៣ ​-បញ្ញវន្ដម្នាក់ដ៏ ក្រខ្វក់ (១)
ថ្ងៃអាទិត្យ ទី8.កក្កដា 2018.ម៉ោង 7:02

L’émotion, c’est un orage affectif un trouble momentané et violent qui secoue à la fois la conscience et le corps. Phèdre amoureuse d’Hippolyte avoue à OEone

 «Je- le vis, le rougis, je pâlis à sa vue un trouble s’éleva dans mon âme éperdue»

សារ៉ាក់​ចាប់បោច​ខ្ញាំ​សក់​របស់​ខ្លួន​!!!

   «ឱ! លោកអើយ! សូម​លោក​មេត្ដា​កុំ​អោយ​ខ្ញុំ​គិត​ច្រើន​ហួស​ពេក​ បើ​ពុំ​ដូច្នោះ​ទេ​ខ្ញុំ​ប្រាកដ​ទៅ​ជា​ឆ្កួត​មិន​ខាន​។ ខ្ញុំ​គិត​ច្រើន​ណាស់​រាល់​ថ្ងៃ​, រាល់​យប់​, ហួស​និស្ស័យ​ហើយ​។ ខ្ញុំ្​ពុំ​ដឹង​ជា​គិត​រឿង​អ្វី​ផង»​។

   សារ៉ាក់​មាន​កែវ​ភ្នែក​ស្រងាត់​ បង្ហាញ​ដួង​ចិត្ដ​ក្រៀម​ក្រំ។ បបូរ​មាត់​ក្រាស់​បន្ដិច​ ហើយ​មាន​សភាព​ពេប​ជ្រាយ​សើ​ៗ​ ទំនង​ដូច​ជា​ខ្ពើម​រអើម​មិន​ដែល​ដាច់​ឆ្ពោះ​ទៅ​លើ​ការ​រស់​នៅ​។

   ហា! ហា! ឆ្ងាញ់​ណាស់​! នរ​ណា​ថា​អញ​ឆ្កួត​ក៏​ថា​ចុះ​! នេះ​ហើយ​ទ្រឹស្ដី​ ដ៏​មាន​រស​ជាតិ​ដែល​អញ​ទើប​តែរ​រក​ឃើញ​គឺ​ «អ្នក​មាន​វេទនា​ជាង​អ្នក​ក្រ» ! ហា! ហា! ហា!

   សារ៉ាក់​បញ្ចេញ​សំណើច​ឡើង​ខ្លាំង​ៗ​ គឺ​ជា​សំណើច​មួយ​ដ៏​ក្រៀម​ក្រោះ​ ដ៏​ជូរ​ចត់​ គួរ​អោយ​ព្រឺ​គ្រប់​រោម​។ អ្នក​កំលោះ​ទំរេត​ប្រាណ​ទៅ​លើ​គ្រែ​បាន​បន្ដិច​ ហើយ​ត្រលប់​ខ្លួន​គេង​ផ្កាប់​​វិញ​ម្ដង​ ផ្ដេក​ក្បាល​យ៉ាង​ស្រងូត​ស្រងាត់​ទៅ​ចំហៀង​។ ក្រចក​ដៃ​អេះ​កន្ទេល​ក្រោកៗ​។ សារ៉ាក់​សង្កេត​មើល​កន្ទេល​របស់​ខ្លួន​ធ្វើភ្នែក​ភ្លឹសៗ​ ហើយ​ផ្អឹប​នាសា​ថើប​ថ្នម​ៗ​ យក​ឱ​ជា​រស​កន្ទេល​នេះ​ ដែល​មាន​ប្រលាក់​ដោយ​ក្អែល​បន្ដិចៗ​ផង។

   ឱ! អស្ចារ្យ​មែន​ កន្ទេល​របស់​អញ​នេះ​ជា​កន្ទេល​ដ៏​កញ្ចាក់​មួយ​រក​លេខដាក់​គ្មាន​ទេ​។ អញ​ប្រើ​មក​ជា​ច្រើន​ឆ្នាំ​ហើយ​ ទើប​បាន​ជា​គ្នា​បាត់​បង់​សម្រស់​ បាត់​បង់​រស្មី​អស់​ អីលូវ​នេះ​ថែម​ទាំង​ដាច់​ដាច​បន្ដិចៗ​ ទៀត​ផង​...ហា! ហា! ដាច់​ដាច​ពិត​មែន​ប៉ុន្ដែ​មាន​តំលៃ​លើស​លែង​ពួក​កៅ​អី​នានា​ របស់​អ្នក​មាន​ទៅ​ទៀត​...។ តិច​លោ​តែ​យក​មក​សុំ​ដូរ​កន្ទេល​របស់​គ្នា​នេះ​ អត់​សង្ឃឹម​ទេ​បង​ប្រុស​...។ យើង​សុំ​ខ្មាស​ហើយ​។ គឺ​ជា​មិត្ដ​កំសត់​របស់​អញ​។ តើ​ពួក​អ្នក​មាន​នោះ​វា​ប្រ​សើរ​ជាង​កន្ទេល​អញ​ប៉ុន្មាន​ទៅ... កន្ទេល​អញ​ត្រជាក់​ស្រឹប​ស្រួល​អស្ចារ្យ​ អញ​គ្រាន់​តែ​ប្រាស​ក្បាល​ដល់​ខ្នើយ​កាល​ណា​ លក់​ភ្លាម​មួយ​រំពេច​ ដល់​ឋាន​ត្រៃ​ត្រឹង្ស​។ ហា! ហា! អ្វី់់​ដែល​សំខាន់​ជាង​គេ​ក្នុង​ការ​ចូលដំណេក​... មិន​គឺ​ការ​លង់​លក់​ទេ​រឺ? ចុះ​ពួក​អ្នក​ដែល​ដេក​លើ​ពូក​ក្រាស់​នោះ​មាន​ដេក​លក់​លើស​អញ​អែ​ណា​ លក់​ដូច​តែ​គ្នា​។ ការ​ដេក​ស្រួល​មិន​ស្រួល​មិន​មែន​ឋិត​នៅ​លើ​គ្រែ​មានរឺស៊្ស័រ​ នៅ​លើ​ពូក​មាន​កំរាស់​ដប់​ម៉ែត្រ​ រឺ​ក្នុង​បន្ទប់​ដែល​មាន​ម៉ា​ស៊ីន​ត្រជាក់​នោះ​ទេ​។ ទុក​ណា​អញ​មាន​ដំណេក​ជា​ថ្មបន្លា​ បើ​បេះ​ដូង​អញ​ទទួល​ស្គាល់​ថា ​ ជា​ដំណេក​ទិព្វ​ ជា​កន្លែង​ដ៏​សោ​ភ័ណ​ ដ៏ជា​ទី​មនោ​រម្យ​រក​អ្វី​ប្រៀប​គ្មាន​ហើយ​ ... តើ! តើ! ដំណេក​អែ​ទៀត​ៗ​ សរ​សេរ​នឹង​អក្សរ​អី​? ហា! ហា! យី! ខ្លួន​អញ​វា​យ៉ាង​ម៉េច​ បាន​ជា​ចូល​ចិត្ដ​គិត​ទៅ​រក​អ្នក​មាន​ម៉្លេះ​ គេ​មាន​ពូក​ដេក​កំរាស់​មេឃ​ក៏​ដោយ​ ស្រេច​តែ​គេ​ទៅ​។

   សារ៉ាក់​ដក​ដង្ហើម​ធំ​យ៉ាង​វែង​ បញ្ចេញ​ខ្យល់​លឺ​សូរ​ឃូរ អ្នក​ក្រាប​ស្ដូក​ស្ដឹង​យ៉ាង​គួរ​អស់សង្ឃឹម​នៅ​លើ​គ្រែ។

   «អញ​ទៅ​ច្រណែន​គេ​ធ្វើ​អ្វី​? មាស​ ពេជ្រ​ ត្បូង​ កែវ​ កង​ ដែល​គេ​ទុក​នៅ​ក្នុង​ទូ​ដែក​ ឡាន​ដែល​គេ​ជិះ​មិន​អស់​ វិមាន​ធំ​ស្កឹម​ស្កៃ​ដែល​គេ​នៅ​ រោង​ចក្រ​ល្ហ​ល្ហេវ​ដែល​ជា​ដំណាង​មូល​ធន​របស់​គេ​ សុទ្ធ​តែ​ជាវត្ថុ​គ្មាន​ប្រយោជន៍​ គ្មាន​តំលៃ​ដែល​បេះ​ដូង​អញ​មិន​អាច​ស្រ​លាញ់​ មិន​អាច​ស្អប់​ ប្រៀប​បាន​ដុំ​គ្រួស​ ដុំថ្ម​នៅ​ក្បែរ​មាត់​ស្ទឹង​។

   តើ​មាន​ប្រយោជន៍​អី​ទៅ​ច្រណែន​នឹង​គេ? បើ​របស់​ដែល​គេ​មាន​ជា​របស់​អិត​សោ​ភ័ណ​ចំពោះ​អញ​។ ហា! ហា! ហា! អ្នក​មាន​ទ្រព្យ​សម្បត្ដិ​សម្បូណ៌​ហូរ​ហៀរ​ពិត​មែន​ តែ​អ្នក​មាន​ពុំ​អាច​អះ​អាង​ថា ខ្លួន​មាន​សុភមង្គល​លើស​អ្នក​ក្រ​បាន​ឡើយ​។ អ្នក​ខ្លះ​ព្រួយ​ ខ្វល់​ខ្វាយ​គ្រប់​ជំពូក​ គ្មាន​ខុស​អ្នក​ក្រ​ប៉ុន្មាន​។ ពិត​មែន​ហើយ​អ្នក​មាន​ជៀស​ផុត​ពី​ការ​លំបាក​ក្នុង​បញ្ហា​ប្រាក់​ ប៉ុន្ដែ​នៅ​បញ្ហា​មួយ​ម៉ឺន​មួយ​សែន​ជំពូក​ទៀត​ ដែល​អ្នក​មាន​ត្រូវ​ដោះ​ស្រាយ​ក្នុង​ជីវិត​។

   ចំពោះ​អ្នក​ក្រ​ដែល​ពើប​ប្រទះ​នឹង​កម្ម​អកុសល​... ដែល​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ​មក​យាយី​រាត​ត្បាត​ ដែល​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សភាព​ដុន​ដាប​ អ្នក​ក្រ​តែង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​ទៅ​ជា​អ្នក​មាន​ នោះ​គេ​នឹង​ផុត​ទុក្ខ​។ ចំនែក​អ្នក​មាន​តើ​សង្ឃឹម​ថា​ បាន​ទៅ​ជា​អ្វី​នឹង​គេ​ដែរ​ ដើម្បី​អោយ​ផុត​ក្រហល​ក្រហាយ​... ហា​! ហា!. សេចក្ដី​សង្ឃឹម​របស់​អ្នក​មាន​មិន​ដឹង​ជា​ដាក់​អក្សរ​អ្វី​ទេ!.. រឿង​នេះ​យើង​គួរ​វិច្ឆ័យ​អោយ​អស់​រិស​គល់។

   អ្នក​ក្រ​ខំ​ធ្វើ​ការ​ហួរ​ហៀរ​ញើស​ជា​ស្ទឹង​ ជា​ទន្លេ​បាន​កំរៃ​បន្តិច​បន្តួច​ស្ដួច​ស្ដើង​ មើល​ស្ទើរ​តែ​ពុំ​ឃើញ​ ម៉្លោះ​ហើយ​អ្នក​ក្រ​លើក​តំលៃ​លុយ​អស្ចារ្យ​។ លុយ​ជា​ស្ថាន​សួគ៌​បើ​ប្រាក់​កាន់​តែ​កើន​ឡើង​ សុភ​បង្គល​ក៏​កាន់​តែ​រីក​ធំ​ឡើង​ដែរ​។ ឱ! បើ​អញ​លែង​ជំពាក់​គេ​... បើ​អញ​មាន​លុយ​ចាយ​គ្រប់​គ្រាន់​ តើ​អញ​សប្បាយ​យ៉ាង​ណា​ទៅ​ក្នុង​ជាតិ​នេះ។ ការ​យល់​ច្រឡំ​នេះ​ជា​ខ្លឹម​សារ​ដ៏​ធំ​អនេក​ ចំពោះ​ជីវិត​អ្នក​ក្រ​។

   ចំនែក​អ្នក​មាន​វិញ​ ម្ចាស់​ថ្លៃ​អើយ​ គ្នា​ដឹង​ថា​ ប្រាក់​កាស​ជា​ផេះ​ ជា​ធូ​លី​ជាវត្ថុ​ដ៏​គម្រក់។

   ប្រាក់​កាស​ពុំ​អាច​បំបាត់​អកុសល​កម្ម​ រឺ ​ ពុំ​អាច​ទិញ​ សុភមង្គល​ បាន​ក្នុង​លោក​នេះ​។ អ្នក​មាន​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​អស់​សង្ឃឹម​ ព្រោះ​ពុំ​មាន​ការ​យល់​ច្រលំ​ដូច​អ្នក​ក្រ​ ដូច្នេះ​អ្នក​មាន​វេទន​លើស​អ្នក​ក្រ​ទៅ​ទៀត​។

- ហាស! ហាស! ហាយ! (សារ៉ាក់​សើច​ដូច​ជា​មនុស្ស​វិកល​ចរិក)
- ចំពោះ​អ្នក​ក្រ​ លុយ​ជា​ទេព្ដា​!
- ចំពោះ​អ្នក​មាន​ លុយ​ជា​ស្លឹក​ឈើ! មើល​តើ​នរណា​ប្រសើរ​ជាង​នរណាអ្ហ៎!
    «ដូច្នេះ​អ្នក​ក្រ​មិន​មាន​សំណាង​ជាង​អ្នក​មាន​រឺ? បើ​អ្នក​មាន​ជា​មនុស្ស​អស់​សង្ឃឹម​ទៅ​ហើយ​»។
ហាស! ហាស! ហាស! (សារ៉ាក់​សើច​ទាល់​តែ​ហៀរ​ទឹក​ភ្នែក)
    «យឺ! ម្ដេច​អញ្ចេះ! ម្ដេច​បាន​ជា​អញ​មាន​គំនិត​ខ្មៅ​ក្រ​ខ្វក់​របៀប​នេះ​ច្រើន​ម៉្លេះ​ក្នុង​ថ្ងៃ​នេះ? អញ​មិន​ត្រូវ​គិត​ខ្វល់​ខ្វាយ​ពេក​ទេ​ ក្នុង​បញ្ហា​ជីវិត​។ បើ​ពុំ​ដូច្នោះ មិន​យូរ​ប៉ុន្មាន​ច្បាស់​ជា​គេ​យក​ទៅ​ញាត់​អែ​ព្រែក​ត្នោត​ជា​មិន​ខាន​។
    ហ៊ី​! លោក​អើយ​! ខ្ញុំ​ទើប​តែ​មាន​វ័យ​ម្ភៃ​មួយ​ឆ្នាំ​ប៉ុណ្ណឹង​ទេ​ ប៉ុន្ដែ​ ខ្ញុំ​បានរស់​នៅ​ និង បាន​ស្គាល់​ ការពិសោធន៍​ក្នុង​ជីវិត​ដប់​ពាន់​ឆ្នាំ​ហើយ»

    រំពេច​នោះ​ សារ៉ាក់​ស្រាប់​តែ​ប្រញិប​ប្រញាប់​ក្រោក​ឡើង​ហើយ​ស្រវា​យក​ខោ​អាវ​មក​ស្លៀក​ពាក់​។
    «មិន​បាន​ទេ​! អញ​ត្រូវ​ជិះ​កង់​ទៅ​លំហែ​កាយ​បន្ដិច​ដើម្បី​អោយ​ថ្លា​គំនិត​! អញ​ត្រូវ​ជៀស​អោយ​ផុត​ពីក្រញ៉ាំ​នៃ​គំនិត​បិសាច​»

 (1) Un Sale Intellectuel នៅ​ពាក់​កណ្ដាល​ផ្លូវ​នៃ​វិកល​ចរិត ​