ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងតាភោគ និង ក្មេងវត្ដ
ថ្ងៃសៅរ៍ ទី5.វិច្ឆិកា 2016.ម៉ោង 13:21

មាន​តា​ចាស់​ម្នាក់​ឈ្មោះ​តា​ភោគ តា​នោះ​តាំង​លំ​នៅ​ ៗ​​ខាង​វត្ដ​លោក​ គាត់​ជា​អ្នក​ឧស្សាហ៍​ដាំ​ដំណាំ​ចិញ្ចឹម​ជិវិត​ អាស្រ័យ​ដោយ​ផលា​ផល​នៃ​ដំណាំ​នោះ​អែង​ តែ​គាត់​ជា​មនុស្ស​កំណាញ់​ ពួក​កូន​ក្មេង​វត្ដ​នោះ​តែង​ចូល​ទៅ​បេះ​បោច​ដំណាំ​គាត់​តែ​រឿយ​ៗ​។ ថ្ងៃ​មួយ​ តា​ភោគ​ខឹង​នឹង​កូន​ក្មេង​វត្ដ​ពេក​ណាស់​ ទើប​ទៅ​ពិត​ទូល​លោក​ចៅ​អធិការ​ អោយ​លោក​ជេរ​វាយ​ហាម​កូន​សិស្ស​ លោក​ចៅ​អធិការ​ក៏​ទទួល​ពាក្យ​ថា ចំរើន​ពរ​​ពេល​នេះ​ក្មេង​វា​មិន​នៅ​ជុំ​គ្នា អា​ខ្លះ​វា​ទៅ​ផ្ទះ អា​ខ្លះ​វា​ទៅ​តាម​អ្នក​យើងសូត្រ​មន្ដ​ បើ​ដូច្នេះ​ចាំ​វា​មក​ជុំ​កាល​ណា អាច​ក្ដី​នឹង​ជេរ​វាយ​ហាម​វា​អោយ​ អើ ញោម​អើយ ធ្វើ​ម្ដេច​អា​កូន​ក្មេង​នេះ អាច​ក្ដី​បាន​ហាម​ប្រាម​ដែរ​ វា​កោត​ខ្លាច​តែ​នៅ​មុខ​ដល់​កំបាំង​មុខ​ទៅ​វា​នាំ​គ្នា​ទៅ​ប្រ​ព្រឹត្ដ​ផ្លូវ​ពាល​ដដែល​។ តា​ភោគ​បាន​លឺ ចៅ​អធិ​ការ​ទទួល​ពាក្យ​ខ្លួន​​ថា នឹង​ជេរ​វាយ​កូន​សិស្ស​អោយ​ដូច្នោះ​ក៏​សប្បាយ​ចិត្ដ​បាត់​ក្ដី​ទោ​សោ​ ទើប​រីក​រាយ​និយាយ​អំពី​ការ​អែ​ទៀត​ៗ​។ អែ​លោក​ចៅ​អធិ​ការ​ក៏​នាំ​និយាយ​ពី​ហេតុ​នេះ​ ហេតុ​នោះ​តំរូវ​ចិត្ដ​តា​ភោគ តា​ភោគ​ក៏​តាំង​ផឹក​ទឹក​តែ និយាយ​លេង​ជា​មួយ​នឹង​លោក​ចៅ​អធិការ​នោះ​ជា​យូរ​លង់​។​ អែ​កូន​ក្មេង​វត្ដ​កាល​ដល់​ពោល​វា​មក​ជុំគ្នា​ បាន​ឃើញ​តា​ភោគ​ មក​ទូល​លោក​អោយ​ជេរ​វាយ​ដូច្នោះ​ក៏​ជុំ​នុំ​គ្នា​ថា​ ពួក​យើង​ទៅ​បេះ​ផ្លែ​ភ្ញៀវ​តា​ភោគ​ពី​ព្រឹក​មិញ​ អីលូវ​គាត់​មក​ពិត​លោក​គ្រូ អោយ​វាយ​ពួក​យើង​ហើយ លោក​គ្រូ​ថា​ចាំ​ពួក​យើង​មក​ជុំ​គ្នា​កាល​ណា ​លោក​នឹង​វាយ​អោយ​គាត់​ប្រាកដ​ហើយ​ អើ​វ៉ីយ​ កន​យើង​ អីលូវ​តា​ភោគ​គាត់​ជាប់​ដៃ​និយាយ​ប្រាជ្ញ​ព្រោក​ នឹង​លោក​គ្រូ​យើង​ ផ្ទះ​គាត់​ស្ងាត់​គ្មាន​នរ​ណា​នៅ​ទេ បើ​ដូច្នេះ​កន​យើង​ គួរ​ទៅ​បេះ​ផ្លែ​ឈើ​គាត់​ស៊ី​អោយ​ឆ្អែត​ទាំង​អស់​គ្នា​សិន​ គង់​តែ​យើង​ត្រូវ​រំពាត់​ដដែល​ទេ យើង​បេះ​មុន​ ក៏​ដូច​ជា​បេះ​​ក្រោយ​ដែរ​ ពួក​ក្មេង​និយាយ​ប្រឹក្សា​យល់​ព្រម​គ្នា​ហើយ​ ទើប​នាំ​គ្នា​ហែក​របង​ កន្លង​ចូល​ទៅ​ដល់​ដើម​ភ្ញៀវ​ហើយ​ឡើង​បេះ​​ស៊ី​ខ្លះ បេះ​ស្ពាយ​ទៅ​វត្ដ​ខ្លះ​ ខ្លះ​ថ្ពក់​ ខ្លះ​ការ​ ខ្លះ​អង្រួន​អោយ​គ្នា​វា​រើស​វេច​ រើស​ស៊ី​តាម​ចិត្ដ​ទី​ទៃ​ៗ លុះ​ល្ងាច​ទើប​វា​នាំ​គ្នា​ទៅ​ វត្ដ​។អែ​តា​ភោគ​ លុះ​ដល់​ពេល​ល្ងាច​ហើយ​ ក៏​ថ្វាយ​បង្គំ​លា​លោក​ចៅ​អធិការ​វិល​ទៅ​គេ​ហ​ដ្ឋាន​ បាន​ឃើញ​សំបក​ភ្ញៀវ​សំបក​ ដូង​ និង​ផ្លែ​ចាស់​ខ្ចី​ជ្រុះ​ខ្ជាំ​នៅ​ខាង​ផ្ទះ​ខ្លួន​ដូច្នោះ​ ក៏​រឹង​រិត​តែ​ខឹង​ស្ដាយ​របស់​ខ្លួន​ក្រៃ​ពេក​ កើត​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ត្បិត​ខ្លួន​ នៅ​និយាយ​លេង​ហួស​ការ​ គ្មាន​នរ​ណា​នៅ​រក្សា​ផ្ទះ​រក្សា​ដំណាំ​ជួស​ខ្លួន​ ជា​ទី​អោកាស​អោយ​អា​ក្មេង​វត្ដ​វា​មក​បេះ​បោច​បុក​ បែន​លើស​លែង​កាល​ជាន់​មុន​ៗ​ នឹង​ទៅ​ពិត​លោក​អោយ​ជេរ​វាយ​ម្ដង​ទៀត​ក៏​ផុត​កាល​ គឺ​កាល​មុន​បាន​ទៅ​ពិត​ដល់​លោក​ ហើយ លោក​នៅ​មិន​ទាន់​បាន​ជេរ​វាយ​ប្រ​ដៅ​អោយ​អែង​ផង​ តា​ភោគ​គិត​រក​ផ្លូវ​ ធ្វើ​ក្មេង​ពុំ​បាន ក៏​រឹង​រំខាន​ក្ដៅ​ចិត្ដ​ក្រៃ​ពេក​ហោង​។

រឿងនេះបានគតិដល់បុគ្គលអ្នកនិយាយច្រើន ភ្លើនចិត្ដមិនគិតទៅក្នុងការប្រយោជន៍របស់ខ្លួន ចុះក្នុងក្បួនពាក្យលោកថា កោកៗ សឹកតែមាត់ត្រដោក ឆ្អែតអែពោះក្របី ពោះគោអែនោះ។ តាអើយតាភោគ និយាយប្រាជ្ញព្រោក នឹងលោកជង្រ្គាជ មិនឈប់បង្អង់ ពីត្រង់ដល់ល្ងាច អាក្មេងឡើងរាជ ពង្រេចដំនាំ។ លុះល្ងាចទៅផ្ទះ ស្រាប់ឃើញរង្គះ ផ្កាផ្លែជ្រុះខ្ជាំ កើតក្ដៅក្រហាយ សោកស្ដាយដំនាំ នេះគឺផលកម្ម និយាយមិនក្រោក។ ចប់តំរានិយាយច្រើនចំរើនចោរ ជាគតិទី៤២

រឿងចៅខ្ញុំគេសំលាប់មាន់រងាវ

មាន​ចៅ​ម្នាក់​នៅ​ជា​ខ្ញុំ​គេ នាយ​ប្រើ​អោយ​ធ្វើ​ការ​បំរើ​នៅ​ក្នុង​ផ្ទះ​ជា​ប្រ​ក្រតី​ អែ​នាយ​នោះ​មាន​ចិញ្ចឹម​មាន់​ចែ​ឈ្មោល​មួយ​ សំរាប់​រងាវ​យាម​រាល់​ៗ​ថ្ងៃ តែ​ដល់​ពេល​មាន់​នោះ​រងាវ​ឡើង​កាល​ណា​ហើយ គេ​តែង​ដាស់​ចៅ​នោះ​ប្រើ​អោយ​ធ្វើ​ការ​ទាំង​ឡាយ​ មាន​រែក​ទឹក​ស្រោច​ដំណាំ​ជា​ដើម​។

អែ​ចៅ​នោះ​លុះ​ត្រូវ​នាយ​ប្រើ​អិត​ពេល​ កើត​ក្ដី​ពិបាក​លើស​មុន​ទៅ​ទៀត​ ក៏​មក​គិត​ស្ដាយ​មាន់​យាម​នោះ​វិញ​ថា កាល​ពី​ដើម​គេ​ប្រើ​ដោយ​ពេល​មាន់​រងាវ​ គឺ​តែ​ដល់​ពេល​មាន់​រងាវ​រួច​ហើយ​ នាយ​គាត់​ដាស់​អែង​អោយ​ក្រោក​ទៅ​ធ្វើ​ការ​ អែង​គិត​ថា កំពុង​ដេក​លក់​ស្រួល​ ដល់​អា​មាន់​រងាវ​ នាយ​ដាស់​អែង​អោយ​ទៅ​ប្រកប​ការ​ ឃើញ​ថា​ទោស​ខាន​ដេក​នោះ​ កើត​អំពី​មាន់​ប្រាកដ​ ហេតុ​នោះ​បាន​ជា​អែង​ចាប់​វា​យក​ទៅ​ប្រហារ​បង់​ នឹក​ថា​នឹង​បាន​សេច​ក្ដី​សុខ​សប្បាយ​ខ្លះ​ ដល់​អីលូវ​អិត​ពី​មាន់​យាម​ទៅ​ នាយ​រឹង​រិត​តែ​ប្រើ​អែង​លើស​ប្រមាណ​ គឺ​ពុំ​មាន​ពេល​វេលា​ឡើយ​ គាត់​ចង់​ប្រើ​វេលា​ណា​ ក៏​ប្រើ​ទៅ​តាម​ចិត្ដ​​ជា​ម្ដង​ អោ​អញ​អើយ​ដែល​អញ​វាយ​មាន់​ចោល​នោះ​ ខុស​ប្រាកដ​ទៅ​ហើយ​ បើ​ទុក​មាន់​នៅ​គ្រាន់​បើ​ជាង​នេះ​ ព្រោះ​គេ​ប្រើ​មាន់​ពេល​មាន​កាល​វេលា​ខ្លះ​ ចៅ​នោះ​គិត​ឃើញ​ដូច្នោះ​ ក៏​កើត​ក្ដី​ក្ដៅ​ក្រហាយ​ពុំ​សប្បាយ​ហោង​។

រឿង​នេះ​បាន​ជា​គតិ​ដល់​បុគ្គល​អ្នក​ផ្លាស់​កន្លែង​ស្វែង​រក​ក្ដី​សុខ​ ដល់​បាន​ទុក្ខ​ក៏​ក្ដៅ​ក្រហាយ​សោក​ស្ដាយ​កន្លែង​ចាស់​វិញ​។ កើត​មក​ជា​ទាសា​ទាសី​គេ​ហើយ​ នឹង​គិត​ថា​នាយ​គេ​ប្រើ​អញ​ឆ្នាំ​នេះ​ពិបាក​គឺ​តឹង​ណាស់​ ដល់​ឆ្នាំ​មុខ​ៗ យ៉ាង​ជា​ធូរ​ជាង​នេះ​​ទេ​ដឹង​ ការ​គិត​គ្នេរ​យ៉ាង​នោះ​មិន​ត្រូវ​ទេ វិស័យ​ខ្លួន​ជា​ខ្ញុំ​គេ​ហើយ​ នឹង​ស្វែង​រក​ក្ដី​ទំនេរ​ ក្ដី​សុខ​អែ​ណា​មាន​ គួរ​គិត​ទៅ​ចុះ​។

ខ្ញុំ​អើយ​ខ្ញុំ​គេ គិតរកទំនេរ គ្មានទេណាបា
តែផ្លាស់កន្លែង រកស្វែងសុខា ក្រែងដូចតំរា
ចៅវាយមាន់យាម។
មួយហត្ថជាន់ មុន ជាន់ក្រោយទ្វេគុណ លើសមុនដប់ព្យាម
ដៃអើយកុំកែ គង់ផ្លែរាល់ម្រាម ធ្វើនេះរួចភ្លាម
ធ្វើនោះតទៅ។

មួយ​ទៀត​អ្នក​​ខ្លះ​បាន​កន្លែង​កំនាច​ហើយ​ គិត​ផ្លាស់​កន្លែង​អោយ​ធូរ​ជាង​មុន​វិញ ជួន​ទៅ​ប្រទះ​លើ​កន្លែង​កាឡ​កណ្ណី​កំនាច​លើស​មុន​ក៏​មាន​ ដូច​មាន​និទាន​រឿង​

ស្រីម្នាក់មានប្ដីជក់អាភៀន

មាន​នារី​ម្នាក់​ ជាធី​តា​អ្នក​មាន​ត្រកូល​ នាង​នោះ​បាន​ប្ដី​អ្នក​ត្រកូល​ស្មើ​គ្នា តែ​ចៅ​ប្ដី​នោះ​ជក់​អាភៀន​ញៀន​ពេញ​កំលាំង​ តាំង​តែ​ពី​បាន​គ្នា​មក ចៅ​ប្ដី​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​អស់​ជា​ច្រើន​ ដោយ​លួច​ទិញ​អាភៀន​ជក់​។ នាង​ភរិយា​បាន​ក្ដី​ទុក្ខ​រំខាន​ខ្លាំង​ ក៏​គិត​ថា​ស្វាមី​អញ​នេះ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​វិនាស​អស់​ជា​ម្ដង​ នឹង​គិត​អោយ​ប្ដី​លែង​ជក់​អា​ភៀន​ ក៏​គិត​សំរេច​ទៅ​បាន​ បើ​ដូច្នេះ​គួរ​និយាយ​នឹង​គាត់​អោយ​ផឹក​សុរា​វិញ​ចុះ​ ព្រោះ​សុរា​ថោក​ជាង​អាភៀន​ បើ​គាត់​ជាប់​សុរា​ហើយ​ឃើញ​ជា​ណាយ​អាភៀន​នោះ​មិន​ខាន​ឡើយ​។

នាង​នោះ​គិត​ដូច្នោះ​ហើយ​ បាន​អោ​កាស​ក៏​និយាយ​លួង​លោម​ប្ដី​នោះ​ថា អ្នក​អើយ​សូម​មេត្ដា​កូន​ប្រពន្ធ​ម្ដង​ចុះ បើ​អ្នក​កាន់​ល្បែង​អាភៀន​យ៉ាង​នេះ​ហើយ​ កូន​ប្រពន្ធ​នឹង​ធន់​រក​ប្រាក់​កាស​ចិញ្ចឹម​គ្នា​ពុំ​បាន​ទេ ព្រោះ​អា​ភៀន​សព្វ​ថ្ងៃ​នេះ​ថ្លៃ​ពេក​ណាស់​ មិន​ឈ្នះ​នឹង​រក​ប្រាក់​ទិញ​អោយ​ជ​ក់​ទេ​។ បើ​ដូច្នេះ​ ចូរ​អ្នក​ផឹក​សុរា​កែ​ខ្លួន​វិញ​ចុះ​ ព្រោះ​សុរា​ថោក​ជា​ងអា​ភៀន​ គ្រាន់​តែ ២-៣ លុយ​ទៅ​ក៏​ផឹក​ឆ្អែត​បាន​វាល់​ល្ងាច​ទៅ​ហើយ​។

អែ​ប្ដី​លឺ​ប្រពន្ធ​ថា​ដូច្នោះ​ក៏​ព្រម​តាម​ ទើប​អោយ​ប្រពន្ធ​ទិញ​សុរា​មក​អោយ​ផឹក​ ដើម្បី​បន្ធូរ​ផ្លូវ​អា​ភៀន​នោះ​។​ អែ​នាង​ប្រ​ពន្ធ​តែង​ទៅ​លក់​បន្លែ​ផ្លែ​ឈើ​នៅផ្សា​រ និមិត្ដ​តែ​អស់​កាល​ណា​ក៏​ទិញ​សុរា​ដាក់​ដប​យក​មក​ផ្ញើ​ចៅ​ប្ដី​រាស់​ៗ​ថ្ងៃ​រៀង​ទៅ​។ អែ​ប្ដី​បាន​ផឹក​សុរា​ជាប់​ហើយ​ ក៏​តាំង​ទ្វេ​ឡើង​ដល់​ថ្លៃ​១​កាក់​ទើប​ឆ្អែត​ នាង​ប្រពន្ធ​ក៏​ចេះ​តែ​ស៊ូ​រក​អោយ​ផឹក​បាន​រាល់​ថ្ងៃ​។ ចៅ​ប្ដី​កើត​ជា​អ្នក​ប្រ​មឹក​ ផឹក​តែ​អែង​មិន​សប្បាយ​ ទើប​ត្រាច់​ទៅ​គប់​អ្នក​ប្រ​មឹក​អែ​ទៀត​ យក​គ្នា​ជា​ភឿន​ផឹក ដើរ​ផឹក​ស៊ីតាម​តៀម​ចិន​តាម​រាន​ផ្សារ តែ​ស្រ​វឹង​កាល​ណា មក​ផ្ទះ​បង្ក​ហេតុ​ឈ្លោះ​ប្រកែក​បញ្ចោរ​ប្រពន្ធ​ ជួន​កាល​ស្រវឹ​ង​ខឹង​វាយ​ចាន​ វាយ​ឆ្នាំង បោក​ប្រាស​តុ​ថាស​ ដាល់​តប់​កូន​ប្រពន្ធ​ក៏​មាន​ ជួន​ណា​ជេរ​គេ​អែង​ដែល​មិន​មែន​ជា​ញាតិ​ កើត​វិវាទ​ឈ្លោះ​ប្រ​កែក​បែក​កើត​ជា​ក្ដី​ត្រូវ​ពិន័យ​បង់​ប្រាក់​ ដោយ​ចាញ់​ក្ដី​គេ​ក៏​មាន​ ជួន​ណា​ទៅ​ស្រវឹង​តាម​ធ្លា​ អួត​​អាង​ក្អេង​ក្អាង​ដាក់​ចៅ​នាទី​ ចៅ​នា​ទី​អត់​មិន​បាន ក៏​វាយ​ដំ​ធាក់​ច្រាន​ចាប់​យក​ខ្លួន​ទៅ​ដាក់​គុក​ កើត​បង់​ប្រាក់​លោះ​ខ្លួន​ក៏​មាន​។

ក្ដី​អាក្រក់​នៃ​ចៅ​ប្រ​មឹក​នោះ លឺ​ប្រាកដ​សុះ​សាយ​ទួ​ទៅ​ អែ​នាង​ប្រពន្ធ​ធន់​ពុំ​បាន​នឹង​ក្ដី​រំខាន​ចៅ​ប្ដី​ធ្វើ​ទុក្ខ​ច្រើន​ប្រការ​ណាស់​ ទើប​មក​គិត​ថា កាល​ជក់​អាភៀន​នោះ គឺ​បង់​តែ​ប្រាក់​ថ្លៃ​ទិញ​អាភៀន​​ចំណែក​មួយ​ តែ​ជក់​ឆ្អែត​ហើយ​មក​ផ្ទះ​ជួយ​ចាប់​​កូន​ចាប់​ចៅ​ រឺ​ជួយ​ធ្វើ​ការ​អែ​ទៀត​ៗ​បាន​ខ្លះ​ ដូច​ជា​គ្រាន់​បើ​ជាង​ផឹក​សុរា​ អែ​សុរា​នេះ​ចាប់​ដើម​ពី​ចេះ​ផឹក​មក​ពុំ​បាន​ការ​អ្វី​​មួយ​យ៉ាង​សោះ ចេះ​តែ​ជេរ​វាយ​កូន​ប្រពន្ធ​ បោក​ប្រាស់​ចោល​ចាន​ចោល​ឆ្នាំង​ បំផ្លាញ​ទ្រព្យ​សម្បត្ដិ​ខូច​ជា​ច្រើន​។ អោ​អញ​អើយ ​គិត​ខុស​ទៅ​ហើយ​ ពី​ដើម​គិត​ថា​ អាភៀន​ហើយ​ ជា​វត្ថុ​កំនាច​កាច​ខ្លាំ​ងក្លា​ គិត​យក​សុរា​មក​បន្ទោ​អោយ​អន់​ អី​លូវ​វា​មិន​គ្រាន់​ ត្រលប់​អា​អន់​ទ្វេ​ឡើង​ជា​អែក​ប្លែក​លើស​អាភៀន​នោះ​ទៅ​ទៀត​ មែន​ពិត​ រី​អែ​អាភៀន​សុរា​និង​ល្បែង​ ភ្នាល់​គ្នា​ ទាំង​ឡាយ​នោះ តែ​កើត​មក​មាន​កំលាំង​ក្លាន​ហាន​ហើយ​ ក៏​ដូចគ្នា​ទាំង​អស់ នឹង​ទៅ​និន្ទា​ រឺ សរ​សើរ​ថា​អាភៀន​ជា​​របស់​គ្រាន់​បើ​ជាង​សុរា​ រឺ​ ថា​សុរា​គ្រាន់​បើ​ជាង​អាភៀន​ រឺ​ថា​អំពើ​ល្បែង​បៀរ​ប៉ោ គ្រាន់​បើ​ជាង​សុរា​ ជាង​អា​ភៀន​វិញ​យ៉ាង​នេះ​ពុំ​បាន​ ព្រោះ​របស់​ទាំង​បី​នោះ​មាន​កំលាំង​ផ្សាយ​​ទៅ​ដូច​គ្នា ​តែ​មាន​នៅ​លើ​សំបុក​ណា​ហើយ​ ក៏​អាច​ធ្វើ​សំបុក​នោះ​អោយ​វិនាស​ បាន​នូវ​ក្ដី​ក្ដៅ​ក្រហាយ​ហោង​។ មួយ​ទៀត​ជំនុំ​របស់ ​៣​យ៉ាង​នេះ របស់​អែ​ណា​មួយ​មាន​នៅ​លើ​សំបុក​ណា​ហើយ​ សំបុក​នោះ​សឹង​ស្រែក​សឹង​ពោល​ថា​ ធ្ងន់​ណាស់ ពិបាក​ណាស់​លើស​របស់​អែ​ទៀត​ៗ អែ​របស់​អែ​ទៀត​ៗ​នោះ​ដូច​ជា​គ្រាន់​បើ​ជាង​របស់​នេះ​។

ពាក្យ​ពោល​យ៉ាង​នេះ មាន​អុប​មា​ដូច​បុគ្គល​អ្នក​កើត​រោគ​ធ្ងន់​ កាល​ណា​ឈឺ​ខ្លាំង​ក៏​តាំង​ស្រែក​ថ្ងូរ​ថា រោគ​ឈឺ​ក្បាល​នេះ​ឈឺ​ លើស​អវយ​វៈ​អែ​ទៀត​ៗ បើ​ទៅ​ឈឺ​ដៃ ​រឺ​ ឈឺ​ជើង ​រឺ​ ក៏​ពោះ​វិញ​ នៅ​ដូច​ជា​គ្រាន់​បើ​ជាង​ឈឺ​ក្បាល​នោះ​។ ដល់​មាន​រោគ​ចុក​ពោះ​យ៉ាង​ខ្លាំង​ឡើង​ ក៏​ស្រែក​ថ្ងូរ​ពោល​ថា រោគ​ឈឺ​ពោះ​នេះ​ ឈឺ​លើស​ទី​អែ​ទៀត​ៗ​ ដល់​ឈឺ​ធ្មេញ​យ៉ាង​ ខ្លាំង​ រឺ​កើត​កំនួច​ពិស​នៅ​ម្រាម​ដៃ​យ៉ាង​ខ្លាំង​ ក៏​បំរះ​ននៀល​ស្រែក​ថ្ងូរ​ពោល​ថា ឈឺ​លើស​អវ​យវៈ​អែ​ទៀត​ៗ ពាក្យ​អ្នក​ឈឺ​ ពោល​យ៉ាង​នេះ​ តែ​រោគ​យ៉ាង​មធ្យម​ៗ បើ​ដល់​រោគ​យ៉ាង​ខ្លាំង​យ៉ាង​សហ័ស​នោះ​ហើយ មិន​ថា​ឈឺ​នៅ​អវ​យវៈ​ណា​ទេ សឹង​បាន​ក្ដី​ទុក្ខ​វេ​ទនា​ដូច​គ្នា​ទាំង​អស់​ ស្រួល​តែ​មិន​ឈឺ​នោះ​អែង​ទើប​សុខ​ ទើប​សប្បាយ​បាន​ មាន​អុប​មេយ្យ​ដូច​សំបុក​​ណា ដែល​គេ​មិន​មាន​រោគ​អាភៀន​ រោគ​សុរា​ រោគ​ល្បែង​បៀរ​ប៉ោ​ជា​ដើម​នោះ​អែង​ ទើប​សុខ​ ទើប​សប្បាយ​បាន​ហោង​ អ្នក​មាន​បញ្ញា​គួរ​ចូល​ចិត្ដ​ចុះ​។

ចប់តំរាកន្លែងកំនាចចាស់ គិតផ្លាស់កន្លែងកំនាចថ្មីជាគតិទី៤៣។