រឿងព្រះចំរើនពលទិព្យ
ថ្ងៃសៅរ៍ ទី23.សីហា 2014.ម៉ោង 9:06

     គ្រាកាលនោះលោក ចំរើន​ពល​ទិព្យ មាន​តួទាសា​ម្នាក់​ឈ្មោះ​អា​ម៉ូត​ៗ នៅ​នឹង​លោក​ជា​ថ្លៃ​ប្រាក់​មួយ​រយ​បាទ​សៀម លុះ​នៅ​យូរ​មក​អាម៉ូត​ទៅ​ចូល​ទៅ​លួច​បោះ​ប្រាក់​ប្លម​ជា​មួយ​នឹង​ម្ដាយ​អាពុក​វា លោក​ព្រះ​ចំរើន​ពល​ទិព្យ​ជា​ម្ចាស់​ប្រាក់ ក៏​ពុំ​ដឹង​​ជា​អា​ម៉ូត​ប្រ​​ព្រឹត្ដ​​ការ​ខុស​ជាប់​ទោស​ហ្លូង​ លុះ​នៅ​យូរ​បន្ដិច​មក អាម៉ូត​ចង់​ចេញ​ទើប​វា​ទៅ​រក​ប្រាក់​អ្នក​មាន​ឈ្មោះ​ៗ ក៏​ព្រម​នឹង​លោះ​តួ​អាម៉ូត ៗ​ក៏​នាំ​អ្នក​ម្ចាស់​ថ្មី​យក​ប្រាក់​១០០​បាទ​សៀម​ទៅ​ជូន​​លោក​ព្រះ​ចំរើន​ពល​ទិព្យ​នោះ ចួន​លោះ​ក្នុង​ថ្ងៃ​សៅរ៍ ឯ​លោក​ព្រះ​ចំរើន​ពល​ទិព្យប្រកាន់​តំរា ទទួល​ប្រាក់​ថ្ងៃ​ចន្ទ​ទើប​មិន​ទទួល​ហើយ​និយាយ​ណាត់​សញ្ញា​ថា​បង្អង់​ដល់​ថ្ងៃ​ចន្ទ​ខាន​ស្អែក​សិន​ចុះ សឹម​យក​ប្រាក់​មក​បង់ សឹម​បើក​អោយ​។ ឯ​អ្នក​​ម្ចាស់​​ថ្មី​លឺ​ថា​លោក​ព្រះ​ចំរើន​ពល​ទិព្យ ពុំ​ទទួល​ប្រាក់​ដូច្នោះ ក៏​នាំ​យក​ប្រាក់​នោះ​វិល​មក​ផ្ទះ​វិញ នៅ​រង់​ចាំ​ដល់​ថ្ងៃ​ចន្ទ​នឹង​យក​ប្រាក់​ទៅ​បង់​លោះ​តួ​អាម៉ូត​​នោះ​ឯង​​។ លុះ​ដល់​ថ្ងៃ​អាទិត្យ​ពួក​អ្នក​រាជ​ការ​ចាប់​មេ​សៅ ចៅ​ប៉ែន​ជា​ម្ដាយ​អាពុក​អា​ម៉ូតព្រម​ទាំង​តួ​អាម៉ូត​ជា​កូន​ មួយ​អន្លើ និង​គ្រូ​ដែល​បោះ​ប្រាក់​ប្លម​ជា​ទោស​ហ្លូង​ នាំ​ទៅ​ជូន​លោក​ចៅ​ពញា​គទា​ធរ​ឈុម​ចៅ​​ហ្វាយ​ស្រុក លោក​ក៏​អោយ​ចាប់​អាពុក​អ្នក​ទោស​នោះ​ដាក់​គុក​តាម​ទោ​សា​នុ​​ទោស ឯ​​តួ​​អា​ម៉ូត​ក៏​ត្រូវ​ក្ដី​​ជាប់​ទោស​​ហ្លូង​​។

     ឯហ្លូងវោហារជាម្ចាស់ថ្មី បានដឹងថាអាម៉ូតត្រូវទោសហ្លូងដូច្នោះ ក៏ខានយកប្រាក់ទៅបង់អោយលោកចំរើនពលទិព្យ លោក​ចំរើន​ពល​ទិព្យ​ក៏​ខាន​បាន​ប្រាក់​១០០​បាត​អំពី​តួ​អា​ម៉ូត ព្រះចំរើនពលទិព្យកើតក្ដៅក្រហាយស្ដាយប្រាក់១០០បាត ដែលគេយកមកអោយ​ដល់​ផ្ទះ ហើយ​ខ្លួន​មិន​ទទួល​ព្រោះ​មិន​ចំ​ថ្ងៃ​ចន្ទ ដែល​ខ្លួន​ប្រ​កាន់​តាម​តំរាសៃយ៍នោះឯង ម៉្លោះហើយព្រះចំរើនពលទិព្យ តាំងជេរប្រទេច​ក្បួន​ចាស់​បុរាណ​នោះ​ជា​អនេក​បរិ​យាយ​។ រឿង​នេះ​ឯង​ស្ដាប់​មើល​ចុះ​ អ្នក​កាន់​តំរា​សៃយ៍ ដល់ក្ដីឆោតខូចប្រាក់១០០បាតសៀម ដូចលោកព្រះ​ចំរើន​ពល​ទិព្យ​ជា​បែប​ អ្នក​រើស​ថ្ងៃ​ល្អ​យាម​ល្អ ត្រលប់​ទៅ​ជា​ខុស​វិញ ឯអ្នកហ្លូងវិចិត្ដវោហារម្ចាស់ថ្មី យកប្រាក់ចេញទៅលោះអាម៉ូត ហើយ​ប្រាក់​នោះ​មិន​ត្រូវ​បង់​ ក៏​ មិន​ខាត​ខូច​ទៅ​បាន ទុក​ថា​ជា​ប្រាក់​គេ​ត្រ​ជាក់​មែន បានជាបណ្ដាលចិត្ដលោកចំរើនពលទិព្យមិនអោយទទួលយក គួរ​ឯង​ស្ដាប់​យក​ទុក​ជា​គតិ​លោក​ហោង​។​

សំដែងមកក្នុងវិធីមនុស្សឆោតល្ងង់វង្វេងដោយប្រាសចាកសតិបញ្ញាដោយសង្ខេបប៉ុណ្ណេះ។
គ្រានេះនឹងសំដែងគតិរាយហៅថាបកិណ្ណកគតិតទៅទៀត

     កូនសិស្ស​តប​គ្រូ​វិញ​ថា សូម​ទាន តំរា​មនុស្ស​ឆោត​ខ្លៅ​នេះ លោក​គ្រូ​បាន​អធិប្បាយ​បរិ​យាយ​នា​រូប​បុគ្គល​ប្រៀប​ជា​ឧទាហរណ៍​មក​សំដែង​នេះ ខ្ញុំ​ព្រះ​ករុណា​ស្ដាប់​បាន​ហើយ តែ​ត​អំពី​នេះ​សូម​អោយ​លោក​គ្រូ​សំដែង​រឿង​ប្រៀប​ជា​ទិទាន​ៗ​ ដល់​ចប់​និទាន​មួយ​ៗ លោក​គ្រូ​កុំ​ចាំ​បាច់​អធិប្បាយ​ប្រាយប្រៀប​ទៀត​ឡើយ ទុក​ឱកាស​អោយ​ខ្ញុំ​ព្រះ​ករុណា​នឹង​ប្រាយ​ប្រៀប​ដោយ​បញ្ញា​ខ្លួន​ខ្ញុំ​ព្រះ​ករុណា​វិញ គ្រូ​ទទួល​ពាក្យ​នាំ​ឧទា​ហរណ៍​ជា​បកិណ្ណក​និទាន​ត​ទៅ​។

រឿងរៃ និងស្រមោច

     ឯស្រមោច​លឺ​ដូច្នោះ ក៏​តប​សួរ​ទៅ​ថា «អើ​រៃ កាល​អំពី​ដើម​ឆ្នាំ​ខែ​ប្រាំង​រាំង​រិះ​នោះ តើ​ហេតុ​ម្ដេច​អ្នក​ឯង​មិន​ស្វែង​រក​អាហារ​ទុក​ដាក់​សំរាប់​ខ្លួន អ្នក​ឯង​មាន​រវល់​កង្វល់​ដោយ​ការ​អ្វី​?​»​។​ រៃ​តបថា «សំលាញ់​អើយ​! យើង​នេះ​ពុំ​មាន​កិច្ច​ ការ​អ្វី​ទេ រវល់​តែ​នឹង​ហើរ​ទំ​ដោយ​ឈើ​ព្រៃ ស្រែក​ច្រៀង​លេង​តាម​អំពើ​ចិត្ដ​ប៉ុណ្ណេះ​ឯង បាន​ជា​ពុំ​បាន​រក​ស្បៀង​ទុក​នោះ​»​។ ស្រមោច​ថា «អើ​ពី​ដើម​អ្នក​ឯង​ធ្លាប់​ច្រៀង​យ៉ាង​ណា ឥលូវ​នេះ​ចូរ​អ្នក​ឯង​រក​ទំនុក​ច្រៀង​លេង​ទៅ​ទៀត​ទៅ​ វិស័យ​អ្នក​ច្រៀង​​រាំ​​ហើយ ត្រូវ​តែ​យើង​ច្រៀង​រាំ​ទៅ​កុំ​ឈប់ ល្បែង​ច្រៀង​រាំ​នេះ​ជា​ប្រយោជន៍​ចិញ្ចឹម​ជីវិត​របស់​អ្នក​ហើយ​អញ្ជើញ​ច្រៀង​ទៅ​ទៀត​មើល ខ្ញុំ​ឯង​នឹង​ស្ដាប់​ផង​»​។

     ឯ​រៃ​ឆ្លើយ​តប​ថា «អោ! សំលាញ់​អើយ គ្នា​អត់​បាយ​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់​ហើយ តើ​នឹង​ទៅ​ច្រៀង​រាំ​ឯ​ណា​ក៏​បាន ចូរ​សំលាញ់​បែង​ចែក​អង្ករ​អោយ​ខ្ចី​បាន​អាស្រ័យ​ខ្លះ​ទៅ​អេះ​»​។ ស្រមោច​តប​ថា « អង្ករ​ស្រូវ​របស់​យើង​ក៏​មាន​ខ្លះ​ដែរ​តែ​ យើង​ទុក​ល្មម​តែ​កូន​ចៅ​ញាតិ​ផៅ​របស់​ជា​ជាតិ​ដូច​គ្នា នឹង​បាន​មាន​ច្រើន​អាច​ផ្សាយ​ដល់​អ្នក​ឯង​ផង​នេះ​ពុំ​បាន​ទេ​ អ្នក​ឯង​ទៅ​រក​ខ្ចី​គេ​ឯង​ទៀត​ទៅ​»​។ ឯ​រៃ​បាន​លឺ​ស្រ​មោច​ពោល​កាត់​ដូច្នោះ​ក៏​ទាល់​បញ្ញា ទើប​ហើរ​ចេញ​ចាក​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​លំនៅ​នៃ​អាត្មា បាន​ក្ដី​វេទនា​ដោយ​អត់​អាហារ​រក​បាន​ដោយ​កម្រ ខំ​ត្រដរ​អត់​ឃ្លាន​តាម​និស្ស័យ​ទៅ​ហោង​។ រឿ ង​នេះ​ឯង​ស្ដាប់​មើល​ចុះ តើ​ចុះ​ប្រៀប​ដោយ​គតិ​យ៉ាង​ណា ឯង​ថា​ទៅ​ចុះ​។

     សិស្ស​តប​ថា សូម​ទាន​ និទាន​រឿង​នេះ​បាន​ដល់​មនុស្ស​ខ្ជិល​ប្រកប​ការ​រក​ស៊ី​នឹង​គេ គឺ​ដល់​រដូវ​កាល​គេ​ធ្វើ​ស្រែ​ចំការ ខ្លួន​មិន​ធ្វើ​នឹង​គេ ក៏​ផុត​កាល​រដូ​វនោះ​ទៅ ម៉្លោះ​ហើយ​ក្ដី​ក្រ​ ក្ដី​លំបាក​ក៏​កើត​មាន​ដល់​មនុស្ស​នោះ​ដែរ ព្រោះ​អំណាច​ល្បែង​ លែង​មិន​គិត​រក​ស៊ី​ធ្វើ​ការ នឹង​ទៅ​រក​ខ្ចី​បុល​គេ​ស៊ី នរ​ណា​ឡើយ​នឹង​អោយ​បាន​ គេ​ក៏​បំរុង​រូប​គេ​ដែរ ខ្លួន​ក៏​តោង​ទ្រាំ​វេទ​នា​ទៅ​តាម​យថា​កម្ម ដូច​យ៉ាង​រៃ​រក​ខ្ចី​អង្ករ​ស្រមោច​ៗ​ពុំ​បាន​អោយ​ខ្ចី​ដូច្នោះ​ហោង​។

រឿងក្អែកគោក នឹងក្អែកទឹក

     មាន​ក្អែក​គោក​មួយ អាស្រ័យ​នៅ​ក្នុង​ដង​ព្រៃ​មួយ​អន្លើ​ដោយ​ក្អែក​មេ​ជា​ភរិយា ថ្ងៃ​មួយ​ចៅ​បក្សា​លា​នាង​ភរិយា​ចេញ ទៅ​រក​អាហារ​បរិ​ភោគ​តាម​មាត់​បឹង លុះ​ទៅ​ដល់​បឹង​១ បាន​ឃើញ​នូវ​ហ្វូង​ក្អែក​ទឹក​នឹង​ស្មោញ​ទាំង​ឡាយ ហែល​មុជ​ចា ប់​ត្រី​បរិ​ភោគ​តាម​ដោយ​សភាព​ដូច្នោះ ក្អែក​គោក​នោះ​គិត​ថា ក្អែក​ទឹក​អស់​នេះ គេ​ក៏​ជា​ជាតិ​បក្សី​ដូច​អញ​ដែរ ហេតុ​អ្វី ក៏​គេ​មុជ​ចាប់​ត្រី​អា​ស្រ័យ​បាន អញ​សោត​ជា​ក្អែក​ដូច​គេ​ដែរ គួរ​ខ្មាស​គេ​​ណាស់ បើ​ដូច្នេះ​គួរ​តែ​ចុះ​មុជ​ចាប់​ត្រី​នឹង​គេ​អា​ស្រ័យ កុំ​អោយ​ពួ​ក​ក្អែក​ទឹក​នោះ​មើល​ងាយ​បាន គិត​ហើយ​ក្អែក​គោក​ក៏​សំលប​ស្លាប​ចុះ​មុជ​ទឹក​ធ្វើ​អាការ​ដូច​ក្អែក​ទឹក ខំ​ប្រឹង​មុជ​ទៅ​ប៉ះ​លើ​សា​រាយណែន​ណាន់ សា​រាយ​នោះ​ក៏​ព័ន្ធ​ក​ក្អែក ស្រោប​កាយ​ជិត​ជុំ​រុំ​ព័ទ្ធ​ប្រាណ ​ក្អែក​រើ​ខ្លួន​ពុំ​បាន​ ក៏​ឈ្លក់​ទឹក​ដល់​នូវ​មរណ​កាល​កណ្ដាល​គង្គា​ក្នុង​គ្រា​នោះ​ហោង​។ រឿង​និទាន​នេះ​មាន​សេច​ក្ដី​ពិស្ដារ​នៅក្នុង​កាក​ជាតក​ឯណោះ ឯង​ស្ដាប់​មើល​ចុះ​រឿង​ក្អែក​គោក​នេះ តើ​ឯង​ដាក់​ទុក​ជា​គតិ​ដូច​ម្ដេច មាន​ឧទាហ​រណ៍​យ៉ាង​ណា​ចូរ​ថា​ទៅ​មើ ល​។​

     កូន​សិស្ស​អធិប្បាយ​ថា ជាតិ​ក្អែក​ទឹក ជា​សត្វ​ធ្លាប់​ហែល​ធ្លាប់​មុជ​ទឹក​តាម​សន្ដាន​វា អាច​ដឹង​កាល​ដឹង​ការ​ស្វែង​រក​អាហារ ខាង​ជើង​ទឹក ប្រ​ព្រឹត្ដ​ទៅ​បាន​ឥត​ទាស់ តាម​ភាព​ធម្ម​តា​វា​ជា​សត្វ​មុជ​ទឹក ទើប​វា​រក​ស៊ី​ជើង​ទឹក​អិត​អន្ដរាយ ក៏​ក្អែក​គោក​ឯ​ណោះ​ជា​សត្វ​ធ្លាប់​រក​ស៊ី​តាម​ជើង​គោក​ តាម​សភាព​ធម្មតា​វា​ជា​សត្វ​គោក​ ដល់​ខ្លួន​ទៅ​រក​ស៊ី​ខាង​ជើង​ទឹក​ឯ​ណា​ក៏​បាន​ ព្រោះ​ខ្លួន​មិន​ធ្លាប់ នេះ​ប្រៀប​ដូច​មនុស្ស​យើង​ដែល​កើត​ក្នុង​វង្ស​អ្នក​ស្រែ​អ្នក​ចំការ ធ្លាប់​ស្ទាត់​ក្នុង​ការ​ងារ​ខាង​ ជើង​​គោក ​ហើយ​ដល់​ខ្លួន​ពុំចេះ​អក្សរ​ពុំ​ចេះ​លេខ​ពុំ​ចេះ​ដឹង​ក្នុង​ក្បួន​ដើរ​ទូក​ក្ដារ​ឡើយ ហើយ​ទៅ​ឃើញ​គេ​រក​ស៊ី​ជួញ​ប្រែ ដើរ​ទូក​ថ្វែ ទូក​ប៉ុក​ចាយ កើត​នឿយ​ណាយ​ចោល​ការ​ស្រែ​ចំការ​ដែល​ខ្លួន​ធ្លាប់​ប្រ​ព្រឹត្ដ​នោះ​បង់ ​ទៅ​ប្រកប​​ការ​ផ្លូវ​ជួញ​​ប្រែ ដែល​ខ្លួន​មិន​ធ្លាប់​ប្រ​ព្រឹត្ដ​នោះ​វិញ​ ការ​អស់​នោះ​ឯ​ណា​ឡើយ​នឹង​សំរេច​បាន​ ព្រោះ​ខ្លួន​មិន​ធ្លាប់​។ តែ​ខំ​ប្រ​ព្រឹត្ដ​​ទៅ​ គង់​ជាប់​សារាយ​ដូច​ក្អែក​គោក​នោះ​ឯង គួរ​គិត​មើល​ទៅ​ទៀត​ចុះ​។