ទស្សនៈអ្នកចុះផ្សាយ : រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើររបៀបរបប នៃការរស់របស់សង្គមមនុស្សក្នុង​គ្រប់​សម័យ​កាល ព្រោះ «គតិ​លោក» បាន​និយាយ​អំពី​​ការ​ប្រព្រឹត្ដ​ទៅ​របស់​មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្ន មានបច្ចេក​វិជ្ជា​ខ្ពង់​ខ្ពស់ (កុំព្យូ​ទ័រ) សម័យ​​ដើម សម័យ​ព្រះសម្មា​សម្ពុទ្ធ​ចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀស​មិន​ផុត នៅ​តែ​មាន​មនុស្ស​ល្អ មនុស្ស​អា​ក្រក់ មនុស្ស​ឆោត​ល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។....[អានបន្ដ]

ចប់តំរាពឹងតូចរួចទុក្ខភ័យទី១៣
រឿងស្មាន់ ក្អែក អណ្ដើក ជាសំលាញ់នឹងគ្នា
ថ្ងៃសុក្រ ទី17.កក្កដា 2015.ម៉ោង 20:47

ឯ​ក្អែក​ឃើញ​នាយ​ព្រាន​ចាប់​អណ្ដើក​បាន​ដូច្នោះ​ក៏​និយាយ​នឹង​ស្មាន់​ថា ចូរ​អ្នក​ក្លែង​ធ្វើ​ជា​បាក់​ជើង​ដើរ​ទៅ​ខាងមុខ​នាយ​ព្រាន​ព្រៃ ប្រើ​ឧបាយ​មាយា លួង​អោយ​នាយ​ព្រាន​ដេញ​ នាយ​ព្រាន​គង់​នឹង​ដាក់​អណ្ដើក​ចោល​ទៅ​កណ្ដាល​វាល​រត់​ដេញ​អ្នក​អែង​មិន​លែង ហើយ​អ្នក​អែង​នឹង​រត់​គេច​មក​ក្រោយ​វិញ​ខាំ​ពាំ​អណ្ដើក​នោះ​បោល​ចូល​ព្រៃ​ទៅ អោយ​រួច​ពី​ដៃ​អាព្រាន​ព្រៃនោះ​។ អែ​ស្មាន់​ក៏​ធ្វើ​តាម​ពាក្យ​ក្អែក​បង្គាប់​នោះ​ ឯ​លុះ​ស្មាន់​បោល​ទៅ​ជិត​នាយ​ព្រាន​ហើយ ក៏​ធ្វើ​អាការ​ជា​សត្វ​បាក់​ជើង​ម្ខាង បោល​​បោះ​តែ​ជើង​៣ ចំពោះ​មុខ​ព្រាន​ព្រៃ​នោះ​អែង អែ​នាយ​ព្រាន​ពុំ​ដឹង​អាកា​រ​សត្វ​ក៏​សំគាត់​ថា ស្មាន់​នេះ​ត្រូវ​អន្ទាក់​វា​ខំ​កន្ដ្រាក់​ទាល់​តែ​ដាច់​បាន ទំនង​ជា​វា​បាក់ជើង​នេះ ព្រោះ​ខ្សែ​អន្ទាក់​អញ​វា​វត់ត្រូវ​នោះ​អែង គិត​ហើយ​នាយ​ព្រាន​ក៏​ដេញ​ទៅ​ដើម្បី​នឹង​ប្រហារ​។

អែ​ស្មាន់​បែរ​មក​ឃើញ​នាយ​ព្រាន​មិន​ទាន់​ដាក់​អណ្ដើក​ចោល​ដូច្នោះ ក៏​ក្លែង​ធ្វើ​ជា​ពុំ​លឿន​បោល​ទៅ​បន្ដិច​ៗ នាយ​ព្រាន​ចូល​ចិត្ដ​ថា​ស្មាន់​ពិការ​ជើង​បោល​ពុំលឿន​ដូច្នោះ ក៏​គិត​ថា អញ​ប្រយោជន៍​អ្វី​នឹង​អា​អណ្ដើក​១ សាច់​វា​ស្ល​ស៊ីបាន​​តែ​ព្រឹក​ល្ងាច​ប៉ុណ្ណោះ​គួរ​តែ​ចោល​វា​ចេញ​ចុះ​ នឹង​ខំ​រត់​ដេញ​ចាប់​អាស្មាន់​អោយ​បាន ត្បិត​វា​ជា​សត្វ​ធំ សាច់​ច្រើន​លើស​អា​អណ្ដើក​នេះ គិត​ហើយ​នាយ​ព្រាន​ ក៏​ចោល​អណ្ដើក​នោះ​នៅ​លើ​គុម្ព​ស្បូវ ហើយ​រត់​តាម​ស្មាន់​នោះ​ទៅ​។ អែ​ស្មាន់​ដឹង​ថា​នាយ​ព្រាន​ចោល​អណ្ដើក​ហើយ ក៏​រឹង​ធ្វើ​កល​បោល​ជន្ល​នាយ​ព្រាន​ អោយ​ដេញ​ចេញ​ទៅ​ផុត​​ព្រៃ​ស្បូវ​បាន អោកាស​ហើយ ស្មាន់​ក៏​បោល​គេច​មក​ក្រោយ​បាន​ទៅ​ដល់​អណ្ដើក​ហើយ ក៏​ពាំ​អណ្ដើក​នោះ​បោល​បោះ​ផ្លោះ​ចូល ទៅ​ក្នុង​ព្រៃ​នោះ​ជា​សុខស​ប្បាយ​ហោង។ រឿង​និទាន​នេះ​អែង​យល់​ចុះ​ក្នុង​គតិ​យ៉ាង​ណា​ចូរ​ថា​ទៅ​មើល​?​។

កូន​សិស្ស​ក៏​តប​ថា រឿង​នេះ ចុះ​គតិ​កល្យាន​មិត្ដ​ល្អ​បុគ្គល​អែ​ណា​បាន​មិត្រ​ល្អ យ៉ាង​ក្អែក​និង​អណ្ដើក​ដែល​ជួយ​ដោះ​ស្មាន់ ជា​មិត្រ​អោយ​រួច​ចាក​ទុក្ខ​បាន​បុគ្គល​នោះ​ហៅ​ថា​មិត្ដ​ល្អ គួរ​គប្បី​សេព​គប់ ក៏​អែ​មិត្រ​នេះ​លោក​សំដែង​ថា កុល​បុត្រ​គប្បី​បំរុង​ដោយ​ស្ថាន​៥​ប្រការ​ គឺ​បែង​ចែក​វត្ថុ​អោយ​១ និយាយ​ចរ​ចា​ពាក្យ​ពី​រោះ​១ ប្រ​ព្រឹត្ដ​ប្រយោជន៍​១ ភាវ​ជា​អ្នក​មាន​ធុរៈ​រឺ​ខ្លួន​ស្មើ​ជា​ប្រក្រ​តី​១ មិន​ក្លែង​ពោល​ពាក្យ​អោយ​ឃ្លៀង​ឃ្លាត​ចាក​ក្ដី​ពិត​១​។

មិត្ដ​បាន​ទទួល​បំរុង​ដូច្នេះ​ហើយ​ត្រូវ​អនុ​គ្រោះ​កុល​បុត្រ​នោះ​ដោយ​ស្ថាន​៥​ប្រការ​វិញ គឺ​ឃើញ​មិត្ដ​នោះ ដល់​នូវ​ក្ដី​លំបាក នា​ទី​ស្ថាន​អែណា​មួយ​ហើយ​ស៊ូ​នៅ​រក្សា​មិត្រ ពុំ​គិត​លះ​ចោល​យ៉ាង​នេះ​ប្រការ​១ ជួយ​រក្សា​ទ្រព្យ​សម្បត្ដិ​របស់​មិត្ដ​ ដែល​មិត្រ​លុះ​ក្ដី​ប្រមាទ​១ កាល​បើ​មាន​ភ័យ ទទួល​ជា​ទី​ពឹង​ពុំ​នាក់​បាន​១ មិន​លះ​ចោល​មិត្ដ​ក្នុង​កាល​វិបត្ដិ មាន​កាល​ស្រូវ​ថ្លៃ​ជា​ដើម​១ រាប់​អាន​រហូត​ដល់​វង្ស​ញាតិ​របស់​មិត្ដ​១ ត្រូវ​ជា​ស្ថាន​៥​ប្រការ​ហោង​។ បុគ្គល​ក្នុង​លោក គប្បី​រក​មិត្ដ​មាន​ធម៌​អនុ​គ្រោះ​៥​ប្រការ ដូច​សំដែង​មក​នេះ ទើប​បាន​ក្ដី​សួ​ស្ដី​មង្គល​ ចំរើន​ក្ដី​សុខ​សំរាន្ដ​ដូច​សត្វ​ទាំង​៣នោះ​ហោង​។ ចប់​តំរាគ​តិសុភ​មិត្ដ

រឿងស្មាន់ ក្អែក និងចចក
ថ្ងៃសុក្រ ទី15.សីហា 2014.ម៉ោង 22:14

ឯ​ស្មាន់​បាន​លឺ​ចចក​បបួល​ដូច្នោះ ក៏​ទៅ​តាម​ចចក ចចក​ក៏​នាំ​ស្មាន់​ទៅ​ត្រង់​ទី​អន្ទាក់​ព្រាន​ព្រៃ​នោះ​អែង ស្មាន់​សោត​ឆោត​មិន​ដឹង​កល​មិត្ដ គិត​នឹង​ប្រទូស្ដ​អាត្មា​ដើរ​​ទៅ​ៗ ជាន់​ទៅ​លើ​អន្ទាក់ ៗ​ក៏​វាត់​ព័ទ្ធ​ជើង​ក្រោយ​នៃ​ស្មាន់​យួរ​ឡើង​ស្មាន់​ក៏​ភិត​ភ័យ​តក្ក​មា​ស្រែក​អោយ​ចចក​ជួយ​ ចចក​ធ្វើ​ករិ​យា​ដូច​ជា​ភ្ញាក់​ផ្អើល​នឹង​មនុស្ស​មក​ដល់​​ខ្លួន ស្ទុះ​រត់​ទៅ​ពួន​នៅ​ក្នុង​ព្រៃ​ស៊ុម​ទ្រុម​សំងំ​ទៅ​ចាំ​មើល​ស្មាន់​នោះ នឹង​បំរះ​ននៀល​កន្ដ្រោង​ទៅ​យ៉ាង​ណា បើ​ស្មាន់​អស់​កំលាំង​ដួល​ចុះ​កាល​ណា នឹង​ចេញ​មក​ស៊ី​ស្មាន់​នោះ​អែង​។

ថ្លែង​ពី​ក្អែក កាល​បើ​ពុំ​ឃើញ​ស្មាន់​ទៅ​ទី​ប្រក្រតី​ក៏​ហើរ​រក​ស្មាន់​នោះ តាម​ដង​ព្រឹក្ស​ព្រៃ​ដរាប​ទៅ​ដល់​ជាយ​ព្រៃ ក៏​បាន​ឃើញ​ស្មាន់​ជាប់​អន្ទាក់​ព្រាន​ព្រៃ​ទើប​ហើរ​ចុះ​ទៅ​ទំលើ​មែក​ឈើ ហើយ​និយាយ​ទៅ​ថា «ហៃ​សំលាញ់​អើយ! ហេតុ​អ្វី​ក៏​បាន​ជា​មក​ប្រមាទ​ការ​អោយ​ជាប់​អន្ទាក់​មនុស្ស​យ៉ាង​នេះ​។ ស្មាន់​តប​ថា «ការ​អស់​នេះ​គឺ​ខ្លួន​ខ្ញុំ​ឯង​ខុស​ពិត​ហើយ ព្រោះ​អា​ចចក​វា​បញ្ឆោត​អោយ​មក​រក​ស៊ី​នៅ​ទី​នេះ​វា​នាំ​អោយ​អែង​ជាប់​អន្ទាក់​គេ ត្រង់​ខ្លួន​វា​គេច​រត់​បាត់​ពី​ទី​នេះ​ទៅ​​មិន​ដឹង​ជា​វា​ទៅ​អែណា អើ​សំលាញ់​ចូរ​អាណិត​ដោះ​ខ្ញុំ​អោយ​រួច​ពី​អន្ទាក់​នេះ​ម្ដង​ចុះ​»​។

អែ​ក្អែក​ក៏​ប្រាប់​ឧបាយ​​ស្មាន់​ថា «បើ​នាយ​ព្រាន​មក​ដល់​កាល​ណា ចូរ​អ្នក​អែង​ក្លែង​ធ្វើ​ជា​ស្លាប់ តាំង​រូប​អោយ​រឹង​ ​ប្រឹង​អត់​ដង្ហើម ធ្វើ​អោយ​នាយ​ព្រាន​ទុក​ចិត្ដ​ថា​ស្លាប់​មែន បើ​នាយ​ព្រាន​ដោះ​អ្នក​អែង​កាលណា អ្នក​ចាំ​ពាក្យ​ខ្ញុំ​ថា​ខ្វក បើ​លឺ​ពាក្យ​ខ្ញុំ​ថា​ខ្វក​កាល​ណា ចូរ​អ្នក​អែង​ខំ​ស្ទុះ​បោល​បោះ​ផ្លោះ​រត់​ចូល​ព្រៃ​ទៅ អោយ​ផុត​អំពី​ដៃ​មនុស្ស​ហោង» អែ​ស្មាន់​ក៏​ទទួល​ពាក្យ​បង្គាប់​នៃ​ក្អែក​សព្វ​គ្រប់​ប្រការ​។

លុះ​ដល់​ពេល​នាយ​ព្រាន​ព្រៃ​រៀប​ខ្លួន​ហើយ​យាត្រា​ទៅ​មើល​អន្ទាក់ ស្រាប់​តែ​ឃើញ​ស្មាន់​ដេក​ស្លាប់​ក៏​ចូល​ចិត្ដ​ថា​ស្មាន់​ដេក​ស្លាប់​យូរ​ហើយ ទើប​ប្រមាទ​ដោះ​ស្មាន់​ចាក​អន្ទាក់​ដាក់​ទៅ​ម្ខាង ហើយ​ឈរ​ឡើង​មើល​ឆ្វេង​ស្ដាំ​។ អែ​ក្អែក​ឃើញ​នាយ​ព្រាន​ប្រមាទ​ហើយ​ ក៏​ស្រែក​ខ្វក​សញ្ញា​ឡើង​មួយ​រំពេច ស្មាន់​ក៏​ស្ទុះ​ឡើង​បោល​បោះ​ផ្លោះ​រត់​ចូល​ព្រៃ​ទៅ​ជា​មួយ​នឹង​ក្អែក​ជា​អ្នក​នាំ​ផ្លូវ អែ​នាយ​ព្រាន​ព្រៃ​ឃើញ​ស្មាន់​រស់​បោល​ផ្លោះ​ដូច្នោះ ក៏​ស្ទុះ​ចាប់​លំពែង​រត់​ដេញ​ដល់​ទី​មួយ​ក៏​ពួ យ​លំពែង​ទៅ​ត្រង់​ព្រៃ​ស៊ុម​ទ្រុម លំពែង​នោះ​ក៏​ធ្លាក់​ទៅ​ត្រូវ​គល់​ក​នៃ​ចចក ដល់​នូវ​ក្ដី​មរណ​កាល​ក្នុង​ព្រៃ​ស៊ុម​ទ្រុម​នោះ​អែង​។ អែ​ក្អែក​ក៏​ហើរ​នាំ​ស្មាន់​ទៅ​កាន់​លំ​នៅ ផុត​អន្ដរាយ​នឹង​ព្រាន​យាយី​ហោង​។ និទាន​នេះ​ បាន​គតិ​យ៉ាង​ណា អោយ​ថា​ទៅ​មើល​?

កូន​សិស្ស​តប​ថា ចចក​ទ្រុស្ដ​មិត្ដ បង់​ជីវិត​ខ្លួន​អែង​បាន​គតិ​ធម៌​ថា បុគ្គល​សុច​រិត​អិត​ក្ដី​ប្រទូស​រាយ​តប​មនុស្ស​អែ​ណា​មួយ​ហើយ​។ មនុស្ស​នោះ​ទៅ​ប្រទូស​រាយ​តប​គេ​អិត​ទោស​នឹង​ខ្លួន យ៉ាង​ដូច​សត្វ​ចចក​ទៅ​ប្រទូស​រាយ​ត​ស្មាន់​ជា​មិត្ដ អិត​ទោស​យ៉ាង​នេះ​លោក​ថា​ក្ដី​ទុក្ខ​ទោស​វិបត្ដិ​អព​មង្គល នឹង​ធ្លាក់​ដល់​មនុស្ស​នោះ​អែង ដូច​ចចក​ត្រូវ​លំពែង​ព្រាន​ព្រៃ​នោះ​ហោង​។

ចប់តំរាជនទ្រុស្ដមិត្ដ១៥
រឿងស្ដេចព្រាបនឹងបរិវារ

មាន​ស្ដេច​ព្រាប​១ នាំ​បរិ​វារ​ទៅ​រក​ស៊ី​នៅ​ទី​វាល​ស្រែ បាន​ឃើញ​លប់​ដែល​នាយ​ព្រាន​ដាក់​ហើយ​បាច​សាច​ស្រូវ​អង្ករ​ជា​នុយ ពួក​ព្រាប​បរិ​វារ​ទាំង​ឡាយ​ឃើញ​នុយ​ដូច្នោះ គិត​នាំ​គ្នា​នឹង​ចុះ​ស៊ី អែ​ស្ដេច​ព្រាប​គិត​ថា ស្រូវ​អង្ករ​នេះ​​ជា​របស់​រក​បាន​ដោយ​ក្រ ចុះ​ហេតុ​ម្ដេច​ក៏​មនុស្ស​យក​មក​បាច​សាច​ចោល​រាយ​ពាស​ដូច្នេះ ទំនង​ជា​នុយ​បញ្ឆោត​អោយ​ព្រាប​ចុះ​ស៊ី ហើយ​គេ​នឹង​វាត់​ចាប់​ដោយ​លប់​នេះ​អែង​ជា​ប្រាកដ ស្ដេច​ព្រាប​គិត​ដូច្នោះ​ហើយ ទើប​ពោល​ហាម​ព្រាប​ជា​បរិ​វារ​មិន​អោយ​ចុះ​ស៊ី​ស្រូវ​នោះ​ឡើយ​។

ឯ​ព្រាប​ជា​បរិ​វារ​ទាំង​ឡាយ​ពុំ​ស្ដាប់​ទើប​និយាយ​គ្នា​ថា៖
- យើង​ស្វែង​រក​អាហារ​សព្វ​ថ្ងៃ​នេះ​បាន​ដោយ​កំរ អីលូវ​នេះ​មក​បាន​ឃើញ​អាហារ​ល្មម​បរិ​ភោគ​ហើយ ៗ​នាយ​យើង​ហាម​ឃាត់​មិន​អោយ​ចុះ​ស៊ី​យ៉ាង​នេះ​តើ​នឹង​ចាំ​ទៅ​រក​អែណា​ទៀត​អោយ​លំបាក។​
ស្ដេច​ព្រាប​លឺ​ដូច្នោះ​ក៏​ថា៖
អ្នក​ទាំង​ឡាយ​គ្មាន​ប្រាជ្ញា ឃើញ​តែ​អាហារ​ក៏​ហើរ​ចុះ​ស៊ី ពុំ​ដឹង​ក្ដី​អន្ដរាយ​ទៅ​ខាង​មុខ នឹង​បាន​ទុក្ខ​ដល់​អាត្មា​ដូច​ពាក្យ​បុរាណ​ថា «ព្រោះ​ចំណី​ត្រូវ​ក្ដី​ច្រើន​ក្ដាត់» នែ​អ្នក​ទាំង​ឡាយ​ស្រូវ​អង្ករ ដែល​គេ​រាយ​ពាស​វាល​នេះ គឺ​ជា​នុយ​ដូច​ជា​ត្រី​ស៊ី​នុយ​ជាប់​សន្ទូច​គេ​នោះ​អែង​ហើយ ចូរ​អ្នក​ទាំង​ឡាយ​កុំ​ចុះ​ទៅ​ស៊ី​ស្រូវ​គេ​នោះ​ឡើយ​។

ឯ​ព្រាប​ទាំង​ឡាយ​ពុំ​ជឿ​ស្ដាប់​ស្ដេច​ព្រាប​ហាម​ឡើយ នាំ​គ្នា​ចុះ​ស៊ី​ស្រូវ​ក្នុង​លប់​នាយ​ព្រាន អែ​ស្ដេច​ព្រាប​ឃាត់​បរិ​វារ​ពុំ​ស្ដាប់​ដូច្នោះ ក៏​គិត​ថា «បើ​អញ​មិន​ចុះ​ទៅ​ផង មុខ​ជា​ព្រាប​អស់​នេះ​នឹង​វិនាស​ដោយ​ដៃ​មនុស្ស​ពុំ​ខាន ណ្ហើយ​ចុះ​អាត្មា​អញ​ត្រូវ​ចុះ​ទៅ​ជា​មួយ​ផង​ចុះ​» គិត​ហើយ​ស្ដេច​ព្រាប​ក៏​ហើរ​ចុះ​ទៅ​ក្នុង​លប់​នោះ​អែង​។ ឯ​​នាយ​ព្រាន​ឃើញ​ ព្រាប​ចុះ​ច្រើន​ហើយ ក៏​ទំលាក់​ខ្សែ​លប់​នោះ​ចុះ​មួយ​រំពេច ព្រាប​ទាំង​ឡាយ​ក៏​ត្រូវ​ដូច​គេ​វេច​ក្នុង​សំណាញ់​នោះ​ជា​ម្ដង​ ទើប​ស្ដេច​ព្រាប​និយាយ​ថា «ម៉េច​អ្នក​ទាំង​ឡាយ​ឃើញ​ក្ដី​អន្ដរាយ​ជីវិ​ត​ពិត​ហើយ​រឺ បើ​ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​គិត​យ៉ា​ង​ណា​ទើប​រក្សា​ជីវិ​តបាន​?

ឯ​ព្រាប​ទាំង​ឡាយ​នាំ​គ្នា​ទទួល​ទោស​ខុស​ហើយ​ថា «យើង​​ខ្ញុំ​ទាំង​ឡាយ​ពុំ​ដឹង​គិត​យ៉ាង​ណា​ទេ ទាល់​ចំណេះ​អស់​ហើយ លោក​មាន​ឧបាយ​យ៉ាង​ណា សូម​មេត្ដា​ដោះ​ទុក្ខ​យើង​ខ្ញុំ​អោយ​រួច​ជីវិត​ផង​។ អែ​សេ្ដច​ព្រាប​ថា «ភ័យ​ម្ដង​នេះ ជា​ភ័យ​យ៉ាង​ធំ​បំផុត​កំរ​នឹង​កែ​ខ្លួន​បាន បើ​ដូច្នេះ​អ្នក​រាល់​គ្នា​កុំ​ប្រមាទ​ខំ​ឧស្សាហ៍​តាំង​សតិ​អោយ​ខ្ជាប់​ចុះ អាស្រ័យ​ការ​ព្រម​ព្រៀង​គ្នា ខំ​តាំង​កំលាំង​អោយ​ព្រម​គ្នា​ចុះ យើង​ប្រឹង​ស្ទុះ​ហើរ​ឡើង​អោយ​ព្រម​គ្នា ដើម្បី​នឹង​អោយ​លប់​នេះ​ដាច់​ឃ្លាត​ចាក​ទី​។

ឯ​ព្រាប​ទាំង​ឡាយ​ក៏​ធ្វើ​តាម ទើប​នាំ​គ្នា​ស្ទុះ​ហើរ​ព្រម​គ្នា អែ​ខ្សែ​លប់​ក៏​ដាច់​ចាក​ទី​១​រំពេច ព្រាប​ទាំង​ឡាយ​ក៏​ហើរ​នាំ​លប់​នោះ​ឡើង​ទៅ​លើ​អាកាស​បាន ហើយ​ហើរ​ទៅ​ដល់​ដំបូក​មួយ​ជា​លំនៅ​នៃ​ស្ដេច​កណ្ដុរ​ដែល​ជា​សំលាញ់ នឹង​ស្ដេច​ព្រាប​អំពី​ដើម​មក​។ ថ្ងៃ​ដែល​ព្រាប​ទាំង​ឡាយ​ទៅ​ធ្លាក់​លើ​ដំបូក​នោះ សេ្ដច​កណ្ដុរ​បាន​ដឹង​ថា​ស្ដេច​ព្រាប​ព្រម​ទាំង​បរិ​វារ​ជាប់​លប់​ហើរ​មក​ធ្លាក់​ដូច្នោះ ក៏​នាំ​បរពារ​នៃ​​អាត្មា​ចេញ​ពី​ដំបូក​មក​កាត់​លប់​នោះ​ដាច់​ដាច​នាំ​យក​ព្រាប​ទាំង​នោះ ចេញ​អំពី​លប់​នោះ​បាន អែ​ស្ដេច​ព្រាប​ព្រម​ទាំង​បរិវារ ក៏​បាន​រួច​ចេញ​ចាក​លប់​ហើយ​ប្រារព្ធ​ប្រ​ស្រ័យ​ចរចា​ប្រាប់​សេច​ក្ដី​សុខ​ទុក្ខ​គ្នា តាំង​ពី​ដើម​ដល់​ចប់​គ្រប់​ប្រការ ស្ដេច​ព្រាប​ក៏​សរ​សើរ​គុណ​នៃ​ស្ដេច​កណ្ដុរ​ជា​កល្យាន​មិត្ដ​ផ្សេង​ៗ ហើយ​ក៏​លាគ្នា​ទៅ​កាន់​លំ​នៅ​ទី​ទៃៗ​ហោង។ រឿង​និទាន​នេះ​បាន​គតិ​យ៉ាង​ណា​ចូរ​សំដែង​ទៅ​មើល​?។

កូន​សិស្ស​តប​ថា រឿង​ស្ដេច​ព្រាប​នោះ​បាន​គតិ​គឺ​នាយ​ល្អ​នាយ​ប្រពៃ បុគ្គល​អ្នក​ស្វែង​រក​នាយ​ចៅ​ហ្វាយ​អោយ​បាន​ក្ដី​សុខ​នោះ​គប្បី​ស្វែង​រក​នាយ​ចៅ​ហ្វាយ​ដែល​ប្រកប​ដោយ​សតិ​បញ្ញា អាច​ជួយ​ដោះ​បាវ​អោយ​រួច​ចាក​ក្ដី​ទុក្ខ​ទោស​បាន ហើយ​ដឹង​ថា​អន្ដរាយ ចំពោះ​ជា​នឹង​មាន​ដល់​ពួក​ព្រាប​ជា​បរិវារ​ប្រាកដ​ហើយ ពុំ​គិត​លះ​បង់​ចោល​បរិវារ​ឡើយ ស៊ូ​ប្រថុយ​អាត្មា​ចូល​ក្នុង​លប់​នាយ​ព្រាន​ជា​មួយ​គ្នា ហើយ​ដាស់​តឿន​បរិ​វារ​អោយ​ប្រឹង​ស្ទុះ​ហើរ​ផ្ដាច់​លប់​ដោយ​ព្រម​ព្រៀង​ចិត្ដ​គ្នា បាន​រួច​ផុត​ក្ដី​អន្ដរាយ​នោះ​បាន​។

មួយ​ទៀត អែ​លប់​រូប​សំណាញ់ គឺ​មនុស្ស​ធ្វើ​ដោយ​ធ្មៃ​ជា​ទំ​ងន់​សត្វ​ព្រាប​អត្ដ​ភាព​តូច​កំលាំង​តិច​អាច​ផ្ដាច់​នាំ​ហើរ​យក​ទៅ​បាន ទាំង​នេះ​ក៏​ព្រោះ​ក្ដី​សាមគ្គី​ចិត្ដ​គ្នា តាំង​ព្យា​យាម​ដោយ​កំលាំង​ស្មើ​គ្នា​វត្ថុ​ធំ​ពិត តែ​បើ​កំលាំង​រឺ​ព្យា​យាម​ស្មើ​គ្នា ហើយ​វត្ថុ​ធំ​នោះ​អាច​នាំ​ទៅ​បាន​ គតិ​នេះ​ដូច​បទ​បាលី​មាន​ក្នុង​គម្ពីរ​លោក​នីតិ​ថា៖

ពហូនំ អប្ប​សា​រានំ សាមគ្គី​យា ជយា​ជយេ តិណេន យោត្ដំ វត្ដកេ តេន នតោបិ ពន្ធតិ។
ជន​ប្រាស​ចាក​គុណ​គប់​គ្នា​ច្រើន តែ​ចំរើន​ដោយ​ក្ដី​សាមគ្គី        អាច​ផ្ចាញ់​បាន​នូវ​ពួក​នៃ​ពៃ​រី ដោយ​រិទ្ធី​សាមគ្គី​ដ៏​ហាវ​ហាន​។
    ខ្សែ​ពួរ​គឺ​ជន​វេញ​ដោយ​ស្មៅ​នាំ​យក​ទៅ​ចង​ព័ន្ធ​ដំរី​បាន            រូប​តូច​ពិត​តែ​ចិត្ដ​ស្មោះ​ស្មើ​ប្រាណ គង់ផ្ចាញ់បានរូបធំរលំអើយ។
មួយទៀតបុគ្គលអ្នកស្វែងរកនាយចៅហ្វាយល្អនោះត្រូវរើសនាយល្អប្រកបដោយសង្គហធម៌៥ប្រការគឺ៖

- ចាត់ការងារអោយបាវធ្វើតាមសមគួរដល់កំលាំង១
- អោយអាហារនិងរង្វន់ដល់បាវ១
- ជួយរក្សាព្យាបាលក្នុងវេលាបាវឈឺចាប់១
- បែងចែករបស់មានរសប្លែកអោយបាវបានបរិភោគផង១
- លើកលែងការងារក្នុងសម័យកាល គឺបើកបាវអោយទៅធ្វើបុណ្យទានតាមចិត្ដ១។
នាយប្រកបដោយសង្គហធម៌៥ប្រការនេះទើបហៅថានាយល្អនាយប្រពៃ គប្បីបាវចូលសេពគប់។

នសេវ ផរុសឹ សាមឹ ន ចសេវេយ្យ មច្ឆរឹ
តតោអបគ្គណ្ហំសាមឺ នេវនិគ្គហិតំតេតោ

នាយអាក្រក់មិនគួរសេពគប់នោះ មានអធិប្បាយថា
​- កុំសេពម្ចាស់គ្រោតគ្រាតជាតិប្រវ័ញ្ច       កុំសេពម្ចាស់កំណាញ់គិញកាញ់ទុន
- កុំសេពម្ចាស់មិនលើកដំកល់គុណ       កុំសេពម្ចាស់យកបុណ្យមកសង្កត់។
- មួយទៀតលោកខៃសេចក្ដីថា
- ម្ចាស់កំណាញ់ពេញកំណាចលើសម្ចាស់គ្រាត      ម្ចាស់ថយជាតិមិនលើកលើសកំណាញ់
- ម្ចាស់ផ្ទុញផ្ទាល់ជួសលើសមិនលើកវិញ      ម្ចាស់៤នេះកុំស្រលាញ់យកជាម្ចាស់

ចប់តំរាគតិនាយល្អទី១៦
រឿងសត្វចចកនឹងដំរី

មាន​សត្វ​ចចក​ទាំង​ឡាយ​ដ៏​ច្រើន​អាស្រ័យ​នៅ​លើ​កោះ​មួយ កណ្ដាល​សាគរ ថ្ងៃ​មួយ​និយាយ​​ប្រឹក្សា​គ្នា​ថា យើង​ជា​សត្វ​អាស្រ័យ​សាច់​សត្វ​ជា​ភក្សា​ហារ ស្វែង​រក​អាហារ​បាន​ដោយ​ក្រ ទោះ​ជា​បាន​ខ្លះ​សោត​ក៏​ពុំ​បរិបូរណ៍ ហេតុ​ដូច្នេះ​ គ្នា​យើង​គួរ​ទៅ​និយាយ​ល្បង​បញ្ឆោត​ដីរី​សារ​ធំ​ អោយ​វា​ចុះ​កល​យើង ​ៗ​នឹង​បាន​សាច់​វា​បរិ​ភោគ​បរិ​បូណ៌ ហ្វូង​ចចក គិត​ឃើញ​ឧបាយ​ដូច្នេះ​ហើយ ទើប​នាំ​គ្នា​ហែល​ទឹក​ទៅ​កាន់​ត្រើយ​ស្ទឹង​ចូល​ទៅ​កាន់​សំណាក់​នៃ​ដំរី​សារ ដល់​ហើយ​ក៏​ធ្វើ​កិរិយា​ជា​អ្នក​កោត​ខ្លាច អោន​សិរ​សា​ចុះ​គំនាប់​គោរព​ដំរី​ ហើយ​ស្រដី​ថា «បពិត​លោក​ជា​ធំ​ដ៏​ប្រសើរ​ សូម​លោក​មេត្ដា​ប្រោស​ដល់​ពួក​យើង​ខ្ញុំ ត្បិត​យើង​ខ្ញុំ​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ អិត​មាន​នាយ​ចៅ​ហ្វា​នឹង​ជួយ​ការ​ពារ​ក្ដី​អន្ដរាយ​សោះ អីលូវ​បាន​ប្រឹក្សា​គ្នា​ឃើញ​ថា ព្រះ​តេជ​គុណ​នេះ​ជា​សត្វ​ធំ​ឧត្ដម​សម​គួរ​ជា​នាយ​លើ​យើង​ខ្ញុំ​ទាំង​ឡាយ យើង​ខ្ញុំ​ទាំង​ឡាយ​ប្រគល់​​កាយ​ ជា​បាវ​បំរើ​ព្រះ​តេជ​ព្រះ​គុណ​ចាប់​ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ​»​។

ឯ​ដំរី​សារ​អិត​ប្រាជ្ញា បាន​លឺ​ចចក​ទាំង​ឡាយ​នោះ​មក​និយាយ​បញ្ឆោត​ដូច្នោះ ក៏​ត្រេក​អរ​ស្រុះ​ស្រួល​ទទួល​ជា​នាយ​លើ​ហ្វូង​ចចក​។ ឯ​ចចក​ទាំង​ឡាយ ចាប់​ផ្ដើម​ពី​ថ្ងៃ​នោះ​មក​វា​នាំ​គ្នា​គោរព​ប្រតិ​បត្ដិ​បំរើ​ដំរី​ដោយ​ក្ដី​មាយា ថ្ងៃ​មួយ​ចចក​នាំ​គ្នា​ចូល​ទៅ​វន្ទា​ដំរី​ស្រដី​បបួល​ថា បពិត​លោក​ជា​នាយ យើង​ខ្ញុំ​ទាំង​ឡាយ អាស្រ័យ​នៅ​ក្នុង​ទី​ព្រៃ​នេះ ពុំ​សប្បាយ​ព្រោះ​រក​អាហារ​បាន​ដោយ​ក្រ សូម​ទាន​យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​នាយ​ឆ្លង​ទៅ​នៅ​ឯ​កោះ​ធំ កោះ​នោះ​បរិ​បូណ៌​ដោយ​ទឹក​ដោយ​ស្មៅ​នូវ​ស្លឹក​ឈើ​នានា ទោះ​ត្រី​សាច់​ជា​អាហារ ចំណែក​ខាង​ពួក​យើង​ខ្ញុំ​នេះ​ក៏​មាន​បរិបូរណ៍ យើង​ខ្ញុំ នឹង​ហែ​ហម​លោម​លោក​នាយ​ទៅ​នៅ​អែ​កោះ​នោះ នឹង​បាន​ជា​អធិប​តី​លើ​ពួក​យើង​ខ្ញុំ​ទាំង​ឡាយ មួយ​ទៀត អែ​ពួក​យើង​ខ្ញុំ​ដែល​នៅ​អែ​កោះ​នោះ ក៏​មាន​ច្រើន​គ្នា​សូម​លោក​នាយ​មេត្ដា​យាតា្រ​ទៅ​ជា​កំពូល​នៃ​យើង​ខ្ញុំ​ហោង​។ អែ​ដំរី​បាន​លឺ​ពួក​​ចចក​ពោល​ពាក្យ​បញ្ឆោត​ដូច្នោះ​ក៏​ព្រម​តាម ទើប​នាំ​ចចក​ទាំង​នោះ ចុះ​គង្គា​ហែល​ឆ្លង​មហា​ទី​ឆ្ពោះ​មុខ​ទៅ​កាន់​កោះ​ធំ អែ​ចចក​ទាំង​ឡាយ​ដឹង​ថា​ដំរី​សារ​ចុះ​កល​ខ្លួន​ហើយ ក៏​នាំ​គ្នា​ស្រែក​លូ​ឡើង​បន្លឺ​សព្ទ​ជា​សញ្ញា​អោយ​ពួក​ចចក​នៅ​អែ​កោះ​នោះ​លឺ អែ​ចចក​នៅ​កោះ​បាន​លឺ​ពួក​ខ្លួន​ខាង​ត្រើយ​លូ​ឡើង​ដូច្នោះ ក៏​នាំ​គ្នា​លូកង​ឡើង​ទទួល​គ្នា ហើយ​ប្រុង​ប្រៀប​អាត្មា​ទី​ទៃ​ៗ ដើម្បី​នឹង​ចុះ​ហែល​ទឹក​ទៅ​ជួយ​គ្នា​ខាំ​ដំរី​នោះ អោយ​លុះ​ក្ដី​មរណ​កាល​កណ្ដាល​មហា​ ទី​នោះ​អែង​។

ឯ​ដំរី​ស្រ​វឹង​បុណ្យ ហែល​មក​ដល់​កណ្ដាល​មហា​ទី​ត្រូវ​ទឹក​ជ្រៅ​ផុត​ជើង​ផុត​ដៃ នឹង​អាស្រ័យ​ផ្ទៃ​ផែន​ដី​ពុំ​បាន ក៏​អណ្ដែត​ខ្លួន​ប៉្លែង​ប្ល៉ោង​ៗ អែ​ចចក​ទាំង​ឡាយ​ដឹង​ជា​ដំរី​ផុត​ជើង​ផុត​ដៃ នឹង​អាស្រ័យ​ព្រេច​ចាក់​ត​ពុំ​បាន​ដូច្នោះ វា​ក៏​នាំ​គ្នា​ហែល​ឡើង​ទំ​លើ​ខ្នង​ហើយ​ខាំ​កកេរ​សាច់​ពោះ​ដំរី​ត្រា​តែ​ធ្លុះ ទឹក​ក៏​ចូល​ទៅ​ក្នុង​ពោះ​ដំរី​នោះ​ពេញ ដំរី​នោះ​ដល់​នូវ​ក្ដី​មរណ​កាល​កណ្ដាល​គង្គា ពួក​ចចក​ក៏​នាំ​គ្នា​បរិ​ភោគ​សាច់​ដំរី​តាម​សេច​ក្ដី​ប្រាថ្នា​វា​ហោង​។ រឿង​នេះ បាន​គតិ​អ្នក​ចូល​​ព្រម​ព្រៀង​អាច​ផ្ចាញ់​អ្នក​ធំ​បាន​ ដូច​គ្នា​នឹង​បទ​បាលី​ក្នុង​គម្ពីរ​លោក​និតិ​ដែល​ថា ពហូនំ អប្ប សារានំ ៘ ដែល​បាន​អធិប្បា​មក​ហើយ​។ មួយ​ទៀត ដំរី​នោះ​បាន​គតិ​ឆ្កួត​យស​ឡើង​បញ្ជោរ​ដូច​គតិ​ក្អែក​ឡើង​បញ្ជោរ​សំពោច​ខូច​នំ​ទឹក​ដោះ​នោះ​អែង គួរ​ចូល​ចិត្ដ​ចុះ​។

ចប់តំរាព្រមព្រៀងទី១៧
រឿងសត្វកណ្ដុរនឹងមេឆ្មា

មាន​សត្វ​កណ្ដុរ​ទាំង​ឡាយ​ដ៏​ច្រើន​អាស្រ័យ​នៅ​ក្នុង​ទី​មួយ បាន​សេច​ក្ដី​ក្ដៅ​ក្រហា​លំបាក​ដោយ​មេឆ្មា​១​តែង​យាយី​ នឹង​ចេញ​រក​ស៊ី​ពុំ​បាន ថ្ងៃ​មួយ​កណ្ដុរ​ទាំង​ឡាយ​មក​ប្រជុំ​ជំនុំ​គ្នា​ថា «​ពួក​យើង​មាន​គ្នា​ច្រើន មេ​សត្រូវ​គឺ​មេ​ឆ្មា​១ គួរ​តែ​យើង​ស្រុះ​គ្នា​ចូល​យុទ្ធនា​នឹង​វា​ជា​សត្រូវ ចោម​គ្នា​ខាំ​សំលាប់​មេ​ឆ្មា​នោះ​បង់​ចេញ ទើប​ពួក​យើង​បាន​ក្ដី​សុខ​សប្បាយ​ត​ទៅ​ អែ​កណ្ដុរ​ទាំង​ឡាយ​សឹង​ខ្លាច​អំណាច​មេឆ្មា​នោះ​មហិមា លុះ​លឺ​ពាក្យ​ជំនុំ​ដូច្នោះ ក៏​ពុំ​អាច​នឹង​ទទួល សឹង​នាំ​គ្នា​ពោល​ឡើង​ថា «យើង​រាល់​គ្នា​សឹង​ពុំហ៊ាន​ចូល​ត​យុទ្ធ​នឹង​ឆ្មា​នោះ​ទេ​។

គ្រា​នោះ​មាន​កណ្ដុរ​១​ឆ្លើយ​ឡើង​ថា «ខ្ញុំ​មាន​ឧបាយ​មួយ ល្មម​នឹង​រក្សា​ជីវិត​បាន អែ​ឧបាយ​នោះ​ គឺ​ថា​យើង​ទៅ​រក​ចង្រ្កង​បាន​១ យក​មក​ចង​ក​ឆ្មា ថា​បើ​វា​ទៅ​អែ​ណា​ៗ យើង​ស្ដាប់​ចង្រ្កង់​វា​ជា​សញ្ញា​គឺ​ថា​បើលឺ​សូរ​ចង្រ្កង់​ទិស​ខាង​កើត យើង​​ដឹង​ថា​មេ​ឆ្មា​នៅ​ខាង​កើត ហើយ​យើង​នាំ​គ្នា​ចេញ​រ​ក​ស៊ី​ទិស​ខាង​លិច បើ​លឺ​ខាង​លិច សឹម​យើង​គេច​ទៅ​រក​ស៊ី​ខាង​កើត​វិញ ឧបាយ​យ៉ាង​នេះ តើ​អ្នក​ទាំង​ឡាយ​យល់​ថា​ត្រូវ​ខ្លះ​រឺ​ទេ»​។ អែ​កណ្ដុរ​ទាំង​ឡាយ ក៏​ឆ្លើយ​ឡើង​ព្រម​គ្នា​ថា «ឧបាយ​ដែល​អ្នក​គិត​នេះ​យល់​ត្រូវ​ហើយ​ តែ​ថា​បើ​រក​ចង្រ្កង់​បាន​មក តើ​រូប​អ្នក​ណា​អាច​ក្លា​ហាន​យក​ចង្ក្រង់​ទៅ​ចង​ក​ឆ្មា​នោះ​បាន​» អែ​កណ្ដុរ​ទាំង​ឡាយ​ជំនុំ​ដូច្នោះ សឹង​ខ្លាច​ពុំ​ហ៊ាន​ទៅ​ចង​ក​ឆ្មា​នោះ​ទាំង​អស់​គ្នា សេច​ក្ដី​ជំនុំ​នោះ ក៏​មិន​សំរេច​ទៅ​បាន​ជា​អសារ​អិត​ការ​ទៅ​ហោង​។

រឿង​​នេះបាន​គតិ​ដូច​រូប​អ្នក​តូច​ទាំង​ឡាយ​ច្រើន​គ្នា កើត​ខាត់​ដោយ​អ្នក​ធំ​មាន​អំណាច មិន​អាច​ទៅ​ធ្វើ​អ្វី​គេ​បាន​ក្ដៅ​ក្រហាយ​ណាស់ ជំនុំ​តែ​គ្នា​អែង​ដូច​ហ្វូង​កណ្ដុរ​ជំនុំ​គ្នា​នឹង​យក​ចង្រ្កង់​ទៅ​ចងក​ឆ្មា​នោះ​អែង​។ អ្នក​មាន​បញ្ញា​គួរ​ពិចារ​ណា​មើល​ហោង​។

ចប់តំរាគតិមិនស្រុះគ្នាទី១៨