១ -សត្វភេពីររកអាហារ
ថ្ងៃសៅរ៍ ទី14.មករា 2017.ម៉ោង 10:02

មាន​សត្វ​ភេ​ពីរ​ ភេ​មួយ​ដើរ​រក​ត្រី​ខាង​ទឹក​ជ្រៅ​ ភេ​មួយ​ទៀត​ដើរ​រក​ត្រី​ខាង​ទឹក​រាក់​។ ថ្ងៃ​មួយ​ភេ​ទាំង​ពីរ​ចុះ​ស្ទឹង​មុជ​ទឹក​ដេ ញ​ចាប់​ត្រី បាន​ត្រី​រ៉ស់​មួយ​ទើប​នាំ​គ្នា​ទាញ​ឡើង​គោក​ ដើម្បី​នឹង​ចែក​គ្នា​។ ភេ​ខាង​ទឹក​ជ្រៅ​ពោល​ថា «យើង​មុជ​ដើរ​ខាង​ទំ ជំរៅ​បាន​ក្ដី​លំបាក​ច្រើន​ ដូច្នេះ​យើង​ត្រូវ​បាន​ចំនែក​ខាង​ក្បាល​»​។ ​អែ​ភេ​ខាង​ទឹក​រាក់​ក៏​ឆ្លើយ​ថា «ត្រី​នេះ​កុំ​តែ​បាន​យើង​ស្ទាក់​នៅ​ទឹក​រាក់​កុំ​អី​វា​រួច​ខ្លួន​ទៅ​ទី​ណា​ៗ​បាត់​ហើយ​ ដែល​បាន​ត្រី​នេះ ក៏​ព្រោះ​កំលាំង​យើង​ៗ​ ស្ទាក់​​ចាប់​បាន ដូច្នេះ​ចំនែក​ខាង​ក្បាល​នោះ​ត្រូវ​បាន​យើង​។

អែ​ភេ​ទឹក​រាក់​ ក៏​ទៅ​កាន់​សំណាក់​នៃ​ខ្លា​ត្រី​ ដល់​ហើយ​ក៏​ចូល​ទៅ​ប្ដឹង​ តាម​រឿង​ដែល​ភេ​ទឹក​ជ្រៅ​មិន​ចែក​ភាគ​ក្បាល​ត្រី​អោយ​​នោះ​សព្វ​ប្រការ​។ អែ​ខ្លា​ត្រី​បាន​លឺ​ដូច្នោះ​ ក៏​តប​ថា «អើ​ ចចក​កាត់​ចែក​អោយ​យ៉ាង​នោះ​មិន​ត្រូវ​តាម​ច្បាប់​ក្នុង​មាត្រា​ចូល​ហ៊ុន​គ្នា​ទេ​ ច្បាប់​ចូល​ហ៊ុន​នោះ​ត្រូ​វតែ​ចែក​អោយ​ស្មើ​ភាគ​គ្នា​ នឹង​កាត់​យល់​ដោយ​ផ្លូវ​ជ្រៅ​ ផ្លូវ​រាក់​នោះ​អែ​ណា​ក៏​បាន​ព្រោះ​ ក្ដី​នឿយ ក្ដី​លំបាក​ចុះ​កំលាំង​ដូច​គ្នា រឿង​នេះ​ត្រូវ​ថ្លឹង​ដាយ​ត្រាជូ​ ទើប​គួរ​ទើប​សម​គ្នា នឹង​ផ្លូវ​យុត្ដិ​ធម៌​បាន​» ថា​ហើយ​ខ្លា​ត្រី ក៏​លើក​យក​ត្រាជូ​មក​តាំង​ហើយ​យក​ក្បាល​ត្រី​ដាក់​លើ​អ៊ុយ​ម្ខាង​ យក​កន្ទុយ​ត្រី​ដាក់​លើយ​អ៊ុយ​ម្ខាង​ តាំង​ថ្លឹង​មើល​ដោយ​ទំងន់​ប៉ុង​។

អែ​ក្បាល​ត្រី​ដោយ​មាន​ឆ្អឹង​ធំ​ក៏​ធ្ងន់​ចុះ​ ខ្លា​ត្រី​ក៏​ថា «អះ​អា​ខាង​នេះ​មាន​ទំងន់​ជាង​ ត្រូវ​យក​សាច់​ចេញ​ខ្លះ​ទើប​បាន​» ថា​ហើយ​ក៏​លូក​យក​ក្បាល​ត្រី​ចេញ​ចាក​អ៊ុយ​ ហើយ​អោន​ខាំ​ស៊ី​ត្រង់​សាច់​អម​ ក ហើយ​ដាក់​ថ្លឹង​ទៀត​ ថ្លឹង​ទៅ​ខាង​ក្បាល​ស្រាល​បះ​ ឡើង​ខាង​កន្ទុយ​ក៏​ធ្ងន់​ចុះ​។ ខ្លា​ត្រី​ក៏​ថា «អះ​តា ខាង​នេះ​ចាស់​ជាង​ ត្រូវ​យក​សាច់​ចេញ​ខ្លះ​»​។ ថា​ហើយ​ក៏​លូក​យក​កន្ទុយ​ចាក​ចេញ​ពី​អ៊ុយ​ ហើយ​អោន​ខាំ​ស៊ី​សាច់​ខាង​គល់​កន្ទុយ​នោះ​ ហើយ​ដាក់​ថ្ងឹង​ទៀត​ ថ្លឹង​ទៅ​ខាង​កន្ទុយ​ស្រាល​បះ​ឡើង​ ខ្លា​ត្រី​ក៏​លូក​យក​ក្បាល​មក​ខាំ​ស៊ី ហើយ​ដាក់​ថ្លឹង​ត​ទៅ​ទៀត​។ ខ្លា​ត្រី​ថ្លឹង​ត្រី​ក្លែង​មិន​អោយ​ស្មើ ចេះ​តែ​ស៊ី​ទៅ​ស៊ី​មក ទាល់​តែ​អស់​ សាច់​ រេច​នៅ​សល់​តែ​ឆ្អឹង​ទាំង​សង​ខាង​ ទើប​ថ្លឹង​អែ​ក្រោយ​អោយ​ស្មើ​បាន​ ហើយ​ក៏​ដាក់​ចុះ​ចាក​ត្រាជូ​ ហៅ​ភេ​ទាំង​ពីរ​ថា «ចៅ​អែង​ទាំង​ពីរ​ចូល​មើល​ចុះ យើង​ថ្លឹង​ចែក​នេះ​ត្រូវ​ដោយ​យុត្ដិ​ធម៌​ល្អ​ហើយ​ តាម​ចិត្ដ​ចៅ​ណា​យក​ភាគ​ខាង​ណា​ក៏​មក​យក​ទៅ​ចុះ ភាគ​ទាំង​ពីរ​នេះ​មិន​លើស​មិន​ខ្វះ​ទេ»​។ អែ​ភេ​ទាំង​ពីរ​បាន​ឃើញ​កិរិយា​ខ្លា​ត្រី​ក្លែង​ថ្លឹង​ស៊ី​សាច់​អស់​ខាង​ក្បាល​នៅ​តែ​រលា​ ខាង​កន្ទុយ​នៅ​តែ​ចុង​ជាយ​ នឹង​យក​ទៅ​អាស្រ័យ​ពុំ​បាន​ដូច្នោះ​ ក៏​កើត​ខឹង​ចិត្ដ​ស្ដាយ​គំនិត​​ប្រ​ព្រឹត្ដ​ខុស​ លុះ​ទៅ​ដោយ​ក្ដី​លោភ​ចង់​បាន​តែ​អែង​ មិន​បែង​បទ​អធ្យា​ស្រ័យ​ ក្ដី​សា​មគ្គី​នឹង​គ្នា កើត​ខឹង​ប្ដឹង​ផ្ដល់​ទល់​តែ​អស់​ស្បៀង​រៀង​ខ្លួន​ រក​ទាំង​​ពីរ​កើត​វិប្ប​ដិសារី​ រំលឹក​ក្ដី​ខ្លួន​ធ្វើ​ខុស​កើត​ក្ដៅ​ក្រហាយ​ ហើយ​ក៏​បោល​ចោល​ចំណែក​ខ្លួន​ទៅ​កាន់​លំនៅ​នៃ​អាត្មា​ទី​ទៃៗ​ហោង​។ រឿង​នេះ​អញ្ជើញ​​ប្រាជ្ញ​មាន​បញ្ញា​ពិចា​រណា​ទៅ​ចុះ​។

ភេអើយភេពីរ ខេះខឹងមមីរ បែកក្ដីសាមគ្គា
ព្រោះលោភលាភអែង មិនបែងចែកគ្នា ទៅប្ដឹងដល់វា
ចចកចែកអោយ។
ធម្មជាតិចចក ជាសត្វនៃនក វាយយកចំណែក
កណ្ដាលសាច់ច្រើន ចំរើនអ្នកចែក ចុងដើមបំបែក
បានភេទ្វេហា។
ក្រោយភេចោទខឹង ពាំត្រីទៅប្ដឹង ខ្លាត្រីទៀតណា
ខ្លាតាំងត្រាជូ ថ្លឹងផ្គូភ្នែកត្រា ទំរាំស្នើគ្នា
នៅសល់តែឆ្អឹង។

ចប់តំរាចៅក្រមកោង ជាគតិទី៦៥
រឿងបុរសម្នាក់ស្លាប់ទៅកើតជាហង្សមាស

មាន​ព្រាហ្មណ៍​ម្នាក់​ នៅ​ក្នុង​នគរ​ពារាណ​សី ព្រាហ្មណ៍​នោះ​លុះ​ធ្វើ​កាល​កិរិយា​ស្លាប់​ទៅ​ ទៅ​កើត​ជា​សុវណ្ណ​ហង្ស​មួយ​ នៅ​ក្នុង​ព្រៃ​ហិម​ពាន្ដ ហង្ស​មាស​នោះ​រំលឹក​ជាតិ​កំនើត​ខ្លួន​បាន​ដឹង​ថា នាង​ព្រាហ្មណ៍​ជា​ប្រពន្ធ​ខ្លួន​ និង​នាង​ធីតា​ទាំង​ឡាយ ជា​កូន​ខ្លួន​ដល់​នូវ​ក្ដី​ក្រី​ក្រ​តោក​យ៉ាក​ លំបាក​ទុគ៌ត​ រក​ស៊ី​ដោយ​ការ​បំរើ​ស៊ី​ឈ្នួល​គេ​ដូច្នោះ​ ក៏​កើត​ចិត្ដ​អានិត​ដល់​ប្រពន្ធ​កូន​ក្រៃ​ពេក​ ទើប​ហើរ​មក​កាន់​ផ្ទះ​កូន​ប្រពន្ធ​នោះ​ ហើយ​និយាយ​ប្រាប់​រឿង​ខ្លួន​ជា​ស្វាមី​ជា​បិតា​ ស្លាប់​ទៅ​កើត​ជា​សុវណ្ណ​ហង្ស​ មក​នេះ​ដើម្បី​នឹង​ជំរុះ​​ស្លាប​មាស​ ១​-​២ អោយ​កូន​ប្រពន្ធ​យក​ទៅ​លក់​ចិញ្ចឹម​ជិវិត​ កុំ​អោយ​កូន​ប្រ​ពន្ធ​ធន់​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ​ឡើយ​ ហង្ស​ប្រាប់​សេច​ក្ដី​សព្វ​ប្រការ​ហើយ​ ក៏​ជំរុះ​ស្លាប​មាស​ ១​អោយ​ទៅ​នាង​ធីតា​ហើយ​ផ្ដាំ​ថា​ បើ​កូន​ប្រ​ពន្ធ​លក់​ស្លាប​មាស​១​នេះ​ ចាយ​អស់​កាល​ណា សឹម​យើង​មក​ជំរុះ​អោយ​ក្នុង​កាល​នោះ​ទៀត​ ផ្ដាំ​ហើយ​ហង្ស​មាស​ក៏​លា​កូន​ប្រពន្ធ​ហើរ​វិល​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​ អៃ​ដ៏​ព្រះ​ហិម​ពាន្ដ​វិញ​ហោង​។​

ហង្ស​នោះ​ទ្រាំ​ទុក្ខ​វែទនា​នៅ​ត្រា​តែ​រោម​ថ្មី​ដុះ​ឡើង​ហើរ​បាន​ ក៏​ហើរ​ទៅ​កាន់​ព្រៃ​ហិ​មពាន្ដ​ ពុំ​បាន​មក​កាន់​ផ្ទះ​នាង​ព្រាហ្មណី​នោះ​ទៀត​ឡើយ​ ចាប់​ផ្ដើម​ពី​ថ្ងៃ​នោះ​មក​ នាង​ព្រាហ្មណី​នោះ​ខាត​លាភ​ គឺ​ពុំ​មាន​អ្វី​លក់​ដូរ​ចែក​ចាយ​ដូច​កាល​ថ្ងៃ​មុន​ៗ នោះ​ទៀត​ឡើយ​ ក៏​ធ្លាក់​ខ្លួន​ជា​ស្រី​ទុរគត​វិញ​ហោង​។

រឿង​នេះ​បាន​ជា​គតិ​ដល់​បុគ្គល​មាន​ក្ដី​មហិច្ឆតា​ ប្រាថ្នា​ចង់​បាន​ច្រើន​តែ​ម្ដង​ ក្ដី​លោភ​នោះ​នាំ​អោយ​ខាត​លាភ​វិញ​ ព្រោះ​អំពើ​ធ្វើ​ហួស​ប្រ​មាណ​ក្នុង​កាល​លាភ​នឹង​អោយ​ដូច​អ្នក​បេះ​ផ្លែ​ឈើ​ដំណាំ គឺ​ចាប់​មែក​រលើង​រិស​គល់​អស់​តែ​ម្ដង​ បុគ្គល​ប្រាថ្នា​លាភ​ លើស​កាល​កំនត់​មិន​សន្សឹម​ៗ​ទៅ​តាម​កាល​ លោភ​ចង់​អោយ​បាន​ច្រើន​តែ​ម្ដង​ លាភ​នោះ​នឹង​ខាត​នៅ​ត្រឹម​នោះ​ ពុំ​បាន​អោយ​ផល​ត​ទៅ​ទៀត​ ដូច​នាង​ព្រាហ្មណី​លោភ​ដក​រោម​ហង្ស​បង់​លាភ​វិញ​នោះ​អែង​។

មួយ​ទៀត​ ដូច​និទាន​ចៅ​បុរស​​ម្នាក់​​ ចិញ្ចឹម​មេ​មាន់​ដើម្បី​យក​ពង​លក់​ មេ​មាន់​នោះ​លុះ​ដល់​កំនត់​ពង​ ក៏​ពង​ក្នុង​១​ថ្ងៃ​មួយ​ៗ​ រៀង​ទៅ​តាម​ធម្មតា​ អែ​ចៅ​ម្ចាស់​មាន់​លោភ​ចង់​បាន​ច្រើន​តែ​ម្ដង​ ក៏​ចាប់​មេ​មាន់​នោះ​ មក​រឺត​យក​ពង​អោយ​អស់​តែ​ម្ដង​ អែ​ពង​ខ្ចី​ពង​ចាស់​ទាំង​ឡាយ​ ក៏​បែក​ល្អិត​ខ្ចេច​ខ្ទី ដោយ​ដៃ​ចៅ​នោះ​រឺត​ច្របាច់​យ៉ាង​ខ្លាំង​ ទាំង​មេ​មាន់​សោត​ធន់​នៅ​ពុំ​បាន​ ក៏​ស្លាប់​វិនាស​បង់​ក្នុង​កាល​នោះ​អែង​ ចៅ​ម្ចាស់​មាន់​ក៏​បង់​លាភ​នៅ​ត្រឹម​នោះ​អែង​។ បុគ្គល​បន្ទាន់​ចង់​មាន​ឆាប់​ មិន​ធ្វើ​តាម​សន្ដាប់​សន្សឹម​ៗ​ ទៅ​បំបោល​តែ​ម្ដង​ការ​នោះ​មិន​ស្ថាពរ​ថិត​ថេរ​ចេរ​កាល​ឡើយ​ សឹង​ធ្លាក់​នៅ​ក្នុង​កាល​វិនាស​វិញ​ហោង​​។ មួយ​ទៀត​ បុគ្គល​រៀន​សូត្រ​វិជ្ជា​អ្វី​ៗ ហើយ​បន្ទាន់​ចង់​ឆាប់​ក្ដី បុគ្គល​ស្វែង​ទ្រព្យ​បន្ទាន់ចង់​ឆាប់​ក្ដី​ បុគ្គល​ឡើង​ភ្នំ បន្ទាន់​ចង់​​ឆាប់​ក្ដី​ បុគ្គល​សេព​កាម​គុណ​ បន្ទាន់​ចង់​ឆាប់​ក្ដី បុគ្គល​ខឹង​រហ័ស​ក្ដី​ បុគ្គល​ទាំង​៥​ពួក​នេះ សឹង​បាក់​ធ្លាក់​នៅ​កណ្ដាល​ផ្លូវ​ ទៅ​មិន​ដល់​ត្រើយ​ឡើយ​។

បទហាមការបន្ទាន់ ការរហ័សនេះ មានក្នុងបទបាលីក្នុងលោកនីតិថាដូច្នេះ៖

សិនេ សប្បំ សិនេ ធនំ សិនេ បព្វតមារុយ្ហំ សិនេ កាមស្ស កោធស្ស សិនេ បញ្ចគុណេ អិមេ : ប្រែថា៖

រៀន​សិល្ប​កុំ​រានបន្ទាន​ញាប់ ស្វែង​រក​ទ្រព្យសន្សំ​កុំ​ខំ​ខ្លាំង
ឡើង​ភ្នំ​សន្សឹមកុំ​ប្រណាំង សេពកាមតាមកំលាំង តិចៗរ៉ា។
ខឹងឃារតិចៗកុំអោយស៊ីន កាមគុណទាំង៥ជាមាត្រា
សន្សឹមតិចៗមើលកិរិយា លោកថាសន្សឹមកុំបំបោល។
​ ​ ​ ​​
ហង្សអើយហេមហង្ស ហើរទៅស្រោចស្រង់ ភរិយាធីតា
ជំរុះស្លាបអោយ ដោយក្ដីមេត្ដា មិនដឹងកលវា
ភរិយាលោភធំ។
លោភលន់លើសកាល មិនដើរកន្ដាល សន្សឹមសន្សំ
ដក់អស់តែម្ដង គររាងទាំងគម្ព រំលើងរំលំ
រំលាយលភលាញ