កំពុង​រីក​... កំពុង​ផ្សាយ​គន្ធ​ពិដោរ​!

   ធីតា​ពុំ​ទាន់​ដឹង​ចិត្ដ​សារ៉ាក់​ជា​ប្រាកដ​ទេ​ ប៉ុន្ដែ​នាង​មាន​សេចក្ដី​សង្ឃឹម​ច្រើន​។ ចិត្ដ​សារ៉ាក់​គង់​តែ​ទោរ​ទន់​ប្រតិព័ទ្ធ​រូប​នាង​ជា​មិន​ខាន​។ មាណវី​ព្រួយ​បារម្ភ​តែ​បន្ដិច​ទេ​ គឺ​នៅ​ពេល​ខ្លះ​ដែល​ស្រី​ស្រស់​ កំពុង​សន្ទនា​ជា​មួយ​ប្រុស​ស្នេហ៍​ គេ​ចេះ​តែ​ធ្វើ​ភ្នែក​ស្លឹង​ហាក់​ដូច​ផ្ញើ​ចិត្ត​នៅ​ស្ថាន​ណា​។ គេ​មាន​ផ្លូវ​អែ​ណា​ទៀត​ទេ​ដឹង​អេះ​? គេ​មក​ជួប​នាង​នេះ​ គឺក្នុង​បំណង​មិត្ដ​ភាព​សុទ្ធ​សាធ​ទេ​រឺ​អី​? គួរ​តប់​ប្រមល់​ក្នុង​ចិត្ដ​ខ្លាំង​ណាស់​!

   ព្រឹក​នេះ​គឺ​ព្រឹក​ថ្ងៃ​អង្គារ...។ រ័តនា​ដើរ​ចូល​ទៅ​ក្នុងបណ្ដា​ល័យ​ជាតិ​ ១៥នាទី​មុន​ពេល​ណាត់​ជួប​គ្នា​ជា​មួយ​សារ៉ាក់​ នាង​កញ្ញា​កាន់​កាបូប​តូច​មួយ​ព៌ណ​បៃ​តង​ និង សៀវ​ភៅ​ប្រលោម​លោក​ពីរ​យក​ទៅ​ដាក់​លើ​តុ​មួយ​ ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ចំណោម​គេ​បន្ដិច​។ នាង​ដាក់​ខ្លួន​អង្គុយ​យ៉ាងថ្នម​ ហើយ​បើក​សៀវ​ភៅ​មើល​ ដើម្បី​បន្លប់​ការ​អផ្សុក​។ គឺ​រឿង​ប្រលោម​លោក​ «ចោរ​ភ្នំត្បែង» ដែល​សារ៉ាក់​បាន​អោយ​នាង​ខ្ចី​។ បេះ​ដូង​យុវតី​នៅ​ស្រណោះ​អា​ល័យ​នឹក​រឿង​ស្នេហា​នេះ​នៅ​ឡើយ​។ គឺរឿង​ចៅ​អធិការដ៏​ក្លាហាន​ម្នាក់​ ដែល​បាន​ពុះ​ពារ​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង​ដើម្បី​សន្ដិ​សុខ​ជាតិ​ និង ​ដើម្បី​ដោះ​លែង​នារី​បណ្ដូល​ចិត្ដ​ខ្លួន​អោយ​ផុត​ពី​កណ្ដាប់​ដៃ​ចោរ​កំណាច​។ ឱ! រឿង​ស្នេហា​នេះ​ ពីរោះ​ហើយ​ក្រអូប​ទៀត​ផង​!

   បន្ដិច​ក្រោយ​មក​សារ៉ាក់​ដើរ​ចូល​មក​ដល់​។ កញ្ញា​បិទ​សៀវ​ភៅ​ទុក​ហើយ​ញញឹម​ទៅ​រក​អ្នក​កំលោះ​។ សារ៉ាក់​ប្រ​ញាប់​ទាញ​កៅ​អី​អង្គុយ​ចំពី​មុខ​នាង​ ភក្ដ្រ​ស្រស់​ប៉​ប្រឹម​មាត់​សង​ញញឹម​ទៅ​ធីតា​វិញ​។
- រ័តនា​មក​រង់​ចាំ​ខ្ញុំ​យូរ​ហើយ​រឺ​?
- ច៎ាស​ ទើប​តែ​មក​អម្បាញ់​មិញ​នេះ​ដែរ​... ឱ ! រឿង​របស់​លោក​ពី​រោះ​មែន​... ខ្ញុំ​អាន​ចប់​ហើយ​។ លោក​មាន​រឿង​អ្វី​ទៀត​អោយ​ខ្ញុំ​ខ្ចី​មើល​ទេ?
សារ៉ាក់​ស្ទើរ​លង់​សតិ​ កាល​លឺ​សំលេង​ពី​រោះ​របស់​រ័តនា​ម្ដងៗ។
- បាទ​មាន​ខ្លះ​ទៀត​។ ចាំ​លើក​ក្រោយ​ខ្ញុំ​នឹង​យក​មក​អោយ​រ័តនា​ខ្ចី​..ហ្ន៎ា​!​
រ័តនា​ពេញ​ចិត្ដនឹង​សំដី​នេះ​ណាស់​។ ជា​បន្ទាន់​នោះ​នាង​បើក​កា​បូប​ទាញ​យក​ស្ករ​ស៊ុ​កូឡា​ពីរ​ប្រ​អប់​ចេញ​មក​។
- លោក​ញ៉ាំ​ស៊ុ​កូឡា​ជាមួយ​ខ្ញុំ​!
អ្នក​កំលោះ​ទទួល​យក​ស្ករ​ស៊ុកូឡា​មួយ​ប្រ​អប់​មក​ញ៉ាំ​យ៉ាង​រីក​រាយ​ និង​ដោយ​ក្ដី​បេតី​។
   កំលោះ​ក្រមុំ​ទាំង​ពីរ​ញ៉ាំ​ស្ករ​ទល់​មុខ​គ្នា​។ គេ​លួច​សំលឹង​មើល​គ្នា​ម្ដង​ៗ ដោយ​ប្រើ​អា​កប្ប​កិរិយា​ញញឹម​ខ្ជិប​។ គេ​រក​ពាក្យ​អ្វី​និយាយ​ស្ដី​នឹង​គ្នា​ពុំ​បាន​ ក៏​ចេះ​តែ​នៅ​ស្ងៀម​រៀង​ខ្លួ​ន​អស់​ពីរ​បី​នាទី​ទទេ​។ ធី​តា​នាង​អៀន​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ប៉ុន្ដែ​អ្នក​កំលោះ​ក៏​អៀន​ខ្លាំង​ណាស់​ដែរ​ ។ បន្ដិច​ក្រោយ​មក​យុវតី​ចាប់​ផ្ដើម​និយាយ​ថា៖
- សូម​លោក​អត់​ទោស​ បើ​សិន​ជា​ពុំ​យល់​ទាស់​ទេ! ខ្ញុំ​សូម​លោក​អនុញ្ញាត​អោយ​ខ្ញុំ​ដឹង​អំពី​គ្រួសារ​លោក​បន្ដិច​បាន​ទេ​។ តើ​លោក​មាន​បង​ប្អូន​ប៉ុន្មាន​នាក់​?
- បាទ​! ខ្ញុំ​មាន​ប្អូន​បួន​នាក់​ទៀត​រ័តនា​ សុទ្ធ​តែ​ប្រុស​ៗ​។ ខ្ញុំ​នេះ​ត្រូវ​ជាបង​បង្អស់​!..
- ប្អូន​សុទ្ធ​តែ​ប្រុស​! អញ្ចឹង​អិត​មាន​ប្អូន​ស្រី​ទេ​រឺ?
- បាទ​គ្មាន​ទេ!
- ហ៊ី​! ចំនែក​ខ្ញុំ​វិញប្អូន​ប្រុស ក៏គ្មាន​ ប្អូនស្រី​ក៏គ្មាន...។
   រ័តនា​ នាង​ពុំ​ហ៊ាន​សួរថា​ តើ​ឳពុក​សារ៉ាក់​ធ្វើ​អ្វី​ ព្រោះ​នាង​ខ្លាច​ក្រែង​សារ៉ាក់​អៀន​ខ្លួន​ ឬ តូច​ចិត្ដ​..។ ចំនែក​អ្នក​កំលោះ​ពុំ​សូវ​បាន​ស្ដាប់​សំដី​ស្រី​ស្រល់​នៅ​ឃ្លា​ចុង​ក្រោយ​ប៉ុន្មាន​ទេ​ ព្រោះ​អ្នក​កំពុង​គិត​វិល​វល់​ខ្លាំង​ «តើ​អញ​គិត​យ៉ាង​ដូច​ម្ដេច​? អញ​សារភាព​សេច​ក្ដី​ពិត​ប្រាប់​ទៅ​រ័តនា​ អី​លូវ​នេះ​តែ​ម្ដង​ទៅ​រឺ​អ្វី​? អី​លូវ​នេះ​តើ​អញ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្ដេច​មុន​? ... ចាប់​កាន់​ដៃ​នាង​ហើយ​សាក​សួរ​ចិត្ដ​នាង​​រឺ​? ស្ដាយ​ណាស់​អញ​មិន​ដែល​ចេះ​មេ​រៀន​ចែ​ចង់​ស្រី​បន្ដិច​សោះ​»។
- ផ្ទះ​លោក​នៅ​កន្លែង​ណា​អញ្ចេះ​?(ធីតា​សួរ​)
- អូ​! ផ្ទះ​ខ្ញុំ​រឺ​... ផ្ទះខ្ញុំ​នៅ​មួយដុំ​បឹង​កេង​កង..ពិបាក​រក​ណាស់​រ័តនា​!
    នឹក​ទៅ​ដល់​ផ្ទះ​ខ្លួនអ្នក​កំលោះ​សារ៉ាក់​អន់​ស្រពន់​ចិត្ដ​ជា​ខ្លាំង​។ «បើ​ប្រសិន​ជា​អញ​បាន​រ័តនា​ជា​ភរិយា​ទៅ​ អញ​ នឹង ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​អញ​ ពី​គ្រួសារ​អញ​ហើយ​។ ឱ! គួរ​អោយ​ស្ដាយ​ណាស់​ ។ បើ​យក​រ័តនា​ទៅ​នៅ​ផ្ទះ​អញ​ អញ​ គឺ​មិន​កើត​សោះ​ឡើយ​! ផ្ទះ​កំព្រីក​កំព្រួក​ដូច្នេះ​។ អញ​ខ្មាស​នាង​ណាស់​។ បើអញ​យក​គ្រួសារ​ទៅ​នៅ​ជា​មួយ​រ័តនា​វិញ​ ក៏​មិន​កើត​ទៀត ហាក់​ដូច​ជា​សុំ​ទាន​គេ។ ណ្ហើយ! សុខ​ចិត្ដ​ចាក​ចេញ​ពី​គ្រួសារ​ទៅ​ចុះ​ តើ​អោយ​អញ​ធ្វើ​ដូច​ម្ដេច​កើត​? ព្រោះ​រ័តនា​ជា​បុប្ផា​មួយ​ទង​គត់​ ដែល​អាច​សង្គ្រោះ​ជីវិត​អញ​បាន​។ គឺ​ជា​ឱ​សថ​ទិព្វ​តែ​​មួយ​ ដែល​អាច​កែ​រោគ​របស់​អញ​អោយ​ជា​ស្រឡះ​ រោគ​អស់​សង្ឃឹម​ក្នុង​ជីវិត​។ បើ​ពុំ​បាន​រ័តនា​ជា​គូ​ជីវិត​ទេ​ អញ​អស់​មាន​សង្ឃឹម​ថា នឹង ​បាន​ទៅ​ជា​មនុស្ស​អ្នក​ជា​ ទៅ​ជាមនុស្ស​ នឹង ​ហ្ន​ដូច​គេ​អែង​រាល់​គ្នា​ហើយ​»។
- លោក​! ម្ដេច​ចេះ​តែ​ភ្លេច​ខ្លួន​ដូច្នេះ​? លោក​ប្រហែល​ជា​មាន​កិច្ច​ការ​ណា​ប្រចាំ​ខ្លួន​ទេ​ដឹង​?
- អុះ ! សូម​ទោស​រ័តនា​.. អត់​មាន​ទេ!
រ័តនា​ងើប​ឈរ​ឡើង​
- តើ​លោក​អញ្ជើញ​ចេញ​ទៅ​ក្រៅ​ជា​មួយ​ខ្ញុំ​មួយ​ភ្លែត​បាន​ទេ?
សារ៉ាក់​ក្រោក​ឈរតាម
   - បាទ​បាន​! រ័តនា​ដឹង​ទេ​? ខ្ញុំ​ដែល​ចេះ​តែ​ភ្លឹក​ៗដូច្នេះ​ មក​ពី​កំពុង​គិត​គូរ​រឿង​ម្យ៉ាង​ៗ រឿង​ហ្នឹង​ជា​រឿង​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​។ ព្រោះ​កាល​ពី​មុន​ម្ដាយ​ខ្ញុំ​គិត​ដណ្ដឹង​កូន​គេ​ម្នាក់​អោយ​ខ្ញុំ​ ហើយ​កូន​ក្រមុំ​គេ​នោះ​ហ...
   សារ៉ាក់ចង់​និយាយ​ថា «កូន​ក្រមុំ​នោះ​គឺ​រ័តនា​អែង​» ប៉ុន្ដែ​និយាយ​ពុំ​ចេញ​។ រ័តនា​ស្លុត​ស្រយង់​ក្បាល​ជង្គង់​ស្ទើរ​រលំ​ប្រាណ​។ គឺ​មាន​ការ​ជ្រួល​ច្រ​បល់​វឹក​វរ​មួយ​រំ​ពេច​ក្នុង​បេះ​ដូង​នាង​ «ឱ! បើ​ដូច្នេះ​ សារ៉ាក់​ប្រ​ហែលជា​មាន​គូ​ដណ្ដឹង​រួច ​ទៅ​ហើយ​ទេ​ដឹង​... បើ​អញ្ចឹង​អញ​ ហើយ​និង​ បង​សារ៉ាក់​ប្រហែល​ជា​គ្មាន​សំណាង​បាន​ជួប​គ្នា​ទេ​មើល​ទៅ​ ពុទ្ធោ​អើយ​!» ។ មាណវី​ខំ​ទប់​ស្មា​រតី​ស្ទើរ​មិន​នឹង​។ ចំនែក​កំលោះ​ពុំ​បាន​សង្កេត​អាការ​ប្លែក​របស់​កញ្ញា​ស្រស់​ទេ​ ព្រោះ​អ្នក​កំពុង​តែ​គិត​វិល​វល់​មក​រឿង​ខ្លួន​អែង​។ ធីតា​នាង​ដើរ​ចេញ​ទៅ​ក្រៅ​មួយ​ៗ​ដោយ​ឱន​មុខ​ជ្រប់​ មាណព​ក៏​ដើរ​តាម​ក្រោយ​​នាង​កញ្ញា​ រហូត​មក​ដល់​រថ​យន្ដ​មួយ​ដែល​ចត​នៅ​ក្រៅ​ថ្នល់​ក្រោម​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ។
- រ័តនា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​?
ធីតា​ញញឹម​ទាំង​ប្រឹង​ ហើយ​បើក​ទ្វារ​ឡាន​។
- សូម​លោក​បើក​ទ្វារ​ខាង​នោះ​ ហើយ​ចូល​មក​ក្នុង​ឡាន​មួយ​ភ្លែត!
   កំលោះ​សារ៉ាក់​ធ្វើ​តាម​បង្គាប់​។ លុះ​ចូល​អង្គុយ​ក្នុង​រថ​យន្ដ​ហើយ​ រ័តនា​នាង​ប្រាប់​អ្នក​កំលោះ​ថា៖​
   - អម្បាញ់​មិញ​ ខ្ញុំ​បាន​ចូល​ហាង​ក្រោយ​កូលែស​នរោត្ដម ខ្ញុំ​បាន​ទិញ​នំប៉័ង​ប៉ាតេ​ សមបុង​ ប្រហិត​សន់វិច​ (Sandwich) និង​ ណែមបួន​ប្រាំ​ដុំ​យក​មក​ញ៉ាំ​...។ ខ្ញុំពី​បាក​យក​ចូល​ទៅ​ខាង​ក្នុង​ពេក​ ទើប​ខ្ញុំ​អញ្ជើញ​លោក​មក​ញ៉ាំ​នៅ​កន្លែង​នេះ​វិញ​..។
    រ័តនា​នាង​និយាយ​បណ្ដើរ​ ស្រាយ​កញ្ចប់​បណ្ដើរ​។ ឆ្លៀត​ ឱកាស​នោះ​យុវ​កំលោះ​យើង​ច្រ​វា​ចាប់​កាន់​ដៃ​ស្រី​ស្រស់​ខ្លាប់​។ យុវតី​ភ្ញាក់​ព្រើត​បំរុង​ដក​ដៃ​ចេញ​ តែ​កំលោះ​សារ៉ាក់​ពុំ​ព្រម​លែង​ដៃ​នាង​សោះ​។ នាង​មាន​ការ​ព្រឺ​ព្រួច ​​និង សេច​ក្ដី​អៀន​ខ្មាស​ជា​ពន្លឹក​ ដោយ​ពុំ​ដែល​មាន​ប្រុស​ណា​ហ៊ាន​ កាន់ពាល់​ សាច់​នាង​យ៉ាង​សិទ្ធ​របៀប​នេះ​។ នាង​ពុំ​ដឹង​គិត​ធ្វើ​យ៉ាង​ដូចម្ដេច​ក៏​បណ្ដោយ​អោយ​អ្នក​ប្រុស​កាន់​ដៃ​នាង​ដូច្នេះ​ទៅ​។
- រ័តនា​! .. (សារ៉ាក់​និយាយ​ដោយ​សំលេង​ថ្នម ហើយ​ប្លែក​រាង​ញ័រ​បន្ដិច​)
- ច៎ាស!...
- ខ្ញុំ​សុំ​រ័តនា​កុំ​ហៅ​ខ្ញុំ​លោក​... លោក ... ទៀត​បាន​ទេ?... ខ្ញុំ​សុំ​ចិត្ដ​នេះ​តាំង​ពី​យូរ​មក​ហើយ​.. ខ្ញុំ​មាន​ធ្វើ​លោក​អ្វី​ខ្ញុំ​! ... (ធីតា​ស្រស់​នៅ​ស្ងៀម​)។
    រ័តនា​មិន​ស្រដី​បែរ​ជា​សំលឹង​មើល​កែវ​ភ្នែក​សារ៉ាក់​។ នាង​ហាក់​យល់​ជំ​រៅ​ចិត្ដ​អ្នក​កំ​លោះ​ច្បាស់​ នៅ​វេលា​នោះ​ ។ នាង​ត្រេក​អរ​អិត​ឧបមា។
- បានទេ​រ័តនា?
- ច៎ាស... បាន​ យី​!.. លោក​ញ៉ាំ​នំប៉័ង​សិន​ទៅ​ទាន់​វា​នៅ​ស្រួយ!
- មើល​ហ្ន៎!... លោក​ទៀត​ហើយ​។ បើ​រ័តនា​នៅ​តែ​ហៅ​ខ្ញុំ​អញ្ចឹង​ទៀត​ ខ្ញុំ​នឹង​កាន់​ដៃ​ហ្នឹង​ជាប់​រហូត​ដល់​ស្អែក​!
   រ័តនា​នាង​ញញឹម​តប​សំនួរ​។
- ញ៉ាំ​នំប៉័ង​សិន​ទៅ​.. លោ... បង​សារ៉ាក់!
    កំលោះ​ក្រមុំ​ទាំង​គូ​នេះ​សំលឹង​មើល​មុខ​គ្នា​ ដោយ​ពេញ​ចិត្ដ​រៀង​ខ្លួន​ហើយ​នាំ​គ្នា​សើច​ឡើង​តិចៗ ដោយ​មនោ​រម្យ​។
    សារ៉ាក់​លែង​ដៃ​រ័តនា ​រំពេច​នោះ​ នាង​ក្រមុំ​ក៏​ប្រញិប​ប្រញាប់​ស្រាយ​កញ្ចប់​ចំណី​ ដើម្បី​បន្លប់​ការ​អៀន​ខ្មាស​ និង​ ការ​សប្បាយ​ដ៏​រន្ធត់ក្នុង​ដើម​ទ្រូង​របស់​នាង​។ សារ៉ាក់​សូក​ដៃ​កាច់​នំប៉័ង​មក​បរិ​ភោគ​ហើយ​សំលឹង​មើល​ភក្ដ្រ​រ័តនា​បណ្ដើរ​។ «អញ​មាន​ភ័ព្វ​វាសនា​មែន​.. រ័តនា​ល្អ​លើស​លែង​ស្រី​ទាំង​ឡាយ​នៅ​គ្រប់​ចក្រវាឡ​ សារ៉ាក់​អែង​ឡើង​ជណ្ដើរ​តែ​មួយ​កាំ​ទៀត​នឹង​ផុត​ហើយ​ ..។ ឱកាស​នេះ​ហើយ​ដែល​អែង​ត្រូវ​សារភាព​សេចក្ដី​ស្នេហា​របស់​អែង។ គួរ​អោយភ័យ​ណាស់​នៅ​កាំ​ចុង​ក្រោយ​នេះ​ រឺ មួយ​អញ​ឡើង​ដល់​កំពូល​ភ្នំ ឬ​អញ​រអិល​ជើង​ដួល​រមៀល​ធ្លាក់​ទៅ​ដល់​បាត​ភ្នំ​វិញ​តែ​ម្ដង​ រឺ​ មួយ​សុភមង្គល​ដ៏​ធំ​ធេង​ រឺ​មួយ​ការ​អស់​សង្ឃឹម​ផុត​កំរិត​»
    រ័តនា​យក​ណែម​មួយ​មក​បក​សំបក​ចេញ​ ហើយ​ហុច​អោយ​សារ៉ាក់​ នាង​ក្រមុំ​មាន​ភក្ដ្រ​ស្រស់​ប្រឹម​ប្រិយ​ ហាក់​ដូច​ជា​កូលាប​ក្រពុំ​លាត​ត្រដាង​ស្រទាប់​ ក្រោម​រស្មី​ក្រហម​ឆ្អៅ​នៃ​ព្រះ​ទិនករ​ពេល​ព្រហាម​។
- រ័តនា​!
- ច៎ាស​! បង​សារ៉ាក់​,,,
- រឿង​ភ្នំ​ត្បែង​ ដែល​ខ្ញុំ​អោយ​រ័តនា​ខ្ចី​នោះ​តើ​បង្ហាញ​សកម្មភាព​អ្វី​ដ៍​ជា​ធំ?
- តស៊ូ​ដើម្បី​ប្រទេស​ជាតិ​... បន្ទាប់​មក​ដើម្បី​ស្នេហា!
- ស្នេហា? (សារ៉ាក់​ ផ្ទួន​ពាក្យ​ដោយ​រវើ​រវាយ)
- ស្នេហា​នេះ​កំសត់​ទេ​រ័តនា​?
   - ហី​មិន​កំសត់​! តួ​ប្រុស​ជា​ចៅ​អធិ​ការ​ខាង​ក្រសួង​សន្ដិ​សុខ​ជាតិ​ បាន​តំណែង​ខ្លួន​ជា​គ្រូ​ខ្មែរ​កំបុត​ដៃ​ បន្លំ​ចូល​ដល់​ជំរុំ​ចោរ​ ហើយ​លួច​ពង្រត់​បុត្រី​លោក​ចៅ​ហ្វាយ​ស្រុក​ ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង​ទាល់​តែ​បាន​។ លុះ​ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​គូ​ស្នេហា​ប្ដូរ​ផ្ដាច់​ជីវិត​។
   - ឱ! ស្នេហា​កំសត់​! យី​ខ្ញុំ​ឆ្ងល់​ណាស់​រ័តនា​.. ស្នេហា​ទាល់​តែ​សំសត់​ ទាល់​តែ​លាយ​ដោយ​ការ​ត​ស៊ូ​ និង ការ​ពិបាក​គ្រប់​យ៉ាង​ ទើប​ស្នេហា​នោះ​មាន​រស​ជាតិ​មាន​ខ្លឹម​សារ​មែន​ទេ?
   - ច៎ាស! អញ្ចឹង​មែន​! ស្នេហា​ធម្មតា​ ស្នេហា​ដែល​គ្មាន​ការ​ប្លែក​ គូ​ប្រុស​-ស្រី​ដែល​បាន​គ្នា​ដោយ​ស្រួល​ពេក​ មិន​មែន​ជា​ស្នេហា​ទេ!
   - ការ​តស៊ូ​! ការ​ប្លែក​! ខ្ញុំ​ឆ្ងល់​ណាស់​! ចាស់​ៗ​! បូរាណ​ទុក​ដាក់​កូន​ចៅ​អោយ​មាន​គូ​ស្រករ​ ចាប់​គ្នា​ជល់​ដូច​មាន់​ នៅ​ពេល​ផ្សំ​ដំណេក​តែ​ម្ដង​ រួច​គាត់​ហ៊ាន​ពោល​ថា​អញ្ចឹង​ជា​ស្នេហា​មួយ​ដែរ​!
   - គាត់​ថា​ស្នេហា​គង់​តែ​កើត​មាន​នៅ​ពេល​ថ្ងៃ​ក្រោយ​...មិន​ដឹង​ជា​ស្នេហា​យ៉ាង​ម៉េច​គាត់​ទេ​... ឱ! គាត់​យល់​ច្រលំ​ គាត់​យល់​ថា ​ការ​ទំលាប់​ជា​ស្នេហា​មួយ​ដែរ​...
   - មាន​តែ​ការ​ប្លែក​ និង ​ការ​តស៊ូ​ទេ ដែល​អាច​បង្កើត​តំលៃ​ស្នេហា​បាន​! យោ​បល់​របស់​រ័តនា​មួយ​នេះ​ត្រូវ​ល្អ​ណាស់​! តែ​នាង​ដឹង​ទេ​? ថា កាល​ពី​ គ.ស ១៩៣៦ ព្រះ​មហា​ក្ស ចក្រ​ភព​អង់​គ្លេស​ ព្រះ​នាម​អេ​ឌូ​ដារដ៍​ ទី​៨ (Edouard VIII) ទ្រង់​បាន​ចាប់​ព្រះ​ទ័យ​ប្រតិ​ព័ទ្ធ​ស្នេហា​ស្រី​មេ​ម៉ាយ​ម្នាក់​ឈ្មោះ​វ៉ាលិស ស៊ីម្បសុន (Mrs Wallis Simpson) ប៉ុន្ដែ​ប្រ​ជា​ជាតិ​អង់​គ្លេស​ទាំង​មូល​ ព្រម​ទាំង​ព្រះ​រាជ​វង្សា​នុវង្ស​ បាន​ប្រឆាំង​ជា​ដាច់​ខាត​ នឹង​ បំណង​ព្រះ​អង្គ​ ដែល​ខុស​ នឹង​សាសនា​ ដែល​ផ្ទុយ​ នឹង ​ទំនៀម​ទម្លាប់​អង់​គ្លេស​ ... ព្រោះ​ស្រី​នោះ​បាន​លែង​ប្ដី​ពីរ​ដង​រួច​មក​ហើយ​។ ទី​បំផុត​ព្រះ​ចៅ​អេ​ឌូអារដ៍​ ទ្រង់​ដាក់​រាជ​សម្បត្ដិ​ ហើយ​ទ្រង់​យាង​ទៅ​គង់​នៅ​ប្រ​ទេស​បារាំង​ជា​មួយ​ នឹង ​ស្រី​ជា​ទី​ស្នេហា​របស់​ទ្រង់​ទៅ​ ។ រ័តនា​ឃើញ​ទេ! ទ្រង់​លះ​បង់​រាជ​សម្បត្ដិ​ នៃ​ប្រ​ទេស​ចក្រ​ពត្ដិ​មួយ​ដែល​មាន​កំលាំង​ខ្លាំង​ក្លា​បំផុត​កាល​ជំនាន់​នោះ​។ ព្រះអង្គលះ​បង់​កិត្ដិ​យស​គ្រប់​យ៉ាង​ដើម្បី​តែ​ស្នេហា​។ ស្នេហា​នេះ​មាន​ភាពធំ​ធេង​អស្ចារ្យ​មែន​...។
   កញ្ញា​ស្ដាប់​ពាក្យ​ពេចន៍​ប្រុស​ថ្លៃ​ដោយ​ត្រេក​ត្រអាល​។ នាង​ក្រមុំ​នៅ​ស្ងៀម​គ្រាន់​តែ​ញញឹម​ប៉ុណ្ណោះ​។
   - លុះ​យូរ​លង់​មក​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា «កាល​ព្រះ​អង្គ​ទ្រង់​ដាក់​រាជ​សម្បត្ដិ​ មិន​មែន​ដោយ​ភ្លើត​ភ្លើន​ទេ​ បើ​ប្រ​សិន​ជា​ស្ថាន​ការណ៍​ហុច​អោយ​ព្រះ​អង្គ​ធ្វើ​ដូច្នេះ​ទៀត​... ព្រះ​អង្គ​ទ្រង់​ប្រាកដ​ជា​ធ្វើ​ដូច្នេះ​ទៀត​»។ អស្ចារ្យ​មែន​! ស្នេហា​គឺ​ធំ​ជាង​អ្វី​ៗ​ទាំង​អស់​... រ័តនា​ឃើញ​ទេ​តំលៃ​ស្នេហា​របស់​ព្រះ​អង្គ​ស្ថិត​នៅ​លើ​ការ​ប្លែក​ និង ការ​តស៊ូ​..
រ័តនា​ទន្ទេញ​នៅ​ក្នុង​ចិត្ដ​ «ការ​ប្លែក​ ! ការ​ត​ស៊ូ!»
   - មាន​រឿង​ស្នេហា​ប្លែក​ជាង​នេះ​ទៅ​ទៀត​ ប៉ុន្ដែ​ជា​រឿង​ល្ខោន​’«រុយ​ប្លាស» របស់​កវី​វិកទ័រ​ ហ៊យគ្ហោ។ ការ​ប្លែក​គឺ​ឋិត​ត្រង់​ «ជន្លេន​ដែល​ស្នេហា​ផ្កាយ​»។ រុយ​ប្លាស​ជា​ទា​សារបស់​គេ​ ហ៊ាន​ស្នេហា​រហូត​ដល់​ព្រះ​អគ្គ​មហេ​សី​នៃ​ស្ដេច​ផែន​ដី​។ មាន​ការ​ត​ស៊ូ​អស្ចារ្យ​ណាស់​រុយប្លាស​ហ៊ាន​ឡើង​តាម​កំផែង​ប្រាសាទ​ ដើម្បី​យក​ផ្កា​ទៅ​ថ្វាយ​ព្រះ​មហេ​សី​ លុះ​ដល់​រលាត់​រហែក​សព៌ាង​កាយ​។
- ចុះ​ស្នេហា​នោះ​បាន​សំរេច​ទេ?
- ជន្លេន​ធ្វើ​ម្ដេច​នឹង​ឈោង​ចាប់​ផ្កាយ​បាន​? នៅ​នា​ទី​ចុង​ក្រោយ​បង្អស់​រុយ​ប្លាស​ សំលាប់​ខ្លួន​អែង​ដោយ​ផឹក​ទឹក​ថ្នាំ​ពុល។
- ឱ! អាណិត​គ្នា​ណាស់​ហ្ន៎ !... ។ យី! បង​សារ៉ាក់​គិត​តែ​និយាយ​ រួច​មិន​គិត​ញ៉ាំ​នំប៉័ង​ផង​ទៅ​!
- ខ្ញុំ​នៅ​មាន​រឿង​ស្នេហា​មួយ​ទៀត​ប្រាប់​រ័តនា​អែង​។
   កញ្ញា​រ័តនា​មានការ​ងឿង​ឆ្ងល់ «បង​សារ៉ាក់​ថ្ងៃ​នេះ​និយាយ​តែ​រឿង​ស្នេហា​» ប៉ុន្ដែ​ក្នុង​ដួង​ចិត្ដ​និមល​វិញ​ នាង​ត្រេក​អរ​ណាស់​។
- នេះ​គឺរឿង​ជន្លេន​ដែល​ស្នេហា​ផ្កាយ​ដែររ័តនា​... គឺ​រឿង​ស្នេហា​របស់​ខ្ញុំ​
   សារ៉ាក់​ញញឹម​ស្ងួត​។ រ័តនា​បុក​ពោះ​!!...
   - ខ្ញុំ​ស្រលាញ់នារី​ម្នាក់​ដែល​ខ្ញុំ​ឈោង​ដៃ​ទៅ​ពុំ​ដល់​ នារី​ម្នាក់​ដែល​ខ្ញុំ​ចាប់​បាន​តែ​ស្រមោល​។ បើ​រ័តនា​ដឹង​គំនិត​អា​ក្រក់​របស់​ខ្ញុំ​ រ័តនា​គង់ស្អប់​ខ្ពើម​ខ្ញុំ​ជា​មិន​ខាន​!
រ័តនា​រំជួល​ក្នុង​ចិត្ដ​! «យ៉ាង​ម៉េច​អញ្ចេះ?»
- ខ្ញុំ​សូម​ចិត្ដ​រ័តនា​! បើ​ដឹង​រឿង​ខ្ញុំ​ហើយ​ សូម​កុំ​ប្រកាន់​ខ្ញុំ​ធ្វើ​អ្វី​... សូម​ទុក​ខ្ញុំ​ជា​មិត្ដ​ដូច​ដើម​ទៅ​ណ៎ា!...
- បង​សារ៉ាក់​ហាក់​ដូច​ជា​ពុំ​ស្គាល់​ចិត្ដ​ខ្ញុំ​សោះ​! តើ​ខ្ញុំ​ហ្នឹង​ជា​អ្វី​ទៅ​?
- ឱ! ស្រី​ដែល​ខ្ញុំ​ស្រលាញ់​នោះ​ គឺ​ព្រះ​ច័ន្ទ​របស់​ខ្ញុំ​... គឺ ...គឺ...គឺ «រ័តនា»!
   សារ៉ាក់​និយាយ​ពាក្យ​រ័តនា​ក្រោយ​នេះ​ដោយ​ល្វើយៗ។ សារ៉ាក់​ពុំហ៊ាន​សំលឹង​មើល​ទៅ​នាង​ទេ​ ចក្ខុ​អ្នក​បែរ​ឆ្ពោះ​ទៅ​ទេសភាព​នៅ​ខាង​ក្រៅ​ឡាន​។ រ័តនា​ស្រឡាំង​កាំង​ភាំង​ស្មារតី​ នាង​ញ័រ​ចំប្រប់​ បំពង់​ក​នាង​ហាក់​ដូច​ជា​ស្ទះ​ដង្ហើម​។ ឱ! រ័តនា​នាង​សប្បាយ​ហួស​ព្រំដែន​។
- ខ្ញុំ​សូម​ទោស​ចុះ​ណ៎ា​រ័តនា​...
ធីតា​ស្រស់​ងាក​សំលឹង​មើល​ប្រុស​ថ្លៃ​ ហើយ​ទន្ទេញ​តិចៗ​ ក្នុង​បំពង់​កថា៖
«ឱ! បងសារ៉ាក់​ស្រលាញ់​ខ្ញុំ​រឺ? ... ស្រលាញ់​អូន​រឺ?»។
   ពេល​នោះ​ សារ៉ាក់​ងាក​មក​ឃើញ​កែវ​ភ្នែក​រ័តនា​រលីង​រលោង​ អ្នក​ក៏​យល់​ថា​ ស្នេហា​របស់​អ្នក​គ្មាន​សង្ឃឹម​ទេ​ «អញ​អស់​ផ្លូវ​ហើយ​» អ្នក​អោន​មុខ​ជ្រប់​។
   - ខ្ញុំ​សូម​អភ័យ​ទោស​ណ៎ា​រ័តនា​! ខ្ញុំ​មិន​គួរ​សារ​ភាព​ស្នេហា​នេះ​ប្រាប់​រ័តនា​សោះ​។ ខ្ញុំ​ដឹង​ច្បាស់​ថា ស្នេហា​គ្មាន​សង្ឃឹម​ទេ​ រ័តនា​ពុំ​អាច​ស្រលាញ់​តប​មក​ខ្ញុំ​វិញ​បាន​ឡើយ​ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​ប្រថុយ​សារ​ភាព​សេច​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​ប្រាប់​រ័តនា​ទៀត​។ នេះ​ពី​ព្រោះ​ខ្ញុំ​យល់​ថា​ចិត្ដ​ខ្ញុំ​កំពុង​មាន​ជំងឺ​ពេញ​ទំហឹង​ គ្មាន​ឱសថ​អ្វី​អាច​កែ​ជំងឺ​ខ្ញុំ​បាន​ទេ​ ក្រៅ​ពី​រូប​រ័តនា​។ ការ​សារភាព​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​ទេ​តើ​... ក្រែង​លោ​ជីវិត​ខ្ញុំ​មាន​រស្មី​ដូច​គេ​អែង​ដែរ​។ អី​លូវ​ឃើញ​ថា ពុំ​សំរេច​ហើយ​ ខ្ញុំ​ពុំ​ហ៊ាន​នៅ​រំខាន​រ័តនា​ទៀត​ទេ​! ខ្ញុំ​សូម​ទោស​ម្ដង​ទៀត​ចុះ​ណ៎ា​រ័តនា!
   កំលោះ​បើក​ទ្វារ​ឡាន​ហៀប​ចេញ​ក្រៅ​ មាណវី​ចាប់​តោង​ដៃ​អ្នក​គ្មាន​របេះ​ ព្រម​ទាំង​ពោល​វាចា​ដោយ​ពាក្យដំអូញ​ថា៖
- បងសារ៉ាក់​ បង​មិន​មិន​ព្រម​យល់​ចិត្ដ​អូន​ទេ​រឺ? អូន​ស្រលាញ់​បង​យូរ​ណាស់​មក​ហើយ​!...
   កំលោះ​យើង​អរ​ស្ទើរ​ផុត​ព្រលឹង​។ ក្នុង​ដើម​ទ្រូង​មាន​ការ​ជ្រួល​ច្របល់​ហួស​កំរិត​។
- រ័តនា​!... អូន!!!
   សារ៉ាក់​ រវើ​រវាយ​សំលឹង​មើល​ភក្ដ្រ​ស្រី​ស្នេហ៏របស់​គេ​ឃើញ​ព្រិល​។ អ្នក​ចាប់​ដៃ​រ័តនា​មក​ថើប​ថ្នមៗ។ អ្នក​និយាយ​ស្ដី​អ្វី​លែង​កើត​ទាំង​អស់​!
   ម្ដង​នេះ​ជន្លេន​ឈោង​ចាប់​ផ្កាយ​បាន ព្រោះ​ផ្កាយ​សុខ​ចិត្ដ​បន្ទាប​ខ្លួន​មក​ស្មើ​នឹង​ជន្លេន....។