រឿងចចកនិងខ្មោចដំរីសារ
ថ្ងៃសៅរ៍ ទី6.កញ្ញា 2014.ម៉ោង 10:03

     មាន​សត្វ​ចចក​មួយ ដើរ​ស្វែង​រក​អាហារ​បរិ​ភោគ លុះ​ដើរ​ដល់​ទី​ព្រៃ​១ បាន​ឃើញ​ខ្មោច​ដំរី​សារ​១​ដួល​ស្លាប់​ហើម​ប៉ោង​នៅ​ខាង​ព្រៃ​ដង្គុំ ទើប​ចចក​កើត​លោភ​ចេតនា​គិត​ថា លាភោ​បរ​ម​លាភ​អើយ ថ្ងៃ​នេះ​អញ​បាន​ចំណី​យ៉ាង​សន្ធឹក​អាស្រ័យ ៤-៥​ថ្ងៃ​ក៏​ពុំ​អស់ បើ​ដូច្នេះ​គួរ​អញ​កាត់​វច្ច​មគ្គ​(ទ្វារ​ធំ) ស៊ី​រូង​ចូល​ទៅ​ក្នុង​ពោះ​ដំរី​អាស្រ័យ​គ្រឿង​ក្នុង​អស់​កាល​ណា សឹម​អញ​ចេញ​មក​អា​ស្រ័យ​សាច់​ខាង​ក្រៅ គិត​ហើយ​ចចក​កាត់​ទ្វារ​ធំ​សាក​សព​ដំរី​នោះ រូង​ចូល​ទៅ​ក្នុង​ពោះ​ដំរី ស៊ី​គ្រឿង​ក្នុង​។ ឯ​សាក​សព​ដំរី​នោះ កាល​ពេល​ថ្ងៃ​ក្ដៅ​ស្វិត​រឹង​ទ្វារ​ធំ​នោះ​ក៏​របើក​ជា​រូង លុះ​ដល់​ភ្លៀង​អោរ​ជោក​សាក​សព​នោះ​ក៏​ទន់​ចុះ ទ្វារ​ធំ​នោះ​ក៏​រីក​បិទ​ជិត​ចូល​ជា​មួយ​គ្នា​ទៅ​។ ឯ​ចចក​នៅ​ក្នុង​ពោះ​ដំរី​នោះ នឹង​រក​ច្រក​ចេញ​មក​ខាង​ក្រៅ​ពុំ​បាន ក៏​តាំង​ថប់​ដង្ហើម បាន​នូវ​សេច​ក្ដី​ទុក្ខ​វេទ​នា​នៅ​ក្នុង​ពោះ​ដំរី​២-៣​ថ្ងៃ​ស្ទើរ​តែ​នឹង​ស្លាប់​នៅ​ក្នុង​ពោះ​ដំរី​នោះ​ឯង លុះ​ដល់​ថ្ងៃ​ក្ដៅ ខ្លាំង​សាក​សព​នោះ​រឹង​ឡើង​ទើប​បាន​ឃើញ​ទ្វារ​ចេញ​មក​ខាង​ក្រៅ​បាន​។ រឿង​នេះ តើ​បាន​សេចក្ដី​ប្រៀប​ប្រាយ​ដូច​ម្ដេច  ឯង​ថា​ទៅ​មើល​។

     កូន​សិស្ស​តប​ថា រឿង​និទាន​ចចក​នេះ​បាន​គតិ​ដូច​មនុស្ស​លោភ​លាភ​កើន ហើយ​ប្រាស​ចាក​សតិ​សម្ប​ជញ្ញ​នឹង​ពិចារ​ណា​មើល​កល​មើល​ការ ហៅ​ថា​ស៊ី​អាហារ​មិន​ដឹង​ប្រមាណ ដូច​បុគ្គល​អ្នក​ស្វែង​លាភ បាន​លាភ​ហើយ​ក៏​រិត​តែ​លោភ​ខ្លាំង​ឡើង ទល់​ទេ​រក​អោកាស​នឹង​ដក​ខ្លួន​ចេញ​ពី​លាភ​នោះ​ពុំ​បាន​ដូច​ចចក​នោះ​ឯង​។

ចប់តំរារកស៊ីលោភលាភកើនប្រមាណទី៥។
រឿងឆ្កែស្រុក និងឆ្កែព្រៃ
និទាននេះមានដំនាលក្នុងក្បួនបារាំងសេស

     ឱ! ការ​នាយ​អ្នក​ឯង​តែ​ប៉ុណ្ណោះ​នោះ​ល្មម​នឹង​ធ្វើ​បាន តែ​ថា​របស់​អ្វី​ដែល​ព័ន្ធ​ក​អ្នក​នេះ​ហៈ​។ ឱ! នេះ​គេ​ហៅ​ថា​ប្រ​ឡៅ​ណា​សំលាញ់​?​។ អើ​ប្រ​ឡៅ​គេ​ចង​ក​អ្នក​ឯង​នេះ​ដើម្បី​អ្វី​?​។ នែ​សំលាញ់​ប្រ​ឡៅ​នេះ​គឺ​គេ​ចង​ចំណាំ​ថា​ជា​របស់​គេ​។ អើ​បើ​ដូច្នោះ​ខ្លួន​អ្នក​ឯង​មាន​ម្ចាស់​ឥស្សរៈ​លើ​ក្បាល​ហើយ ទើប​គេ​ចង​ប្រ​ឡៅ​នេះ​ដោយ​សំគាល់​ថា​ជា​របស់​គេ ជា​ហើយ​សំលាញ់​ធម្មតា​សត្វ​មាន​គេ​ជា​នាយក​លើ​ក្បាល​នេះ តែ​ក្ដី​ខុស​ចិត្ដ​គេ​កាល​ណា ដំបង​ព្រនង់​នឹង​ត្រូវ​អំ​បែង​ក្បាល ក្នុង​កាល​នោះ​ឯង​ពុំ​ខាន​ឡើយ ណ្ហើយ​ចុះ​សំលាញ់​ខ្លួន​ខ្ញុំ​នេះ​ជា​សុនខ​ព្រៃ​ អិត​បី​មាន​នរ​ណា​ជា​នាយក​លើ​ក្បាល រក​ស៊ី ត្រអាល​តាម​ចិត្ដ អិត​ផ្គាប់​ផ្គុន​យក​ចិត្ដ រឺ​ក្រែង​ចិត្ដ​នរ​ណា ស្វែង​រក​អាហារ​ដោយ​លំពាំង​កំលាំង​ខ្លួន​ឯង បាន​តិច​អាស្រ័យ​តិច បាន​ច្រើន​អាស្រ័យ​ច្រើន​ទៅ​ ជា​ការ​អិត​នាយ​ចៅ​ហ្វាយ​តាម​ចិត្ដ​សប្បាយ​ ចង់​ដេក​ក៏​ដេក​ទៅ ចង់​ទៅ​ណា​មក​ណា​ក៏​ទៅ​ៗ មិន​បាច់​ចាំ​ប្ដឹង​ចាំ​លា​គេ​អោយ​លំបាក នែ​សំលាញ់​ធម្មតា​សត្វ​មាន​គេ​ចិញ្ចឹម​នេះ មាន​សេច​ក្ដី​សុខ​កាយ​ក៏​ពិត​មែន​ហើយ ព្រោះ​នាយ​គេ​ជួយ​ការ​ពារ​អន្ដ​រាយ​ក្នុង​កាល​ដែល​មាន​មក​ម្ដង​ៗ តែ​ចំណី​អាហារ​នៅ​លើ​គេ គេ​ចង់​អោយ​វេលា​ណា​ក៏​បាន​អាស្រ័យ​វេលា​នោះ​ទៅ ទុក​ជា​ខ្លួន​កើត​ឃ្លាន​អ្វី​យ៉ាង​ណា​ក៏​ដោយ គេ​ក៏​ពុំបាន​អោយ​ក្នុង​កាល​ដែល​ខុស​ពេល​នោះ​ឡើយ គឺ​គេ​អោយ​តែ​ក្នុង​ពេល​ព្រឹក​ល្ងាច​ប៉ុណ្ណោះ​ឯង គិត​ទៅ​ឃើញ​ថា​ប្រ​ឡៅ​ចង​ក​នេះ​ជា​ការ​អោយ​ចង្អៀត​ក​ខ្លួន​ឯង ស៊ូ​ខ្ញុំ​ឯង​ក​នៅ​ទទេ​នេះ​ជា​ជាង តាម​ចិត្ដ​ខ្ញុំ​ជា​ជាតិ​ឆ្កែ​ព្រៃ ខ្ញុំ​ឯង​មិន​ចង់​បាន​ប្រ​ឡៅ​ព័ន្ធ​ក​ខ្ញុំ​ទេ» ឆ្កែ​ព្រៃ​ថា​ដូច្នោះ​ហើយ ក៏​លា​ឆ្កែ​ស្រុក​ទៅ​កាន់​លំ​នៅ​អាត្មា​វិញ​ហោង​។ រឿង​និទាន​នេះ​មាន​សេច​ក្ដី​ប្រៀប​ជា​គតិ​យ៉ាង​ណា ចូរ​ឯង​ប្រៀប​ទៅ​មើល​។

     កូន​សិស្ស​តប​ថា សូម​ទាន​រឿង​នេះ ខ្ញុំ​ព្រះ​ករុណា​មិន​តោង​​ចាំ​ប្រៀប​ប្រាយ​អោយ​ពិស្ដារ​​ក៏​​បាន​ព្រោះ​ជា​រឿង​ត្រូវ​ត្រង់​បុគ្គល​មាន​គេ​នាយក និង​បុគ្គល​អិត​គេ​នាយក ដូច​ឆ្កែ​ព្រៃ​ពោល​មក​នោះ​ហើយ នឹង​ពោល​ចំពោះ​តែ​ប្រឡៅ​ម្យ៉ាង​បាន​ខាង​គ្រឿង​ឥស្សរ​យស​ទាំង​ឡាយ​ មាន​សញ្ញាប​ត្រ រឺ​មេ​ដាយ​ត្រា​តាំង​ជា​ដើម បុគ្គល​មាន​យស​ស័ក្ដិ​ពាក់​ប្រ​ដាប់​កាយ អួត​គ្នា សរ​សើរ​គ្នា ក្នុង​លោកិយ​នេះ តែ​គ្រឿង​អាភ​រណៈ​ពោល​គឺ​ប្រឡៅ​នេះ​ ជា​គ្រឿង​នាំ​អោយ​កំរើក​ចិត្ដ អោយ​ស្រវឹង​យស​ទៅ​ផ្សេង​ៗ អ្នក​មាន​បញ្ញា​គួរ​ត្រិះ​រិះ​ពិចារ​ណាទៅ​តាម​គតិ​ធម៌​វិញ​ចុះ​។

រឿងមេឆ្កែផើម
និទាននេះមានដំនាលក្នុងក្បួនបារាំងសេស

     មាន​ឆ្កែ​១​មាន​ផ្ទះ​មាន​ភូមិ​ស្ថាន​ជា​លំ​នៅ ថ្ងៃ​១​មាន​ឆ្កែ​កំផើម​១ ដល់​កំនត់​គភ៌​ចាស់​នឹង​សំរាល​កូន ក៏​ដើរ​ស្វែង​រក​កន្លែង នឹង​សំរាល លុះ​ដើរ​ទៅ​ដល់​ទី​ភូមិ​​ផ្ទះ​មេ​នោះ ក៏​ចូល​ទៅ​និយាយ​ថា «សំលាញ់​អើយ! ខ្លួន​ខ្ញុំ​នេះ​មាន​គភ៌​ចាស់​ថ្ងៃ​នឹង​សំរាល​កូន​ក្នុង​ថ្ងៃ​នេះ​ហើយ ចូរ​សំលាញ់​មេត្ដា​អោយ​ខ្ញុំ​ខ្ចី​ផ្ទះ​សំរាល​កូន​បាន​១​ថ្ងៃ​សិន​» ឯ​មេ​ជា​ម្ចាស់​ផ្ទះ​ក៏​ឆ្លើយ​ថា អោ! សំលាញ់​អើយ ផ្ទះ​ខ្ញុំ​នេះ​តូច​ណាស់ ចង្អៀត​ណាស់ នៅ​បាន​តែ​ម្នាក់​ៗ បើ​សំលាញ់​ឯង​មក​ខ្ចី​សំរាល​កូន តើ​អោយ​យើង​ទៅ​នៅ​អា​ស្រ័យ​ឯ​ណា​?​។

     ឯ​មេ​ម្ចាស់​ផ្ទះ​ក៏​ទទួល​អង្វរ​ហើយ​បោល​ចេញ​ទៅ​រក​ទី​ទៀត​អាស្រ័យ​នៅ លុះ​នៅ​យូរ​ខែ​មក កូន​ឆ្កែ​ទាំង​ឡាយ​នោះ​ដុះ​ធ្មេញ​ដុះ​ចង្កូម​ចេះ​ខាំ​ពាំ​អ្វី​ៗ​បាន​។ ឯ​មេ​ម្ចាស់​ផ្ទះ​ក៏​ទៅ​ទារ​យក​ផ្ទះ​ទៀត មេ​មាន​កូន​នោះ​កើត​អាង​កូន​ជា​កំលាំង លុះ​ លឺ​មេ​ម្ចាស់​ផ្ទះ​មក​ទារ​យក​ផ្ទះ​ ក៏​កើត​មានៈ​កោង​គំរាម​តប​ទៅ​ថា «ផ្ទះ​នេះ​មិន​មែន​ជា​ផ្ទះ​នាង​ឯង​ទេ គឺ​ជា​ផ្ទះ​របស់​យើង ៗ​នឹង​ចុះ​ចេញ​ចោល​ពុំ​បាន​ទេ នាង​ឯង​នៅ​ឯ​ណា​បាន​ជា​មក​ស្ដី​ទារ​យក​ផ្ទះ​នេះ នរ​ណា​ទៅ​ខ្ចី​រឺ​ជួល​ពី​កាល​ណា ឯ​កូន​ឆ្កែ​ទាំង​នោះ​ក៏​ជួយ​ម្ដាយ​វា តាំង​នាំ​គ្នា​សំញិញ​ធ្មេញ​បញ្ចេញ​សព្ទ​ព្រុស​ឡើង​ថា «មេ​កញ្ចស់​នេះ ហេតុ​អ្វី​ក៏​មក​ស្ដី​ទារ​យក​ផ្ទះ​របស់​មេ​យើង ផ្ទះ​នេះ​យើង​កើត​ឡើង​ឃើញ​តែ​មេ​នឹង​យើង​នេះ​នៅ ផ្ទះ​នេះ​ជា​ផ្ទះ​យើង​ប្រាកដ មេ​កញ្ចាស់​ឯង​នៅ​ឯ​ណា បាន​ជា​មក​ចោទ​ឆ​យក​ផ្ទះ​យើង យើង​មិន​អោយ​ទេ តែ​ខំ​ចូល​មក​រឺ​ឡើង​មក​លើ​ផ្ទះ​យើង​ៗ​ម្ដាយ​និង​កូន​ព្រួត​ខាំ មេ​កញ្ចាស់​ឯង​ស្លាប់​ក្នុង​កាល​អិលូវ​នេះ នែ​មេ​កញ្ចាស់ ចូរ​ជៀស​ចេញ​ទៅ តែ​ខំ​នៅ​ក្នុង​ទី​នេះ យើង​នឹង​ចោម​គ្នា​ខាំ​អោយ​ស្លាប់​ហោង​»​។

     ឯឆ្កែម្ចាស់​ផ្ទះ​នោះ លុះ​លឺ​មេ​ឆ្កែ​និង​កូន​វា​នាំ​គ្នា​គំរាម​យក​ផ្ទះ​ខ្លួន​ដូច្នោះ ក៏​កើត​ក្ដី​ខ្លាច​ព្រោះ​គេ​មាន​គ្នា​ច្រើន ពុំ​អាច​នឹង​យក​ផ្ទះ​នោះ​បាន​ឡើយ កើត​ក្ដី​ទោម​នស្ស​តូច​ចិត្ដ​ក្រៃ​ពេក​ណាស់ ទើប​លះ​បង់​ផ្ទះ​នោះ​ចោល បោល​ទៅ​កាន់​ទី​ដទៃ ផ្ទះ​នោះ​ក៏​បាន​ទៅ​មេ​មាន​កូន​នោះ​ឯង​។

     រឿង​និទាន​នេះ បាន​សេច​ក្ដី​ប្រៀប​ជា​គតិ​យ៉ាង​ណា ចូរ​ឯង​អត្ថា​ធិប្បាយ​ទៅ​មើល​។ កូន​សិស្ស​តប​ថា និទាន​រឿង​នេះ​បាន​ដូច​បុគ្គល​អ្នក​មាន​ដី​ភូមិ​រឺ​ស្រែ​ចំការ ហើយ​មាន​អ្នក​ក្រៅ​ចូល​មក​សូម​ធ្វើ​រឺ​អា​ស្រ័យ តែ​ដល់​យូរ​ទៅ​អ្នក​ក្រៅ​នោះ​វា​មាន​កូន​ចៅ​ធំ​ឡើង កូន​ចៅ​នោះ​វា​ទៅ​រៀន​វិជ្ជា​បាន​ជា​ថី​រឺ​នា​ហ្មឺន​ឡើង​កាល​ណា ដី​ភូម​ទី​ស្រែ​ចំការ​អស់​នោះ ម្ចាស់​ដើម​យក​វិញ​ ឃើញ​ជា​ពុំ​បាន ដូច​មេ​ឆ្កែ​មាន​កូន​អាង​កំលាំង​កូន កំ​ហែង​កោង​យក​ផ្ទះ​មេ​ម្ចាស់​នោះ​ឯង គួរ​ពិចារ​ណា​គិត​ទៅ ​ចុះ​។

ចប់តំរាធ្វើគុណបានទោសទី៧
ចាប់ភាគទី៤ តែប៉ុណ្ណោះ។