រឿងចរិតខ្មែរ
ដោយប៊ុណ្ណចន្ទ ម៉ុល
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
©រក្សាសិទ្ធិគ្រប់យ៉ាង
****************************************
សូមរង់ចាំអាន រឿងគុកនយោបាយ
៩ -ខ្ញុំនិងគុកនយោបាយម្ដងទៀត
ថ្ងៃពុធ ទី14.សីហា 2013.ម៉ោង 21:41
ចូលក្នុងឆ្នាំ១៩៥១ គណបក្សនយោបាយបានមានសកម្មភាពជាថ្មី ដោយប្រជាជាតិខ្មែរត្រូវការអោយមានអង្គការនីតិបញ្ញាត្ដិឡើងវិញ។
គណបក្សប្រជាធិប្បតេយ្យ ជាគណបក្សដែលឈរជួរមុខគណបក្សឯទៀត ដោយរាស្រ្ដធ្លាប់ស្គាស់និងស្រលាញ់។ ចំពោះរូបខ្ញុំពុំមានពន្លើសទេ
ការឃោសនាបោះឆ្នោត ដូចជាការកំសាន្ដបុណ្យទានសុទ្ធសាធ ត្បិតខ្ញុំនិយាយឃោសនាម្ដងៗ កន្លែងណាក៏ដោយគេទះដៃអបអរសាទរពុំដែលខាន។ ម្យ៉ាងទៀត គេធ្លាប់ល្បីថា ខ្ញុំប៊ុណ្ណចន្ទ ម៉ុល ធ្លាប់ជាប់គុកកោះត្រលាច ធ្លាប់សាងកំណើតឥស្សរៈ។ ម្លោះហើយគេរាប់អានខ្លាំងណាស់ចំពោះរាស្រ្ដ។
- បើកសម័យប្រជុំសភាជាតិទី២ រូបពីឆ្វេងទៅស្ដាំ ជួរមុខលោកសឺន
សាន ទ្រង់ឥន្រ្ដាវង្ស។ ជួរក្រោយ លោកជុំ មួង, ខ្ញុំប៊ុណ្ណចន្ទ ម៉ុល
សភាជាតិនីតិកាលទី២ ក៏ត្រូវបានកៅអីមកខាងគណបក្សប្រជាធិប្បតេយ្យយ៉ាងច្រើន ដែលមានរូបខ្ញុំក្នុងនោះម្នាក់ដែរ។ នីតិកាលសភាជាតិទី២នេះ បានបើកសម័យប្រជុំនៅ ថ្ងៃទី៥ តុលា ១៩៥១។ ហើយថ្ងៃទី១២ តុលា ១៩៥១ គណរដ្ឋមន្រ្ដីថ្មី ដែលភាគច្រើនខាងប្រជាធិប្បតេយ្យ ហើយដែលដឹកនាំដោយ លោកហ៊ុយ ន្ធុល ជានាយកនោះ បាននាំសមាជិកមកបង្ហាញខ្លួន ចំពោះសភាផង។ សភាជាតិធ្វើការបំរើតែឧត្តមគតិជាតិ ដែលការពារតែលទ្ធិប្រជាធិប្បតេយ្យដដែល ក៏មិនបានសុខស្រួលសោះចេះតែទទួលការសង្កត់សង្កិន របស់ស្ដេចសីហនុជាដរាប ហើយបានតែមួយឆ្នាំប៉ុណ្ណោះ ដោយយើងចេះតែចចេសរឹងទទឹងនឹងព្រះអង្គខ្លាំងពេក នៅថ្ងៃទី ១៣មករា ១៩៥៣ ព្រះអង្គប្រើអំណាចផ្ដាច់ការរំលាយសភាជាតិ នីតិកាលទី២នោះទៅ ។ ខ្ញុំប៊ុណ្ណចន្ទ ម៉ុល និងអ្នកប្រឆាំងចេញមុខច្រើនគ្ន ត្រូវដៃជើងព្រះអង្គចាប់អូសក្បាលបញ្ចូលគុកក្នុងពេលនោះទៅ។ ជីវិតខ្ញុំជាប់គុកលើកទី២ នឹងលើកនេះហើយ!។ ឱ!!. អនិច្ចាកម្មគុក អីក៏អ្នកស្រលាញ់ខ្ញុំម៉្លេះ? បាត់មុខខ្ញុំយូរមិនបានឬ? កាលពីឆ្នាំ ១៩៤២ ខ្ញុំបានមកជួបនឹងអ្នកម្ដងហើយ ហើយហួសរហូតទៅកោះត្រលាច ឥលូវឆ្នាំ១៩៥៣ ខ្ញុំមកនេះម្ដងទៀត ហើយមិនដឹងជានឹងទៅណាទៀតទេ។
ខ្ញុំចូលគុកទី ២នេះ បានសង្កេតក្នុងគុកធំរបស់ខ្មែរគ្មានខុសពីជំនាន់ឆ្នាំ ១៩៤២ទេ របៀបបែបបទធ្វើទារុណកម្មមនុស្ស នៅដដែល។ ហើយខ្ញុំសង្កេតឃើញគេផ្ចាលមនុស្សដោយវិធីប្លែកៗ ដូចជាគេយកអ្នកទោសទៅចងផ្អោបនឹងគល់ស្វាយអោយអង្ក្រងចោមខាំ ស្រែករកពុទ្ធោ! នេះចរិតអ្នកដឹកនាំរដ្ឋខ្មែរ គ្មានកែប្រែរបៀបសោះនៅតែចាស់គំរឹលព្រៃផ្សៃដដែល។ ខ្ញុំទ្រាំរស់នៅក្នុងគុកអកុសលអស់ពេល ៨ខែ ២០ថ្ងៃ ទើបមានវាសនារំដោះរួចមកវិញ។
ខ្ញុំរំលឹករឿងមួយ។ មុនពេលរួចពីការឃុំឃាំងខ្ញុំព្រមទាំងមិត្ដជាច្រើន បានទទួលសេចក្ដីក្ដៅក្រហាយ តូចចិត្ដចំពោះមេនយោបាយគណបក្សប្រជាធិប្បតេយ្យដូចគ្នា ដែលគេមានវាសនាល្អមិនជាប់គុក គេចូលទៅប្រស័យនឹងពួកខ្ញុំនៅក្នុងគុក គេបន្ទោសពួកខ្ញុំថា អស់លោកឃើញទេ? អស់លោកមិនជឿខ្ញុំ ខ្ញុំបានរំលឹកច្រើនលើកច្រើនគ្រាហើយថា កុំប្រឆាំងនឹងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងអោយសោះ ពួកលោកមិនស្ដាប់ខ្ញុំទេ ឥលូវទាល់តែអីចឹងទៅ! ប៉ុន្តែមិនអីទេ អស់លោកនឹងបានរួចខ្លួនក្នុងពេលឆាប់ៗនេះហើយ!។
នែ! ទៅជាអីចឹង គួរណាស់តែមកលួងលោមលើកទឹកចិត្ដគ្នា មិនដូច្នោះបែរជាមកបន្ទោស ដូចគេយកភ្លើងមកចាក់លើទ្រូង! នេះចរិតខ្មែរវាអីចឹង! តាំងពីចេញពីគុកកាលណា ខ្ញុំនឹកតូចចិត្ដចំពោះខ្លួនឯងយ៉ាងខ្លាំង ដែលពីនោះមកនេះ គ្មានបានសុខស្រួលសោះ ជិវិតខ្ញុំជាជីវិតមានសុទ្ធតែបន្លាច្រូងច្រាងចំរូងចំរាសជានិច្ច គុកច្រវាក់ជាប់កែងគួរអោយស្ញប់ស្ញែង។ ខ្ញុំដូចជាអស់កំលាំង នឹងបំរើជីវិតនយោបាយត្រឹមណេះ។ ខ្ញុំហេវហត់ណាស់ហើយ។ ខ្ញុំក៏បានដកខ្លួនពីជីវិតនេះមួយគ្រា ហើយបែរជាមកខិតខំប្រកបរបររកទទួលទាន ចិញ្ចឹមជីវិត នឹងគ្រួសារវិញម្ដងដោយប្រកបរបរពាណិជ្ជកម្មយ៉ាងស្វិតស្វាញ ប្រលូកប៉ូកប៉ាក ជាមួយចិនពេញទំហឹង ដរាបមានជីវភាពសមរម្យជាមនុស្សនឹងគេ លុះសព្វថ្ងៃ។ ប៉ុន្ដែទោះបីលាក់ខ្លួនលែងធ្វើនយោបាយ គិតតែរកស៊ីក៏ដោយ ក៏ខ្ញុំចេះតែតាមកត់សំគាល់ស្ថានការណ៍ស្រុកខ្មែរជាដដែលដែរ ព្រោះដូចបានជ្រាបហើយ អ្នកចូលវង់នយោបាយ ទោះបីឃ្លាតពីវង់ទៅហើយក៏ដោយ តែងតែលបមើលគេអ្នកថ្មី ដែលកំពុងតែកាន់ការរដ្ឋនោះជាដរាប។ ការសំខាន់ៗ ដែលខ្ញុំកត់សំគាល់ ហើយដែលខ្ញុំចេះតែស្រមៃថា របបរបស់ស្ដេចសីហនុ មុខជានឹងមានហេតុការណ៍អាក្រក់នៅថ្ងៃណាមួយដោយយើងជារាស្រ្ដទ្រាំនៅលែងបាន ត្រូវតែរុះរើនោះគឺ៖
- - ស្ដេចសីហនុយកតំណែងនាយករដ្ឋមន្រ្ដីមកកាន់ បន្ទាប់ពីរំលាយសភាជាតិនីតិកាលទី២ ១៩៥៣
- - មកពីលោកល្មោភអំណាច វាតយកអំណាចរដ្ឋគ្រប់យ៉ាងមកកាន់ ដើម្បីញាក់ញោចទៅណាក៏បាន។
- ស្ដេចសីហនុ ដាក់តំណែងរាជ្យអោយស្ដេចឳពុកសោយរាជ្យជួសតទៅ១៩៥៥ លោកចូលប្រលូកក្នុងនយោបាយអោយបានកប់ដៃ គណបក្សដែលធ្វើស្របតាមរដ្ឋធម្មនុញ្ញត្រូវរលាយៗ ដោយអានុភាពលោក។
ត្រង់ណេះមកពីលោកខ្លាចរលាយរាជបល្ល័ង្គផង ចង់ពង្រីកមុខមាត់អោយមានប្រជាប្រិយភាពម្នាក់ឯងផង។ មួយទៀត សម្ដេចសីហនុឃោរឃៅណាស់ ចិត្ដមិនត្រង់បង់សច្ចៈ ធ្វើបាបពួកគណបក្សប្រជាធិប្បតេយ្យសំបើម។ នៅថ្ងៃទី១១ សីហា ១៩៥៧ សម្ដេចសីហនុបានប្រកាសអោយគណកម្មការកណ្ដាលនៃគណបក្សប្រជាធិបតេយ្យ ចូលទៅក្នុងបរមរាជ វាំង ជំនុំនៅព្រះទីនាំងភោជនីយ ដើម្បីចោទឆ្លើយអំពីវត្ថុបំណង របស់គណបក្សប្រជាធិបតេយ្យ។ ពេលនោះមានមនុស្សច្រើនពាន់នាក់ បានចូលទៅស្ដាប់ផ្ទាល់ ឯវិទ្យុជាតិក៏មានផ្សាយបន្ដអោយអ្នកស្ដាប់ឯទៀតលឺផង។ ខាងគណបក្សប្រជាធិប្បតេយ្យ មានរូបលោក ស្វាយ សូរ ជាប្រធាន លោកតាន់គិមហួន ទ្រង់នរោត្ដមភូរិស្សរា លោកកែវម៉ុង គ្រី លោក គាំរ៉េត ជាសមាជិក។ ក្នុងឱកាសបើកសម័យប្រជុំរួច សម្ដេចសីហនុប្រកាសយ៉ាងម៉ើងមាត់ថា សុំអោយអស់លោកខាងគណបក្សកុំបីភិតភ័យ ឬព្រួយបារម្ភអោយសោះក្នុងរឿងគេធ្វើបាបផ្សេងៗ ខ្ញុំសុំធានាទាំងអស់ថា គ្មាននរណាប៉ះពាល់លោកទេ លោកនិយាយអ្វីនិយាយអោយត្រង់ៗទៅចុះ កុំព្រួយ!។
ពេលប្រជុំនោះចាប់ពីម៉ោង៩ រហូតដល់ម៉ោង១៣:៤០ ទើបចប់ គណបក្សប្រជាធិបតេយ្យ បានងបង្ហាញនូវគោលបំណងដែលរក្សាលទ្ធិប្រជាធិប្បតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញពិតប្រាកដ ធ្វើអោយសម្ដេចសីហនុមិនសប្បាយចិត្ដសោះឡើ យ។ ឯពួកឆ្កែជាបរិវារសីហនុវិញ ឆាប់យល់ព្រះទ័យសីហនុជាម្ចាស់ណាស់ទៅទៀត ពួកនោះចាំអោយតែចប់ពេល ប្រជុំ នឹងរោមខាំពួកអស់លោកគណបក្សប្រជាធិបតេយ្យអោយក្ស័យតែម្ដង។ មែន សីហនុជាម្ចាស់របស់វា ហាមតែមាត់ទេ ក្នុងចិត្ដគឺពន្យុះវាជាឆ្កែអោយចាំត្របាក់ក្បាលគេជាស្រេច។ គ្រាន់តែជំនុំចប់ភ្លាមលោកស្វាយសូរ លោកកែវ ម៉ុងគ្រី ទ្រង់នរោត្ដមភុរិស្សរា ចេញតាមទ្វារខាងជើងក៏ត្រូវពួកនោះ ស្រែកជេរម្ដាយតាយឳពុកដូចជាពួកបាតផ្សារអាវាសែព្រមទាំងព័ទ្ធគប់ដុំថ្មព្រោងព្រាតទៅលើលោកស្វាយសូរ ដំណំជាងគេ តាំងពីក្នុងវាំង រហូតក្រៅវាំង បែកមុខបែកមាត់អស់។ លោកតាន់គឹម ហួន និងលោកគាំរ៉េតចេញទៅទ្វារខាងកើតរួចខ្លួន ប៉ុន្ដែបានភ័យព្រលឹងចុងសក់មិនតិច។ នេះជាលក្ខណទ្រើសឃ្នងរបស់សម្ដេចសីហនុ ដែលចូលចិត្ដបោកបញ្ឆោតគេអោយស្លាប់តាមគំនិតថោកទាប។
ស្ដេចសីហនុ ឡើងជោរ ដោយចេះតែស្ដាប់ពាក្យបញ្ជោររបស់ចិន យួនកុម្មុយនិស្ដ ក៏ស្អប់អាមេរិកាំងចាត់អោយបាតុករ វាយទូតអាមេរិកកាំង ១៩៦២ ហើយកាត់ទូតពីអាមេរិក អព្យាក្រិត្យចាក់ថែវ ទៅខាងកុម្មុយនិស្ដ ដោយខំយកចិត្ដកុម្មុយនិស្ដ កុំអោយកុម្មុយនិស្ដបំបាត់រាជ្យបើកាលណាកុម្មុយនិស្ដចូលមកដល់។ រាស្រ្ដយល់ថា រឿងនេះមកពីលោកខ្លាចកុម្មុយនិស្ដ ដែលជាសត្រូវនឹងស្ដេច ចូលមកកាប់សំលាប់លោកទើបលោកលេងផ្លូវលួងយកចិត្ដអោយហើយ។
ចុងចប់ អស់សមត្ថភាពនឹងស្ដារស្រុកទេសដែលមានអោនភាពថវិកាធ្លាក់ស្រុតដល់បាតដាល បណ្ដាលមកពីការគ្រប់គ្រងរបស់ខ្លួន ដែលចេះតែចាយពុំចេះរក សីហនុក៏តាំងខំធ្វើកុន ធ្វើល្ខោន បង្កើតមេដាយលក់រៃយកលុយ រហូតដល់បើកកាស៊ីណូឆ្នាំ១៩៦៩ នាំអោយរាស្រ្ដអន្ដរាយហិនហោចមិនតិច។ ដោយស្ថានការណ៍ស្រុក កាន់តែលិចលង់សស្រឹមនេះហើយ ដែលមានយួនយៀកកុងចោរក្រពើប្រវត្ដិសាស្រ្ដប្រចាំជាតិ កំពុងតែហាមាត់ប្រុងត្របាក់លេបទៅផងនេះ សីហនុចំប្រប់មែនទែន ចង់ដោះដៃពីទំនួលខុសត្រូវ ក៏តាំងហៅលោក លន់ នល់ សិរិមត អោយមកជួយស្ដារនាវាកម្ពុជានេះ ដោយអោយនាមរដ្ឋាភិបាលលោក លន់ នល់ថា រដ្ឋាភិបាលស្រោចស្រង់ជាតិ (Gouvernement de Sauvet- age) ហើយអោយទទួលខុសត្រូវចំពោះមុខប្រវត្ដិសាស្រ្ដ (ខែសីហា១៩៦៩)។
កត់សំគាល់ជាលំដាប់មកប៉ុណ្ណេះ ខ្ញុំចេះតែនឹកមមៃថា មិនយូរទេ ស្រុកខ្មែរមុខជានឹងភាន់ប្រែមិនខានទេ។ កំពុងគិត ស្រាប់តែក្ដូង! ថ្ងៃទី ១៨មិនា ១៩៧០ព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដផ្ទុះឡើង សភាជាតិដែលជាតំណាងប្រជាជាតិខ្មែរទាំងមូល ដែលជាសភារបស់ស្ដេចសីហនុរបស់សង្គមរាស្រ្ដនិយម បានបោះឆ្នោតជាឯកច្ឆន្ទទំលាក់សម្ដេចសីហនុពីឋានៈប្រមុខ រដ្ឋខ្មែរ!..។
មែនសេចក្ដីស្រមៃរបស់ខ្ញុំបានដើរមកដល់ការពិតហើយ។ ខ្ញុំមានអំណររកពាក្យនិយាយពុំបាន! ព្រឺខ្លួនចំពោះស្មារតីភ្ញាក់រលឹក នៃអស់លោកវរជនយើង បញ្ញវន្ដយើង ព្រះសង្ឃយើង ប្រជាពលរដ្ឋយើង ដែលរួមគ្នាកំចាត់សីហនុ មេផ្ដាច់ ការតំនាងរបបរាជនិយមចុងក្រោយនេះអោយខ្ចាត់ទៅបាន។ តែប៉ុណ្ណេះ សីហនុអស់លក្ខណ៍ហើយ ហើយបើអាចត្រលប់ចូលមកស្រុកវិញបាន សីហនុអស់មានភាពជាខ្លា ជារាជសីហ៍ទៀតហើយ តែគឺជាឆ្មាមួយប៉ុណ្ណោះខ្ញុំយល់ជាស្រេច។
ដោយខឹងឃោរ និងគេទំលាក់ខ្លួន ស្ដេចកន្ដឿនេះដែលស្ថិតនៅឯប៉េកាំងស្រាប់ផង មានលទ្ធភាពគ្រប់គ្រាន់ នឹងធ្វើការសងសឹកមកលើខ្មែរ ក៏ពន្យុះយួនយៀកកុងយៀកណាមខាងជើងដែលមានស្រាប់នៅលើដីខ្មែរ អោយវាយខ្មែរគ គ្រឹកគគ្រេងម្ខង នាចុងខែមិនា ១៩៧០ និងតៗមក។
ទល់នឹងស្ថានការណ៍ប្រថុចញ៉ុចនេះ លោកសេនាប្រមុខលន់ នល់ បានថ្លែងសារហាហៅខ្មែរអោយជួយប្រយុទ្ធ ហើយលោកប្រមូលអ្នកនយោបាយគ្រប់និន្នាការទាំងអស់អោយចូលជួយស្ថាបនាជាតិជាមួយនឹងលោក។ គ្រានោះទឹកចិត្ដខ្មែរ ឈាមខ្មែរអ្នកច្បាំង មានការពេញចិត្ដចំពោះលោកសេនាប្រមុខ លន់ នល់ យ៉ាងខ្លាំង ទាហានម្ភៃបួនម៉ោង កើតឡើងព្រោងព្រាតជួយស្រុក។ រឿងនេះអស់លោកភាគច្រើនណាស់បានដឹងបានចាំទុកដែរ។
ឯរូបខ្ញុំត្រូវលោកសេនាប្រមុខ លន់ នល់ នាយករដ្ឋមន្រ្ដី និងជានាយអគ្គសេនាធិការ កងយោធពលខេមរជាតិ ហាហៅទៅបំពាក់សក្ដិឋានៈជាវរសេនិយត្រី បំរើកងទ័ពតទៅ។ គឺខ្ញុំពេញចិត្ដណាស់ទៅហើយ ដោយខ្ញុំបានមានឱកាស នឹងបំរើនយោបាយថ្មីរបស់រដ្ឋាភិបាលស្រោចស្រង់ជាតិយ៉ាងពេញទំហឹង។ ខ្ញុំដែលលាក់ខ្លួនពួនអាត្មាអស់កាលជិតម្ភៃឆ្នាំ ក្នុងរបបរាជនិយមនោះ ពេលនេះត្រូវតែផុសឡើងវិញ។
- - ខែឧសភា ១៩៧១ ខ្ញុំត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ
- - ថ្ងៃទី២៨មិនា ១៩៧២ ខ្ញុំត្រូវបានតែងតាំងជាឧបការីនៃលោកសេនាប្រមុខលន់ នល់ ប្រធានាធិបតី
- - ហើយខែកញ្ញា១៩៧២ ខ្ញុំបានចូលរួមក្នុគណបក្សសង្គមសាធារណរដ្ឋ ដរាបជាប់ឆ្នោត ជាសមាជិកសភាជាតិនីតិកាលទីមួយសព្វថ្ងៃនេះ។
រឿងចូលគណបក្សនេះ មានគេដណ្ដឹងសួរថា ហេតុអ្វីបានជាខ្ញុំចូល ចោលគណៈបក្សប្រជាធិបតេយ្យរបស់ខ្ញុំពីមុននោះ? ខ្ញុំសូមជំរាបក្នុងវង់ក្រចកថា ដោយខ្ញុំសង្កេតឃើញគោលបំណងនៃគណបក្សនេះ សមរម្យល្មមអោយរួបរួមជាមួយកើតនេះម្យ៉ាង ម្យ៉ាងទៀត ចង់ចូលជួយតំរែតំរង់ខ្មែគ្នាយើងអោយឆ្ពោះទៅទិសតែមួយផង។ ខ្ញុំមិនយល់សោះ ចំពោះអ្នកខ្លះ ដែលចេះតែមានៈ មិនជួយគ្នាសោះដោយគិតតែជួយគណបក្សទៅវិញ ចង់ជាតិលិចលង់ដល់ណាដល់ណីក៏ដោយ។ អ្នកកាន់ការរដ្ឋនោះជាគ្នាគេ អញមិនរវល់ទៅបៀតទេ ចាំគណបក្សអញ គ្នាអញឡើងកាន់ការសឹមអញរវល់ជាមួយ។
ខ្ញុំមិនដែលគិតដូច្នេះទេ ហើយចំពោះមិត្ដខ្ញុំខាងគណបក្សប្រជាធិប្បតេយ្យក៏ខ្ញុំមិនដែលចោលដែរ មិនដែលស្អប់ទេ នៅតែរាប់អាន នៅតែស្រលាញ់ ឧទាហរណ៍ច្បាស់សពលោក ប៉ាច ឈឺន (ថ្ងៃ១៦ តុលា ១៩៧១) សពលោកជុំ មួង ពីថ្ងៃ១១ មិនា ១៩៧៣ គឺមានរូបខ្ញុំជាអ្នកចាត់ចែងលើកដាក់រៀបចំដោយផ្ទាល់ៗដែរ។ យើងបែកពីគណបក្សគ្រាន់តែ ជាការផ្លាស់បរិយាកាស ខ្វែងយោបល់គ្នាប៉ុណ្ណោះ ទិដ្ឋភាពនយោបាយយើងប្រកាន់យកដដែលដូចគ្នាក្នុងរឿងប្រទេស ជាតិ នៅស្រុកអាមេរិក មានអ្នកអ្នកខ្លះចេញពីគណបក្សប្រជាធិបតេយ្យ ទៅចូលគណបក្សសាធារណរដ្ឋអីចឹងដែរ។ ខ្ញុំយល់ថាវាដូចជាទុទិដ្ឋិនិយមពេក បើយើងប្រកាន់តែគណបក្សមួយៗ។
ឥលូវខ្ញុំសូមវិលបែរមកពោលអំពីចរិតខ្មែរ ក្រោយ១៨ មិនា ១៩៧០តមកទៀតនេះ តើមានខុសប្លែកប៉ុន្មានពីរបបរាជនិយមទេ? ផ្លាស់តែរបប ប៉ុន្ដែមនុស្សមានផ្លាស់ទាំងអស់គ្នាឯណា? ខួរក្បាលខ្មែរ ចរិតខ្មែរ មានផ្លាស់ឯណា? គំ និតចង់ធំដាច់តែឯង គំរិះគន់ឈ្នានិសគ្នា គំនិតកាប់សំលាប់បំបាត់ជីវិតគ្នា គំនិតប្រទូសរាយគ្នា គ្មានឈប់ឈរ គំនិត បក្សពួកនិយម អញនិយម មើលងាយគេ អានោះមិនកើត អានេះមិនផេះ អានេះអីចេះ អានោះអីចុះ មិនដល់ពួកយើងទេ៘ និង៘ នៅមានដដែលក្នុងសង្គមខ្មែរ។