ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

រឿងឧកញ៉ាយមរាជ និង ឧកញ៉ាពលទេព
ថ្ងៃសៅរ៍ ទី15.សីហា 2015.ម៉ោង 7:42

មាន​នាហ្មឺន​២​នាក់ ម្នាក់​ជា​ឧក​ញ៉ា​យម​រាជ ម្នាក់​ទៀត​ជា​ឧកញ៉ា​ពល​ទេព អែ​ឧក​ញ៉ា​ពល​ទេព​ជា​មនុស្ស​លោភ​បុណ្យ​សក្ដិ ចង់​បាន​ទី​យម​រាជ​កើត​ស្អប់​ឧក​ញ៉ា​យម​រាជ គិត​ស្វែង​រក​ទោស​ដាក់ និង​ក្រាប​ទូល​ទំលាក់​ចាក​ទី​យម​រាជ អាត្មា​អែង​នឹង​បាន​ស្ដី​ទី​យម​រាជ​នោះ​ត​ទៅ​ ឧក​ពល​ទេព​ ស្វែង​រក​ទោស​លោក​យម​រាជ​នាះ​ ជា​យូរ​ខែ​មក ថ្ងៃ​មួយ​មាន​អ្នក​ទោស​ម្នាក់​មាន​ទោស​ធ្ងន់ ក្រុម​ជំនុំ​កាត់​ទោស​ដល់​ប្រហារ​ជីវិត​។ អែ​អ្នក​ទោ ស​នោះ​ដឹង​ថា​ថ្ងៃ​ព្រឹក​ស្អែក​នេះ​ហើយ គេ​នឹង​នាំ​អាត្មា​ទៅ​សំលាប់​ជា​ប្រាកដ ក៏​តាំង​សៅ​សោក​វិយោគ​ ស្ដាយ​ជីវិត​មហិ​មា យំ​ពណ៌នា​ថា «ឱ ជីវិត​អញ​អើយ​! ព្រឹក​ស្អែក​នេះ​ហើយ នឹង​បង់​ចាក​ប្រាណ អើ​ត្រង់​ក្ដី​ស្លាប់​១ នេះ​នរ​ណា​ឡើយ​នឹង​វៀរ​បង់​បាន តែ​កើត​ឡើង​ហើយ រមែង​តែង​ស្លាប់​ជា​ធម្មតា​ តែ​ថា​ត្រង់​ជីវិត​១​នេះ ទោះ​បង់​បាត់​ទៅ​ក្ដី ក៏​មិន​សូវ​ជា​សោក​ស្ដាយ​អ្វី​ប៉ុន្មាន មក​សោក​ស្ដាយ​តែ​វិជ្ជា​១ ដែល​ខ្លួន​បាន​ចេះ​ហើយ​ ពុំ​ទាន់​បាន​បង្ហាត់​បង្ហាញ​នរ​ណា​មួយ​សោះ បើ​ព្រឹក​នេះ​ខ្លួន​ស្លាប់​ហើយ វិជ្ជា​នេះ​យល់​នឹង​ជា​សូន្យ​សោះ អស់​មាន​នរ​ណា​មួយ​ក្នុង​លោក​នេះ អាច​ចេះ​ត​ទៅ​ទៀត​បាន​ឡើយ​។

អ្នក​ទោស​ថា​ខ្ញុំ​បាទ ជូន​ព្រះ​តេជ​ព្រះ​គុណ​បាន សូម​ព្រះ​តេជ​ព្រះ​គុណ​រៀន​ត​ទៅ​ចុះ តែ​អត់​អំពី​ខ្ញុំ​ព្រះ​បាទ​នេះ​ហើយ វិជ្ជា​នេះ​នឹង​សូន្យ​ជា​ប្រាកដ តែ​ការ​នឹង​រៀន​នោះ តោង​ទៅ​តាំង​ពិធី​រៀន​នៅ​ក្នុង​ព្រះ​វិហារ ចំពោះ​ព្រះ​ភក្រ្ដ​ព្រះ​បដិ​មាករ​ជា​ប្រធាន ក៏​អែ​គ្រឿង​កំណល់​គ្រូ​នោះ​មិន​មាន​អ្វី​ច្រើន​ទេ ត្រូវ​ការ​តែ​ទៀន​៥ ធូប​៥ ផ្កា​៥ ប៉ុណ្ណោះ អែង​អញ្ជើញព្រះ​តេជ​ព្រះ​គុណ​រៀប​រៀន​អោយ​ឆាប់​ចុះ តែ​ព្រឹក​ស្អែក​ខ្ញុំ​ប្របាទ​លា​ព្រះ​តេជ​ព្រះ​គុណ​ទៅ​ស្រុក​ខ្មោច​ហើយ​។

ឧក​ញ៉ា​យម​រាជ​ក៏​ធ្វើ​តាម ទើប​អោយ​នាយ​ភូ​ឃុំ​នាំ​ខ្លួន​អ្នក​ទោស​ទៅ​អែ​វត្ដ ដល់​ហើយ​ក៏​នាំ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ អោយ​បិទ​ទ្វារ​វិហារ​ជិត​ទាំង​អស់ ពុំ​អោយ​មនុស្ស​ណា​មួយ​លឺ​ឡើយ ឧក​ញ៉ា​យម​រាជ​ ​ក៏រៀប​ទៀន​ធូប​លាជ​ផ្កា​តាំង​នៅ​ចំពោះ​ព្រះ​ភក្រ្ដ​ព្រះ ហើយ​ថាវិធី​រៀន​នោះ​តើ​ដូច​​ម្ដេច​ខ្លះ ចូរ​ចៅ​បង្គាប់​ទៅ​មើល យើង​នឹង​ធ្វើ​តាម អ្នក​ទោស​បង្គាប់​អោយ​អុជ​ទៀន​ធូបហើយ អោយ​លោក​យម​រាជ និង​ខ្លួន​វា​ក្រាប​ថ្វាយ​បង្គំ​ព្រះ សូត្រ​នមស្ស​ការ​ពុទ្ធ​គុណ ធម្ម​គុណ សង្ឃ​គុណ​ចប់​ចុះ​ហើយ អ្នក​ទោស​ប្រណម្យ​ដៃ ពោល​ដង្ហោយ​ឡើង​ថា «អោ​ព្រះ​ដ៏​មាន​បុណ្យ​ព្រះ​គុណ ប្រកប​ដោយ​ព្រះ​មហា​ករុ​ណា តែង​ប្រោស​មេត្ដា​សត្វ​​ដែល​កើត​មាន​ក្ដី​វិបត្ដិ​ចូល​មក​ពឹង​ពោធិ​សម្ភារ ជួយ​ដោះ​ទុក្ខ​សត្វ​អោយ​សត្វ​បាន​ក្ដី​សំរាន​ទាំង​លាក​នេះ និង​បរ​លោក ព្រះ​គុណ​អើយ​ខ្លួន​ខ្ញុំ​ព្រះ​ករុ​ណា​នេះ ត្រូវ​ទោស​ធំ ព្រឹក​ស្អែក​នេះ​ហើយ លោក​អោយ​ឧក​ញ៉ា​យម​រាជ នឹង នាំ​ទៅ​ប្រ​ហារ​ជីវិត​ខ្ញុំ​ព្រះ​ករុណា​ៗ មាន​ក្ដី​ភិត​ភ័យ​ខ្លាច​ក្ដី​ស្លាប់​នោះ​ជា​បំផុត​ ស្ដាយ​ជីវិត​ក្រៃ​ពេក​ណាស់ ព្រះ​គុណ​អើយ សូម​ព្រះ​អង្គ​ទ្រង់​ប្រោស​បិណ្ឌ​បាត​ជីវិត​ខ្ញុំ​ព្រះ​ករុ​ណា​អំពី​លោក​ឧក​ញ៉ា​យម​រាជ​នេះ អោយ​លោក​ប្រោស​លែង​ខ្ញុំ អោយ​រួច​ចាក​ក្ដី​ស្លាប់​ក្នុង​គ្រា​ម្ដង​នេះ​ ថា​ហើយ អ្នក​ទោស​វា​ទៅ​ក្រាប​ទៀប​បាទ​ជើង​លោក​យម​រាជ​ហើយ​ដង្ហោយ​ថា «អោ​ព្រះ​តេជ​ព្រះ​គុណ​អើយ​! សូម​ប្រោស​អត់​ទោស​ខ្ញុំ​ប្របាទ​នេះ ហេតុ​ដែល​ខ្ញុំ​ប្រ​បាទ​យំ​សោក​ពោល​ថា ស្ដាយ​វិជ្ជា​ចេះ​ភា​សត្វ​នោះ ខ្ញុំ​មិន​ចេះ​វិជ្ជា​នោះ​ទេ គឺ​ខ្ញុំ​សោក​ស្ដាយ​ជីវិត​ពិត​ៗ គិ​ត​បញ្ឆោត​អោយ​ព្រះ​តេជ​ព្រះ​គុណ អញ្ជើញ​មក​កាន់​ព្រះ​វិហារ​នេះ​អែង ដើម្បី​អោយ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ គឺ​ព្រះ​ពុទ្ធ​រូប​នេះ អែ​ទ្រង់​បិណ្ឌ​បាត​ជីវិត​ខ្ញុំ​ប្រ​បាទ​អំ​ពី​ព្រះ​តេជ​ព្រះ​គុណ អោ​ព្រះ​តេជ​ព្រះ​​គុណ​អើយ ប្រោស​ថ្វាយ​ជីវិត​ខ្ញុំ​ប្រ​បាទ ដល់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ទៅ​ ឥលូវ​ព្រះ​​អង្គ​ទ្រង់​បិណ្ឌ​បាត​ហើយ ព្រះ​គុណ​អើយ​! ការ​បូជា​ដោយ​គ្រឿង​អាមិស​ទាន​អែ​​ទៀត​ៗ នោះ​ផលា​និសង្ស​ ពុំ​ស្មើ​នឹង​ការ​បូជា​ជីវិត​ខ្ញុំ​ប្រ​បាទ ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ក្នុង​គ្រា​នេះ​ឡើយ ផល​នេះ​ហើយ​ជា​ផល​យ៉ាង​ធំ​បំផុត​ ព្រះ​តេជ​ព្រះ​គុណ នឹង​ប្រាថ្នា​សាង​ពុទ្ធ​ភូមិ រឺ អរហន្ដ​ភូមិ​ក៏​អាច​សំរេច​សេច​ក្ដី​ប្រាថ្នា​ទៅ​អនាគ​តកាល​»​។ អែ​លោក​ឧក​ញ៉ា​យម​រាជ លុះ​លឺ​ពាក្យ​អ្នក​ទោស​ពោល​ដង្ហោយ​ដូច្នោះ​ ក៏​ដូ​​ច​​ជា​​គេ​ខ្ទាស់​ណែន​អោ​រា​នឹក​ឃើញ​ថា ចាញ់​កល​ឧបាយ​អ្នក​ទោស​ជា​ប្រាកដ ទើប​និយាយ​ទៅ​កាន់​នាយ​ភូ​ឃុំ​ថា «អើយ​ យើង​ចាញ់​កល​អ្នក​ទោស​នេះ​ហើយ ឥលូវ​វា​ពោល​ពាក្យ​ដង្ហោយ​សូម​ជីវិត​វា ត​ព្រះ​ពុទ្ធ​រូប វា​អង្វរ​ព្រះ​ពុទ្ទ​ថា អោយ​ទ្រង់​បិណ្ឌ​បាត​ទោស​វា​ត​អែង​ជា​ម្ដង ការ​នេះ​តែ​យើង​មិន​លែង​វា ក៏​ដូច​ជា​យើង​មិន​យល់​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ហាក់​ដូច​ជា​យើង​អិត​សទ្ធា ក្នុង​ព្រះ​ពុទ្ធ​សាសនា បើ​ដូច្នោះ​នាយ​ភូ​ឃុំ យើង​ពីរ​នាក់​ចូល​​សទ្ធា​លើក​ជីវិត​វា​ថ្វា​ដល់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ចុះ ហើយ​យើង​ពី​រនាក់​ទទួល​កែ​ខៃ​ជា​ក្រោយ គឺ​យើង​បិទ​បាំង​អោយ​ជិត​កុំ​អោយ​ខ្ចរ​ខ្ចាយ​លឺ​ដល់​ត្រ​ចៀក​អ្នក​ដទៃ​អែ​ទៀត​ឡើយ​»​។

អែ​នាយ​ភូ​ឃុំ​ក៏​ព្រម​តាម ទើប​លោក​យម​រាជ​អោយ​នាយ​ភូ​ឃុំ​ស្រាយ​គ្រឿង​ចង​ហើយ​ថា យើង​លែង​ចៅ​អែង​ហើយ ចូរ​ចៅ​អែង​រត់​ទៅ​នៅ​ទី​ណា​មួយ​គួរ​រក្សា​ជីវិត​ចៅ​អែង​ចុះ ហើយ​កុំ​និយាយ​ប្រាប់​គេ​ថាយើង​ដោះ​លែង​ចៅ​អែង ចៅ​អែង​ចូរ​ថា​កាច់​ច្រ​វាក់​រត់​ចាក​គុក​ទៅ​ចុះ​ ត​ទៅ​​មុខ​ទៀត ចៅ​កុំ​ប្រ​ព្រឹត្ដ​ការ​លា​មក​យ៉ាង​នេះ​ទៀត​ឡើយ​»​។ អែ​អ្នក​ទោស​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ ហើយ​ក្រាប​លា​លោក​យម​រាជ និង​នាយ​ភូ​ឃុំ ហើយ​ក៏​រត់​ចេញ​ទៅ​នៅ​ស្រុក​ក្រៅ លាក់​ខ្លួន​ពុំ​អោយ​ពួក​រាជ​ការ​ដឹង​លឺ​ឡើយ​។

អែ​ឧក​ញ៉ា​យម​រាជ ក៏​នាំ​នាយ​ភូ​ឃុំ​ថ្វាយ​បង្គំ​លា​ព្រះ​ពុទ្ធ​រូប​ហើយ វិល​ទៅ​កាន់​លំ​នៅ នៅ​ជា​សុខ​សប្បាយ កំចាយ​តែ​សព្ទ​ប្រាប់​គេ​ថា​អ្នក​ទោស​នោះ​កាច់​ច្រ​វាក់​រត់​ចាក​គុក​ទៅ​បាត់​ហើយ​។ លុះ​នៅ​កន្លង​កាល​យូរ​មក រឿង​នោះ​ពុំ​ស្ងាត់​បាត់​ទៅ​ឡើយ ជា​ហេតុ​អោយ​ដឹង​លឺ​ទៅ​ដល់​ឧក​ញ៉ា​ពល​ទេព​ៗ មាន​ចិត្ដ​ត្រេក​អរ​ដោយ​សម​តាម​គំនិត​ដែល​គិត​រក​អោ​កាស នឹង​ក្រាប​ទូល​ព្រះ​រាជា​អោយ​ដក​ងារ​ឧក​ញ៉ា​យម​រាជ​នោះ​បង់ អាត្មា​នឹង​បាន​ទី​នោះ​​។ មាន​កាល​សម័យ​ថ្ងៃ​មួយ​ជា​ពេ​លា​ព្រឹក ព្រះ​រាជា​ស្ដេច​ចេញ​អង្គា​ស​ភត្ដ គឺ​ដាក់​បាត្រ​លោក​សង្ឃ ស្ដេច​កំ​ពុង​ទុក​បាត្រ​ មាន​ហ្វូង​ក្អែក​ទាំង​ឡាយ​ហើរ​មក​ស្រែក​កញ្ជ្រៀវ​កង​រំពង​ទាំង​ផ្ទៃ​វាំង ក្អែក​ពួក​ខ្លះ​ហើរ​ស្រែក​យំ ទំ​តាម​ដើម​ឈើ តាម​ដំបូល​ប្រាសាទ​ដំណាក់​ទីទៃ​ៗ អែ​ព្រះ​បរម​ចក្រី​ លុះ​ស្ដេច​ទុក​បាត្រ​សូ​រេច​ហើយ ទ្រង់​ត្រាស់​ថា អា​សត្វ​ក្អែក​អស់​នេះ មាន​ហេតុ​ភេទ​អ្វី​បាន​ជា​ថ្ងៃ​នេះ​វា​នាំ​គ្នា​មក​ស្រែក​គឹក​កង​កោលា​ហល​យ៉ាង​នេះ​ ធ្វើ​ម្ដេច​នឹង​បាន​ដឹង​ភាសា​វា​អេះ​។ អែ​ឧក​ញ៉ា​ពល​ទេព​អង្គុយ​គាល់​នៅ​ទី​នោះ លុះ​បាន​លឺ​ព្រះ​បន្ទូល​ដូច្នោះ បាន​អោកាស​ទើប​ក្រាប​ទូល​ឡើង​ថា «សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស មនុស្ស​យើង​ទាំង​ឡាយ​ក្នុង​នគរ​នេះ ពុំ​មាន​នរ​ណា​មួយ​អាច​ចេះ​ភាសា​សត្វ​ឡើយ លឺ​ថា​អ្នក​ឧក​ញ៉ា​យម​រាជ​គេ​ចេះ​ភាសា​សត្វ ដោយ​គេ​បាន​រៀន​ត​អំពី​អ្នក​ទោស​ដល់​ទី​ប្រហារ​ម្នាក់ ហើយ​បាន​លែង​អ្នក​ទោស​ជា​គ្រូ​គេ​នោះ​បង់ សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស អោយ​ហៅ​មក​សួរ​គង់​ទ្រង់​ជ្រាប​»​។ ព្រះ​រាជា​បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ ក៏​ប្រើ​បំរើ​ម្នាក់​ អោយ​ទៅ​ហៅ​ឧក​ញ៉ា​យម​រាជ ចូល​មក​គាល់ អែ​ឧក​ញ៉ា​យម​រាជ លឺ​ថា​ទ្រង់​មាន​ព្រះ​រាជ​អោង្ការ​អោយ​ហៅ​ទៅ​គាល់​ដូច្នោះ ក៏​នឹក​ពិភាល់​ក្នុង​ចិត្ដ​ថា ទ្រង់​អោយ​រក​ខ្លួន​ចូល​ទៅ​នេះ សូម្បី​មាន​ការ​ប្លែក​ប្រាកដ ទើប​សួរ​ទៅ​កាន់​រាជ​បំរើ​នោះ​ថា នា​ហ្មឺន​ណា​គាល់​នៅ​ក្នុង​ទី​នោះ​ខ្លះ​ រាជ​បំរើ​ជំរាប​ថា លោក​ឧក​ញ៉ា​ពល​ទេព គាល់​នៅ​ទី​នោះ​ ឧក​ញ៉ា​យម​រាជ​លឺ​ដូច្នោះ ក៏​ដឹង​ខ្លួន​ថា អា​ពល​ទេព​វា​គង់​ក្រាប​ទូល​ពោល​ទោស​អញ​ជា​ប្រាកដ គិត​ហើយ​ឧក​ញ៉ា​យម​រាជ​រៀប​អាត្មា​ម្នី​ម្នា​ទៅ​ជា​មួយ​នឹង​រាជ​បំរើ​នោះ លុះ​ដល់​ហើយ​ក៏​ចូល​ទៅ​ក្រាប​បង្គំ​អង្គុយ​គាល់​ក្នុង​ទី​ដ៏​សម​គួរ អែ​ព្រះ​រាជា​ទត​យល់​ឧក​ញ៉ា​យម​រាជ​ចូល​មក​គាល់​ហើយ ក៏​ត្រាស់​ថា «អើ​អ្នក​យម​រាជ ឥលូវ​ឧក​ញ៉ា​ពល​ទេព​គេ​ប្រាប់​យើង​ថា អ្នក​អែង​បាន​រៀន​ភាសា​សត្វ​អំពី​អ្នក​ទោស​ម្នាក់ បាន​លែង​អ្នក​ទោស​នោះ​ចេញ​ចាក​គុក​ទៅ​ ឥលូវ​ហ្វូង​សត្វ​ក្អែក​ទាំង​ឡាយ វា​មក​ស្រែក​កញ្ជៀវ​កង​រំពង​ជា​កោលា​ហល យល់​ជា​នឹង​មាន​ហេតុ​អ្វី​មួយ​ពុំ​ខាន បើ​ដូច្នេះ អ្នក​អែង​ចេះ​ភាសា​សត្វ ចូរ​ស្ដាប់​វា​និយាយ​គ្នា​ទៅ​មើល​»​។ ឧក​ញ៉ា​យម​រាជ​ក៏​ទទួល​ព្រះ​អោង្គារ​ទូល​អនុ​លោម​តាម​ថា ខ្លួន​បាន​រៀន​បាន​ចេះ​ដឹង​ភាសា​សត្វ​ពិត​ប្រាកដ​មែន លុះ​លឺ​ព្រះ​អោង្ការ​ប្រើ​អោយ​ស្ដាប់​សព្ទ​ក្អែក​ម្ខាង​ ហើយ​បែរ​ទៅ​ស្ដាប់​សព្ទ​ ក្អែក​ម្ខាង​ទៀត លុះ​ស្ងប់​សព្ទ​ក្អែក​បន្ដិច​ ក៏​ក្រាប​បង្គំ​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្ដា​ប្រោស ហ្វូង​ក្អែក​ដែល​ទំ​លើ​ដើម​ឈើ​នោះ ជា​ហ្វូង​ក្អែក​ស្រុក​ក្រៅ អែ​ហ្វូង​ក្អែក​ដែល​ទំ​លើ​ដំបូល​មហា​ប្រា​សាទ​នោះ ជា​ហ្វូង​ក្អែក​នៅ​ក្នុង​ក្រុង​នេះ​។​ ព្រះ​រាជា​លឺ​ដូច្នោះ ក៏​ត្រាស់​សួរ​ទៅ​វិញ​ថា «ចុះ​ក្អែក ស្រុក​ក្រៅ​វា​មក​យំ​កង​តើ​វា​យំ​ថា​ដូច​ម្ដេច​? ក្អែក​ក្នុង​ក្រុង តើ​កញ្ជ្រៀវ​ថា​ដូច​ម្ដេច?​។

អ្នក​ឧក​ញ៉ា​យម​រាជ​ក្រាប​ទូល​ថា «ក្អែក​ស្រុក​ក្រៅ មាន​ក្ដី​ក្ដៅ​ក្រហាយ​ដោយ​អ្នក​ស្រុក​ក្រៅ ពុំ​បាន​ធ្វើ​បុណ្យ​ទាន​ដូច​អំពី​ឆ្នាំ​មុន​ៗ គឺ​ឆ្នាំ​មុន​ៗ អាណា​ប្រជា​នុ​រាស្រ្ដ​សំបូណ៌​ស្រូវ​អង្ករ គេ​នាំ​គ្នា​ធ្វើ​បុណ្យ និមន្ដ​លោក​សង្ឃ​ឆាន់​តាម​ភូមិ​លំ​នៅ អែ​ចំណី​អាហារ​ដែល​សេស​សល់​នោះ​ គេ​បោះ អោយ​ទាន​ក្អែក រឺ សត្វ​អែ​ទៀត​ៗ​ផង បន្ដា​សត្វ​ទាំង​ឡាយ​មាន​ក្អែក​ជា​ដើម សឹង​បាន​បរិ​ភោគ​ចំណី​ដែ​ល​សេស​សល់​នោះ​ទូ​ទៅ​ សេច​ក្ដី​សុខ​សប្បាយ​ក៏​មាន​គ្រប់​តំបន់​ ឥលូវ​ឆ្នាំ​នេះ លោក​ឧក​ញ៉ា​ពល​ទេព​ជា​នាយ​ក្សេត្រ​ចាត់​មេ​កង​អាជ្ញា​លួង​ចេញ​ទៅ​កត់​ស្រូវ​ ធ្វើ​មិន​ត្រូវ​តាម​ប្រវេ​ណី គឺ​យក​ពន្ធ​ពី​រាស្រ្ដ​លើស​ប្រមាណ រាស្រ្ដ​គ្នា​មាន​ស្រូវ​តែ​ត្រឹម ៤-៥ ថាំង​ក៏​កត់​គ្នា​អោយ​ជាប់​ដែរ ឧក​ញ៉ា​ពល​ទេព​អោយ​កត់​ដល់​ទៅ​ស្រូវ​ពូជ ស្រូវ​ដំណើប​ ស្រូវ​ចំការ​ប្រាំង យក​ជា​ពន្ធ​ទាំង​អស់ មួយ​ទៀត​ស្រូវ​គ្នា​មាន​ត្រឹម ៥០-៦០ ក៏​ទា​បង្កើន​ដាក់​ជា ៩០-១០០ រាស្រ្ដ​គ្នា​ត​វ៉ា​ក៏​មិន​បាន យក​បុណ្យ​សក្ដិ​សង្កត់​បង្រ្កាប​គ្នា​ទៅ​តាម​អំពើ​ចិត្ដ​ផ្សេង​ៗ ពួក​អាណា​ប្រជា​នុ​រាស្រ្ដ​កើត​ក្ដី​ក្រ​លំបាក​បាន​ក្ដី​ក្ដៅ​ក្រហាយ​តែ​រាល់​ៗ​គ្នា បាន​ជា​ឆ្នាំ​នេះ​មិន​មាន​នរ​ណា​អាច​ធ្វើ​បុណ្យ​អោយ​ទាន​ដូច​ឆ្នាំ​មុន​ៗ​បាន ពួក​ក្អែក​ទាំង​ឡាយ​ពុំ​បាន​ទទួល​ទាន​បាយ​សំល​ដែល​សេស​សល់​អំពី​ការ​ធ្វើ​បុណ្យ​ទាន​នោះ​អែង ទើប​វា​នាំ​គ្នា​ចូល​មក​ក្នុង​ក្រុង ដើម្បី​ថ្លែង​ក្ដី​លំបាក​របស់​រាស្រ្ដ​ដល់​ពួក​ក្អែក បណ្ដា​ជា​​ញាតិ​នៅ​ក្នុង​ក្រុង​អោយ​ពួក​ក្អែក​ក្នុង​ក្រុង​នាំ​សេច​ក្ដី​ក្ដៅ​ក្រហាយ​ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​ករុណា​ជា​ម្ចាស់​ផ្ទៃ​ក្រោម​អោយ​ទ្រង់​ជ្រាប​។ ការ​ឧក​ញ៉ាពល​ទេព​ ប្រ​ព្រឹត្ដ​ខុស​ព្រះ​រាជ​បញ្ញាត្ដិ​ មាន​សភាព​យ៉ាង​នេះ សូម​ល្អង​ធូលី​ព្រះ​បាទ​ស្ដេច​ទ្រង់​ជ្រាប​។

អែ​ព្រះ​បរម​រាជា បាន​ទ្រង់​សណ្ដាប់​ពាក្យ​ឧក​ញ៉ា​យម​រាជ​ដូច្នោះ ក៏​ត្រូវ​ព្រះទ័យ ទើប​ទ្រង់​ខ្ញាល់ នឹង​ឧក​ញ៉ា​ពល​ទេព​កោង​ឆ​រាស្រ្ដ​ធ្វើ​អោយ​រាស្រ្ដ​ក្ដៅ​ក្រហាយ​ទាំង​ព្រះ​រាជ​អាណា​ខេត្ដ ស្ដេច​ទ្រង់​ដក​ងារ​ឧក​ញ៉ា​ពល​ទេព​ចាក​មន្រ្ដី ប្រោស​ប្រទាន​ឧក​ញ៉ា​យម​រាជ​ឡើង​ជា​ទី​ជា​សំដេច​ចៅ​​ហ្វា​ទល​ហ​អគ្គ​មហា​សេនា ស្ដី​រាជ​ការ​ចៅ​ក្រសួង​​អធិបតី​។

រឿង​និទាន​នេះ បាន​គតិ​ដល់​បុគ្គល​ទុច្ច​រិត​គិត​ប្រទូស​រ៉ាយ​ដល់​បុគ្គល​អ្នក​អិត​ទោស បទ​លោក​ថា «បុគ្គល​ចង់​ប្រទូស​រ៉ាយ​ដល់​គេ ដែល​ពុំ​មាន​ទោស​អ្វី​នឹង​ខ្លួន​ ហើយ​ទោស​នោះ​ត្រូវ​ធ្លាក់​មក​លើ​ខ្លួន​អែង​វិញ​» ដូច​យ៉ាង​ឧក​ញ៉ា​ពល​ទេព គិត​ប្រទូស​រ៉ាយ​ឧកញ៉​យម​រាជ​នោះ​អែង​ ឧក​ញ៉ា​យម​រាជ​មាន​ប្រាជ្ញា​ទទួល​ពាក្យ​ខ្លួន​ចោទ គឺ​ពល​ទេព​ក្រាប​ទូល​ថា​យម​រាជ​ចេះ​ភាសា​សត្វ គេ​ក៏​ទទួល​ថា​ចេះ ដូច​ពាក្យ​ខ្លួន​ថា ដល់​ស្ដេច​ប្រើ​គេ​អោយ​ស្ដាប់​ស័ព្ទ​ភាសា​ក្អែក គេ​ទទួល​ស្ដាប់ ហើយ​គេ​ថាក្អែក​វា​និយាយ​អំពី​ទោស​ខ្លួន​ទៅ​កំហែង​រាស្រ្ដ បើ​ខ្លួន​ប្រ​កែក​ថា​មិន​មែន​វិញ​ នរ​ណា​នឹង​ទៅ​ដឹង​ភាសា​ក្អែក​ជា ២ - ៣ នាក់​នឹង​យក​ជា​សាក្សី​ថា​មិន​មែន​នោះ ដ្បិត​ខ្លួន​ថា​គេ​ចេះ​ហើយ គេ​ចេះ​តែ​ម្នាក់​អែង នឹង​មាន​នរ​ណា​ទៅ​ចេះ​ដឹង​ផង​។ ឧក​ញ៉ា​ពល​ទេព​ទាល់​ចំណេះ​ខ្លួន​អែង បាន​ជា​ពុំ​ហ៊ាន​ប្រ​កែក​ត​វ៉ា នឹង​ឧកញ៉ា​យម​រាជ​ក្នុង​កាល​នោះ មួយ​ទៀត​ពាក្យ​អែ​ណា​ ការ​អែ​ណា​ដែល​ខ្លួន​បាន​និយាយ​មុសា​ទៅ​ហើយ តោង​កុំ​គេច​កុំ​រើ​រុះ ត្រូវ​ប្រ​កាន់​ការ​នោះ​អោយ​មាំ​ដូច​យ៉ាង​ឧក​ញ៉ា​យម​រាជ នឹង​បាន​រៀន​ចេះភាសា​សត្វ​នោះ​កាល​ណា គឺ​ខ្លួន​ចាញ់​កល​អ្នក​ទោស​នោះ​ទេ តែ​ដល់​ពល​ទេព​ក្រាប​ទូល​ថា​ចេះ​ភាសា​សត្វ គេ​ក៏​ទទួល​ថា​ចេះ​មែន​ ហើយ​គេ​និយាយ​ដាក់​ទំលាក់​ទោស​មក​លើ​ខ្លួន​អែង​វិញ ខ្លួន​នឹង​រើ​ថា មិន​មែន​វិញ​អែ​ណា​ក៏​បាន​។ អ្នក​មាន​បញ្ញា​ត្រូវ​ពិចា​រណា​ត​ទៅ​ទៀត​ចុះ​។

ចប់តំរាអនុលោមតាមហេតុទី២៩
រឿងឆ្មាស្រុក និងចាបពួក

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​ជា​នាហ្មឺន​ធំ​ រឺ​ចៅ​ហ្វា​ស្រុក ដែល​ពុំ​ធ្លាប់​លក់​រាស្រ្ដ​ប្រជា​ម្ដង​សោះ នោះ​អធ្យា​ស្រ័យ​ក៏​ល្មម​សម​គួរ តែ​បើ​បាន​លក់​រាស្រ្ដ​បាន​ប្រាក់​មាស​ម្ដង​ហើយ កើត​ញ៉ាម​អត់​ពុំ​បាន​ដល់​ក្រោយ​មិន​យល់​មុខ​នរណា ចេះ​តែ​លក់​ទាំង​អស់ ទោះ​សាច់​ញាតិ​សន្ដាន​ខ្លួន​ក្ដី​ ក៏​ចេះ​តែ​លក់​មិន​រើស​មុខ​ថា​នរ​ណា​ឡើយ កើត​ដោយ​ញ៉ាម​បាន​ដូច​យ៉ាង​ឆ្មា​ស្រុក​ស៊ី​ចាប​សំលាញ់​ខ្លួន​នោះ​អែង​។

ចប់តំរាញ៉ាមមាត់ទី៣០
រឿងសំពោចចូលក្នុងជង្រុកស្រូវ

និទាន​នេះ​មាន​ក្នុង​ក្បួន​បារាំង​សេស មាន​សត្វ​សំពោច​១ ចូល​ទៅ​ក្នុង​ជង្រុក​ស្រូវ​គេ បាន​ស៊ី​ស្រូវ​ដរាប​ដល់​សរីរៈ​ធាត់​ធំ​។ ថ្ងៃ​មួយ​អ្នក​ម្ចាស់​ជង្រុក ដើរ​មក​ត្រង់​ទី​ជង្រុក​នោះ ដោយ​មាន​កិច្ច​នឹង​ទៅ​ស្រែ អែ​សំពោច​នៅ​ក្នុង​ជង្រុក​បាន​លឺ​សព្ទ​សន្ធឹក​ជើង​មនុស្ស​ដើរ​មក​ដូច្នោះ​ ក៏​គិត​ភ័ យ​តក់​ស្លុត​ស្ទុះ​រត់​មក​ត្រង់​បង្អួច ដើម្បី​នឹង​ចេញ​តាម​ចន្លោះ​មេ​ចំរឹង​ តែ​ចេញ​ពុំ​រួច​ឡើយ ទើប​ពោល​ឡើង​ថា កាល​អញ​ចូល​មក ក៏​ចូល​តាម​ចន្លោះ​មេ​ចំរឹង​នេះ​អែង អែ​ចំរឹង​នេះ​សោត ក៏​នៅ​ជា​ប្រក្រ​តី ចុះ​ហេតុ​អ្វី​បាន​ជា​ចេញ​ទៅ​ពុំ​រួច​ដូច្នេះ​។ គ្រា​កាល​នោះ​មាន​កន្ដុរ​មួយ​វារ​មក​ខាង​មេ​ចំរឹង​ បាន​លឺ​សំពោច​នោះ​ពោល​ពាក្យ​ដូច្នោះ ក៏​ឆ្លើយ​ទៅ​ថា មេ​ចំរឹង​នេះ​នៅ​ដដែល​ដូច​មុន​ទេ ប៉ុន្ដែ​គ្រា​កាល​បង​អែង​ចូល​មក​នោះ​គឺ​រូប បង​ស្គម​តូច​ទើប​ចូល​មក​បាន លុះ​បង​អែង​មក​នៅ​ក្នុង​ជង្រុក​នេះ បាន​បរិ​ភោគ​ស្រូវ​ឆ្អែត​ស្កប់​ស្កល់ អត្ដ​ភាព​បង​អែង កើត​ធាត់​ធំ​ឡើង​លើស​មុន ហេតុ​នេះ​បាន​ជា​ចេញ​ទៅ​ពុំ​រួច នែ​បង​សំពោច បើ​បង​អែង​ចង់​ចេញ​អោយ​រួច​ទៅ​វិញ​នោះ មាន​តែ​បង​អែង កុំ​ស៊ី​ស្រូវ​ត​ទៅ​ទៀត ស៊ូ​អត់​ត្រា​តែ​អត្ដ​ភាព​ស្គម​តូច​ដូច​កាល​មុន​នោះ ទើប​បង​អែង​អាច​ចេញ​ទៅ​រួច​បាន​។ សំពោច​បាន​ស្ដាប់​ពាក្យ​កន្ដុរ ថ្លែង​ដូច្នោះ​ ក៏​ចូល​ចិត្ដ​បាន ទើប​អត់​អាហារ​ពី​ថ្ងៃ​នោះ​មក ទាស់​តែ​ស្គម​តូច​ដូច​មុន​ទើប​ចេញ​អំពី​ជង្រុក​នោះ​ទៅ​បាន​។

រឿង​នេះ បាន​គតិ​ដល់​បុគ្គល​អ្នក​ចូល​ធ្វើ​រាជ​ការ​បាន​ទទួល​ទាន​បៀ​វត្ស ប្រាក់​ខែ​កើត​មាន​សម្បត្ដិ​បរិបូណ៍ ហើយ​ចង់​លែង​ធ្វើ​រាជ​ការ​វិញ​នោះ មាន​តែ​លែង​ទទួល​ប្រាក់​ខែ​បង់ ទើប​អាច​ចេញ​ចាក​នាទី​នៃ​រាជ​ការ​ទៅ​បាន មួយ​ទៀត​បុគ្គល​ចង់​ចេញ​ទៅ​បួស​ជា​ភិក្ខុ​ សាមណេរ​សោត​​នោះ​ មាន​តែ​លះ​សម្បត្ដិ​ទ្រព្យ​ចោល​បង់ ស៊ូ​អត់​កុំ​បរិ​ភោគ​បញ្ច​កាម​គុណ​នោះ​ទើប​ចេញ​ទៅ​បួស​ជា​ភិក្ខុ សាម​ណេរ​បាន​។ បទ​អស់​នេះ​អ្នក​ប្រាជ្ញ​គប្បី​ពិចា​រណា​ទៅ​ទៀត​ចុះ​។

ចប់តំរាគតិរើខ្លួនចេញចាកទុក្ខទី៣១