គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************

គតិលោកភាគទី១

     ទស្សនៈអ្នកចុះផ្សាយ : រឿងនិទានខ្លីៗ និង របៀបរបបរស់នៅជាច្រើន បានសរសរចងក្រង ជា​សៀវ​ភៅ​តូច​ៗ ពី​ភាគ​ទី១ រហូត​ដល់​ ភាគ ទី១០ អ្នក​និពន្ធ ឧកញ៉ា​សុតន្ត្រ​ប្រិយ​ជា ឥន្ទ អោយឈ្មោះថា «គតិលោក» មានន័យសេចក្ដីថា ដំណើរ ឬ ផ្លូវ​គន្លង​ដើរ​ទៅ​របស់​លោក​ លោក​នៅ​ទី​នេះ​គឺ​សំ​ដៅ​ទៅ​លើ មនុស្ស​លោក​នេះ​ឯង​។....[អានបន្ដ]

ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ដ

     ស. សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា អោយវៀរក្តីរកស៊ីក្នុងការមិច្ឆាជីវៈ អោយរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះ ដូចម្តេច ផ្លូវសម្មាជីវៈនោះដូចម្តេច?
     គ. អោ! ផ្លូវមិច្ឆាជីវៈនោះ គឺក្របការរកស៊ីខុសកន្លងធម៌ មានលក់ដូរគ្រឿងសស្តា្រប្រហារជីវិតសត្វជាដើមមានលក់ដូរ ថ្នាំបំពុលជា បរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើ ជាបន្ទាល់កោងទាំងឆឆក់កុហកគេដោយអុបាយដោយគំនិតកោងផ្សេងៗ ការរកស៊ីខុសនឹងទទួលទុក្ខ ទោមនស្សផ្សេងៗ ឯការរកស៊ីផ្លូវសម្មាជីវៈនោះគឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង ហៅថាចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថាសម្មាជីវៈ ១ទៀត ត្រូវ វៀរផ្លូវដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាងគយដារដែលរាជការតាំងហើយ ទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញា យ៉ាងនេះប្រការ១ ត្រូវវៀរផ្លូវល្បែងផ្សេងៗ មានល្បែងជល់មាន់ ជល់ត្រីជាដើមនេះប្រការ១ ត្រូវវៀរល្បែងស្រី ល្បែងស្រា វៀរសេពគប់ភឿន ពាលនាំ លេងយប់ ស្វែងមើលល្បែងផ្សេងៗ មានល្បែងច្រៀងរាំជាដើមយ៉ាងនេះប្រការ១។

     ស. សូមទាន ការត្រាច់យប់នោះមានទោសយ៉ាងណាខ្លះ?។
គ. អោ ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖

    • ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូនឬបងប្អូនកើត ហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។
    • ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។
    • ជួនកាលដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។
    • ជួនដើរទៅហើយប្រទះនឹងចោរ ឬ អ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សំគាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សំលាប់ ទៅយ៉ាងនេះជាទោស១។
    • អ្នកដើរយប់ ជាទីនាំអោយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថា ឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។

     ស. សូមទាន ការដែលកើតមកជាមនុស្សនេះត្រូវបែងកាលប៉ុន្មានកាល?
     គ. ត្រូវបែងកាលតាមវ័យទាំង ៣ប្រការ គឺហៅថា បឋមវ័យប្រការ១ ហៅថា មជ្ឈិមវ័យប្រការ១ ហៅថាបច្ឆិមវ័យ ប្រការ១ ក្នុងបឋម វ័យនោះត្រូវស្វែងរករៀន វិជ្ជាសិល្បសាស្រ្ត និង ចំណេះទាំងពួង លុះដល់មជ្ឈិមវ័យ គឺវេលាដែលតាំងនៅក្នុងកាលខ្លួនមានបុត្រភរិយា ហើយត្រូវប្រកបការផ្លូវរកស៊ីមានផ្លូវជួញ ផ្លូវធ្វើស្រែចំការជាដើម សន្សំទ្រព្យសម្បត្តិ អោយកើតមាន លុះដល់បច្ឆិមវ័យជាវ័យខាងចុង គឺខ្លួនចាស់ជរា ហើយត្រូវស្វែងរកផ្លូវកុសល គឺបរិច្ចាគទាន រក្សាសីលចំរើនភាវនា ជាបច្ច័យរបស់ខ្លួនទៅបរលោក។

     ស. មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ?
     គ. បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖

    • ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។
    • កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសំរេច។
    • កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសា បសូន្យវិនាសទៅបាន។
    • ទាយជ្ជារហបដិបជ្ជនំកូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។
    • ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។

     ស ប្តីសង្រ្គោះប្រពន្ធមានប៉ុន្មានប្រការ ប្រពន្ធសង្រ្គោះប្តី តើមានប៉ុន្មានប្រការ?
     គ ប្តីសង្រ្គោះប្រពន្ធនោះមាន៥ ប្រការគឺ៖

    • សមាននាយ ប្រដៅសព្វសារពើ ពោលពាក្យពិរោះ សរសើរដោយលក្ខណៈ ប្រព្រឹត្តជាប្រយោជន៏ពោលពាក្យជាបិយវចនៈ។
    • អវិមាននាយ  ពុំមើលងាយជេរវាយដូចទាសីទាសាកម្មករឡើយ។
    • អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្រ្តីដទៃទៀតជាភរិយាឡើយ។
    • អិស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើមអោយដល់ភរិយា។
    • លង្ការានុប្បទានេន អោយនូវគ្រឿងប្រដាប់ មានសំពត់អាវជាដើម អោយភរិយាដោយសមគួរតាមបវេណី។

     ប្រពន្ធសង្រោះប្តីមាន៥ប្រការគឺៈ

    • សុសំវិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃ និងតាក់តែងភោជនាហារ មិនអោយហួសពេលវេលា។
    • សង្គហិតបរជនា ប្រពន្ធត្រូវសង្រ្គោះដល់ជនក្នុងផ្ទះ និងញាតិខាងប្តី រាប់អានអោយដូចជាញាតិរបស់ខ្លួន។
    • អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី គឺមិនមានបុរសដទៃជាប្តីឡើយ។
    • សមតពា្ច អនុរក្ខតិ  រក្សាទ្រព្យសម្បត្តិដែលប្តីរកបានមកមិនអោយអន្តរាយដោយការមិនគួរ។
    • ទក្ខា ច ហោតិ អនលសា  ឈ្លាសក្នុងការស្រ្តីរឺមិនខ្ជិលច្រអូស។

    មាតាបិតាអនុគ្រោះបុត្រដោយបទ៥ប្រការគឺៈ

    • បាបា និវារេន្តិ  ហាមកូនចាកផ្លូវបាបគឺកុំអោយធ្វើបាបកម្ម។
    • កល្យាណេ  និវេសេន្តិញ៉ាំងកូនអោយតម្កល់នៅក្នុងការកុសល។
    • សិប្បំ សិក្ខាបេន្តិ  ញ៉ាំងកូនអោយសិក្សារៀនសូត្រសិល្បសាស្រ្តផ្សេងៗ។
    • បដិរូបេន ទារេន សំយោជេន្តិ លុះកូនធំឡើង ត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិ សមគួរផ្សំអោយកូន គឺរៀបអាពាហ៍ពិពាហ៍អោយកូន។
    • ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កអោយក្នុងសម័យដ៏សមគួរ គឺអោយក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១។

     ស. បុគ្គលដែលគួរយើង នឹងបូជាគោរពក្នុងលោកនេះ មានប៉ុន្មានយ៉ាង? 
     គ. បុគ្គលដែលគួរនឹងបូជានោះ ចែកដោយឧក្រិដ្ឋមាន៣យ៉ាងគឺ

    • ព្រះសម្មាសម្ពុទ្ធ១
    • ព្រះបច្ចេកពុទ្ធ១
    • ព្រះអរិយសាវក១
    ចែកដោយសាមញ្ញទៀត គឺចំណែកខាងបព្វជិតនោះ
    • យកអុបជ្ឈាយាចារ្យជាទីគោរពបូជារបស់កូនសិស្ស១
    • ភិក្ខុមានវស្សាចាស់ជាទីគោរពបូជារបស់ភិក្ខុខ្ចី១
    ប៉ែកខាងឃរាវាសនោះ
    • គឺបងប្រុសបងស្រីជាទីគោរពបូជា របស់ប្អូនៗ១
    • មាតាបិតាជាទីគោរពបូជា របស់កូនប្រុសកូនស្រី១
    • ស្វាមីអាពុកកេ្មកម្តាយកេ្មកជាទីគោរពបូជារបស់ភរិយាកូនប្រសា១។

     ស. កើតមកជាមនុស្សក្នុងលោកនេះ ត្រូវធ្វើពលិកម្មប៉ុន្មានយ៉ាង?។
     គ. អោ! ពលិកម្មនោះមាន ៥យ៉ាង អ្នកឯងស្តាប់ចុះ៖

    • ញាតិពលិ អធិប្បាយថា បុគ្គលជាញាតិសាលោហិតរបស់ខ្លួនពិតៗ ខ្លួនគួររាប់អានជួយទំនុកបំរុងដោយអោយនូវវត្ថុផ្សេងៗ មានបាយទឹកប្រាក់មាសជាដើម
    • អតិថិពលិ អធិប្បាយថា បុគ្គលជាភ្ញៀវទើបដល់មកកាន់ទីលំនៅខ្លួន ខ្លួនគួរ ធ្វើបដិសណ្ឋារសួរទទួលរាប់អានតាមសម័យ គឺអោយនូវបច្ច័យមានភោជនាហារជាដើម។
    • បុព្វេបតពលិអធិប្បាយថា ញាតិមិត្រឯណារស់នៅក្តី មរណភាពទៅកាន់ បរលោកហើយក្តីគួរធ្វើការកុសលឯណា១ អុទិ្ទសផលជូនទៅដល់ញាតិនោះ។
    • រាជពលិអធិប្បាយថា រាជការបស់មហាក្សត្រមានឡើង គួរខ្លួនទទួលរាជការឆ្លងព្រះតេជព្រះគុណរឺទទួលបង់ថ្លៃរាជការ។
    • ទេវតាពលិ អធិប្បាយថា ពួកទេវតាទាំងឡាយ បណ្តាដែលមានសក្កានុភាព បានជួយសង្រ្គោះដោះទុក្ខខ្លួន គួរ ធ្វើសក្កាបូជាដល់ទេវតាទាំងឡាយនោះ។
: : :