បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធកៅ សីហា និង
បានទទួលសុំចំលងចេញពីទំព័ររបស់អ្នកនិពន្ធប៉ិច សង្វាវ៉ាន
http://pechsangwawann.wordpress.com

@រក្សាសិទ្ធិគ្រប់យ៉ាង
ថ្ងៃសុក្រ ទី6.មិនា 2015.ម៉ោង 21:02

ប្រិយមិត្តអ្នកអានជាទីមេត្រី (វាចាម្ចាស់ទំព័រដើម អ្នកនិពន្ធប៉ិច សង្វាវ៉ាន)

ដំណើរ​ជុំ​វិញ​អ្នក​និពន្ធ​ម្នាក់​​សូម​ជូន​មួយ​ទំព័រ​ថ្មី​ទៀត ដោយ​លើក​យក​រឿង​ខ្លី​ដែល​និពន្ធ​ដោយ​លោក​​កៅ​ សីហា​មាន​ចំណង​ជើង​ថា​«ទូក​មួយ»​។ រឿង​នេះ​បាន​ទទួល​រង្វាន់​អក្សរ​សិល្ប៍​នៃ​សមាគម​អក្សរ​សិល្ប៍​នូហាច​ចំណាត់​ថ្នាក់​លេខ​២ ឆ្នាំ​២០០៦​។ នៅ​ឆ្នាំ​២០០៦​ដដែល រឿង​​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សៀវ​ភៅ​សមូ​ហ​កម្ម​អក្សរ​សិល្ប៍ នូ ហាច​​លេខ​៣​​។​

យ៉ាង​ណា​មិញ​​ទស្ស​នា​វដ្តី​ប្រជា​ប្រិយ ​និង​ទស្សនា​វដ្តី​អាថ៌​កំបាំង​ នឹង​កាសែត​កោះ​សន្តិ​ភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​យក រឿង​«ទូក​មួយ​ទៅ​ចុះផ្សាយ​ដែរ​។

បន្ទាប់​មក​ទៀត​ នៅ​ឆ្នាំ​២០០៧ រឿង​​«ទូក​មួយ»​ក៏​ត្រូវ​បាន​និសិត្ស​អក្សរ​សាស្រ្ត​ខ្មែរ នា​ទី​ក្រុង​ភ្នំ​ពេញ​​យក​ទៅ​ធ្វើ​ការ​សិក្សា​វិភាគ និង​វាយ​តម្លៃ​។ ចំណែក​ខ្ញុំ កាល​ពី​ឆ្នាំ​២០០៨​ដោយ​យល់​ឃើញ​ថា​ រឿង​«ទូក​មួយ» ដ៏ល្បី​នេះ​មាន​ខ្លឹម​សារ​ស៊ី​ជម្រៅ ខ្ញុំ​ក៏​បាន​លើក​យក​រឿង​នេះ​មក​ផ្សាយ​តាម​រលក​សម្លេង​ វិទ្យុ​បារាំង​អន្តរ​ជាតិ RF​I​ដោយ​មាន​អន្ត​រាគមន៍​ផ្ទាល់ ពី​អ្នក​និពន្ធ កៅ​​សីហា​។​

លុះ​ដល់​ឆ្នាំ​២០០៩​​ សមាគម​អក្ស​រសិល្ប៍​នូហាច​បាន​បក​ប្រែ រឿង​«ទូក​មួយ»នេះ​ជា​ភាសា​អង់​គ្លេស​។ ក្រោយ​មក នៅ់​ឆ្នាំ​២០១១​ សមាគម​អ្នក​និពន្ឋ​ពិភព​លោក ចាប់​អារម្មណ៍​ហើយ​បាន​យក​រឿង​«ទូក​មួយ»ទៅ​បក​ប្រែ​ជា​ភាសា​បារាំង​។

បទវិភាគលើ រឿងទូកមួយ
ដោយកែវ ឈុន

រឿង «ទូកមួយ» អ្នកនិពន្ធ កៅ សីហា បាន​លាតត្រដាង ពីជីវិត​គ្រួសារ​ដ៏​ក្រីក្រ​មួយ ដែល​រស់​រកស៊ី​ចិញ្ចឹម​ជីវិត ដោយ​មាន​ទូក​មួយ ជា​ផ្ទះ​រស់​នៅ​ផង ជា​ឧប​ករណ៍​គ្រឿង​ប្រដាប់ សំរាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង។ អ្នក​និពន្ធ​បាន​សរសេរបង្ហាញ​ពី​ជីវិត​គ្រួសារ​ធម្មតាៗ​​​មួយ​ពិត​មែន តែ​បើ​យើង​អាន​អោយ​បាន​ស៊ី​ជម្រៅបន្ដិច យើង​នឹង​ឃើញ​អត្ថរស​ដ៏​ស៊ីជម្រៅអស្ចារ្យ​នៅ​ក្នុង​សាច់​រឿង​ជាច្រើន​យ៉ាង។​

«បញ្ហាសាមគ្គី» ដែល​ប្រៀន​ប្រដៅ​កូន​ខ្មែរ​ ឲ្យ​ចេះ​រួប​រូម​កម្លាំង​គ្នា ហើយ​ចេះ​ខំ​ប្រឹង​ប្រែងប្រើ​កម្លាំងឲ្យ​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​កសាង​សង្គម​គ្រូសារ ឬ ប្រទេស​ជាតិ ឲ្យ​បាន​រឹង​ប៉ឹង​ ខ្លាំង​ក្លា​មាំ​មួន។ ការ​បែកបាក់​សាមគ្គីគ្នា នៅ​ក្នុង​រឿង «ទូកមួយ» ធ្វើ​ឲ្យ​បាត់​បង់​គ្រួសារ បាត់​បង់​ផ្ទះ​ ភូមិ​ឋាន ទឹក ​ដី (ទូក) បាត់​បង់​មុខ​របរ បាត់​បង់​អ្វីៗគ្រប់យ៉ាង​តែ​ម្ដង។​

«បញ្ហាបរទេស» ដែល​ខ្មែរ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ត្រូវ​តែ​កុំ​ទុក​ចិត្ដ ហើយ​ដែល​ខ្មែរ​មិន​ត្រូវ​នាំ​គ្នា​ទៅ​ដេក​ដួលផ្ញើ​វាសនា ​ជា​មួយបរទេស​សោះ​ឡើយ។ បរទេស​មិន​ដែល​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ។ ខ្មែរ​មិន​ត្រូវ​ចាញ់​បោក​បរទេស​ដែរ ហើយ​បែរ​ជា​នាំ​គ្នា​ទៅ​កាប់​ចាក់ សម្លាប់់​តែ​ប្រជាជន​ឯង និង លក់​ទឹក​ដី​ដូនតា​ឯង​ឲ្យ​បរទេស​នោះ​ឡើយ។ កា​រចុះ​ចូល​ជា​មួយ​សត្រូវ​បរទេស ការ​ឆ្គួត​វង្វេង នឹង អំណាច ធ្វើឲ្យ​សារឿន ​ធ្លាក់​កប់​ជ្រៅ ​ទៅក្នុង​ជ្រោះ​មហន្ដរាយ ដែល​នាំ​មក​នៅ​ទុក្ខ​ទោស ភ័យ​ព្រួយ​វេទនា សោកស្ដាយ រហូត​អស់​ជីវិត អស់​អត្តសញ្ញាណ​ជា​គ្រួសារ ជា​ជាតិ​មួយ​ដែល​ធ្លាប់​តែ​រុង​រឿង​ ដូច​ដែល​អ្នក​និពន្ធ បាន​ចារ​ទុក​នៅ​ឃ្លា​បព្ចាប់​នោះ​មែន​ហើយ។​

រឿងទូកមួយ

   ខណៈ​នេះ ព្រះ​អាទិត្យ​រំកិល​ខ្លួន​បន្តិច​ម្ដងៗ ចាក​ចេញ​ពី​លោកិយ ជះ​ស្រមោល​ពណ៌​លឿង​ឆ្អិន​ឆ្អៅ ស្ថិត​នៅ​ឯ​ជើង​មេឃ​ម្ខាង បី​ដូច​ដុំ​ភ្លើងចាំង​ឆ្លុះ​ស្រមោល​លើ​ផ្ទៃ​ទឹក​សមុទ្រ ដ៏​ល្ហល្ហេវ សត្វ​រំពេ​ទាំង​ហ្វូងៗ ហោះ​ហើរ​សំដៅ​ទៅ​ទ្រនំ​ខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់។
នៅ​ឯ​ច្រាំង គ្រួសារ​ពូ​សឿន​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង រៀប​ចំ​ប្រដាប់​ប្រដា​ដាក់​ទូក ដើម្បី​ចេញ​នេសាទ​យប់​នេះ។ ក្រុម​គ្រួសារ​នេះ រស់​នៅ​លើ​ទូក​ជា​ប្រចាំ។ មុខ​របរ​នេសាទ​ធ្វើ​ឲ្យ​ពួក​គាត់​រួចផុត​ពី​ភាព​អត់​ឃ្លាន ទោះ​បី​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក៏​ដោយ។ ទូក​ពូ​សឿន​មាន​លក្ខណៈ​ល្អ​ឯក ជា​ទូក​បុរាណ​តំណ​ពី​ដូន​តា​របស់​គាត់។ ទូក​ទាំង​មូល​ច្នៃ​ពី​ឈើ​ប្រណីត អម​ដោយ​ក្បាច់​ចម្លាក់​រូប​នាគ គ្រុឌ​យ៉ាង​វិចិត្រ និង​បាន​កែ​ច្នៃ​ទូក​នេះ​ដោយ​បំពាក់​ម៉ាស៊ីន​បន្ថែម ដើម្បី​សម្រួល​ដល់​ការ​នេសាទ… ។ អ្នក​បាន​ឃើញ ប្រាកដ​ជា​ស្រឡាញ់​ចង់​បាន​ជា​កម្មសិទ្ធិ។ មាន​ជន​បរទេស​មិន​តិច​នាក់​ទេ ដែល​ប៉ង​ទិញ តែ​ម្ចាស់​ទូក​មិន​ព្រម​លក់។

ពេល​ចេញ​នេសាទ​មក​ដល់។ ពូ​សឿន និង​កូន​ប្រុស​ទាំង​ពីរ រុញ​ក្បាល​ទូក​ចេញ​ពី​ច្រាំង ឯ​ប្រពន្ធ​គាត់ និង​កូន​ស្រី​ពៅ រៀប​ចំ​ទុក​ឥវ៉ាន់​យ៉ាង​ញាប់​ដៃ​ញាប់​ជើង។ ពូ​សឿន ជា​បុរស​ដែល​មាន​មាឌ​មាំ​ក្រអាញ សក់​រួញ​អង្គាដី ក្បាល​ឆក ចិញ្ចើម​ក្រាស់ បបូរ​មាត់​ស្ដើង ចិត្ត​ដាច់ ហើយ​ឆេវ​ឆាវ… ។ គាត់​មាន​ចរិត​ម៉ឺង​ម៉ាត់ និង​អត្តនោម័តិ ពុំ​ស្ដាប់​យោបល់​ប្រពន្ធ​កូន​ឡើយ ហើយ​តែង​ប្រើ​អំណាច​ជា​មេ​គ្រួសារ សម្រេច​កិច្ច​ការ​ផ្សេងៗ…

- អារឿន! យក​ច្រវា​ឲ្យ​ពុក ហើយ​បញ្ឆេះ​ម៉ាស៊ីន​ផង (ពូ​សឿន​ប្រាប់​ទៅ​កូន)
សារឿន ហុច​ច្រវា​ឲ្យ​ឪពុក​ខ្លួន។ ពូ​សឿន​បាន​ច្រវា ចែវ​បទ​ក្បាល​ទូក​យ៉ាង​ប៉ិន​ប្រសប់​ដោយ​គាត់​រស់​នៅ​លើ​ទូក​នេះ មាន​បទពិសោធន៍​តាំង​ពី​តូច…
សំឡេង​ម៉ាស៊ីន​ទូក​រោទ៍… ទូក​លឿន​លយ​ទៅ​មុខ​បន្តិច​ម្ដងៗ កាត់​រលក​ធំ​តូច​ឆ្ពោះ​ទៅ​ទិស​ដៅ។

កំពុង​នេសាទ ផ្ទៃ​មេឃ​ចាប់​ងងឹត ពពក​ខ្មៅ​មីរដេរដាស រក​មើល​អ្វី​មិន​យល់ សូម្បី​ហ្វូង​ផ្កាយ និង​ព្រះចន្ទ​ក៏​ប្រាប់​ស្រមោល​ដែរ។ មីង​សាត​រៀប​ចំ​បាយ​ទឹក ហៅ​ប្ដី និង​កូនៗ​បរិភោគ។ ពូ​សឿន​រៀប​ចំ​ប្រដាប់​ប្រដា​នេសាទ​ទុក​ដាក់ ហើយ​គាត់​ចុះ​មក​អង្គុយ​ពែន​ភ្នែន ក្នុង​វង់​បាយ​ជាមួយ​ប្រពន្ធ​កូន។ រាត្រី​នេះ ខ្យល់​បក់​ខ្លាំង​ខុស​ពី​ធម្មតា ពូ​សឿន​សម្លឹង​ទៅ​ខាង​ក្រៅ​ពិនិត្យ រំពេច​នោះ គាត់​សម្ដែង​ទឹក​មុខ​ព្រួយ​បារម្ភ។ មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង ភ្លៀង​បង្អុរ​មក​ជាមួយ​សន្ធឹក​ខ្យល់​បោក​បក់​គួរ​ឲ្យ​ព្រឺ​ព្រួច។ សូរ​រលាក​គ្រាំៗ រុញ​ច្រាន​ទូក​ឲ្យ​រសាត់​ឆ្ងាយ​ពី​គោល​ដៅ។ ចង្កៀង​ម៉ាំង​សាំង​បាន​រលត់ ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​ងងឹត​សូន្យ​ឈឹង។ស្មារតី​ពូ​សឿន​នៅ​រឹង​មាំ​ជាង​គេ គាត់​អង្គុយ​លើ​ក្បាល​ទូក​សង្កេត​ស្ថានការណ៍។ ឯ​កូន​ប្រុស​ទាំង​ពីរ​នៅ​ចុង​ទូក​ម្ខាង កាច់​បត់​បែន​ទប់​ទូក។ មីង​សាត និង​កូន​ស្រី​តក់​ស្លុត គិត​តែ​ពី​អង្គុយ​បន់​ស្រន់…

កម្លាំង​ទឹក​រលក បោក​មិន​ឈប់​សោះ! ទឹក​សាច​ចូល​ទូក។ មីង​សាត និង​ស្រី​ពៅ​ឈប់​បន់​ស្រន់ ប្រវេប្រវា​នាំ​គ្នា​ដង​ទឹក​ចេញ​យ៉ាង​ញាប់​ដៃ ឯ​ទូក​កំពុង​ឃ្លេងឃ្លោង ម្ដង​ទៅ​ឆ្វេង ម្ដង​ទៅ​ស្ដាំ តែលតោល​តាម​តែ​រលក និង​ខ្យល់​បក់​គួរ​ឲ្យ​បារម្ភ។ ភ្លៀង ខ្យល់​ស្ងប់​បន្តិច​ហើយ។ អ្នក​នៅ​ក្នុង​ទូក​អស់​កង្វល់​មួយ​គ្រា។ តែ​ទាំង​អស់​គ្នា​មិន​ដឹង​ថា​កំពុង​ស្ថិត​នៅ​ទី​ណា​នោះ​ទេ។ ពូ​សឿន​ងាក​ទៅ​ខាង​ណា​ក៏​ចំណាំ​មិន​បាន។ គាត់​ថប់​អារម្មណ៍​មែន​ទែន។ រំពេច​នោះ ស្រាប់​តែ​ម៉ាស៊ីន​ទូក​រលត់។ ពូ​សឿន​ប្រាប់​ឲ្យ​កូន​យក​ប្រេង​ចាក់​ថែម នៅ​តែ​មិន​ឆេះ… មិន​ឆ្ងាយ​ប៉ុន្មាន មាន​ទូក​នេសាទ​មួយ​មក​ដល់ គាត់​អង្វរ​សុំ​ឲ្យ​ម្ចាស់​ទូក​នោះ​ជួយ…

- ឱ! ល្បង​អើយ! មេត្តា​ជួយ​អូស​ទូក​ខ្ញុំ​ទៅ​ច្រាំង​ផង!
- ខ្ញុំ​ជួយ​មិន​បាន​ទេ! ទូក​ខ្ញុំ​អូស​ខ្លួន​ឯង​មិន​រួច​ផង (ម្ចាស់​ទូក​ឆ្លើយ​តប ក្នុង​សំនៀង​មិន​សូវ​ច្បាស់ ព្រោះ​គេ​ជា​ជន​ជាតិ​បរទេស)។

ពូ​សឿន ខិត​ខំ​ស្វះ​ស្វែង អង្វរ​ទូក​នេសាទ​ផ្សេងៗ​ទៀត​ដែរ តែ​គ្មាន​នរណា​ព្រម​ជួយ​គាត់​សោះ។ គាត់​ចាប់​ផ្ដើម​មួម៉ៅ​ក្ដៅ​ចិត្ត ណា​មួយ​រក​ត្រី​មិន​បាន ខាត​កម្លាំង​ទទេ​ទៀត។ ទាំង​អស់​គ្នា​ចាប់​ចែវ​ទូក​ទាំង​អស់​សង្ឃឹម…
ជា​ច្រើន​ថ្ងៃ​ហើយ ទូក​ពូ​សឿន​នៅ​តែ​អណ្ដែត​លើ​ផ្ទៃ​ទឹក គ្មាន​ដឹង​កោះ​ត្រើយ។ មិន​ដឹង​ថា វាសនា​ពួក​គេ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ? ទូក​នេសាទ​បរទេស​មួយ​ទៀត បាន​មក​អែប​ជិត​ទូក​ពូ​សឿន ហើយ​ជជែក​គ្នា​ពី​នេះ ពី​នោះ ក្នុង​បំណង​ចង់​ទិញ​យក​ទូក​របស់​ពូ​សឿន។ ជន​បរទេស​នោះ ធ្លាប់​សុំ​ទិញ​ទូក​ពូ​សឿន​ច្រើន​លើក​មក​ហើយ តែ​គាត់​មិន​លក់….ជជែក​គ្នា​មួយ​សន្ទុះ មីង​សាត​ដែល​កំពុង​រាយ​សំណាញ់ ស្រែក​សួរ​ដោយ​ភ្ញាក់​ផ្អើល៖

- ថាម៉េច! ឪ​វា​ឯង​ចង់​លក់​ច្រវា​ឲ្យ​គេ? ទេ! ខ្ញុំ​មិន​ព្រម​ទេ! ព្រោះ​ច្រវា​វា​គូ​នឹង​ទូក។ ច្រវា​អាច​ជួយ​យើង​ឲ្យ​ទៅ​មុខ​បាន។
- កុំ​ចេះ! អញ​ត្រូវ​តែ​ដោះ​ដូរ​វា​ជាមួយ​អង្ករ ទឹក ត្រី សាច់ ឬ​ក៏​ឯង​ចង់​ដាច់​ពោះ​ស្លាប់? បើ​ច្រវា​មាន​ដល់​ទៅ​ពីរ លក់​មួយ​ក៏​មិន​អី​ដែរ… ឯង​កុំ​បារម្ភ​ពេក! អញ​ចេះ​គិត​ហើយ…
មីង​សាត​បែរ​ជា​នៅ​ស្ងៀម… គាត់​លើក​ច្រវា​មក​អង្អែល​ថ្នមៗ បង្ហាញ​ការ​សោក​ស្ដាយ។ បាន​ច្រវា​ហើយ ម្ចាស់​ទូក​បរទេស​ចេញ​ទៅ… ឯ​ប្រពន្ធ​សួរ​ទៅ​ប្ដី​ទាំង​មួម៉ៅ៖
- អើយ…! នៅ​សុខៗ ម្ដេច​ក៏​បង​យក​ស្បៀង​ទៅ​ដូរ​នឹង​ច្រវា​ទូក មាន​ប្រយោជន៍​អី?
បុរស​ជា​ប្ដី អង្អែល​ច្រវា​បណ្ដើរ ញញឹម​បណ្ដើរ ហើយ​តប​ទៅ​ប្រពន្ធ​ថា៖

- ពួក​គេ​កំពុង​ទ័ល​ច្រក ថ្ងៃ​នេះ​គេ​លក់​ច្រវា​មួយ​ឲ្យ​យើង ថ្ងៃ​ក្រោយ​យើង​បង្ខំ​គេ​ឲ្យ​លក់​ច្រវា​មួយ​ទៀត… បន្ទាប់​មក ប្រាកដ​ជា​លក់​ទូក​មិន​ខាន! ព្រោះ​ទូក​នោះ​យើង​ប៉ង​យក​យូរ​ហើយ! មិន​អ៊ីចឹង? ឱកាស​ល្អ​ជិត​មក​ដល់​ហើយ… ពួក​គេ​កំពុង​តែ​តែលតោល​ដូច​ចក នៅ​កណ្ដាល​សាគរ ប្រាកដ​ជា​គ្មាន​ផ្លូវ​ទៅ​ដល់​ត្រើយ​ទេ អ្វីៗ​នឹង​ក្លាយ​ជា​របស់​យើង ដើម្បី​សម្រេច​បំណង​នេះ យើង​ត្រូវ​តែ​តាម​ឃ្លាំ​មើល​ពួក​វា ពេល​ណា​ក្រុម​គ្រួសារ​មួយ​នេះ​ទ័ល​ច្រក នោះ​ឱកាស​ល្អ​យើង​ក៏​មក​ដល់! (ស្នាម​ញញឹម និង​សំណើច​របស់​ពួក​គេ​ផ្ទុះ​ឡើង​ប្រកប​ដោយ​ភាព​ជឿ​ជាក់)។

មួយ​រយៈ​នេះ ពូ​សឿន​រាសី​ដាក់​ខ្លាំង​ណាស់។ ណា​មួយ​នេសាទ​មិន​បាន ណា​មួយ​ប្រឹង​ប្រែង​ចែវ​ទូក ឆ្លង​កាត់​សមុទ្រ​អស់​កម្លាំង ហើយ​អ្វី​រឹត​តែ​លំបាក​ទៀត​នោះ​គឺ ជំងឺ​រលាក​ក្រពះ​របស់​គាត់ កំពុង​រើប​រើ​ឡើង​វិញ ធ្វើ​ឲ្យ​គាត់​កាន់​តែ​ពិបាក ឯ​ស្បៀង​ក៏​កាន់​តែ​អស់​ទៅៗ ធ្វើ​ឲ្យ​ម្ចាស់​ទូក​បរទេស ដែល​តាម​ឃ្លាំ​មើល​សប្បាយ​ចិត្ត។ ក្នុង​នាម​ជា​អ្នក​កាន់​ក្បាល​ទូក ពូ​សឿន​ប្រកាន់​ជំហរ​អត្តនោម័តិ​ជានិច្ច ទោះ​បី​ជា​គាត់​មាន​ជំងឺ​បៀតបៀន​ក៏​ដោយ។ គាត់​យល់​ឃើញ​ថា ក្រៅ​ពី​រូប​គាត់ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ដូច​គាត់​បាន​ឡើយ ម្យ៉ាង​កូនៗ​របស់​គាត់​នៅ​ក្មេង ពុំ​ទាន់​មាន​បទពិសោធន៍​គ្រប់​គ្រាន់ ក្នុង​ការ​ចែវ​ទូក​នេះ​ទេ។

ពូ​សឿន និង​គ្រួសារ​វង្វេង​ទិស​រក​កោះ​ត្រើយ​មិន​ឃើញ។ សភាព​បែប​នេះ ធ្វើ​ឲ្យ​គ្រួសារ​គាត់​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ពិសេស​រូប​គាត់ ពេល​នេះ​គ្មាន​កម្លាំង​សម្រាប់​ចែវ​ទូក​ទៀត​ទេ។ ជំងឺ​កាន់​តែ​រុករាន… គាត់​ដេក​ស្ងៀម​នៅ​នឹង​កន្លែង ហើយ​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​កូន​ប្រុស​ទាំង​ពីរ​ចាត់​ចែង​ចែវ​ទូក​ទៅ​ច្រាំង។

បន្ទាប់​ពី​ឪពុក​អនុញ្ញាត សារឿន និង​សារិន តាំង​ឈ្លោះ​ដណ្ដើម​ច្រវា​គ្នា ឮ​មាត់​ឡូឡា​កោក​កាក ប្រកាន់​យក​ឈ្នះ​រៀងៗ​ខ្លួន…
- ឲ្យ​ច្រវា​អញ! ហ្អែង​ក្មេង​ណាស់ មិន​ដឹង​ទិស​តំបន់​អីទេ!
- បង ទុក​ឲ្យ​ខ្ញុំ​ចែវ​វិញ! ខ្ញុំ​ប្អូន​មែន តែ​កម្លាំង​ខ្ញុំ​ខ្លាំង​ជាង​ណា៎! (សារិន​ប្រកែក)
ទាំង​ពីរ​នាក់​សុទ្ធ​តែ​ចង់​ចែវ​រៀងៗ​ខ្លួន រហូត​វាយ​តប់​គ្នា ធ្វើ​ឲ្យ​ទូក​ឃ្លេងឃ្លោង​ទឹក​ចូល ឃើញ​សភាព​មិន​ស្រួល ស្រី​ទូច​ក៏​ស្រែក​ឲ្យ​បងៗ៖
- បាន​ហើយៗ បង​ឈប់​វាយ​គ្នា​ទៅ! មិន​គិត​ជួយ បែរ​ជា​ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ បង​មិន​ចេះ​ខ្មាស​គេ​ទេ​អី? មើល​ន៎! ពួក​បរទេស​គេ​សើច​យើង… ពួក​គេ​មិន​ជួយ​យក​អាសា​យើង​ទេ គេ​ចាំ​តែ​សើច​តែ​ប៉ុណ្ណោះ ល្មម​ឈប់​ឈ្លោះ​គ្នា​ទៅ​បង! កុំ​ឲ្យ​គេ​មើល​ងាយ​យើង​ណា៎…!
ឮ​សម្ដី​ស្រី​ទូច សារិន​បញ្ឈប់​ការ​ប្រតាយប្រតប់​ជាមួយ​សារឿន ហើយ​ងាក​ទៅ​រក​ទូក​បរទេស​ដែល​ស្រែក​ក្ដែងៗ៖
- មើល​អី! មិន​ដែល​ឃើញ​មនុស្ស​វ៉ៃ​គ្នា​ទេ​អី? យីស! ពួក​អា​រំលោភ​ឈ្លាន​ពាន​អស់​នេះ!
ពេញ​មួយ​ថ្ងៃ​ហើយ ដែល​សារឿន​ខ្នះខ្នែង​ចែវ​ទូក ប៉ុន្តែ​នៅ​តែ​រក​កោះ​ត្រើយ​មិន​ឃើញ​សោះ… រាត្រី​ក៏​ឈាន​មក​ដល់…ស្រី​ទូច និយាយ​ទៅ​កាន់​សារឿន​ទាំង​ទឹក​មុខ​ព្រួយ​បារម្ភ៖
- បង! តាម​ខ្ញុំ​ស្មាន យើង​ទៅ​តាម​ទិស​ហ្នឹង​មិន​ត្រូវ​ទេ ព្រោះ​តាម​ខ្ញុំ​ចំណាំ យើង​ទៅ​ខាង​ទិស​ផ្កាយ​យាម​នង្គ័ល​វិញ (នាង​ចង្អុល​បង្ហាញ)។
សារឿន​ងាក​មក​ឆ្លើយ​ដោយ​ម៉ឺង​ម៉ាត់
- នែ៎​កាទូច! កុំ​ចេះ… ឯង​ជា​ស្រី គិត​តែ​ពី​ដាំ​ស្ល និង​ជួយ​ធ្វើ​ការ​ម៉ែ​ទៅ… អញ​ដឹង​ហើយ! កុំ​ចេះ​មក​ប្រដៅ​អញ​វ៉ើយ!
ឮ​សម្ដី​របស់​បង ស្រី​ទូច​ដាក់​មុខ​ចុះ អស់​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​ជា​យោបល់… មីង​សាត​ចូល​មក​អន្តរាគមន៍ ដោយ​សម្ដី​ទន់​ភ្លន់​សម្រួល​ស្ថានការណ៍
- សារឿន! កូន​មិន​ត្រូវ​ថា​ឲ្យ​ប្អូន​ដូច្នេះ​ទេ។ ប្អូន​គ្រាន់​តែ​ឲ្យ​យោបល់ ដើម្បី​ជួយ​ឲ្យ​ទូក​យើង​ទៅ​រក​កោះ​ត្រើយ​ ឃើញ​ទេ​តើ ពាក្យ​ចាស់​លោក​ថា គំនិត​ពីរ​ប្រសើរ​ជាង​គំនិត​មួយ​ដែរ​ណា៎ ម្យ៉ាង​កូន​មិន​ត្រូវ​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ពេក​ទេ កូន​ត្រូវ​ចេះ​ចែក​រំលែក​ការ​ងារ​ទៅ​ប្អូនៗ​ផង… ទើប​ល្អ!
- ឲ្យ​ចែក​ការ​ងារ​ទៅ​ពួក​វា​យ៉ាង​ម៉េច? បើ​គ្រាន់​តែ​ចែវ​ទូក មិន​ចេះ​ទាំង​ចែវ​ស្រួល​បួល​ផង! (សារឿន​តប​ទាំង​ដៀង​ភ្នែក​ទៅ​សារិន ដែល​កំពុង​អង្គុយ​ជួស​មង)
- ចុះ​បង​ឯង ចេះ​ជាង​ខ្ញុំ​ប៉ុណ្ណា? (សារិន​ដំឡើង​សំឡេង​តប​មក​វិញ)
- ជា​បង​ប្អូន​នឹង​គ្នា​សោះ និយាយ​តាម​សម្រួល​ទៅ ចាំ​បាច់​ចាប់​ផ្ដើម​ឡើង​រក​តែ​ឈ្លោះ​គ្នា​ធ្វើ​អី? (មីង​សាត​ឃាត់)
សារឿន និង​សារិន​នៅ​ស្ងៀម។ មីង​សាត​បន្ត
- ពួក​យើង​ផ្ញើ​ជោគ​វាសនា​នៅ​លើ​ទូក​នេះ។ យើង​មិន​ដឹង​ផ្លូវ​ទៅ​រក​ត្រើយ ហើយ​នៅ​លើ​ទឹក​មាន​ឧបសគ្គ​ព្យុះ ភ្លៀង រលក ឯ​ស្បៀង​អាហារ​យើង ក៏​កាន់​តែ​អស់​ទៅៗ រំពឹង​ទៅ​លើ​ទូក​អ្នក​ជិត​ខាង គ្មាន​នរណា​គេ​ជួយ​យក​អាសា​យើង​ទេ គេ​មាន​តែ​ប្រាប់​ផ្លូវ​ឲ្យ​យើង​វង្វេង​ទៀត… នេះ​ជា​ពេល​ដែល​កូនៗ​ត្រូវ​ភ្ញាក់​ខ្លួន ធ្វើ​យ៉ាង​ណា​ឲ្យ​ឆាប់​ដល់​ត្រើយ ឈប់​ឈ្លោះ​គ្នា​ទៅ! ខាត​ប្រយោជន៍​ទេ​កូន! កូន​គួរ​តែ​ចេះ​សាមគ្គី​គ្នា​ណា៎… (មីង​សាត​និយាយ​បណ្ដើរ ដួស​បបរ​បញ្ចុក​ប្ដី​បណ្ដើរ… ដោយ​ក្ដី​បារម្ភ)។
សារឿន និង​សារិន​សម្លឹង​មុខ​គ្នា ដោយ​មិន​ចេញ​ស្ដី ប៉ុន្តែ​ទឹក​មុខ​របស់​ពួក​គេ​បញ្ជាក់​ថា ម្នាក់ៗ​នៅ​តែ​ចង់​ដណ្ដើម​ច្រវា​គ្នា​ចែវ​ដដែល…។
ធម្មជាតិ​មិន​ទៀង​ទាត់​ទេ នៅ​សុខៗ​ស្រាប់​តែ​ខ្យល់​សមុទ្រ​បក់​បោក​យ៉ាង​ខ្លាំង រលក​ធំៗ បោក​បក់​មក​លើ​ទូក​ពូ​សឿន ធ្វើ​ឲ្យ​ទូក​គ្មាន​លំនឹង ឯ​សារិន​វិញ អង្គុយ​ធ្វើ​ហី ពេល​ដែល​គ្រប់​គ្នា​ក្នុង​ទូក​កំពុង​តែ​មមាញឹក… ក្នុង​សភាព​បែប​នេះ សារឿន​ស្រែក​ខ្លាំងៗ
- នែ៎​អារិន! ម៉េច​មិន​ជួយ​បាច​ទឹក​ចេញ​ពី​ទូក? ទឹក​ចូល​លិច​ទូក​ឥឡូវហើយ!
- ក្រែង​បង​ថា​ខ្លួន​ពូកែ? បង​ឯង​អាច​នាំ​ពួក​យើង​ទៅ​ដល់​ច្រាំង​បាន! ឥឡូវ​បង​ធ្វើ​ទៅ…! ព្រោះ​ខ្ញុំ​គ្មាន​សមត្ថភាព​ទេ!
សារឿន​មិន​ចេញ​ស្ដី​ទេ គិត​តែ​ពី​បាច​ទឹក​ចេញ។ ឃើញ​សភាព​មិន​ស្រួល សារិន​ទៅ​ជួយ​ដែរ… ឯ​ពូ​សឿន ឈឺ​រហូត​សន្លប់​បាត់​ស្មារតី។ ខណៈ​នោះ​ស្រាប់​តែ​ទូក​បរទេស​មក​ដល់ គ្រប់​គ្នា​លើក​ដៃ​សំពះ​អង្វរ​សុំ​ឲ្យ​ជួយ​ជីវិត​ខ្លួន។ ម្ចាស់​ទូក​បរទេស ដែល​បាន​ទិញ​ច្រវា​ពី​ថ្ងៃ​មុន​ផ្ដើម​និយាយ​បង្កប់​ដោយ​គំនួច
- យើង​អាច​ជួយ​ជីវិត​គ្រួសារ​ឯង​បាន លុះត្រា​តែ​មាន​ល័ក្ខខ័ណ្ឌ!
- ល័ក្ខខ័ណ្ឌ​អី​ទៅ? (សារឿន​សួរ​បញ្ជាក់)
- បើ​យើង​ជួយ​ជីវិត​ពួក​ឯង​ហើយ គឺ​ឯង​ត្រូវ​ប្រគល់​ទូក​នេះ​ឲ្យ​យើង…
ទាំង​អស់​គ្នា មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​សភាព​អល់អែក។ ម្ចាស់​ទូក​បរទេស​ឃើញ​ដូច្នេះ និយាយ​បន្ត
- សម្រេច​ចិត្ត​ទៅ រវាង​ជីវិត​មួយ​គ្រួសារ​ឯង និង​ទូក​មួយ​នេះ… បើ​ឯង​យល់​ថា​ទូក​សំខាន់​ក៏​តាម​ចិត្ត​ចុះ! តែ​ខ្ញុំ​សន្យា​ថា ពេល​ទៅ​ដល់​ច្រាំង ខ្ញុំ​នឹង​ធ្វើ​ផ្ទះ​មួយ​ឲ្យ​ពួក​ឯង​នៅ ហើយ​ជួយ​រក​ការងារ​ឲ្យ​ពួក​ឯង​ធ្វើ​ទៀត… ម៉េច? កុំ​គិត​យូរ! ប្រយ័ត្ន​ហួស​ពេល​ណា៎!។
សារឿន​អល់អែក សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង
- បាន! តែ​ពេល​នេះ​ពុក​ខ្ញុំ​នៅ​រស់នៅ​ឡើយ គាត់​ច្បាស់​ជា​មិន​ព្រម​ទេ តែ​បើ​លោក​រង់​ចាំ​បាន​ដល់​ពេល​គាត់​ស្លាប់ ខ្ញុំ​នឹង​ប្រគល់​ទូក​នេះ​ឲ្យ​លោក… បាន​ទេ?
- តែ​ឯង​ត្រូវ​ចុះ​កិច្ច​សន្យា​ជា​មួយ​យើង!
ខ្ញុំ​ព្រម​ធ្វើ​តាម​គ្រប់​យ៉ាង…

មិន​បង្អង់​យូរ ម្ចាស់​ទូក​បរទេស​បញ្ជា​ឲ្យ​កូន​ចៅ​ដង​ទឹក​យ៉ាង​ញាប់ដៃ​ញាប់​ជើង។ មួយ​សន្ទុះ​ទឹក​អស់​ពី​ទូក គ្រប់ៗ​គ្នា​បាន​ធូរ​ទ្រូង ព្រោះ​ពេល​នេះ​បាន​រួច​ពី​សេចក្ដី​ស្លាប់…ថ្ងៃ​នេះ ពូ​សឿន​ដឹង​ខ្លួន​វិញ មីង​សាត​រៀប​រាប់​ពី​ហេតុការណ៍ ដែល​កើត​កាល​ពី​យប់​មិញ ប៉ុន្តែ​គាត់​ពុំ​បាន​ប្រាប់​ពី​កិច្ច​សន្យា ដែល​សារឿន​ធ្វើ​ជាមួយ​ថៅកែ​ទូក​បរទេស​នោះ​ទេ។ ពូ​សឿន​លើក​ដៃ​សំពះ​ទៅ​មេឃ ហើយ​និយាយ៖

- ឱ! អ្នក​មាន​គុណ អ្នក​ជួយ​សង្គ្រោះ​ជីវិត​យើង អ្នក​ជា​អ្នក​ផ្ដល់​កំណើត​ទី​ពីរ​ដល់​គ្រួសារ​ខ្ញុំ។ ខ្ញុំ​មិន​ភ្លេច​គុណ​អ្នក​ទេ។
ទូក​បរទេស​មក​ដល់​ជា​ថ្មី ហើយ​បង្ហាញ​ទិស​ឲ្យ​ទូក​សារឿន​ចែវ​ទៅ​រក​កោះ​មួយ។ សារឿនចែវទៅ​តាម។ បន្ទាប់​មក​ក៏​បែក​គ្នា…ប្រពន្ធ​របស់​ម្ចាស់​ទូក​បរទេស ចោទ​សួរ​ទៅ​កាន់​ប្ដី​ទាំង​មិន​សប្បាយ​ចិត្ត
- ចាំ​បាច់​បង្ហាញ​ផ្លូវ​ពួក​វា ទៅ​រក​កោះ​នោះ​ធ្វើ​អី?
- អត់​ទេ គឺ​បង​បង្វែង​ដាន​ពួក​វា​ទេ​អូន។ បើ​យើង​រង់​ចាំ​ដល់​តា​នោះ​ស្លាប់ មិន​ដឹង​ពេល​ណា​ទេ! ទុក​ឲ្យ​ពួក​វា​រស់​សិន​ចុះ! ម្យ៉ាង​បើ​ពួក​វា​ធំធាត់​ចង់​បក​មក​ខាំ​យើង​វិញ ក៏​ពិបាក​ដែរ… (ពួក​បរទេស​សើច​សប្បាយ​នឹង​គម្រោង​ការណ៍ ដ៏​ជោគជ័យ​របស់​គេ)។
សារឿន​ខំ​ចែវ​ទូក រហូត​បាន​ឃើញ​ស្រមោល​កោះ​នៅ​ខាង​មុខ។ ស្រី​ទូច​និយាយ​ទៅ​កាន់​បង​ថា
- បង​មិន​គួរ​ចែវ​ទូក​មក​ទី​នេះ​ទេ ព្រោះ​មើល​ទៅ​ដូច​ជា​ឆ្ងាយ​ពី​ច្រាំង​ណាស់!
- ​កុំ​ចេះ! អ្នក​មាន​គុណ​គេ​ឲ្យ​ធ្វើ​អ្វី ធ្វើ​តាម​គេ​ទៅ គេ​នឹង​ជួយ​ពួក​យើង​ឲ្យ​បាន​ដល់​ត្រើយ​មិន​ខាន… ឯង​ក៏​ឈប់​មក​រក​ស៊ី​ក្នុង​សមុទ្រ ដ៏​ប្រថុយ​ប្រថាន​នេះ​ទៀត​ដែរ! ម៉េច​ឯង​មិន​ជឿ​គេ​ឬ? ពិត​ជា​មិន​ស្គាល់​គុណ​ទោស​មែន…សារិន ចំអក​ទៅ​ឲ្យ​បង
- បើ​គេ​ចង់​ជួយ​យើង​មែន ម៉េច​ក៏​មិន​នាំ​យើង​ឲ្យ​ដល់​ត្រើយ​តែ​ម្ដង​ទៅ?
- គេ​ជួយ​យើង ព្រោះ​តែ​គេ​ចង់​បាន​ទូក​យើង​ប៉ុណ្ណោះ បង​ដឹង​ទេ? (ស្រី​ទូច​បន្ថែម)
- ត្រូវ​ហើយ! បើ​ខ្ញុំ​ជា​បង​វិញ ខ្ញុំ​សុខ​ចិត្ត​ស្លាប់ មិន​ព្រម​ឲ្យ​ទូក​នេះ​ទៅ​គេ​ទេ! (សារិន​បន្ត)
- ឈប់​និយាយ​ភ្លាម! (សារឿន​គំហក​ឲ្យ​ប្អូនៗ)
- ខ្ញុំ​ត្រូវ​តែ​និយាយ ដើម្បី​ឲ្យ​ពុក​បាន​ដឹង​ថា ម្ចាស់​ទូក​បរទេស​នោះ មិន​មែន​ជួយ​យើង​ដោយ​សុទ្ធចិត្ត​ទេ គឺ​ជួយ​យើង​ជា​ថ្នូរ​នឹង​ទូក​នេះ បង​លក់​ទូក​ឲ្យ​គេ បង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ!
ទ្រាំ​ស្ដាប់​សារិន​និយាយ​ទៀត​មិន​បាន សារឿន​ដែល​កំពុង​តែ​ក្រេវក្រោធ ក៏​វា​ប្អូន​មួយ​ច្រវា បែក​ឈាម​ជោក​ក្បាល ដួល​សន្លប់​មួយ​រំពេច… ហើយ​និយាយ​គំរាម​ទៀត
- នេះ​ជា​មេរៀន​សម្រាប់​អ្នក​ណា ដែល​និយាយ​ការ​ពិត!
ពូ​សឿន មាន​ការ​រន្ធត់​តក់​ស្លុត​យ៉ាង​ខ្លាំង ចំពោះ​អំពើ និង​គំនិត​របស់​សារឿន។ តាម​កំហឹង គាត់​ចង់​តែ​ស្ទុះ​ទៅ​វាយ​កូន ប៉ុន្តែ​ស្ថានភាព​គាត់​ដុនដាប គាត់​ឡើង​ឈាម ក្រោក​មិន​រួច ទោះ​ចង់​និយាយ ក៏​និយាយ​មិន​ឮ គាត់​បាន​ត្រឹម​តែ​សំងំ​បង្ហូរ​ទឹក​ភ្នែក… សារឿន​ពេប​មាត់​ងាក​មក​ម្ដាយ និង​ប្អូន​ស្រី ដែល​កំពុង​តែ​រុំ​របួស​ឲ្យ​សារិន រួច​សម្លឹង​ហួស​ទៅ​ពូ​សឿន ដោយ​បោះ​សម្ដី​មុតៗ៖
- ពុក​មិន​បាច់​ខឹង​ទេ! ពុក​ចាស់​ហើយ សម្រាក​ឲ្យ​ស្រួល​ខ្លួន​ទៅ! ទុក​ឲ្យ​កូន​ជា​អ្នក​ចាត់​ចែង​រឿង​នេះ​បាន​ហើយ… កូន​អាច​ធ្វើ​បាន! ម៉ា​អា​រឿង​ប៉ុណ្ណឹង..

ក្រុម​គ្រួសារ​ពូ​សឿន បាន​មក​ដល់​កោះ​មួយ ដែល​គ្មាន​មនុស្ស​រស់​នៅ។ ម្ចាស់​ទូក​ក្រៅ​ស្រុក​បាន​យក​ស្បៀង​មក​ជា​លេស ការ​ពិត គេ​មក​ដើម្បី​ស៊ើប​ដំណឹង ពី​សមភាព​ជំងឺ​ពូ​សឿន​តែ​ប៉ុណ្ណោះ។ ឯ​ពូ​សឿន ខំ​ប្រឹង​និយាយ​ផ្ដែ​ផ្ដាំ​ទៅ​ប្រពន្ធ កូន​ជា​ចុង​ក្រោយ

- ពួក​ឯង​ត្រូវ​តែ​ប្រឹង​ប្រែង​ថែ​រក្សា​ទូក​នេះ កុំ​ឲ្យ​គេ​យក​បាន កុំ​ឲ្យ​ព្រលឹង​បុព្វ​បុរស​ថ្កោល​ទោស​ពួក​យើង កូន​ត្រូវ​សាមគ្គី​គ្នា​ឡើង ឈប់​ឈ្លោះ​ទាស់​ទែង​បង្ហូរ​ឈាម​បង​ប្អូន​ឯង​ទៅ! បើ​កូន​ធ្វើ​ដូចនេះ​បាន ពុក​ស្លាប់​ទៅ បិទ​ភ្នែក​ជិត​ហើយ…

សមុទ្រ​ស្ងប់​រលក។ ព្រះអាទិត្យ​លិច​សន្សឹមៗ​ទៅ​ទិស​បស្ចិម។ សំឡេង​យំ​ខ្សឹកខ្សួល​លាន់​រំពង​នៅ​លើ​កោះ​ឯកោ។ ពូ​សឿន​រលត់​សង្ខារ​ហើយ។ សព​ពូ​សឿន​ទុក​ដាក់​លើ​កោះ​ដោយ​មិន​មាន​ពិធី​បុណ្យ​ប្រពៃណី​ទេ។ គ្រប់​គ្នា​អាឡោះ​អាល័យ​ឪពុក ស្រប​ពេល​ដែល​ម្ចាស់​ទូក​បរទេស​មក​ដល់។ ជជែក​គ្នា​មួយ​ស្របក់ សារឿន​ផ្ដើម​និយាយ

- ខ្ញុំ​មិន​លេប​សម្ដី​ទេ! តែ​លោក ត្រូវ​ធ្វើ​តាម​អ្វី ដែល​បាន​សន្យា​ដែរ…
- ជនជាតិ​យើង​គោរព​ច្បាប់​ណាស់ ឯង​កុំ​ព្រួយ! (ជន​បរទេស​សើច)
ខណៈ​នោះ មីង​សាត ដៃ​កាន់​ដំបង​យ៉ាង​ណែន រត់​ទៅ​វាយ​សំពង​ជន​បរទេស។
- ងាប់​ទៅ! ពួក​អា​ចោរ​ឈ្លាន​ពាន (មីង​សាត​ស្រែក​ខ្លាំងៗ)។
កម្លាំង​ដៃ​អ្នក​ទន់​ខ្សោយ មិន​ឈ្នះ​អាវុធ​ទំនើប​ទេ។ ថៅកែ​ទូក​បរទេស ដក​កាំភ្លើង​បាញ់​គំរាម​ជា​ច្រើន​គ្រាប់ ហើយ​បញ្ជា​ឲ្យ​កូន​ចៅ​គេ​ចាប់​ធ្វើ​ទារុណកម្ម។ សារិន​ត្រូវ​គេ​វាយ​រហូត​បាក់​ជើង​ទាំង​ពីរ។ ចំណែក​សារឿន​វិញ បាន​ត្រឹម​ឈរ​មើល​សោកនាដកម្ម​នេះ​តែ​ប៉ុណ្ណោះ.. គេ​រត់​ទៅ​លើក​ម្ដាយ ហើយ​និយាយ
- ម៉ែ! ខ្ញុំ​ប្រាប់​ហើយ ថា​កុំ​ខ្លាំង​ជាមួយ​ពួក​វា តែ​ម៉ែ​មិន​ជឿ។ ពួក​វា​មាន​គ្នា​ច្រើន មាន​អាវុធ​ទៀត ធ្វើ​ម៉េច​ឈ្នះ​វា​បាន!
- ហ៊ឹះ! អា​កូន​លក់​ក្បាល​ឲ្យ​គេ! ចេញ​ទៅ! អញ​មិន​ចង់​ឃើញ​មុខ​ឯង​ទេ។

សារឿន និង​ជន​បរទេស​ចេញ​ទៅ។ អ្វីៗ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់។ ថៅកែ​បរទេស​យក​បាន​ទូក​ដូច​បំណង។ ដើម្បី​ជា​ការ​លួង​លោម និង​ចៀសវាង​មាន​ឈ្មោះ​ថា​ក្បត់​ពាក្យ​សន្យា​នោះ ថៅកែ​បរទេស​បាន​ឲ្យ​តួនាទី​ទៅ​សារឿន ជា​អ្នក​ត្រួតត្រា​ក្រុម​កម្មករ​នៅ​លើ​ទូក​ខ្លួន​ឯង។ សារឿន បង្ខំ​ចិត្ត​ឲ្យ​កម្មករ​នេសាទ​ធ្វើ​ការ​ទាំង​យប់​ថ្ងៃ ដើម្បី​ផ្គាប់​ចិត្ត​ចាហ្វាយ។ កម្មករ​នៅ​លើ​ទូក​នោះ ទោះ​ជា​ខំ​ធ្វើ​យ៉ាង​ណា ក៏​នៅ​តែ​ក្រ​ងើប​មុខ​មិន​រួច ហើយ​សុទ្ធ​តែ​ជា​ជន​បាក់​កម្លាំង ខ្លះ​ជា​ស្ត្រី មេម៉ាយ ជន​ពិការ ក្មេង​កំព្រា។ ពួក​គេ​ទាំង​នេះ​រស់​នៅ​លើ​ទូក ដែល​មិន​មាន​គោល​ដៅ រក​ត្រើយ​សំចត​មិន​ឃើញ។ អ្វីៗ​ស្ថិត​នៅ​ក្រោម​បង្គាប់​សារឿន។ ទាំង​អស់​គ្នា​ទៅ​ជា​អ្នក​សុំ​ស្នាក់​អាស្រ័យ​នៅ​លើ​ទូក​ខ្លួន​ឯង។

ទូក​មួយ​នេះ ត្រូវ​បាន​គេ​រចនា​ឲ្យ​កាន់​តែ​ប្រណីត​ឡើង ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ទូក​បរទេស​ទៀត​ផង… បាត់​បង់​ធាតុ​ដើម​របស់​ខ្លួន​បន្តិច​ម្ដងៗ…ម្ចាស់​ទូក​បាន​ត្រឹម​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ ព្រោះ​គ្មាន​លទ្ធភាព​អ្វី​ទៅ​តតាំង និង​ទាម​ទារ​ពី​គេ​វិញ​បាន​ឡើយ។ ពេល​នេះ​គ្រប់​យ៉ាង​ហួស​ពេលអស់​ហើយ។ លទ្ធផល​ចុង​ក្រោយ គ្រួសារ​មីង​សាត​មាន​តែ​ការ​សោក​ស្ដាយ​មួយ ដែល​មិន​អាច​ស្រោច​ស្រង់​បាន។ ឯ​សារឿន ទោះបី​ជា​ពេល​ខ្លះ​នឹក​ស្ដាយ​ក្រោយ​ក្ដី ក៏​គ្មាន​ជម្រើស​ដែរ ព្រោះ​អំណាច​ថៅកែ​បរទេស​គាប​សង្កត់​គ្រប់​ពេល បង្ខំ​ឲ្យ​ធ្វើ​បាប​កម្មករ ដែល​ជា​ខ្មែរ​ដូច​គ្នា ឲ្យ​ស្គាល់​តែ​ការ​លំបាក​វេទនា ក្រីក្រ រហូត​អស់​ជីវិត អស់​អត្តសញ្ញាណ​ជា​គ្រួសារ ជា​ជាតិ​មួយ​ដែល​ធ្លាប់​តែ​រុង​រឿង៕៚