ទស្សនៈអ្នកចុះផ្សាយ
ដោយកែ ឈុន

ថ្ងៃសៅរ៍ ទី16.មិថុនា 2018.ម៉ោង 10:25

ប្រ​ហែល​ជា​នៅ​ឆ្នាំ១៩៦៨- ៦៩ ស្រុក​ទេស​យើង មិន​ទាន់​សម្បូរណ៌​យាន​យន្ដ ដឹក​​ជញ្ជូន​ រឺ​ ធ្វើ​​​ដំណើរ​​​នៅ​ឡើយ​ នៅ​តាម​ជន​បទ​ស្រុក​ស្រែ​ចំការ​ យើង​ប្រើ​រទេះសេះ​ជា​យាន​ ដឹក​ជញ្ជូន​យ៉ាង​សំខាន់​។ ពូ​បរ​ទេះ​សេះ​ម្នាក់ បាន​​ប្រទះ​​ឃើញ​សៀ​ភៅ​ រឿង ជីវិត​ឥត​ន័យ​ នៅ​លើ​រទេះ​សេះ​របស់​គាត់​ មិន​ដឹង​ជា​នរ​ណា​ភ្លេច​ចោល​ រឺ​ ទុក​ចោល​នៅ​ទី​នោះ​ ពូ​បរ​រទេះ​សេះ ក៏​បាន​អោយ​សៀវ​​​ភៅ​នោះ​មក​ខ្ញុំ​។​ សៀវ​ភៅ​មាន​ភាព​ទក់​ ដាច់​ដាច​រេច​រិល​ខ្លះ​ៗ​។ ខ្ញុំ​​​អាន​រឿង​ជីវិត​អិត​ន័យ​ ហើយ​ចាប់​ចិត្ដ​ដិត​អារម្ម​ណ៍ យ៉ាង​ខ្លាំង​ក្រៃ​លែង​ក្នុង​សាច់​រឿង​ វា​គឺ​ជា​ទស្សន​ម្យ៉ាង​ ពិបាក​រក​អ្នក​និពន្ធ​ណា មក​ប្រៀប​ប្រដូច​បាន​ឡើយ​។

នៅ​ក្នុង​សាច់​រឿង​អ្នក​និពន្ធ​បាន​ទាញ​យក​ ទំនាស់​វណ្ណៈ​សង្គម​ តាម​បែប​វិទ្យា​សាស្ដ្រ​និយម​ផង បែប​ពុទ្ធ​សាសនា​និយម​ផង​ ហើយ​រឿង​នេះ​ មាន​ទំនាស់​វណ្ណៈ​សង្គម​ប្រហាក់​ប្រហែល​គ្នា​ នឹង ​រឿង​ចៅ​ស្រទប​ចេក​ដែរ​។​

នាង​រ័តនា ដែល​ជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ស្ដុក​ស្ដម្ភ​ម្នាក់​ នាង​សុខ​ចិត្ដ​យល់​ព្រម​ទទួល​គូ​ដណ្ដឹង​ តាម​ចិត្ដ​ឪពុក​ម្ដាយ​របស់​នាង​ដែល​លើ​ក​ទៅ​អោយ​បុរស​ម្នាក់​ឈ្មោះ​ចំរើន​ជា​កូន​អ្នក​មាន​ទ្រព​សម្បត្ដិ​ដូច​គ្នា​ដែរ​។ ក្រមុំ​រ័តនា​ មិន​មាន​ចិត្ដ​ស្រលាញ់​គូ​ដណ្ដឹង​របស់​នាង​ទេ​ នាង​បាន​លួច​ស្រលាញ់​បុរស​ម្នាក់​ ឈ្មោះ​សារ៉ាក់​ ដែល​ជា​កូន​អ្នក​ក្រ​ខ្សត់​ ហើយ​ដែល​នាង​មិន​ដែល​បាន​ឃើញ​ បាន​ស្គាល់​បុរស​នោះ​ទាល់​តែ​សោះ​ទៀត​ផង​។ សេច​ក្ដី​ស្នេហា​នេះ​ បាន​ដុត​ពុះ​ងំ​នៅ​ក្នុង​ដួង​ចិត្ដ​ក្រមុំ​រ័តនា​ ទាំង​នាង​ខ្លួន​អែង​មិន​ដឹង​ខ្លួន​។​

ព្រះសិទ្ធត្ថ គោតម មាន​ការ​នឿយ​ណាយ ខ្ពើម​រអើម​រូប​សង្ខារ​ លោក​សន្និ​វាស​នេះ​យ៉ាង​ខ្លាំង​ ហើយ​ព្រះ​អង្គ​ សព្វ​ព្រះ​ហរ​ទ័យ​ ដោះ​ស្រាយ​បញ្ហា​ជិវិ​ត​ ដោយ​ការ​ចេញ​សាង​ព្រះ​ផ្នួស ដើម្បី​ស្វែង​រក​ នូវ​ព្រះ​សម្មា​សម្ពោ​ធិញាណ​ធម៌​។​ ​​វគ្គ​​នីមួយ​​ៗ​ ក្នុង​ជីវិត​ឥត​ន័យ អ្នក​​និពន្ធ ​​បាន​​​ភ្ជាប់​ នឹង ភាព​នឿយ​ណាយ ​ក្នុង​ជីវិត​ រូប​សង្ខារ ជា​វត្ថុ​​អិត​​ខ្លឹម​​​សារ​ អិត​​ន័យ អិត​​មាន​ប្រយោជ​ន៏​​អ្វី​ ​គឺ​ រូបំ​ ទុក្ខំ​ អនត្ដា​។ «អញ​នេះ​ គ្មាន​ហួច​ពី​ ដុំ​ខ្ទុះ​ ដុំ​ឈាម ដុំ​របស់​ឆ្អេះ​ឆ្អាប​សោះ​ឡើយ​»​ យើង​​ឃើញ​​អ្នក​​និពន្ធ​បាន​ទាញ​យក​សាច់​ធម៌ដែល​ជា​បឋម​ទេសនា​របស់​ព្រះ​សម្មាស​ម្ពុទ្ធ​ កាល​ដែល​ព្រះ​ទ្រង់​ត្រាស់​ដឹង​ ហើយ​ប្រាស​ទេសនា​ដល់​បញ្ច​វគ្គី​ភិក្ខុ​៥​រូប​ ដែល​មាន​នៅ​ក្នុង​ព្រះ​ត្រៃ​បិតក​លេខ​៦ ទំព័រ​ ៣០ និយាយ​អំពី​ ទុក្ខ​អរិយ​សច្ច «ជាតិទុក្ខា ជរាបិទុក្ខា មរណម្បិទុក្ខំ បរិទេវ ទុក្ខទោ មនស្សបាយាសាបិ ទុក្ខា ប្រែ​ថា ៖ សេចក្ដី​កើត​ក៏​ជា​ទុក្ខ សេច​ក្ដី​ចាស់​គ្រាំ​គ្រា​ក៏​ជា​ទុក្ខ​ សេចក្ដី​ស្លាប់​ ក៏​ជា​ទុក្ខ​ លំបាក​ កាយ​​ លំបាក​ចិត្ដ​ និង ​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ដ​ក៏​ជាទុក្ខ​ ។ទុក្ខ​! ទុក្ខ​! ទុក្ខ​! គ្មាន​! លោះ​មួយ​ពេល​វេលា​សោះ​។» ជា​ដើម​។

ចរន្ដ​អក្សរ​សិល្ប៍​ខ្មែរ​បាន​បង្ហាញ​អំពី​ទំនៀម​ទំលាប់​ ទឹក​ចិត្ដ ចរិត ភាព​ស្លូត​បូត​ស្មោះ​ត្រង់​ ភក្ដី​ភាព​ មនោ​សញ្ចេត​នា​ របស់​​មនុស្ស​ខ្មែរ​គ្រប់​បែប​យ៉ាង​ នាង​វិធាវី ក្នុង​រឿង​ផ្កា​ស្រពោន​ មាន​វិបត្ដ​ស្នេហា​ ព្រោះ​តែ​ម្ដាយ​បង្ខំ​នាង​អោយ​រៀប​ការ នឹង​ ណៃ​ស៊ត​ នាង​ឈឺ​រីង​រៃ​រហូត​បាត់​បង់​ជីវិត​ បាន​បង្ហាញ​ពី​បេះ​ដូង​ ស្ពឹក​ក្រៀម​ស្វិត​ស្រពោន​នៃ​នារី​ម្នាក់​ ដែល​មិន​អាច​ទទួល​បុរស​ដទៃ​ ក្រៅ​ពី​បុរស​ម្នាក់​ដែល​នាង​ស្រលាញ់​បាន​។ វិបត្ដ​ស្នេហ៍ ក្នុង​រឿង​ទុំទាវ​ ទុំ​បាន​ជ្រើស​រើស​ ផឹក​ទឹក​ស្រវឹង​យ៉ាង​ច្រើន​រហូត​ភ្លេច​ភ្ឡាំង​ស្មារតី​ ភ្លេច​រាជ​សារ​អន្ដ​រា​គម​របស់​ព្រះ​មហាក្សត្រ​ នៅ​ពេល​ដែល​ទៅ​ជួប នាង​ទាវ​កំពុង​រៀប​ការ​ជា​មួយ​ម៉ឺន​ងួន​ តាម​កល​ល្បិច​របស់​ម្ដាយ​នាង​ ទុំ​បាន​ច្រៀង​​រៀប​រាប់​ពី​ស្នេហ៍​របស់​ខ្លួន​ចំពោះ​ទាវ​ ត្រូវ​គេ​ចាប់​យក​ទៅ​សម្លាប់​ចោល​ នាង​ទាវ​ដែល​បង្ហាញ​ពី​បេះ​​ដូង​ ស្មោះ​ស្ម័គ្រ​របស់​នាង​ បាន​ធ្វើ​អត្ដ​ឃាត​ក្រោម​ដើម​ពោធិ៍​ស្លាប់​ទៅ​តាម​ទុំ​ដែរ​។​

ជីវិត​ឥត​ន័យ ជួប​នឹង​វិបត្ដ​ស្នេហ៍​​ប្រហាក់​ប្រហែល​គ្នា​ក្នុង​រឿង​ទាំង​ពីរ​ខាង​លើ​ដែរ​ សារ៉ាក់​ បញ្ញ​វន្ដ​ដ៍​ក្រ​ខ្វក់​ម្នាក់​ មាន​បេះ​ដូង​ដែក ស្អប់​ខ្ពើម​សង្គម​រស់​នៅ​ មិន​ព្រម​ទទួល​ស្នេហា​ស្រលាញ់​ នារី​ណា​ទេ​ ហើយ​នៅ​ទី​បំផុត​រូប​គេ​បាន​លង់​ស្នេហ៍​ ស្រលាញ់​នារី​រ័តនា​។ គូស្នេហ៍​ទាំង​ពីរ​ ស្រលាញ់​គ្នា​ណាស់ យ៉ាង​ល្អោក​ល្អើន​គ្មាន​ថ្ងៃ​ព្រាត់​។​ មួយ​ប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ​ វិបត្ដ​ស្នេហា​មួយ​ បាន​កើត​ឡើង​មិន​អាច​គេច​ផុត​បាន​ ម្ដាយ​នាង​រ័តនា​ ពង្រត់​នាង​ទៅ​កោះ​លួង​ ដើម្បី​រៀប​ការ​ជា​មួយ​ចំរើន​ គូ​ដណ្ដឹង​នាង​ ។ សារ៉ាក់​បាន​ជិះ​កាណូត​ទៅ​តាម​នាង ហើយ​បាន​​ផឹក​ទឹក​ស្រវឹង​យ៉ាង​ជោគ​ជាំ​ធ្លាក់​ចូល​ក្នុង​ភាព​វិកល​ចរិត​ នាង​រ័តនា​ដែល​ជាប់​ឃុំ​ក្នុង​បន្ទប់​ចាំ​ថ្ងៃ​រៀប​ការ។​ តួ​អង្គ​ទាំង​ពីរ​បាន​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​ចុង​ក្រោយ​ ដ៏កាចសាហាវ​ក្នុង​ អន្លង់​ស្នេហ៍​ ខ្មៅ​ងងឹត​ ដែល​គេ​មិន​អាចជ្រើសទទួលយក​បាន​។

អារម្ភកថា
សុទ្ធ ប៉ូលីន

ភ្នំពេញថ្ងៃទី ២០ មីនា ឆ្នាំ ១៩៦៥