៦ ​-សោភ័ណស្ថិតក្នុងដួងចិត្ដ
ថ្ងៃសៅរ៍ ទី28.កក្កដា 2018.ម៉ោង 8:49

   ពេលវេលាកន្លង​ទៅ​អស់​មួយ​សប្ដាហ៍ តាំង​ពី​សារ៉ាក់​បាន​ជួប​រ័តនា​មក។
   ដំបូង​ចំពោះ​សារ៉ាក់​រូប​ថត​រ័តនា​ គឺជា​វត្ថុ​សំរាប់​បញ្ឆេះ​ភ្លើង​កាម​គុណ​។ រួច​ហើយ​គឺ​ចប់​។ អ្នក​ពុំ​ដែល​នឹក​ប្រតិ​ព័ទ្ធ​នារី​ស្រស់​អស់​មួយ​វិនាទី​ឡើយ​។ ថ្វី​បើ​គេ​ខំ​សង្វាត​រក​មើល​គ្រប់​ភក្ដ្រ​ស្ដ្រី​ ពុំ​ដែល​ឃើញ​នរ​ណា​ល្អ​ស្មោះ​ដូច្នេះ​។ រូប​ថត​រ័តនា​ គឺ​គ្រាន់​តែ​ជា​គ្រឿង​កំ​ដៅ​រាគៈ របស់​អ្នក​តែ​ប៉ុណ្ណោះ​។ អ្នក​តែង​គិត​ភ្លើត​ភ្លើន​របៀប​នេះ​ «អញ​ដឹង​ថា​ រ័តនា​នៅ​ក្រមុំ​ចែស​នៅ​ឡើយ​ ទុក​ជា​អញ​មិន​បាន​ធ្វើការ​ពិសោធន៍ក៏​ដោយ​ ព្រោះ​រាង​រៅ​នាង​ដូច​កិន្នរ​ ស្បែក​នាង​នៅ​ខ្ចី​ល្ហក់​ ថ្ពាល់​នាង​ពុំ​ទាន់​ពណ៌​ស្លេក​ស្លាំង​ សុដន​នាង​ក្រពុំ​នៅ​មូល​ក្បំ​ គ្រ​គាក​នាង​នៅ​ណែន​ពុំ​ទាន់​មាន​សភាព​រីក​សាយ​ក្រ​ពិត​ត្រង់​ណា​..។ស្រាប់​តែ​នៅ​ក្នុង​រាត្រី​មួយ​ពេល​ហៀប​ភ្លឺ​ ពុំ​ដឹង​ជា​ចៃដន្យ​យ៉ាង​ម្ដេច​ ភ្លើង​កាម​គុណ​របស់​សារ៉ាក់​ ក៏​ក្លាយ​ទៅ​ជា​ពន្លក​ស្នេហ៍​។ កំលោះ​ស្រវា​អោប​ខ្នើយ​អោប​ពេញ​ទំហឹង​ទាល់​តែ​សំប៉ែត​ចេញ​គ​ហុយ​ព្រោង​។ ដួង​ចិត្ដ​យុវ​ជន​ស្រេក​ឃ្លាន​ពន់​ប្រមាណ​ ចង់បាន​នារី​ម្នាក់​មក​ថ្នាក់​ថ្នម​លួង​លោម​ខ្លន​។ ពេល​នោះ​ហើយ​មាន​ចិត្ដ​មួយ​សំងាត់​ចេះ​តែ​ធ្វើ​អោយ​សារ៉ាក់​ឃើញ​រ័តនា​ម្ដង​ទៀត​។ អ្នក​កំលោះ​នឹក​ឆួល​ម្ដង​ៗ ទៅ​ដល់​ភក្ដ្រ​ស្រី​។ អ្នក​ហាក់​ដូច​ជា​បាត់​វត្ថុ​អ្វី​មួយ​ដុំ​ពី​អោរា​។ ក្នុង​ដើម​ទ្រូង​អ្នក​មាន​ប្រហោង​ទទេ​។ មិន​ដឹង​ជា​មាន​ហេតុ​យ៉ាង​ម្ដេច​ ដែល​ចេះ​តែ​ធ្វើ​អោយ​អ្នក​អួលៗ​បំពង់​ក។ ភ្នែក​របស់​អ្នក​មាន​សភាព​ស្រវឹង​ ហាក់​ដូច​ជា​មនុស្ស​ជក់​អាភៀន​។ សារ៉ាក់​នឹក​តូច​ចិត្ដ​នឹង​ខ្លួន​អែង​ជា​ខ្លាំង​:

   «អញ​ម្ដេច​ក៏​ជាប់​ស្នេហ៍​ស្រី​នេះ​ម៉្លេះ​ ស្រី​នេះ​នៅ​ក្នុង​ជំពូក​ស្រី​ចក្រ​ព័ត្ដ​ទេ​តើ​?»។ អ្នក​ខំ​ច្រៀង​យ៉ាង​រហឹម​ «អញ​ត្រូវ​ឈប់​នឹក​! អញ​ត្រូវ​ឈប់​នឹក​.. ទៅ​ស្រី​នោះ!» ។ អ្នក​ច្រៀង​ដដែល​ៗ​តែ​ប៉ុន្មាន​ម៉ាត់​នេះ​ យូរ​ៗអ្នក​ស្ដាប់​ពីរោះ​តែ​ម្នាក់​អែង​។ សារ៉ាក់​ច្រៀង​យូរ​ រឹត​តែ​រលឹក​រ័តនា​ខ្លាំង​ឡើង​។ ភក្ដ្រ​អ្នក​បង្ហាញ​នូវ​ការ​ក្រៀម​ក្រំ​ នឹង ​ការ​ស្រ​ណោះ​ស្រណោក​។

   ស្អែក​ឡើង​នៅ​ចំពោះ​មុខ​មិត្ដ​សំលាញ់​របស់​អ្នក​ ភ្នែក​អ្នក​មើល​ធ្លុះ​មិន​ដឹង​ជា​រហូត​ដល់​ទី​ណា​។ មិត្ដ​ដែល​នៅ​ក្បែរៗ​រូប​អ្នក​ អ្នក​មើល​គេ​ពុំ​ឃើញ​សោះ​។ អ្នក​ភ្លេច​ឆ្លើយ​ទៅ​សំនួរ​ទាំង​ឡាយ​របស់​មិត្ដ​អ្នក​អស់​រលីង។ សារ៉ាក់នៅ​តែ​មិន​ព្រម​សារ​ភាព​ថា​ខ្លួន​ស្រលាញ់​រ័តនា​ទៀត​។ «ធម្មតា​បើ​គេ​ជួប​ប្រទះ​នឹង​ស្រី​ល្អ​ គេ​តែង​តែ​រវើ​រវាយ​ដូច្នេះ​... ដូច​កាល​អញ​ស្រលាញ់​ស្រី​កុន​ អស់​ពីរ​បី​ថ្ងៃ​ទទេ​..»​។ សារ៉ាក់​រក​មធ្យោ​បាយ​គ្រប់បែប​យ៉ាង​ ដើម្បី​បំភ្លេច​បុត្រី​គហបតី​ ដែល​ខ្លួន​គេ​រលឹក​។ ប៉ុន្ដែ​ ឈ្មោះ​រ័តនា​ កាន់​តែ​មាន​ស្នូរ​ពីរោះ​ឡើងៗ​ នៅ​ក្នុង​ដួង​វិញ្ញាណ​របស់​កំលោះ​។ រ័តនា​!!.. ស្នូរនេះ​លឺ​គ្រ​លួច​ស្ទើរ​តែ​រលួយ​ថ្លើម​។ « ធ្វើ​ម្ដេច​ទៅ​ហ្ន៎ កុំ​អោយ​អញ​នឹក​នា​ឈ្មោះ​នេះ​ទៀត​។ ឈ្មោះ​រ័តនា​មិន​ត្រូវ​មាន​អិទ្ធិពល​ជាង​កំលាំង​របស់​អញ​ទេ​។ ឱ! មធ្យោបាយ​ ដើម្បី​កុំ​អោយ​អញ​នឹក​រ័តនា​ គឺ​ត្រូវ​ធ្វើ​ដូច្នេះ​ គឺ​អញ​ត្រូវ​បិទ​ភ្នែក​មួយ​ស្របក់​ ហើយ​តាំង​ចិត្ដ​ថា​កុំ​នឹក​... អញ​ត្រូវ​ទន្ទេញ​ថា​អញ​មិន​ត្រូវ​នឹក​.. អញ​មិន​ត្រូវ​នឹក​ទៅ​រ័ត​នា​.អញ​មិន​ត្រូវ​នឹក​ ថា​អញ​កំពុង​តែ​នឹក​ទៅ​រ័តនា​។ ហ៊ី​! ពិបាក​ណាស់​ ឈ្មោះ​នេះ​នៅ​តែ​ចោល​សំលេង​រណ្ដំ​ទៅ​ក្នុង​អារម្មណ៍​របស់​អញ​ដដែល​ៗ» ។មាន​ពេល​ខ្លះ​សារ៉ាក់​ខំ​បង្កូក​ហៅ​ទ្រឹស្ដី​របស់​ខ្លួន​ «ជីវិតឥត​ន័យ» អោយ​មក​ជួយ​រំលាយ​ឈ្មោះ​រ័តនា​ ចេញ​ពីក្នុង​ខួរ​ក្បាល​អ្នក​។ ស្នេហា​គី​ជា​កិលេស​ សំរាប់បំភ័ន្ដអ្នក សំរាប់​ធ្វើ​អោយ​អ្នក​វង្វេង​បាន​តែ​ក្នុង​រយៈ​ពេល​វេលា​ដ៏​ខ្លី​ប៉ុណ្ណោះ​ទេ...។

    ព្រហ្មលិខិត​ មិន​ព្រម​អនុញ្ញាត​អោយ​សារ៉ាក់បំភ្លេច​រ័តនា​សោះ​។
   ល្ងាច​នេះ​ជា​ល្ងាច​ថ្ងៃ​សៅ​។ នៅ​រោង​ភាព​យន្ដ​កាស៊ី​ណូ​មាន​មនុស្ស​អ៊ូ​អរ​ជាពន្លឹក​។ ម៉ោង​ជិត​ប្រាំ​ពីរ​ (ម៉ោង​១៩) ទៅ​ហើយ​សារ៉ាក់​ប្រុងប្រៀប​នឹង​ទិញ​សំបុត្រ​ចូល​មើល។ សារ៉ាក់​មាន​ហាសិប​ក្នុង​ហោ​ប៉ៅ​ ហើយ​បំណង​របស់អ្នក​គឺទិញសំបុត្រ​តំលៃ​ម្ភៃ​រៀល។«ហ៊ី! ពិបាក​ណាស់​ អាកា​ស៊ីណូ​ទិញ​សំបុត្រ​ខាង​មុខ​ទាស់​តែ​ទិញ​មុន​គេ​ទើប​បាន​មើល​ស្រួល​បើ​ពុំនោះ​ទេ​ អញ​នឹង​អង្គុយ​ខាង​មុខ​ហួស​ពេក​»​។ គិត​ដូច្នោះ​ហើយ​ សារ៉ាក់​ដើរ​ចូល​បំរុង​នឹង​ទិញ​សំបុត្រ​តំលៃ​សាម​សិប​វិញ​ ប៉ុន្ដែ​អ្នក​ឃើញ​មនុស្ស​ច្រើន​ពេក​ នៅ​កន្លែង​ទិញ​សំបុត្រ​នោះ​ អ្នក​ក៏​មាន​ចិត្ដ​រា​រែក​លែង​ចង់​មើល​កុន​តែ​ម្ដង​។ «ណ្ហើយ​! អញ​ទិញ​សំបុត្រ​ខាង​លើ​... អា​កន្លែង​អស់​ថ្លៃ​តែ​ម្ដង​ទៅ​» សារ៉ាក់​ដើរ​ស្លុង​ចូល​ទៅ​កន្លែង​លក់​សំបុត្រ​ដែល​មាន​តំលៃ​ថ្លៃ​បំផុត​នោះ​។

   «ហាសិប​រៀល​របស់​អញ​ អោយ​វា​ខ្មុក​តែ​ម្ដង​ទៅ​»។
   សារ៉ាក់​ឈរ​រង់​ចាំ​មួយ​ស្របក់​ធំ ទើប​អ្នក​អាច​ទិញ​សំបុត្រ​របស់​ខ្លួន​បាន​ ប៉ុន្ដែ​នៅ​ពេល​ជា​បន្ទាន់​គ្នា​នោះ​មាន​សំលេង​ស្រួយ​ស្រែះ​របស់​នារី​ម្នាក់​បន្លឺ​ឡើង៖
- បង​សារ៉ាក់​! ខ្ញុំ​សុំ​ផ្ញើ​ទិញ​សំបុត្រ​ពីរ​ផង​។
   យុវកំលោះ​យើង​ក្រលេក​ទៅ​តាម​ខ្សែ​សំលេង​ ឃើញ​កញ្ញា​ស៊ុន​ណារី​ឈរ​នៅ​ក្រៅ​ជួរ​។ អ្នក​សើច​ញឹមៗ​។
- មាន​អី​អូន​ស៊ុន​ណារី​!
សារ៉ាក់ឆ្លើយ​តប​សំដី​ព្រម​ទាំង​លូក​ដៃ​ទទួល​ប្រាក់​ពី​កញ្ញា​នេះ​។
   -ទិញ​ខាង​លើ​ណា​បង​សារ៉ាក់​!... បង​អែង​មើល​អា​លើ​ដែរ​រឺ​? ទិញ​សំបុត្រ​ជាប់​គ្នា​ទៅ​ខ្ញុំ​ នឹង ​បាន​អង្គុយ​ជិត​... ហើយ​ស្រណុក​នឹង​សាក​សួរ​បង​ផង​។
   - សារ៉ាក់​ខ្ជិល​និយាយ​តប​ក៏​ទិញ​សំបុត្រ​បី​សន្លឹក​ ហើយ​ដើរ​ចេញ​ពី​ទី​នោះ​យ៉ាង​ប្រ​ញាប់​ ដោយ​ខ្លាច​ចិត្ដ​អ្នក​អែ​ទៀត​ដែល​រង់​ចាំ​ពី​ក្រោយ​ខ្នង​អ្នក​។ សារ៉ាក់​ហុច​សំបុត្រ​ពីរ​សន្លឹក​ទៅ​ស៊ុនណា​រី​ ព្រម​ទាំង​លុយ​ដែល​នៅ​សល់​...។
- អូន​អែង​មក​ជា​មួយ​នរណា​?
លឺ​សំនួរ​ដូច្នេះ​ ស៊ុន​ណារី​ញញឹម​ ។ សារ៉ាក់​អរ​ព្រួច​ «តិច​លោ​រ័តនា​ទៅ​» ។
- ខ្ញុំ​មក​ជាមួយ​នឹង​មិត្ដ​នី​ម្នាក់​ ... កំពុង​ទិញ​អី​វ៉ាន់​ខាង​ក្រៅ​...
- បើ​អញ្ចឹង​បង​ចូល​ទៅ​មុខ​សិន​ហើយ​..
- ចាស!...

   បន្ដិច​ក្រោយ​មក​ សារ៉ាក់​បាន​អង្គុយ​យ៉ាង​ស្រួល​នៅ​លើ​ពូក​កៅ​អី​ដ៏​ទន់ល្មើយ​។ ធាតុ​ត្រ​ជាក់​ផ្សព្វ​ផ្សាយ​ពេញ​បរិវេណ​រោង​ភាព​យន្ដ​ មក​រួម​ប្រលោម​សព៌ាង​កាយ​របស់​អ្នក​មួយ​រំពេច។ «ហា! ហា! អ្នក​មាន​លុយ​ប្រាក់​ម៉ឺន​ក្នុង​ហោ​ប៉ៅ​ ក៏​មិន​អាច​ទិញ​កន្លែង​អង្គុយ​អោយ​ស្រួល​ជាង​អញ​ដែរ​»​។អញ​ដូច​ជា​ឆ្ងល់​ណាស់​! តើ​អ្នក​មាន​ និង​ អ្នក​ក្រ​ វា​ខុស​គ្នា​ត្រង់​កន្លែង​ណា?​ គេ​មាន​ប្រាក់​មួយ​ម៉ឺន​ គេ​មក​មើល​កុន​... គេ​អង្គុយ​នៅ​កន្លែង​នេះ​ ចុះ​អញ​មាន​តែ​ហាសិប​រៀល​ ម្ដេច​ក៏អង្គុយ​នៅ​កន្លែង​ហ្នឹង​បាន​ដែរ​?...អញ​យល់​ថា​វា​គ្មាន​ខុស​គ្នា​សោះ​តែ​ម្ដង​។ នរណា​គេ​សើច​ ក៏​ស្រេច​តែ​គេ​ទៅ​ ប៉ុន្ដែ​អញ​យល់​ អញ​ជឿ​ថា​អញ្ចឹង​។ អ្នក​មាន​ និង អ្នក​ក្រ​ គឺ​ដូច​តែ​គ្នា»។

   «មិន​បាច់​គិត​អ្វី​ច្រើន​ទេ​ យើង​គ្រាន់​តែ​ក្រលេក​មើល​ទៅ​អ្នក​ម្ចាស់​ហាង​លក់​មាស​ពេជ្រ​ នៅ​គ្រប់​ផ្សារ​ក៏​អាច​ដឹង​ស្រេច​ទៅ​ហើយ​ថា អ្នក​មាន​ពុំ​ប្រសើរ​ជាង​អ្នក​ក្រ​ត្រង់​កន្លែ​ណា​សោះ...។ ហា! ហា! កាល​ពី​ថ្ងៃ​មុន​ អញ​បាន​ចូល​ទៅ​លេង​កន្លែង​ហាង​មួយ​​នោះ​នៅ​ក្បែរ​ផ្សារថ្មី​... មាន​តាំង​សុទ្ធ​តែ​គ្រឿង​មាស​ពេជ្រ​ភ្លឺផ្លែក​ មាន​គ្រឿង​អលង្ការ​គ្រប់​ប្រភេទ​។ អញ​បាន​សរ​សើរ​ជញ្ជក់​មាត់​ថា យ៉ា​ហ៊ី​ ហាង​នេះមាន​អស្ចារ្យ​មែន​ ប៉ុន្ដែ​អញ​ក្រលេក​ទៅ​ម្ចាស់​ហាង​ អញ​ខំ​សំលឹង​សឹង​តែ​ជ្រុះ​គ្រាប់​ភ្នែក​ ក៏នៅ​តែ​មិន​ឃើញ​ថា​ អ្នក​ម្ចាស់​ហាង​នោះ​ជា​អ្នក​មាន​សោះ​។ អញ​ឃើញ​មាន​តែ​ភ្នែម​ពីរ​ មាន​ច្រមុះ​មួយ​ហើយ​មានរន្ធ​ច្រមុះ​ពីរ​ដូច​រូប​អញ​ដែរ។ចំនែក​ក្បាល​វិញ​ ទំពែក​មាន​សក់​រ៉ុយ​ៗ​។ អញ​ខំទន្ទេញ​ថា​គាត់​ហ្នឹង​ជា​អ្នក​មាន​! គាត់ហ្នឹង​ជា​អ្នក​មាន​! ប៉ុន្ដែ​បេះ​ដូង​អញ​ពុំ​ជឿថា គាត់​ហ្នឹក​ជា​អ្នក​មានសោះ​... អញ​ខំ​សំលឹង​ទាល់តែ​ផ្ដាស​សាយ​ ស្រាប់​តែ​ឃើញ​គាត់​ហ្នឹង​ជា​អ្នក​ក្រ​ជាង​អញ​ទៅ​ទៀត​!!! ពី​ព្រោះ​អ្វី? ព្រោះ​គាត់​មាន​សក់​រ៉ុយ​ៗ ចំនែក​អញ​វិញ​ អញ​មាន​សក់​ក្បាល​ពេញ​ខ្មៅ​ស្រិល ហា​! ហា!...ហា!»

   សារ៉ាក់​សើច​ញញឹម​ញញែម​ ហើយ​ញាក់​ចញ្ចើម​តែ​ម្នាក់​អែង។ ចំនែក​អ្នក​ទស្សនា​ដែល​នៅ​ក្បែរ​នោះ​សំលឹង​មើល​មក​អ្នក​ ដោយ​អាការៈ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​។ ចុះ​គាត់​នេះ​មាន​រឿង​អី​បាន​ជា​ចេះ​តែ​សើច​តែ​ម្នាក់​អែង?
   រី​អែ​សារ៉ាក់​ អ្នក​ភ្លេច​នឹក​ថា​ខ្លួន​អ្នក​នៅ​ក្នុង​រោង​កុន​ អ្នក​ភ្លេច​ស្ដាប់​ភ្លេច​ នឹង​ចំរៀង​ ដែល​សំរាប់​កំដរ​បរិយា​កាស​។ អារម្មណ៍​អ្នក​ចេះ​តែ​អណ្ដែត​... អណ្ដែត​ទៅ​.. ទៅ​ម្ចាស់​ហាង​មាស​ពេជ្រ​មួយ​នោះ​នៅ​ផ្សារ​ថ្មី​។
   «ហា​! ហា! សក់គាត់​ហ្នុង​ដូច​រោម​កណ្ដុរ​ប្រែង​ គាត់​ប្រសើរ​ជាង​អ្នក​ក្រ​ត្រង់​កន្លែង​ណា​? ត្រង់មាស​ពេជ្រ​កែវ​កង​គ្រឿង​អលង្ការ​របស់​គាត់​នោះ​ឬ? គ្មាន​សោះ​.. គ្មាន​បន្ដិច​សោះ​!!! គ្រឿង​អលង្ការ​របស់​គាត់​ទុក​នៅ​ក្នុង​ទូកញ្ចក់​ហើយ​គាត់​មាន​បាន​ធ្វើ​អ្វី​? បាន​តែ​មើល​... គាត់​ស៊ី​មិន​កើត​..គាត់​មើល​,,ហើយ​គាត់ថា​គាត់​អ្នក​មាន​... អញ​ក៏​មើល​ដូច​គាត់​ហ្នុង​ដែរ​... បើ​អញ្ចឹង​អញ​ក៏​អ្នក​មាន​ដែរ​...ហា​! ហា!...ហា! ដូច​តែគ្នា​...»
   សារ៉ាក់​កាន់​តែ​សប្បាយ​ចិត្ដ​ខ្លាំង​ឡើង​ៗ អង្គកាយ​អ្នក​ប្រែ​ប្រួល​ពុំ​មាន​ឈប់​។ អ្នក​អែ​ទៀត​ចេះ​តែ​សង្កេត​មើល​អ្នក​កំលោះ​នេះ​អិត​ឈប់​ តើ​គាត់​ហ្នឹង​កើត​អី​អញ្ចេះ​បាន​ជា​រីក​រាយ​ខ្លាំង​ម៉្លេះ​។ សារ៉ាក់​ផ្ដេក​ក្បាល​យ៉ាង​ថ្នម​ទៅ​លើ​បង្អែក​កៅ​អី​ ចំនែក​ភ្នែក​អ្នក​បើក​ព្រឹមៗ សំលឹង​មើល​ទៅ​ពិ​តាន​..

   «អូ! អូ! អូ! គេ​មាន​ឡាន​ជិះ​! គេរស់​នៅ​ក្នុង​ផ្ទះ​ថ្ម! គេ​មាន​ម្ហូប​ល្អៗ បរិ​ភោគ​! ចំនែក​អ្នក​ក្រ​រស់​នៅ​ក្នុង​ខ្ទម​ស្លឹក​ហើយ​ស៊ី​ប្រហុក​។ ហ៊ី ! អញ​នៅ​តែ​មើល​ឃើញ​ថា​ អ្នក​មាន​ និង អ្នក​ក្រ​ មាន​សភាព​ដូច​គ្នា​ដដែល​ ព្រោះ​ថានៅ​ក្នុង​ជីវិត​... អ្នក​មាន​ក៏​ដូច​តែ​អ្នក​ក្រ តែង​ស្វែង​រក​សោ​ភ័ណ។អ្នកមាន​រក​សោ​ភ័ណ​ជីវិត​ឃើញ​នៅ​លើ​ទ្រព្យ​សម្បត្ដិ​ប្រាក់​កាស​ ចំនែក​អ្នក​ក្រ​ខ្សត់​ខ្សោយ​ ពិត​មែន​តែ​រក​ប្រឡៅ​មាស​ពាក់​ពុំ​បាន​ ប៉ុន្ដែ​អាច​រក​សោ​ភ័ណ​ឃើញ​ដូច​ជា​អ្នក​មាន​ដែរ។​ វត្ថុ​ដែល​សំខាន់​បំផុត​មិន​គឺ​សោ​ភ័ណ​ទេ​រឺ? សោ​ភ័ណ​គឺ​ជាវត្ថុសក្ដិសិទ្ធិ​។ អ្នក​មាន​ដែល​ជិះ​ឡាន​គឺ​គេ​មិន​មែន​ចង់ជិះ​ឡាន​ទេ​ គឺ​គេ​ចង់​មាន​សោ​ភ័ណ​! គេ​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ក៏​គ្មាន​ន័យ​ថា​ គេ​ចង់​នៅ​ផ្ទះ​ថ្មដែរ​ គឺ​គេ​ត្រូវ​ការ​សោ​ភ័ណ​។ បើ​ដូច្នោះ​អ្នក​ក្រ​ពុំ​ចាញ់​ប្រៀប​អ្នក​មាន​ឡើយ​ មាន​តែ​ប្រសើរ​ជាង​អ្នក​មាន​ទៅ​ទៀត​ផង​ ព្រោះ​អ្នក​ក្រ​អាច​រក​សោភ័ណ​ឃើញ​នៅ​លើ​ប្រហុក​ផ្អក នៅ​លើ​ខ្ទម​ស្លឹក​កន្ទ្រូប​ នៅ​លើ​វត្ថុ​ថោកៗ...។

   ចុះ​បើ​អញ​ជិះ​កង់​សប្បាយ​ជាង​បើក​ឡាន​ តើ​អញ​យក​ឡាន​មក​ធ្វើ​ក្រមរ​អ្វី?។ សោ​ភ័ណ​មិន​មែន​ស្ថិត​នៅ​លើ​ផ្ទះ​ថ្ម ផ្ទះ​ស្លឹក​ ឡាន​ កង់​ ផ្អក​ ប្រហុក​ឡើយ​។ សោភ័ណ​មិនមែន​ស្ថិត​នៅ​លើ​ទ្រព្យ​សម្បត្ដិ​ ឬ​នៅ​លើ​វត្ថុ​អ្វី​នោះ​ទេ។ អញ​ត្រូវ​ចាំ​កុំ​ភ្លេច​... សោភ័ណ​គឺ​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ដ​ ដួង​ចិត្ដ​សាមី​ខ្លួន​...។ នរណា​គេ​សើច​នឹង​អញ​ក៏​សើច​ទៅ​ចុះ​ ប៉ុន្ដែ​អញ​យល់​ថា​វាអញ្ចឹង​មែន​។

   «ដូច​កាល​ពី​ព្រឹក​មិញ​ អញ​ក្រងើប​ពី​ដេក​ពេក​ពួក​ប្អូន​ៗអញ​ស៊ី​ប្រហុក​អាំង​អស់​រលីង​ ប្រហុក​ដែល​នៅ​សល់​ពី​ក្បាល​ល្ងាច​។ អញ​ងើប​ឡើង​ឃើញ​នៅ​សល់​តែ​បាយ​កក​កន្លះ​ចាន​។ ដោយ​រមូល​ពោះ​ខ្លាំង​អញ​ក៏​ទៅ​រក​ស្ករ​ផែន​បាន​មួយ​ដុំ​ ហើយ​ពួយ​ជាមួយ​បាយ​កក​នោះ​តែ​ម្ដង​។ ថាឆ្ងាញ់​អើយ​ឆ្ងាញ់​! អញ​កាច់​ស្ករ​ផែន​លឺ​សូរ​តែ​ភឺស​! អា​សំលេង​ភឺស​ហ្នឹង​វា​ពីរោះ​អ្វី​ម៉្លេះ​ទេ!...អញ​ទំពា​បាយ​កក​ជា​មួយ​ស្ករ​ផែន​លឺ​សូរ​គ្រួបៗ​ ។ ផ្អែម​ហើយ​ឈ្ងុយ​ផង​! ឆ្ងាញ់​លើស​ប៊ីស​ស្ដឹក​ ការី​សារម៉ាន់​ទៅ​ទៀត​។ សោ​ភ័ណ​វា​ស្ថិត​នៅ​តែ​ក្នុង​ដួង​ចិត្ដ​របស់​អញ​ទេ​តើ​ វា​មិន​មែន​ស្ថិត​នៅលើ​ម្ហូប​ល្អ​នោះ​ទេ​។ បើ​អញ​ចូល​ចិត្ដ​ប្រហុក​ សោ​ភ័ណ​វា​ស្ថិត​នៅលើ​ប្រហុក​ បើ​អញ​ចូល​ចិត្ដ​ស្ករ​ផែន​ សោ​ភ័ណ​វា​ស្ថិតនៅ​លើ​ស្ករ​ផែន​»។

   សារ៉ាក់​នឹក​សប្បាយ​ចិត្ដ​ នឹង គំនិត​អ្នក​ជា​ខ្លាំង​។ សារ៉ាក់​ស្រមៃ​ទៅ​ឃើញ​ខ្លួន​កំពុង​ទំពា​ស្ករ​ផែន​ជា​មួយ​បាយ​កក​។ការ​រីក​រាយ​របស់​អ្នក​មាន​ទំហំ​ធំ​ឡើង​ជា​លំ​ដាប់​។ «អ្នក​អែ​ទៀត​ឆ្កួត​នឹង​លុយ​ នឹង មាស​ ចំនែក​អញ​ឆ្កួត​ នឹង ​ស្ករ​ផែន»
- ហាស! ... ហាស!... ហាស!... ហ៊ី! ហ៊ី!..ហ៊ី!..
   សារ៉ាក់​ធ្លាយ​សំណើច​មក​យ៉ាង​ខ្លាំង​។ អ្នក​សើច​ក្អៀក​ៗ​ ដោយ​គ្មាន​រវល់​នឹង​នរណា​។ អ្នក​សើច​ដល់​ឈ្លក់​ទឹក​មាត់​ រហូត​ដល់​រលីង​រលោង​ទឹក​ភ្នែក​។ អ្នក​ទស្សនា​ដែល​នៅ​ក្បែរ​នោះ​ ផ្អើល​សំលឹង​សារ៉ាក​ម្នាក់​ៗ​នឹក​ថា៖
«គាត់​នេះ​ បែប​ល្មម​បញ្ជូន​តាម​ឡាន​លេខ​បូក​ទៅ​ព្រែក​ត្នោត​មែន​ទែន​ហើយ​។
- ហ៊ី! ហ៊ី!..ហ៊ី! សោ​ភ័ណ​ស្ថិត​នៅលើ​ស្ករ​ផែន​..
- យី! បង​សារ៉ាក់​សប្បាយ​ចិត្ដ​អ្វី​ខ្លាំង​ម៉្លេះ​ បាន​ជា​សើច​តែ​ម្នាក់​អែង​ដូច្នេះ?.
   សារ៉ាក់​ទាញ​ក្រ​ដាស​គម្រប​មុខ​ចេញ​ ហើយ​ត្រលេក​ឃើញ​ស៊ុនណា​រី​ដើរ​ចូល​មក​ ប៉ុន្ដែ​ខ្យល់​សំណើច​របស់​អ្នក​នៅ​តែ​ជក់​មិន​ទាន់​ព្រម​ឈប់​នៅ​ឡើយ​។
- អូនណារី​ បង.. បង​ចុក​ពោះ​ណាស់​.. បង​អត់​ទ្រាំ​សើច​វា​មិន​បាន​សោះ
- ហ្អា! ហ្អា! បង​កើត​អី​ហ្នឹង​? បង​អែង​ប្រហែល​ជា​មិន​ស្រួល​ក្នុង​ហើយ​មើល​ទៅ​។
   វេលា​នោះ​ សារ៉ាក់​ក្រលេក​ឃើញ​រ័តនា​ ដែល​កំពុង​ដើរ​មក​តាម​ក្រោយ​ខ្នង​ស៊ុនណារី​ អ្នក​ក៏ឈប់​សើច​ត្រឹម​នោះ​។
- ហ្អូ៎! អ្នកនាង​រ័តនា​ទេ​តើ​ ខ្ញុំ​ស្មាន​តែ​នរណា​ទៀត​មក​ជាមួយ​អូន​ស៊ុនណារី​ ។
   រ័តនា​ញញឹម នាង​ពុំ​មាន​និយាយ​ស្ដី​ថាអ្វី​ទាំង​អស់​ ភក្ដ្រ​នាង​ឡើង​ពណ៌​ក្រហម​ ដោយ​ការ​សប្បាយ​ផង​ និង​ ការ​អៀន​ខ្មាស​ផង​ «ឱ អញ​បាន​ជួប​បង​សារ៉ាក់​ទៀត​ហើយ​»​។ឱរា​នារី​ញ័រ​រន្ធត់​ជា​ខ្លាំង​។ ពេល​នោះ​ភ្នាក់​ងារ​កុន​ចង្អុល​បង្ហាញ​អោយ​កញ្ញា​ទាំង​ពីរ​អង្គុយ​នៅ​កៅ​អី​ក្បែរ​សារ៉ាក់​។ ស៊ុន​ណារី​ដើរ​បង្ហួស​សារ៉ាក់​រំលង​មួយ​កៅ​អី​ ហើយ​ទុក​កៅ​អី​កណ្ដាល​អោយ​រ័តនា
-រ័តនា​អង្គុយ​នេះ​ចុះ​ (សំលេង​ស៊ុនណារី)
   រ័តនា​នាង​ភ័យ​ស្ទើរ​ស្លុត​ចិត្ដ​ «ងាប់​ហើយ​អញ​! ម្ដេច​អញ្ចេះ​ថ្ងៃ​នេះ​? អញ​មក​អង្គុយ​នៅ​ប្រប​នឹង​បង​សារ៉ាក់​តែ​ម្ដង​»។
   ចំនែក​សារ៉ាក់​ ពុំ​សូវ​មាន​អាការៈ​ជ្រួល​ច្របល់​ក្នុង​ចិត្ដ​សោះ​ នៅ​ពេល​ដែល​បាន​ជួប​ប្រទះ​ភក្ដ្រ​រ័តនា​ ព្រោះ​អ្នក​នៅ​ស្រវឹង​ នឹង ទ្រឹស្ដី​របស់​អ្នក​នៅ​ឡើយ​ «សោ​ភ័ណ​ស្ថិត​នៅ​លើ​ដួង​ចិត្ដ​»​។
- ហា! ... ហា!... (សំណើច​ស៊ុនណារី) បង​អែង​ប្រ​ហែល​មិន​ស្រួល​ក្នុង​មែន​ទែន​ហើយ​ បាន​ជា​និយាយ​ម្នាក់​អែង​... «សោ​ភ័ណ​ស្ថិត​នៅ​លើ​ស្ករ​ផែន​» ហា! ... ហា!...
សារ៉ាក់​ងាក​ទៅ​ប្អូន​ជីដូន​មួយ​ខ្លួន។
- ស៊ុនណារី​! អូនថា​បង​ឆ្កួត​មែន​ទែ​ឬ​អី​? ស្រេច​តែ​អូន​ចោទ​ទៅ​ចុះ​ បង​អិត​រវល់​ទេ ព្រោះឆ្កួត​មិនឆ្កួតអិត​ន័យ​ទាំង​អស់​ ស្រេច​តែ​គេ​ថា​។ អូន​អែង​ចាំ​មើល​បង​ដោះ​ស្រាយ​។ ក្នុង​ភាសា​សាមញ្ញ​គិត​របៀប​ឆ្កួត​ គឺ​មិនមែន​មាន​សេចក្កី​គិត​ខុស​នោះ​ទេ​ គឺ​មាន​ន័យ​ថា​ខុស​គេ​ (non conformisme) ។ អូន​អែង​គិត​ត្រូវ​ក៏ដោយ​ បើ​ខុស​គេ​ហើយ​ គឺ​អូន​អែង​ឆ្កួត​។ ផ្ទុយ​ទៅ​វិញ​បើ​យើង​ទាំង​អស់​គ្នា​គិត​ខុស​ គេ​ពុំ​ថា​យើ​ងឆ្កួត​ទេ។ ឆ្កួត​ទាំង​អស់​គ្នា​គឺ​លែង​ឆ្កួត​។ ចំនែក​បង​ៗសុខ​ចិត្ដ​ធ្វើ​ឆ្កួត​វិញ​ ហើយ​វា​មាន​សោភ័ណ​ជាង​មិន​ឆ្កួត​។
សារ៉ាក់​ងាក​ទៅ​ចំភ័ក្ដ្រ​រ័តនា
   - អ្នក​នាង​កុំ​ធុញ​ទ្រាន់នឹង​សំដី​របស់​ខ្ញុំ​ណ៎ា​! ខ្ញុំ​និយាយ​វែង​ឆ្ងាយ​បន្ដិច​ ហើយ​ដើម្បី​អោយ​បាន​ច្បាស់​លាស់​...
   រ័តនា​នាងញញឹម​ដោយ​ពុំ​មាន​ស្ដី​ថា​អ្វី​។ សារ៉ាក់​បន្ដ​ទៅ​ទៀត​ដោយ​នឿយ​ហត់​ ហាក់​ដូច​គ្មាន​ធុញ​ទ្រាន់​ជិនណាយ។
   -មនុស្ស​យើង​ម្នាក់​ៗ​ មាន​តំលៃ​ មាន​សេចក្ដី​ថ្លៃ​ថ្នូរ​លើ​ធម្មជាតិ​ទាំង​អស់​។ ព្រោះ​មនុស្ស​ចេះ​គិត​ មាន​បញ្ញា​។ ខ្ញុំ​គិត​!! អែង​គិត​!! ។ ខ្ញុំ​ចេះ​គិត​ថា​ខ្ញុំ​កំពុង​គិត​។ ខ្ញុំ​គិត​ថា​ ខ្ញុំ​កំពុង​គិត​ទៅ​ដើម​ចេក​ដែល​មិន​ចេះ​គិត​មក​រក​ខ្ញុំ​។សត្វ​ធាតុ​ លោហ​ធាតុ​ ព្រឹក្សា​ធាតុ​មិន​ចេះ​គិត​មក​រក​ខ្ញុំ​។ សត្វ​ធាតុ​។ មនុស្ស​យើង​ដែល​ចេញ​ពី​ធម្មជាតិ​។ អាច​ថ្លៃ​ថ្នូរ​លើស​ធម្មជាតិ​បាន​ ព្រោះ​តែ​គំនិត​នេះ​ហើយ​។ ហា! ហា! គួរ​អោយ​ចង់​សើច​មែន​ លុះ​ដល់​យើង​យក​គំនិត​យក​បញ្ញា​យក​វិចារ​ណញ្ញាណ​មក​ប្រើ​ការ​អោយ​សម​ជា​មនុស្ស​ ស្រាប់​តែ​គេ​ថា​យើង​ឆ្កួត​..។ អ្នក​នាង​ដឹង​ស្រាប់​ហើយ​ មនុស្ស​ណា​ដែល​ហ៊ាន​យក​ការ​ពិត​ ផ្ទុយ​ នឹង គំនិត​អ្នក​ផង​មក​និយាយ​ជា​សាធារណៈ​ គឺ​ជាមនុស្ស​ឆ្កួត​អិត​សង្ស័យ​ ជន​នោះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​បាន​។ អ្នក​នាង​ដឹង​ទេ​ក្នុង​សាវតារ​អឺរ៉ុប​ មាន​អ្នក​ប្រាជ្ញ​ម្នាក់​ឈ្មោះ​ក្ហាលីយេ​ (Galilée) ហ៊ាន​យកការ​ពិត​ផ្នែក​វិទ្យា​សាស្ដ្រ​មួយ​ មក​លាត​ត្រ​ដាង​ជា​សាធារណៈ​គឺ «ផែន​ដី​វិល​ជុំ​វិញ​ព្រះ​អាទិត្យ​» ។ ក្នុង​ជំនាន់​នោះ​ទ្វីប​អឺរ៉ុប​គេ​ជឿ​ស្លុង​តាម​គម្ពីរ​ព្រះ​យេ​ស៊ូ​គ្រិស្ដ​ដែល​មាន​ចែង​ថា៖ «ព្រះ​អាទិត្យ​វិល​ជុំ​វិញ​ផែន​ដី​»​។ ម៉្លោះ​ហើយ​អ្នក​ទាំង​អស់​គ្នា​គេ​ចោទ​គាត់​ថា​ជា​មនុស្ស​ឆ្កួត​ មនុស្ស​ហ៊ាន​ក្បត់​នឹង សាសនា​ យេស៊ូ មនុស្ស​ព្រ​ហើន​ហ៊ាន​ប្រ​ឆាំង​ នឹង ​ព្រះ​អាទិ​ទេព​។ គេ​កំហែង​គាត់​អោយ​ដក​ពាក្យ​គាត់​ចេញ​ បើ​ពុំ​ដូច្នោះ​ទេ ​គេ​ នឹង សំឡេះ​គាត់​ចោល​។ អ្នក​នាង​ឃើញ​ទេ​គាត់​ជា​មនុស្ស​ឆ្កួត​ ព្រោះ​គាត់​ជា​មនុស្ស​គិត​ត្រូវ​ ព្រោះ​គាត់​ចេះ​គិត​ ព្រោះ​គាត់​យក​បញ្ញា​ យក​វិចារ​ណញ្ញាណ​មក​វិនិច្ឆ័យ​អោយ​សម​ជាមនុស្ស​ជាតិ​។ ចំនែក​មនុស្ស​ដែល​មិន​ឆ្កួត​នោះ​ គឺជា​មនុស្ស​មាន​អាកប្ប​កិរិយា​ដូច​សត្វ​ធាតុ ចាំ​តែ​ស្រែក​តាម​គេ​ដូច​ជា​សត្វ​គោ​ រឺ ក៏​ពពែ​ដែល​គេ​រុញ​រុក​ត្រូវ​ម៉ៗ! ម៉ែៗ ! បើ​អ្នក​ទាំង​អស់​គ្នា​ស្រែក​ថា​ អា​ជ័យ​ធ្លាក់​ទឹក​ យើង​ចាំ​ក្ដក់ថា​ហៃ​អើៗ បើ​គេ​ថា​ព្រះ​អាទិត្យ​វិល​ជុំ​វិញ​ផែន​ដី​យើង​ហៃ​អើៗ បើ​គេ​ថា​សេះ​ដុះ​ស្នែង​ហៃ​អើៗ!! ស៊ុនណារី​យល់​ទេ របៀប​ហ្នឹង​ហើយ​ដែល​ថា​មនុស្ស​ជានោះ!! ហ៊ី​! ឆ្កួត​ក៏​គ្មាន​ន័យ​! មិន​ឆ្កួត​ក៏​គ្មាន​ន័យ​!... ឱ! ជីវិត​មនុស្ស​អើយ​គ្មាន​ខ្លឹម​សារ​សោះ​ឡើយ​។ (សារ៉ាក់​ដក​ដង្ហើម​ធំ​ ហើយ​ឈប់​ដោះ​ស្រាយ​។

   អ្នក​ទាំង​បី​ឋិត​ក្នុង​ការ​ស្ងប់​ស្ងៀម​យ៉ាង​យូរ​ ដោយ​តឹង​ក្នុង​ចិត្ដ​រៀងៗ​ខ្លួន​។ សារ៉ាក់​ចាប់​ផ្ដើម​លួច​សំលឹង​មើល​រ័តនា​។ អ្នក​ខំ​ឆ្មៀង​កន្ទុយ​ភ្នែក​គយ​គន់​ភក្ដ្រ​នារី​ដោយ​ក្លា​ហាន​។ រ័តនា​កាល​ដឹង​ថា ប្រុស​សំលាញ់​សង្កេត​មើល​នាង​យ៉ាង​ពិនិត្យ​ពិច័យ​ទៅ​ជារឹង​ខ្លួន​។ ភក្ដ្រនាង​ក្រហម​..។ ចំនែក​ស៊ុនណារី​នាង​នៅ​ស្ងៀម​ព្រងើយ​ហាក់​បី​ដូច​ជា​គ្មាន​យល់​រឿង​អ្វី​ទាំង​អស់​ ចំពោះ​ក្រមុំ​កំលោះ​នេះ... តែបើ​តាម​ពិត​នាង​នៅ​ចាំ​លួច​មើល​អាក្ប​កិរិយា​បង​ជីដូន​មួយ​នាង​ និង​ កញ្ញា​រ័តនា​ជានិច្ច​។
   សារ៉ាក់​នឹក​ចំលែក​ក្នុង​ចិត្ដ​ ខ្លួនអែង​ ថ្ងៃ​នេះ​ម្ដេច​ក៏​រិក​ឆើត​ខ្លាំង​ម៉្លេះ​?។ អ្នក​ហ៊ាន​គយ​គន់​មើល​នារី​ដោយ​គ្មាន​រន្ធត់​ចិត្ដ​ អ្នក​ធ្លាប់​តែខ្លាច​ញញើត​ញញើម​ស្រី​ៗ ពុំ​ដែល​ហ៊ាន​​មើល​គេ​យូរ​ឡើយ។ម្ដង​នេះអ្នក​កំលោះ​គ្មាន​ព្រឺ​ព្រួច​ក្នុង​ចិត្ដ​បន្ដិច​។ អ្នក​អាច​លួច​សង្កេត​មើល​រ័តនា​បាន​យ៉ាង​យូរ​ដោយ​គ្មាន​ការ​អៀន​ខ្មាស​ ដោយ​គ្មាន​ការ​រំជួល​ ហាក់​ដូច​ជាបុរស​អស់​កិលេស​។ ចំនែក​កញ្ញា​រ័តនា​ នាង​ហាក់​ដូច​ជា​ដឹង​ខ្លួន​ថា​ លោហិត​នាង​កក​ សរសៃ​នាង​គាំង​.. នាង​រក​និយាយ​អ្វី​ពុំ​ឃើញ​។ នាង​ខំ​យក​ក្រដាស​ប្រូក្រាម​កុន​មក​ពិនិត្យ​ដើម្បី​បន្លប់​ការ​អៀន​ខ្មាស​។ តែ​នាង​អាន​ពុំ​កើត​សោះ​ នាង​ចេះ​តែ​មាន​ការ​ស្រៀវ​ស្រាញ​ ដោយ​នឹក​ថា​កំលោះ​ដែល​នាង​ប្រតិ​ព័ទ្ធ​អង្គុយ​នៅ​ក្បែរ​ខ្លួន​នាង,..។
   សារ៉ាក់​នឹក​គិត​ថា​«អា​សារ៉ាក់​ ! អែង​ខំ​មើល​អោយ​អស់​ចិត្ដ​ទៅ​! ស្រី​នេះ​ហើយ​ដែល​អែង​បាន​នឹក​រលឹក​គ្រប់​ពេល​វេលា​! សំលឹង​សង្កេត​អោយ​ខ្ទេច​ខ្ទី​ទៅ​! តើ​អែង​នឹក​ អែង​រលឹក​គេ​ត្រង់​កន្លែង​ណា​?​»។

សារ៉ាក់​បង្ហើប​មាត់​សួរ​នាង​ថា៖
- អត់​ទោស​អ្នក​នាង​! ម៉ោង​ប៉ុន្មាន​ហើយ​ កុន​ដូច​ជា​ក្រ​លេង​ហួស​តែ​ម្ដង?
- ច៎ាស​! នៅ​ខ្វះ​ដប់​នាទី​ទៀត​លោក កុន​នឹង​លេង​ហើយ​...
   សារ៉ាក់​ញញឹម​ព្រម​ទាំង​ងក់​ក្បាល​សំដែង​សេចក្ដី​អរ​គុណ​ទៅ​រក​ស្រស់​ស្រី​។ រ័តនា​ព្រឺ​ព្រួច​គ្រប់លោ​មា។ សារ៉ាក់​នឹក​ក្នុង​ចិត្ដ​ថា «ឃើញ​ស្រី! បើ​គ្មាន​ភ័យ​ពី​ដំបូង​គឺ​គ្មាន​ភ័យ​រហូត​! យឺ​អញ្ចឹង​ស្រួល​ដែរ​! អញ​និយាយ​ជា​មួយ​នាង​នេះ​ដោយ​អិត​មាន​អៀន​មាត់​សោះ!
- លោក​ចូលមក​យូរ​ណាស់​ហើយ​រឺ​? (រ័តនា​បន្លឺ)។
- បាទ! យូរ​ក្រែល​ហើយ​អ្នក​នាង​! គឺ​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ទិញ​សំបុត្រ​អោយ​ទៅ​អូន​ស៊ុនណារី​រួច​ម៉្លេះ​!
- ហ្អូ៎ ! លោក​ទិញ​សំបុត្រ​អោយ​ស៊ុនណារី​ អញ្ចឹង​បាន​ជា​យើង​មាន​កន្លែង​អង្គុយ​ជិត​គ្នា​ ណារីគ្មាន​ប្រាប់​ខ្ញុំ​សោះ​តែ​ម្ដង​។
ស៊ុនណារី​នៅ​ស្ងៀម​។ នាង​គ្រាន់​តែ​ធ្វើ​ញឹមៗ​មក​កាន់​គូ​សំដី​ទាំង​ពីរ​។
ចា៎ស​! លោក​ញ៉ាំ​ស៊ុកូឡា​នេះ​ទេ? លោក​អាល័យ​តែ​គិត​ទៅ​ណា​ហ្នឹង​? (រ័តនា​ប្រថុយ​សួរ​ទៅ​អ្នក​កំលោះ​ទាំង​អៀន​ខ្មាស)​។
- អុះ​! សូម​អត់​ទោស​អ្នក​នាង​!. មនុស្ស​ខ្ញុំ​នេះ​ គឺ​ដូច្នេះ​តាំង​ពី​ដើម​មក​... ខ្ញុំ​គិត​ច្រើន​ណាស់​... ជីវិត​ខ្ញុំ​ពុំ​សូវ​ឋិត​នៅ​ក្នុង​ពិភព​ប្រាកដ​ទេ​... ខ្ញុំ​រស់​នៅ​តែ​ក្នុង​គំនិត​ទៅ​ហើយ​សព្វ​ថ្ងៃ​នេះ​...។ គំនិត​នោះ​ចេះ​តែ​ហូរ​ហូរ​ស្រោច​ស្រប់​វិញ្ញាណ​ខ្ញុំ​គ្មាន​ត្រា​ប្រ​ណី​.. ខ្ញុំ​គ្មាន​អានុភាព​អ្វី​ នឹង អាច​ទប់​គំនិត​នោះ​អោយ​ជាប់​សោះ​។
- សូម​លោក​ញ៉ាំ​ស៊ុកូឡា​នេះ​ទៅ​ វា​នឹង​អាច​ជួយ​អោយ​លោក​បំ​ភ្លេច​គំនិត​នោះ​បាន​ខ្លះ​ៗ..
- មិន​អី​ទេ​អ្នក​នាង​!
រ័តនា​ហុច​ស៊ុកូឡា​មួយ​ដុំ​យ៉ាង​វែង​អោយ​អ្នក​កំលោះ។
- សូមលោក​ញ៉ាំ​ទៅ​! ឆ្ងាញ់​ណាស់​ស៊ុកូឡា​នេះ..
យី! បើ​គេ​អោយ​ហើយ​ អញ​ត្រូវ​តែ​ឆាន់​... សារ៉ាក់​នឹក​ក្នុង​ចិត្ដ​។
- ខ្ញុំ​សូម​តែ​ពាក់​កណ្ដាល​បាន​ហើយ​...

   ញ៉ាំ​ទាំង​អស់​ចុះ​លោក​ ខ្ញុំ​មាន​នៅ​សល់​មួយ​ដុំ​ទៀត​ដែរ​...រ័តនា​និយាយ​ព្រម​ទាំង​ញញឹម​ផង​ សារ៉ាក់​សំលឹង​មុខ​នាង​ចំ​ហើយ​ញញឹម​តប​ទៅ​វិញ​។ ក្រ​មុំ​កំលោះ​ទាំង​គូនេះ​ស្រាប់​តែ​មាន​ការ​ព្រឺ​ព្រួច​ជា​អនេក​ក្នុង​មួយ​រំពេច​។ សារ៉ាក់​គិត​ថា​៖ «ឱ! ការញញឹម​របស់​នាង​មាន​សភាព​ស្រទន់​អី​ម៉្លេះ​... ការញញឹម​នេះ​ធ្វើ​អោយ​ឆ្កួត​ចិត្ដ»។ ក្រសែ​ភ្នែក​អ្នក​ទាំង​ពីរ​មិន​ព្រម​ចាក​ចេញ​ពី​គ្នា​។ ភ្នែក​អ្នក​កំលោះ​ស្រវឹង​នឹង​ភ្នែក​នាង​ក្រមុំ​។ សារ៉ាក់​នឹក​ភ័យ​ក្ដុក​ក្នុង​ចិត្ដ​ «យី​! អញ​មើល​គេ​យូរ​អញ្ចឹង​មិន​សម​រម្យ​ទេ​ដឹង​... បើ​អែង​ងាក​មុខ​ចេញ​ រហ័ស​ពេក​ហាក់​ដូច​ជា​អែង​ខ្លាច​គេ​។អញ​ត្រូវ​តែ​ងាក​មុខ​ចេញ​ ប៉ុន្ដែ​ត្រូវ​ងាក​ថ្នម​ៗ​ កុំអោយ​គេ​សង្ស័យ​ នឹង​អាកប្ប​កិរិយា​អញ​... ។សារ៉ាក់​នៅ​តែ​ជាប់​ស្នេហ៍ នឹង​ភក្ដ្រ​រ័តនា​ទៀត​ អ្នក​នៅ​ទ្រឹង​ស្មារតី​ ងាក​មុខ​ចេញ​មិន​រួច​សោះ​។ ចំនែក​នាង​កញ្ញា​វិញ​អង្គ​ប្រាណ​នាង​ហាក់​ដូច​ទន់​រវើយ​ ដៃ​ជើង​នាង​រលួយ​ស្លុត​ស្រយ៉ង់​អស់​។

   នៅ​ទី​បំផុត​សារ៉ាក់​ដាក់​មុខ​ចុះ​យ៉ាង​រហ័ស​ រ័តនា​ក៏​បង្អោន​ភក្ដ្រ​នាង​សឹង​តែ​ដំណាល​គ្នា​។ ជា​បន្ទាន់​នោះ​មាន​សំលេង​មួយ​ មកស្ដី​បន្ទោស​សតិ​វិញ្ញាណ​របស់​អ្នក​ .. អញ​ខ្មាស​រ័តនា​ណាស់​អាសារ៉ាក់​! អែង​ម្ដេច​ក៏​ដាក់​មុខ​ចុះ​មុន​គេ​ដូច្នេះ​...? ហើយ​ដាក់​យ៉ាង​ប្រញាប់​ ហាក់​ដូច​ជា​ខ្លាច​គេ​ខ្លាំង​ណាស់... ដូច​ជា​ខ្លួន​អែង​បាន​ប្រ​ព្រឹត្ដ​អ្វី​មិន​គប្បី​...។ ខណៈនោះ​សារ៉ាក់​មិន​ដឹង​ជា​នឹក​ភ្នក​យ៉ាង​ដូចម្ដេច​ រឺ​មួយ​ដើម្បី​បន្លប់​ការ​អៀន​ខ្មាស​របស់​អ្នក​ ស្រាប់​តែ​យក​ដៃ​ឆ្វេង​ទៅ​ទ្រ​ដៃ​រ័តនា​ ដែល​មាន​កាន់​ស្ករ​ស៊ុកុឡា​ ចំនែក​ដៃ​ស្ដាំ​របស់​អ្នក​ក៏​ទៅ​កាច់​ស្ករ​នោះ​ពាក់​កណ្ដាល​។ គ្រាន់​តែ​ប៉ះ​សាច់​សារ៉ាក់​ភ្លាម​ រ័តនា​ ក៏​ព្រឺ​ស្រៀប​ពេញ​អង្គ​ប្រាណ​របស់​នាង​។
   អុះ! ... ខ្ញុំញ៉ាំ​ស៊ុកូឡា​តែ​ពាក់​កណ្ដាល​បាន​ហើយ​ សំលេង​សារ៉ាក់​។
    រ័តនា​គ្រាន់​តែ​ញញឹម​ ដើម្បី​បំបាត់​ការ​រន្ធត់​ចិត្ដ​របស់​នាង​។ សារ៉ាក់​វិញ​ដ៏​ដូច្នោះ​ដែរ​ អ្នក​ខំ​ធ្វើ​រិក​ពាព្រ​ងើយ​ ដើម្បី​បន្លប់​ការ​ព្រឺ​ព្រួច​របស់​អ្នក​ «ឱ! ដៃ​រ័តនា​ទន់​ហើយ​ត្រ​ជាក់​អី​ម៉្លេះ​ទេ» ។ រ័តនា​គិត​ថា​ «អញ​ធ្លាប់​តែ​ក្លាហាន​ក្នុង​រឿង​អ្វី​ៗទៀត​ ប៉ុន្ដែ​ម្ដង​នេះ​អញ​ភ័យ​ខ្លាំង​ណាស់​... ត្រ​ជាក់​អស់​ដៃ​ជើង​..។
   កាយ​វិការ​អ្នក​ទាំង​ពីរ​មិន​កំបាំង​ភ្នែក​ស៊ុន​ណារី​ឡើយ​ ប៉ុន្ដែ​នាង​កញ្ញា​ក្រោយ​នេះ​ ធ្វើ​មិន​ដឹង​ខ្លួន​ ហើយ​ខំ​ពិនិត្យ​មើល​សំបុត្រ​ប្រួ​ក្រាម​កុន​វិញ​។
    សារ៉ាក់​ទំពា​ស្ករស៊ុកូឡា​មួយៗ ដោយ​ខំ​សំដែង​នូវ​ការ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​។ «ហា​! ហា​! ហា​! សោភ័ណ​របស់​អញ​ឋិត​នៅ​លើ​ស្ករ​ផែន​អែ​ណោះ​ទេ​ .. គឺ​ស្ករ​ត្នោត​..ស្ករ​ខ្មែរ។... សោភ័ណ​របស់​អញ​ មិន​មែន​ឋិត​នៅ​លើ​ស្ករ​ អា​ពួក​ចក្រ​ពត្ដិ​និយម​នោះ​ទេ​... ប៉ុន្ដែ​អញ​ខំ​លេប​ជា​ការ​គួរ​សម​ចំពោះ​រ័តនា​​ទៅ​ចុះ»។

    ភាព​ងងឹត​ក៏​មក​សណ្ឋិត​នៅ​ក្នុង​បរិវេណ​នៃ​រោង​ភាព​យន្ដ​មួយ​រំពេច​។ គឺ​គេ​ចាប់​ផ្ដើម​បញ្ចាំង​កុន​ហើយ​។ ពេល​នោះ​រ័តនា​មិន​សូវ​ជា​ចាប់​ភ្លឹក​ នឹង រូប​ភាព​កុន​ប៉ុន្មាន​ទេ​... សតិ​វិញ្ញាណ​របស់​នាង​ត្រូវ​គ្រប​ដណ្ដប់​ ដោយ​មនោ​សញ្ចេតនា​ផ្សេងៗ​។ «បង​សារ៉ាក់​ដែល​សំលឹង​មើល​មក​អញ​ ប្រ​ហែល​ជា​មាន​ចិត្ដ​កួច​ប្រ​តិព័ទ្ធ​មក​លើអញ​ខ្លះ​ៗ​ ដែរ​មើល​ទៅ​។ ពេល​គេ​សំលឹង​មក​អញ​ គេ​ហាក់​ដូច​ជា​ស្ទង់​មើល​ជំរៅ​ដួង​ចិត្ដ​របស់​អញ​ទាំង​មូល។ ហ៊ី​! ពេល​ក្រ​សែ​ភ្នែក​យើង​ប្រទះ​គ្នា​ អញ​ស្លុត​អស់​ស្មារតី​... ឱ! អញ្ចឹង​ហើយ​បាន​ជា​ប្រុស​ និង ស្រី​ស្គាល់​ទឹក​ចិត្ដ​គ្នា​តាម​ក្រ​សែ​ភ្នែក​ដូច្នេះ​។ គឺ​គេ​មើល​ឃើញ​ព្រលឹង​គ្នា​។ ពេល​អញ​មើល​ប្រ​ស្រី​ភ្នែក​បង​សារ៉ាក់​... អញ​មិន​ដឹង​ជា​ភ្នែក​នោះ​មាន​ប្រ​ភេទ​ណា​... ធំ​ឬ តូច​? ... ខ្មៅ​ស្រងាត់​រឺ​យ៉ាង​ណា​? អញ​មិន​ដឹង​សោះ​ព្រោះ​អញ​ហាក់​ដូច​ជា​មើល​ឃើញ​ធ្លុះ​ រហូត​ទៅ​ដល់​ដួង​ព្រលឹង​របស់​បង​សារ៉ាក់​តែ​ម្ដង​។
   អែ់សារ៉ាក់​សោត​ក៏​ពុំ​សូវ​បាន​ទស្សនា​ផ្ទាំង​រូប​ភាព​ប៉ុន្មាន​ដែរ​ អ្នក​សំលឹង​គយ​គន់​មើល​តែ​រ័តនា​ប៉ុណ្ណោះ។ អ្នក​មើល​ហើយ​មើល​ទៀត​ពុំ​ចេះ​ឆ្អែត​ឆ្អន់​... «សក់​នាង​រួញ​អង្កាញ់​ហាក់​ដូច​ជា​ទឹក​រលក​.. មាន​សរ​សៃ​ខ្លះ​ខ្វេរ​ប្រមាណ​បី​បួន​រមូរ​មក​ប្រ​លែង​ នឹង​ ជំនាភក្ដ្រស្រស់​ត្រចង់​.. ល្អ​អី​ម៉្លេះ​?»។

    នាង​កញ្ញា​រ័តនា​នឹក​ភ្លាម​ «ឱ! អៀន​ណាស់​ម្ចាស់​ចិត្ដ​អើយ​» ។ សារ៉ាក់​នឹក​ភ្នក​ ៖ «កាល​ចក្ខុ​យើង​ប្រទះ​គ្នា​ នាង​ប្រ​ហែល​ជា​មានការ​ព្រឺ​ព្រួច​ខ្លះ​ដែរ​។ ធម្ម​ជាតិ​ស្រី​ក្រមុំ​តែង​តែ​មាន​ការ​ព្រឺ​ព្រួច​ជា​និច្ច​ កាល​បើចក្ខុ​កំលោះ​ប៉ះ​ពាល់​។ តិច​លោ​តែ​.. តើ​នរណា​អាច​ថា​បាន​ តិច​លោ​រ័តនា​មាន​ចិត្ដទោរ​ទន់​មក​លើ​រូប​អញ​ខ្លះ​ៗ​ ទៅ​ ... ផ្ដា​សាយ​តែ​ម្ដង​!..ហា​! ហា​! ហា​! អា​សារ៉ាក់​អើយ​ គេ​មិន​មែន​មក​ស្រ​លាញ់​អា​អែង​ទេ​ អា​ខោ​មិន​ខោ​ អាវ​មិន​អាវ​ដូច្នេះ​នោះ​ ... គេ​ជា​នារី​ថ្លៃ​ថ្នូរ។ គេរិកពា​រាក់​ទាក់​រក​អា​អែង ដើម្បី​ជា​ការ​គួរ​សម​តែ​ប៉ុណ្ណោះ។ ហ៊ឹស! ចំនែក​អញ​វិញ​ ក៏អញ្ចឹង​ដែរ​ អញ​ធ្វើ​ការ​រាក់​ទាក់​ នឹង​ នាង​ក៏​ដើម្បី​ជា​ការ​គួរ​សម​តែ​ប៉ុណ្ណោះ​ដែរ​... អញ​មាន​សូវ​ជា​ចូល​ចិត្ដ​ប៉ុន្មាន​ កូន​ក្រ​មុំ​ពួក​មូល​ធន​និយម​នោះ​ ... បើ​អញ​ចូល​ចិត្ដ​មើល​ទៅ​នាង គឺ​អញ​គ្រាន់​តែ​មើល​ទៅ​ នារី​ម្នាក់​ដែល​មានរូប​ឆោម​ល្អ​តែ​ប៉ុណ្ណឹង​។ ធម្មតា​ស្រី​មាន​រូប​ឆោម​ល្អ​អញ​តែង​តែ​សង្កេត​មើល​ទាំង​អស់​។ អម្បាញ់មិញ​អញ​ខំ​និយាយ​រោះ​រាយ​ទៅ​រក​នាង​ គឺ​អញ​លេង​ល្ខោន​ គឺ​អញ​ក្បត់​ខ្លួន​អញ​។ រស់​ក្នុង​សង្គម​មនុស្ស​ចេះ​ធ្វើ​ពុត​ជា​ការ​ចាំ​បាច់​ដែល​គេ​ហៅ​ថា​ សុជីវ​ធម៌...​។

   មនុស្ស​យើង​បើមាន​ទំលាប់​អ្វី​មួយ​ហើយ​ ពុំ​ងាយ​កំចាត់​ចោល​ទំលាប់​នោះ​បាន​ឡើយ​។ ដូច​អ្នក​ធ្លាប់​ជក់​បារី​ នៅ​ញៀន​ នឹង​ កន្ទុយ​បារី​ ជន​ផឹក​ស្រា​ នៅ​ឱប​តែ​ដប​ ជន​ជាក​អាភៀន​ដុះ​មេ​នឹង​អាភៀន​ ជន​ប្រ​ព្រឹត្ដល្បែង​ ចិត្ដ​នៅ​ជាប់​​ជំពាក់​តែ​ នឹង​ ល្បែង​គ្មាន​របេះ។ល។ ចំនែក​សារ៉ាក់​វិញ​តែង​ធ្លាប់​គិត​រឿយៗ​ថា អ្នក​មាន​កើត​មក​សំរាប់​ធ្វើរិក​ចក្រព័ត្ដ​មើល​ងាយ​អ្នក​ក្រ​ប៉ុណ្ណោះ...។ ម៉្លោះ​ហើយ​លុះ​អ្នក​មក​ជួប​ប្រ​ទះ​រិក​ពា​ សម​សួន​របស់​រ័តនា​ ទំលាប់​គំនិត​នេះ​ចេះ​តែ​មក​លង​ខួរ​ក្បាលអ្នក​ជានិច្ច​...។ អ្នកបែរ​ជា​ចោទ​ថា កិរិយា​ទន់​ភ្លន់​ ការ​រាក់​ទាក់​ រោះ​រាយ​របស់​រ័ត​នា​ គឺ​គ្រាន់​តែ​ជា​ការ​គួរ​សម​ បោក​ប្រាស់​ស្ទូច​យក​ព្រលឹង​អ្នក​អោយ​វង្វេង​អសារ​អិត​ការ​តែ​ប៉ុណ្ណោះ។

    ពេល​នោះ​នៅ​លើ​ផ្ទាំង​សំពត់​ស​ មាន​សំដែង​នូវ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ទឹក​ក្រូច​ប៉ិប​ស៊ី​កូឡា​។ ជន​ស្បែក​ស​ប្រុស​ស្រី​ពីរ​នាក់​ ក្រេប​ភេសជ្ជៈ​ទល់​មុខ​គ្នា​ដោយ​រីក​រាយ​ក្រៃ​លែង​។
   ​- ឱ! អា​ពួក​មូល​ធន​និយម​ភ្នែក​ស! (សំលេង​សារ៉ាក់​) អញ​ផឹក​ទឹក​កក​សាប​ឆ្ងាញ់​ជាង​ទឹក​ក្រូច​អា​អែង​ទៅ​ទៀត​ ហើយ​ថោក​ទៀត​ផង​!
    - សូម​លោក​ជួយ​ពន្យល់​ខ្ញុំ​បន្ដិច​មើល​ សំលេង​រ័តនា​ យ៉ាង​ម៉េច​ទៅ​ ដែល​ហៅ​ថាមូល​ធន​និយម​នោះ?
   - ពាក្យ​នេះ​ គឺ​គេ​និយាយ​សំដៅ​ទៅ​ឈ្មួញ​ដែល​មាន​សម្បត្ដិ​ក្រាស់​ក្រៃ​ ដែល​មាន​មធ្យោ​បាយ​ប៉ុនគិរី​សំរាប់​ពង្រីក​ដោយ​សេរី​ នូវ​មូល​ធន​របស់​គេ​។ ខ្ញុំ​គ្រាន់​តែ​សូម​ទាញ​ការ​ប្រៀប​ប្រដូច​មួយ​ជូន​អ្នក​នាង​ស្ដាប់​ទៅ​ចុះ​... ពួក​មូល​ធន​និយម​នេះ​ គឺ​ពួក​និយម​មូល​ធន​... ហា! ហា!... ពួក​នេះ​មាន​សភាព​ដើម​ធំៗ​ដែល​ដុះ​ក្នុង​ព្រៃ​ ប្រកប​ដោយ​ស្លឹក​ត្រ​ឈឹង​ត្រឈៃ​សាខា​។ ដើម​ឈើ​អស់​ទាំង​នេះ​ទទួល​​រស្មី​ព្រះ​សុរិយា​ បាន​ពេញ​កំរិត​ហើយ​ពុំ​អនុញ្ញាត​អោយ​កូន​ឈើ​តូច​តាច​ ដែល​ដុះ​រហង់​នៅ​ក្រោម​ខ្លួន​ទទួល​រស្មី​នេះ​ខ្លះ​ផង​ទេ! ម៉្លោះ​ហើយ​កូន​ឈើ​ទាំង​នេះ​ខ្វះ​រស្មី​ ខ្លះ​សេរី​ភាព​ក៏​ត្រូវ​ស្វិត​រញម​។
រ័តនា​ដឹង​ថា​សំដី​ទាំង​នេះ​សុទ្ធសឹង​ជា​សំដី​ផ្លែ​ផ្កា​ដែល​សារ៉ាក់​ចោល​មក​លើ​ក្បាល​នាង​។ នារី​នឹក​តូច​ចិត្ដ​ជា​ខ្លាំង​។
   - ច៎ា! ខ្ញុំ​សូម​អត់​ទោស​លោក​ ខ្ញុំ​និយាយ​តែ​តាម​ត្រង់​ ខ្ញុំ​មិន​យល់​សោះ​ថា​ឈ្មួញ​ធំ​ៗ បំបាត់​សេរី​ភាព​ដល់​ឈ្មួញ​តូច​តាច​មិន​អោយ​ងើប​មុខ​រួច​ ឈ្មួញ​តូច​តាច​ក៏​ដូច​ជា​ឈ្មួញ​ធំ​ដែរ​ គឺ​មាន​សេរី​ភាព​ពេញ​លេញ​ នឹង ​រក​ស៊ី​​ទាំង​អស់​គ្នា។ គេ​រក​ស៊ី​ដោយគេ​! យើង​រក​ស៊ី​ដោយ​យើង​!
   - ហា! ហាស! អ្នក​នាង​មើល​ឃើញ​ខ្លី​ពេក​ សេរី​ភាព​នៃ​ជន​ខ្សត់​ខ្សោយ​ ដែល​អ្នក​នាង​បាន​ពោល​អម្បាញ់​មិញ​នេះ​ គឺ​ជា​សេរី​ភាព​របស់​កូន​មាន់​ ដែល​គេ​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​កញ្ជ្រោង ​រឺ ឆ្កែ​ព្រៃ​។ រូច​ហើយ​យើង​ទាំង​អស់​គ្នា​ខំ​ស្រែក​ឡើង​ថា ជយោ​សេរី​ភាព​... ជយោ​សេរី​ភាព​កូន​មាន់​! ជយោ​សេរី​ភាព​ឆ្កែ​ព្រៃ​... អស្ចារ្យ​មែន​... ហាស!.. ហា!... អ្នក​នាង​ដឹង​ទេ​ រដ្ឋ​ដែល​ប្រ​កាន់​ខ្ចាប់នូវ​លទ្ធិ​មូល​ធន​និយម​ គឺ​គ្មាន​ជ្រៀត​ជ្រែក​ក្នុង​បញ្ហា​សេដ្ឋ​កិច្ច​ឡើយ​ (Libéralisme économique) ។ ក្រុម​ហ៊ុន​ធំ​ៗ ដូច​ធនាគារ​ ក្រុមហ៊ុន​ធនា​រ៉ាប់​រង​ អាហរ័ណ​នីរហរ័ណ ឧស្សាហ​កម្ម​ធ្លាក់​មក​លើ​កណ្ដាប់​ដៃ​អែក​ជន​ទាំង​អស់​។ សេរី​ភាព​គេ​មាន​ពេញ​ទំហឹង​ «ធ្វើ​អ្វី​ធ្វើ​ទៅ​ នរណា​យក​អ្វី​ទៅ​ណា​យក​ទៅ​» Laissez faire laissez passer ។ អ្នក​នាង​មើល​ស្រុក​ឆ្កួត​ និង​ លទ្ធិមូល​ធន​និយម​ខ្លះ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ដូច​ ប្រេស៊ីល​ អាស្ហង់​ទីន​ វេណេ​ស្ហុយអេ​ឡា (Brésil Argentine Vénézuéla) ដែល​មាន​ភោគ​សម្បត្ដិ​ផ្នែក​ធម្មជាតិ​ខ្លាំង​សំបើម​ដែរ​ អណ្ដូង​រ៉ែ​.. ប្រេង​កាត​ជា​ដើម។ល។ គឺ​អ្នក​មាន​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​ទេ​ដែល​ រស់​នៅ​ខ្ពស់​លើស​ពពក​ទៅ​ទៀត​ ដល់​ស្ថាន​ព្រះ​អិន្ទ្រ​។ ដើរ​បី​ជំហាន​ទៀត​ ស្រាប់​តែ​ឃើញ​អ្នក​ក្រ​ទាំង​ឡាយ​ទឹក​ភ្នែក​រហាម​ជ្រក​ក្រោម​អាចម៍​ជន្លេន​ រក​សេចក្ដី​ថ្លៃ​ថ្នូរ​គ្មាន​។ ជយោ​​សេរី​ភាព​ក្លែង​ក្លាយ​!!! ហាស! ហាស! ហា!

   រ័តនា​នាង​ព្រឺ​ក្បាល​ខ្ញាក​ នឹង​ សំណើច​របស់​សារ៉ាក់​។ គឺ​ជា​សំណើច​មួយ​​ជូរ​ចត់​ក្រៃ​លែង​..។ រ័តនា​នឹក​តូច​ចិត្ដ​នឹង​សំដី​របស់​សារ៉ាក់​ គឺ​មិន​មែន​ដោយ​និយាយ​ ប៉ះ​ពាល់​មក​លើ​ទ្រព្យ​សម្បត្ដិ​របស់​នាង​នោះ​ទេ​ គឺ​មក​ពី​នាង​យល់ថា​សំដី​ទាំង​នេះ​បង្ហាញ​នូវ​ការ​មិន​ស្ម័ក្រ​មេត្រី​របស់​ចិត្ដ​គេ​ចំពោះ​រូប​នាង​។ នាង​យល់​ថា​ ​គេ​មិន​អាច​ស្រលាញ់​រូប​នាង​ដាច់​ខាត​។ ម៉្លោះ​ហើយ​បេះ​ដូង​នាង​ក៏​បំរាស​កញ្ជ្រោល​ឡើង​ពេញ​ទំហឹង​ គឺបំរាស​ដើម្បី​ប្រកែក​នឹង​សេចក្ដី​អស់សង្ឃឹម​។ ពេល​នេះ​នាង​ស្រលាញ់​គេ​សែន​ទ្វី​។ រូប​សារ៉ាក់​ជា​តួ​អង្គ​អាទិទេព​ចំពោះ​បេះ​ដូង​នាង​ធីតា​។ សេចក្ដី​ស្នេហា​ដែល​ដេក​ត្រាំ​នៅ​ក្នុង​ទ្រូង​នាង​នោះ​ក៏​រីក​ធំ​ឡើង​ផុត​កំរិត​ គឺរីក​ដោយ​សារ​តែ​ការ​អស់​សង្ឃឹម​ថា​បាន​ទទួល​សេចក្ដី​ស្នេហា​ពី​ប្រុស​សំលាញ់​មក​វិញ​..,។
    រំពេច​នោះ​ ស្រាប់​តែ​មាន​ក្មេង​ប្រុស​តូច​ម្នាក់​ស្រវា​ចាប់​ក​អាវ​សារ៉ាក់​ពី​ក្រោយ​ខ្ជាប់​ហើយ​ស្រែក​ថា៖
   - ប៉ា! ប៉ា! ប៉ា!...
    សារ៉ាក់​ភ្ញាក់​ខ្លួន​ព្រើត​ ហើយ​មាន​សេចក្ដី​ងឿង​ឆ្ងល់​ជា​ខ្លាំង​។ អ្នក​ងាក​មក​ក្រោយ​ជា​ប្រញាប់​។ រ័តនា​ និង​ ស៊ុនណារី​ក៏​ងាក​មើល​មក​តាម​អ្នក​។ ពេល​នោះ​ស្ដ្រី​មាតា​នៃ​ក្មេង​តូច​ក៏​ទាញ​ដៃ​កូន​ខ្លួន​មក​វិញ​ ព្រម​ទាំង​មាន​វាចាថា៖
   - នៅ​អោយ​ស្ងៀម​កូន​! ឆ្កួត​ទេរឺ? ប៉ា​កូន​អែង​នៅ​ខាង​ណេះ​ទេ..
    សារ៉ាក់​នឹក​ហួស​ចិត្ដ​ក៏​សើច​ឡើង​ឃឹកៗ​... ទេ​តែ​រ័តនា​ប៉ុណ្ណោះ​ នាង​គ្រាន់​តែ​ញញឹម​។
   - អ្នក​នាង​មើល​ (សំលេង​សារ៉ាក់​ទៅ​រ័តនា) ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​ស្ទើរ​បាត់ស្មារតី​ ខ្ញុំ​នៅ​កំលោះ​ ស្រាប់​តែ​មាន​ក្មេង​មក​ហៅ​ ប៉ាប៉ា! ដូច្នេះ​គឺ​មិន​ស្រួល​សោះ​តែម្ដង!

    រ័តនា​នាង​ញញឹម​យ៉ាង​ប៉​ប្រឹម​ តប​នឹង​សំដី​បុរស​បេះ​ដូង​ដែក​។ ដល់​វេលា​គេ​បញ្ចាំង​រឿង​សំរាប់​ថ្ងៃ​ក្រោយ​អ្នក​ទស្សនា​ទាំង​អស់​ ខំសង្កេត​ស្រី​អឺរ៉ុប​ម្នាក់ មាន​រូប​ឆោម​ស្រស់​បំព្រង​ ត្រូវ​អាតួ​ប្រុស​មក​ចាប់ថើប​ជញ្ជក់​មាត់​ ញក់ញី​ដោយ​ត្រេក​ត្រអាល​ ស្រេក​ឃ្លាន​ពន់​ប្រមាណ​។ សារ៉ាក់​លេប​ទឹក​មាត់​ក្អឹក​! ។ ស្រី​នោះ​បំរះ​រួច​ចេញ​ពី​រង្វង់​ដៃ​បុរស​ ហើយ​ទះ​កំភ្លៀង​ចៅ​មាណព​បី​ដៃ​យ៉ាង​ធ្ងន់​។សារ៉ាក់ត្អូញ​ត្អែរថា៖
   - ម្ដេច​ក៏​កាច​ម៉្លេះ? ចេះ​តែ​ធ្វើ​បាប​គ្ន​តែ​ម្ដង!,
   រ័តនា​ពេញ​ចិត្ដ​នឹង​ សំដី​នេះ​ណាស់​ នាងញញឹម​រហូត​ដល់​ភ្លេច​ខ្លួន​។ នាង​យល់​ឃើញ​ថា​សំដី​ប្រុស​សំលាញ់​ចេះ​តែ​សម​ ចេះតែ​ពីរោះ​ទាំង​អស់​..។ ស៊ុនណារី​និយាយ​ទៅ​កាន់​បង​ជី​ដូនមួយ​ភ្លាម​។    ​- យើស!. បង​អែង​បាន​តែ​កាន់​ជើង​ប្រុស​ៗ អញ្ចឹង​...
   - ប្រុស​ហ្នឹង​គ្មាន​គោរព​ច្បាប់​ធម្ម​ជាតិ​ទេ​តើ អូន​ស៊ុនណា​រី!
   -សារ៉ាក់នឹកថា៖

    «អញ​ម្ដេច​ចេះ​តែ​ចង់​ធ្វើ​កាយវ​វិការ​ណា​.. ចេះ​តែ​ចង់​បញ្ចេញ​វាចា​ណា​ដើម្បី​អោយ​រ័តនា​សំលឹង​មើល​មក​អញ​ដូច្នេះ​? ហ៊ី! នេះ​គឺ​អញ​ចង់​ធ្វើ​អោយ​គេ​ពេញ​ចិត្ដ​ នឹង ​អញ​តែ​ម្ដង​!»​។
   នៅ​ពេល​ដែល​សារ៉ាក់​កំពុង​តែលង់​អារម្មណ៍​ អ្នក​វាស​ដៃ​ដោយ​មិន​ដឹង​ខ្លួន​ទៅ​លើ​កៅ​អី​រ័តនា​ បណ្ដាល​អោយ​កំភួន​ដៃ​របស់​អ្នក​ទៅ​បះ​ពាល់​កំភួន​ដៃ​នាង​យ៉ាង​ស្និទ្ធ។ រ័តនា​នាង​ព្រឺ​ព្រួច​យ៉ាង​ខ្លាំង​ នឹង កាយវិការ​នេះ​ នាង​ដក​ដៃ​ចេញ​យ៉ាង​ប្រញាប់​ ហាក់​បី​ដូច​ជា​ដៃ​នោះ​ទៅ​ប៉ះ​ចរន្ដ​អគ្គីសនី​។ សារ៉ាក់​ក៏​រហ័ស​ដក​ដៃ​ចេញ​ពីទី​នោះ​ដែរ​។

- អុះ​​ សូម​ទោស​អ្នក​នាង​!... ខ្ញុំ​ភ្លេច​ខ្លួន​ឈឹង​អម្បាញ់​មិញ​..
រ័តនា​នៅ​ស្ងៀម​។ សារ៉ាក់​នឹក​ភ័យ​ក្នុង​ចិត្ដ​។
   «រ័តនា​ប្រ​ហែល​ជា​ខឹង​ នឹង​ អំពើ​របស់​អញ​មិន​តិច​ទេ​.. ប្រ​ហែល​ជា​នាង​នឹក​ស្មាន​ថា​ អញ​នេះ​ជា​ប្រុស​ព្រ​ហើន​ហ៊ាន​បន្លំ​ពាល់​សាច់​នាង​ទេ​ដឹង​? នរណា​ដែល​ច្រលំ​ពីរ​ បី​ដង​អញ្ចឹង​?»
សារ៉ាក់​ខំ​បញ្ចេញ​វាចា​ទៅ​រ័តនា​ ដើម្បី​បំភ្លេច​រឿង​នេះ​។
- អ្នក​នាង​!
- ចាស!...​ (នាង​ងាក​មក​ម្ចាស់​សំនួរ​)
ចំលើយ​របស់​នាង​កញ្ញា​ បាន​ធ្វើ​អោយ​កំលោះ​យើង​ធូរ​ទ្រូង​យ៉ាង​សំបើម​។ សំលេង​នាង​គ្មាន​សំដែង​នូវ​ការ​មិន​ពេញ​ចិត្ដ​បន្ដិច​បន្ដួច​សោះ​។ «គឺ​ជាសំលេង​ផ្អែម​អា​ក្រក់​»​។
- សូម​អ្នក​នាង​ឈប់​ហៅ​ខ្ញុំ​លោក​ៗ​ទៅ​ ខ្ញុំ​រឹង​ខ្លួន​ណាស់​... សូម​ហៅ​ខ្ញុំ​តែ​ត្រឹម​ឈ្មោះ​បាន​ហើយ​...
នាង​ស៊ុនណារី​និយាយ​កាត់​ឡើង​រំពេច​នោះ​។
- បង​អែង​ឈប់​ហៅ​គេ​អ្នក​នាង​ៗ​ ដែរ​ទៅ​! ត្រូវ​ហៅ​គេ​ថា​ រ័តនា​! រ័តនា​ ! បាន​ហើយ​.. ចំនែក​រ័តនា​វិញ​ហៅ​បង​សារ៉ាក់​ដូច​ខ្ញុំ​ទៅ​!
- ចាស! សូម​លោក​ហៅ​ខ្ញុំ​តែ​ឈ្មោះ​ទៅ​បាន​ហើយ​ (រ័តនា​ឧទាន​)
    សារ៉ាក់​សប្បាយ​ចិត្ដ​ស្ទើរ​ភ្លេច​ខ្លួន​! អ្នក​នៅ​ស្ងៀម​ដោយ​អ្នក​ហា​មាត់​និយាយ​ពាក្យ​រ័តនា​នេះ​មិន​រួច​សោះ...។ ចំនែក​ពាក្យ​មូល​ធន​និយម​ ដែល​ធ្លាប់​គ្រប​ដណ្ដប់​ឈ្មោះ​រ័តនា​ នៅ​ក្នុង​មនោ​សញ្ចេតនា​របស់​សារ៉ាក់ ​ត្រូវ​រលាយ​បាត់​អស់​។
- លោក​ (សំលេង​រ័ត​នា) ដល់​ចេញ​ពី​រោង​កុន​ទៅ​សូម​លោក​អញ្ជើញ​ទៅ​ញ៉ាំ​ការេម​ជាមួយ​ នឹង ខ្ញុំ​ណា​ ! ការេម​នៅ​ហាង​ «ព្រះ​វិហារ​» ក្បែរ​នេះ​!
- បាទ​! មិន​អី​ទេ​អ្នក​នាង​ អុះ​រ័តនា​!! (សារ៉ាក់​និយាយ​ឈ្មោះ​នេះ​ដោយ​ធ្មេច​ភ្នែក​)
អ្នក​នឹក​ស្ងើច​ខ្លួន​អែង​ ដែល​ហ៊ាន​ហៅ​ឈ្មោះ​នេះ​ពេញ​មាត់​។
   រ័តនា​ងាក​មើល​ទៅ​សារ៉ាក់​ប្រញាប់​ នាង​ព្រឺ​ស្រៀវ​អស្ចារ្យ​ ដោយ​បាន​លឺ​ឈ្មោះ​នាង​រសាត់​ពី​ក្រអូម​មាត់​ប្រុស​សំលាញ់​។
- ខ្ញុំ​សូម​អត់​ទោស​រ័តនា​.. (សារ៉ាក់​បង្ហើរ​សំលេង​ថ្នមៗ) តើ​ថ្ងៃ​មុខ​ទៅ​ខ្ញុំ​អាច​ជួប​រ័តនា​បាន​ទៀត​ទេ​?
   រ័តនា​នាង​នៅ​ស្ងៀម​... នាង​ភ័យ​ នាង​អរ​រក​អ្វី​ប្រៀប​ពុំ​បាន​។
   - ខ្ញុំ​ឧស្សាហ៍​ទៅ​មើល​សៀវ​ភៅ​នៅ​បណ្ណា​ល័យ​ជាតិ​ បើ​រ័តនា​មិន​យល់​ទាស់​ទេ​ សូម​រ័តនា​ ទៅ​លេង​កន្លែង​នោះ​ផង ខ្ញុំ​ច្បាស់​ជា​បាន​ជួប​រ័តនា​ទៀត​ជា​មិន​ខាន​...​ ខ្ញុំ​ជួប​រ័តនា​ទៀត​ គឺ​គ្មាន​បំណង​អ្វី​ទេ​ ! គឺ​ខ្ញុំ​គ្រាន់​តែ​សប្បាយ​ នឹង ​បាន​មិត្ដ​នី​ម្នាក់​ដូច​រ័ត​នា​ ខ្ញុំ​បាន​សប្បាយ​ នឹង ​ប្ដូរ​យោ​បល់​គ្នា​ខ្លះ​ៗ...
- ចាស! ខ្ញុំ​គ្មាន​យល់​ទាស់​ទេ (រ័តនានិយាយ​តិចៗស្ទើរ​ស្ដាប់​មិន​លឺ)
អ្នក​កំលោះ មើល​ឃើញ​ដោយ​សារ​ពន្លឺ​កុន មាន​រស្មី​មួយ​ស្រងាត់​នៅ​ប្រស្រី​ភ្នែក​រ័តនា
«គឺ​រស្មី​ទិព្វ​ទេ​ដឹង? !»