បណ្ដាំក្រមង៉ុយ គឺជាកំរងអក្សរសិល្ប៍ខ្មែរ ដ៏រស់រវើកមួយ ចូលជ្រួតជ្រាបក្នុងសង្គមខ្មែរតាំងពីច្រើនឆ្នាំមកហើយ។ ពាក្យកាព្យជាបទ ទូន្មាន ចំៗនេះ ស្ថិតដក់ជាប់នៅក្នុងដួងព្រលឹងកូនខ្មែរគ្រប់សម័យកាល ថ្វីបើកំណាព្យនេះ មានអាយុកាលចំណាស់ ជាងមួយសតវត្សមក ហើយយ៉ាងណាក៏ដោយ ក៏ពាក្យទូន្មាន រំលឹកដាស់តឿន របស់ព្រះភិរម្យង៉ុយ ឬ ក្រមង៉ុយ ហៅង៉ុយនេះ មិនដែលចាស់ហួសសម័យនោះទេ គឺនៅតែថ្មី មានន័យ មានខ្លឹមសារអាចធ្វើជាគតិទូន្មានខ្លួន ក្នុងសង្គមខ្មែរគ្រប់ៗ សម័យកាលជានិច្ច។

    ដើម្បីផ្សព្វផ្សាយ នូវអត្ថបទអក្សរសិល្ប៍ «បណ្ដាំក្រមង៉ុយ» ដ៏មានន័យយ៉ាងទូលំទូលាយនេះ អោយរីករាលចូលជ្រួតរាបនៅក្នុងសង្គមខ្មែរ ហើយទុកជាបទសិក្សារៀនសូត្រតទៅ ដល់យុវវ័យជំនាន់ក្រោយៗ ខ្ញុំសូមលើកយកកំណាព្យបណ្ឌាំក្រមង៉ុយទាំងអស់ មកចុះផ្សាយម្តងមួយ ៗ លើបណ្ដាញសកលនេះជារៀងៗទៅ។ ច្បាប់ទាំងនោះមាន៖

    សូមសំដែងនូវ កតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវិញ្ញាណខន្ធ កវីង៉ុយ ដ៏ឆ្នើមនេះ ហើយសូមឧទ្ទិស «បណ្តាំក្រមង៉ុយ» នេះដល់ យុវវ័យសិក្សាគ្រប់ៗជំនាន់ សូមប្រជាជនកម្ពុរដ្ឋ មានសុខសន្ដិភាព ចំរើនលូតលាស់ដោយវិជ្ជា លើកស្ទួយព្រះពុទ្ធសាសនា អក្សរសាស្រ្ដ ហើយរួបរួមគ្នា កសាងប្រទេសជាតិអោយរីកចំរើនតទៅ។

    [ច្បាប់ល្បើកថ្មី] : កំណាព្យ ២៤០ បទនៃ ច្បាប់ល្បើកថ្មី មានសារសំខាន់ អប់រំ សីលធម៌យ៉ាងជ្រាលជ្រៅ។ ព្រះភិរម្យង៉ុយ យល់យ៉ាង ច្បាស់ អំពីសីលធម៌ក្នុងសង្គមថែមទាំងមានវោហាសាសន៍ប៉ិនប្រសព្វ ពោលជាទំនុកច្រៀង ជាបទទូន្មានជនប្រុស ស្រី យ៉ាងពិរោះជក់ចិត្ដ។

    ពំនោលក្នុងបទកំណាព្យខ្លះៗ ដែលយើងអាច លើកយកមកសង្កេត ដូចជាលោកពោលថា ព្រោះមនុស្សឥឡូវ យល់ខុសថាត្រូវ យកឆ្គួត ធ្វើជា អំពើអាក្រក់ ឡិឡក់លីលា ព្រហើនពានពា អាងមាសអាងប្រាក់។ ត្រង់នេះលោកចង់បង្ហាញអំពីសីលធម៌ក្នុងសង្គម ហើយលោកបាន នែនាំអោយកូនចៅខ្មែរខំប្រឹងសិក្សារៀនសូត្រ រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ហួសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឳ ឃើញចាស់ សក់ស្កូវ កុំសូវមើលងាយ។

    តាមពាក្យពេចក្នុងបទកំណាព្យមួយបទៗ ហាក់មានសំនួនវោហាធម្មតាៗ តែមានអត្ថរសយ៉ាងធំធេង ធ្វើអោយយើងនឹកស្ងើច កោតសរ សើរ ដល់កវីង៉ុយនេះយ៉ាងខ្លាំង ហើយដែលយើងពិបាក នឹង រកអ្នកណាម្នាក់ផ្សេងទៀតមក ប្រៀបធៀបនឹងលោកបានទៀតឡើយ។ ទោះបី ជា កំណាព្យរបស់ភិរម្យង៉ុយ ត្រូវបានលើកយកចុះផ្សាយជាច្រើនមកហើយយ៉ាងណាក្ដី ក៏អត្ថបទអក្សរសិល្ប៍កំណាព្យនេះ ហាក់នៅតែ ល្បីលេចធ្លោរស់រវើក នៅថ្មីៗជានិច្ច។

[ច្បាប់កេរកាលថ្មី] : នៅក្នុងការកត់ត្រាពាក្យបណ្ឌាំក្រមង៉ុយយើង ឃើញមានបទកំណាព្យមួយបទ អោយឈ្មោះថា «ច្បាប់កេរកាលថ្មី» តែងជាបទកំណាព្យពាក្យ៧ ព្រះភិរម្យង៉ុយ លើកឧទានចារចែងប្រាប់ថា ជាបទរបស់ព្រះព្រហ្មដ៏មានប្រាជ្ញា ប្រាយអធិប្បាយទូន្មានដល់កូន ចៅប្រុសស្រី អោយមានសតិភ្ញាក់រលឹក ប្រកបកិច្ចការងារផ្សេងៗ អោយមានចិត្ដសុភាពរាបសា ចេះច្បាប់ដឹងខុសដឹងត្រូវ ចេះគោរពឱន លំទោនចំពោះមាតាបិតារបស់ខ្លួនជាមូដ្ឋានចាំបាច់ទៀតផង។

     តាមបទកំណាព្យទូន្មាននេះកវីង៉ុយ បានលើកប្រៀបធៀបអំពីកិរិយាបុត្រ ៣ប្រការដែលមានចែងនៅក្នុងគម្ពីរបាលី ព្រះពុទ្ធសាសនា មក អធិប្បាយប្រៀបធៀបទូន្មានកូនចៅប្រុសស្រីសណ្ដាប់ថា៖
បុត្រទី១ មានឈ្មោះថា អវជាតិបុត្រ ជាបុត្រដ៏ព្រហើន ខូចកោងកាចដ៏ខ្លាំងអស្ចារ្យ តាំងពីក្មេងអវជាតិបុត្រ មិនចូលចិត្ដរៀនសូត្រសិក្សា ចំណេះវិជ្ជាអ្វីឡើយ ភាពល្ងិតល្ងង់ ធ្វើអោយអវជាតិបុត្រ ភ្លេចជាតិកំណើតខ្លួន មិនស្គាល់គុណស្គាល់ទោសអ្វីឡើយ ហើយពោលតែពាក្យ អសុរសទ្រគោះបោះបោក ចំពោះមាតាបិតារបស់ខ្លួន ទាំងប្រព្រឹត្ដតែអំពើអាណាចារ្យ បៀនបៀនរំខានដល់អ្នកដទៃឥតឈប់ឈរ។

     បុត្រទី២ មានឈ្មោះថា អនុជាតិបុត្រ ជាបុត្រដែលមានចរិកស្លូតបូតសុភាពរាបសា ស្វែងរកការសិក្សារៀនសូត្រគ្រប់ប្រការ​ ការរៀន សូត្រច្រើន ធ្វើអោយអនុជាតិបុត្រ មានការចេះដឹងវិជ្ជាការក៏ច្រើន ហើយប្រកបកិច្ចការបានយ៉ាងល្អព្រពៃ ព្រោះចេះច្បាប់ដឹងខុសដឹងត្រូវ គោរពដើរតាមគន្លងដំបូន្មានមាតាបិតាជានិច្ច ។

     បុត្រទី៣ អតិជាតិបុត្រ ជាបុត្រល្អបំផុត បរិសុទ្ធដោយសីលទាន ហើយដឹកនាំឳពុកម្ដាយអោយចូលទៅរកក្ដីសុខ គឺព្រះនិពាន្ដបាន។

     កិរិយាកូន ៣ប្រការដែលកវីង៉ុយ លើកពោលនៅក្នុងបទកំណាព្យកេរ្ដកាល យើងសង្កេតឃើញកវីរូបនេះ យកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងការអប់រំដល់កូនចៅប្រុសស្រី ឲ្យរក្សាកាយវាចាចិត្ដ ឲ្យមានរបៀបរៀបរយ ធ្វើចិត្ដឲ្យមានលំនឹងមាំមួន ធ្វើខ្លួនឲ្យមានសេចក្ដីចេះដឹង ច្រើន ហើយពង្រឹង​ជំហរ​ខ្លួនឲ្យរឹង​ប៉ឹង​ក្នុង​ឋានៈ​ព្យាយាម​លើ​ឋានៈ របស់​ខ្លួន​ឲ្យ​រស់​នៅ​ក្នុងកំរិត​ខ្ពស់ ប្រកប​ដោយ​ការ​ខិត​ខំ​តស៊ូ​យ៉ាង​មោះ​មុត ហើយដែលជាមូលដ្ឋានសីលធម៌ដ៏ចំបងបំផុត ក្នុង​ការ​ជួយ​រិះ​រក​មធ្យោ​បាយ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជាប់​ចិត្ដ​ស្រលាញ់​យុត្ដិធម៌​នៃ​សង្គម និយមគុណ​ធម៌​ល្អ ទាំង​ក្នុង​ទី​ស្ងាត់​កំបាំង ទាំង​ក្នុង​ទី​ប្រជុំ​ជន ដើម្បី​សន្ដិសុខ​នៃ​ជីវត​មនុស្ស​ក្នុង​សង្គម និង​សន្ដិភាព​សកលក្នុង​លោក មនុស្ស​ ត្រូវតែ​រស់​នៅ​ដោយ​អាស្រ័យ​សង្គម ឬមាន​សង្គម​ល្អ ទើប​រស់​នៅ​បានប្រពៃ។

[ពាក្យកាព្យប្រដៅជនប្រុសស្រី] : ក្នុងពាក្យកាព្យប្រដៅជនប្រុសស្រី កវិង៉ុយ មិនមែនគ្រាន់តែធ្វើការដាស់តឿន ប្រជាជនគ្រហស្ថ ធម្មតាៗ ឲ្យជឿគោរពបូជាចំពោះពុទ្ធសាសនាប៉ុណ្ណោះទេ នៅក្នុងនោះ យើងឃើញកវីរូបនេះ យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះវត្ដវ៉ាអារាម ហើយពោលរំលឹកដាស់តឿនដល់ព្រះភិក្ខុ សង្ឃសាមណេរឲ្យខំសិក្សារៀនសូត្រធម៌អាថិ គោរពបទវិន័យឲ្យបានទៀងទាត់ត្រឹមត្រូទៅតាមក្រិត ក្រមអោយបានល្អប្រសើរទៀតផង។

     តាមរយបទកំណាព្យនេះ កវីង៉ុយ គឺជាអ្នកកាន់ព្រះពុទ្ធសាសនាម្នាក់យ៉ាងខ្ជាប់ខ្ជួន ហើយចាំធម៌អារ្យ វិន័យ ត្រៃសិក្ខាយ៉ាងជាក់ច្បាស់ទៀតផង។ បន្ទាប់ពីធ្វើបទនមស្សការ កវីង៉ុយ បានធ្វើការក្រើនរំលឹក ជនប្រុសស្រី អោយប្រកាន់ត្រៃសរណគមន៍បី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាមូដ្ឋាន ហើយអោយនាំគ្នាខំលះបង់អំពើបាប ទុច្ចរិត អាក្រក់ទាំងឡាយ នាំគ្នាធ្វើអំពើល្អ ធ្វើបុណ្យ រក្សាសីលឲ្យបានជានិច្ច។ សន្ដោសប្រោសប្រណី មានចិត្ដ មេត្ដាករុណា ចំពោះជីវិតសត្វលោក មិនឆរបោក មិនលួចមិនប្រព្រឹត្ដនូវអំពើអាណាចារ្យ មិនពោលពាក្យកុហក មិនសេពសុរា ដែលជាប្រភពនៃសេចក្ដីស្រវឹងទាំងឡាយ​។ ទូន្មានរំលឹកជនប្រុសហើយកវីង៉ុយ បានលើកក្រើនរំលឹកដល់ព្រះសង្ឃ សាមណេរ ដោយលើកយកបាតិមោក្ខសំវរសីល ដែលមានសិក្ខាបទទាំង២២៧ ជាមូដ្នាន អោយឧស្សាហ៍សិក្សារៀនសូត្រ អោយប្រព្រឹត្ដទៅតាមវិន័យ កុំធ្វេសប្រហែសធ្វើអោយគន្លងនូវអាបត្ដិទាំងឡាយ ដែលជាប្រភពសៅហ្មងនៃបរិសុទ្ធសីល​។

     តាមការកាតកត់សំគាល់របស់កវីង៉ុយ អ្នកបួសខ្លះមិនខំសិក្សារៀនសូត្រ ប្រព្រឹត្ដខុសវិន័យក៏មានច្រើនមិនតិចដែរ ក៏មានទំនាស់ទាស់ទែង គ្នាអំពីវិបត្ដអក្សរសាស្ដ្រដែលព្រះអង្គខ្លះប្រកាន់ បាលី សំរាយ សូត្រធម៌ យោ ជា យ៉ោ ជាដើម ហើយវិបត្ដបែបនេះ ក្លាយជាទំនាស់យ៉ាងធំរ ហូតលោកសង្ឃចែកកុដិចែកអារាមគ្នាទៀតផងក៏មានដែរ ពេលជួបគ្នាម្តងៗ មិនមែនត្រឹមតែលោកសង្ឃទេ សូម្បីឆ្កែលោកសង្ឃ យោ និង យ៉ោ ក៏គ្រហឹមដាក់គ្នាយ៉ាងគួរអោយព្រឺឆ្អឹងខ្នងដែរ។ ទំនាស់ដែលប្រព្រឹត្ដឆ្មើងឆ្មៃ ខុសច្បាប់ខុសវិន័យ មានអាស្មិមានៈពេញខ្លួននេះ ភាគច្រើន ច្រើនជាមេ ជាគណ ឬព្រះចៅអធិការតែម្តង។

     អញ្ចឹងហើយ ពាក្យកាព្យប្រដៅជនប្រុសស្រីនេះ ជាសពាក្យដាស់តឿនយ៉ាងសំខាន់ ទាំងគ្រហស្ថ ទាំងភិក្ខុសង្ឃ ហើយបើទោះជាពាក្យ កាព្យនេះ មានអាយុកាលយូរណាស់មកហើយក្ដី ក៏ពាក្យកាព្យនេះហាក់នៅថ្មីៗជានិច្ច ព្រោះអ្នកកាន់ព្រះពុទ្ធសាសនានៅតែមាន អ្នកប្រព្រឹត្ដ ខុស ព្រោះមិនយល់ច្បាប់វិន័យក៏មានមិនតិច។ សូមប្រជាជនប្រុសស្រីទាំងឡាយ សូមព្រះសង្ឃសាមណេរគ្រប់វត្ដ ចំរើនក្នុងព្រះពុទ្ធសាសនា តរៀងទៅ។

-----------------------------------------------------------