ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងចៅចាក់ស្មុគ
ថ្ងៃសៅរ៍ ទី7.វិច្ឆិកា 2015.ម៉ោង 13:23

ចៅ​នោះ​គិត​ភ្លើន​សតិ​ទៅ​ដល់​ធាក់​ទាសី យារ​ជើង​ធាក់​ទៅ​លើ​ធាង​ត្នោត ដោយ​ពេញ​កំលាំង​ ក៏​ធ្លាក់​ចុះ​ចាក​ចុង​ត្នោត​នោះ​មួយ​រំពេច ចៅ​នោះ​មាន​ស្មា​រតី ស្រវា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់​ព្យួរ​តែង​តោង​ នឹង​ស្រវា​ចាប់​ធាង​ឡើង​ទៅ​វិញ​ក៏​ពុំ​រួច នឹង​ទំលាក់​ខ្លួន​ចុះ​មក​ដី ខ្លាច​ក្ដី​ស្លាប់​ព្រោះ​ត្នោត​នោះ​លៃ​ខ្ពស់​ ចៅ​នោះ​ក៏​បាន​ក្ដី​ទុក្ខ​វេទនា​ដោយ​តោង​ចុង​ស្លឹក​ត្នោត​នោះ​អែង​។

គ្រា​កាល​នោះ​មាន​ទ្រមាក់​ដំរី​ម្នាក់ បរ​ដំរី​មក​ត្រង់​ដើម​ត្នោត​នោះ ទើប​ចៅ​ចាក់​ស្មុគ​ស្រែក​អង្វរ​ទៅ​ថា អោ​! អ្នក​បង​អើយ​! មេត្ដា​ជួយ​យក​អាយុ​ខ្ញុំ​បាទ​ក្នុង​គ្រា​នេះ ជួយ​ដាក់​ខ្ញុំ​បាទ​ផង បើ​ខ្ញុំ​បាន​រួច​អាយុ​ម្ដង​នេះ ខ្ញុំ​នឹង​ទៅ​នៅ​ជា​ខ្ញុំ​បំរើ​អ្នក​បង​។ អែ​ទ្រមាក់​ដំរី​បាន​ឃើញ​បាន​លឺ​ដូច្នោះ ក៏​បរ​ដំរី​ទៅ​ខាង​ក្រោម​ដើម​ត្នោត​ ហើយ​ក្រោក​ឈរ​ឡើង​លើ​ខ្នង​ដំរី​ ងើយ​ទៅ​ នឹង​ទទួល​ចាប់​ជើង​ចៅ​នោះ នៅ​ពុំ​ទាន់​ស៊ប់​ល្អ​ញ័រ​ជើង​ជាន់​ខ្នង​ដំរី អែ​ដំរី​នឹក​ថា​ម្ចាស់​អោយ​ដើរ​ទៅ វា​ក៏​ដើរ​ចេញ​អំពី​ទីនោះ​​ទៅ អែ​ចៅ​ទ្រមាក់​ក៏​ចាប់​ជើង​ចៅ​ចាក់​ស្មុគ​នោះ​ជាប់​នៅ​តែង​តោង​ ទើប​ស្រែក​អង្វរ​ទៅ​ចៅ​ចាក់​ស្មុគ​វិញ​ថា​ ចូរ​អ្នក​ចាប់​ចុង​ស្លឹក​ត្នោត​អោយ​ជាប់​កុំ​លែង​ដៃ​ឡើយ បើ​ខ្ញុំ​រួច​ជីវិត​ម្ដង​នេះ ខ្ញុំ​ទទួល​គុណ​អ្នក​ដាក់​លើ​ក្បាល នឹង​ទៅ​នៅ​ជា​ខ្ញុំ​បំរើ​អ្នក​ហោង​។

អែ​ចៅ​ចាក់​ស្មុគ​រួយ​ដៃ​ណាស់​ក៏​ស្រែក​ថា ចូរ​លែង​ចាប់​ជើង​យើង​ទៅ យើង​ធ្ងន់​រួយ​ដៃ​ណាស់ តែ​ខំ​ចាប់​យ៉ាង​នេះ​មុខ​ជា​ស្លាប់​ហើយ​ ចូរ​លែង​ចាប់​ជើង​យើង​ទៅ​។ អែ​ចៅ​ទ្រ​មាក់​ចេះ​តែ​អង្វរ​ថា​ សូម​អ្នក​មេត្ដា​ចាប់​ខាង​លើ​អោយ​ជាប់ ខ្ញុំ​មិន​ហ៊ាន​លែង​ដៃ​ខ្ញុំ​ពី​ជើង​អ្នក​ទេ ក្រែង​ធ្លាក់​ស្លាប់​ ធ្វើ​ម្ដេច​ជា​គ្រោះ​កាច​នាំ​អោយ​បាន​ក្ដី​ទុក្ខ​យ៉ាង​នេះ​។

គ្រា​កាល​នោះ​ មាន​ចៅ​ក្បាល​ទំពែក​៤ នាក់​នាំ​គ្នា​ទៅ​ដឹក​អញ្ចង​អែ​បឹង​ធំ ដើរ​ត្រង់​ចៅ​ទាំង​ពីរ​នោះ​អែង​ ចៅ​ទាំង​ពីរ​បាន​ឃើញ​ចៅ​ទំពែក​ទាំង​៤​នាក់​ ក៏​ស្ដី​អង្វរ​ថា លោក​អ៊ុំ លោក​មា​អើយ​ជួយ​យក​អាយុ​ខ្ញុំ​បាទ​ផង បើ​ខ្ញុំ​បាទ​បាន​រួច​ជីវិត​ហើយ នឹង ទៅ​នៅ​ជា​ខ្ញុំ​បំរើ​លោក​។ ចៅ​ទំពែក​៤​នាក់​លឺ​ដូច្នោះ​ក៏​ថា យើង​នឹង​ឡើង​ទៅ​ជួយ​ដាក់​អែ​ណា​បាន បើ​ចៅ​នៅ​តែង​​តោង​ព្យួរ​នឹង​ចុង​ធាង​ត្នោត​យ៉ាង​នេះ​។ ចៅ​ទាំង​ពីរ​ក៏​ថា អោយ​លោក​អ៊ុំ លោក​មា​ឈរ​កាន់​អញ្ចង​ជា​៤​មុម​អោយ​ជាប់​ ខ្ញុំ​បាទ​ទាំង​ពីរ​នោ​ក់​នឹង​លោត​ទៅ​ក្នុង​អញ្ចង​នេះ​អែង​។

ចៅ​ទំពែក​ទាំង​៤​នាក់​ធ្វើ​តាម ទើប​នាំ​គ្នា​ចង​អញ្ចង​ជា​៤​ជ្រុង ហើយ​យក​ចុង​ខ្សែ​ចង​ព័ន្ធ​ក​រៀង​ខ្លួន​ស្រេច ហើយ​ក៏​ហៅ​ចៅ​ទាំង​ពីរ​នាក់​អោយ​ទំលាក់​ខ្លួន​ចុះ​មក ចៅ​ទាំង​ពីរ​ក៏​ទំលាក់​ខ្លួន​ចុះ​ទៅ​លើ​អញ្ចង​ព្រម​គ្នា​មួយ​រំពេច​។ អញ្ចង​នោះ​លុះ​ត្រូវ​ទំ​ងន់​ចៅ​ពីរ​នាក់ ក៏​ដូច​ជា​គេ​កន្រ្តាក់​ចូល​គ្នា ចៅ​ទំពែក​៤​នាក់ ក៏​ប្រទាញ​រួប​ដូច​គេ​បោល​ចូល​ទង្គិច​ក្បាល នឹង ក្បាល​គ្នា​អែង​បែក​ខួរ​ខាង​ក្នុង ដួល​ចុះ​ដល់​មរណ​កាល​ទាំង​បួន​នាក់​នៅ​ក្រោម​ដើម​ត្នោត​នោះ​ហោង​។

អែ​ចៅ​ទាំង​ពីរ​នាក់​បាន​រួច​ក្ដី​ស្លាប់​អំពី​ចុង​ត្នោត​ហើយ បាន​ឃើញ​ចៅ​ទំពែក​ទាំង​៤​នាក់​ស្លាប់​ដូច្នោះ​ក៏​និយាយ​គ្នា​ថា យើង​បាន​រួច​ជីវិត​នេះ ព្រោះ​តា​ទំពែក​គាត់​ជួយ​កាន់​អញ្ចង​ដំលើង​​អោយ​យើង​លោត​មក ឥលូវ​ជា​កម្ម​គាត់​មក​ស្លាប់​ទាំង​អស់​ដូច្នេះ​យើង​នឹង​គិត​សង​គុណ​យ៉ាង​ម៉េច​ បើ​យើង​នឹង​ចាត់​ចែង​ដុត​ដារ​ធ្វើ​ឈាបន​កិច្ច​ឆ្លង​គុណ​គាត់​ទៅ ​ក្រែង​មេ​ស្រុក​ចៅ​ហ្វាយ​ស្រុក​ គេ​ដាក់​ទោស​អែង​ថា​វាយ​មនុស្ស​សំលាប់​ គេ​នឹង​ចាប់​អែង​ទៅ​ធ្វើ​ទោស នឹង​ប្រាប់​គេ​តាម​ត្រង់​គេ​ក៏​ពុំ​ជឿ​អែង​ ព្រោះ​ពុំ​មាន​បន្ទាល់​សាក្សី​ជា​ទី​អាង ជា​ការ​នាំ​អោយ​កើត​ទោស​តើ​ទុក្ខ​ទៅ​មុខ​ទៀត​ បើ​ដូច្នេះ​យើង​នាំ​គ្នា​កាយ​​​ដី​កប់​សព​គាត់ ហើយ​សូម​ខមា​ទោស​នឹង​គាត់​ទៅ​ចុះ​។

ចៅ​ទាំង​ពីរ​ពិ​គ្រោះ​យល់​ព្រម​គ្នា​ហើយ​ ទើប​កាយ​ដី​កប់​សព​ចៅ​ទំពែក​ទាំង​៤​នោះ ហើយ​សំពះ​ស្មា​លា​ទោស​តាម​ទំនៀម​ស្រេច​ហើយ ចៅ​ទាំង​ពីរ​ក៏​លា​គ្នា​ទៅ​កាន់​លំនៅ​នៃ​អាត្មា​ទី​ទៃ​ហោង​ រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​គិត​វិតក្ក​តាម​អា​រម្មណ៍​នាំ​បណ្ដែត​ចិត្ដ​ទៅ​តាម​អា​រម្មណ៍​នោះ​ កើត​ភ្លើ​សតិ​ ភ្លេច​ស្មារ​តី​ភ្លាត់​ ទៅ​ទាំង​កាយ​ផង​អែ​ចៅ​ទ្រ​មាក់​ដំរី​បាន​សេច​ក្ដី​ប្រ​មាទ​ទៅ​ទុក​ចិត្ដ​សត្វ​តិ​រច្ឆាន​ គឺ​ខ្លួន​ជាន់​លើ​ខ្នង​ដំរី​ឈោង​ដៃ​ទៅ​ចាប់​ជើង​ចៅ​ចាក់​ស្មុគ​ជាន់​មិន​ស៊ប់ ក៏​ទ្រេត​ទ្រោត​ទៅ​មក ដំរី​ក៏​នឹក​សញ្ញា​ថា ម្ចាស់​អោយ​ដើរ​ទៅ​ទើប​វា​ដើរ​ចេញ​ទៅ​ ខ្លួន​ក៏​ចាប់​ជើង​ចៅ​ចាក់​ស្មុគ​នោះ​ជាប់​ បាន​ក្ដី​ភិត​ភ័យ​ នឹង​ក្ដី​ស្លាប់​មហិ​មា​។

អែ​ក្ដី​ស្លាប់​នេះ​ជា​ភាវ​បុគ្គ​ខ្លាច​ក្រៃ​ពេក​ណាស់ ដូច​ចៅ​ចាក់​ស្មុគ​ភ័យ​នឹង​ក្ដី​ស្លាប់ ក៏​ទទួល​ជា​ខ្ញុំ​បំរើ​ចៅ​ទ្រមាក់​ដំរី។ ចៅ​ទ្រមាក់​ដំរី​ចង់​បាន​គេ​ជា​ខ្ញុំ​ដល់​មិន​សម​ក្ដី​ប្រាថ្នា​ ក្ដី​ភ័យ​នឹង​មរណ​កាល​ដល់​ខ្លួន​វិញ​ ក៏​ត្រលប់​ទទួល​ខ្លួន​ជា​ខ្ញុំ​អ្នក​ចាក់​ស្មុគ​នោះ​វិញ​​ហេតុ នោះ​បាន​គតិ​ថា ក្ដី​មរណ​ភ័យ​នេះ​ តែ​មាន​នៅ​លើ​បុគ្គល​ណា​ហើយ បុគ្គល​នោះ​អាច​ហ៊ាន​ទទួល​ជា​បាវ​ជា​ខ្ញុំ​គេ​បាន​ទាំង​អស់ ព្រោះ​ក្ដី​ស្រលាញ់​អ្វី​មិន​ស្មើ​នឹង​ស្រ​លាញ់​ជីវិត​នៃ​អាត្មា​ហោង​ អែ​ចៅ​ទំពែក​ទាំង​៤​ជួយ​អាយុ​គេ ដោយ​អិត​បញ្ញា នឹង ពិចារ​ណា​មើល​ទំងន់​មនុស្ស​ពីរ​នាក់ ដែល​ទំលាក់​ចុះ​ក្នុង​អញ្ចង​នោះ​ខ្លួន​នឹង​ទ្រ​បាន​រឺ​ពុំ​បាន​ ដល់​ទ្រ​ពុំ​បាន​ដោយ​កំលាំង​ធ្ងន់ ខ្សែ​អញ្ចង​ប្រទាញ​រួប​ចូល ទាញ​ទាំង​ខ្លួន​អោយ​ជល់​គ្នា​បែក​ក្បាល​ស្លាប់​ អែ​ខ្លួន​អែង​វិញ​​ក្ដី​ប្រាថ្នា​ពុំ​សំ​រេច​ទៅ​បាន​។ អែ​ចៅ​ចាក់​ស្មុគ​នោះ​ លុះ​ក្ដី​កាម​វិតក្ក​ គឺ​ភ្លើ​ស​តិ​ភ្លាត់​ជើង​ធាក់​ជាង​ត្នោត​ ធ្លាក់​ទាំង​ខ្លួន​បាន​នូវ​ក្ដី​ទុក្ខ​វេ​ទនា​ដូច​ពណ៌នា​មក​នេះ គួរ​អ្នក​ប្រាជ្ញ​ដឹង​ដោយ​ទោស​តាម​វិតក្ក​ គឺ​ពុំ​មាន​ជា​សតិ​ដាល់​តឿន​ខ្លួន​ឡើយ​។ មួយ​ទៀត​មាន​រឿង​ស្រី​ក្លឹង​ម្នាក់​ ធ្លាក់​ចិត្ត​គិត​ចុះ​ក្នុង​កាម​វិតក្ក​ បាន​ដល់​នូវ​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ក្រោយ​ និទាន​នោះ​មាន​ក្ដី​ដូច្នេះ៖

រឿងស្រ្ដីអ្នកទូលទឹកដោះគោ

មាន​ស្រ្ដី​ម្នាក់​ជា​អ្នក​ក្រ ថ្ងៃ​មួយ​ទៅ​ទទួល​ទឹក​ដោះ​គោ បាន​ហើយ​ដាក់​នឹង​ក្អម​ទូល​ដើរ​ទៅ​ លុះ​ដល់​កណ្ដាល​ផ្លូវ​នាង​នោះ កើត​កាម​វិតក្ក​គិត​ថា កាល​ណា​អញ​ទៅ​លក់​ទឹក​ដោះ​គោ​នេះ​បាន​ប្រាក់​ច្រើន​ហើយ​អញ​នឹង​ទិញ​មេ​មាន់​មេ​ទា​មក​ចិញ្ចឹម​ ដល់​យូរ​ទៅ​មេ​មាន់​មេ​ទា​បង្កើត​កូន​សាយ​ច្រើន​ឡើង​ អញ​លក់​បាន​ថ្លៃ​ប្រ​មូល​ប្រាក់​បាន​ច្រើន​ អញ​នឹង​ទិញ​មេ​គោ​មេ​ពពែ​មក​ចិញ្ចឹម​អោយ​បាន​ច្រើន​ឡើង​ អញ​ធ្វើ​ជា​ដង្ខៅ​លក់​ទឹក​ដោះ កើត​ជា​អ្នក​មាន​ធំ អញ​ធ្វើ​ផ្ទះ​ពីរ​ជាន់​នៅ អញ​លោះ​​ខ្ញុំ​ស្រី​ខ្ញុំ​ប្រុស​ប្រើ​ក្នុង​ការ​អញ​ជា​នាយ​ដង្ខៅ​ អញ​លក់​ក្នុង​មួយ​ព្រឹក​ៗ បាន​ប្រាក់​រាប់​រយ​រាប់​ពាន់​ ញាតិ​ទាំង​ឡាយ​សឹង​កោត​ខ្លាច​អញ​ទាំង​អស់​ដល់​មាន​ការ​ធ្វើ​បុណ្យ​អ្វី​ៗ អញ​នឹង​បរិច្ចាគ​ទ្រព្យ​ប្រដាប់​ការ​បុណ្យ​នោះ​អោយ​សប្បាយ​ អញ​ជួល​ល្ខោន​ជួល​ភ្លេង​មក​លេង​ ហើយ​អញ​ក៏​រាំ​អោយ​គេ​មើល​ផង​។

នាង​នោះ​គិត​បណ្ដើរ ដើរ​បណ្ដើរ​ ក៏​ភ្លើ​សតិ​ភ្លេច​អាត្មា​លើក​ដៃ​ទាំង​ពីរ​រាំ​ចាក់​ក្បាច់​លោត​យ៉ាង​ទំនង​ក្បាច់​ល្ខោន​បារាំង​ តាំង​រេ​ក​រេ​ខ្លួន​ទៅ​ផ្សេង​ៗ អែ​ក្អម​ទឹក​ដោះ​ដែល​ទូល​លើ​ក្បាល​នោះ ក៏​ហក់​ធ្លាក់​ដល់​ដី​បែក​កំពប់​ទឹក​ដោះ​អស់​ជា​ម្ដង​ ទើប​នាង​នោះ​ដឹង​ខ្លួន​ថា​ខ្លួន​គិត​ហួស​គិត​ផ្ដាស​ បង់​ទឹក​ដោះ​អស់​ដើម​ទុន កើត​ស្ដាយ​ទឹក​ដោះ​នោះ​ក្រៃ​ពេក ហើយ​ក្ដៅ​ក្រហាយ​ចិត្ដ​ បន្ទោស​ខ្លួន​អែង​ទៅ​ផ្សេង​ៗ​ហោង​។

តំរា​ក្ដៅ​ចិត្ដ​អែង​នេះ កើត​ដោយ​អំណាច​គិត​ចង់​បាន​វត្ថុ​តាម​កិលេស​កាម ហៅ​ថា​កាម​វិតក្ក​មែន​ពិត​ វិតក្ក​ ៣​ប្រការ​គឺ៖
កាម វិតក្ក១
ព្យាបាទវិតក្ក១
វិហឹង្សាវិតក្ក១

វិតក្ក ៣​​ប្រការ​នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ នាំ​រូប​បុគ្គល​នោះ​អោយ​​ដល់​​នូវ​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ក្នុង​កាល​ក្រោយ​ ហើយ​ជា​រោគ​ដេក​ពុំ​លក់ ស៊ី​ពុំ​ពិសា​ ធ្វើ​កាយា​អោយ​ស្គាំ​ស្គម​ទ្រម​ចូល​ទៅ​ក្នុង​ភ្លើង​ជរា​ជា​ឆាប់ គួរ​ចូល​ចិត្ដចុះ​។ មួយ​ទៀត ការ​មិន​គួរ​គិត​ហើយ​គិត​នេះ​ជា​ទី​នាំ​ចិត្ដ​អោយ​វង្វេង​ឆ្កួត​ទៅ​ផ្សេង​ៗ អ្នក​ប្រាជ្ញ លោក​ពោល​ទុក​ក្នុង​គម្ពីរ​លោក​និតិ​ថា​ដូច្នេះ​។

អបត្ថេយ្យំ ន បត្ថេយ្យ អចិន្ដេយ្យំ ន ចិន្ដេយ្យ សភាវមេវ ចិន្ដេយ្យ កាលំ មោឃំ អនិច្ឆេយ្យ។ប្រែថា កុំ​ប្រាថ្នា​ការ​មិន​គួរ​ប្រាថ្នា​បាន​ កុំ​គិត​អាន​ការ​មិន​គួរ​បុគ្គល​គិត​ គួរ​គិត​តែ​ការ​សភាព​របស់​ពិត ​កុំ​ប្រាថ្នា​កុំ​ទៅ​គិត​ការ​ទទេ​។