រឿងភរិយានាយសំពៅនៅស្រុកយាវ័ណវតី
ថ្ងៃសៅរ៍ ទី4.កុម្ភៈ 2017.ម៉ោង 8:07

មាន​ស្រី​ខ្លះ​ចិត្ដ​សា​វ៉ា​ប្រ​ព្រឹត្ដ​ជួ ហើយ​ត្រលប់​ជា​កែ​ខ្លួន​វិញ​ក៏​មាន ដូច​និទាន​នាង​ភរិយា​ ចៅ​នាយ​សំពៅ​ម្នាក់​នៅ​ស្រុក​យា​វ័ណ​វតី​ ថ្ងៃ​មួយ​នាយ​សំ​ពៅ​ចេ​ញ​ទៅ​ជួញ​នា​ស្រុក​ឆ្ងាយ ទុក​នាង​ភរិយា​​អោយ​នៅ​រក្សា​គេហ​ដ្ឋាន​។ អែ​នាង​ភរិយា​នោះ​ លុះ​នាយ​សំពៅ​ជា​ប្ដី​ទៅ​ជួញ​យូរ​ខែ​ពុំ​ទាន់​មក​ មាន​ចិត្ដ​រំជួល​ដោយ​រាគ​កិលេស​ក្រៃ​ពេក​ ទើប​គប​ប្រុស​សហាយ​នាំ​មក​ដេក​លើ​​ផ្ទះ​ធ្វើ​សមគ្គ​សង្វាស​រាល់​វេលា​រាត្រី​ បិទ​ក្ដី​ជួ​នោះ​ពុំ​អោយ​អ្នក​អែ​ណា​មួយ​ដឹ​ងលឺ​ឡើយ​ អែ​នាយ​សំពៅ​ទៅ​លក់​ដូរ​យូរ​អស់​កំនត់​ហើយ​ក៏​ត្រលប់​មក​វិញ​ ឡើង​ពី​សំពៅ​ដើរ​ទៅ​ដល់​ទ្វារ​ផ្ទះ​ស្រែក​ហៅ​ភរិយា​អោយ​បើក​ទ្វារ​ទទួល​ខ្លួន​។

អែ​អា​សហាយ​ដែល​ក្រាប​ពួន​នៅ​ក្រោម​គ្រែ គ្រាន់​តែ​លឺ​សូរ​ជើង​ភរិ​យា​នាយ​សំពៅ​ចុះ​មក​រក​ខ្លួន​ ក៏​ត្រេក​អរ​សំគាល់​ថា នាយ​សំពៅ​ដេក​លក់ ភរិយា​នឹង​មក​ទទួល​ខ្លួន​ជូន​អោយ​ផុត​អំពី​ទ្វារ​ផ្ទះ​តាម​សញ្ញា​ ទើប​វា​វារ​ចេញ​មក​ពី​ក្រោម​គ្រែ ហើយ​ចាប់​ដៃ​មេ​សហាយ​ អែ​មេ​នោះ​ ក៏​ចាក់​ដោយ​ក្រិះ​ត្រូវ​ត្រង់​បំពង់​ក​ធ្លុះ​រហូត​ដួល​ដាច់​​ខ្យល់​ស្លាប់​មួយ​រំពេច​ ទើប​មេ​នោះ​យក​សំពត់​បិទ​មុខ​របួស​មិន​អោយ​លោ​ហិត​ចេញ​ច្រើន​ ហើយ​លើក​ខ្មោច​នោះ​ផ្អែក​ពឹង​នឹង​សសរ​បញ្ឈរ​ទុក​ស្រេច​ហើយ​ ក៏​ដើរ​លប​ៗ​ឡើង​ទៅ​ដេក​ខាង​ប្ដី​ យក​ដៃ​អង្រួន​ដាស់​ប្ដី​អោយ​ដឹង​ខ្លួន​ ហើយ​ក្លែង​ពោល​កល​អុបាយ​ខ្សឹប​ប្រាប់​ប្ដី​ថា​ ចោរ​ ឡើង​មក​ឈរ​អែប​នឹង​សសរ​ផ្ទះ​យើង​ វា​ប្រុង​នឹង​ចូល​មក​លួច​ទ្រព្យ​សម្បត្ដិ​យើង​ហើយ​។ នាយ​សំពៅ​បាន​ស្ដាប់​មេ​ភរិយា​ ប្រាប់​ដូច្នោះ​ ក៏​ស្ទុះ​ក្រោក​ចាប​លំពែង​ ចុះ​ចាក​គ្រែ​ម្នី​ម្នារវារ​ ទៅ​ចាក់​ខ្មោច​នោះ​ដួល​ចុះ​នៅ​ទី​នោះ​អែង​ អែ​មេ​ភរិយា​ លុះ​ក្លែង​បញ្ឆោត​ប្ដី​អោយ​ចាក់​ខ្មោច​សហាយ​ហើយ​ ទើប​និយាយ​ថា «ការ​ដែល​អ្នក​សំលាប់​ចោរ​ស្លាប់​នៅ​លើ​ផ្ទះ​នេះ​ពួក​មហា​ជន​ទាំង​ឡាយ​ នៅ​ជិត​ខាង​គេ​ពុំ​ដឹង​លឺ​ឡើយ​ ក្រែង​ការ​នេះ​បែក​ដឹង​ដល់​លោក​អ្នក​រាជ​ការ​ ថា​យើង​សំលាប់​មនុស្ស ដូច្នេះ​ទោស​នេះ នឹង​ធ្លាក់​ដល់​អ្នក​ដល់​ខ្ញុំ ដូច្នេះ​តើ​អ្នក​នឹង​គិត​បិទ​បាំង​យ៉ាង​ណា​អោយ​សូន្យ​ការ​នេះ​»​។

នាយ​សំពៅ​បាន​ស្ដាប់​មេ​ភរិយា​ថា​ដូច្នោះ​ ក៏​ទុញ​ទាល់​​គំនិត​គិត​មិន​យល់​ផ្លូវ ទើប​ប្រឹក្សា​នឹង​ភរិយា​ថា «សព​អាចោរ​នេះ បើ​ទុក​នៅ​លើ​ផ្ទះ​យើង តែ​ដល់​ពេល​ព្រឹក​ឡើង គង់​មាន​គេ​ដឹង​លឺ​បែក​ការ​ដល់​រាជ​ការ​ជា​ប្រាកដ​ ដូច្នេះ​តើ​នាង​ជួយ​គិត អោយ​ផុត​ក្ដី​អន្ដ​រាយ​ ឃើញ​អុបាយ​កល​ដូច​ម្ដេច​យើង​ធ្វើ​តាម​»។

អែ​មេ​ភរិយា​ក៏​តប​ថា «ខ្ញុំ​គិត​អោយ​សែង​យក​ខ្មោច​នេះ​ទៅ​ចោល​ក្រោម​ដើម​ខ្នុរ​ ក្នុង​វត្ដ​លោក​សង្ឃ​នៅ​ខាង​ក្រោយ​ភូមិ​​យើង​នេះ​ តែ​ដល់​ព្រឹក​ឡើង​ព្រះ​សង្ឃ​ក្នុង​អារាម​នោះ​ លោក​នឹង​បបួល​គ្នា​យក​ខ្មោច​នេះ​ ទៅ​ដុត​ជា​មិន​ខាន​ ទោះ​ជាការ​នេះ​ដឹង​ដល់​រាជ​ការ​ក៏​គង់​ពុំ​មាន​នរ​ណា​ចេញ​ជា​តួ​ចោទ​ឡើយ​ គឺ​ដឹង​តែ​យើង​ប្ដី​ប្រព​ន្ធ​ពីរ​នាក់​ប៉ុណ្ណោះ​អែង​»​។ អែ​នាយ​សំពៅ​ បាន​ស្ដាប់​អុបាយ​មេ​ភរិ​យា​ដូច្នោះ​ក៏​យល់​តាម​ ទើប​តប​ថា «គិត​នេះ​ត្រូវ​ល្អ​ហើយ តែ​យើង​នឹង​ដាស់​ពួក​ខ្ញុំ​កំដរ​ អោយ​វា​ជួយ​សែង​ខ្មោច​នេះ​ទៅ​ចោល ​ក្រែង​មិន​ស្ងាត់​ បើ​ដូច្នេះ​​នាង​គ្រាន់​តែ​ជូន​បង​ទៅ​ចុះ​ ចាំ​បង​ព​បី​ខ្មោច​នេះ​ទៅ​» ថា​ហើយ​នាយ​សំពៅ​ក៏​ចាប់​ព​ខ្មោ​ចចេញ​ទៅ​កាន់​អារាម​ នាង​ភរិយា​តាម​ទៅ​ជា​មួយ​គ្នា លុះ​ដល់​អារាម​ឃើញ​ដើម​ខ្នុរ​ធំ​១​ដើម​មាន​ផ្លែ​ច្រើន​ នាយ​សំពៅក៏ដាក់ខ្មោចបញ្ឈរផ្អែកនឹងដើមខ្នុរនោះអែ ហើយប្ដីប្រពន្ធក៏នាំគ្នាវិលមកកាន់គេ ហដ្ឋាននៃអាត្មាវិញហោង។

ថ្លែង​ចៅ​អធិ​ការ​វត្ថ​នោះ​ លុះ​ដល់​ពេល​ទៀប​នឹង​ភ្លឺ​ស្វាង​ ក៏​គ្រង​ត្រៃ​ចីវរ​កាន់​ឈើ​ច្រត់​ចុះ​ចាក​កុដិ​ ដើរ​បោស​អាវាស​ បោស​ទៅ​ៗ បែរ​ទៅ​ឃើញ​សាក​សព​ឈរ​ពឹង​នៅ​នឹង​ដើម​ខ្នុរ​ធំ គិត​ថា​ជា​ចោរ​លួច​ខ្នុរ ទើប​លោក​ក្រោធ​ខឹង​ស្ទុះ​លប​អែប​នឹង​ម្លប់​ឈើ​ចូ​ល​ទៅ​ជិត​ ហើយ​ស្រែក​ថា​ អះ​ពះ​អា​កំនាច​កាច​កិង​វា​លេង​ខ្នុរ​លោក​សង្ឃ​ហើយ​តើ​ ថា​ហើយ​ក៏​វាត់​ឈើ​ច្រត់​ត្រូវ​សាក​សព​នោះ​ដួល​ចុះ​ស្ងៀម​នៅ​ លោក​ចៅ​អធិការ​ក៏​ភ័យ​ខ្លួន​ គិត​ថា​អាត្មា​វាយ​ត្រូវ​ត្រង់​កន្លែង​សំខាន់​ ទើប​ចូល​ទៅ​មើល​ ក៏​ដឹង​ថា​មនុស្ស​ត្រូវ​អាវុធ​គេ​ ហើយ​គេ​នាំ​យក​មក​ដាក់​ផ្អែក​ទុក​នឹង​ដើម​ខ្នុរ​នេះ​ ទើប​គិត​ថា​ ក្នុង​ខណៈ​ដែល​អាត្មា​វាយ​ ខ្មោច​នេះ​ដួល​នោះ​ អាត្មា​បាន​ស្រែក​ថា អាចោរ​លួច​ខ្នុរ ព្រះ​សង្ឃ​សាមណេរ​ទំនង​ជា​បាន​លឺ​ហើយ​ អីលូវ​នេះ​មនុស្ស​មក​ស្លាប់​ក្រោម​ដើម​ខ្នុរ​នេះ​ ពួក​ព្រះ​សង្ឃ​សាម​ណេរ​ក្នុង​អារាម​មុខ​ជា​គេ​ថា​អញ​សំលាប់​ចោរ​លួច​ខ្នុរ​ ទុក​ជា​ប្រាប់​គេ​ដោយ​ពិត​​ថា ខ្មោច​នេះ​គេ​យក​មក​ដាក់​ពឹង​ នឹង​ដើម​ខ្នុរ​នេះ​ ក៏​គង់​គេ​មិន​ជឿ​ គង់​គេ​ដិត​ចិត្ដ​សង្ស័យ​ពិគ្រោះ​មើល​ ជា​មិន​ផុត​ក្ដី​មន្ទិល​​ទៅ​បាន​ បើ​ដូច្នេះ​គួរ​ដើរ​អុបាយ​កោរ​សក់​ក្បាល​ខ្មោច​នេះ ហើយ​សំលៀក​បំពាក់​ស្បង់​ចិពរ​ដូច​សាមណេរ​ ហើយ​ប្រាប់​គេ​អែង​អោយ​ដឹង​ថា​ មាន​សាម​ណេរ​អិត​ញាតិ​ជា​អគន្ដុក​ កើត​រោគ​បច្ចុប្បន្ន​ស្លាប់​យ៉ាង​នេះទើ​ប​អញ​ផុត​ក្ដី​មន្ទិល​អិត​មាន​នរ​ណា​ថា​អញ​ត​ទៅ​។ លោក​ចៅ​អធិការ​គិត​ដូច្នេះ​ហើយ​ ក៏​ចូល​ទៅ​ទាញ​អូស​ខ្មោច​នោះ​លើក​ទៅ​ដាក់​លើ​សាលា​កណ្ដាល​អា​រាម​ ទើប​យក​សំពត់​លឿង​មក​ឃ្លុំ​រុំ​ព័ទ្ធ​សព​នោះ​ទុក​តែ​មុខ ហើយ​យក​កន្ត្រៃ​មក​កាត់​សក់​ទុក​តែ​ត្រឹម​ពាក់​កណ្ដាល​ចង្គុ​លី​ដូច​ យ៉ាង​សាម​ណេរ​ដើម្បី​មិន​អោយ​នរ​ណា​សង្ស័យ​ លុះ​អរុណ​រះ​ឡើង​ លោក​ចៅ​អធិ​ការ​ប្រកាស​ ប្រាប់​ភិក្ខុ​សាមណេរ​ទាំង​ពួង​ថា វេលា​យប់​មិញ​ពេល​ម៉ោង​៤​ប្លាយ​ យើង​ចុះ​ទៅ​បោស​អារាម​ ឃើញ​សាម​ណេរ​មក​ដេក​ស្លាប់​នៅ​លើ​សាលា​ មិន​ដឹង​ជា​មក​ពី​អារាម​ណា​ ជា​សព​អនា​ថា​អិត​ញាតិ​មិត្ដ​ ធ្លាក់​មក​នៅ​អារាម​យើង​យើង​ដូច្នេះ​ ចូរ​លោក​ទាំង​ឡាយ​ ទៅ​ឃោសនា​ពួក​សប្បុរស​បណ្ដា​ដែល​មាន​សទ្ធា​ មក​ជួយ​បូជា​សព​នេះ​ ជា​ការ​ធ្វើ​បុណ្យ​យក​បុណ្យ​ទាំង​អស់​គ្នា​។

អែ​​​ព្រះ​​​សង្ឃ​សាម​ណេរ​បាន​លឺ​ពាក្យ​លោក​គ្រូ​ដូច្នោះ​ ក៏​នាំ​គ្នា​ចេញ​ទៅ​ឃោសនា​ប្រាប់​ញាតិ​ញោម​ទី​ទៃ​ៗ តាម​ពាក្យ​លោក​ចៅ​អធិការ​នោះ​អែង​។ អែ​មេ​ភរិយា​នាយ​សំពៅ​ លុះ​វេលា​ភ្លឺ​ស្វាង​ហើយ​ក៏​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ រង់​ចាំ​ស្ដាប់​សេច​ក្ដី​នោះ លុះ​បាន​លឺ​លោក​សង្ឃ​សាម​ណេរ​ ត្រាច់​មក​ឃោសនា​អ្នក​ស្រុក​ថា មាន​សាម​ណេរ​អិត​មាន​មាតា​បិតា​ញាតិ​កា មក​ស្លាប់​លើ​សាលា​ដូច្នោះ​ ក៏​កើត​ក្ដី​សង្ស័យ​ឆ្ងល់​ក្នុង​ចិត្ដ​គិត​ថា មិន​មែន​ជា​សាក​សព​ប្រុស​សហាយ​អញ​នោះ​ទេ​ដឹង​? បើ​ដូច្នេះ​ចាំ​ទៅ​មើល​អោយ​ច្បាស់​សិន​ គិត​ហើយ​ក៏​រៀប​ទៀន​ធូប​ស្លា​ម្លូ លា​ស្វាមី​ថា​នឹង​ទៅ​ជួយ​បុណ្យ​លោក​គ្រូ​ ហើយ​​នឹង​ស្ដាប់​ការណ៍​នោះ​ផង​។ នាយ​សំពៅ​ក៏​បើក​អោយ​ទៅ​តាម​ក្ដី​ប្រាថ្នា​ មេ​នោះ​ក៏​ចរយាត្រា​ទៅ​កាន់​អារាម​ មិន​បាន​ឃើញ​សព​ប្រុស​សហាយ​ ក៏​រឹង​មាន​ក្ដី​សង្ស័យ​ខ្លាំង​ ទើប​ឡើង​ទៅ​លើ​សាលា​ដែល​តំកល​សព​ ហើយ​បើក​សំពត់​គ្រប​មុខ​ខ្មោច​មើល​ ក៏​ចាំ​បាន​ថា ជា​ខ្មោច​ប្រុស​សហាយ​ខ្លួន​ប្រាកដ​ មេ​នោះ​មាន​ចិត្ដ​អាណិត​អាល័យ​ដោយ​ធ្លាប់​បាន​រួម​សង្វា​ស្នេហា​នឹង​គ្នា​មក​ អត់​ទឹក​ភ្នែក​មិន​បាន ក៏​យំ​សោក​អាល័យ​ប្រុស​សង្សារ​ថា​។

ប្រុស​អើយ​អ្នក​ប្រុស កាល​អ្នក​នៅ​រស់ ម្ដេច​អ្នក​មិន​បួស​ ដល់​មក​ក្ស័យ​ប្រាណ ទើប​បាន​ទ្រង់​ផ្នួស លោក​ណា​បំបួស​អ្នក​ជា​សាម​ណេរ។ អែ​លោក​ចៅ​អធិ​ការ​បាន​លឺ​ភរិយា​នាយ​សំពៅ​យំ​រៀប​រាប់​ដូច្នោះ​ ក៏​តក់​ស្លុត​ព្រះ​ទ័យ​ គិត​ថា​ខណៈ​ដែល​អញ​បំបួស​ខ្មោច​ នា​វេលា​រាត្រី​នេះ ពុំ​មាន​នរ​ណា​មួយ​អាច​ឃើញ​អាច​ដឹង​ឡើយ​ នេះ​ហេតុ​អ្វី​ក៏​នាង​ភរិ​យា​នាយ​សំពៅ​មក​យំ​រៀប​រាប់​ត្រង់​អុបាយ​ដែល​អញ​ធ្វើ​នោះ​អេះ ​បើ​ដូច្នេះ​ខ្មោច​នេះ នឹង​ទុក​យូរ​ទៅ​ពុំ​បាន ឃើញ​ថា​នឹង​កើត​ហេតុ​ គិត​ហើយ​លោក​ចៅ​អធិ​ការ​នាំ​ពួក​អុបា​សក​អុបាសិកា​ ភិក្ខុ​សាម​ណេរ​ចាត់​ចែង​លើក​សព​ដាក់​លើ​ជើង​ថ្ករ​ ហើយ​អុច​ភ្លើង​ដុត​ខ្មោច​នោះ​តាម​បវេណី​ហោង​។

អែ​មេ​ភរិយា​នាយ​សំពៅ​មាន​ក្ដី​អាលោះ​អាល័យ​អា​ប្រុស​សហាយ​ ក៏​យំ​ក្លាង​អុជ​ទៀន​ធូប​សូម​ស្មាលា​ទោស​នឹង​សព​នោះ ថា អ្នក​ចែក​ថាន​ទៅ​ហើយ កុំ​បី​ចង​ពៀរ​វេរា​កម្ម​ត​ទៅ​មុខ​ឡើយ លុះ​ដុត​ខ្មោច​ស្រេច​ហើយ​ ក៏​លា​លោក​ចៅ​អធិការ​ទៅ​កាន់​គេ​ហដ្ឋាន​។ អែ​នាយ​សំពៅ ​អង្គុយ​រង់​ចាំ​មើល​ផ្លូវ​នាង​ភរិយា​ លុះ​បាន​ឃើញ​នាង​ភរិយា​ មាន​មុខ​មាត់​សៅ​ហ្មង​មក​​​ដូច្នោះ​ ក៏​តក់​ស្លុត​ចិត្ដ​ដោយ​សំគាល់​ថា​រឿង​ដែល​ខ្លួន​ធ្វើ​នា​វេលា​រាត្រី​នោះ​ក្រែង​មិន​ជិត​ ទើប​សួរ​ទៅ​ភរិយា​ថា នាង​ចេញ​ទៅ​ជួយ​ដុត​សព​នោះ​បាន​ដឹង​លឺ​កិច្ច​ការ​យ៉ាង​​​ណា​ខ្លះ បាន​ជា​វិល​មក​មាន​ទឹក​មុខ​មិន​សប្បាយ​ ជា​ខ្មោច​ដែល​យើង​យក​ទៅ​ ចោល​នោះ​ រឺ​មិន​មែន​ទ​។

នាង​ភរិយា​ ក៏​ថ្លែង​សេច​ក្ដី​អោយ​ស្ដាប់​ ហើយ​ថា​ ខ្ញុំ​ទៅ​ជួយ​ដុត​សព​នោះ​បាន​ក្លែង​ធ្វើ​កល​អុបាយ​យំ​សោក​ហាក់​ដូច​ជា​ស្រលាញ់​សព​ ដើម្បី​បិទ​បាំង​សេច​ក្ដី​នោះ​ ទោះ​មាន​មាត្រា​(?​)ថា​យូរ​ទៅ​ខា​មុខ​ រឿង​នេះ​មិន​ជិត​ដិត​ មាន​រាជការ​មក​អង្កេត​ ពិចា​រ​ណា​រក​ខ្លួន​អ្នក​សំលាប់​នោះ គង់​មិន​មាន​ក្ដី​សង្ស័យ​។​ ខ្ញុំ​យំ​សោក​​ការ​ពោរ​ក្ដី​យ៉ាង​នេះ​ ខ្ញុំ​នឹង​បាន​យំ​សោក​អាល័យ​ ចោរ​ដែល​អ្នក​សំលាប់​នោះ​ ក៏​អិត​អង្គឺ​មាន​។

នាយ​សំពៅ​បាន​លឺ​ដូច្នោះ​ ក៏​ត្រេក​អរ​សប្បាយ​ចិត្ដ ​និយាយ​ថា គាប់​គុណ​នាង​ពេក​ហើយ​ (កកន : គាប់​ទំនង​ជា​ពាក្យ​សៀម​ ថា​ខប​គុណ មាន​ន័យ​ថា អរ​គុណ (ក​ឈ​)) ត្បិត​អាថិ​កំបាំង​ទាំង​នេះ ក៏​ដឹង​តែ​នាង​ម្នាក់​អែង​ ថា​បើនាង​មិន​ករុណា​​នាំ​សេច​ក្ដី​ ទៅ​ប្រាប់​ដល់​សេនា​បតី​ថា យើង​សំលាប់​មនុស្ស ​យើង​ក៏​នឹង​ដល់​ក្ដី​វិនាស​ដោយ​អាជ្ញា​មហា​ក្សត្រ​ពុំ​ខាន​ ថា​ហើយ​ខំ​ថ្នាក់​ថ្នម​ចិត្ដ​នាង​ភរិយា​តាំង​ពី​ថ្ងៃ​នោះ​មក​ ទុក​ជា​មេ​ភរិយា​និយាយ​គំហក​គំហិន​ មាក់​ងាយ​យ៉ាង​ណា​ក្ដី ក៏​នាយ​សំពៅ​ជា​ប្ដី​ពុំ​ហ៊ាន​តប​ត​អោយ​ក្រោធ​ខឹង​ ព្រោះ​ខ្លួន​ពុំ​បាន​ដឹង​ក្នុង​អុបាយ​មាយា​ គឺ​ស្រ្ដី​ប្រ​ព្រឹត្ដ​ជួ​ដឹង​ខ្លួន​ជា​ខុស គិត​កល​អុបាយ​ល​លួង​ ស្វាមី។ អោយលង់វង្វេងកំហែងបានតាមចិត្ដទៅផ្សេងៗហោង។

ចប់តំរាចៅក្រមកោង ជាគតិទី៦៥

ក្បួនគតិលោក មានរឿងយោងយោក ប្រៀបប្រាយតួយ៉ាង
គតិបុរាណ ក៏មានបែបអាង លោកតែងម្យ៉ាងៗ
តែពុំពិស្ដារ។
ខ្ញុំទីអុកញ៉ា សុត្ដន្ដប្រីជា នាមអិន្ទាចារ្យ
លើកឡើងលំដាប់ ជាច្បាប់វិត្ថារ កែដោយវោហារ
ចងជាវគ្គៗ។
សេចក្ដីស្ដាប់ងាយ សំរាប់និយាយ យករូបរឿងដាក់
ប្រៀបធៀបលោកិយ ចាស់ថ្មីប្រចក្ស អញ្ជើញអស់អ្នក
ស្ដាប់យកជាច្បាប់។
មួយបើពាក្យណា ដែលខ្ញុំលិខា សរសេរតាមស័ព្ទ
ស្ដាប់ពុំចូលចិត្ដ ត្បិតពុំធ្លាប់ស្ដាប់ អញ្ជើញសារសព្ទ
សាកសួរអ្នកប្រាជ្ញ។
កុំគិតប្រមាថ ប្រមាណកែគាត់ ខ្លួនអែងល្ហេចល្ហាច
ស័ព្ទសែរាក់ជ្រៅ ស្រេចនៅអ្នកប្រាជ្ញ ទើបលោកអង់អាច
ប្រែប្រាយប្រាប់បាន។
ចប់ច្បាប់គតិលោកតែប៉ុណ្ណេះ
ចប់ភាគទី១០តែប៉ុណ្ណេះ