រឿងសត្វបង្កួយនៅលើខ្លោងទ្វារ
ថ្ងៃសៅរ៍ ទី17.ធ្នូ 2016.ម៉ោង 10:19

មាន​សត្វ​បង្កួយ​មួយ​ អាស្រ័យ​នៅ​លើ​ខ្លោង​ទ្វារ​ ព្រះ​រាជ​វាំង​នៃ​ព្រះ​បាទ​វិទេហ​រាស្រ្ដ​ នៅ​ក្នុង​នគរ​មិ​ថិលា​ បង្កួយ​នោះ​តែង​​បាន​ឃើញ​ស្ដេច​យាង​ចេញ​ចូល​តាម​ទ្វារ​នោះ​កាល​ណា ​ក៏​ចុះ​មក​ដី​ធ្វើ​សិរសី​ផ្ងក់​ៗ​ គឺ​គំនាប់​គោរព​ព្រះ​បរម​រាជា​តែ​រាល់​ៗ​កាល​។ អែ​ព្រះ​បា​ទ​វិទេ​ហ​រាស្រ្ដ​ ស្ដេច​យល់​អាការ​កិរិយា​បង្កួយ​នោះ​ ហើយ​ក៏​ត្រាស់​សួរ​ចៅ​មហោ​សថ​បណ្ឌិត​​ពោធិ​សត្វ ​ៗ ​ក៏​ក្រាប​ទូល​តាម​ហេតុ​បង្កួយ​អោន​បង្គំ​ចំពោះ​បរម​រាជា​ ទើប​ស្ដេច​មាន​ព្រះ​ហរិ​ទ័យ​ត្រេក​អរ​ នឹង​បង្កួយ​នោះ​អែង​ ហើយ​ទ្រង់​ប្រោស​ប្រាណ​ព្រះ​រាជ​ទាន​មាស​មួយ​ពៃ​ក្ដាម​បើក​អោយ​នាយ​ពិសេស​ ទិញ​សាច់​អោយ​បង្កួយ​អាស្រ័យ​តាម​សម័យ​កាល​អំពី​ថ្ងៃនោះ​មក​ អែ​បង្កួយ​ក៏​បាន​នៅ​សុខ​សប្បាយ​ ពុំ​បាន​ខ្វល់​ខ្វាយ​ចេញ​ទៅ​ស្វែង​រក​អាហារ​អែណា​ឡើយ​។

អែ​ព្រះ​មហោ​សថ​បណ្ឌិត​​ពោធិ​សត្វ ក៏​ក្រាប​ទូល​សូម​ជីវិត​បង្កួយ​ ដោយ​ជា​សត្វ​តិរច្ឆាន​តូច​ពុំ​ដឹង​អ្វី​ មិន​គប្បី​នឹង​ទៅ​ពិឃាត​​វា ហើយ​ពោធិ​សត្វ​រក​ហេតុ​ដែល​នាំ​អោយ​បង្កួយ​កោង​មិន​ចុះ​មក​វន្ទា​ស្ដេច​ដូច​ថ្ងៃ​មុន​ៗ​ បាន​ហៅ​នាយ​ពិសេស​មក​សួរ​ការ​ នាយ​ពិសេស​ទូល​ថា បាន​យក​មាស​មួយ​ពៃ​ក្ដាម​ មក​ចោះ​ចង​ក​បង្កួយ​ដោយ​រក​ទិញ​សាច់​អោយ​វា​ស៊ី​មិន​បាន​។ ព្រះ​ពោធិ​សត្វ​ជ្រាប​ហេតុ​ដូច្នោះ​ ក៏​សំដែង​ទោស​មាស​ប្រាក់​នោះ​ថា ជា​គ្រឿង​នាំ​ចិត្ដ​សត្វ​ និង​មនុស្ស​អោយ​ស្រវឹង​ កាន់​​អស្មិ​មានះ​ឡើយ​ចាង​មាន​ប្រកា​រ​ផ្សេង​ៗ​ ញ៉ាំង​ព្រះ​ហរិ​ទ័យ​នៃ​ព្រះ​បាទ​វិទេ​ហរា​ស្រ្ដ​អោយ​រសាយ​ព្រះ​ក្រោធ​នឹង​បង្កួយ​នោះ​អែង​។ អែ​ព្រះបាទ​វិទេ​ហ​រាស្រ្ដ​ ស្ដេច​ក៏​អោយ​អាមាត្យ​យក​បង្កួយ​នោះ​ទៅ​លែង​ចោល​អៃ​ដ៏​ទី​ព្រៃ​ក្រៅ​ពុំ​ប្រោស​ប្រាណ​ចិញ្ចឹម​បង្កួយ​នោះ​ត​ទៅ​ទៀត​ឡើយ​។

រឿង​និទាន​នេះ មាន​សេច​ក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ទស​ជាតក​អែ​ណោះ​ អញ្ជើញ​ប្រាជ្ញ​ទៅ​មើល​យក​ចុះ អែ​ក្នុង​តំរា​នេះ​ខ្ញុំ​បាន​ទាញ​យក​មក​សំដែង​ដោយ​សង្ខេប​អោយ​ឃើញ​បែប ​អ្នក​អិត​ពូជ​អិត​សន្ដា​ល្អ ​បាន​យស​សក្ដិ​ហើយ ​រក្សា​យស​សក្ដិ​នោះ​ ទុក​យូរ​មិន​បាន​ ត្រលប់​ជា​ធ្លាក់​យស​នោះ​វិញ​ ដូច​បង្កួយ​រក្សា​មាស​មួយ​ពៃ​ក្ដាម​មិន​បាន​នោះ​អែង​ គួរ​ចូល​ចិត្ដ​ចុះ​។

បង់​អើយ​បង្កួយ បានមាសតូចមួយ កើតចិត្ដឡើងចាង
ចើងវាយកំពស់ កាន់យសក្អេងក្អាង ឃើញស្ដេចមកខាង
មិនចុះ វន្ទា។
អាងមាសចងក អំនួតអួតត បរមរាជា
បានក្ដីធ្លាក់ថ្លស់ ចាកយសសក្ដា ត្រូវព្រះអាជ្ញា
បណ្ដេញចាកទី។

ចប់តំរាមនុស្សជួ ផ្ទឹមតួនឹងអ្នកធំជាគតិទី៦០
រឿងព្រានព្រៃចាប់សត្វសារិកា

មាន​នាយ​ព្រាន​ព្រៃ​ម្នាក់​ ទៅ​ចាប់​សត្វ​សារិកា​១ ក្ងោក​១ កុក​១ បាន​មក​បង្ហាត់​ក្នុង​ការ​ល្បែង​ គឺ​សារិកា បង្ហាត់​អោយ​ចេះ​និយាយ​ស្ដី​ជា​ភាសា​មនុស្ស​យើ​ង​បាន​គ្រប់​ប្រការ អែ​ក្ងោក​និង​កុក​បង្ហាត់​អោយ​ចេះ​រេ​រាំ ​ប្រើ​លំនាំ​ទៅ​បាន​ផ្សេង​ៗ​។ នាយ​ព្រាន​បង្ហាត់​សត្វ​ទាំង​បី ​បាន​ចេះ​ស្ទាត់​ហើយ ទើប​នាំ​យក​ទៅ​ថ្វាយ​ព្រះ​បរម​រាជា​ នា​ព្រះ​រាជ​វាំង​ដើម្បី​យស​សក្ដិ​នឹង​ប្រាក់​រង្វាន់​តាម​ភាព​ជាតិ​ព្រាន​ព្រៃ​។ ព្រះ​បរម​រាជា​ទ្រង់​ត្រាស់​សួរ​ថា សត្វ​ទាំង​បី​នេះ​តើ​ចេះ​អ្វី​ខ្លះ​ នាយ​ព្រាន​ក្រាប​ទូល​ថា សត្វ​សារិកា​នេះ​ចេះ​និយាយ​ភាសា​មនុស្ស​បាន​ ទូល​ហើយ ​ក៏​ប្រើ​សារិកា​អោយ​និយាយ​ សារិកា​ក៏​សំដែង​វិជ្ជា​ដែល​ខ្លួន​ចេះ គឺ ​ពោល​ពាក្យ​ផ្សេង​ៗ​ ជា​ភាសា​មនុស្ស​ស្រេច​ហើយ​ នាយ​ព្រាន​ប្រើ​ក្ងោក​អោយ​រាំ​ថ្វាយ​ ក្ងោក​រាំ​រេ​កាប់​កែ តាម​ចំនេះ​ដែល​ខ្លួន​ចេះ​នោះ​បាន​ផ្សេង​ៗ ព្រះបរម​រាជា​ក៏​សព្វ​ព្រះ​ទ័យ​នឹង​សត្វ​ទាំង​ពីរ​ ទើប​ទ្រង់​អោយ​អាមាត្យ​ចាប់​យក​ទៅ​ដាក់​ទ្រុង​ទុក​ ជា​របស់​ព្រះ​រាជ​ទ្រព្យ​ហ្លួង​។

អែ​កុក​បាន​រួច​ចេញ​ចាក​ដៃ​នៃ​នាយ​ព្រាន​ហើយ ក៏​ហើរ​ឡើង​លើ​អាកាស​ ហើយ​បញ្ចេញ​អុទាន​វាចា​ថា «សត្វ​សរិកា​និង​ក្ងោក​គេ​​ចេះ​ប្រាជ្ញ​ព្រោក ញ៉ាំង​មនុស្ស​លោក​អោយ​ត្រេក​ចិត្ដ​បាន ធ្វើ​ប្រាណ​អោយ​ជាប់​ទ្រុង​មាន​សភាព​យ៉ាង​នេះ​ អើ​ជា​ហើយ​ល្អ​ហើយ​ចៅ​ទាំង​ពីរ តែ​យើង​យល់​ថា ការ​ជាប់​ទ្រុង​គេ​នោះ​ ជា​ទី​នាំ​មក​នូវ​ទុក្ខ​រំខាន​ បាន​ជា​យើង​មិន​សំដែង​វិជ្ជា​ ដែល​ចេះ​នោះ​ ស៊ូ​មាយា​ធ្វើ​ល្ងង់​ខ្លៅ​ ដើម្បី​អោយ​គេ​ស្អប់​គេ​លែង​ចោល​បង់​ នឹង​បាន​ទៅ​ជួប​ជុំ​វង្ស​ញាតិ​សន្ដាន​ដែល​ព្រាត់​ប្រាស​មក​នោះ​ សរិកា​នឹង​ក្ងោក​អែង​ចេះ​ចំណេះ​ព័ន្ធ​ក​អែង​យ៉ាង​នេះ​ យើង​មិន​សរ​សើរ​ទេ ចេះ​អី​អោយ​ជាប់​ទ្រុង​គេ​យ៉ាង​នេះ​ ហៅ​ថា​ចេះ​របេះ​ក្បាច់​ ហៅ​ថា​ចំណេះ​ជិះ​ក​អែង​ហើយ​ នែ​កុណ​បក្សី​ទាំង​ពីរ​អ្នក​អែង​មិន​ដឹង​កាល​គួរ​សំដែង​ចំណេះ​ ទៅ​សំដែង​ក្នុង​កាល​មិន​គួរ​សំដែង​ បាន​ជា​អ្នក​អែង​ជាប់​ទ្រុង​ទៅ​ណា​មិន​រួច​យ៉ាង​នេះ​ កុក​នោះ​ពោល​ពាក្យ​ដូច្នោះ​ហើយ​ ក៏​ហើរ​ទៅ​កាន់​ទី​តាម​ចិត្ដ​ប្រាថ្នា​ហោង​។

រឿងនេះបានគតិដល់បុគ្គលអ្នកចេះសំដែងចំនោះក្នុងកាលមិនគួរថ្លែង នាំអោយព័ន្ធកអែងវិញ ដូចយ៉ាងអ្នកខ្លះបានឃើ ញបានលឺអ្វី ហើយនាំមកសំដែងក្នុងកាលប្រជុំអ្នកធំ ដល់អ្នកធំគេត្រូវការឡើង ក៏ប្រើអែងអោយទៅធ្វើការនេះ រឺការ នោះជាការកំបាំង ខ្លួនទៅថ្លែង គេប្រកាន់ខ្លួនជាប់ថា ខ្លួនបានដឹងលឺ ហើយគេហៅយកខ្លួនទៅសំដែង ការនោះអែងត្រូវ ពាក់ព័ន្ធមកលើខ្លួនវិញយ៉ាងនេះក៏មាន គតិអស់នេះ នៅមានច្រើនតទៅទៀត អញ្ជើញប្រាជ្ញពិចារណាទៅទៀតចុះ។

កុកអើយនាងកុក ​ត្រិះយល់ក្ដីសុខ ក្ដីទុក្ខសម្ទាយ
កាលខុសដំនែង មិនថ្លែងអភិប្រាយ​ ថ្លែងធ្វើខ្លៅក្លាយ
ញ៉ាំងកាយរួចបាន។​
វិជ្ជាចំនេះ គួរចាគួចេះ​ គួរដឹងប្រមាណ
គួរពោលល្មមពោល ​គួរខានល្មមខាន កុំអាងតែប្រាណ
​ ប្រាជ្ញព្រោកព្រើលថ្លែង។
នេះហើយចេះចប់ ចេះមិនប្រសប់​ ក្នុងកាលសំដែង
ចេះនោះប្រែជាន់ ​ចេះព័ន្ធកអែង ចេះកាលមិនថ្លែង
ចេះអែងមិនថ្លៃ។​

ចប់តំរាពោលវិជ្ជាខុសកាលជាគតិទី៦១
រឿងសញ្ជីមានពប្រោះខ្លា

មាន​ចៅ​មា​នព​ម្នាក់​ឈ្មោះ​ សញ្ជី​វ​មា​នព​បាន​ទៅ​រៀន​សិល្ប​វិទ្យា​គម​ ក្នុង​សំណាក់​អាចារ្យ​ទិសា​បា​មោក្ខ​ព្រាហ្មណ៍​ រៀន​បាន​ចេះ​វិជ្ជា​ផ្សេង​ៗ​។ ថ្ងៃ​មួយ​ចៅ​មា​នព​នាំ​បណ្ដា​ភឿន​សិស្ស​ដូច​គ្នា ៤-​៥ នាក់​លា​អាចារ្យ​ទៅ​លេង​ព្រៃ​ លុះ​ទៅ​ដល់​ព្រៃ​ស្រោង​​មួយ​ ឃើញ​សាក​សព​ខ្លា​ទើប​នឹង​ស្លាប់​ថ្មី​ៗ​ ចៅ​មា​នព​ចង់​ល្បង​សីល្ប​សាស្រ្ដ​ខ្លួន​ ទើប​និយាយ​ប្រាប់​ភឿន​ថា​ យើង​នឹង​សេក​មន្ដ​ប្រោះ​ខ្លា​នេះ​អោយ​រស់​វិញ​បាន​ អ្នក​ទាំង​ឡាយ​ចាំ​មើល​ចំណេះ​យើង​ចុះ​។ អែ​ពួក​ភឿន​ទាំង​ឡាយ​លឺ​ដូច្នោះ​ ក៏​ឃាត់​រាល់​គ្នា​ថា ខ្លា​នេះ​ជា​សត្វ​ស៊ី​សាច់ មិន ត្រូវ​ប្រោះ​អោយ​វា​រស់​ឡើង​ទេ​ តែ​រស់​ឡើង​ហើយ​វា​មិន​ដឹង​គុណ​នរ​ណា​ទេ​ វា​នឹង​ខាំ​ អ្នក​នោះ​វិញ​ ហេតុ​ដូច្នោះ​កុំ​ទៅ​ប្រោះ​វា​ឡើយ​ បើ​អ្នក​អែង​មិន​ស្ដាប់​ពាក្យ​យើង​ឃាត់​នេះ​ យើង​នឹង​នាំ​គ្នា​រត់​ឡើង​ដើម​​ឈើ​ ចោល​អ្នក​អែង​ក្នុង​កាល​អីលូវ​នេះ​អែង​ហើយ​។

អែ​ចៅ​មានព​ក៏​ថា បើ​អ្នក​អែង​ខ្លាច​ខ្លា​ហើយ​ចង់​រត់​ចោល​យើង​ក៏​តាម​ចិត្ដ​ចុះ​ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​អែង​ឃាត់​នោះ​ទេ​ យើង​នឹង​ប្រោះ​ខ្លា​នេះ​អីលូវ​នេះ​អែង​ ថា​ហើយ​ក៏​តាំង​រាយ​មន្ដ​សូត្រ​ប្រោះ​ខ្លា​នោះ​អែង អែ​ពួក​ភឿន​ទាំង​ឡាយ​កាល​បើ​ឃាត់​ចៅ​មានព​មិន​ស្ដាប់​ហើយ​ ក៏​នាំ​គ្នាឡើង​ដើម​ឈើ​ទាំង​អស់​គ្នា​ហោង​។ អែ​ខ្លា​នោះ​ លុះ​ត្រូវ​វេទ​មន្ដ​ចៅ​សញ្ជីវ​មា​នព​ហើយ​ ក៏​មាន​ជីវិត​រស់​ឡើង​ ហើយ​ឃើញ​មា​នព​នោះ​នៅ​ជិត​ខ្លួន​ ក៏​ស្ទុះ​ទៅ​កាច់​ក​អោន​ត្របាក់​ស៊ី​មួយ​រំពេច​ ចៅ​សញ្ជី​មានព​ ក៏​ដល់​នូវ​កាល​កិរិយា​ក្ស័យ​នឹង​ដៃ​ខ្លា​នោះ​ហោង​។ អែ​បណ្ដា​ភឿន​ទាំង​ឡាយ​ កាល​បើ​ឃើញ​ខ្លា​វា​ខាំ​ចៅ​សញ្ជីវ​មា​នព​ហើយ​ក៏​ភិត​ភ័យ​ ទើប​នាំ​គ្នា​ចុះ​ចាក​ព្រឹក្សា​រត់​ទៅ​ស្រុក​ទៅ​ប្រាប់​អាចារ្យ​ទិសា​បា​មោក្ខ​តាម​រឿង​ខ្លា​វា​ខាំ​ចៅ​សញ្ជីវ​មានព​នោះ​ហោង​។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​មិន​ស្ដាប់​អំពើ​ពាល​ ទៅ​ធ្វើ​គុណ​នឹង​ពាល ពាល​នោះ​មិន​ដឹង​គុណ​នរ​ណា​ទេ តែ​វា​បាន​អោកាស​កាល​ណា​ហើយ​ វា​ក៏​យាយី​​វិញ​ក្នុង​កាល​នោះ​ ប្រាជ្ញ​គួរ​គិត​ទៅ​ចុះ ធម្មតា​សត្វ​ស៊ី​សាច់​ដូច​យ៉ាង​ខ្លា​យ៉ាង​ក្រពើ​នោះ​ ជាតិ​មនុស្ស​យើង​មិន​ត្រូវ​ធ្វើ​គុណ​នឹង​វា​ឡើយ​ មួយ​ទៀត​អ្នក​មាន​វិជ្ជា​មិន​ត្រូវ​ទៅ​សំដែង​វិជ្ជា​នោះ​ ក្នុង​កាល​មិន​គួរ​សំដែង​ដូច​យ៉ាង​ចៅ​សញ្ជីវ​មានព​ទៅ​ប្រោះ​ខ្លា​នោះ​អែង​ ខ្លា​វា​ខាំ​វិញ​ហោង​។

រឿង​នេះ​ មាន​សេច​ក្ដី​ពិស្ដារ​ក្នុង​គម្ពីរ​មង្គល​លត្ថ​ទី​បន​អែ​ណោះ​ អញ្ជើញ​ទៅ​មើល​ចុះ​។

មាអើយមានព ចេះសិល្បសាស្រ្ដជប​ ជីវិតខ្លាបាន
ធម្មតាខ្លាខ្លៅ ចិត្ដខ្មៅសាមាន្យ​ មិនដឹងគេមាន
គុណលើអាត្មា។ ​
ជាសប្បុរស ទៅជប់ទៅប្រោះ​ អោយរស់រូបា
ត្រលប់ក្រញាំ ខាំក្បាលវិញណា​ នេះព្រោះអាត្មា
មិនស្គាល់ពិសពាល។​
ចប់តំរាសំដែងវិជ្ជាជួយសប្បុរស ជាគតិទី៦២