បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 17:24

   អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ចាស់​បូរាណ​​ខ្មែរ​យល់​​យ៉ាង​ច្បាស់ ហើយ​រិះ​រក​វិធី​អប់រំ​កូន​ចៅ​តាម​បែប​សិល្បៈ​មហោ​ស្រព មាន​កំណាព្យ​បទ​បំពេ ជា​បទ​ព្រហ្មគីតិ ឬ​បទ​កាក​គតិ ​ដែល​ដាក់​រួម​ចូល​គ្នា ហៅ​ថា ច្បាប់​ផ្សេង​ៗ​នេះ​ឯង​ ​ហើយ​ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​ទាញ​យក​អត្ថ​ន័យ​ទាំង​នោះ​មក​ធ្វើ​ជា​គតិ​ដាស់​តឿន​រំលឹក​ទូន្មាន​ខ្លួន​តែ​ម្ដង​។ ថ្វី​ត្យិត​តែ​អ្នក​សិក្សា​សម័យ​ថ្មី​ ​មិន​បាន​ទន្ទេញ​បទ​កំណាព្យ​ទាំង​នេះ​ចាំ​បាន​រត់​មាត់​ទាំង​អស់​ក៏​ដោយ ក៏​គេ​នៅ​ចាំ​ត្រង់​វគ្គ​ខ្លះ​បាន ហើយ​លើក​យក​មក​សូត្រ​ក្រើន​រំលឹក​ទូន្មាន​ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ​។

ច្បាប់ហៃមហាជន
ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 13:15

1 - ហៃមហាជនសប្បុរសទោះស្រីប្រុសកបកិរិយា គួរគិតយកប្រាជ្ញា ចងចាំជាប់ជាគន្លង។
មានច្បាប់ពីបូរាណលោកទូន្មានតែងទុកឲ្យ ជនជាតិនៅឯក្រោយចងជាច្បាប់ទុកគ្រប់ប្រាណ។
ធម្មតាអ្នកចិត្តល្អពុំដែលក្រខ្សត់ប៉ុន្មាន ទេព្តាជាប្រធានតែងចម្រើនសុខឥតសៅ។
បើធ្វើចិត្តអាក្រក់ដើរលួចឆក់លោកសៅដៅ ទ្រព្យនោះណាបាត់ទៅដូចអគ្គីឆេះរោលរាល។
5 - ទេព្តានឹងផ្តន្ទា ឲ្យវេទនានៅកណ្តាល នរកទុក្ខអម្បាលលំបាកណាស់ណ៎ាអ្នកអើយ។
សម្បត្តិក្នុងលោកីបរលោកក្តីពុំត្រាស្បើយ ទុក្ខដច្រើនពេកណាស់ហើយតែងនឹងរងកម្មវេរា។
បើចង់ឲ្យបានសុខឲ្យវិតក្កក្នុងចិន្តា ខិតខំពិចារណា នឹងចរចាមានមេត្រី។
បើចង់បានជាធំនោះឲ្យខំរៀនសេចក្តី ឲ្យច្បាស់តាមបាលីកេរ្តិ៍គម្ពីរច្បាប់ធម៌អាថ៌។
កុំអាងតែស័ក្តិបុណ្យចិត្តលោភលន់លើតម្រា រីបុណ្យនោះអសារ ទ្រព្យធនណាអន្តរាយ។
10 ចេះចាំក្នុងសេចក្តីមានមេត្រីពាក្យបរិយាយ មេត្តាអ្នកទាំងឡាយ អ្នកនោះនឹងជួយឲ្យពរ។
កុសលនោះទ្រទ្រង់ជួយឲ្យគង់ស័ក្តិយសល្អ នោះនឹងចូលអាករទ្រព្យធនមកពីជិតឆ្ងាយ។
បើកាន់កាប់ដោយធម៌ ស័ក្តិយសល្អឃើញសប្បាយ ទ្រព្យធនផងទាំងឡាយ ទុកឲ្យកូនចៅឆីបាន។
គួរគន់គិតរំពឹងរិះជញ្ជឹងមើលប្រមាណ កុសលព្រេងនោះមាននឹងខំថ្វីពេកអម្បាយ។
ច្បាប់ធម៌ពីបុរាណ មាននិទានជាបរិយាយ គម្ពីរចោទចែងចាយទូន្មានមកទុកឲ្យស្តាប់។
15 កុំខំហួសវាសនាកុំចរចាចោលឯច្បាប់ កុំប្រឹងចោលសណ្តាប់កុំបន្លប់ចោលឯខ្នាត។
ធ្វើអ្វីគួរឲ្យគិតមើលពិនិត្យដោយបទបាឋ គប្បីឲ្យសង្វាតកុំឲ្យខាតប្រយោជន៍ខ្លួន។
ទៅមុខប្រយ័ត្នក្រោយ​ កុំឲ្យធ្លោយគិតឲ្យមួន ការអ្វីមើលឲ្យថួន ឲ្យត្រូវជួននឹងរាជការ។
កុំអាងថាខ្លួនចេះអួតចំណេះមានប្រាជ្ញា ឲ្យដឹងពិចារណាព្រឹទ្ធាចារ្យនូវតូចធំ។
រីក្នុងជាតិនេះនៃទោះប្រុសស្រីឲ្យគួរសម ទើបបានធ្វើជាធំនិយាយលើគេនោះបាន។
20 ដូចអង្គព្រះអាទិត្យ ដ៏មានឫទ្ធិជាប្រធាន ពន្លឺភ្លឺសព្វស្ថាននោះពុំបានចន្លោះឡើយ។
គិតឃើញគួររំពឹងកុំស្ងៀមឈឹងឈប់ព្រងើយ កុំស្ងៀមធ្វើកន្តើយខ្លួនធំហើយត្រូវត្រួតត្រា។
បើស្ងៀមពុំរិះគិត នឹងងងឹតដូចយប់ណ៎ា ធ្លាយធ្លុះខុសខូចការ​រីទោសាដិតដល់ខ្លួន។
ហេតុតែពុំពិនិត្យដោយសុចរិតតាមច្បាប់ក្បួន ធ្លុះធ្លាយឲ្យខូចខ្លួននោះនៃជួនដូចព្រឹក្សា។
ដើមឈើដុះក្នុងព្រៃ តូចធំក្តីច្រើនត្រៀបត្រា ឲ្យជ្រៃនៅដោយសារ គិតខុសការខ្លួនអប្រិយ។
25 ជ្រៃឥតអសុរោះដូចមនុស្សអន្យតិរ្ថិយ តែងតែមានឲ្យភ័យ អាប់អន់អស់អង្គរូបា។
បើស្តីឲ្យពិនិត្យពាក្យណាពិតសឹមចរចា កុំចាត់ដោយមុសាកុំពាលោដោយក្បួនច្បាប់។
រក្សាកេរ្តិ៍មារយាទ កុំឲ្យឃ្លាតនៃសណ្តាប់ មានក្នុងគម្ពីរស្រាប់គួរខំរៀនរក្សាខ្លួន។
រក្សាអស់ទ្រព្យធនយសស័ក្តិបុណ្យឲ្យមាំមួន ដោយតេជតេជៈខ្លួន កេរគម្ពីរទូន្មានទុក។
បើចង់ធ្វើមេបា​ឲ្យឧស្សាហ៍នៅភូមិស្រុក ចង់បានប្រាណស្រណុកច្បាប់ចងទុកឲ្យរៀនគិត។
30 បើបានងារស័ក្តិយសបើចង់គង់សម្បត្តិ ចិត្តឲ្យស្មោះនឹងមហាក្សត្រច្បាប់លោកថាកុំសូវចាយ។
បើចង់ធ្វើជាហោរឲ្យរៀនគូរលេខទំនាយ ចង់សងគុណទាំងឡាយបើនិយាយឲ្យបរមត្ថ។
បើចង់ឲ្យបរិសុទ្ធឲ្យលំអុតកេរ្តិ៍មារយាទ បើចង់រក្សាញាតិកុំឲ្យឃ្លាតទីប្រតិបត្តិ។
បើចង់ឲ្យបានសុខចៀសចាកទុក្ខឲ្យកំណត់ បើស្តីៗតាមបទបើឃើញពុតកុំក្រេវក្រោធ។
សន្តាននៅក្នុងស្រុកអំពល់ទុក្ខកុំពិរោធ គង់តែគេនឹងកោតខ្លាចអំណាចអំណត់នោះ។
35 បើចង់ឲ្យអប្រិយបង្កើតក្តីអាក្រក់ឈ្មោះ បើចង់ឲ្យត្រូវខ្នោះនោះឲ្យគិតធ្វើជាចោរ។
សេចក្តីនេះមានច្រើន រាប់រយពាន់ក្នុងនគរ និទានច្បាប់ទុកមក៍គ្រាន់តែមើលដឹងសេចក្តី។
ឲ្យគិតពិចារណាដោយប្រាជ្ញាញាណវាងវៃ ត្រិះរិះអធ្យាស្រ័យគួរឲ្យគិតរក្សាកាយ។
រីលោកមានស័ក្តិយស បុណ្យខ្ពង់ខ្ពស់ធំទូលាយ អ្នកតូចកុំមើលងាយកុំផ្ទឹមកាយនឹងលោកឡើយ។
បើស្តីឲ្យមានក្រែងកុំជល់ជែងពាក្យលោកឡើយ តតបថែមរឿយៗមានទោសហើយខ្លួនអាស្រូវ។
40 ដូចអ្នកចេះពុះអុសពុំដែលខុសសុទ្ធតែត្រូវ អុសសាញដូចម្តេចកូវត្រូវដដែលសឹងបែកបាន។
ហេតុនេះគួរប្រយ័ត្នតាមព្រះក្រឹត្យធម៌ទូន្មាន កុំបីធ្វើបំពានរក្សាប្រាណកុំបីធ្លោយ។
បើខឹងដូចម្តេចក្តីប្រុងស្មារតីកុំឲ្យធ្លោយ ខឹងនោះនឹងខុសក្រោយ ខឹងនោះឲ្យមានទោសា។
ទោសឲ្យបង់ស័ក្តិបុណ្យបង់ទ្រព្យធនភរិយា មានកាលក្ស័យជន្មាដល់អាត្មាសោតសឹងមាន។
បីដូចសត្វមមាចកាន់ចិត្តកាចទ្រូស្តសាមាន្យ ហ៊ានហើរដល់ពុះពានព្រះអគ្គីឆេះឆាប់ក្រៃ។
45 ហេតុនេះគួររិះគិតគួរចូលចិត្តកុំសង្ស័យ គួរប្រឹងប្រុងស្មារតីតាមវិន័យច្បាប់ធម៌ថា។
ទោះផ្តាំព្រះមហាក្សត្រទាំងព្រាហ្មណ៍ព្រឹទ្ធនូវយោធា ទោះផ្តាំព្រះមាតាព្រះបិតាជាប្រធាន។
ឲ្យដឹងកលកិច្ចការ​ មើលអធ្យាស្រ័យប្រមាណ បើលោកព្រះទ័យក្សាន្តមានសេចក្តីសុំចរចា។
កលមួយលោកនិយាយអ្នកជិតឆ្ងាយពីរាជការ ស្តីលលេងក្តីណា កុំចរចាកាន់លោកឡើយ។
ទោះបីលោកសប្បាយឈប់និយាយនោះស្រេចហើយ តាមហេតុនោះអ្នកអើយកុំចរចាការអ្វីៗ។
50 មួយលោកនឹងស្តីផងចូរចាប់ចងចាំសេចក្តី កុំបីភ្លេចឡើយនៃពាក្យបណ្តាំគ្រប់ប្រការ។
មួយបើគ្រូបាធ្យាយឪពុកម្តាយនូវយោធា ព្រះមហាក្សត្រក្តីណាលោកមានការក្រជាងាយ។
លោកប្រើឲ្យទៅមើល៍សព្វសារពើការទាំងឡាយ ទោះការនៅជិតឆ្ងាយគួរពិនិត្យមើលឲ្យជាក់។
ឲ្យដឹងការវែងខ្លីតូចធំក្តីទោះមាសប្រាក់ ពិនិត្យមើលឲ្យជាក់ក្នុងបញ្ជីជាចំណាំ។
ទោះបីឥតដំណឹងការពុំដឹងភ្លេចពុំចាំ ទោះនឹងធ្វើជាធំស្តីលើគេសោតពុំបាន។
55 បើដឹងការកលអ្វី ចាំកុំភ្លេចក្នុងវិញ្ញាណ ទើបធ្វើជាធំបានហេតុដោយមានមារយាទល្អ។
បើលោកមានក្រេវក្រោធស្តីពិរោធខឹងវឹកវរ ជេរពោលបន្ទោសមក៍តាមដំណើរដែលខ្លួនធ្វើ។
កុំប្រឹងតបតឆ្លង ឆ្លើយសាសងកេរដំណើរ ពាក្យពេចន៍សព្វសារពើប្រឹងប្រកែកជជែកឈ្លោះ។
ប្រៀបដូចជាភ្លើងឆេះ ដំណើរនេះចំចំពោះ កុំខឹងប្រកែកឈ្លោះនឹងភ្លើងនោះពុំឈ្នះឡើយ។
មួយដូចដំណើរខ្លួនអ្នកធំគួនពុំត្រាស្បើយ ដូចភ្លើងឆេះឯងហើយគួរចូលចិត្តគិតចងចាំ។
60 គួរតែយកទឹកទៅ លត់ភ្លើងក្តៅតាមចំណាំ សោះលោកខឹងមួនមាំយកអំណត់ទើបលត់បាន។
អត់ចាំលោកបាត់ក្រោធខឹងពិរោធលុះស្រាកស្រាន្ត កុំថែមដោយដើមដាន ដំណើរនោះជាឯក្រោយ។
លោកនឹងកោតថាចេះមានចំណេះមិនថ្លស់ធ្លោយ លោកគិតអាណិតក្រោយឃើញដឹងដោយសេចក្តីត្រង់។
លោកថាខ្លួនចេះអត់​ មានអំណត់មិនល្ងើល្ងង់ នោះលោកនឹងតម្រង់ឲ្យកេរ្តិ៍គង់កើតសុខា។
ទោះបីលោកអាណិតខំរិះគិតពិចារណា រិះរេរកប្រាជ្ញារក្សាខ្លួនដោយក្រឹត្យក្រម។
65 យកលោកជាទីពឹងលើពំនឹងលោកជាធំ គួរគិតឲ្យគួរសមទោះដេកដើរអង្គុយក្តី។
ឲ្យមានទីប្រតិបត្តិ គួរប្រយ័ត្នប្រុងស្មារតី ទោះទ្រព្យលោកថោកថ្លៃ គន់រំពៃមើលរក្សា។
ខ្លួនពឹងលើលោកហើយកុំព្រងើយប្រហែសការ ប្រយ័ត្នប្រុងប្រាជ្ញាតាមសណ្តាប់ច្បាប់ប្រដៅ។
ប្រៀបដូចដើមឈើធំវល្លិដុះរុំព័ទ្ធពីក្រៅ វល្លិសូមសំណាក់នៅ ដើមឈើនោះដុះខ្ពស់ផង។
វល្លិខ្ពស់ព្រោះគុណឈើវល្លិព័ទ្ធលើនោះ​ឯងហោង វល្លិវារព័ទ្ធទាក់ទងមានផ្លែផ្កាច្រើនក្រាស់ក្រៃ។
70 ឈើដូចលោកមានបុណ្យវល្លិដុះព័ទ្ធពាក់ប្រស្រ័យ ដូចអ្នកតូចនោះនៃគួរគិតកុំភ្លេចគុណឡើយ។
បើអ្នកណាដឹងគុណកុសលបុណ្យចម្រើនឲ្យ បើភ្លេចគុណគេហើយបាបផ្តន្ទាឃើញថ្មីៗ។
បរលោកមើលមិនយល់ឃើញដឹងកលកេរ្តិ៍លោកី ដឹងគុណពុំភ្លេចក្តី ដូចប្រុសស្រីដឹងស្រាប់ហើយ។
ហេតុនោះគួររេគិតរិះពិនិត្យកុំព្រងើយ កុំធ្វេសប្រហែសឡើយគុណនោះស្មើយានជំនិះ។
ឈ្មួញទឹកពិតពឹងទូក រីឈ្មួញគោកពឹងរទេះ សំណាងពឹងចំណេះប្រាជ្ញប្រាយចេះពឹងគម្ពីរ។
75 ព្រះសង្ឃពឹងវិន័យសត្វភពត្រៃពឹងធរណី សេនាពឹងរិទ្ធីឯអ្នកជីពិតពឹងវត្ត។
រីមូលពឹងក្រឡឹង រីឯត្រង់ពឹងបន្ទាត់ កិរិយាពឹងសម្ពត់រីបរិសុទ្ធពិតពឹងសីល។
សត្វត្មាតពិតពឹងរុយសាច់សត្វស្អុយពឹងអំបិល មង្គលការពឹងពពិល រក្សាសីលពិតពឹងទាន។
ទានមានគុណប្រសើរទោះនឹងធ្វើបុណ្យសឹងបាន ជូនឧទ្ទិសសព្វស្ថានផលបុណ្យបានដូចប្រាថ្នា។
រីទាននោះមានច្រើនរាប់រយម៉ឺនក្នុងសីមា ក្រមានអ្នកឯណានឹងស្គាល់ទានឲ្យគ្រប់ឡើយ។
80 ទោះបីអ្នកឯណាមានវាសនាប្រាកដហើយ ប្រតិបត្តិទានជាត្រើយទានទ្រទ្រង់ទាំងភពត្រៃ។
ថាបើបានប្រតិបត្តិទានប្រាកដហើយប្រពៃ បីដូចស្ថានកែវថ្លៃកែវនៅក្នុងដួងផ្កាល្វា។
ទានជួយឲ្យបានសុខរួចនរកបានសុខា សុខនៅលោកីណាសុខដល់សួគ៌និព្វានហោង។
ពំនឹងពំនាក់នៅពឹងឲ្យត្រូវតាមគន្លង ពឹងខុសពឹងសៅហ្មងនឹងខូចខាតខ្លួនអន្តរាយ។
ជ្រូកស្រុកពិតពឹងមនុស្ស ទុកចិត្តស្មោះថារសាយ យូរទៅកើតដល់កាយរងទុក្ខទល់ប្រាស់ព្រាត់គ្នា។
85 មួយដូចគោក្របីសេះដំរីនូវមាន់ទា នៅនៃនឹងមនុស្សាយូរប្រែជាសត្រូវផង។
មានកាលលក់បង្រាសឲ្យព្រាត់ប្រាសពីមេពង ជួនក្ស័យជីវិតផងហេតុបំណងខុសថ្នាំងថ្នាក់។
កង្កែបគីង្គក់ហ៊ីង អរឃើញភ្លៀងស្រក់សស្រាក់ នាំគ្នាស្រែកឮជាក់លោតលេងសាយកាលភ្លៀងនៅ។
លង់លុះដល់ភ្លៀងរាំងដីរឹងគាំងស្ងួតទាំងស្មៅ កង្កែបហ៊ីងអាសៅនេសាទទៅចាប់វាយឆី។
កង្កែបហ៊ីងលាក់ខ្លួនជ្រកពឹងពួនក្នុងធរណី គេតាមទាន់ចាប់ឆី លុះជីវីក្សិណក្ស័យហោង។
90 ក្ស័យចោលកូនតូចៗ ខុសខាតខូចបង់ទាំងពង ព្រាត់ព្រាយប្រាសចោលរូងត្បិតខំស្រែកសម្រែកខ្លាំង។
ហេតុនោះគួររិះគិត ប្រុងគំនិតកុំភ័ន្តភាំង គួរយកព្រះធម៌តាំង ទូន្មានចិត្តតាមនិទាន។
បើកាន់ចិត្តអាក្រក់ដូចឈើពុកស្ថិតសព្វស្ថាន ពុកពីបណ្តូលប្រាណសឹងបាក់បែករហែកដើម។
ជ្រុះស្លឹងជ្រុះផ្លែផ្ការែងវេទនាឃើញសម្បើម ហេតុនោះគួរឲ្យខ្ពើមចិត្តអាក្រក់កុំទុកប្រាណ។
ទុកយូរបន្តិចទៅជួនក្រែងត្រូវតាមនិទាន នឹងកើតក្តីរំខានកុំឲ្យប្រាណរោយរេចអស់។
95 កុំកាន់ចិត្តរិស្យាកុំចរចាចោលសប្បុរស ឥតទោសកុំថាខុសអ្នកចិត្តស្មោះកុំបញ្ឆោត។
ផ្គរលាន់ឮគគ្រេងកុំអួតភ្លៀងថាធ្លាក់មក ក្រែងខ្យល់ផាត់បក់បោកច្រានពពកមេឃស្រឡះ។
គិតការគួររំពឹងមើលសំឡឹងឲ្យជាក់ច្បាស់ គិតការកុំចោលចាស់ជួនក្រែងទាស់នឹងខុសក្រោយ។
បើជនជាតិឯណាមានវាសនាបុណ្យលោកជួយ កាន់ច្បាប់ខ្ជាប់មិនធ្លោយកុសលឲ្យបានសុខា។
ឲ្យបានសុខទាំងបី សុខលោកីសុខសួគ៌ា សុខដល់និព្វានណ៎ាច្បាប់ធម៌ថាសុខស្រេចហោង។
 ----ចប់----