រឿងស្វាព្រាម១ បានមេស្វាឳ ១ជាភរិយា
ថ្ងៃសៅរ៍ ទី28.មករា 2017.ម៉ោង 7:34

មាន​ស្វា​ព្រាម​មួយ ទៅ​បាន​មេ​ស្វា​ឳ​ជា​ភរិយា​ស្វា​ព្រាម​នោះ​ នាំ​មេ​ភរិយា​ចេញ​ចាក​ពួក​ស្វា​ឳ​ទាំង​ឡាយ​ ដែល​ជា​ញាតិ​ ទៅ​នៅ​ទី​ជើង​ភ្នំ ស្វា​​ព្រាម​នោះ​ស្រលាញ់​មេ​ភរិយា​ក្រៃ​ពេក​ តាំង​ថ្នាក់​ថ្នម​ពុំ​អោយ​ទៅ​រក​ស៊ី​នៅ​ទី​អែ​ណា​ឡើយ​ ស៊ូ​ទៅ​បេះ​ផ្លែ​ឈើ រឺ​អាហារ​អែ​ណា​ដែល​មេ​នោះ​ចង់​ស៊ី​ ហើយ​ក៏​អុស្សាហ៍​នាំ​មក​ចិញ្ចឹម​ភរិ​យា​នោះ​តែ​សព្វ​ថ្ងៃ​។ លុះ​នៅ​យូរ​មក​មាន​ស្វា​ឳ​ឈ្មោល​មួយ​វង្វេង​ព្រៃ ដើរ​ទៅ​ដល់​ទី​ស្វា​ព្រាម​នោះ​អែង​ ថ្ងៃ​នោះ​ស្វា​ព្រាម​ទៅ​ស្វែង​អាហារ​អែ​ព្រៃ​ភ្នំ​ នៅ​តែ​មេ​ភរិ​យា​ចាំ​ទី​ អែ​មេ​នោះ​កាល​ឃើញ​ស្វា​ឈ្មោល​ជា​ជាតិ​ខ្លួន​មក​ដល់​ដូច្នោះ​ ក៏​កើត​ក្ដី​ស្នេហា​ស្រលាញ់​ចង់​រួម​ផ្លូវ​បវេ​ណី ​តាម​ជាតិ​ខ្លួន​ ទើប​សាក​សួរ​ដោយ​មាយា​ទៅ​ថា «ហៃ​អ្នក​កំលោះ​ អ្នក​ដើរ​មក​នេះ​​តើ​មក​អំពី​ស្ថាន​ណា​ អ្នក​មក​នេះ​តើ​មាន​បើ​ប្រាថ្នា​រក​អ្វី​ហៈ​?​។

អែ​មេ​ស្វា​នោះ​ មាន​ចិត្ដ​ស្រលាញ់​ស្វា​ឳ​នោះ​ខ្លាំង​ណាស់​ ក៏​ទទួល​ពាក្យ​ថា «អ្នក​អែង​ចូរ​នៅ​ទី​ខ្ញុំ​នេះ​ចុះ តែ​អ្នក​អែង​ឆ្លើយ​ថា ជា​ក្មួយ​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​យ៉ាង​នេះ​ទើប​អិត​ក្ដី​រង្កៀស​ អីលូវ​នេះ​ប្ដី​ខ្ញុំ​ទៅ​ព្រៃ​ស្វែង​រក​អាហារ​ពុំ​ទាន់​មក បើ​គាត់​មក​កាល​ណា​ ចូរ​បា​អែង​ហៅ​គេ​លោក​មា​ៗ​ចុះ​យើង​ប្រាប់​ប្ដី​យើង​ថា​ បា​អែង​ជា​ក្មួយ​មក​តាម​យើង​ មក​សួរ​យើង​ ៗ​​នឹង​អោយ​ចៅ​អែង​នៅ​ជា​មួយ​ផង​ កុំ​អោយ​ប្ដី​យើង​គាត់​មាន​ចិត្ដ​រង្កៀស​សង្ស័យ​នឹង​ចៅ​ឡើយ​ ថា​ហើ​យ​មេ​ស្វា​ប្រាប់​ឈ្មោះ​ម្ដាយ​ឳ​ពុក នឹង​ឈ្មោះ​ញាតិ​សន្តាន​អែ​ណោះ​អោយ​ចៅ​ពានរ​នោះ​ចាំ​ឈ្មោះ​ទាំង​អស់​ ដើម្បី​ប្ដី​សួរ​សុខ​ទុក្ខ​ដល់​វង្ស​ញាតិ​ នឹង​ប្រាប់​អោយ​ត្រូវ​ អោយ​ប្ដី​ជឿ​ចិត្ដ​ថា​ ជា​កូន​ក្មួយ​ខាង​ប្រពន្ធ​មែន​ មេ​ស្វា​ប្រាប់​ការ​នោះ​ស្រេច​ហើយ​ ក៏​នាំ​ចៅ​ពាន​រ​នោះ​ចូល​ទៅ​ក្នុង​រូង​ភ្នំជា​លំនៅ​ខ្លួន​ ហើយ​សំដែង​ករិ​យា​មាយា​ញ៉ាំង​ចិត្ដ​ចៅ​ពានរ​អោយ​ទប់​ពុំ​បាន​ ចៅ​ពានរ​ក៏​ចូល​រួម​សង្វាស​សេព​មេ​ថុន​ នឹង​មេ​នោះ​អែង លុះ​រួច​កិច្ច​នោះ​ហើយ​ ចៅ​ពាន​រ​ក៏​ចេញ​មក​ខាង​ក្រៅ​។

លុះ​ដល់​ពេល​ល្ងាច​ ស្វា​ព្រាម​ជា​ប្ដី​មក​ដល់​មេ​នោះ​ ក៏​ធ្វើ​ជា​មាយា​ប្រើ​កិរិ​យា​ដូច​ជា​គេ​ត្រេក​អរ​នឹង​ប្ដី​ក្រៃ​ពេក​ គឺ​ស្ទុះ​ទៅ​ទទួល​ប្ដី​ហើយ​ស្រដី​ថា​ ថ្ងៃ​នេះ​ខ្ញុំ​នឹក​ដល់​អ្នក​ណាស់​ ព្រោះ​ក្មួយ​យើង​ទើប​នឹង​មក​ដល់​ បាន​ដំណឹង​ពី​ពួក​ញាតិ​យើង​ថា សុខ​សប្បាយ​ជា​ទាំង​អស់​គ្នា​ទេ​។ អែ​ស្វា​ព្រាម​ពុំ​ដឹង​កល​មាយា​មេប្រពន្ធ​ក៏​នឹក​ស្មាន​ថា​មែន​ពិត​ ទើប​សួរ​ទៅ​ថា​ ចុះ​ក្មួយ​នោះ​នៅ​អែ​ណា​ ទៅ​ហៅ​វា​មក​មើល​ មេ​ស្វា​ក៏​ចេញ​ទៅ​ហៅ​អា​សហាយ​នោះ​មក​ អា​នោះ​មក​ក៏​សំពះ​សួរ​តាម​ភាសា​ ទើប​ស្វា​ព្រា ម​សួរ​ដំណឹង​ពី​ពួក​ញាតិ​ខាង​ប្រពន្ធ​នោះ​ តាម​ក្ដី​ដែល​ប្រាស​មក​នៅ​ឆ្ងាយ​ អែ​ចៅ​ពានរ​នោះ​ ក៏​ប្រាប់​តាម​សេច​ក្ដី​ គឺ​ស្វា​ព្រាម​ នោះ​សួរ​ដល់​ឈ្មោះ​ណា ចៅ​ពានរ​ក៏​ប្រាប់​តាម​ឈ្មោះ​នោះ​ពុំ​អោយ​ខុស​ឡើយ​។

ចៅ​ស្វា​ព្រាម​បាន​លឺ​ចៅ​ពានរ​ប្រាប់​ឈ្មោះ​វង្ស​ញាតិ​ត្រកូល​ចំ​ឈ្មោះ​ដូច្នោះ​ ក៏​អស់​ក្ដី​សង្ស័យ​ ជឿ​ថា​ជា​ញាតិ​ខាង​ប្រពន្ធ​ខ្លួន​ពិត​ ទើប​និយាយ​ថា​ «អើ​ក្មួយ​អែង​បាន​មក​ដល់​ទី​យើង​នេះ​ហើយ ក៏​ចូរ​នៅ​រក​ស៊ី​នឹង​យើង​ចុះ​ បើ​ចង់​ទៅ​ស្រុក​វិញ​កាល​​ណា​ចូរ​ប្រាប់​មា ​ៗ​ជូន​ទៅ​» ថា​ហើយ​ក៏​រៀប​ចំ​ទី​អោយ​ចៅ​ពានរ​នោះ​នៅ​ក្នុង​រូង​ថ្ម​ជា​មួយ​អាត្មា​ ហើយ​តែង​នាំ​ស្វា​ឳ​នោះ​ ទៅ​ស្វែង​រក​ចំណី​ព្រៃ​ នាំ​មក​ចិញ្ចឹម​គ្នា​តាម​ភាព​សត្វ​ពានរ​ហោង​។

អែ​មេ​ស្វា​នោះ​ក៏​លប​លាក់​សហាយ​នឹង​អាស្វា​ឳ​នោះ​ ជា​ប្រក្រ​តី ចៅ​ស្វា​ព្រាម​ជា​ប្ដី​ពុំ​ដឹង​កល​មាយា​នោះ​ឡើយ​ ដោយ​ការ​ទុក​ចិត្ដ​ថា​ជា​ញាតិ​ជា​ក្មួយ​ខ្លួន​​អែ ស្វា​ទាំង​ពីរ​តាំង​ពីបាន​រួម​សេព​កាម​សង្វាស​នឹង​គ្នា ក៏​កើត​ចិត្ដ​ស្អប់​ប្ដី គិត​នឹង​លួច​ទ្រព្យ​របស់​អោយ​បាន​ច្រើន​ហើយ​នាំ​គ្នា​រត់​ចោល​ស្វា​ព្រាម​ ទៅ​ នៅ​ព្រៃ​រ​នាម​វិញ​។

មាន​​កាល​​ថ្ងៃ​​មួយ​​ មេ​នោះ​ក្លែង​ធ្វើ​ជា​ឈឺ​ពុំ​សប្បាយ​ តាំង​ដេក​នៅ​ពុំ​នាំ​ពា ក្លែង​មាយា​ប្រាប់​ប្ដី​ថា «​ខ្ញុំ នេះ​តាំង​ពី​កូន​ក្មួយ​មក​នៅ​ផង​ ក៏​ពុំ​ចេះ​ជា​ឡើយ​ តែង​ក្ដៅ​ក្រហាយ​រសាប់​រសល់​ ស៊ី​ពុំ​បាន​ដេក​ពុំ​បាន​កើត​រំខាន​ខ្លាំង​ ខ្ញុំ​បាន​ទៅ​រក​ហោរ​គន់​គូរ​មើល​ ​គេ​ថា​ត្រូវ​ខ្មោច​ដូន​តា​មេ​បា​ខឹង​ ព្រោះ​កូន​ក្មួយ​មក​ដល់​មិន​គិត​សែន​ព្រេន​ទទួល​ខ្មោច​ ហេតុ​ដូច្នេះ​ចូរ​អ្នក​មេត្ដា​ប្រពន្ធ​ចុះ ចូរ​អ្នក​ទៅ​ព្រៃ​ស្វែង​រក​ឃ្មុំ​ផ្លិត​បាន​មួយ​សំបុក​យក​មក​សែន​ដូន​តា​អោយ​ខ្ញុំ​ ព្រោះ​ដូន​តា​ខ្ញុំ​គាប់​ចត្ដិ​ នឹង​ឃ្មុំ​ផ្លិត ទាល់​តែ​មាន​ឃ្មុំ​ផ្លិត​ទើប​ទទួល​សំនែន​នោះ​ នឹង​ធ្វើ​អោយ​បាន​ជា​សុខ​សប្បាយ​ត​ទៅ​ ហើយ​ថ្ងៃ​នេះ​កុំ​អោយ​ ក្មួយ​វា​ទៅ​ព្រៃ​ផង​ឡើយ​ ទុក​អោយ​នៅ​ជួយ​មើល​ជំងឺ​ខ្ញុំ​»​។ អែ​ស្វា​ព្រាម​ពុំ​ដឹង​កល​មាយា​ព្រពន្ធ​ឡើយ ក៏​ជឿ​តាម ហើយ​អោយ​អា​ក្មួយ​នៅ​រក្សា​មីង​ ខ្លួន​អែ​ក៏​ចេញ​ទៅ​ស្វែង​រក​ឃ្មុំ​ហោង​។

អែ​មេ​នោះ កាល​ប្ដី​ទៅ​បាត់​ហើយ ក៏​សប្បាយ​នឹង​សហាយ​តាម​កាល​ស្ងាត់​ វា​នាំ​គ្នា​រើ​យក​របស់​ទ្រព្យ​យ៉ាង​ល្អ​ៗ វេច​ស្ពាយ​ហើយ​នាំ​គ្នា​រត់​ចោល​ប្ដី​ទៅ​នៅ​អែ​ព្រៃ​រនាម​ តាម​ក្ដី​ប្រាថ្នា​វា​ហោង​។ លុះ​ដល់​ពេល​ល្ងាច​ ស្វា​ព្រាម​មក​ដល់​បាត់​អស់​រលីង​ ស្វា​ព្រាម​ក៏​ដឹង​ថា អា​នោះ​មេនោះ​វា​ពង្រត់​​គ្នា​ទៅ​ចោល​ខ្លួន​ហើយ​ ស្វា​ព្រាម​បាន​ក្ដី​ក្ដៅ​ក្រហាយ​ដោយ​ចាញ់​កល​មាយា​ស្រ្ដី ជា​ការ​ធ្វើ​អោយ​បុរស​ដឹង​មិន​ដល់​បាន​ ជា​ការ​ធ្វើ​អោយ​បុរស​លង់​បង់​ប្រាណ​ មាន​សភាព​ដូច្នេះ​ហោង​។

រឿង​នេះ​បាន​គតិ​ដល់​ស្រី​ជួ បាន​ប្ដី​ជាតិ​ដទៃ​អំពី​ជាតិ​ខ្លួន​ ហើយ​ទោះ​ប្ដី​នោះ​ស្រលាញ់​ថ្នាក់​ថ្នម​អោយ​សម្បត្ដិ​យ៉ាង​ណា​ក៏​ដោយ​ តែ​ឃើញ​ប្រុស​ជាតិ​ខ្លួន​ហើយ​ក៏​កើត​ត្រេក​អរ​នឹង​ជាតិ​ខ្លួន​វិញ​ គឺ​បែរ​ទៅ​ស្រលាញ់​ប្រុស​ជាតិ​ជា​មួយ​ ដូច​មេ​ស្វាឳ​ ទៅ​សហាយ​នឹង​អាស្វា​ឳ​ចោល​ស្វា​ព្រាម​ប្ដី​ដើម​នោះ​អែង​។

មួយ​ទៀត​មាយា​ស្រី​ខូច​នោះ​ជា​ការ​ជ្រៅ​ពេក​ណាស់​ កំរ​បុរស​ជា​ប្ដី​នឹង​ដឹង​ដល់​ ដូច​យ៉ាង​មេស្វា​ឳ​វា​ប្រចុប​ប្ដី​អោយ​ជឿ​​ចៅ​ជា​កូន​ ជា​ក្មួយ​ ជា​ញាតិ​សន្ដាន​ធ្វើ​អោយ​ប្ដី​អស់​ក្ដី​រង្កៀស​ អស់​ក្ដី​សង្ស័យ យក​អាស​ហាយ​អោយ​នៅ​ជា​មួយ​ផង​បាន មួយ​ទៀត​ស្រី​ខ្លះ​វា​ចេះ​បង្រ្គប​ទៅ​លើ​ម៉ែ​ឳ​វិញ​ក៏​មាន​ ដូច​និទាន​បុរាណ​មាន​មក​ថា៖

រឿងស្រីផិតប្ដីបិទមិនអោយប្ដីដឹង

កាល​នោះ​មាន​ត្រកូល​១​ តាំង​លំ​នៅ​ៗ​ខាង​ធ្លា​ផ្សារ​ធំ​ប្រជុំ​មនុស្ស​ច្រើន​ ត្រកូល​នោះ​មាន​កូន​ប្រសា​ស្រី​ម្នាក់​ មេ​នោះ​ជា​ស្រី​អ្នក​លេង​គប់​ប្រុស​ សហាយ​វា​ចេះ​រក​អុបាយ​បិទ​មិន​អោយ​ប្ដី​ដឹង​ កាល​ណា​វា​ចង់​ដេក​នឹង​សហាយ​ វា​អោយ​សហាយ​នោះ​មក​ដេក​ចាំ​នៅ​រាន​ខាង​ជ្រុង​របង​ផ្ទះ​ លុះ​ដល់​រាត្រី​ស្ងាត់​ ប្ដី​ដេក​លក់​វា​ក៏​លប​ចុះ​ទៅ​ដេក​នឹង​សហាយ​នោះ​អែង​។ ថ្ងៃ​មួយ ពេល​យប់​ចូល​ជា​មជ្ឈឹម​យាម​ តា​ព្រាហ្មណ៍​ជា​អាពុក​ក្មេក​ចុះ​ទៅ​បង្គន់​ ដោយ​​គាត់​ហើម​ពោះ គាត់​អុជ​ទៀន​កាន់​ដើរ​ទៅ ​ដល់​រាន​នោះ​ បាន​ឃើញ​កូន​ប្រសា ដេក​អោប​ប្រុស​សហាយ​ ទើប​គាត់​គិត​ថា អញ​នឹង​ស្រែក​ឡូ​ឡា​ឡើង​ក្នុង​កាល​អីលូវ​ នេះ​យល់​មិន​គួរ​អញ​គិត​យក​តែ​របស់​សំខាន់​ទុក​អោយ​កូន​អញ​វាមើល​ជា​ភស្ដុ​តាង​ចុះ តា​ព្រាហ្ម​ដើរ​លប​ៗ​ទៅ​ដោះ​យក​ កង​ជើង​អំពី​ជើង​មេ​កូន​ប្រសា​នោះ​បាន​ម្ខាង​ ហើយ​ក៏​វិល​ឡើង​មក​ផ្ទះ​ដោយ​ប្រញាប់​ មិន​ទាន់​បាន​ប្រាប់​អោយ​គេ​អែង​នៅ​ជិត​ខាង​ដឹង​លឺ​ឡើយ​ គាត់​ក៏​យក​កង​នោះ​ដាក់​ក្នុង​ប្រអប់​ស្លា​។

អែ​មេ​នោះ​ក្នុង​ខណៈ​ដែល​ដេក​នឹង​ប្រុស​សហាយ​ហើយ​ ដែល​អាពុក​ក្មេក​ដោះ​យក​កង​ជើង​ទៅ​នោះ វា​នឹង​បាន​ដេក​លក់​​ក៏​ទេ វា​ដឹង​ឳ​ពុក​ក្មេក​ដោះ​យក​កង​ដែរ តែ​វា​ក្លែង​សំងំ​ធ្វើ​ជា​លក់​ដោយ​អៀន​នឹង​អាពុក​ទាន់​ លុះ​អាពុក​ទៅ​ផ្ទះ​ហើយ​ទើប​វា​ដាស់​ប្រុស​សហាយ​នោះ អោយ​ក្រោក​ឡើង​ប្រាប់​អោយ​រត់​ទៅ​ ខ្លួន​វា​ក៏​ត្រលប់​ឡើង​ទៅ​លើ​ផ្ទះ​ ចូល​ទៅ​ដេក​នឹង​ប្ដី ហើយ​ដាស់​ប្ដី​អោយ​ភ្ញាក់​ឡើង​ ទើប​វា​ក្លែង​ពោល​ថា​ក្ដៅ​ណាស់​ដេក​មិន​លក់​ទេ ហើយ​វា​បបួល​ចៅ​ប្ដី​ទៅ​ដេក​នៅ​រាន​ខាង​របង​ផ្ទះ​ដែល​វា​ដេក​នឹង​ប្រុស​សហាយ​នោះ លុះ​ដល់​ពេល​ទៀប​នឹ​ង​ភ្លឺ មេ​នោះ​វា​ក្លែង​ស្រែក​ឡូឡា​ឡើង​ថា ហេតុ​អ្វី​មក​ កំហែង​ខ្ញុំ​តែ​ផ្ដាស​ដូច្នេះ​។

អែ​ចៅ​ប្ដី​បាន​លឺ​ដូច្នោះ​ ក៏​ភ្ញាក់​ឡើង​ភិត​ភ័យ​តក់​ស្លុត​ ទើប​សួរ​ភរិយា ​ៗ​ប្រាប់​ថា​ខ្ញុំ​នឹង​អ្នក​ដេក​នៅ​នេះ​ បិតា​អ្នក​ជា​មនុស្ស​ចាស់​ទុំ​ពុំ​មាន​ក្ដី​អៀន​ខ្មាស់​ ចុះ​មក​ចាប់​ជើង​ខ្ញុំ​ដោះ​យក​កង​ជើង​ខ្ញុំ​ទៅ​។ អែ​ចៅ​ប្ដី​បាន​ស្ដាប់​ពាក្យ​ភរិយា​ថា​ដូច្នោះ​ ក៏​ខឹង​នឹង​អាពុក​ខ្លួន​ ទើប​ម្នី​ម្នា​ឡើង​ទៅ​លើ​ផ្ទះ ហើយ​និយាយ​នឹង​អាពុក​ថា​ «គួរ​រឺ ឳ​អែង​ធ្វើ​អំពើ​មិន​គួរ​យ៉ាង​នេះ​»​។ អែ​បិតា​ ក៏​បើក​ប្រអប់​យក​កង​មក​អោយ​កូន​មើល​ហើយ​ប្រាប់​ថា «វេលា​យប់​មិញ​នេះ ភរិយា​ចៅ​អែង​វា​នាំ​ប្រុស​សហាយ​មក​ដេក​នៅ​លើ​រាន​ខាង​ផ្ទះ​ វា​ដេក​លក់​ទាំង​ពីរ​នាក់​ អញ​ចុះ​ទៅ​ឃើញ អញ​គិត​ថា​នឹង​ស្រែក​ឡូ​ឡា​ឡើង​ ខ្លាច​វា​បាន​ក្ដី​ខ្មាស​អស់​​ពួក​អ្នក​ស្រុក​ ទើប​អញ​ដោះ​យក​តែ​កង​ជើង​ម្ខាង​ជា​ទី​អាង​មក​ទុក​អោយ​កូន​អែង​មើល​ជា​សាក្សី​» បិតា​និយាយ​មិន​ទាន់​អស់​សេច​ក្ដី​ កូន​មិន​ជឿ​ក៏​ពោល​កាត់​ថា «ខ្ញុំ​បាទ​ប្ដី និង​ប្រពន្ធ​នាំ​គ្នា​ចុះ​ទៅ​ដេក​នៅ​រាន​នោះ ឳ​អែង​ជា​មនុស្ស​ចាស់​មិន​ពិគ្រោះ​មើល​អោយ​មែនទែន​ ចូល​ទៅ​លួច​ដោះ​យក​កង​ប្រពន្ធ​ខ្ញុំ​ ហើយ​មក​ពោល​ដាក់​ទោស​កូន​ប្រសា ថា​គប់​ប្រុស​សហាយ​ អោយ​បាន​ក្ដី​អាស្រូវ​ បារាយ​ខ្មាស​គេ​យ៉ាង​នេះ គួរ​រឺ​ធ្វើ​ជា​ចាស់​មក​ពា​លោ​ពោល​បង្ខូច​គេ​យ៉ាង​នេះ​ ប្រពន្ធ​ខ្ញុំ​វា​ដេក​ នឹង សហាយ​អែណា វា​ដេក​នឹង​ខ្ញុំ​ទេ​តើ​។

អែ​បិតា​នោះ​លុះ​លឺ​កូន​ថា​មិន​ជឿ​ពាក្យ​ខ្លួន​ដូច្នោះ​ក៏​ស្ងៀម​ ទើប​និយាយ​ថា «អើ​យើង​ជា​ចាស់​មិន​ពិគ្រោះ​ ទៅ​យក​អំពើ​អាក្រក់​មក​ទំលាក់​ដាក់​ប្រពន្ធ​ចៅ​អែង​មែន​ ណ្ហើយ​ចុះ យើង​ខុស​ហើយ​យើង​សូម​ខមា​ទោស​ផង​ចុះ​។ ចៅ​ប្ដី​មិន​ដឹង​កល មាយា​ភរិយា​ខ្លួន​ធ្វើ​ល្មើស​គប់​ប្រុស​សហាយ​ ហើយ​ក្លែង​កំ​ហែង​បិតា​វិញ​ថា បិតា​ញុះ​ញង់​បំ​បាក់​បំបែក​ប្រពន្ធ​ខ្លួន អស់​ក្បួន​ស្រី​មាយា​តែ​ត្រឹម​នេះ​។