រឿងអទិន្នបុព្វកព្រាហ្មណ៍
ថ្ងៃសៅរ៍ ទី10.ធ្នូ 2016.ម៉ោង 10:19

មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​អទិន្ន​បុព្វក​ព្រាហ្មណ៍​ នៅ​ក្នុង​នគរ​សា​វត្ថី​ បាន​ជា​ឈ្មោះ​ថា អទិន្ន​បុព្វក​នោះ​ ដោយ​មាន​អត្ថ​ព្រាហ្មណ៍​នោះ​ជា​មនុស្ស​កំណាញ់​កាញ់​សម្បត្ដិ​ទុក្ខ​ មិន​ដែល​បរិច្ឆាគ​ទ្រព្យ​​ចេញ​​ធ្វើ​បុណ្យ​អោយ​ទាន​ដល់​សមណ​ព្រាហ្មណ៍​ និង​ ស្មូម​យា​ចក​ទាំង​ឡាយ​ឡើយ​ ព្រាហ្មណ៍​នោះ​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មដ្ឋ​កុណ្ឌលី​ បាន​ជា​ឈ្មោះ​ថា​មដ្ឋកុណ្ឌ​លី​នោះ​ ព្រោះ​​កូន​នោះ​ចំរើន​ធំ​ហើយ​ អទិន្ន​បុព្វក​ព្រាហ្មណ៍​ជា​បិតា​ ប្រារព្វ​នឹង​ធ្វើ​កណ្ឌល​ ជា​គ្រឿង​បំពាក់​អោយ​ ហើយ​គិត​ថា​នឹង​ទៅ​ជួល​ជាង​ទង​ធ្វើ​ ក្រែង​បង់​ថ្លៃ​ឈ្នួល ទើប​ព្រាហ្មណ៍​យក​មាស​មក​​ដំ​ដោយ​ខ្លួន​អែង​ ធ្វើ​ជា​កុណ្ឌល​ មាន​ភាព​រលីង​អិត​ក្បាច់​ ហើយ​បំពាក់​កូន​នោះ​ ហេតុ​ដូច្នោះ​ ទើប​កូន​នោះ​បាន​នាម​ថា មដ្ឋ​កុណ្ឌលី​កុមារ​ (ថា​ចៅ​កុណ្ឌល​រលីង​) លុះ​ចំនេរ​ត​មក ចៅ​មដ្ឋ​កុណ្ឌលី​នោះ​មាន​ជំងឺ​ឈឺ ​គឺ​រោគ​ស្គម​លឿង​ ទើប​នាង​ព្រាហ្មណី​ និយាយ​នឹង​ប្ដី​ថា​ «អ្នក​អើយ​! កូន​យើង​កើត​​រោគ​ ស្គម​លឿង​ឈឺ​រី​ង​រៃ​យ៉ាង​នេះ គួរ​អ្នក​ទៅ​រក​គ្រូ​ពេទ្យ​មក​មើល​រក្សា​ នឹង​បណ្ដាល​​អោយ​ជា​អែង​នោះ​ឃើញ​ថា​មិន​ជា​ទេ​អ្នក​។ អែ​ចៅ​ព្រាហ្មណ៍​ជា​អ្នក​ខ្លាច​បង់​ខាត​សម្បត្ដិ​ គិត​ថា​បើ​អញ​ទៅ​រក​គ្រូ​អោយ​មក​រក្សា​កូន​នេះ​ហើយ នឹង​បង់​ទ្រព្យ​ដោយ​គំនាប់​គេ​ផង​ ដោយ​អាហារ​ចំណី​លៀង​គេ​នោះ​ផង​ ទ្រព្យ​អញ​នឹង​ខាត​ទៅ​ ព្រាហ្មណ៍​គិត​ដូច្នោះ​ហើយ​ ក៏​ធ្វើ​ព្រងើយ​ កន្ដើយ​មិន​អើ​ពើ​ក្នុង​ការ​រក​គ្រូម​ក​រក្សា​កូន​ឡើយ​ លុះ​អាការ​រោគ​នោះ​ ប្រែ​ខ្លាំង​ឡើង​ព្រាហ្មណ៍​ទាល់​គំនិត​ ទើប​ដើរ​ត្រាច់​ទៅ​តាម​ផ្ទះ​គ្រូ​ពេទ្យ​ ហើយ​ក៏​ចូល​សួរ​គ្រូ​ពេទ្យ​ថា «អើ​អ្នក​គ្រូ​ថ្នាំ តើ​គេ​កើត​រោគ​លឿង​ អាការ​រោគ​នោះ​ស៊ី​ពុំ​បាន ដេក​ពុំ​បាន​នៅទី​អែ​ណោះ​ដូ​ច្នេះ តើ​គេ​ប្រើ​ថ្នាំ​យ៉ាង​ណា​គេ​រក្សា​ដូច​ម្ដេច​»​។

អែ​គ្រូ​ថ្នាំ​បាន​លឺ​អទិន្ន​បុព្វកៈ​សួរ​ដូច្នោះ​ ក៏​ប្រាប់​ផ្ដាស​ទៅ​ថា យក​រិស​ឈើ​នោះ​ យក​ស្លឹក​ឈើ​នោះ​ៗ​មក​ស្ងោរ​អោយ​ផឹក​ចុះ​ ពាក្យ​គ្រូ​ប្រាប់​ថ្នាំ​នោះ​គេ​យល់​ថា ព្រាហ្មណ៍​កំណាញ់​ទ្រព្យ​ មិន​ហ៊ាន​អញ្ជើញ​គេ​ទៅ​អោយ​មើល​កូន​ ក្រែង​បង់​ថ្លៃ​ថ្នាំ​ថ្លៃ​អាហារ​ នឹង​លៀង​គេ​ ទើប​គេ​ប្រាប់​ផ្ដេស​ផ្ដាស​ទៅ​។ អែ​អទិន្ន​បុព្វក​ព្រាហ្មណ៍​ លឺ​គេ​ប្រាប់​ដូច្នោះ​ ក៏​មក​រក​ជីក​រិស​ឈើ បេះ​ស្លឹក​ឈើ​ទៅ​ធ្វើ​ថ្នាំ​តាម​គេ​បង្គាប់​នោះ​ អែ​រោគ​កូន​នោះ​ពុំ​អាច​នឹង​រងាប់​ដោយ​ថ្នាំ​ផ្ដេស​ផ្ដាស​នោះ​ឡើយ​ រឹង​រិត​តែ​ឈឺធ្ងន់​​ឡើង​ ចៅ​ព្រាហ្មណ៍​យល់​អាការ​រោគ​កូន​កាន់​តែ​ធ្ងន់​ដល់​នូវ​ក្ដី​ទុព្វល​ភាព​ខ្លាំង​ ដឹង​ថា​រោគ​នោះ​មើល​មិន​ជា​ហើយ​ ទើប​គិត​ថា​ កូន​អញ​ឈឺ​ធ្ងន់​ហើយ​ នឹង​ទុក​អោយ​នៅ​ក្នុង​ផ្ទះ​នេះ​យល់​ជា​ពុំ​បាន​ ក្រែង​ពួក​ញាតិ​មិត្រ​ទាំង​ឡាយ​ គេ​ចូល​មក​សួរ​ជំងឺ​ គេ​នឹង​ឃើញ​ទ្រព្យ​សម្បត្ដិ​អញ​ហើយ​ គេ​នឹង​មក​កួន​​ខ្ចី ​រឺ​ សុំ​អញ​ត​ទៅ​មុខ​ទៀត​ បើ​ដូ​ច្នេះ​ មាន​តែ​លើក​វា​ទៅ​ដាក់​អោយ​ដេក​អៃ​ដ៏​ល្វែង​តាក​ខាង​ក្រៅ​ទើប​ផុត​ក្ដី​រំខាន​ គិត​ហើយ អទិន្ន​បុព្វក​ព្រាហ្មណ៍​នឹង​ប្រពន្ធ​ នាំ​គ្នា​សែង​គ្រែ​កូន​ចេញ​មក​ដាក់​អោយ​ដេក​នៅ​ល្វែង​តាក​ផ្ទះ​ អែ​ចៅ​មដ្ឋ​​កុណ្ឌ​លី​កុមា​រនោះ​លុះ​រោគ​កំរើក​ខ្លាំង​ហើយ​ ក៏​ដល់​នូវ​កាល​កិរិ​យា​ក្ស័យ​អៃ​ដ៏កាល​នោះ​ហោង​។

អែ​ជន​ទាំង​ពីរ​យល់​កូន​ក្ស័យ​ហើយ​ ក៏​គក់​ទ្រូង​ទួញ​យំ​សោក​ស្ដាយ ដោយ​ក្ដី​សង្សា​ស្នេហា​ អាល័យ​បុត្រ​ នាំ​គ្នា​យក​​សព​បុត្រ​​ទៅ​ដុត​នៅ​ព្រៃ​ប៉ាឆា​ តាម​ប្រពៃ​ណី​ព្រាហ្មណ៍​។ អទិន្ន​បុព្វក​ព្រាហ្មណ៍​ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ពុំ​សប្បាយ​ឡើយ​ តែង​ទៅ​ទួញ​យំ​សោក​នៅ​ទី​ប៉ាឆា​នោះ រាល់​ៗ​ពេល ដោយ​ក្ដី​បុត្ដ​វិយោគ​ជា​សរ​លាប​ថ្នាំ​ពិស​ មុត​ជាប់​ខ្លួន​ហោង​។

រឿង​និទាន​នេះ​ មាន​សេច​ក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​ព្រះ​ធម្ម​បទ​ បឋម​ភាគ​អែ​នោះ​ អញ្ជើញ​ទៅ​មើល​ចុះ​ ក្នុង​តំរាគ​តិលោក​នេះ​ ខ្ញុំ​បាន​នាំ​យក​មក​សំដែង​ដោយ​សង្ខេប​ គ្រាន់​អោយ​ឃើញ​ជា​បែប​បុគ្គល​អ្នក​កំណាញ់​ ស្រលាញ់​តែ​សម្បត្ដិ​ទុក​មិន​ហ៊ាន​ចាយ ក្ដី​អន្ដរាយ​ដល់​កូន​ដល់​ខ្លួន​ហើយ​ ក៏​នៅ​តែ​ហួង​ហែង​មិន​ចែក​បែង​បិទ​បាំង​ការ​ពារ​អន្ដរាយ​នោះ​ឡើយ​ បុគ្គល​យ៉ាង​នេះ ​ហៅ​កំណាញ់​ក្រៅ​តំរា​ មាន​ទ្រព្យ​អាសារ​អិត​ការ​អិត​ប្រយោជន៍​ ដូច​អ្នក​ខ្លះ​មាន​ទ្រព្យ​រាប់​ដល់​រយ​ពាន់​ហ្មឺន​សែន​ ទុក​ណែន​ពេញ​ទូ​ដែក​ មិន​ហ៊ាន​ចែក​ចាយ​ចំណាយ​ធ្វើ​បុណ្យ​អោយ​ទាន ​រឺ​ នឹង​ចេញ​ប្រកប​ការ​ រឺ​ក្នុង​កាល​ត្រូវ​ការ​បរិ​ភោគ​ខ្លួន​អែង​ ​យ៉ាង​នេះ​ទ្រព្យ​នោះ​ទុក​ស្មើ​ដុំ​អិដ្ឋ​ដុំ​ថ្ម​ដដែល​ ហៅ​ថា​អ្នក​ក្រ​អ្នក​តោក​យ៉ាក​វិញ​ក៏​បាន​ បុគ្គល​មាន​ទ្រព្យ​ច្រើន មិន​បាន​ចំរើន​ប្រយោជន៍​ដល់​អ្នក​ដទៃ​ រឺ​អាស្រ័យ​ខ្លួន​អែង​ ទ្រព្យ​នោះ​អែង​ប្រៀប​ដូច​ទឹក​សមុទ្រ​ ច្រើន​ផុត​វិស័យ ដែល​រស​ប្រៃ​ មនុស្ស​ផង​អាស្រ័យ​ផឹក​ស៊ី​ពុំ​បាន​ ពាក្យ​នេះ​សម​ដោយ​លំអាន​បោ​រា​ណា​ចារ្យ​លោក​ ពោល​ទុក​ក្នុង​គម្ពី​រ​លោក​និតិ​ថា៖

ធនំ អប្បម្បិ សធូនំ កុបេ វារីវ និស្សយេ ពហុមបិ អសាធូនំ ន ច វារីវ អណ្ណវេ
ប្រែថា ទ្រព្យ​របស់​សប្បុរស​ទោះ​តិច​តួច​បាន​ប្រយោជន៍​ជន​នានា​ ដូច​ទឹក​អណ្ដូង​សេ​សាប​ថ្លា​ អស់​មហា​ជន​ផង​ដឹង​អាស្រ័​យ​។ ទ្រព្យ​នៃ​អសប្បុ​រស​ទោះ​មាន​ច្រើន ពុំ​បាន​ចំរើន​អ្នក​ដទៃ​ ដូច​ទឹក​សមុទ្រ​មាន​រស​ប្រៃ មនុស្ស​ផង​អាស្រ័យ​ផឹក​ពុំ​បាន​​។

ចប់តំរាកំនាញ់ក្រៅតំរា ជាគតិទី៥៦
រឿងមនុស្សចង់ស្លាប់

និទាន​នេះ​មាន​ដំនាល​ក្នុង​ក្បួន​បារាំង​សែស​ មាន​បុរស​ម្នាក់​មាន​រោគ​រីង​រៃ​ស្គាំង​ស្គម​ថម​ថយ​កំលាំង​តាំង​សោយ​ទុក្ខ​វែទនា​ នឹង​និទ្រា​ក៏​ពុំលក់​ នឹង​ស៊ី​ចុក​ក៏​ពុំបាន​ រឹត​រំខាន​ពន់​ពេក​ ស្រែក​ពោល​ថា ក្ដី​ស្លាប់​អើយ​កាល​ណា​នឹង​ដល់​មក​ឆាប់​ៗ ​ស្លាប់​ទៅ​ប្រ​សើរ​ជាង​រស់​នៅ​ជា​មនុស្ស​នេះ​ រស់​នៅ​ថ្វី​មិន​ត្រូវ​នឹង​គេ​យ៉ាង​នេះ​។ ពាក្យ​ចៅ​នោះ​ហៅ​រក​ក្ដី​ស្លាប់​ មក​យក​ជីវិត​ខ្លួន​រឿយ​ៗ រឺ​មួយ​មាន​ញាតិ​ណា​ឡើង​ទៅ​សួរ​ ក៏​ពោល​ទន្ទេញ​ប្រាប់​គេ​ថា​ ចង់​តែ​ស្លាប់​ឆាប់​ៗ​ទៅ​ មិន​ចង់​រស់​នៅ​ជា​មនុស្ស​ឡើយ​។ លុះ​យូរ​បន្ដិច​មក​ រោគ​នោះ​កាន់​តែ​ប្រែ​ឈឺ​ខ្លាំង ក៏​តាំង​ស្រែក​ហៅ​ថា លោក​ព្រះ​កាល​អើយ ចូរ​មក​កាច់​ក​ផ្ដាច់​ជី​វិត​ខ្ញុំ​ទៅ​ក្នុង​កាល​អីលូវ​នេះ​។

អែ​ក្ដី​ស្លាប់​ ក៏​សំដែង​ជា​រូប​ចូល​មក​ អោយ​ចៅ​នាះ​ឃើញ​ប្រចក្ស​ ចៅ​នោះ​កាល​ដើម​ស្រែក​ហៅ​រក​ក្ដី​ស្លាប់​ នឹង​ចង់​ស្លាប់​ឆាប់​ លុះ​ឃើ​ញ​ក្ដី​ស្លាប់​ជិត​ដល់​មក​ ក៏​ភិត​ភ័យ​ស្ទុះ​ក្រោក​ស្រែក​រក​អោយ​គេ​ជួយ​ មិន​ចង់​ស្លាប់​ឡើយ​តាំង​អង្វរ​ក្ដី​ស្លាប់​អោយ​ចៀស​ចេញ​ទៅ​វិញ​ហោង​។

រឿងនេះ​ បាន​គតិ​ដល់​បុគ្គល​ទាំង​ឡាយ​ ក្នុង​លោកិយ​នេះ​ សឹង​ចង់​រស់​នៅ​តែ​រាល់​រូប​ ទោះ​រូប​វិកល​វិការ​ ខ្វាក់​ខ្វិន គ ថ្លង់ ល្ងង់​ល្ងើ រឺ ចាស់​ជរា​ វារ​លូន​ទៅ​ណា​ពុំ​រួច​ក្ដី​ ក៏​នៅ​តែ​អាល័យ​ស្ដាយ​ជីវិត​ គិត​ចង់​តែ​រស់​នៅ​មិន​ចង់​ស្លាប់​ឡើយ​ អែ​បុគ្គល​​មាន​ក្ដី​ទុក្ខ​វេទនា​មក​គ្រប​សង្កត់​យ៉ាង​ខ្លាំង​ ហើយ​ពោល​ថា​ចង់​ស្លាប់​នោះ​គឺ​ពុំ​ពិត​ទេ​ តែ​ក្ដី​ស្លាប់​ដល់​មក​ក៏​ត្រលប់​ជា​ភិត​ភ័យ​​ប្រកែក​មិន​ចង់​ស្លាប់​វិញ​ ប៉ុន្ដែ​ប្រ​កែក​ពុំ​បាន​ នឹង​អំណាច​មច្ចុ​រាជ​នោះ​អែង​។

ពាក្យ​ពោល​ថា ស្លាប់​មិន​ពិត​នោះ​ បាន​ដូច និទាន​នាង​មេ​ម៉ាយ​ម្នាក់​ នាង​នោះ​កាល​ប្ដី​ស្លាប់​ ក៏​ទួញ​យំ​អាលោះ​អាល័យ​ប្ដី​ថា «​អ្នក​ប្រុស​ប្អូន​អើយ​ អ្នក​ស្លាប់​ទៅ​ហើយ​​មក​យក​ប្អូន​ទៅ​ផង​» ពាក្យ​ដែល​នាង​មេម៉ាយ​យំ​ពណ៌​នា​យ៉ាង​នេះ​ កាល​យំ​នាង​នោះ​ឈរ​យំ​លើ​មាត់​ច្រាំង​ មាត់​ច្រាំង​នោះ​ បាក់​ក៏​ធ្លាក់​នាង​មេ​ម៉ាយ​នោះ​ ដូច​ជា​គេ​ប្រមៀល​រអិល​ទៅ​ក្នុង​ព្រែក​ នាង​នោះ​ក៏​ស្រែក​ថា «ប្អូន​មិន​ទៅ​ទេ​អ្នក​បង​អើយ​ ប្អូន​មិន​ទៅ​ទេ​» ពាក្យ​នាង​មេ​ម៉ាយ​ពោល​មិន​ពិត​ដោយ​ប្រការ​យ៉ាង​នេះ​។ ហេតុ​នោះ​បាន​ជា​ថា ក្ដី​ស្លាប់​មួយ​នេះ​ពុំ​មាន​​នរ​ណា​ថា ចង់​ស្លាប់​សោះ​ឡើយ​។ អែ​មនុស្ស​ដែល​សំលាប់​ខ្លួន​អែង​ មាន​ចង​ក​ជា​ដើម​នោះ​ នឹង​បាន​ស្លាប់​ដោយ​ចិត្ដ​ប្រក្រតី​ក៏​ទេ គឺ​ស្លាប់​ដោយ​កម្ម​និយម​ ចំំណែក​មួយ​ផ្សេង​ នឹង​បាន​ចង់​ស្លាប់​នោះ​ក៏​ទេ សឹង​ខ្លាច​ក្ដី​ស្លាប់​ដូច​គ្នា​ទាំង​អស់​ អែ​អ្នក​មិន​ខ្លាច​ក្ដី​ស្លាប់​នោះ មាន​តែ​អា​ជា​នេយ្យ​៤​ ពួក​ គឺ ដំរី​ជា​អាជា​នេយ្យ​១ សេះ​ជា​អាជា​នេយ្យ​១ គោ​អុសក​រាជ​១ ព្រះ​ខី​ណា​ស្រព​១ ត្រូវ​ជា៤​ពួក​ អ្នក​៤ពួក​នេះ តែ​ដល់​មាត់​មច្ចុ​រាជ​ហើយ ពុំ​តក់​ស្លុត​ខ្លាច​អំណាច​ក្ដី​ស្លាប់​នោះ​ឡើយ តែ​ក្រៅ​អំពី​អាជា​នេយ្យ​៤​ នេះ​ហើយ​សឹង​តក់​ស្លុត​ខ្លាច​អំណាច​មច្ចុ​រាជ ដូច​គ្នា​ទួ​ទៅ​ទាំង​ពិភព​គ្រប់​តួ​សត្វ​មនុស្ស​ហោង​។

ស្លាប់អើយក្ដីស្លាប់ មិនស្ដាប់បង្គាប់ អង្វរអ្នកណា
ទោះរាស្ដ្រទោះស្ដេច សំរេចលោកា រឺមានចេស្ដា
រិទ្ធានុភាព។
ទោះមានប្រាក់សូក មិនស៊ីសំនូក នរណាអោយលាភ
រឺមានកំលាំង ច្បាំងតអានុភាព អាចកិនបានរាប
រាល់រូបប្រុសស្រី។
ម្រឹតអើយម្រឹត្យូវ ជាតិជាសត្រូវ នៃយើងប្រក្រតី
កើតហើយមានស្លាប់ សំរាប់លោកិយ មានតែបុរី
និព្វានមួយហោង។

ចប់តំរាមិនយ៉មស្លាប់ជាគតិទី៥៧
រឿងសត្វម្រោម និង សិង្ហតោ

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស​ មាន​សត្វ​ម្រោម​មួយ​ ឃើញ​ខ្លា​មួយ​ដេក​នៅ​ក្រោម​ដើម​ឈើ​ ក៏​នឹក​ថា​សត្វ​សឹង្ហ​តោ មាន​អំណាច​អង់​អាច​ខ្លាំង​ណាស់​ ក្នុង​លោក​នេះ​គ្មាន​សត្វ​ណា​ឈ្នះ​វា​ឡើយ​ បើ​ដូច្នេះ​អញ​នឹង​ផ្ជាញ់​វា​ក្នុង​គ្រា​នេះ​ ម្រោម​នោះ​គិត​ហើយ​ ក៏​ហើរ​ទៅ​ចុះ​ទំ​ខាំ​ក្បាល​សិង្ហ​តោ ​ៗ​រលាស់​គ្រវី​ក្បាល​ ម្រោម​ក៏​ចូល​ទៅ​ក្នុង​ត្រចៀក​ សិង្ហ​តោ​ក៏​បោក​បក់​ចេញ ម្រោម​ក៏​ទៅ​ទំ​ទិច​ចុង​ច្រមុះ​ សិង្ហ​តោ​គ្រវី​បោក​លោត​ត្របាក់​ម្រោម​នោះ​ ម្រោម​ក៏​ហើរ​គេច​ទៅ​ទំ​ខាង​ខ្នង​ ហើយ​ហើរ​មក​រោម​មុខ​ទៀត​ សិង្ហ​តោ​បាន​ក្ដី​រំខាន​ នឹង​ខាំ​ពុំ​បាន នឹង​ដេក​នៅ​ក៏​ពុំ​បាន ទើប​ក្រោក​ដើរ​ចេញ​ចា​ក​ទី​​នោះ​ ចូល​ព្រៃ​ទៅ​ហោង​។

អែ​ម្រោម​ឃើញ​សិង្ហ​តោ​រត់​ចេញ​ចាក​ទី​នោះ​ ក៏​សំគាល់​ថា​ខ្លួន​មាន​ជ័យ​ជំនះ​ ឈ្នះ​សិង្ហ​តោ​ហើយ​ ក៏​ត្រេក​អរ​រីក​រាយ​សប្បាយ​ចិត្ដ​ តាំង​ហើរ​ទៅ​ហើរ​មក​ស្រែក​ថា​ ឈ្នះ​ហើយ​ៗ​មាត់​តែ​ស្រែក​ភ្នែក​មិន​បាន​ជា​មើល​ ក៏​ប៉ះ​ទៅ​​លើ​មង​ពីពាង​ ជាប់​ដូច​គេ​ចង​រុំ​ខ្លួន​ជិត​ ខំ​កន្ដ្រោង​ហើរ​ក៏​ពុំ​រួច​ឡើយ​ ពីង​ពាង ដឹង​ថាម្រោម​ជាប់​មង​ខ្លួន​ហើយ​ ក៏​ស្ទុះ​ទៅ​ខាំ​ស៊ី​ជា​ចំណី​ហោង​។​ រឿង​នេះ បាន​គតិ​ដល់​បុគ្គល​ពាល​ ប្រទូស​រ៉ាយ​អ្នក​អិត​ទោស​ កម្ម​អកុសល​នោះ ប្រែ​ធ្លាក់​មក​លើ​ខ្លួន​អែង​វិញ​ សម​ដោយ​ពាក្យ​បុរាណ​ថា «​ធ្វើទុក្ខ​គេ​ៗ អោយ​ទុក្ខ​វិញ​» ប្រាជ្ញ​គប្បី​ពិចារ​ណា​ទៅ​ទៀត​ចុះ។

ចប់តំរាអោយទុក្ខគេ ទុក្ខនោះមកលើខ្លួនវិញ ជាគតិទី៥៨
រឿងលលកនិងស្រមោចខ្មៅ

រឿង​នេះ​បាន​ជា​គតិ​ដល់​បុគ្គល​អ្នក​ធ្វើ​គុណ​ៗ​នោះ​អាច​អោយ​ក្ដី​សុខ​វិញ​បាន ប្រាជ្ញ​គប្បី​ដឹង​និទាន​សត្វ​ម្រោម​អោយ​ទុក្ខ ដល់​សត្វ​សិង្ហ​តោ ក្ដី​ទុក្ខ​នោះ​បាន​មក​លើ​សត្វ​ម្រោម​ គឺ​ទៅ​ត្រូវ​មង​ពីង​ពាង វិនាស​ខ្លួន​អែង​វិញ​អែ​សត្វ​លលក​ អោយ​ក្ដីសុខ​ដល់​សត្វ​ស្រមោច ​ៗ​ជួយ​អោយ​លលក​ផុត​ក្ដី​ទុក្ខ បាន​ក្ដី​សុខ​សំរាន្ដ​វិញ​។​

រឿង​និទាន​ទាំង​ពីរ​នេះ​ បាន​ដូច​បទ​បាលី​បុរាណ​តែង​ពោល​ថា៖ សុខ​តោ សុខ​ថានំ ទុក្ខតោ ទុក្ខថានំ ដូច្នេះ។

សុខ​អើយ​សុខា នរូអ្នកណា អាចអោយសុខគេ
គេនឹងបំពេញ សុខវិញមិនទេ អាចអោយទុក្ខគេ
គេអោយទុក្ខស្នង ។
នរណាធ្វើគុណ គុណគង់ការុណ្យ នាំសុខមកសង
នរណាធ្វើទោស ទោសគង់អន្ទង នាំទុក្ខមកសង
អោយរងវេទនា
ចប់គតិទី៥៩