ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងឈ្មួញលក់លា និងចោរព្រៃ
ថ្ងៃសុក្រ ទី21.សីហា 2015.ម៉ោង 21:13

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​ឈ្មួញ​ម្នាក់​មក​អំពី​ប្រ​ទេស​ក្រៅ នាំ​កូន​ឈ្នួល​ដឹក​លា​បរ​លា លី​លា​តាម​ផ្លូវ លុះ​មក​ដល់​ទី​កណ្ដាល​ព្រៃ​ស្ងាត់ មាន​ពួក​ចោរ​ទាំង​ឡាយ​នៅ​ចាំ​លួច​ចាំ​ប្លន់​មហា​ជន ដែល​ដើរ​ទៅ​មក​ក្នុង​ផ្លូវ​នោះ​។ ថ្ងៃ​នោះ ពួក​ចោរ​បាន​ឃើញ​នាយ​ឈ្មួញ​មក​ដល់​ទី​នោះ​ក៏​នាំ​គ្នា​ចូល​វាយ​ប្លន់​នាយ​ឈ្មួញ ៗ​មាន​គ្នា​តិច ស៊ូ​នឹង​ពួក​ចោរ​នោះ​ពុំ​បាន ទើប​នាំ​គ្នា​ទៅ​កាន់​ទិសា​នុ​ទិស​ផ្សេង​ៗ​។ អែ​ពួក​ចោរ​ក៏​នាំ​គ្នា ចោម​ចាប់​លា​ជា​ពាហនៈ លា​អែ​ណា​ដែល​មិន​មាន​ទ្រព្យ​របស់​នៅ​លើ​ខ្នង ពួក​ចោរ​ពុំ​ត្រូវ​ការ​ចាប់​យក​ឡើយ គឺ​ចាប់​តែ​លា​ដែល​មាន​ទ្រព្យ​របស់​ជាប់​នៅ​លើ​ខ្នង​។ កាល​នោះ​ពួក​ចោរ​ចាប់​បាន​លា​ឈ្មោល​១ មាន​ទ្រព្យ​លើ​ខ្នង ហើយ​នាំ​គ្នា​ដឹក​ទាញ​ទង់​​ទៅ​កាន់​លំ​នៅ​វា លា​ឈ្មោល​បាន​ក្ដី​ទុក្ខ​វេ​ទនា​ដោយ​ចោរ​វា​វាយ វា​ទាញ​ទៅ​អិត​ក្ដី​មេត្ដា​ ទើប​មក​គិត​ថា ពួក​លា​ទាំង​ឡាយ​បណ្ដា​ដែល​មក​ជា​មួយ​គ្នា គេ​សឹង​ផុត​ពី​កណ្ដាប់​ដៃ​ ពួក​អាចោរ​អស់​នេះ គឺ​វា​ពុំ​ត្រូវ​ការ នឹង​ចាប់​នឹង​ចង​យក ព្រោះ​គេ​គ្មាន​របស់​ទ្រព្យ​ជាប់​នៅ​លើ​ខ្នង​ ដូច​រូប​អាត្មា​អញ​នេះ អាត្មា​អញ​បាន​ក្ដី​ទុក្ខ​ទោស​យ៉ាង​នេះ ក៏​ព្រោះ​របស់​ទ្រព្យ​ជាប់​នៅ​លើ​ខ្នង​នេះ​អែង គិត​ទៅ​ទ្រព្យ​សម្បត្ដិ មាស​ប្រាក់​កែវ​កង​ទាំង​ពួង​នេះ ជា​គ្រឿង​នាំ​អោយ​កើត​ទុក្ខ​ទោស គឺ​ជា​អាសិរ​ពិស ចឹក​អាត្មា​អែង​ប្រាកដ​។ លា​ឈ្មោល​នោះ​គិត​ឃើញ​ក្ដី​ទុក្ខ​ទោស​អាត្មា​ដូច្នោះ​ហើយ​ ក៏​យំ​សោក​វិ​យោគ ដើរ​តាម​ពួក​ចោរ​នោះ​ទៅ​ ដរាប​ដល់​លំ​នៅ​នៃ​ចោរ​ហោង​។​

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ មិន​ចេះ​ប្រយ័ត្ន​ សម្បត្ដិ​នោះ​ជា​ពិស​ពោរ​ពើត​ខ្លួន​វិញ ដូច​យ៉ាង​និទាន​នាង​នារី​ម្នាក់​ពាក់​ខ្សែ មាស​ទំហូ​ពេជ្រ​កង ចិញ្ចៀន​ ខ្សែ​ដៃ តែង​អាត្មា​បង្អួត​គេ​ លំអរ​កាម​​ការ​លោ​កិយ ចុះ​ដោយ​សារ​កប៉ាល់​មក​ពី​ស្រុក​ទន្លេ​ធំ លុះ​មក​ដល់​ក្រុង​ភ្នំ​ពេញ នាង​នោះ​ក៏​ឡើង​ចាក​នាវា​ យាត្រា​មក​ត្រង់​ក្រោយ​វត្ដ​ឧណ្ណា​លោម​ កាល​នោះ​មាន​អ្នក​លេង​ម្នាក់ ឃើញ​នាង​នារី​ដើរ​មក​ដល់​ទី​បាន​​អោកាស​ហើយ ទើប​ក្លែង​ជា​ស្វាមីនៃ​នាង​នោះ ស្ទុះ​ទៅ​វាយ​ធាក់ ដោះ​យក​ខ្សែ​កង​ចារ៍​ជេរ​ស្ដី​ថា ខ្មោច​មេ​ចង្រៃ​អប្រិយ​ អញ​ជា​ប្ដី​វា​មិន​ស្ដាប់​ពាក្យ​អញ​ឃាត់​ខ្លះ​ គួរ​រឺ វា​ចចេស​ចេះ​តែ​ទៅ​ ចោល​អោយ​អញ​នៅ​ចាំ​ផ្ទះ រក្សា​កូន​ពិបាក​ស្ទើរ​នឹង​ស្លាប់​ បើ​ដូច្នេះ​អោយ​គ្រឿង​ខ្សែ​មាស វា​ពាក់​ធ្វើ​អ្វី ត្រូវ​អញ​អូស​យក​ពី​ហង​អែង​វិញ កុំ​អោយ​ជំនា​វា​ពាក់​ទៅ​ឡើយ​ ជេរ​ហើយ​អានោះ​វា​រត់​សំ​ដៅ​ទៅ​កាន់​ផ្លូវ​ខាង​ជ្រុង​គុក​គេច​ខ្លួន​បាត់​ទៅ​ហោង​។​

អែ​នាង​នារី​ដួល​ចុះ​ក្រោយ​ក្រោក​ឡើង​បាន​ហៅ​គេ​អែង​ជួយ​ចាប់​ចោរ​ប្លន់​ ក៏​ពុំ​មាន​នរ​ណា​មួយ​ចូល​ជួយ​ឡើយ​ ព្រោះ​គេ​លឺ​ពាក្យ​អា​ចោរ​ជេរ​ ប្រទេច​ជា​ទំនង​ប្ដី​ប្រពន្ធ​ គេ​នឹក​ស្មាន​ថា​ប្ដី​គេ ប្រពន្ធ​គេ ជេរ​វាយ​គ្នា​ដូច​ធម្មតា​ បាន​ជា​គ្មាន​នរ​ណា​មួយ​ជួយ​ឡើយ​។ លុះ​អាចោរ​រត់​ទៅ​បាត់​ហើយ​ ទើប​នាង​នោះ​ប្រាប់​គេ​ថា មិន​មែន​ប្ដី​ខ្លួន​ទេ ជា​ចោរ​វា​ដណ្ដើម​យក​គ្រឿង​មាស​ខ្លួន​ប្រាកដ​។ នាង​នោះ​ប្រាប់​អោយ​គេ​ជួយ​ដេញ​ចោរ​នឹង​ចាប់​វា ក៏​ចាប់​វា​ពុំ​បាន​ឡើយ ព្រោះ​វា​ទៅ​បាត់​យូរ​ហើយ​ នាង​នារី​បាន​ក្ដី​ទុក្ខ​ទោស​ដូច​គ្នា​នឹង​រឿង​លា ដែល​បាន​ពណ៌​នា​មក​នេះ​។ អ្នក​ប្រាជ្ញ​គប្បី​ដឹង ដោយ​ប្រការ​ដូច្នេះ​។

ចប់តំរាមានទ្រព្យជាប់ទោសមានប្រាក់មាសវិនាសរូបទី៣២
រឿងលា និងឆ្កែមានចៅហ្វាយរួមគ្នា

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​នាយ​ដង្ខៅ​ម្នាក់ ផ្ទុក​គ្រឿង​ស្បៀង​អាហារ​ក្នុង​តាង​ដាក់​លើ​ខ្នង​លា មាន​សុនខ​ស្រុក​មួយ​ទៅ​ជា​មួយ​គ្នា លុះ​ទៅ​ដល់​ទី​វាល​មួយ​មាន​ដើម​ឈើ​ដុះ​ល្បោះ​ៗ​ នាយ​ដង្ខៅ​នោះ​ ក៏​ឈប់​សំរាក​កំលាំង​ ដោយ​ពេល​វេលា​នោះ​ជា​ពេល​ថ្ងៃ​ត្រង់​ ទើប​ចូល​ដេក​សំរាក​ក្រោម​ដើម​ឈើ​ធំ លែង​សត្វ​លា​អោយ​ស៊ី​ស្មៅ​ ប្រើ​ឆ្កែ​អោយ​នៅ​ឃ្វាល​លា​ និង​អោយ​មើល​ហេតុ​អន្ដ​រាយ​អែ​ទៀត​ៗ​ផង​។ អែ​សុនខ​កើត​ឃ្លាន​បាយ ក៏​និយាយ​នឹង​លា​នោះ​ថា ​អា​ភឿន​អើយ​ គ្នា​ឃ្លាន​បាយ​ណាស់​ ចូរ​អែង​អោន​ខ្លួន​ចុះ​បន្ទាប​ខ្នង​បន្ដិច​ អោយ​គ្នា​​យក​​បាយ​ក្នុង​តាង​​នោះ​អា​ស្រ័យ​។ អែ​លា​លឺ​ឆ្កែ​សុំ​បាយ​ដូច្នោះ​ ក៏​មិន​ចង់​អោយ​ដោយ​ខ្លាច​នាយ​ផង ទើប​តប​ថា «​ពេល​នេះ​មិន​ត្រូវ​ចៅ​ស៊ី​ទេ​ ចាំ​ដល់​ល្ងាច​សិន​ សឹម​យើង​ដាក់​អោយ​ស៊ី​»​។ សុនខ​ក៏​អង្វរ​ថា «​គ្នា​ឃ្លាន​ណាស់​ចាំ​​ល្ងាច​ពុំ​បាន​ទេ​ ចូរ​អាភឿន​ដាក់​មក​អោយ​គ្នា​ស៊ី​សិន​»​។ លា​ក៏​តប​ទៅ​វិញ​ថា «​ចាំ​នាយ​គាត់​ភ្ញាក់​សិន​ចុះ សឹម​ស៊ី​ វេលា​នេះ​យើង​មិន​ហ៊ាន​អោយ​ទេ​»​។ សុនខ​នោះ​បាន​លឺ​ថា​លា​មិន​ព្រម​អោយ​ដូច្នោះ​ ក៏​តូច​ចិត្ដ គិត​ខឹង​នឹង​លា តែ​ពុំ​ហ៊ាន​ថា​អ្វី​ទៅ​ទៀត​។ អែ​លា​នោះ​ដើរ​រក​ស៊ី​ស្មៅ​ស៊ី​ស្លឹក​ឈើ​រៀង​ៗ​ទៅ​ដល់​ជាយ​ព្រៃ​ធំ​១​។

អែ​សុនខ​ស្រុក បាន​លឺ​នាយ​ហៅ​អោយ​ជួយ​លា​ដូច្នោះ​ក៏​ស្ទុះ​ម្នី​ម្នា​បោល​ទៅ​ដេញ​ខាំ​ឆ្កែ​ព្រៃ ​ៗ​ ឃើញ​ឆ្កែ​ស្រុក ក៏​ខ្លាច​ ពុំ​អាច​បោល​ដេញ​លា​ទៅ​ ទៀត​ឡើយ​ ស្ទុះ​រត់​ចូល​ព្រៃ​បោល​ទៅ​កាន់​លំ​នៅ​អាត្មា​វិញ​ហោង​។ អែ​នាយ​ដង្ខៅ​ កាល​ឆ្កែ​ព្រៃ​បោល​បាត់​ទៅ​វិញ​ហើយ​ ទើប​ហៅ​លា​ និង​ឆ្កែ​ ស្រុក​ចូល​មក​សាក​សួរ​ហេតុ​នោះ​ថា «លា​អែង​អញ​អោយ​ទៅ​ស៊ី​ស្មៅ​ បាន​អោយ​ឆ្កែ​ទៅ​ឃ្វាល​ជួយ​មើល​ក្ដី​អន្ដ​រាយ​ផង ឥលូវ​ឆ្កែ​ព្រៃ​វា​ដេញ​ខាំ​ខ្លួន តើ​ហេតុ​អ្វី​ខ្លួន​ក៏​មិន​ទៅ​រក​ឆ្កែ​ស្រុក​អោយ​គេ​ជួយ​ ត្រលប់​បោល​មក​រក​អញ​វិញ​ អញ​បាន​ផ្ដាំ​ថា អែង​ទៅ​រក​ស៊ី​ចុះ គ្នា​សុំ​ដេក​សំរាក​កំលាំង​បន្ដិច​ ល្មម​ដល់​ពេល​ត្រ​ជាក់​បន្ដិច​ នឹង​លើក​បរ​ទៅ​ទៀត​។​

អែ​លា​ក៏​តប​ឡើង​ថា «កាល​ឆ្កែ​ព្រៃ​វា​ដេញ​នោះ​ ខ្ញុំ​បាន​រត់​ទៅ​រក​ឆ្កែ​ស្រុក បាន​ស្រែក​ហៅ​អោយ​ជួយ​ ឆ្កែ​ស្រុក​គេ​ពុំ​ជួយ​ឡើយ គេ​ត្រលប់​ថា ចាំ​នាយ​ភ្ញាក់​សិន​ទើប​គេ​ជួយ​ ឆ្កែ​ស្រុក​គេ​ពុំ​នាំ​ពា​យ៉ាង​នេះ បាន​ជា​ខ្ញុំ​បាទ​រត់​មក​រក​នាយ​អោយ​ជួយ​»​។ នាយ​ដង្ខៅ​លឺ​លា​ថា​ដូច្នោះ​ក៏​សួរ​ទៅ​ឆ្កែ​​វិញ​ថា «ម្ដេច​អែង​មិន​ជួយ​លា អញ​បាន​ផ្ដាំ​ផ្ដាច់​ថា​អោយ​មើល​ក្ដី​អន្ដ​រាយ​ផង​»​។

ឆ្កែ​ស្រុក​ឆ្លើយ​អោយ​ការ​ថា «កាល​ខ្ញុំ​បាទ​ឃ្លាន​បាយ​ខ្ញុំ​បាទ​បាន​សុំ​លា​ថា គ្នា​​ឃ្លាន​បាយ​ណាស់ ចូរ​អែង​បង្អោន​ខ្លួន​បន្ដិច​ គ្នា​នឹង​យក​បាយ​កក​អា​ស្រ័យ​​នោះ​លា​ពុំ​អោយ​ឡើយ​ គេ​ថា​ចាំ​នាយ​ភ្ញាក់​សិន​សឹម​ស៊ី​ចុះ​ ខ្ញុំ​បាទ​នឹក​ខឹង​នឹង​លា​យ៉ាង​នេះ​ ដល់​ឆ្កែ​ព្រៃ​វា​ដេញ​លា​មក​ លា​ស្រែក​ហៅ​ អោយ​ខ្ញុំ​ជួយ​ ខ្ញុំ​បាទ​ក៏​តប​ពាក្យ​គេ​វិញ​ថា ចាំ​នាយ​ភ្ញាក់​សិន​សឹម​ជួយ​ ពាក្យ​ខ្ញុំ​បាទ​ថា​នោះ​គឺ ថា​តែ​តាម​ពាក្យ​លា​ដែល​ពោល​មុន​នោះ​អែង​ សូម​នាយ​ជំរះ​ក្ដី​នេះ​អោយ​ឃើញ​ខុស​ត្រូវ​យុត្ដិ​ធម៌​ចុះ​» នាយ​ដង្ខៅ​សួរ​ទៅ​លា​វិញ​ថា «អើ​លា​ហេតុ​អ្វី​ឆ្កែ​គ្នា​សុំ​បាយ​កក​ស៊ី ម៉េច​ចៅ​មិន​អោយ​ស៊ី​​ទៅ​ហះ​»​។

លា​តប​ទៅ​វិញ​ថា «​បាន​ជា​ខ្ញុំ​មិន​ទាន់​អោយ​នោះ​ព្រោះ​ខុស​កាល​វេលា​ គឺ​ពេល​ព្រឹក​លោក​នាយ និង​ឆ្កែ​នេះ​បាន​បរិ​ភោគ​រួច​ហើយ ពេល​ថ្ងៃ​ត្រង់​លោក​នាយ​មិន​ដែល​ពិសា​ៗ​តែ​ដល់​ពេល​ល្ងាច​តែ​ម្ដង វា​ក៏​ស៊ី​ត្រូវ​ពេល​នឹង​នាយ​ដែរ កាល​ឆ្កែ​វា​សុំ​បាយ​ស៊ី​នោះ​គឺ​ជា​ពេល​ថ្ងៃ​ត្រង់​ ឆ្កែ​ឃ្លាន​ អិត​របប​ខុស​ពេល​នាយ​ពិសា​ ហេតុ​នោះ​ខ្ញុំ​អោយ​វា​ស៊ី​ម្ដេច​​បាន​ បាន​ជា​ខ្ញុំ​បាទ​ថា​ដូច្នេះ​ ព្រោះ​បាយ​ត្រី​អស់​នេះ​ជា​របស់​ផង់​នាយ​​នាយ​អនុញ្ញាត​​អោយ​ ទើប​ខ្ញុំ​បាទ​ហ៊ាន​ដាក់​អោយ​ នឹង​ចាត់​ចែង​អោយ​ដោយ​ចិត្ដ​អែង​អែ​ណា​ក៏​បាន​ វិស័យ​អ្នក​នៅ​នឹង​នាយ​ចៅ​ហ្វាយ​ រឺ​នៅ​នឹង​សំណាក់​គ្រូ​អាចារ្យ​ លោក​អោយ​អែង​ទទួល​ទុក​ដាក់​ស្បៀង​អាហារ​ រឺ​ទ្រព្យ​សម្បត្ដិ​អែ​ណា​នីមួយ​ ត្រូវ​តែ​រក្សា​ថែ​ទាំ​របស់​អស់​​នោះ​ កុំ​អោយ​វិនាស​ទៅ​ដោយ​ការ​មិន​គួរ​បង់​ មែន​បើ​នាយ​ចៅ​ហ្វាយ រឺ​គ្រូ​អាចារ្យ​លោក​បង្គាប់​ថា​ អោយ​នរ​ណាៗ​នោះ​ទើប​អាច​នាំ​ចេញ​អោយ​ទៅ​អ្នក​នោះ​ៗ​បាន មួយ​ទៀត​អ្នក​រក្សា​ទ្រព្យ​សម្បត្ដិ​នាយ​ចៅ​ហ្វាយ​នេះ​ ត្រូវ​អោយ​ដឹង​វត្ថុ​នោះ​ៗ​ផង គឺ​វត្ថុ​ណា ចំណី​ណា​ ទុក​យូរ​ទៅ​ពុំ​បាន ល្មម​ប្រាប់​នាយ​ រឺ​រក​នាយ​នឹង​​ប្រាប់​ពុំ​ឃើញ​ក្ដី​ ក៏​គប្បី​យក​មក​ចែក​ចាយ​អោយ​ភឿន​ផង​អាស្រ័យ​ទៅ​ក៏​គួរ​ ព្រោះ​វត្ថុ​ចំណី​នោះ​ ទុក​ទៅ​នឹង​ខូច​ អសារ​អិត​ការ​ចោល​បង្សៀត​​ ខ្ញុំ​បាទ​កាន់​ច្បាប់​យ៉ាង​នេះ​ បាន​ជា​សុនខ​សុំ​បាយ​ស៊ី​ខ្ញុំ​បាទ​មិន​ហ៊ាន​អោយ​»​។

អែ​នាយ​ដង្ខៅ​បាន​លឺ​ពាក្យ​លា ពោល​ត្រូវ​ច្បាប់​ដូច្នោះ​ក៏​ត្រេក​អរ ទើប​និយាយ​ទៅ​នឹង​ឆ្កែ​ថា «អើ​បា​សុនខ, លា​និយាយ​អោយ​ការ​នេះ​ត្រូវ​ច្បាប់​ល្អ​ហើយ​ ចៅ​អែង​តើ​សុខ​ចិត្ដ​ចាញ់​ប្រៀប​ហើយ​រឺ ​ៗ​ ពុំ​សុខ​ចិត្ដ​យ៉ាង​ណា ចូរ​ថា​ទៀត​ចុះ​» អែ​សុនខ​ក៏​តប​ថា «​ខ្ញុំ​បាទ​ពុំ​សុខ​ចិត្ដ​ចាញ់​លា​នេះ​​ទេ​ ព្រោះ​លា​វា​ថា​លោក​នាយ​ និង​​ខ្ញុំ​បាទ​បរិ​ភោគ​អាហារ​មាន​ពេល​វេលា​ គឺ​បរិ​ភោគ​តែ​ព្រឹក​ និង​ល្ងាច​ អែ​ពេល​ថ្ងៃ​ត្រង់​ ថ្ងៃ​រសៀល​បរិ​ភោគ​ពុំ​បាន​ចុះ​ត្រង់​រូប​លា​នេះ ម៉េច​ក៏​ស៊ី​ស្មៅ​ស៊ី​ស្លឹក​ឈើ​តែ​វល់​ល្ងាច​ ព្រឹក​ក៏​ស៊ី ថ្ងៃ​ក៏​ស៊ី ល្ងាច​ក៏​ស៊ី​ ស៊ី​គ្មាន​ពេល​ឈប់​សោះ​ ត្រង់​យើង​ម្ដេច​ក៏​ចាំ​​បាច់​មាន​ពេល​វេលា​ នេះ​បទ​១ ​មួយ​ទៀត​ពាក្យ​លា​ថា​ អ្នក​រក្សា​ទ្រព្យ​របស់​នាយ​ចៅ​ហ្វាយ​ត្រូវ​ដឹង​វត្ថុ​ដែល​ទុក​យូរ​បាន និង​ទុក​យូរ​មិន​បាន​ វត្ថុ​ណា​ទុក​យូរ​មិន​បាន​ នឹង​ខូច​ចោលនោះត្រូវអ្នករក្សាប្រាប់នាយ រឺ បើរកនាយនឹងប្រាប់មិនឃើញទេ ត្រូវនាំចេញមកអោយពួកភឿនអាស្រ័យ សិនក៏គួរ អើយ៉ាងដូចបាយកកនេះ ជាវត្ថុសំនល់សល់អំពីព្រឹក ទុកយូរទៅពុំបាន នឹងផ្អូមខូចចោលបង់ អែខ្ញុំបាទសុំបាយកកនេះអាស្រ័យ ហេតុ​ម្ដេច​លា​មិន​អោយ​ខ្ញុំ​បាទ​ ខ្ញុំ​បាទ​នឹង​បាន​សុំ​វត្ថុ​ដែល​ទុក​យូរ​បាន​ រឺ ចំណី​ថ្មោង​កាល​ណា​សូម​លោក​នាយ​ពិចារ​ណា​ត្រង់​បទ​នេះ​អោយ​ទាន​ តាម​​ពាក្យ​ដែល​លា​ដោះ​ស្រាយ​មក​នោះ​មើល​?​។

អែ​លា​បាន​លឺ​ឆ្កែ​កែ​សំនួន​ស្រប​តាម​ពាក្យ​ខ្លះ​ដូច្នោះ​ ក៏​ឆ្លើយ​កាត់​ឡើង​ថា «នែ​ចៅ​សុនខ អែ​ពាក្យ​យើង​ថា​ខ្លួន​លោក​នាយ និង​តួ​ចៅ​អែង​បរិ​ភោក​មាន​ពេល​វេលា ត្រង់​យើង​ជា​សត្វ​លា​ស៊ី​ស្មៅ​ ស៊ី​ស្លឹក​ឈើ​មិន​មាន​ពេល​នេះ ព្រោះ​អាហារ​ចំណី​ខុស​គ្នា ខាង​ចៅ​អែង​បរិ​ភោគ​បាយ​ត្រី​ សាច់​ ជា​អាហារ​ ៗ​នេះ​តែ​បើ​បរិ​ភោគ​ឆ្អែត​ហើយ មិន​បាច់​ឈប់​មក​ទំពា​អៀង​លំ​អិត​ទៀត​ឡើយ​ អែ​ខាង​យើង​ជា​ពួក​គោ ក្របី បរិ​ភោគ​ស្មៅ​ជា​អាហារ​ ៗ​នេះ​តែ​បរិ​ភោគ​ឆ្អែត​ហើយ​ ត្រូវ​ឈប់​រើ​ចេញ​មក​ទំពា​អៀង​ទាល់​តែ​ល្អិត​ កាល​ល្អិត​ហើយ​អាហារ​នោះ​តិច​ចុះ មិន​ពេញ​ ពោះ​ទៅ​វិញ​ ហេតុ​នោះ​ ទើប​យើង​ពួក​គោ ក្របី បរិ​ភោគ​ពុំ​មាន​ពេល​ឈប់​យូរ​ដល់​ល្ងាច​បាន​ មួយ​ទៀត​ តិណ​ជាតិ​ទាំង​ឡាយ សឹង​ដុះ​ដាស​ពាស​ទួ​ទៅ​ទាំង​ធរណី​ បណ្ដា​សត្វ​ព្រៃ​ក្ដី សត្វ​ស្រុក​ក្ដី​ត្រូវ​ការ​អា​ស្រ័យ មិន​ចាំ​ទិញ​ដូរ ​រឺ​ សុំ​នរ​ណា​ទេ ត្រូវ​ស៊ី​បាន​អិត​ថ្លៃ ក៏​អែ​អាហារ​បាយ​ ត្រី​ សាច់​ ចំណែក​ខាង​មនុស្ស​ រឺ​ សត្វ​ដែល​ត្រូវ​ស៊ី​នោះ សឹង​បាន​មក​ដោយ​ទិញ​ដូរ​គេ​ទើប​បាន​មក នឹង​ទៅ​បរិ​ភោគ​អិត​ពេល​អិត​វេលា ដូច​យ៉ាង​ស្មៅ​នោះ​ពុំ​បាន​ ជា​ការ​ចុះ​ទុន​ច្រើន​ៗ​ នាំ​អោយ​បាន​ក្ដី​ក្រ​លំបាក​ទៅ​ខាង​មុខ​ មួយ​ទៀត​ទោះ​សត្វ​ស៊ី​ស្មៅ​ក្ដី​ ស៊ី​បាយ​ក្ដី​តែ​មាន​ម្ចាស់​ចាត់​អោយ​ស៊ី​ យ៉ាង​ណា​ក៏​តោង​ប្រ​ព្រឹត្ដ​តាម​ការ​របស់​ម្ចាស់​នោះ​អែង​ មួយ​ទៀត​ឆ្កែ​ពោល​ពាក្យ​ថា​ បាយ​កក​ជា​បាយ​សំណល់​ ជា​វត្ថុ​ទុក​យូរ​ពុំ​បាន​ក៏​ពិត​មែន​ តែ​ទុក​ទៅ​ត្រឹម​ពេល​ល្ងាច​ ក៏​មិន​ទាន់​ផ្អូម​ខូច​ដែរ​ នៅ​អាស្រ័យ​ទៀត​បាន ហេតុ​នោះ​បាន​ជា​យើង​មិន​អោយ យើង​ចាំ​ជំរាប​នាយ​សិន​ ជា​គាត់​អោយ​ រឺ​មិន​អោយ​ក៏​តាម​ចិត្ដ​លោក​នាយ​ចុះ​»​។

អែ​នាយ​ដង្ខៅ​ លឺ​សត្វ​ទាំង​ពីរ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ​ ក៏​ឆ្លើយ​កាត់​ឡើង​ថា «ការ​អស់​នេះ​ ជា​ទោស​ខុស​ធ្លាក់​មក​លើ​អញ​ជា​នាយ​វិញ​ចុះ​ ព្រោះ​អញ​មិន​បាន​មើល​កល​ មើល​ការ​ផ្ដាក់​ផ្ទុក​ផ្ដាំ​លា​អោយ​បែង​បាយ​ថ្ងៃ​ ចែក​អោយ​ឆ្កែ​គ្នា​ស៊ី​ផង អើ​ពី​ថ្ងៃ​នេះ​ទៅ​លា​អែង​មើល​ ពេល​ គួរ​អោយ​ឆ្កែ​គ្នា​បាន​អាស្រ័យ​ផង​ចុះ​» ថា​ហើយ​នាយ​ដង្ខៅ​ ក៏​រៀប​ប្រដាប់​លើក​ដាក់​លើ​តាង​លា​បរ​លា​ទៅ​កាន់​ស្រុក​នៃ​អាត្មា​ហោង​។ រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​អ្នក​នៅ​នឹង​នាយ​ចៅ​ហ្វាយ រឺ​គ្រូ​អាចារ្យ​ ដែល​លោក​អោយ​ខ្លួន​រក្សា​ទ្រព្យ​សម្បត្ដិ​ គួរ​យក​គតិ​លា​ជា​ច្បាប់​នៃ​អា​ ត្មា​ ទើប​បាន​ក្ដី​គាប់​ក្នុង​លោ​កិយ​នេះ​ហោង​។

ចប់តំរាអ្នករក្សាទ្រពនាយទី៣៣
រឿងជើងដៃច្រណែន នឹងមាត់

និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សេស មាន​កាល​ថ្ងៃ​១​ ពួក​អវ​យវ​ទាំង​ឡាយ​គឺ​ដៃ​ពីរ​ ជើង​ពីរ​ មាត់​មួយ​ នាំ​គ្នា​និយាយ​ថា «យើង​សព្វ​ថ្ងៃ​នេះ​លំបាក​ នឹង​ប្រកប​ការ​រក​ស៊ី​ណាស់​»​។ ជើង​ទាំង​ពីរ​ឆ្លើយ​ថា «ខ្ញុំ​អែង​នេះ​ព្រឹក​​ឡើង​កាល​ណា ​រវល់​តែ​នឹង​ដើរ​ទៅ​អែ​នោះ​ខ្លះ​ អែ​នេះ​ខ្លះ​មិន​ចេះ​ឈប់​ឈរ​ឡើយ​» ដៃ​ទាំង​ពីរ​ឆ្លើយ​ឡើង​ថា «​ខ្ញុំ​អែង​ ក៏​រវល់​មិន​មាន​អោ​កាស​ឈប់​សោះ​ វៀរ​តែ​ដេក​លក់​ទើប​បាន​ឈប់​ តែ​ភ្ញាក់​ឡើង​កាល​​ណា​រវល់​តែ​ចាប់​នេះ​ចាប់​នោះ​ មិន​ចេះ​អស់​ដោយ​ហោច​ទៅ​ តែ​​ត្រឹម​ស៊ី​បាយ ស៊ី​ចំណី​អ្វី​ៗ ដៃ​ក៏​រវល់​ចាប់​ចំណី​បញ្ចុក​មាត់​ដែរ​»​ មាត់​ឆ្លើយ​ឡើង​ថា «​ខ្ញុំ​អែង​ក៏​រវល់​មិន​ឈប់​ដូច​គ្នា​ តែ​ភ្ញាក់​ឡើង​កាល​ណា ចរ​ចា​និយាយ​ថា​នេះ​​ថា​​នោះ​ទៅ​ផ្សេង​ៗ ដោយ​ហោច​ទៅ​តែ​ត្រឹម​បរិ​ភោគ​អ្វី​ៗ មាត់​ក៏​រវល់​ទំពា​ រវល់​លេប​អាហារ​បញ្ចូល​ទៅ​ ការ​ភ្នាក់​ងារ​ខ្ញុំ​អែង​មាន​សភាព​យ៉ាង​នេះ​»​។ ជើង​ដៃ​បាន​លឺ​ដូច្នោះ​ ក៏​សួរ​ទៅ​មាត់​ថា «អាហារ​នោះ​ តើ​ធ្លាក់​ទៅ​នៅ​លើ​រូប​ណា​? មាត់​ប្រាប់​ថា «អាហារ​អស់​នោះ​ តែ​ស៊ី​ហើយ ក៏​ធ្លាក់​ទៅ​នៅ​លើ​ក្រពះ​ទាំង​អស់​»​។ អើ​សព្វ​អាហារ​ ដែល​ពួក​យើង​បាន​មក​ដោយ​ដើរ​ដោយ​ចាប់​កាន់​ដោយ​ទំពា​ ហើយ​លេប​ចូល​ទៅ​ គឺ​ទៅ​នៅ​លើ​ក្រពះ​ទាំង​អស់ អា​ក្រពះ​នោះ​តើ​ជា​វា​មក​ជួយ​ធ្វើ​ការ​អ្វី​ខ្លះ​ដែរ​ រឺ​វា​នៅ​ស្ងៀម​ព្រ​ងើយ​កន្ដើយ​ទេ​? មាត់​ប្រាប់​ថា «អា​ក្រពះ​នោះ​វា​នៅ​ស្ងៀម​ទទេ​​ទេ​ វា​នឹង​បាន​ជួយ​កិច្ច​អ្វី​ក៏​អិត​អង្គឺ​មាន​។

ទើប​ជើង​ឆ្លើយ​ឡើង​ថា «​អញ​រវល់​ដើរ​ទៅ​រក​ស៊ី​បាន​អាហារ​ៗ​ នោះ​ក៏​គួរ​ធ្លាក់​មក​លើ​អញ​អេះ​ នេះ​ម្ដេច​ឡើយ​ក៏​បាន​ទៅ​អា​ក្រពះ​ ដែល​វា​នៅ​​ស្ងៀម​នោះ​វិញ​ បើ​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ អញ​លែង​ដើរ​រក​ស៊ី​ទៀត​ហើយ​» អែ​ដៃ​ក៏​ពោល​ថា អញ​ខំ​ធ្វើ​ការ​សព្វ​សារ​ពើ​សព្វ​ថ្ងៃ​នេះ​ អាហារ​សោត​ ក៏​ធ្លាក់​បាន​ទៅ​លើ​អា​ក្រពះ​នោះ​វិញ​ បើ​ដូច្នេះ​ពី​ថ្ងៃ​នេះ​ទៅ​ អញ​លែង​ចាប់​ពាល់​កាន់​អ្វី​ៗ​ហើយ ទុក​អោយ​អា​ក្រពះ​វា​ចេញ​មក​ធ្វើ​ការ​ដាំ​ស្ល​ដាក់​ពោះ​វា​ចុះ​» អែ​មាត់​ក៏​ពោល​ឡើង​ថា «​អញ​សោត​ខំ​និយាយ​ជេរ​ពោល​ប្រ​ទេច​ ខំ​ស៊ី ខំ​ទំពា​ ខំ​លេប​ អែ​អាហារ​ក៏​ពុំ​តាំង​នៅ​លើ​ខ្លួន​អញ​ វា​ត្រ​លប់​បាន​ទៅ​អា​ក្រពះ​នោះ​វិញ អា​ក្រពះ​វា​គ្មាន​ជួយ​ធ្វើ​ការ​អ្វី​សោះ អើ​ពី​ថ្ងៃ​នេះ​ទៅ​ អញ​លែង​និយាយ​ លែង​ពោល លែង​ទំពា​ស៊ី​អ្វី​ៗ​ហើយ​ ទុក​អោយ​អា​ក្រពះ​ វា​ក្រៀម​ស្វិត​ពោះ​វា​ចុះ​ទើប​សម​មុខ​វា ដែល​វា​កំជិល​ធ្វើ​ការ​នេះ​»​។

អែ​អវ​យវ​ទាំង​៣ និយាយ​ត្រូវ​គំនិត​គ្នា​ហើយ​ទើប​ចូល​ដេក​លើ​គ្រែ លែង​ប្រកប​ការ​ជា​ភ្នាក់​ងារ​ខ្លួន​ទី​ទៃ​ៗ​ពី​ថ្ងៃ​នោះ​ហោង​។ អែ​ក្រពះ​នោះ​កាល​អវ​យវ​ក្រៅ​មិន​បញ្ជូន​អាហារ​ទៅ​អោយ​ដូច្នោះ​ហើយ ក៏​កើត​ស្ងួត​ក្រៀម​ ភ្លើង​តេ​ជោ​ធាតុ​ពុំ​មាន​អាហារ​ នឹង​ដុត​ផ្សាយ​ទៅ​សព្វ​សកល​កាយ​​បាន​ សកល​កាយ​នោះ​ កាល​បើ​ពុំ​មាន​រស​អាហារ​នឹង​ផ្សាយ​ហើយ​ វា​យោ​ធាតុ​ក៏​មាន​កំលាំង​​អាច​ផាត់​អបោ​​ធាតុ អោយ​រីង​ស្ងួត​ស្វិត​ទៅ​ខ្លះ​ កាល​បើ​ធាតុ​ប្រែ​ប្រួល​ពុំ​ប្រក្រ​តី​ហើយ​ អែ​អវ​យវ​ទាំង​ឡាយ​ក៏​ស្វិត​ស្គម​រីង​ទៅ​ វាត​សមុដ្ឋា​នា​ពាធ​ ក៏​បៀត​បៀន​ធ្វើ​អោយ​ចុក​សៀត​ទៅ​ផ្សេង​ៗ អែ​ដៃ​ជើង​មាត់​ទាំង​៣​ពួក កាល​ណា​បើ​កើត​វិបត្ដិ​ដល់​ខ្លួន​ទី​ទៃ​ៗ​ហើយ​ ពុំ​អាច​នឹង​តាំង​នៅ​ជា​ប្រ​ក្រ​តី​បាន ទើប​មក​ប្រ​ជុំ​គ្នា​វិញ​ទៀត​ថា​ ពួក​យើង​តាំង​តែ​ពី​លើក​លែង​ប្រកប​ការ​ មិន​បញ្ជូន​អាហារ​ទៅ​អោយ​អា​ក្រពះ​នោះ ឥលូវ​នេះ​វា​ស្វិត​ស្ងួត​ពុំ​បាន​ផ្សាយ​រស​ជាតិ​អាហារ​ដល់​ពួក​យើង​​ឡើយ​ ពួក​យើង​បាន​ក្ដី​ស្គាំង​ស្គម​ទ្រម​ទ្រុឌ​គ្មាន​កំលាំង​សោះ​ មិន​តែ​ប៉ុណ្ណោះ​ដាល​កើត​ជា​រោគ​ចុក​សៀត​ រួយ​អស់​សាច់​សរ​សៃ​ថែម​ទៀត​ អើ​បើ​ពួក​យើង​បង្អត់​អាហារ​ អា​ក្រពះ​យ៉ាង​នេះ ហើយ​នឹង​អន្ដរ​ធាន​វិនាស​ទៅ​ទាំង​អស់​គ្នា​មិន​ខាន​ ព្រោះ​ក្រពះ​គ្មាន​អាហារ​ជា​កំលាំង​ នឹង​ផ្សាយ​រស​ជាតិ​ដល់​យើង​នេះ​អែង​ បើ​ដូច្នេះ​ពួក​យើង​ត្រូវ​ប្រកប​ការ​តាម​ភ្នាក់​ងារ​រៀង​ខ្លួន​ដូច​កាល​មុន​វិញ​ចុះ ទើប​ក្រពះ​វា​ផ្សាយ​រស​ជាតិ​ដល់​ពួក​ យើង​វិញ​ ពួក​អវ​យវ​ពិគ្រោះ​ឃើញ​ក្ដី​ទុក្ខ​ទោស​ព្រម​គ្នា​ដូច្នោះ​ហើយ ជើង​ក៏​ក្រោក​ដើរ​ទៅ​ប្រកប​ការ​តាម​ដើម​ ដៃ​សោត​ក៏​ចាប់​ពាល់​ធ្វើ​ការ​ងារ​តាម​ដើម​ មាត់​សោត​ក៏​ហា​និយាយ​ស្ដី ហា​ស៊ី​បាយ​ចំណី​ដូច​កាល​មុន​វិញ​ហោង​។ អែ​ក្រពះ​កាល​បាន​អាហារ​ដាក់​ដូច​មុន​ហើយ កើត​មាន​កំលាំង​ផ្សព្វ​ផ្សាយ​រស​ជាតិ​នោះ​ទៅ​សព្វ​សព៌ាង្គ​កាយ​ ដៃ​ជើង​មាត់​ក៏​បាន​ក្ដី​សុខ​សប្បាយ​ឡើង​ ដូច​ប្រ​ក្រតី​តាម​កាល​មុន​នោះ​វិញ​ហោង​ ។

រឿង​នេះ​បាន​គតិ​ដល់​បណ្ដា​អាណា​ប្រជា​ជន​ទាំង​ឡាយ​ក្នុង​ប្រទេស​រាជ​បុរី​ ទុក​អវ​​យវ​គឺ​ដៃ​ជើង​មាត់ អែ​ក្រពះ​នោះ​ទុក​ជា​មហាក្សត្រា​ធិប​តី​មែន​ បើ​អាណា​ប្រជា​ជន​ទាំង​ឡាយ មិន​ថ្វាយ​សួយ​សារ​អាករ​ប្រាក់​ពន្ធ​ដារ​ថ្លៃ​រាជ​ការ​ហើយ មហាក្ស​ត្រា​ធិប​តី​នឹង​ដល់​នូវ​ក្ដី​ក្រី​ក្រ ពុំ​មាន​ប្រាក់​សំរាប់​ ប្រកប​ការ​រក្សា​ព្រះ​នគរ​ នឹង​ចិញ្ចឹម​ក្រម​ការ​តាម​ក្រសួង​ទាំង​ឡាយ​ មាន​ក្រុម​យោធា​ទាហាន​ជា​ដើម​ កាល​បើ​ស្ដេច​គ្មាន​ក្រុម​មន្រ្ដី​សេនា​បតី​ គ្រប់​ក្រសួង​​ហើយ​នឹង​ផ្សាយ​អំណាច​រក្សា​អាណា​ប្រជា​ជន​ ក្នុង​ប្រ​ទេស​ខ្លួន​ទៅ​ម្ដេច​បាន​ ពួក​ចោរ​ពួក​រាជ​បច្ចា​មិត្រ​ ដឹង​ថា​ព្រះ​នគរ​ពុំ​មាន​អំណាច​ហើយ​ វា​នឹង​នាំ​គ្នា​លើក​មក​បុក​បែន​ប្លន់​ញាំ​ញី​ចាប់​មហា​ក្សត្រិយ៍​ នឹង​ពួក​អាណា​ប្រជា​នុរាស្រ្ដ​យក​ជា​ឈ្លើយ​ ជា​ខ្ញុំ​គេ​អស់​ទៅ​ បាន​នូវ​ក្ដី​ទុក្ខ​វេ​ទនា​ព្រាត់​ប្រាស​ចាក​ភូមិ​ ចាក​លំនៅ​ទៅ​ផ្សេង​ៗ ដូច​គ្នា​នឹង​ក្រពះ​ដែល​ពុំ​មាន​អាហារ​តាំង​នៅ​ នឹង​ផ្សាយ​រស​ជាតិ​ទៅ​ដល់​អវ​យវ​តូច​ធំ​ពុំ​បាន​នោះ​អែង​ ពិត​មាន​មហាក្ស​ត្រា​ធិរាជ​ពុំ​បាន​រក​ស៊ី​ជួយ​ធ្វើ​ការ​រាស្រ្ដ​ នៅ​តែ​ក្នុង​វាំង​ក្នុង​ដំណាក់​ដូច​គ្នា នឹង​​ក្រពះ​ពុំ​បាន​ជួយ​ធ្វើ​ការ​ពួក​អវ​យវ​នោះ​អែង​។ អ្នក​មាន​បញ្ញា​ គួរ​ពិចារ​ណា​មើល​ចុះ​មហាក្ស​ត្រា​ធិរាជ​នោះ ត្រូវ​តែ​អវយ​វខាង​ក្រៅ​ គឺ​អាណា​ប្រជា​នុ​រាស្រ្ដ​ថ្វាយ​ សួយ​សារ​អាករ​ បង់​ប្រាក់​ថ្លៃ​ ពន្ធ​បំរុង​អោយ​មហាក្ស​ត្រិយ៍​ លោក​នឹង​បាន​ចំណាយ​ចែក​ចាយ​សាង​ព្រះ​នគរ​អោយ​មាំ​មួន​​ខ្លួន​រាស្រ្ដ នឹង​បាន​ក្ដី​សុខ​អិត​ទុក្ខ​ភ័យ ដែល​កើត​អំពី​ ពួក​ពាល​វា​កំហែង​នោះ​ហោង​ គួរ​បង់​ប្រាក់​ជូន​រាជ​ការ​ហើយ​ពួក​យើង​ជា​រាស្រ្ដ​ទាស​ក្នុង​ព្រះ​នគរ​ កុំ​ពោល​ថា​មហាក្ស​ត្រិយ​នៅ​ទំនេរ​ឡើយ។

ចប់តំរាគតិរាស្រ្ដបង់ប្រាក់ពន្ធទី៣៤
ចប់គតិលោកភាគទី៦ ប៉ុណ្ណេះ