គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ១
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************

ប្រវត្ដិពង្សាវតារ

     ឧកញ៉ាសុត្តន្តប្រីជា ឥន្ទកំណើតកើតនៅស្រុកទន្លេធំ គឺភូមរកាកោងខេត្តមុខកំពូល មាតាឈ្មោះយាយមុំ បិតា​ឈ្មោះ​បពា្ចង​កែ ឧកញ៉ា​ កើត​ថ្ងៃ​ចន្ទ ខែ​អាសាធ ឆ្នាំ​វក ពុទ្ធសករាជកន្លងទៅបាន ២៤០៣ វស្សាគឺថ្ងៃទី២២ សូយេត ឆ្នាំ១៨៥៩។

     កាល​អាយុ ១០​ឆ្នាំ​នៅ​វត្ត​សិក្សា​អក្សរ​ខែ្មរ អាយុ​១៥​ឆ្នាំ ចេញ​រៀន​ប្រែ​ព្រះ​បរិយត្តិ បួស​ជា​សាម​ណេរ​ រួច​ទៅ​រៀន​ នឹង​ លោក​ព្រះ​អាចារ្យ​ពេជ ស្រុក​ព្រះ​ត្រពាំង អាយុ​១៨​ឆ្នាំ​ទៅ​រៀន នឹង​លោក​គ្រូ​ព្រះ​ពុទ្ធ​ឃោសា​ចារ្យ ប្រាក់ វត្ត​ឧណ្ណា​លោម ក្រុង​ភ្នំ​ពេញអាយុ​១៩ ឆ្នាំ ទៅ​រៀន​ នឹង លោក​គ្រូ​ព្រះ​អាចារ្យ​សុខ វត្ត​កែវ ស្រុក​បាត់​ដំបង អាយុ​២០​ឆ្នាំ​បាន​បួស​ជា​ភិក្ខុ​នៅ​វត្ត​កែវ ១​វស្សា ទើប​លា​ព្រះ​ឧបជ្ឈា​យាចារ្យ​ទៅ​រៀន​នៅ​ស្រុក​បាង​កក ក្រុង​ស្យាម រៀន​បាន​៧​វស្សា​ក៏​វិល​មក​ស្រុក​ខែ្មរ​វិញ ក្នុង​អំ​ណាច​លោក​ព្រះ​យ៉ា ​កថា​ថនញ៉ុញ) នៅ​វត្ត​កណ្តាល​ ស្រុក​បាត់​ដំបង រួម​បាន​១០​វស្សា លា​សិក្ខា​បទ​សឹក​មក​មាន​បុត្រ​ភរិយា​នៅ​ភូមិ​ជ្វា​ធំ លោក​កថា​ថន​(ឈុំ) ចិញ្ចឹម​ជា​ទី​ហ្លួង​វិចិត្រ ​វោ​ហារ​ បាន​តែង​ បាន​ប្រែ​បាលី ​ជា​សំរាយ​មាន​ឈ្មោះ​៤៤ ឈ្មោះ​ជា​សៀវ​ភៅ​ខ្លះ ចារ​ស្លឹក​រិត​ខ្លះ លុះ​អាយុ​បាន​៥៥​ឆ្មាំ រាជ​ការ​ក្រុង​ភ្នំ​ពេញ​ អោយ​យក​ មក​តាំង​ទី​ ជា​ឧកញ៉ា ​សុត្តន្តប្រីជា ប្រោស​អោយ​ជួយ​តែង​សព្វ​វចនា​ធិប្បាយ​ខែ្មរ នៅ​ទី​សាលា​បាលី​ ក្នុង​រវាង​អាយុ​ ៥៥​ឆ្នាំ ដល់​អាយុ​៦៥​ឆ្នាំ ​បាន​លារា​ជការ ​វិល​មក​នៅ​ស្រុក​បាត់​ដំបង​ដើម​វិញ លុះ​នៅ​ថ្ងៃ​ ១០​កើត ខែ​អស្សុជ​ ឆ្នាំ​ជូត​ ឆស័ក មាន​រោគ​ក្អក បណ្តា​កូន​ចៅ​រាល់​គ្នា​ នាំ​គ្នា​ប្រតិ​បត្តិ​ប្រកប​ថ្នាំ​ រក​គ្រូ​រក្សា​ពុំ​ចេះ​ធូរ​ឡើយ លុះ​ដល់​ថ្ងៃ​អាទិត្យ ១២​កើត ខែ​កត្ដិក​ឆ្នាំ​ជូត​ ឆស័ក ក៏​ទទួល​អនិច្ច​កម្ម​នៅ​វេលា​ម៉ោង​៨ព្រឹក​ គឺ​ថ្ងៃ ​៨ណូវ៉ម​ ឆ្នាំ ​១៩២៤។

ប្រស្នាអំពីគតិលោក

     តំរាគតិលោកនេះ គឺខ្ញុំបាទទីឧកញ៉សុត្តន្តប្រីជាឥន្ទ អ្នកតែងឡើង ដើម្បីកុលបុត្រ អ្នករៀនគតិបុរាណជា​បែប​យ៉ាង​គ្រាន់​អាង​សេចក្តី​ ប្រៀប​នាំ​យក​ប្រារព្ធ គតិ​លោកថ្មី ដែលកើតមានឡើង ទើបតាំងជាពាក្យបុច្ឆានិងពាក្យវិសជ្ជនាក្នុងតំរានេះ​ជា​ទី​សណ្តាប់ដោយ​ងាយ​។ ដើម​ឡើយ កូន​សិស្ស​សួរ​គ្រូ​ថាសូមទានមេត្តាប្រោសពាក្យដែលថា គតិលោកនោះតើបែ្រដូចម្តេច?។ គ្រូប្រាប់​ថា​គតិ​លោក​នោះ​ប្រែ​ថា​ ដំណើរ​ប្រ​ព្រឹត្ត​ទៅ​របស់​ជន​ក្នុង​លោ​កិយ​នេះ​ឯង​។

     ស. លោក សព្ទនេះ តើអធិប្បាយជាពាក្យសំរាយថាដូចម្តេច?
គ. ឱ! លោក ជាសភាវៈដែលកើតឡើងដោយអំណាចបដិសន្ធិនៃខន្ធ គឺថាសភាវៈមិនទៀងដោយមិនជាប់នៅ​មិន​ប្រាកដ​ជា អទស្សន​ភាព​ មួយ​ទៀត​ប្រែ​ថា សត្វផែនដីផ្ទៃមេឃ អាកាសទូទៅទាំងអស់,លោកនេះប្រែថា ធម្មតាសត្វ ឬ របស់ដែលប្រព្រឹត្ត​ទៅ​ក្នុង​លោក ឯ​គតិ​សព្ទ​នោះ ប្រែ​​បាន​​ច្រើន​យ៉ាង គឺថាដំណើរទៅគ្រឿងដល់គ្រឿងដំណើរបទសេចក្តី កំលាំង អំណាច ផ្លូវទីពឹង ក្តីអត់ធន់ ចិត្ត​កំ​ណើត​ពាក្យ​ឯ​ណា​ហេតុ​ឯ​ណា ដែល​កើត​ឡើង​មាន​ឡើងក្នុងលោកនេះហៅថាគតិលោកទាំងអស់។

     ស. សួរថា លោកនេះមានតែ១ ឬ មានេច្រីនយ៉ាងតទៅទៀត?
គ. ឆ្លើយថា លោកនេះ បើយោគយកគតិធម៌មកសំដែងចេញទៅទៀតនោះមានច្រើនយ៉ាងតទៅ គឺអារម្មណ៍​ទាំង​ពួង មាន​រូប​ដែល​ឃើញ​ នឹង​ភ្នែក​ជា​ដើម​នោះហៅថា កាមលោក រូបដែលឃើញដោយចិត្តជាដើមនោះហៅថា រូបលោកដោយហោចទៅ យ៉ាង​សព្វ​សារ​ពើ​ទាំង​ពួង បណ្តា​ដែល​មាន​ចិត្ត​គ្រប់គ្រងព្រមនៅក្នុងសភាវប្បញ្ញាត្តិ។

     ស. សួរថា លោកយើងនេះ ហៅថា មនុស្សលោក ឯខាងស្ថានទេវតានោះហៅថា ទេវលោក ហើយចុះដូចជាមនុស្ស​លោក​យើង​នេះ បែង​ចេញ​ជា​ស្ថាន​មាន ប៉ុន្មាន​ជាន់ ស្ថានទេវលោកនោះតើមានប៉ុន្មានជាន់?
គ. ឆ្លើយថា សត្វក្នុងមនុស្សលោកយើងនេះបែងចេញជាពីរជាន់ គឺសត្វតិរច្ឆានជាន់១ មនុស្សជាន់១ រួមនៅក្នុងលោក​ជា​មួយ​គ្នា។ សត្វ​ក្នុង​​​បរ​លោក​បែង​ជា​៤​ស្ថាន គឺនរកបែ្រត អសុរកាយស្ថាន១ ទេវតាក្នុងឆកាមាវចរសួគ៌ស្ថាន១ រូបព្រហ្មស្ថាន១ អរូប​ព្រហ្ម​ស្ថាន១ នៅ​ក្នុង​លោក ខាង​មុខ​ទាំង​អស់ សត្វក្នុងមនុស្សលោក ជាពួកមានកាយគ្រោតគ្រាត សត្វក្នុងទេវលោកជាពួក មានកាយទិព្វខ្លះ ដែល​ពុំ​មាន​កាយ​ជា​ពួក​សោយ​អារម្មណ៍ គឺជាទិព្វខ្លះ ដែលប្រាសចាករូបខ្លះ។

     ស. សួរថា សត្វលោកទាំងពួង ដែលនឹងកើតឡើងនោះ តើអាស្រ័យធម្មជាតិអ្វី អោយកើត ដែលកើតនោះដូចគ្នាឬខុសគ្នា?
គ. ឆ្លើយថា សត្វលោកទាំងពួងដែលនឹងកើតនោះ អាស្រ័យដោយបុញ្ញាភិសង្ខារខ្លះ តែចំណែកខាងមនុស្សលោកនេះ​ប្រកប​ដោយ​អា​រម្មណ៍ ដែល​ជា​ឧតុ​និយម​និងពីជនិយម និងកម្ម ៣ប្រការផងគ្នា។

    • ឧតុនិយមនោះ បានខាងឯរបស់ធាតុ គឺជាជាតិដីថ្មីក្រួសរវានផ្សេងៗ
    • ពីជនិយមនោះ បានខាងរុក្ខជាតិ តិណជាតិស្មៅវល្លិផេ្សងៗ។
    • កម្មនិយមនោះ បានខាងឯបសាទរូប ដែលជ្រួតជ្រាបទៅក្នុងកាយសត្វជាដើម ព្រមទាំងវេទនា សញ្ញាសង្ខារ វិញ្ញាណ ដែល​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ទ្វារ​ទាំង​៦ រួមអារម្មណ៍៣ប្រការនេះ ផ្សំចូលគ្នាជារាងកាយទើបបានជាសត្វទាំងពួងក្នុងមនុស្សលោក។

     ឯចំណែកខាងទេវលោកនោះ មានតែអារម្មណ៍ដែលជាផលនៃកម្មម្យ៉ាង គឺឧបបាតិកៈកំណើត ១ទៀត ឯផែនដីដែលជា​ទី​អាស្រ័យ​នៅ​របស់​សត្វ​និង​រាង​កាយ​របស់សត្វ និងសារពើទាំងពួងក៏កើតអំពីកម្មនិយមទាំងអស់។ មនុស្សលោកជាហេតុ ទេវលោកជាផល សំ​រាប់​ក្តី​រស់​នៅ​​របស់​លោក​ទិព្វ​។ ទេវលោកជាហេតុ មនុស្សលោកជាផល សំរាប់ក្តីរស់នៅរបស់លោកមនុស្ស។

     ស. សួរថា សត្វលោក ដែលកើតមកជាមនុស្សយើង ហេតុអ្វីក៏ខុសគ្នា។
     គ. ឆ្លើយថា ការដែលប្លែកគ្នានោះព្រោះសង្ខារតាក់តែងដោយអំណាចបុណ្យ និងបាប ដែលសត្វកសាងមកអំពី​បុព្វ​ជាតិ សត្វ​ទាំង​ឡាយ បណ្តា​ដែល​មាន​ចិត្តគ្រប់គ្រង នៅជាដើមនេះ ក៏ជាធម៌និងលោកផ្សំគ្នាដូចយ៉ាងធាតុទង់ហ្វា ដែលជារបស់កើតអំពីធាតុ​មាស និង​ទង់​ដែង ផ្សំ​គ្នា​ដូច្នោះ​សត្វ​ទាំង​ឡាយផ្សេងគ្នា ក៏ព្រោះធម៌ និងលោកដែលផ្សំគ្នានោះ មានចំណែកតិចច្រើនផ្សេងគ្នាព្រោះធាតុ​ទង់​ដែង​ដែល​ផ្សំ​គ្នា និង​ធាតុ​មាស​នោះ​តិចច្រើនជាងគ្នាយ៉ាងនោះ ឯងចូលចិត្តឬទេ? បើពុំចូលចិត្តយើង នឹងញែកចិត្តចេញ ជាលោក ជាធម៌ អោយ​យល់​ក្នុង កាល​ឥលូវ​នេះ។

     ស. ករុណា ពុំទាន់ចូលចិត្តសព្វគ្រប់ទេ និមន្តលោកគ្រូម្ចាស់ញែកអោយទានស្តាប់បាន?
     គ. អើឯងចាំស្តាប់ហ្នា៎ ពណ៌លឿងៗដែលឆ្លុះទៅក្នុងសាច់ទង់ហ្វានោះ ជាជាតិមាស ពណ៌ក្រហមមួយៗក្នុងសាច់ទង់ហ្វា​នោះ ជា​ជាតិ​ទង់​​ដែង មាន​ឧបមាយ៉ាងណាចិត្តរបស់សត្វដែលមានសេចក្តីចេះដឹងនោះជាជាតិធម៌ឯកាយឬ អារម្មណ៍របស់សត្វ​ដែល​ប្រាស​ចាក​ក្តី​ចេះ​ដឹង​នោះ​ ជា​ជាតិ​លោក សេចក្តីនោះមានឧបមេយ្យដូច្នេះឯង ចិត្តនេះជាជាតិធម៌ទើបពុំស្លាប់តែកាយឬ អារម្មណ៍ជាតិ​លោក ទើប​ត្រូវ​ស្លាប់​ជា​ធម្មតា​ មាស​បរិសុទ្ធ​ក្នុង​សាច់ទង់ហ្វានោះពុំមែនទង់ហ្វា គឺជាមាសចំណែក១ផ្សេង ដូចគ្នាយ៉ាងនោះឯង ហេតុនោះ​ទើប​សត្វ​លោក​កើត​​ឡើង​ខុស​គ្នា ដោយ​អំណាចផ្សំធាតុ គឺបុញ្ញាភិសង្ខារដែលជាបុណ្យនិងអបុញ្ញាភិសង្ខារដែលជាបាប។

     ស. ករុណាលោកគ្រូអធិប្បាយមកនេះ ក៏ចូលជាគតិធម៌ច្រើនៗ ខ្ញុំព្រះករុណាស្តាប់បានហើយ តែខ្ញុំករុណាត្រូវការចង់​​ដឹង ចង់​​ចេះ​​តែ​​ក្នុង​តិ​លោក​ចំណែក​១ សូម​ទានអត់ទោស មនុស្សយើងសព្វថ្ងៃនេះ ពុំដូចគ្នានោះព្រោះសាងមកខុសគ្នា ហើយតាមគតិធម៌ តែ​ខាង​គតិ​លោក​ លោក​យោគ​ជា​ដូច​ម្តេច​វិញដូចមនុស្សខ្លៅល្ងង់នោះតើកើតឡើងដោយហេតុអ្វីមនុស្សឥតមិត្តសំលាញ់នោះ តើកើត​ឡើង​ដោយ​ហេតុ​អ្វី មនុស្ស​ឥត​ក្តី​សុខ​នោះ តើកើតឡើងដោយហេតុអ្វី សូមលោកគ្រូម្ចាស់អធិប្បាយអោយទានតាមគតិលោកពិតៗ?។
     គ. ឆ្លើយថា ឱ!រឿងនោះ បើ នឹង និយាយដោយគតិលោកក៏ឃើញថាមនុស្សល្ងង់ខ្លៅនោះ មិនពីព្រោះ​ហេតុ​អ្វី ព្រោះ​តែ​សេចក្តី​ខ្ជិល ប៉ុណ្ណោះ​ឯង ដូច​បទក្នុងគម្ពីរលោកនិតិថា៖

អលសស្ស កុតោសិប្បំ អសិប្បស្ស កុតោធនំ អធនស្ស
កុតោមិត្តំ អមិត្តស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សក្កំ។

     ប្រែថា សិល្បសាស្រ្តចំណេះវិជ្ជាមានមកអំពីទីណា ដូចម្តេចបានដល់អ្នកខ្ជិល សេចក្តីខ្ជិលនោះមាននៅហើយ វិជ្ជាទាំង​ពួង​ក៏​ពុំ​អាច​មាន​ដល់​មនុស្ស​ឡើយ បើចំណេះ វិជ្ជាមិនមានហើយ ទ្រព្យសម្បត្តិ នឹង កើតមានមកអំពីទីណាដូចម្តេចបាន កាលបើទ្រព្យ​សម្បត្តិ​មិន​មាន​ហើយ ធ្វើ​ម្តេច​ឡើយ នឹង​មានមិត្រសំលាញ់គេរាប់អាន គឺថាពុំមានបុគ្គលឯណា១ នឹង ចូលមកជាមិត្តជាភ័ក្តិជាពួកឡើយ​កាល​បើ​មិន​មាន​មិត្ត​ភ្ងា​ ហើយ​សេចក្តី​សុខ​សប្បាយឯណាក៏មាន នឹងមានតែសេចក្តីទុក្ខលំបាកជាប្រក្រតី កាលបើមានតែក្តីលំបាកទុក្ខហើយចិត្ត​គិត​កសាង​មគ្គ​ផល​ កុសល​សីល​ទាន នឹង គេឯណាមាន កាលបើពុំមានកុសលបុណ្យទានហើយធ្វើម្តេចឡើយ នឹង បានសម្បត្តិសួគ៌និពា្វន នឹង​គេ ហេតុ​ដូច្នេះ​បាន​​ជា​ថា សេចក្តី​ខ្ជិល​នេះ ជា​នីវរ​ណធម៌ ហាមមិនអោយបានប្រយោជន៍ក្នុងលោកនេះ និងលោកខាងមុខ ឯងចូលចិត្តចុះ។

     ស. ករុណា ខ្ញុំព្រះករុណាចូលចិត្តហើយប៉ុន្តែដែលព្រះករុណាម្ចាស់ថា ចំណេះវិជ្ជានោះ គឺសិល្បវិជ្ជាអ្វីដែលជាវិសេស​លើស​វិជ្ជា​ទាំង​ពួង​ក្នុង​លោក​នេះ?
     គ.អើរឿងសព្វវិជ្ជានោះ គីវិជ្ជាអក្សរនោះឯង ជាវិជ្ជាវិសេសលើសវិជ្ជាទាំងអស់ ក្នុងលោក តែងប្រជុំចុះក្នុងវិជ្ជាអក្សរ ចំណែក​១ ទាំង​អស់ ព្រោះ​វិជ្ជា​អក្សរ​នេះ ជាវិជ្ជា ដំបូងជាងវិជ្ជាទាំងពួង ប្រៀបដូចកែវសំរាប់ឆ្លុះមើលវត្ថុទាំងពួង បើវិជ្ជាអក្សរនេះកើតវិបត្តិ​វិប​ល្លាស​ទៅ​កាល​ណា​ហើយ​ វិជ្ជា​ទាំងពួងក៏ពុំអាចតាំងនៅបាន ព្រោះពុំមានទីចំណាំទៅបាន ហេតុនោះទើបថា វិជ្ជាអក្សរនេះវិសេសលើស​ជាង​វិជ្ជា​ទាំង​ពួង​។ មួយ​ទៀត អ្នក​ពុំ​ចេះ​អក្សរ​នោះ ប្រៀបដូចជាបុគ្គលមានចក្ខុងងឹត នឹងមើលនូវរូបារម្មណ៍ទាំងពួងមិនឃើញ អ្នកដែលចេះអក្សរ​នោះ ប្រៀប​ដូច​បុគ្គល​មាន​ចក្ខុ​បរិបូណ៌ នឹងចង់មើលអ្វី ក៏អាចមើលបានទួទៅ។

     ស. ករុណា ដែលលោកគ្រូម្ចាស់អធិប្បាយថា អ្នកពុំចេះអក្សរប្រៀបដូចមនុស្សខ្វាក់ អ្នកដែលចេះអក្សរថា ដូចជាបុគ្គល​បរិ​បូណ៌​ដោយ​ចក្ខុ​ប្ប​សាទ បទ​ពីរយ៉ាងនេះ ខ្ញុំព្រះករុណាស្តាប់បាន តែពុំសូវយល់សេចក្តីសព្វគ្រប់ សូមនិមន្តលោកគ្រូម្ចាស់អធិប្បាយ​អោយ​ពិស្តារ​ទៀត​?​។      គ. ឱឯងនៅសង្ស័យអ្វីទៀត បើដូច្នេះយើងនឹងសួរឯងវិញថា មានហឹបឬ កញ្ជើ១ ដែលគេដាក់គ្រឿងមាសគ្រឿងប្រាក់ គ្រឿង​ស្ពាន់​លាយ​ចូល​គ្នា​ហើយ​មនុស្ស ខ្វាក់នោះអាចយល់ស្គាល់របស់ទាំងអស់នោះបានឬទេ? អាចដឹងថា វត្ថុនេះជាមាស វត្ថុនោះ​ជា​ប្រាក់ ជា​ស្ពាន់​ឬ​ទេ​?​។

     ស. ករុណាធម្មជាតិមនុស្សខ្វាក់នោះ ពុំអាចនឹងមើលយល់ស្គាល់បានឡើយ មនុស្សដែលមានចក្ខុប្បសាទបរិបូណ៌ទើប​អាច​មើល​យល់ ស្គាល់​បាន​។
     គ. អើដូចគ្នា មនុស្សខ្វាក់មើលវត្ថុពុំយល់ ស្គាល់ជាមាសជាប្រាក់នោះ លោកប្រៀបដូចមនុស្ស ពុំចេះអក្សរ អ្នកពុំចេះ​អក្សរ​ទុក​ស្មើ នឹង មនុស្ស​ខ្វាក់ អ្នក​ចេះ​អក្សរ ទុកស្មើនឹងមនុស្សបរិបូណ៌ដោយចក្ខុប្បសាទ។ មួយទៀតវិជ្ជាអក្សរនេះទុកស្មើភ្នែកទិព្វ មាត់ទិព្វ​ក៏​បាន ដូច​យ៉ាង​​សព្វ​តំរា​ទាំង​ពួង​ មានតំរាភូមិសាស្រ្ត តំរាពង្សាវតារជាដើម ជារបស់បុរាណកន្លងទៅយូរហើយ យើងចេះអក្សរបានអាន​មើល ក៏​អាច​ដឹង​​រឿង​រ៉ាវ​បាន និយាយ​ប្រាប់គ្នាគ្នីបាន យ៉ាងនេះទុកស្មើយើងមានភ្នែកទិព្វ។ មួយទៀតយើងនៅស្រុកនេះ នឹង និយាយ ឬប្រាប់​កិច្ច​ការ ឬ​ចង់​ដឹង​​ការ​អ្វី​ៗ​ អំពី​បែប​អ្នកស្រុកឯនោះក្តី ប្រើតែអក្សរទៅ គេក៏បានដឹងច្បាស់ វិជ្ជាអក្សរនេះអាចចារឹកពាក្យសំដីបានសព្វប្រការ តំកល់​ទុក​នៅ​អស់​កាល​ជា​អង្វែង​។ មួយទៀត បើបានចេះខាងអក្សរលោកអ្នកប្រទេសក្រៅ មានអក្សរសៀម ឬអក្សរបារាំងសេសជា​ដើម​ផង ក៏​រឹត​តែ​កើត​ចំណេះ​ជាភិយ្យោភាព អាចដឹងវិធីក្នុងប្រទេសនោះៗ បានទួទៅដូចអ្នកមានកូនសោ អាចចាក់សោបើកហិប មើល​របស់​ក្នុង​ហិប​នោះ ​បាន​ដោយ​ងាយ​ៗ កើតបញ្ញាក្លាហាន ព្រោះបានដឹងក្បួនខ្នាតបែបផែនក្រៅស្រុកមិនសង្ស័យ ហេតុនោះទើបយើងពោល​ថា សព្វ​វិជ្ជា​ទាំង​ពួង​ ក្នុង​លោក​នេះ សឹង​មានទីរៀនចប់ទៅបាន តែវិជ្ជាអក្សរ១ នេះជាវិជ្ជារៀនពុំចេះចប់ ព្រោះជាវិជ្ជាវិសេស លើសវិជ្ជាទាំងពួង​ក្នុង​លោក​នេះ គួរ​​ឯង​ចូល​ចិត្ត​ចុះ។

     ស. ករុណា ខ្ញុំករុណាស្តាប់បានចូលចិត្តហើយ ចុះវិជ្ជាអ្វីទៀតដែលជាវិជ្ជាបន្ទាប់ រងវិជ្ជាអក្សរនេះទៅ?
     គ. វិជ្ជាលេខ ជាវិជ្ជាបន្ទាប់រងពីវិជ្ជាអក្សរនេះ លេខ និង អក្សរជាវិជ្ជារួមនៅជាមួយគ្នា។

     ស. សូមទាន ចុះវិជ្ជាទាំងអស់ក្នុងលោកនេះ បុគ្គលឯណារៀនចេះចាំបានហើយ សឹងនាំមកនូវប្រយោជន៏ដល់បុគ្គល​នោះៗ បាន​ទទួល​សេច​ក្តី​ចំរើន​ដូច​ម្តេច ឬមានវិជ្ជាឯណា១ ជាសឹកសត្រូវដល់បុគ្គលអ្នកចេះនោះខ្លះដែរ? 
     គ. ថាវិជ្ជាក្នុងលោកចាត់ជាពីរប្រការ គឺទុវិជ្ជាប្រការ១ សុវិជ្ជាប្រការ១ វិជ្ជាណាដែលបុគ្គលចេះដឹងហើយសំដែងឡើងធ្វើ​ឡើង​អាច នឹង​ នាំ​មក​នូវ​សេច​ក្តី​ទុក្ខ សេចក្តីវិនាសផលប្រយោជន៍ដល់បុគ្គលដទៃផង ដល់អាត្មាឯងផង យ៉ាងនោះហៅថា ទុវិជ្ជា ពិតមែន​វិជ្ជា​ឯ​ណា​ដែល​ បុគ្គល​សំដែង​ឡើង ធើ្វឡើងហើយអាច នឹង នាំមកនូវសេចក្តីសុខ សេចក្តីចំរើនដល់បុគ្គលដទៃផង ដល់អាត្មាផង យ៉ាង​នេះ​វិជ្ជា​នោះ​ឈ្មោះ ​សុវិជ្ជា បុគ្គល​ឯ​ណា​ទ្រទ្រង់នូវចំណែកសុវិជ្ជា បុគ្គលនោះទទួលសេចក្តីសុខសេចក្តីចំរើន សួស្តីមង្គល បុគ្គលឯណាទ្រទ្រង់​នូវ​ចំណែក​ទុវិជ្ជា បុគ្គល​នោះ​ទទួល​សេចក្តីទុក្ខទោស សេចក្តីវិនាស សុវិជ្ជា ជាគុណដល់អ្នកចេះដឹង ទុវិជ្ជា ជាទោសដល់អ្នកដែលទ្រទ្រង់នោះ។

     ស. សូមទានអត់ទោសចុះ បុគ្គលខ្លះមានវិជ្ជាចំណេះខ្ពស់ហើយ តែធ្លាក់ខ្លួនចុះចាកវិជ្ជានោះវិញ ទទួលតែសេចក្តីទុក្ខទោស គរ​ហា​និន្ទា វិជ្ជា​ដែល​ចេះ​ដឹងហើយប្រើវិញពុំបានយ៉ាងនេះ គឺហេតុអកុសលអ្វី?
     គ. ថាអ្នកនោះមានវិជ្ជាខ្ពង់ខ្ពស់ល្អហើយ តែធ្វើអោយវិជ្ជាប្រើពុំបានវិញនោះ ព្រោះឥតមារយាទ ឥតក្តីហិរិឱត្តប្បៈគ្មាន​ខ្មាស​បាប ខ្លាច​បាប​ ប្រ​ព្រឹត្ត​ខ្លួន​ទៅ តាមគតិមនុស្សពាលផ្សេងៗ យ៉ាងបុគ្គលនោះឯងទើបត្រូវទទួលក្តីទុក្ខទោសគរហានិន្ទាគ្រប់ប្រការ​ក្នុង​លោក​នេះ​។

     ស. ចុះមនុស្សយើងធ្វើខ្លួនអោយបរិសុទ្ធនោះតើត្រូវប្រព្រឹត្តយ៉ាងណា?
     គ. ថា ឯការដែលនឹងធ្វើនូវខ្លួនអោយបរិសុទ្ធនោះ តោងចំរើននូវសេចក្តីសុខដល់អ្នកដទៃ ទើបខ្លួនបានទទួលសេចក្តី​បរិ​សុទ្ធ​នោះ បើ​​អោយ​ទុក្ខ​​គេ​​ហើយ​​ក្តី​ ទុក្ខនោះឯងនឹងមានដល់ខ្លួនវិញមិនខាន ខ្លួនឯងនឹងទទួលក្តីបរិសុទ្ធឯណាបាន។

     ស. មនុស្សយើងដែលលោកសន្មតហៅថាមនុស្សល្អនោះ តើមានអាការកិរិយាយ៉ាងណា ដែលហៅថាមនុស្សអាក្រក់​នោះ តើ​មាន​អា​ការ​​កិរិយា​យ៉ាងណា?
     គ. ថាមនុស្សដែលល្អនោះ គឺមនុស្សណាប្រកបដោយក្តីសុចរិត ៣ប្រការ គឺកាយសុចរិត១ វចីសុចរិត១ មនោ​សុច​រិត​១ ប្រ​ព្រឹត្ត​ខ្លួន​ជា​បុគ្គល​ប្រ​ដៅ​ងាយ មានហិរិឱត្តប្បៈជាជញ្ជាំង ឬកំផែងបិទបាំងកាយមិនអោយអកុសលធម៌ ចូលញាំញីខ្លួនបានយ៉ាងនេះ មនុស្ស​នោះ​ឯង ហៅ​ថា​មនុស្ស​ល្អ​បាន​។ មនុស្ស​ប្រកបដោយក្តីទុច្ចរិត ៣ប្រការគឺ កាយទុច្ចរិត១ វចីទុច្ចរិត១ មនោទុច្ចរិត១ ប្រព្រឹត្តខ្លួន​ជា​បុគ្គល​ប្រ​ដៅ​ក្រ ពុំ​មាន​ហិរិឱត្តប្បៈធម៌បិទបាំងកាយ ហើយផ្សាយចិត្តក្នុងការអកុសលផ្សេងៗ វេង្វងដោយគតិពាលពិត មនុស្សយ៉ាងនេះឯង ហៅថា មនុស្សអាក្រក់ក្នុងលោក យើងនេះ។

: : :