គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************

រឿងចៅពាលក្លែងភេទជាសង្ឃធ្វើគ្រូមើលស្កន់

     កាលនោះ មានមនុស្សស្រីម្នាក់ តាំងលំនៅ នៅភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល៨-៩ខែ តាំងពីប្តី ស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជា ជួនកើតរោគគ្រុនស្កន់ជាន់ម្តងៗ កើតរីងរៃស្គមលឿង លុះនៅ យូរបន្តិចមក មានមនុស្សម្នាក់ដឹងថានាងមេម៉ាយនោះមានសម្បត្តិច្រើន ទើបវាស្វែង រកមើលចន្លោះឱកាស នឹងទៅបញ្ឆោតកុហកបោកប្រាសនាងមេម៉ាយនោះ។

     លុះដល់រដូវកាលគេច្រូតស្រូវ ទើបបងប្អូនញាតិមិត្រដែលនៅជាមួយផងនោះ គេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នា នៅតែនាងមេម៉ាយនៅចាំផ្ទះ មនុស្សពាលនោះ កាលណាបានឱកាសហើយ វាក៏កោរក្បាលហើយលួចយកស្បង់ចីពរលោកសង្ឃ ដែលគេគរចោលតាមគល់ពោធិមក ស្លៀកពាក់ធ្វើអាការកិរិយា ជាលោកសង្ឃ ដើរ ត្រង់ទៅផ្ទះនាងមេម៉ាយនោះ លុះដល់ហើយវាធ្វីជាដើរឈររេរានៅមុខផ្ទះ ឯនាង មេម៉ាយនោះអង្គុយនៅរានហាល អោយកូនបៅដោះ លុះបានឃើញអ្នកកែ្លងភេទនោះ ហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ ទើបបីកូនចុះទៅ ថ្វាយបង្គំសួរថា៖
  - ព្រះករុណាម្ចាស់ និមន្តមកពីវត្តណា ត្រូវការរកអ្វីព្រះគុណ? ចៅពាលឆ្លើយទៅថាៈ   - ចំរើនពរអាត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាតទៀនធូប យកទៅរៀនសមណ
     ធម៌ញោម អ្នកភូមិនេះគេទៅណាអស់ បានជាស្ងាត់ម្ល៉េះ?
  - ករុណាម្ចាស់គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់។
  - ឱ! ដូច្នោះហៈញោម ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ?
  - ឱ! ករុណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់ នឹង គេឯណាបាន កូនតូចនេះវាចេះតែឈឺមិនឈប់សោះឡើយ ចេះតែយំដាក់ពីដៃមិនរួចសោះ ព្រះករុណាម្ចាស់។
  - ចំរើនពរ ចុះវាឈឺយ៉ាងណាកូនញោមនោះ?
  - ករុណាម្ចាស់អាការជំងឺនោះកំណត់មិនបាន ជួនកាលវាគ្រុនក្ដៅក្រហាយទៅ ជួនណាវាកើតជាស្កន់ជាន់គ្របបាត់ដង្ហើមទៅម្តងៗ ក៏មាន ករុណាម្ចាស់។
  - ឱ! អាណិតវាពេកណ៎ាញោម ជំងឺយ៉ាងនេះ គេហៅថា ស្កន់ខ្លាវាជាន់ណា៎ញោម ម្តេចមិនរកគ្រូពេទ្យអោយគេមើលគ្នាទៅបណ្តោយអោយ ឈឺយ៉ាងនេះ ជំងឺនេះមិនមែនក្រទេ ល្មមរក្សាបាន កូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងហ្នឹងដែរ អាត្មាមើលជាទៅ ឥលូវធាត់ទ្រលុកៗញោម ឱ! ស្តាយកូនញោមនេះពេកណាស់ប្រុសផង គួរតែខំមើលរក្សាទៅអេះ។
  - ករុណាម្ចាស់គ្រូនោះបានអោយគេមើលក៏ច្រើននាក់ណាស់ហើយ បានគ្រាន់តែ២-៣ថ្ងៃ ក៏ត្រលប់ឈឺដូចដើមវិញ ករុណាម្ចាស់។
  - ឱ! គ្រូមើលជំងឺកូនកេ្មងនោះគ្រាន់តែស្តោះផ្លុំតែពីក្រៅធ្វើម្តេច នឹង ជាដាច់រោគស្កន់ខ្លានេះបាន តោងមើលដោយឧបទេស ទើបជាដាច់ ញោម អាត្មាចេះខ្លះដែរតែអាត្មាដែលមកនេះដោយមានកិច្ចរកទៀនធូប បានហើយ ក៏នឹងអាលទៅរៀនសមណធម៌ បើនៅជិតវត្តអាត្មាទៅរ៉ា នឹងជួយសង្គ្រោះមើលយកបុណ្យខ្លះ។

  ឯនាងមេម៉ាយនោះ លុះលឺចៅពាលពោលពាក្យដូច្នោះហើយ ក៏សំគាល់ថា ជាលោកអ្នកចេះមើលជំងឺមែនទែន ទើបនិយាយអង្វរថា៖ ព្រះករុណាម្ចាស់ បើលោកម្ចាស់ចេះ ឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះមិនជាប៉ុន្មានទេ ខ្ញុំករុណា ថ្វាយខ្លួនជាញោមឧបដ្ឋាក បវារ ណាលោកម្ចាស់ សូមកុំអោយលោកម្ចាស់ព្រួយព្រះហរិទ័យឡើយ។  

  ឯចៅពាលនោះ បានឱកាសហើយក៏ឆ្លើយថា «ចំរើនពរធ្វើម្ដេចឯងជាសង្ឃកំពុងសត្វ កាលបើឃើញញាតិញោមកើតវិបត្តិ តោងកាត់ធុរៈ ខ្លួនសិនចុះ ថាហើយក៏ឡើងទៅលើផ្ទះ។ ឯនាងមេម៉ាយក៏រៀបទីអាសនៈដ៏សមគួរ អោយចៅពាលអង្គុយ ហើយបៀកស្លាមូរ បារី ដាក់ពាន ប្រគេនចៅពាល ចៅពាលក៏បង្គាប់អោយនាងរៀបទៀន៥ ធូប៥ ឆ្នាំង ថ្មីមួយនិងសំពត់ស១ចំអាមទាញយន្តបិទមាត់ឆ្នាំង ហើយចៅពាលថា៖

  - ញោម ទីភូមិនេះមានត្បាល់ក្ដឿងដែរឬទេ?
  - ករុណាម្ចាស់ ក្បាល់ក្ដឿងខ្ញុំករុណាមាន នៅខាងកនៃ្សផ្ទះឯនោះ។
  - អើញោមបើដូច្នោះញោមយកកូននិងគ្រឿងទៀនធូបអស់នេះទៅឯរោងក្ដឿង អាត្មានឹងរៀបពិធីក្ដឿង។

   នាងមេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅឯរោងក្ដឿង ហើយចៅពាលយកទៀនធូប អុជតាំងពិធីនៅមាត់ត្បាល់ ហើយវាបោស ទីនោះស្អាតល្អ ពុំអោយមានឈើព្រៃនៅខាងត្បាល់ ទើបវាហៅអោយយកកូនខ្ចីនោះ មកតាំងខាងនាទីពិធី ហើយវាថា ញោមឯងទៅជាន់ ចុងក្ដឿងអោយវាឡើង ជាន់ដាក់ជន្លៗ បាន៣ដងជាឧបកិច្ច អាត្មា នឹង សែកព្រះគាថាស្រូបយកព្រលឹងខ្លាចេញពីរូបកូន បញ្ចូលដាក់ក្នុងឆ្នាំង យន្តហើយយកទៅបណែ្តតទឹកចោល ដើម្បីកុំអោយព្រលឹងខ្លាវាមកបៀតបៀនបានទៀតឡើយ។

   ឯនាងមេម៉ាយក៏ជឿតាម ទើបទៅជាន់ចុងក្ដឿងឡើង ឯចៅពាលវាយកកូននោះដាក់ទៅក្នុងត្បាល់ហើយវាដកឈើទ្រនល់ដែល ទល់ក្ដឿង នោះ បោះគ្រវែងចោលទៅឆ្ងាយអំពីត្បាល់ ហើយវាដើរចេញពីទីពិធីនោះ ប្រាប់ទៅថា ញោមប្រុងជាន់អោយជាប់ កុំប្រហែសកែ្រងរបូត ជើងធ្លាក់ទៅត្រូវកូន ចាំអាត្មាទៅយកថង់យាមឆាន់ស្លាមួយរំពេច សូមមកទល់អោយវិញ ថាហើយចៅពាលក៏ឡើងទៅលើផ្ទះ តាំងរើរក របស់ទ្រព្យមាសប្រាក់កែវកង សំពត់អាវស្បៃ ហើយវាវេចជាសំពាយធំ តាំងស្ពាយពីលើផ្ទះរត់ទៅកាន់លំនៅវាហោង។

  - ឯនាងមេម៉ាយ ឃើញចៅពាលជញ្ជូនយកទ្រព្យសម្បត្តិខ្លួនដូច្នោះហើយ ក៏ហៅអោយគេជួយ ក៏ពុំមានអ្នកណាមួយលឺឡើយ ព្រោះផ្ទះនោះ នៅដាច់អំពីគេ ម្លោះហើយនាងមេម៉ាយក៏អន្ទះអន្ទែង នៅចុងក្ដឿងនោះឯង បើនឹងលែងក្ដឿងចេញទៅ ខ្លាចធ្លាក់ទៅត្រូវកូនដោយចិត្តមាតា តែងទន់ទោរចុះទៅកាន់កូនអាត្មាជាធម្មតា ការដែលសោកស្តាយទ្រព្យសម្បត្តិក្រៅក៏ជាមធ្យម ឯសេចក្តីដែលលោកអាណិត កូននោះលើក លែងសម្បត្តិខាងក្រៅ នាងមេម៉ាយក៏នៅច្រងាងដូចបុគ្គលគេចងភ្ជាប់រេតែខ្លួនក៏ពុំរួច លុះដល់ពេលល្ងាច ទើបមានគេដើរមក ទើបអោយគេ ទល់ចន្ទល់ ក្ដឿងយកកូនបាន។

អាសូរនាងមេម៉ាយកាយជាប់ក្ដឿង ព្រោះអាចោរសំពត់លឿងវាបញ្ឆោត សែនក្តួលសែនក្ដៅកេ្រវក្រោធ នឹងលោត ទៅតាមចាប់អាចោរ កែ្រងក្ដឿងត្រូវកូនសូនជីវិត ដោយចិត្តមាតាតែងទន់ទោរ តែមានអារម្មណ៍អោយខឹងឃោរ នឹង ចោល បង់កូននោះពុំមាន។ និទាននេះមានដំណាលក្នុងក្បួនសៀម។

ស. សួរថាអាការមនុស្សពាលដែលវាសំដែងមកនោះ តើមានយ៉ាងណាខ្លះទាន?
 គ. តបថា ឯមនុស្សពាលដែលសំដែងអាការចេញនោះមានច្រើនប្រការណាស់ ខ្លះវាប្រើកិរិយាសង្រួមហួសប្រមា ណ ខ្លះវាព្យូហ៍ពាក្យបំភ័យ ខ្លះពោលអួតវិជ្ជាចំណេះ ដែលខ្លួនវាពុំមានតែបើមានប្រាជ្ញាពិចារណា តាមអាការវាក៏គង់ យល់ខ្លះមិនខាន។

: : :