វិចារណកថា : សត្វ​ស្កា​ដែល​ខំ​ការ​ពារ​កូន​របស់​ចៅ​ហ្វាយ​ ខំ​ប្រយុទ្ធ​ត​តាំង​ខាំ​សត្វ​ពស់​អសិរ​ពិស​ ដែល​ចូល​មក​ចឹក​​កូន​នៅ​ក្នុង​អង្រឹង​អោយ​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​គោល​បំណង​ការ​ពារ​ចៅ​ហ្វាយ​ដោយ​ល្អ​សោះ​ បែរ​ជា​ត្រូវ​ចៅ​ហ្វាយ​បន្ទា​ទោស​ប្រហារ​ជីវិត​ស្លាប់​បង់​ទៅ​ ​ដូច​​គ្នា​ក្នុង​រឿង​សត្វ​ខ្លា​ឃ្មុំ​ ដែល​យក​ដុំ​ថ្ម​គប់​ទៅ​លើ​មុខ​ចៅ​ហ្វាយ​ ដើម្បី​ដេញ​រុយ​ គឺ​ជា​ការ​ធ្វើ​ឡើង​ដោយ​គោល​បំណង​ល្អ​សោះ​ដែរ​ ប៉ុន្ដែ​លទ្ធ​ផល​ខ្លា​ឃ្មុំ​ពុំ​បាន​ទទួល​យុត្ដិ​ធម៌​ដោយ​ល្អ​អែ​ណា​។ សត្វ​គ្រលីង​គ្រលោង​ បក្សី​ដែល​អួត​អាង​ថា​មាន​បញ្ញា​ចេះ​ធ្វើ​សំបុក​ រក្សា​ទុក​ដាក់​កូន​ចៅ​អោយ​មត់​កក់​ក្ដៅ​ តែ​សត្វ​ស្វា​ដែល​មាន​ដៃ​ជើង​ដូច​មនុស្ស​ដែរ​បែរ​ជា​ត្រូវ​រងារ​ញ័រ​ញាក់​ ដោយ​គ្មាន​ជំរក​។ អនុ​សាសន៍​ដែល​គ្រលីង​គ្រលោង​ផ្ដល់​អោយ​ស្វា​កំជិល​ ត្រូវ​ស្វា​ខឹង​ច្រលោត​តោត​តូង​ ហឹង្សា​តប​វិញ​ ដោយ​កំទេច​សំបុក​បក្សី​អោយ​ខ្ទិច​ខ្ទី​គ្មាន​សល់​​។ ជា​មួយ​គ្នា​នេះ​ដែរ យើង​ងាក​ទៅ​មើល​ការ​ចង​អា​ឃាត​របស់​ខ្លា​ឃ្មុំ​នឹង​ដើម​ពង្រ​ គឺ​ជា​សង្គ្រាម​ចង​ពៀរ​ហើយ​ត្រូវ​ខូច​ខាត​បាត់​បង់​ជីវិត​ទាំង​ពីរ​ខាង​ គឺ​ជា​ឧប​ទេស​នៃ​ទ្រឹស្ដី​ពុទ្ធ​សាសនា​ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ថា​ «ពៀរ​រមែង​ស្ងប់​ដោយ​ការ​មិន​ចង​ពៀរ»​ យ៉ាង​ដូច្នេះ​អែង​។

រឿងបុរសពីរនាក់ប្ដីប្រពន្ធចិញ្ចឹមសត្វស្កា

មាន​ចៅ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ជា​ជាតិ​អ្នក​ចំការ​ បាន​ចញ្ចឹម​សត្វ​ស្កា​១​ ទុក​ប្រើ​ប្រាស់​ការ​ក្នុង​ផ្ទះ​តាម​ភាព​នៃ​ខ្លួន​ជា​អ្នក​មាន​កូន​ខ្ចី​ ទើប​រក្សា​ស្កា​នោះ​ពុំ​អោយ​មាន​ហ្មង​សៅ​ឡើយ​។ ថ្ងៃ​មួយ​ដាក់​កូន​អោយ​ដេក​ក្នុង​អង្រឹង​ ហើយ​ទុក​ស្កា​អោយ​នៅ​មើល​​រក្សា​ផ្ទះ​នឹង​កូន​​អាត្មា​អែង​ពីរ​នាក់​នាំ​គ្នា​ទៅ​ជំរះ​ស្មៅ​ដំណាំ​អែ​ខាង​កន្សៃ​ផ្ទះ​ ក្រោយ​នោះ​ មាន​អាសិរ​ពិស​ពស់​វែក​មួយ​ លូន​ចូល​ទៅ​ក្នុង​ផ្ទះ​ បាន​ធំ​ក្លិន​ទឹក​ដោះ​នៅ​មាត់​ទារក​ ក៏​លូន​ចូល​ទៅ​ក្នុង​អង្រឹង​ ហើយ​ចឹក​ទា​រក​នោះ​ ទារក​នោះ​ក៏​ស្រែក​យំ​ដោយ​សំលេង​ខ្លាំង​ៗ​។ អែ​ស្កា​នោះ​លុះ​បាន​លឺ​សំលេង​ក្មេង​យំ​ដូច្នោះ​ស្ទុះ​ឡើង​ទៅ​លើ​អង្រឹង​ បាន​យល់​ពស់​វែក​ចឹក​កូន​នាយ​ ក៏​ខឹង​នឹង​ពស់​ក្រៃ​ពេក​ ទើប​ត​យុទ្ធ​ប្រ​ខាំ​នឹង​ពស់​ ពស់​ស្ទុះ​កំលាំង​ស្កា​មិន​បាន​ ស្កា​ក៏​ខាំ​ពស់​នោះ​ដល់​នូវ​ក្ដី​ស្លាប់​ ហើយ​ខាំ​អូស​ទាញ​យក​សាក​សព​ពស់​ទៅ​ដាក់​ញាត់​ទុក​នៅ​ក្រោម​ជើង​ម៉ា​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គ​ល​អ្នក​ខឹង​ហួស​ជ្រួស​គំនិត​ អិត​បញ្ញា​ពិចារ​ណា​អោយ​ជុំ​វិញ​បាន​ បុគ្គល​ណា​គិត​អ្វី​ប្រញាប់​ មិន​រេរិះ​អោយ​អស់​ជើង​ បន្ទាន់​ធ្វើ​ការ​នោះ​ទៅ​ដោយ​ចិត្ដ​ក្ដៅ បុគ្គល​នោះ​គង់​នឹង​លុះ​ផ្លូវ​ខុស​ បាន​ក្ដី​ក្ដៅ​ក្រហាយ​អែ​ក្រោយ​ ដូច​ចៅ​ប្ដី​ប្រពន្ធ​វាយ​ស្កា​នោះ​អែង​។ មួយ​ទៀត​ បុគ្គល​ធ្វើ​ការ​ប្រញាប់​បាន​ក្ដី​ក្ដៅ​ចិត្ដ​ក្នុង​កាល​ក្រោយ​នោះ​ ដូច​បទ​បាលី​ ក្នុង​គម្ពីរ​លោក​និតិ​ថា​៖

មា ច វេតេន កិច្ចានិការេសិ ការាបេសិ សហសា ការិតំ កម្មំ មន្ទោ បច្ឆានុតប្បតិ។
ប្រែ​ថា ជន​ធ្វើ​ការ​ប្រញាប់​ដោយ​ខ្លួន​អែង​ រឺ​ប្រើ​គេ​ចាត់​ចែង​អោយ​ធ្វើ​ច្បាស់​ អំពើ​ដែល​ធ្វើ​ដោយ​សហ័ស​ខ្លៅ​ណាស់​គង់​ ក្ដៅ​ក្រហាយ​ក្រោយ​។
ចប់គតិទី៤៤

រឿងបុរសចិញ្ចឹមខ្លាឃ្មុំ

មាន​ចៅ​ម្នាក់​ចិញ្ចឹម​ខ្លា​ឃ្មុំ តាំង​ពី​តូច​ដល់​ធំ ប្រើ​ការ​អោយ​ខាំ​ពាំ​នាំ​អ្វី​ៗ បាន​គ្រប់​យ៉ាង​ មាន​កាល​ថ្ងៃ​១ ចៅ​នោះ​នាំ​ខ្លា​ឃ្មុំ​ទៅ​ព្រៃ លុះ​ទៅ​ដល់​ដើម​ឈើ​ធំ​មាន​ម្លប់​ត្រសុំ​សា​ខា ត្រូវ​ខ្សល់​ផាត់​រំភើយ​ល្ហើយ​ស្រួល​ ចៅ​នោះ​ក៏​ក្រាល​សំពត់​ដេក​រំហើយ​​ខ្យល់​​ បាន​ផ្ដាំ​ខ្លា​ឃ្មុំ​អោយ​នៅ​ឃុំ​រក្សា​ខ្លួន​ ហើយ​ថា​អោយ​មើល​សត្វ​ពាឡ​ម្រឹគ​យង់​ឃ្នង​នានា​ ក្រែង​វា​ចូល​មក​និន្ទា​យា​យី​​ខ្លួន​អោយ​ដេញ​កំចាត់​ពួក​សត្វ​នោះ​ៗ​ចេញ​ ផ្ដាំ​ហើយ​ចៅ​នោះ​ ក៏​ដេក​លក់​ទៅ​ហោង​។

អែ​ខ្លា​ឃ្មុំ​នៅ​ឃុំ​រក្សា​ការ​អន្ដ​រាយ​នាយ​ ពុំ​បាន​ក្រោក​ទៅ​ណា ​ចាំ​គន់​មើល​អន្ដ​រាយ​ពុំ​ឃើញ​មាន​អ្វី​មាន​តែ​រុយ​មួយ​វា​ហើរ​ មក​ទំ​នៅ​មុខ​នៅ​ចុង​ច្រមុះ​នាយ​រឿយ​ៗ​ ខ្លា​ឃ្មុំ​ជា​សត្វ​ស្លូត​ត្រង់​នឹង​ម្ចាស់​ តែ​គ្មាន​បញ្ញា ​នឹង​ ពិចា​រណា​អោយ​ដឹង​ថា អន្ដ​រាយ​តូច​ធំ​យ៉ាង​ម៉េច​ៗ​ ឃើញ​តែ​រុយ​ក៏​ទះ​ផាត់​ចេញ​អំ​ពី​មុខ​ម្ចាស់​ អែ​រុយ​សោត​ជា​សត្វ​ហាម​ពុំ​បាន​ ជា​សត្វ​រហ័ស​ហើរ​រហ័ស​ទំ​រឿយ​ៗ​ ខ្លា​ឃ្មុំ​បោក​​ផាត់​មិន​ឈ្នះ​ក៏​ទោ​សោ ​ខឹង​នឹង​រុយ​នោះ​ លុះ​រុយ​វា​ទំ​នៅ​ច្រមុះ​ម្ចាស់ ក៏​ចាប់​បាន​ដុំ​ថ្ម​មួយ​ដុំ ចោល​ទៅ​លើ​ច្រមុះ​ម្ចាស់ ដើម្បី​សំលាប់​រុយ​ៗ​ ជា​សត្វ​​រហ័ស​ហើរ​គេច​ចេញ​ផុត​ទៅ​ អែ​ចៅ​នាយ​នោះ​លុះ​ត្រូវ​ដុំ​ថ្ម ច្រមុះ​បែក​ចេញ​ ឈាម​ ភ្ញាក់​ភ្លាម​ស្ទុះ​ក្រោក​ឡើង​យក​ដៃ​ខ្ទប់​មុខ​បាន​ក្ដី​ទុក្ខ​វេទនា​ ឈឺ​ចាប់​ពន់​ពេក ក៏​ខឹង​នឹង​ខ្លា​ឃ្មុំ​ចាប់​ដំបង​វាយ​២, ៣​ដំបង​ហើយ​នាំ​ខ្លា​ឃ្មុំ​វិល​ទៅ​ផ្ទះ ​រក​ថ្នាំ​លាប​ដំបៅ​បាន​ក្ដី​ក្ដៅ​ចិត្ដ​កើត​ទុក្ខ​ហោង​។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​ធ្វេស​សតិ​បញ្ញា​ទៅ​ទុក្ខ​ចិត្ដ​សត្វ​តិរច្ឆាន​ មាន​តែ​សន្ដាន​ស្លូត​ត្រង់​ នឹង​បាន​មាន​ប្រាជ្ញា​ស្គាល់​​ទោស​ទុក្ខ​ ដូច​មនុស្ស​យើង​នេះ​ក៏​អិត​អង្គឺ​មាន​ គួរ​គិត​ពិចា​រណា​ទៅ​ទៀត​ចុះ​។ ចប់តំរាទុកចិត្ដសត្វតិរច្ឆានជាគតិទី៤៥

រឿងខ្លាឃ្មុំ និង ដើមពង្រ

អែ​អ្នក​បរ​រទេះ​ក៏​ចូល​ទៅ​កាប់​ដើម​ពង្រ​នោះ​ តាម​ពាក្យ​ខ្លា​ឃ្មុំ​ប្រាប់​ អែ​ដើម​ពង្រ​នោះ​ជា​លំ​នៅ​នៃ​រុក្ខ​ទេវ​តា ទេវ​តា​កាល​បើ​ឃើញ​មនុស្ស​កាប់​លំ​នៅ​ខ្លួន​ដូច្នោះ​ក៏​ចេញ​មក​សួរ​ថា អ្នក​អែង​កាប់​ដើម​ពង្រ​នេះ​តើ​ដើម្បី​ការ​អ្វី​?​។ ចៅ​នោះ​ប្រាប់​ថា យក​ទៅ​ធ្វើ​ភ្លៅ​រទេះ​ ត្បិត​ខ្លា​ឃ្មុំ​បាន​ប្រាប់​ថា​ឈើ​នេះ​ជាប់​ល្អ​ណាស់​ រុក្ខ​ទេវ​តា​ដឹង​ថា​ខ្លា​ឃ្មុំ​ចង​គំនុំ​នឹង​ដើម​ពង្រ​ ព្រោះ​តែ​មែក​ពុក​បាក់​ធ្លាក់​លើ​ក្បាល​វា​ដូច្នោះ​ ក៏​ចង​ពៀរ​តប​ខ្លា​ឃ្មុំ​វិញ​ ទើប​តប​ទៅ​ថា អើ​អ្នក អែ​ដើម​ពង្រ​ធ្វើ​ភ្លៅ​រទេះ​នោះ​ជាប់​មែន​ តែ​ស្រួយ​ឆាប់​បាក់​ទេ​អ្នក​ បើ​បាន​ខ្លាញ់​ខ្លា​ឃ្មុំ​មក​​លាប​នោះ ទើប​ស្វិត​ជាប់​ល្អ​បរ​ទៅ​សប្បាយ​ បើ​ដូច្នេះ​ចូរ​អ្នក​អែង​ ទៅ​សំលាប់​ខ្លា​ឃ្មុំ​យក​ខ្លាញ់​វា​ទុក​លាប​ភ្លៅ​រទេះ​អ្នក​ទៅ​ហោង​។ អែ​អ្នក​បរ​រទេះ​បាន​លឺ​ដូច្នេះ​ក៏​ចេញ​ចាក​ទី​ម្នី​ម្នា​ត្រាច់​​ទៅ​តាម​ខ្លា​ឃ្មុំ​នោះ​ លុះ​ទៅ​ទាន់​ហើយ​ ក៏​ប្រហារ​ខ្លា​ឃ្មុំ​នោះ​ដោយ​ពូ​ថៅ​ធំ ខ្លា​ឃ្មុំ​ក៏​ដល់​នូវ​ក្ដី​ស្លាប់​ក្នុង​កាល​នោះ​អែង ដូច​ខ្លា​ឃ្មុំ​ស្អប់​ដើម​ពង្រ​ ដែល​បាន​សំដែង​ទុក​មក​នេះ​ ប្រាជ្ញ​គប្បី​ដឹង​ហោង​។

ខ្លាអើយខ្លាឃ្មុំ ចងចិត្ដគំនុំ នឹងដើមពង្រ
ព្រោះមែកត្រូវក្បាល បន្ដាលតាំងត អាឃាដបង្ក
ជាពៀរនឹងគ្នា។
ខឹងបាញ់ព្រោះស្អប់ បាញ់បែរត្រលប់ មកត្រូវអាត្មា
អំពើចងពៀរ ពំនៀរលោកថា មិនស្រាយកាលណា
មិនត្រានឹងផុត។
ចប់តំរាស្អប់កុំអោយចាញ់ ជាគតិ៤៦

រឿងក្រលេងក្រលោង និងស្វា

អែ​ស្វា​នោះ​ លុះ​លឺ​គ្រលេង​គ្រលោង​ថា​ដូ​ច្នោះ ក៏​កើត​ក្ដី​ខ្មាស​ក្ដី​ទោ​សោ​ខឹង​ នឹង ពាក្យ​គ្រលេ​ង​គ្រលោង​ ទើប​ស្ទុះ​ទៅ​ចាប់​បោច​រោច​សំបុក​គ្រ​លេង​គ្រលោង​ទំលាក់​ចោល​ អំពី​ប្រគាប​មែក​ឈើ​អស់​​ជា​ម្ដង​ ហើយ​ក៏​លោត​ទៅ​កាន់​ដើម​ឈើ​អែ​ទៀត​ហោង​។

រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​កោង​ឌឺ​ ត​ពាក្យ​អោ​វាទ​ គឺ​គេ​តឿន​សតិ​អោយ​ខ្លួន​ធ្វើ​លំនៅ​ ៗ​ជា​សុខ​របស់​ខ្លួន​អែង​ ត្រលប់​ជា​ខឹង​នឹង​គេ​វិញ​ ហើយ​បំផ្លាញ​លំ​នៅ​គេ​ផង​ មួយ​ទៀត​មាន​អ្នក​ខ្លះ​ នៅ​ជិត​គុម្ព​ស្បូវ​គុម្ព​រិស្សី​តែ​ខ្ជិល​មិន​ជួស​ជុល​ផ្ទះ​ បណ្ដោយ​អោយ​ភ្លៀង​លេច​ ជញ្ជាំង​ធ្លុះ​រហែក​រហោក​ស៊ូ​ជ្រក​នៅ​ត្រូវ​ភ្លៀង​ត្រូវ​ថ្ងៃ​ ក៏​ទ្រាំ​នៅ​ទៅ​ ដល់​មាន​គេ​តឿន​អោយ​​ជួស​ជុល​ ក៏​ត្រលប់​ខឹង​នឹង​គេ​វិញ​ យ៉ាង​នេះ​ក៏​មាន​ មួយ​ទៀត​មាន​អ្នក​ខ្លះ​ខ្ជិល​ធ្វើ​ផ្ទះ​នៅ​ ស៊ូ​នៅ​ដោយ​សា​ឆ្នៀង​តាក​ផ្ទះ​គេ​ ស៊ូ​ទ្រាំ​សំដី​ម្ចាស់​ផ្ទះ​ដែល​គេ​មិន​គាប់​ចិត្ដ​ចង់​អោយ​នៅ​នោះ​ យ៉ាង​នេះ​ក៏​មាន​ មួយ​ទៀត​អ្នក​ខ្លះ​នៅ​ជិត​ខាង​គេ​ មាន​ដី​ទំនេរ​ខ្ជិល​មិន​ដាំ​ដំណាំ​ទុក​អាស្រ័យ​ តែ​ដល់​ពេល​ខ្លួន​ត្រូវ​ការ​ ដូ​ច​យ៉ាង​ស្លឹក​គ្រៃ ​រឺ ស្លឹក​ជីរ​ជា​ដើម​ ក៏​ទៅ​សុំ​គេ ដល់​សុំ​គេរឿយ​ ៗ​ណាស់​ ម្ចាស់​ដំណាំ​គេ​ទញ់​ទាល់​ចិត្ដ​មិន​ចង់​អោយ​ គេ​ក៏​ស្ដី​ថា ម៉េច​អែង​មិន​ដាំ​ស៊ី​ខ្លះ ចេះ​តែ​រក​គេ​យ៉ាង​នេះ​ គេ​បាន​ដាស់​តឿន​អោយ​ខ្លួន​ដាំ​ដំណាំ​ទុក​ជា​ប្រយោជន៍​ខ្លួន​អែង​ មិន​ដាំ​ឡើយ​ ត្រលប់​ទៅ​ខឹង​នឹង​គេ ​ទៅ​លួច​កាប់​គាស់​បំផ្លាញ​ដំណាំ​គេ​​ចោល​បង់​ ដូច​យ៉ាង​ស្វា​ទៅ​រោច​សំបុក​គ្រលេង​គ្រលោង​នោះ​អែង​ គួរ​ចូល​ចិត្ដ​ហោង​។

ស្វាអើយចៅស្វា ជាសត្វសាវា ខ្ជិលធ្វើសំបុក
តែភ្លៀងធ្លាក់ត្រូវ ទ្រាំនៅកោនកុក រង់រងក្ដីទុក្ខ
គ្រាអស់សម័យ។
កូនចៅពិបាក រងារង៉ាក រងោកដោយព្រៃ
ម្ដេចស្វាមិនស្វះ ធ្វើផ្ទះអាស្រ័យ ហាលភ្លៀងហាលថ្ងៃ
មិនខ្មាសបក្សី។
ចប់តំរាកោងអោវាទ ជាគតិទី៤៧