ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងបុរសចេះវាយគង
ថ្ងៃសៅរ៍ ទី31.តុលា 2015.ម៉ោង 8:42

មាន​ឧបាសក​ម្នាក់​នៅ​ក្នុង​ជន​បទ​មួយ គិត​បំបួស​កូន​ក្នុង​ខែ​បឋម​សាធ បាន​ទៅ​និយាយ​ជួល​ភ្លេង​​ពិណ​ពាទ្យ​គេ​ជា​ដាច់​ខាត លុះ​ដល់​ថ្ងៃ​ចូល​រោង​ប្រជុំ​ញាតិ នឹង ចំរើន​ពុទ្ធ​មន្ដ​ហៅ​ព្រលឹង​នាគ​នោះ​ ពួក​អ្នក​ភ្លេង​នាំ​គ្រឿង​ភ្លេង​ចូល​មក​ព្រម​គ្នា​ទាំង​អស់​ តែ​អ្នក​ចេះ​វាយ​គង​មក​ពុំ​បាន ព្រោះ​ប្រពន្ធ​ឆ្លង​ទន្លេ​ ផ្ដាំ​តែ​ពាក្យ​នឹង អ្នក​ភ្លេង​ផង​គ្នា​ថា អោយ​ជំរាប​អ្នក​ដើម​បុណ្យ​ផង​ថា មក​ពុំ​បាន​ទេ ព្រោះ​ប្រពន្ធ​ឆ្លង​ទន្លេ​ អោយ​អ្នក​ដើម​បុណ្យ​គិត​រក​ជួល​គេ​អែ​ទៀត​ចុះ​។

អែ​អ្នក​ដើម​បុណ្យ ​និង បណ្ដា​មហា​ជន​ទាំង​ឡាយ​បាន​លឺ​ថា អ្នក​វាយ​គង​នោះ​ ខាន​ពុំ​បាន​មក​ដូច្នោះ​ក៏​ប្រជុំ​ពិគ្រោះ​គ្នា​ថា នឹង​ ទៅ​រក​ជួល​មនុស្ស​ចេះ​វាយ​គង​ជួស​ចៅ​នោះ ពិគ្រោះ​ទៅ​រក​ពុំបាន​ ព្រោះ​ស្រុក​ក្រៅ​មនុស្ស​ចេះ​ភ្លេង​មាន​តិច​នាក់ ហើយ​ពេល​នោះ​ក៏​ជួន​ល្ងាច​ណាស់​ហើយ នឹង​ទៅ​រក​អ្នក​ចេះ​អែ​ណា​ៗ​ក៏​ពុំ​ទាន់​ ម៉្លោះ​ហើយ​ពួក​អ្នក​ធ្វើ​បុណ្យ​ទាំង​នោះ ពុំ​សូវ​រីក​រាយ​សប្បាយ​ ព្រោះ​មិន​ពេញ​ក្ដី​ប្រាថ្នា​នៃ​អាត្មា​ទី​ទៃ​ៗ​។

គ្រា​កាល​នោះ​ មាន​អា​ម្នាក់​មាន​នាម​ពុំ​ប្រាកដ​សន្មត​ហៅ ចៅ​ប្លម​បាយ​បុណ្យ ចៅ​នោះ​ដើរ​ទៅ​ដល់​យល់​រោង​គេ​ធ្វើ​បុណ្យ​ក៏​គិត​ថា អ្នក​ស្រុក​នេះ​គេ​ធ្វើ​បុណ្យ គួរ​អញ​ចូល​ទៅ​ប្រ​ចុប​ប្រ​ចែង​យក​បាយ​ចំណី​បារី​ស្លា​អាស្រ័យ​ គិត​ហើយ​ក៏​ចូល​ទៅ​ ក្នុង​រោង​បុណ្យ អង្គុយ​នៅ​ទី​ដ៏​សម​គួរ​សួរ​ថា​ «​អ្នក​បង​ អ្នក​ប្អូន​អើយ​! ចុះ​គេ​ធ្វើ​បុណ្យ​អី​នេះ​អ្នក​? ពួក​អ្នក​រោង​ប្រាប់​ថា «​គេ​ធ្វើ​បុណ្យ​បំបួស​នាគ​ណា​អ្នក​» ចុះ​អ្នក​អែង​មក​ពី​ស្រុក​ណា​ទៅ​ណា​? ចៅ​នោះ​ក៏​ប្រាប់​ថា​ ខ្ញុំ​មក​ពី​ក្រុង​ភ្នំពេញ​ នឹង​ទៅ​សួរ​បង​ប្អូ​នអែ​ស្រុក​លើ​ ចុះ​ខ្ញុំ​លឺ​គេ​និយាយ​ពិគ្រោះ​គ្នា​អ៊ូ​ៗ​នោះ តើ​គេ​ពិគ្រោះ​ពី​រឿង​អ្វី​? ពួក​អ្នក​រោង​ប្រាប់​ថា «អោ​អ្នក​អើយ ការ​បុណ្យ​នេះ​បាន​ទៅ​និយាយ​ជួល​ភ្លេង​ពិណ​ពាទ្យ​គេ​ជា​ការ​ស្រេច​ហើយ ឥលូវ​ចូល​រោង​ថ្ងៃ​នេះ ស្រាប់​តែ​អ្នក​ដែល​វាយ​គង​ គ្នា​មាន​ធុរៈ​ដោយ​ប្រពន្ធ​ឆ្លង​ទន្លេ​មក​ពុំ​រួច ហេតុ​នោះ​ទើប​គេ​នាំ​គ្នា​ពិគ្រោះ​ឆោ​ឡោ ដើម្បី​នឹង​រក​អ្នក​ចេះ​វា​យ​គង​ អើ​ អ្នក​អត់​​ទោស​ចុះ​ ខ្លួន​អ្នក​នេះ​តើ​ចេះ​វាយ​គង​ដែរ​រឺ​ទេ​?​។

អែ​ចៅ​នោះ​ក៏​ទទួល​ថា «ក្រ​អ្វី​បើ​វាយ​គង ខ្ញុំ​អែង​ក៏​ចេះ​វាយ​បាន​»។ អែ​ពួក​អ្នក​រោង​បាន​លឺ​ពាក្យ​ចៅ​នោះ​​ថា​ចេះ​ដូច្នោះ​ ក៏​ត្រេក​អរ​គឹ​ក​កង​ឡើង​ ប្រាប់​គ្នា​ថា «អ្នក​វាយ​គង​នោះ​បាន​ហើយ​»​។ ខ្លះ​សួរ​ថា «អ្នក​យក​ថ្លៃ​ប៉ុន្មាន​ក្នុង​រវាង​បុណ្យ​នេះ​»​។ ចៅ​នោះ​ថា «ខ្ញុំ​បាទ​យក​កំលាំង​ចូល​ចាប់​កុសល​ផង​ ត្រង់​ថ្លៃ​ថ្នូរ​នោះ​ខ្ញុំ​មិន​យក​ទេ សូម​ទាន​តែ​បាយ​ចំណី​អាស្រ័យ​ជា​កំលាំង​ចុះ​»​។

អ្នក​ដើម​បុណ្យ​លឺ​ដូច្នោះ​ ក៏​ត្រេក​អរ​ពេញ​ចិត្ដ ដោយ​គិត​ថា​សម​ក្ដី​ប្រាថ្នា​ ទើប​រៀប​បាយ​ចំណី​ស្លា​បារី​ អញ្ជើញ​ចៅ​នោះ​បរិ​ភោគ​តាម​ក្ដី​រាប់​អាន​ ចៅ​នោះ​បាន​បរិ​ភោគ​បាយ​ចំណី​បរិបូណ៌​ លុះ​សូរេច​កិច្ច​បាយ​ហើយ​ អ្នក​ដើម​បុណ្យ​ក៏​ថា​អញ្ជើញ​អ្នក​ទៅ​អែ​ទី​ភ្លេង ត្បិត​ពេល​នេះ​ល្មម​ហ៊ុំ​រោង​ហើយ​។​ ចៅ​នោះ​ក៏​ស្រវា​យក​ស្លា​បារី​អំពី​ជើង​ពាន​ដាក់​ថ្នក់​ដាក់​ហោ​ប៉ៅ​អាវ ហើយ​ក្រោក​ដើរ​ទៅ​ជា​មួយ នឹង​អ្នក​ដើម​បុណ្យ​។ អ្នក​ដើម​បុណ្យ​នាំ​ទៅ​ដល់​ក៏​ប្រាប់​អ្នក​ភ្លេង​ថា ខ្ញុំ​បាន​អ្នក​វាយ​គង​ហើយ​ចូរ​កុំ​មាន​ក្ដី​រង្កៀស​អ្វី​ឡើយ​ ដោយ​ពុំ​មាន​វង់​ជា​មួយ​គ្នា សូម​មេត្ដា​លេង​យក​តែ​បុណ្យ​ទៅ​ ត្រង់​ពីរោះ​​ មិនពីរោះ​នោះ​គ្មាន​នរ​ណា​ថា​អ្វី​ទេ​។ អែ​អ្នក​ភ្លេង​ទាំង​៤​ នាក់​ក៏​ព្រម​តាម​អធ្យា​ស្រ័យ​ ទើប​ថា​អញ្ជើញ​អ្នក​ចូល​មក​ចុះ អែ​អ្នក​ដើម​បុណ្យ​ថា អញ្ជើញ​អ្នក​ចូល​ក្នុង​វង់​គង​នេះ​ចុះ​។

អែ​ចៅ​នោះ​បែរ​មើល​នាយ​មើល​អាយ ហើយ​លើ​ដៃ​ឡើង​ថា «ខ្ញុំ​បាទ​ចេះ​តែ​វាយ​គង​ធំ​ៗ លឺ​មូង​ៗ​នោះ​ទេ ត្រង់​គង​វង់​ផ្លែ ​តូច​ៗ​នេះ​ខ្ញុំ​មិន​ចេះ​ទេ»​។ អែ​បណ្ដា​មហា​ជន​ទាំង​ឡាយ បាន​លឺ​ពាក្យ​ចៅ​នោះ​ថា​ដូច្នោះ​ ក៏​សើច​កង​រំពង​ឡើង​ អ្នក​ខ្លះ​ខឹង​លួច​ជេរ​ថា ខ្មោច​អា​ចង្រៃ​កោង​ឆ​យក​បាយ​មួយ​ថាស​ស៊ី​តែ​ម្ដង​ ថា​វា​ចេះ​វាយ​គង អែង​នឹក​ស្មាន​ថា​វា​ចេះ​វាយ​គង​ភ្លេង​នេះ ឥលូវ​វា​ថា​ចេះ​វាយ​តែ​គង​មូង​ៗ​មួយ​ៗនោះ​វិញ អាណា​ត្រូវ​ការ​អី​នឹង​វាយ​គង​មូង​នោះ តែ​កូន​ក្មេង​ក៏​ចេះ​វាយ​បាន​ទួ​ទៅ​ទាំង​ស្រុក អោ​ពុទ្ធោ​អើយ​ពួក​យើង​នេះ​ចាញ់​កល​អានេះ​ជា​ម្ដង អែ​អ្នក​ដើម​បុណ្យ​ក៏​ថា ណ្ហើយ​ចុះ​ការ​នេះ អែង​សួរ​ដេញ​គេ​មិន​អស់​ចុង​អស់​ដើម គេ​ក៏​គេច​កែ​ប្រែ​ទៅ​បាន​យ៉ាង​នេះ នឹង​បន្ទោស​ រឺ​នឹង​អូស​យក​បាយ​ចំណី​វិញ​អែ​ណា​​ក៏​បាន​ គឺ​ក្ដី​ខុស​មាន​នៅ​លើ​ខ្លួន​អែង​តែ​ម្ដង ថា​ហើយ​អ្នក​ដើម​បុណ្យ​ក៏​អោយ​អ្នក​ភ្លេង​៤​នាក់​លេង​ភ្លេង​តាម​ទំនៀម​ទៅ​ហោង​។ អ្នក​ធំ​ខូច​ អ្នក​តូច​ក៏​ខិល​ រំកិល​ផុត​បន្ទោស ហេតុ​នោះ​នឹង​ប្រើ​ត្រូវ​ប្រយ័ត្ន​សព្ទ​ស្រប​ កុំ​អោយ​អ្នក​តូច​វា​ប្រកប​គេច​កែ​ប្រែ​ទៅ​បាន​។

ចប់តំរាគតិប្រើមិនអស់ការទី៣៦

រឿងបុរសអាពុកកូននាំលាទៅលក់

មាន​បុរស​ម្នាក់ ឈ្នោះ​ចៅ​ខែក និង កូន​ប្រុស​គាត់​ម្នាក់ បាន​ចិញ្ចឹម​កូន​លា​១ ជា​សត្វ​ពា​ហនៈ លុះ​កូន​លា​នោះ​ចំរើន​ធំ​ឡើង ប្រកបរូប​ធាត់​ល្អ ចៅ​អា​ពុក និង កូន​ពិគ្រោះ​គ្នា​ថា លា​យើង​ធាត់​ធំ​ល្អ​ហើយ​ បើ​នាំ​ទៅ​លក់​អោយ​គេ​ក្នុង​សម័យ​នេះ​​យល់ ជា​នឹង​បាន​ថ្លៃ​ច្រើន​ ព្រោះ​កំពុង​ធាត់​ល្អ តែ​ថា​នឹង​ដឹក​នាំ​ទៅ​ដល់​ស្រុក​កំពង់​ ដែល​មាន​គេ​ត្រូវ​ការ​ទិញ​នោះ​ឆ្ងាយ​ណាស់​ទំរាំ​ដល់​ទៅ លា​យើង​នេះ​យល់​ថា​ជា​នឹង​ស្គម​ប្រាកដ​ ដាក់​លក់​មុខ​ជា​នឹង​ថោក​បាន​ថ្លៃ​តិច​មិន​ខាន​ បើ​ដូច្នេះ​មាន​តែ​យើង​ គិត​សែង​វា​ទៅ​​កុំអោយ​វា​ដើរ​ខ្លួន​វា​ក្រែង​ស្គម​ទៅ​លក់​មិន​បាន​ថ្ងៃ​។ អាពុក​និង​កូន​គិត​ព្រម​គ្នា​ហើយ​ ទើប​ចាប់​លា​មក​ចង​ជើង​ទាំង​៤ យក​ឈើ​វែង​ស៊ក​ជា​ស្នែង​ នាំ​គ្នា​សែង​ចេញ​ចាក​គ្រិះ​ស្ថាន​ លុះ​ទៅ​ដល់​ទ្វារ​ស្រុក​​ពួក​អ្នក​ស្រុក​បាន​ឃើញ​អ្នក​ទាំង​ពីរ​សែង​លា​ដូច្នោះ​ ក៏​នាំ​គ្នា​សើច​កង​រំពង​ឡើង ហើយ​តិះ​ដៀល​ថា​ «​សត្វ​លា សត្វ​សេះ​នេះ ជា​សត្វ​ពាហនៈ​ គេ​តែង​ជិះ​តែ​ង​បរ​វា មិន​ដែល​មាន​នរ​ណា​ទៅ​លី​សែង​វា​ដូច​សត្វ​ជ្រូក​សត្វ​ក្ដាន់​នោះ​ទេ នេះ​ហេតុ​អ្វី​ចៅ​អាពុក និង កូន​មក​នាំ​គ្នា សែង​លា​យ៉ាង​នេះ ធ្វើ​អោយ​ខុស​ក្នុង​លោ​កិយ​នេះ នែ​ចៅ​ទាំង​ពីរ ចៅ​អែង​ឆ្កួត​រឺ បាន​ជា​មក​សែង​លា​យ៉ាង​នេះ​ ម៉េច​ក៏​មិន​ជិះ​បរ​វា​ទៅ​?​។

លុះ​បរ​ទៅ​ដល់​អណ្ដូង​ទឹក នៅ​ចុង​ស្រុក​មួយ​មាន​ពួក​ស្រី​ក្រមុំ​ទាំង​ឡាយ វា​នាំ​គ្នា​ទៅ​​ដង​​ទឹក​​អណ្ដូង​នោះ​វា​បាន​ឃើ​ញ​ចៅ​កំលោះ​រូប​ល្អ​ដើរ​មុខ​លា ឃើញ​តា​ចាស់​ជិះ​លា​បរ​ដល់​​មក​ វា​ក៏​នាំ​គ្នា​មើល​ងាយ​ដោយ​ជាតិ​ស្រី​ក្រមុំ​គាប់​ចិត្ដ​តែ​នឹង​កំលោះ ត្រង់​មនុស្ស​ចាស់​ជរា​នោះ ពុំ​គាប់​ចិត្ដ​ឡើយ ហើយ​វា​នាំ​គ្នា​ត្មះ​តិះ​ដៀល​តា​ចាស់​នោះ​ថា រូប​លា​នេះ​ធាត់​ល្អ​ណាស់ សម​គួរ​តែ​អ្នក​កំលោះ​ដែល​ដើរ​មុខ​នោះ​ជិះ​វិញ​ទើប​ល្អ​ នេះ​ទៅ​អោយ​តា​កញ្ចាស់​មុខ​ស្រ​មូម​ដូច​ស្វា​ឳ​ជិះ​​យ៉ាង​នេះ​ហៅ​ពេញ​អា​ក្រក់​ក្រៃ​ពេក​ណាស់​ នែ​តា​កញ្ចាស់​អើយ​! ចុះ​ចេញ​ទៅ​កុំ​ជិះ​មិន​សម​ល្អ​ទេ មើល​ទៅ​ដូច​ពានរ​ជិះ​លា ចូរ​អ្នក​កំលោះ​គេ​ ជិះ​វិញ​ ទើប​គាប់​ភ្នែក​យើង​ ព្រោះ​រូប​លា​ក៏​ល្អ​ត្រូវ​នឹង​អ្នក​កំលោះ​ល្អ​ដូច​គ្នា​។

ឯ​ចៅកូន​បាន​លឺ​ស្រី​ក្រមុំ​ថា​ដូច្នោះ ក៏​បែរ​ទៅ​និយាយ​នឹង​អាពុក​ថា ឳអើយ ឥលូវ​វា​ខុស​ទៅ​ទៀត​ហើយ គឺ​ពួក​មេ​អស់​នេះ​វា​ត្មះ​តិះ​ដៀល​ឳ​អែង​ថា​ដូច​ជា​ពានរ​ជិះ​លា ហើយ​វា​ថា​អោយ​ខ្ញុំ​ជិះ​វិញ​ទើប​ល្អ​យ៉ាង​នេះ តើ​ឳ​នឹង​គិត​យ៉ាង​ណា​ទៅ​ទៀត​?​។ អាពុក​តប​ថា កាល​មុន​អែង​ជិះ​ក៏​ខុស​ម្ដង​ទៅ​ហើយ ដល់​ឥលូវ​អញ​ជិះ​ក៏​ខុស​ទៅ​ទៀត បើ​ដូច្នេះ​ចូរ​កូន​អែង​ឡើង​មក​ជិះ​ខាង​មុខ​ ជា​ពីរ​នាក់​នឹង​អាពុក​ទៅ​ទៀត​មើល​ ជា​មិន​គាប់​ចិត្ដ​មនុស្ស​ពួក​ណា​ត​ទៅ​មុខ​ទៀត​។

ឯ​ចៅ​កូន​ក៏​ឡើង​ជិះ​លា​អង្គុយ​ខាង​មុខ​អាពុក​​បរ​លា​ឆ្ពោះ​ទៅ​ហោង​ លុះ​បរ​មក​ដល់​ផ្ទះ​គយ​ដែល​តាំង​នៅ​នា​ដើម​ផ្លូវ មេ​គយ​បែរ​មក​ឃើញ​អ្នក​ទាំង​ពីរ​ជិះ​លា ក៏​ចុះទៅ​សួរ​ថា​ អ្នក​ទាំង​ពីរ​ជិះ​លា​នេះ​នឹង​ទៅ​អែ​ណា​? ចៅ​អាពុក​ និង កូន​ក៏​ប្រាប់​ថា នឹង​ទៅ​លក់​លា​នេះ​អែ​ស្រុក​កំពង់​អែ​ណោះ​។ មេ​គយ​ក៏​ត្មះ​តិះ​ដៀល​ថា កូន​លា​នេះ​គ្នា​នៅ​ស្ទាវ​ស្ទើរ​ណាស់​ ហេតុ​អ្វី​ចៅ​អែង​ព្រួត​គ្នា​ជិះ​វា​យ៉ាង​ហ្នឹង​ បើ​ព្រួត​គ្នា​ជិះ​ម្ល៉ឹង​ៗ​ តើគ្នា​នឹង​ធន​បោល​បរ​ទៅ​ម្ដេច​បាន ទំរាំ​ទៅ​ដល់​ស្រុក​កំពង់​លា​នេះ​ឃើញ​​ជាស្គម​បាក់​កំ​លាំង​លក់​​ពុំ​បាន​ចំណេញ​ប្រា​កដ​ពុំ​ខាន​ អ្នក​អែង​ឆ្កួត​ទេ​រឺ កូន​លា​គ្នា​​នៅ​តូច​ហើយ​មក​ព្រួត​ជិះ​គ្នា​យ៉ាង​នេះ​ ម្ដេច​​មិន​ដឹក​នាំ​ទៅ​វិញ?​។

ចៅ​អាពុក និង កូន​បាន​លឺ​មេ​គយ​បន្ទោស​ដូច្នោះ ក៏​ចុះ​ពី​ខ្នង​លា​នាំ​គ្នា​ដឹក​បណ្ដើរ​លា​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កំពង់​នោះ​​ហោង​។ លុះ​មក​ដល់​ព្រៃ​ចំការ​មួយ ពុំ​មាន​ផ្លូវ​នឹង​ដឹក​ទៅ ទើប​អាពុក និង កូន​នាំ​គ្នា​ដឹក​លា​ដើរ​កាត់​ចំការ​ដែល​គេ​មិន​ទាន់​​ធ្វើ​ស្រេច ដើរ​កាត់​រក​ផ្លូវ​នឹង​ទៅ​ទៀត​ អ្នក​កាប់​ចំការ​បាន​ឃើញ​ចៅ​ទាំង​ពីរ​ ដឹក​លា​ដើរ​កាត់​ចំការ​ដូច្នោះ​ ក៏​ស្រែក​ហៅ​ទៅ​ថា នែ​អ្នក​ដឹក​លា ទី​ចំការ​យើង​នេះ​យើង​មិន​ទាន់​កាប់​គាស់​ដុត​រំលីង​អោយ​ស្អាត​ទេ​ សឹង​​ប្រកប​ដោយ​បន្លា​ដំលូង​ខ្យា បន្លា​ឃ្លេ បន្លា​រិស្សី​ជាដើម​ អ្នក​ដើរ​ទៅ​មក​តោង​ប្រយ័ត្ន​បន្លា​វាមុត អើ​រូប​អ្នក​អែង​មាន​លា​ជា​ពាហនៈ​សំរាប់​ជិះ ម្ដេច​ឡើយ​មិន​ជិះ​វា ទៅ​នាំ​គ្នា​ដឹក​វា​វិញ អ្នក​អែង​ឆ្កួត​ទេ​ រឺ មាន​លា​ហើយ​មិន​ជិះ ស៊ូ​ដឹក​អោយ​បន្លា​មុត​ដូច្នេះ​ នែ​អ្នក​ដឹក​លា​អើយ​! ចូរ​នាំ​គ្នា​ឡើង​ជិះ​វា​ទៅ​ ទុក​វា​ធ្វើ​ស្ដេច​អី លា​សេះ​គេ​តែង​តែ​ជិះ​វា​ជា​ធម្មតា​នៅ​នា​លោ​កិយ​នេះ​អែង​។

ចៅ​អាពុក និង កូន​បាន​លឺ​អ្នក​ចំការ​តិះ​ដៀល​ដូច្នោះ​ក៏​បែរ​មក​និយាយ​គ្នា​ថា យើង​ផ្គាប់​ចិត្ដ​មនុស្ស​លោ​កិយ​នេះ​មិន​បាន​ទេ កាល​ដើម​យើង​នាំ​គ្នា​សែង​នោះ គេ​និន្ទា​ម្ដង​ទៅ​ហើយ​ដល់​ក្រោយ​អោយ​កូន​ជិះ​ក៏​ត្រូវ​គេ​និន្ទា​ថា អែង​រមិល​គុណ​អា​ពុក ដល់​ក្រោយ​អោយ​អាពុក​ជិះ​វិញ ត្រូវ​មេ​ស្រី​ក្រមុំ​វា​មិន​គាប់​ចិត្ដ​នឹង​តា​ចាស់ វា​នាំ​គ្នា​និន្ទា​ទៅ​ផ្សេង​ៗ ដល់​ក្រោយ​ឡើង​ជិះ​ទាំង​ពីរ​នាក់ ត្រូវ​មេ​គយ​និន្ទា​ថា លា​ស្ទាវ​ស្ទើរ​ជិះ​ពីរ​នាក់​មិន​បាន​​ដល់​ឥលូវ​នេះ យើង​ដើរ​ដឹក​វា​វិញ ក៏​ត្រូវ​អ្នក​ចំការ​នេះ​និន្ទា​តិះ​ដៀល​ថា មាន​លា​ហើយ​ម្ដេច​មិន​ជិះ​អើ​តំរា​យ៉ាង​នេះ តែ​រូប​លា​មួយ​នឹង​ផ្គាប់​លោ​កិយ​មិន​គាប់​ទៅ​បាន​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​អ្នក​គិត​រក​ឧបាយ​កល​អោយ​ផុត​អំពី​ពាក្យ​គេ​និន្ទា គឺ​ទោះ​ជា​ចេះ​យ៉ាង​ណា​ៗ ក៏​ពុំ​មាន​អោកាស​នឹង​គេច​អោយ​ផុត​ពាក្យ​លោ​កិយ​ទៅ​បាន មនុស្ស​ក្នុង​លោកិយ​នេះ នរ​ណា​នឹង​ទៅ​ផ្គាប់​អោយ​ត្រូវ​ចិត្ដ​គ្រប់​រូប​បាន​នោះ គឺ​គាប់​អែ​ណោះ​ខុស​អែ​ណេះ​យ៉ាង​នេះ មាន​ជា​ធម្ម​តា កុំ​ថា​យើង​ជា​មនុស្ស​ និង មនុស្ស​ផ្គាប់​គ្នា​ឡើយ ទោះ​ទេវ​តា​ទេវ​បុត្រ​ផុត​វិស័យ​ពី​មនុស្ស ក៏​ផ្គាប់​ពួក​មនុស្ស​មិន​ត្រូវ​ដូច​គ្នា ដូច​យ៉ាង​សុរិយ​ទេវ​បុត្រ គឺ​ថ្ងៃ​រះ​ថ្ងៃ​លិច​មាន​ប្រ​ក្រតី​សព្វ​ថ្ងៃ​នេះ វេ​លា​ព្រឹក​ថ្ងៃ​រះ​ឡើង​ ពី​ទិស​ខាង​កើត​មក​លុះ​ថ្ងៃ​ល្ងាច ថ្ងៃ​លិច​បាត់​ពន្លឺ​ទៅ​ទិស​ខាង​លិច សុរិយ​គតិ​ដើរ​ស្មើ​ដើរ​មាន​កំនត់​ គឺ​មួយ​ថ្ងៃ​ ១២​ម៉ោង មួយ​យប់​១២​ម៉ោង​ដូច​គ្នា យប់​ថ្ងៃ​មាន​កំនត់​យ៉ាង​នេះ នៅ​ផ្គាប់​ចិត្ដ​មនុស្ស​ក្នុង​លោ​កិយ​នេះ​មិន​ត្រូវ គង់​មាន​ពួក​ខ្លះ​ថា ថ្ងៃ​នេះ​យប់​នេះ​ម្ដេច​យូរ​ម្ល៉េះ​ ម្ដេច​ក្ដៅ​ម្ល៉េះ​ម្ដេច​ត្រជាក់​ម្ល៉េះ ពោល​តិះ​ដៀល​យ៉ាង​នេះ​ជា​ដើម​។ ក៏​ អែ​យប់ និង ថ្ងៃ​មិន​គាប់​ចិត្ដ​មនុស្ស​នោះ​ ព្រោះ​មនុស្ស​នោះ​មាន​ប្រាថ្នា​ចង់​ឆាប់​ចង់​យូរ​ដោយ​ចិត្ដ​ខ្លួន​អែង​ ដូច​យ៉ាង​មនុស្ស​ណា​ដែល​ត្រូវ​ទោស​លោក​អោយ​ដាក់​គុក មាន​កំនត់​ថា អ្នក​អែង​នៅ​១០​ថ្ងៃ ​រឺ​១​ខែ​ទៀត នឹង​រួច​ចាក​ទោស​នេះ​​មនុស្ស នោះ​ចង់​រួច​ឆាប់​ទន្ទឹង​ដល់​ខែ​ដល់​ថ្ងៃ​នឹង​រួច ក៏​តាំង​រាប់​តាំង​គិត​ទៅ​​ការ​ដែល​រាប់​ដែល​គិត​នោះ​ ថា​ថ្ងៃ​អ្វី​ក៏​យូរ​ម្ល៉េះ ខែ​អ្វី​ក៏​​យូរ​ម្ល៉េះ​ពាក្យ​ថា​ថ្ងៃ​យឺត​យូរ ខែ​យឺត​យូរ​នោះ​បាន​ខាង​មនុស្ស​ដែល​ចង់​រួច​ពី​គុក​នោះ​អែង​។

មនុស្ស​ពួក​ណា ជួល​ផ្ទះ​ជួល​ទូក​គេ​នៅ​លុះ​ដល់​ខែ​ម្ចាស់​គេ​ទៅ​ទារ​ប្រាក់​ឈ្នួល មនុស្ស​ពួក​នោះ​សឹង​ពោល​ថា​ថ្ងៃ​ខែ​អ្វី​ក៏​ឆាប់​ម្ល៉េះ រក​តែ​នឹង​រក​អោយ​គេ​មិន​ទាន់​។ ពាក្យ​ថា​ថ្ងៃ​ខែ​ឆាប់​នោះ​ បាន​ខាង​មនុស្ស​ដែល​ចូល​ផ្ទះ​គេ​នៅ​នោះ​អែង​។ ពាក្យ​អស់​នេះ​សម​ដោយ​បទ​បាលី​ក្នុង​គម្ពីរ​លោក​និតិ​ថា ទីឃា ជាគរតោ រត្ដិ ទីឃំ សន្ដស្ស យោជនំ ទីឃោ ពាលានសង្សារោ សទ្ធម្មំ ជវិជានតំ។ ប្រែថា យប់​យូរ​នៃ​អ្នក​មិន​លក់​អែង​យោជន៍​យូរ​ឆ្ងាយ​វែង​នៃ​អ្នក​ចរ​សង្សារ​យូរ​ឆ្ងាយ​នៃ​និករ ពាល​ពុំ​ចេះ​ធម៌​ទៅ​និព្វាន​។ មួយ​ទៀត​លោក​ថា អ្នក​ដេក​ចង់​ក្រោក​ថា​យប់​យូរ​អ្នក​ដើរ​គិត​គូរ​ថា​យោ​ជន៍​ឆ្ងាយ ពាលា​ពុំ​ចេះ​ធម៌​ទាំង​ឡាយ​សង្សារ​វែង​ឆ្ងាយ​ពីនិព្វាន​។

ចប់តំរាគតិផ្គាប់លោកមិនត្រូវទី៣៧