បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 17:45

   អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ចាស់​បូរាណ​​ខ្មែរ​យល់​​យ៉ាង​ច្បាស់ ហើយ​រិះ​រក​វិធី​អប់រំ​កូន​ចៅ​តាម​បែប​សិល្បៈ​មហោ​ស្រព មាន​កំណាព្យ​បទ​បំពេ ជា​បទ​ព្រហ្មគីតិ ឬ​បទ​កាក​គតិ ​ដែល​ដាក់​រួម​ចូល​គ្នា ហៅ​ថា ច្បាប់​ផ្សេង​ៗ​នេះ​ឯង​ ​ហើយ​ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​ទាញ​យក​អត្ថ​ន័យ​ទាំង​នោះ​មក​ធ្វើ​ជា​គតិ​ដាស់​តឿន​រំលឹក​ទូន្មាន​ខ្លួន​តែ​ម្ដង​។ ថ្វី​ត្យិត​តែ​អ្នក​សិក្សា​សម័យ​ថ្មី​ ​មិន​បាន​ទន្ទេញ​បទ​កំណាព្យ​ទាំង​នេះ​ចាំ​បាន​រត់​មាត់​ទាំង​អស់​ក៏​ដោយ ក៏​គេ​នៅ​ចាំ​ត្រង់​វគ្គ​ខ្លះ​បាន ហើយ​លើក​យក​មក​សូត្រ​ក្រើន​រំលឹក​ទូន្មាន​ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ​។

ច្បាប់រាជនេតិ ឬ ច្បាប់ព្រះរាជសម្ភារ
ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 11:36

1ហៃសាធុជនផងនេះគឺចំណងបទបាលីថា
គម្ពីររសធម៌អាណាក្រិត្តិកាគួរគប្បីមហា
ជនផងត្រងត្រាប់។
ធម៌នេះដំបូន្មានរួមរក្សាប្រាណអោយបានក្តីគាប់
ដ៏លោកបរលោក​ហៅរកពុំស្លាប់ធម៌នេះជាច្បាប់
ក្តីគាប់បរិយាយ។
កុំទុកចិត្តបរទេសកុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ
ប្រើស្ទំលែងខ្ពស់ រំពឹងអោយឆ្ងាយស្តាប់ពាក្យបរិយាយ
បណ្តិបមេជី ។
កុំងឿងដោយខ្យល់ កុំឱនពាក្យពលកុំខ្វល់ដោយស្រី
កុំកាន់ពិសយង់គប់នឹងស្រ្តីសមណៈជនជី
កុំអោយក្តីត្រូវ។
5កុំនៅញុំាងឈ្លោះកុំស្តាប់អសុរោះកុំស្តាប់អាស្រូវ
កុំដើរពានស្កុនកុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ
នៅផ្លូវដំរី។
ផ្អែមពីរប្រការចំណីនៅដាលកុំអាលអោយឆី
ផ្អែមមួយពាក្យពាលរែងរាលរកក្តីផ្អែមមួយពាក្យស្រី
ស្រដីមាយា។
ពាក្យគ្រូរែងរឹងស្រារែងស្រវឹង ពុំដែលពិសា
ពាក្យពិតរែងស្លែងពុំពីរោះថាបណ្តិបមេបា
រែងថាពុំគាប់។
ខ្លៅរែងស្អប់ចេះខ្សត់ឥតចំណេះស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់ពាលពិតឥតច្បាប់
រែងស្អប់ប្រដៅ។
ចង់បុណ្យបានបាបចចើងចង់លាភរែងបាត់ធនទៅ
មានៈបាត់មិត្រឥតអ្នកជាផៅក្រេវក្រោធឃោរឃៅ
រមែងបាត់អង្គ។
10ស្វែងគាប់បានយសចង់ស្វែងរបស់ប្រើចេះផ្គត់ផ្គង់
ចង់ធំកុំអួតដើមមានពូជពង្សចង់អោយខ្លួនត្រង់
ប្រើផ្គាប់អ្នកមុខ។
ខ្លែងហើរត្បិតខ្យល់នាយថ្កើងត្បិតពលរក្សាអោយសុខ
ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុក
ត្បិតភរិយាជា។
បាត់យសត្បិតខ្ជិលបាត់ញាណទានសីលត្បិតសេពសុរា
ប្រមាថបាត់បុណ្យខឹងបាត់ប្រាជ្ញាលេញលេងដៀលថា
បាត់ឥរិយាគាប់។
អត់់ឱនឥតទោសធ្វើចិត្តសន្តោសបង្កើតជាទ្រព្យ
មេត្រីជាញាតិរក្សាដល់ស្លាប់ចៀសក្តីពុំគាប់
ជាគន្ធពិដោរ។
ទឹកបាក់ទៅទាបបុណ្យបាត់ត្បិតបាបលាភបាត់ត្បិតឃោរ
ទឹកថ្លាត្បិតរលកពុំយល់ស្រមោលទោសកើតត្បិតពោល
ល្មមមាត់ឈ្លានពាន។
15ខ្លៅរែងស្អប់ប្រាជ្ញនាអ្នកខ្លួនខ្លាចរែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្មុតទ្រុឌរែងធ្វើជាមានអ្នកឥតសន្តាន
រែងមើលគេងាយ។
ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹកត្រឹកពលត្បិតបាយ
សិស្សប្រាជ្ញត្បិតគ្រូជេរពោលដំវាយពលជាត្បិតនាយ
ហ្វឹកហ្វឹមខះខំ។
រៀនក្តីគូរគិតចាស់ឥតប្រព្រឹត្តនៅប្រែច្រឡំ
អ្នកជាជាកាច​តូចប្រែជាធំពង្សពូជឧត្តម
ច្រឡំជារាស្រ្ត។
ឃើញសេះជាលាឃើញក្ងានជាទា ពពាយជាទាស
សំណជាប្រាក់ស្ពាន់ធ្លាក់ជាមាសបង្កួយជាជាស
កប្បាសជាគ។
ហេតុនេះគួរគិតគួររិះរកហិត ដឹងរសគន្ធ
ពិដោរអសុដោរពីសាសាទរ ហិតហើយសឹមប-
រិភោគក្តាក្តិត។
20ល្គឹកលឺពាក្យពេចន៍សាកសួររកសាច់សន្តានព្រេងព្រឹទ្ធ
រករិះកលអ្វី សុចរិតទុច្ចរិតហើយហោងគួរគិត
អោយដឹងខ្ពស់ទាប។
ដូចខ្វាក់បាំងស្បែកមួយដូចទំពែកចង់សុំប្រេងលាប
ដូចថ្លង់ស្តាប់ច្រៀងទះដៃព្រាកៗដូចខ្វិនអាបឡាប
ចង់ចងក្បិនរត់។
ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ
អាចផ្សះផ្សាំងបានកង្វេរកាន់កត់ដាលដេញគោតគត់
ប្រាំមួយហត្ថហោង។
មួយចង់ឈ្នានីសចិត្តចង់ចចេសកុំដោយគន្លង
ពាក្យពោលអ្នកធំច្រឡំសូរសង ពុំគិតក្តីហ្មង
ចង់ចេរអន្តរាយ។
មួយស្រីពេស្យាបំពេញព្រហ្មចា- រីរួសអភិប្រាយ
អំពើទាំងបីហៅពិសពុតព្នាយ សាធុសម្ទាយ
ចៀសកុំបីត្រាប់។
25ប្រាជ្ញពុំស្មើពុតបំរើលំអុត ពុំស្មើក្តីគាប់
មានគុណពុំស្មើអ្នកមានបុណ្យភ័ព្វស្វែងរៀនរកច្បាប់
ពុំស្មើចិត្តជា។
ស័ក្តិពុំស្មើយសអ្នកមានរបស់ពុំស្មើស័ក្កា
សូវបង់ធនធានកុំខុសអាជ្ញាសូវមានរោគា
កុំអោយមើលងាយ។
សូវសុំកុំយកគ្នាស្មើកុំរកដូចបាវនិងនាយ
ខុសគាប់សូវអត់កុំអោយលឺឆ្ងាយក្តីសុខុមទាំងឡាយ
កុំខ្ចាយសូរស័ព្ទ។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណអោយមានក្តីគាប់
សូវបង់ធនធានកុំអោយខ្លួនស្លាប់សូវស្លាប់គួរគាប់
រសធម៌កុំបីបង់។
បណ្តាំមេបា​អម្បូរលោកថា ទូកតាមកំពង់
សំពៅតាមខ្យល់ចង្កូតតម្រង់មេលឹមតែងត្រង់
ត្រីវិស័យជាមុខ។
30ដូចចិត្តប្តីជាដូចមានភរិយានៅផ្ទះស្រណុក
ដូចកូនទទួល យកពាក្យអាពុកដូចខ្ញុំអោយមុខ
អម្ចាស់ប្រើហៅ។
បណ្តាំមេបាអម្បូរលោកថាព្រេងព្រឹទ្ធប្រដៅ
ទើងឆីប្រើរកទើងស្វែងប្រើទៅទើងស្នេហ៍ប្រើហៅ
មិត្រមកជាមិត្រ។
ពាក្យខុសកុំស្តាប់ ក្តីខុសកុំត្រាប់អ្នកប្រាជ្ញកុំផ្តិត
ល្ងង់កុំស្រដីខ្សត់កុំទុកចិត្តពាលោកុំផ្តិត
ជាមិត្រមេត្រី។
ប្រើថ្លឹងអោយស្មើទោះបីនឹងប្រើ ប្រើអ្នកចេះក្តី
កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ កុំយកពាក្យជី
ផ្ទឹមនូវពាក្យពាល។
មើលភ្នែកជញ្ជីងក្នុងចិត្តអោយដឹងណាធ្ងន់ណាស្រាល
កុំយកមណីរ័ត្ន មាសមានជាកាលចិត្តកុំបណ្តាល
នូវបង់សីលធម៌។
35ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាបមានភ្នែកយល់ល្អ
ទោះដឹងទឹកមាសកុំចេរនូវថ្មទោះដឹងដីស
កុំចេរសំបុត្រ។
ធ្វើស្រែមើលស្មៅសន្តានមើលផៅបម្រើមើលពុត
ទោះដឹងពុតជា ពុំចេរពុតត្បុតដឹងចិត្តបរិសុទ្ធ
ពុំចេរឥរិយា។
ទេពីមើលក្រឹត្យក្សត្រាមើលរិទ្ធិ ទាហានមើលចេស្តា
ជាងមើលអំពើអំពីហត្ថាទោះយកភរិយា
មើលនាលំនៅ ។
អសារក្តីបីបណ្តាំមេជីព្រេងព្រឹទ្ធប្រដៅ
អង្ករសសុទ្ធ​​ចម្អិនអោយឆៅពិសីហើយខ្លៅ
ប្រាជ្ញឥតមារយាទ។
អ្នកបួសឥតក្រឹត្យចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ
ភរិយាផុតផាយចាយវាយឥតខ្នាតពពាលសុទ្ធសាធ
ប្រដៅក្របាន។
40ផ្ទះភ្លើងមានបី អំពើពុតស្រីខឹងឥតប្រមាណ
កូនកាចចចេសពុំដោយដំបូន្មានខ្ញុំកាចភៀសប្រាណ
​ពុំអោយម្ចាស់ប្រើ។
ហោរាប្រើគូរ​ ភមូប្រើមូលស្ទង់ទឹកប្រើស្មើ
បន្ទាត់ប្រើត្រង់ពលផ្ចង់គប្បីប្រើពុំហើយគប្បីធ្វើ
កុំលែងគប្បីភ្ងា។
ក្តីកោតមានបីកោតមួយពួកស្រីស្រដីមាយា
កោតមួយពាក្យពិសអាស្រូវជេរថាកោតមួយពាក្យពា-
លោលោកទុជ៌ន។
ពិសពស់នានាកុយខ្នាយទន្តា​ កាលគត់ស្តាប់មន្ត
ត្រង់ពិសពាក្យពាលរោលរាលពុំស្រន់សូម្បីអស់ជន្ម
ក្រមន្តបោសបាន។
ហេតុនោះគួរគិតគួររិះរកហិត​ថ្នាំពិសអោយស្រាន្ត
ដ៏លោកនេះគួររកអ្នកទ្រង់ញាណសេពសាងសីលទាន
ជាថ្នាំលោកី។
45រីថ្នាំបរលោកចៀសចាកទុក្ខសោកបង់បញ្ចិន្ទ្រីយ៍
គប្បីផឹកសត្តតិង្ស-ពោធិបក្ខិយអាចនាំដល់ត្រី-
ពិធសម្បត្តិសារ។
ពិដោរផ្កាបី ពិដោរមេត្រីសួស្តិ៍សីលាចារ
ពិដោរបរិសុទ្ធកុសលសម្ភារ ពិដោរនេះដាល
ដល់សួគ៌ពុំស្បើយ។
ពិដោរផ្កាបី ក្រៃលែងក្លិនភ្ញី ឥតឯល្ហែល្ហើយ​
ដោយខ្យល់ច្រាសខ្យល់នៅត្រើយឆ្លងត្រើយពិដោរពុំស្បើយ
ហៅរសគន្ធា។
ពិសាផ្លែប្រាំ ពិសារសធម៌ពិសាសត្យា
ពិសាសីលទាន ទ្រើសទ្រង់ករុណាពិសារសវា-
ចាចេញមធូរ។
ពិសាផ្លែប្រាំ​ គិតជានាយនាំឥន្ទ្រីយ៍ទៅចូល
ត្រីពិធសម្បត្តិទិព្វរ័ត្នអនុកូលចំណេរទៅចូល
មោក្ខមគ្គាល័យ។
50ធម៌នេះជាច្បាប់ប្រសើរមហាគាប់ឧត្តមពេកក្រៃ
ក្រអ្នកណាបានប្រាជ្ញាឈ្លាសវៃអាចដឹងដោយន័យ
រសធម៌គាថា។
គួរចេះគួរចាំ គួរតាមបណ្តាំទូលទុកសិរសា
ធម៌នេះស្មើក្សីរអម្រឹតធារា សម្តេចភគវា
សាធុប្រោសប្រាណ ។
អ្នកណាបានស្តាប់ អ្នកណាបានត្រាប់អ្នកណាបានធ្យាន
រសធម៌នេះគាប់ជាច្បាប់ទូន្មាន អ្នកនោះស្មើបាន
ដល់និព្វានហោង។
 ----ចប់----