ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងហង្ស និង អណ្ដើក
ថ្ងៃសៅរ៍ ទី14.វិច្ឆិកា 2015.ម៉ោង 17:24

មាន​ហង្ស​មួយ​គូ តែង​នាំ​គ្នា​ទៅ​លេង​ទឹក​ស្រះ​១​ ជា​និរន្ដរ៍ បាន​យក​អណ្ដើក​មួយ​ជា​សំលាញ់​។ អែ​អណ្ដើក​នោះ តែ​ហង្ស​មក​លេង​ទឹក​កាល​ណា ក៏​វា​ចេញ​មក​និយាយ​ចរ​ចា​ប្រស័យ​ជា​មិត្ដ​នឹង​គ្នា លុះ​នៅ​យូរ​មក ស្រះ​នោះ​កើត​រីង​ខះ​គោក​អណ្ដើក​នឹង​នៅ​ពុំ​បាន ទើប​និយាយ​នឹង​ហង្ស​ថា សំ​លាញ់​អើយ​! ខ្ញុំ​អែង​ នឹង​នៅ​អាស្រ័យ​ក្នុង​ស្រះ​នេះ​ត​ទៅ​ទៀត​ពុំ​បាន​ឡើយ​ ព្រោះ​អិត​ទឹក​ដូច​សំលាញ់​ឃើញ​ស្រាប់​ហើយ​។ អែ​ហង្ស​ទាំង​គូ​ក៏​ថា បើ​ដូច្នេះ​មាន​តែ​យើង​នាំ​គ្នា​ទៅ​អាស្រ័យ​អែ​ម​ហា​បោក្ខ​ណី​នៅ​ខាង​ជើង​ព្រៃ​ហិ​មពាន្ដ​អែ​នោះ​វិញ​ចុះ ត្បិត​ស្រះ​នោះ​ជ្រៅ​ធំ​ទូលាយ​សប្បាយ​ ទាំង​ផលា​ផល​ទាំង​​ឡាយ​ជា​ភត្ដា​ហារ​ក៏​បរិបូណ៌​ គួរ​សំលាញ់​អែង​ទៅ​នៅ​អែ​មហា​ស្រះ​នោះ​ចុះ​។ អណ្ដើក​លឺ​ហង្ស​ថា​ដូច្នោះ​ ក៏​តប​ថា​ខ្លួន​ខ្ញុំ​អែង​ជា​សត្វ​ជើង​ខ្លី វារ​លូន​ដោយ​ផែន​ដី ធ្វើ​ម្ដេច​នឹង​ទៅ​​ដល់​មហា​ស្រះ​នោះ​បាន​?​។

លុះ​មក​ដល់​កណ្ដាល​នគរ​ពារាណ​សី បណ្ដា​ក្មេង​ទាំង​ឡាយ​បាន​ឃើញ​ហង្ស​ហើរ​ពាំ​នាំ​អណ្ដើក​ដូច្នោះ​ វា​ក៏​បង្កូក​ហៅ​គ្នា​គឹក​កង​រំពង​ឡើង​ទាំង​ស្រុក ស្រែក​ប្រាប់​គ្នា​ថា វ៉ឺយ​គ្នា​យើង អែង​មើល​ហង្ស​វា​ពាំ​អណ្ដើក​នោះ យ៉ាង​ជា​វា​យក​ទៅ​ស៊ី​អែ​លំ​នៅ​វា​ហើយ​អែង​។ អែ​អណ្ដើក​បាន​លឺ​ពាក្យ​កូន​ក្មេង​ថា ហង្ស​ពាំ​នាំ​អណ្ដើក​យក​ទៅ​ស៊ី​ដូច្នោះ​ ក៏​ខឹង​នឹង​កូន​ក្មេង គិត​ថា​អា​ក្មេង​អស់​នេះ វា​ស្ដី​ប្រមាថ​មាក់​ងាយ​អញ​ពេញ​ទី​ជា​ម្ដង​គួរ​ រឺ ហង្ស​ជា​សំលាញ់​វា​នាំ​អញ​ទៅ​ទុក​អែ​មហា​ស្រះ​អែ​ណោះ​ទេ នេះ​វា​មក​នាំ​គ្នា​ពោល​ថា​ហង្ស​ពាំ​អញ​ទៅ​ស៊ី​វិញ អណ្ដើក​គិត​ដូច្នោះហើយ​ក៏​កើត​ទោ​សោ​នឹង​ពួក​ក្មេង​ ហា​មាត់​ឡើង នឹង​ជេរ​ពួក​ក្មេង​ទាំង​នោះ និមិត្ដ​តែ​ហា​មាត់​ឡើង​កាល​ណា ក៏​ធ្លាក់​អំ​ពី​ឈើ​បង្គង​ចុះ​មក​ដល់​ផែន​ដី ត្រូវ​នឹង​ដី​រឹង​ដី​ថ្ម បែក​ស្នូក​ជា​ភាគ​តូច​ភាគ​ធំ​ដល់​នូវ​ក្ដី​មរណ​កាល កណ្ដាល​ព្រះ​នគរ​ពារាណ​សី បណ្ដា​ក្មេង​ប្រុស​ស្រី ក៏​នាំ​គ្នា​រើស​សាច់​អណ្ដើក​នោះ យក​ទៅ​អោយ​ម៉ែ​ឳ​​វា​ស្លបរិភោគ​ហោង​។ អែ​ហង្ស​ទាំង​ពីរ​ កាល​ណា​បើ​អណ្ដើក​របូត​មាត់​ភ្លាត់​ចាក​ឈើ​ស្នែង​ធ្លាក់​ស្លាប់​ហើយ​ ក៏​នាំ​គ្នា​ចោល​ឈើ​ស្នែង​នោះ​ចេញ​ចាក​មាត់​នៃ​អាត្មា​ពោល​ថា អា​អណ្ដើក​វា​មិន​ដំកល់​នៅ​ក្នុង​អោ​វាទ​ខ្លួន​ហាម​ បាន​ជា​ដល់​នូវ​ក្ដី​វិនាស​យ៉ាង​នេះ ថា​ហើយ​ក៏​នាំ​គ្នា​ហើរ​ទៅ​កាន់​លំ​នៅ​នៃ​អាត្មា​វិញ​ហោង​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​អ្នក​មិន​សង្រួម​មុខ​ទ្វារ គឺ​មិន​រក្សា​មាត់​អោយ​ល្អ​ បាន​នូវ​ក្ដី​ទុក្ខ​ទោស​វិនាស​ប្រាណ ដូច​អណ្ដើក​នោះ​អែង គួរ​ចូល​ចិត្ដ​ចុះ​។ អនិច្ចា​អណ្ដើក​ អណ្ដាត​ខ្វើក​ៗ បើក​មាត់​ជេរ​ក្មេង និមិត្ដ​ហា​មាត់ ភ្លាត់​ចាក​ឈើ​សែង​ ធ្លាក់​ស្លាប់​ខ្លួន​អែង​ ព្រោះ​មាត់​រពិស​។

ចប់តំរារពិសមាត់ជាគតិទី៣៩
រឿងរាជសីស្រលាញ់មេគោ

មាន​សត្វ​រាជ​សី​មួយ ដើរ​ទៅ​ឃើញ​មេ​គោ​របស់​នាយ​គោ​បាល​ម្នាក់​ ក៏​មាន​ចិត្ដ​ប្រតិ​ព័ទ្ធ​ស្រលាញ់​ស្នេហា ចូល​ទៅ​សេព​កាម​ដោយ​មេ​គោ​រួច​ហើយ​ក៏​ចូល​ព្រៃ​។ អាការ​រាជ​សីហ៍​សេព​នឹង​មេ​គោ​នោះ មិន​តែ​ម្ដង​ឡើយ សឹង​ចូល​ទៅ​សេព​សព្វ​ៗ​ថ្ងៃ អែ​មេ​គោ​ទាំង​ឡាយ​តាំង​តែ​ពី​រាជ​សីហ៍​ចូល​កាល់​រឿយ​ៗ​មក ក៏​ស្គាំ​ស្គម​ទ្រម​មាឌ ហើយ​ទាំង​មាន​ក្ដី​ភិត​ភ័យ​ខ្លាច​រាជ សីហ៍​នោះ​ផង អែ​ទឹក​ដោះ​សោត​ក៏​ចេញ​មិន​បរិ​បូណ៌​ដូច​អំពី​មុន​ៗ​ឡើយ​។

នាយ​គោ​បាល កាល​បើ​បាន​ឃើញ​រាជ​សីហ៍​ចូល​កាល់​មេ​គោ​ទាំង​ឡាយ​របស់​ខ្លួន​តែ​សព្វ​ៗ​ថ្ងៃ​ដរាប​ដល់​មេ​គោ​ទាំង​ឡាយ ស្គាំ​ស្គម​ទ្រម​មាឌ ​និង​រិត​យក​ទឹក​ដោះ​ពុំ​សូវ​បាន​ដូច​កាល​មុន​ៗ​ដូច្នោះ ក៏​នាំ​សេច​ក្ដី​នោះ​ទៅ​ជំរាប​ដល់​មហា​សេដ្ឋី​ជា​នាយ​ធំ អោយ​ជ្រាប​ហេតុ​សព្វ​ប្រការ​ មហា​សេដ្ឋី​ក៏​ប្រាប់​អោយ​នាយ​គោ​បាល​ប្រកប​ថ្នាំ​ពិស​ពុល យក​ទៅ​លាប​គូថ​លាប​រោម​នៃ​មេ​គោ​ទាំង​ឡាយ​នោះ ដើម្បី​បំពុល​រាជ​សីហ៍​ក្នុង​កាល​​ដែល​វា​មក​លិទ្ធរោម​លិទ្ធ​គូថ​មេ​គោ​នោះ​ៗ​អែង​។ អែ​នាយ​គោ​បាល​ក៏​ចេញ​មក​ស្ល​ថ្នាំ​ពិស បាន​ហើយ​នាំ​ទៅ​លាប​កាយ​នៃ​មេគោ​ តាម​ពាក្យ​មហា​សេដ្ឋី​បង្គាប់​នោះ​អែង​ អែ​រាជ​សីហ៍​នោះ​លុះ​ពេល​ព្រឹក​ឡើង ក៏​ចូល​ទៅ​ក្នុង​ហ្វូង​គោ ដល់​ហើយ​ក៏​ទៅ​ប្រលោម​ស្នេហា​ តាំង​លិទ្ធ​កាយ​លិទ្ធ​គូថ​នៃ​មេ​គោ​នោះ​អែង លុះ​ពាល់​ត្រូវ​ថ្នាំ​ពិស​នោះ​កាល​ណា ក៏​កើត​ពុល​ដាល​ផ្សព្វ​ផ្សាយ​ប្រ​កាច់​ដួល​ចុះ​ ដល់​នូវ​មរណ​កាល​កណ្ដាល​ហ្វូង​គោ​នោះ​ហោង​។

សីហ៍​អើយ​សី​ហោ ស្លាប់​ព្រោះ​គូថ​គោ ដោយ​អិត​ប្រាជ្ញា​ គិត​ស្វែង​តែ​កាម កើត​ញ៉ាម​ស្នេហា មិន​ពិចា​រណា អោយ​យល់​​ខុស​ត្រូវ​។
ខ្លួន​ជា​សត្វ​ព្រៃ ជាតិ​គោ​ទី​ទៃ ខុស​ពូជ​ពង្ស​ផៅ គួរ​រឺ​ទៅ​ធ្វើ អំពើ​ជំរៅ​ លិទ្ធ​គោ​ពាល់​ត្រូវ ថ្នាំ​ពិស​ពុល​ក្ស័យ​។
ចប់តំរាបុគ្គលស៊ីលិទ្ធអាហារមិនពិចារណាជាគតិទី៤០

រឿងស្វារពិសលិង្គ និង មហាអីសី

មាន​សត្វ​ពានរ​មួយ អាស្រ័យ​នៅ​ខាង​បណ្ណា​សាលា​អា​ស្រម​នៃ​មហា​រិស្សី​បរម​ពោធិ​សត្វ ស្វា​នោះ​ជា​សត្វ​លេះ​លោះ រពិស​ក្នុង​ការ​សេព​កាម តែ​ឃើញ​ព្រះ​អិសី​លោក​តាំង​សមាធិ​គង់​ស្ងៀម​កាល​ណា​វា​តែង​លោត​ទៅ​រក ហើយ​យក​អង្គ​ជាតិ​ដាក់​ក្នុង​រន្ធ​ត្រចៀក រន្ធ​ច្រមុះ​នៃ​ព្រះ​បរម​ពោធិ​សត្វ ធ្វើ​អាការ​លោ​កិយ​ទៅ​តាម​ភាព​​ពាល​ផ្សេង​ៗ​។

អែ​បរម​ពោធិ​សត្វ បាន​យល់​ស្វា​ធ្វើ​អាការ​ដូច្នាះ​ព្រះ​អង្គ​នឹង​បាន​ប្រហារ​ទះ​ទាត់​ស្វា​នោះ​ចេញ ក៏​អិត​អង្គឺ​មាន ព្រោះ​ព្រះ​ទ័យ​តាំង​នៅ​ក្នុង​សមាធិ​ចំរើន​ឈា​ន​សមា​ធិ​គុណ អែ​កិរិយា​ពានរ​បៀត​បៀន​ធ្វើ​នូវ​អសទ្ធម្ម​ជា​ផ្លូវ​មេ​ថុន នឹង​​សោត​ទ្វារ​ឃាន​ទ្វារ នៃ​ព្រះ​មហា​អិសី​បរម​ពោ​ធិ​សត្វ​នោះ​តែ​រឿយ​ៗ​រៀង​ៗ​មក​។ លុះ​យូរ​មក មាន​កាល​ថ្ងៃ​មួយ​ចៅ​ពានរ​ចេញ​ទៅ​ស្វែង​រក​អាហារ​នឹង​បរិ​ភោគ បាន​ទៅ​ឃើញ​អណ្ដើក​ខ្មៅ​១ ហា​មាត់​ដេក​លក់​នៅ​ក្នុង​ទី​​១ ពានរ​ជា​សត្វ​រពិស​ ក៏​ចូល​ទៅ​ហើយ​ដាក់​អង្គ​ជាតិ​ខ្លួន​ទៅ​ក្នុង​មាត់​អណ្ដើក​ ធ្វើ​អស​ទ្ធម្ម​ដោយ​ទ្វារ​មាត់​អណ្ដើក​នោះ​អែង​។

អែ​អណ្ដើក​នោះ លុះ​ភ្ញាក់​ដឹង​ខ្លួន​ហើយ ក៏​ខាំ​សង្កត់​អង្គ​ជាតិ​ស្វា​នោះ ខ្ជាប់​ពុំ​លែង​ឡើយ អែ​ពាន​រ​ក៏​ឈឺ​ពើត​ឡើង តាំង​បើក​មាត់​អណ្ដើក​អោយ​ហា​ក៏​បើក​ពុំ​បាន អណ្ដើក​រិត​តែ​ខាំ​សង្កត់​ចុះ ពារ​និយាយ​អង្វរ​លួង​លោម​អោយ​អណ្ដើក​លែង​ដូច​ម្ដេច​ៗ អណ្ដើក​ក៏​ពុំ​លែង​ឡើយ​ ចៅ​ពានរ​បាន​ក្ដី​ទុ​ក្ខវេទ​នាពន់​ពេក​ណាស់​ ទើប​គិត​ថា ក្ដី​ទុក្ខ​អញ​ម្ដង​នេះ ជា​ទុក្ខ​ធំ​បំផុត នឹង រក​លោក​អ្នក​អែ​ណា ជា​ពេទ្យ​ជួយ​បន្ទោ​បង់​រោគ​នេះ​យល់​ពុំ​មាន មាន​តែ​ព្រះ​ឥសី​សីលា​ទើប​អាច​ជួយ​កែ​រោគ​នេះ​បាន គិត​ហើយ​ចៅ​ពានរ​អោន​កាយ​​ទ្រ​អណ្ដើក​ដោយ​ដៃ​ទាំង​ពីរ​ ដើរ​អោន​ៗ​កំប្រោន​ប្រាណ​ចូល​ទៅ​កាន់​ទី​ឋាន​នៃ​ព្រះ​បរម​ពោធិ​សត្វ ៗ​បែរ​ទៅ​យល់​ពានរ​ទ្រ​អណ្ដើក​មក​ដូច្នោះ​ ក៏​ជ្រាប​ហេតុ​នោះ​មួយ​រំពេច​ថា អា​ស្វា​នេះ​វា​ជា​សត្វ​រពិស​ ធ្លាប់​មក​បៀត​បៀន​អញ​តែ​រឿយ​ៗ ឥលូវ​ទៅ​ត្រូវ​លើ​មាត់​អណ្ដើក​ ៗ​កាល​ណា​នឹង​អត់​បាន​ដូច​អញ គង់​វា​ខាំ​ផ្ចាល​យ៉ាង​នេះ​មិន​លែង​ គិត​ហើយ​ព្រះ​ឥសី​ក៏​ត្រាស់​សួរ​ចំអក​ទៅ​កាន់​ស្វា​នោះ​ថា ហៃ​ចៅ​ក្របី​អើយ​ ថ្ងៃ​នេះ​ចៅ​ទៅ​ស្វែង​អាហារ​ភោក្ដា​ ចៅ​បាន​ផ្លែ​ខ្នុរ រឺ​ផ្លែ​ធូរេន​យក​មក​ប្រគេន​អាត្មា​ចៅ​ក្របិ​?​។

អែ​ពាន​រឈឺ​នឹង​អណ្ដើក​វា​មឺត​ខាំ​ខ្លាំង​ណាស់​ក៏​ធ្វើ​មុខ​ជូរ​ខំ​ទូល​ទៅ​ថា ប​ពិត្រ​លោក​ព្រះ​​តាបស​មាន​ធម៌​សប្បុ​រស​ប្រសើ​រ អើយ​ខ្ញុំ​ព្រះ​ករុណា​នេះ​បាន​នូវ​ក្ដី​ទុក្ខ​វេ​ទនា កើត​អំពី​អណ្ដើក​វា​ខាំ​ពូជ​ឈឺ​ស្ទើរ​នឹង​ស្លាប់​ហើយ​ ព្រះ​គុណ​អើយ​ ជួយ​ប្រោស​មេត្ដា​បង្ហា​មាត់​អណ្ដើក​ អោយ​ពូជ​ខ្ញុំ​បាទ​របើក​ចេញ​អំពី​មាត់​អណ្ដើក​ក្នុង​គ្រា​នេះ​ទៅ​ អោយ​តែ​ខ្ញុំ​បា​នរួច​អំពី​ទុក្ខ​នេះហើ យ​ចាប់​ដើម​អំពី​ថ្ងៃ​នេះ​ទៅ​ ខ្ញុំ​រាង​ចាល​ហើយ​ ខ្ញុំ​លែង​ប្រ​ព្រឹត្ដ​ការ​អសទ្ធម្ម​ត​ទៅ​ទៀត​ហើយ​ព្រះ​ករុណា​។

អែ​ព្រះ​បរម​ពោធិ​សត្វ បាន​លឺ​ស្វា​ពោល​ពាក្យ​ដូច្នោះ ក៏​មាន​ព្រះ​ទ័យ​អាសូរ​ករុណា​ ទើប​ត្រាស់​ទៅ​កាន់​អណ្ដើក​នោះថា ហៃ​បា​កច្ឆបៈ​អើយ​ ចៅ​អែង​ជា​កស្សប​គោត្រ​ អែ​ខាង​ចៅ​ក្របិ​ជា​កោណ្ឌញ្ញ​គោត្រ​ គោ​ត្រ​ទាំង​ពីរ​ក៏​ពុំ​ឆ្ងាយ​អំពី​គ្នា​ ហេតុ​នោះ​ចូរ​អនិត​មេត្ដា​អត់​ទោស​ចៅ​ក្របិ​នេះ​ម្ដង​ទៅ​ចុះ​ ចូរ​លែង​ខាំ​អង្គ​ជាតិ​ចៅ​ក្របិ​នេះ​ទៅ ដោយ​គ្នា​ទទួល​ខុស​ហើយ ទទួល​រាង​ចាល​ហើយ​។ អែ​អណ្ដើក​បាន​ស្ដាប់​ពាក្យ​ពោធិ​សត្វ​ហើយ ក៏​ហា​មាត់​បើក​អោយ​ស្វានោះរួច​ចាក​ក្ដី​ទុក្ខ​ក្នុង​កាល​នោះ​ហោង​។

ចៅពានរពានរបានរួចអំពីមាត់អណ្ដើកហើយ ក៏កើតអៀនខ្មាស់ពោធិសត្វ ទើបក្រាបសំពះពោធិសត្វ ហើយចេញចាកទី នោះទៅនៅទី១ ឆ្ងាយអំពីអាស្រមបរមពោធិសត្វ ពុំបានមកបៀតបៀនពោធិសត្វតទៅទៀតឡើយ ចាប់ដើមពីថ្ងៃនោះ ហោង។

រឿង​និទាន​នេះ មាន​សេច​ក្ដី​ពិស្ដារ​នៅ​ក្នុង​គម្ពីរ​តិក​និបាត​អែ​ណោះ ក្នុង​តំរា​នេះ​ខ្ញុំ​បាទ​ទាញ​មក​សំដែង​តែ​ប៉ុណ្ណេះ​ដោយ​សង្ខេប ទុក​ជា​បែប​គតិ​ដល់​បុគ្គល​អ្នក​ល្មោភ​ក្នុង​កិលេស​កាមប្រ​ព្រឹត្ដ​ការ​ទៅ​ក្នុង​ព្រង់ ដែល​ពុំ​មែន​ជា​ទ្វារ​មេ​ថុន​តាម​ធម្មតា​លោ​កិយ បាន​សេច​ក្ដី​ក្ដៅ​ក្រហាយ​ក្រោយ​ដូច​និទាន​ចៅ​ពានរ​ដែល​សំដែង​ទុក​មក​នេះ​ អ្នក​មាន​ប្រាជ្ញា​គួរ​ពិចារ​ណា​ទៅ​ទៀត​ចុះ​។

ស្វា​អើយ​ចៅ​ស្វា ចៅ​ល្មោភ​តណ្ហា មិន​ថា​ទ្វារ​អ្វី ឃើញ​តែ​ចន្លោះ ទៅ​បោះ​ប៉ោល​ថ្មី ត្រូវ​កាឡ​កិណី លើ​មាត់​អណ្ដើក​។
កើតក្ដៅក្រហាយ ខំខ្វះកកាយ មិនងាយបើក បង់កេរបង់ខ្មាស ផ្ដាសព្រោះចិត្ដចើក ទៅលេងអណ្ដើក អន្ដរធានខ្លួន។