អារម្ភកថា
ថ្ងៃអាទិត្យ ទី8.កញ្ញា 2013.ម៉ោង 9:40

   គោលបំណងដែលចែងយ៉ាងច្បាស់ ក្នុងលក្ខន្ដិករបស់ខ្លួនត្រង់មាត្រា២ វគ្គទី១ សមាគមសម្ដេចជួន ណាត មាន​មុខ​ងារ​ខាង​ផ្សាយ​ស្នា​ដៃ​របស់​ខ្មែរ​ពិត​ប្រាកដ មាន​ស្នា​ដៃ​ខាង​សិល្បៈ និងអក្សអក្សរសិល្ប៍ជាដើម ដើម្បីតម្រូវការតាមនាមសមាគម គឺសម្ដេចជួន ណាត ដែល​ជា​អ្នក​ប្រាជ្ញ​ធំ​របស់​ខ្មែរ​សុទ្ធ​សាធ​។

ភ្នំពេញ ខែសីហា ១៩៧៤
សមាគម សម្ដេចជួន ណាត

សេចក្ដីសង្កេតចំពោះច្បាប់ផ្សេងៗ

   ច្បាប់បុរាណដែលចាស់បុរាណ ចងក្រងទុកមក សំរាប់ប្រៀនប្រដៅពត់ហាត់កាយ វាចា ចិត្ដ របស់បុគ្គល កុលធីតា មានច្រើន​ច្បាប់​ណាស់ ដែល​គេ​ប្រមូល​ផ្ដុំ​គ្នា​មក អោយ​ឈ្មោះ​សរុប​មួយថា «ច្បាប់ផ្សេងៗ»។ ដើម្បីយល់អំពីប្រយោជន៍ និងទ្រង់ទ្រាយច្បាប់ទាំង​នេះ​អោយ​​បាន​​ច្បាស់​លាស់​គប្បី​ធ្វើ​ការ​សង្កេត​ដូច​ត​ទៅ​នេះ៖

១ - ប្រភពដើម

   អត្ថបទច្បាប់ទាំងនេះ សុទ្ធតែគ្មានចុះកាលបរិច្ឆេតអោយយើងដឹងច្បាស់ថា តើនៅក្នុងឆ្នាំណាប្រាកដប្រជា​ទេ តែ​អ្នក​សិក្សា​អាច​សម្គាល់​បាន​ថា ជា​អត្ថ​បទ​កើត​នៅ​ក្នុង​សម័យឧត្ដុង្គ គឺរវាងសតវត្សទី ១៧​-១៨ និង ១៩ ប៉ុណ្ណោះ ដោយសារគេប្រមាណតាម​គោល​គំនិត ពាក្យ​សំដី និង​ទំនៀម​ទំលាប់ ដែល​មាន​ចែង​ក្នុង​អត្ថបទទាំងនោះ។

ក្នុងច្បាប់ផ្សេងៗ គេរកឃើញកំណើតដើមនៃគំនិត តែងតែដកស្រង់បានពីប្រភព ៣គឺ៖
ក -មួយភាគធំ អ្នកនិពន្ធដកស្រង់គំនិតអំពីដំបូន្មានរបស់ព្រះពុទ្ធ (ពុទ្ធឱវាទ) ព្រោះអ្នកនិពន្ធច្រើនតែជាអ្នករៀន​សូត្រ​ជ្រៅ​ជ្រះ​​ខាង​ពុទ្ធ​សាសនា ដ៏​ជា​វិជ្ជា​ជាន់​ខ្ពស់ ក្នុង​កិច្ច​សិក្សា​របស់​ខ្មែរយើងសម័យនោះ។
ខ - អ្នកនិពន្ធស្រង់គំនិតពាក្យសំដី ដែលជាទំនៀមបុរាណ ហើយដែលអ្នកស្រុកចាំមាត់តៗគ្នាមកអធិប្បាយ។
គ -អ្នកនិពន្ធដកស្រង់ការពិសោធន៍ផ្ទាល់ ដែលគេបានជួបប្រទះក្នុងជីវភាពរាស់ថ្ងៃ តែងមានដំណើរត្រូវខ្លះ ខុស​ខ្លះ ដែល​អ្នក​និពន្ធ​និយម​ធ្វើ ការ​សង្កេត ហើយ​ចង​ចាំ​ទុក​មក​ប្រៀន​ប្រដៅ​កូន​ចៅ​តៗ​មក​ទៀត។
អាស្រ័យដោយប្រភពទាំងបីនេះ ទើមន័យក្នុងច្បាប់ផ្សេងៗ មានលាយការហួសសម័យនិយមខ្លះ ខាងផ្នែកទំនៀម​រស់​នៅ ប៉ុន្ដែ​ត្រូវ​ជា​និច្ច​ខាង​គោល​ការ​ណ៍​អប់​រំ រឺ​គោល​សីល​ធម៌​។

២- ន័យខ្លឹមសារ

ច្បាប់ផ្សេងៗ ពត់ហាត់មនុស្សអោយមានចរិយាល្អ ដើម្បីរស់នៅសុខសាន្ដក្នុងសង្គម ដែលច្បាប់ទាំងនេះមានអប់រំតាមន័យផ្សេងគ្នា ដូចជា៖
- អប់រំអោយមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ តាមគន្លងប្រពៃណីជាតិ ដែលជាកេរអរិយធម៌យូរអង្វែងហើយ។
- ដឹកនាំអោយមានប្រាជ្ញាវាងវៃ កាលបើលឺ ឬឃើញបញ្ហាអ្វីមួយកើតឡើងភ្លាម ក៏អាចយកប្រាជ្ញានោះ ទៅដោះ​ស្រាយ​បាន​ភ្លាម​ៗ គ្រប់​ពេល​ដែល​គេ​បាន​ជួប​ប្រ​ទះ ក្នុង​មុខ​របរ ឬក្នុងការងារប្រចាំថ្ងៃ។
- បង្កើនសណ្ដាប់ល្អ ក្នុងរបរស់នៅ តាមគន្លងច្បាប់គ្រប់គ្រងប្រទេស ព្រមទាំងដាស់តឿនក្រើនរំលឹកដល់អ្នកក្រោយៗទៀតផង។
រួមសេចក្ដីទៅ ច្បាប់ផ្សេងៗ ជាកម្រងចំណេះប្រាជ្ញាមនុស្សក្នុងសម័យមួយៗ ដែលជាមធ្យោបាយជួយដោះស្រាយបញ្ហារាយរងក្នុងសង្គម និងរៀបចំគ្រួសារ ឬ​សង្គម​ជាតិ​អោយ​សុខ​សាន្ដ​ល្អ​។

3 -កាលបរិច្ឆេត និង អ្នកនិពន្ធ

   ច្បាប់ផ្សេងៗទាំងអស់ មិនសូវមានចុះកាលបរិចេ្ឆត អោយយើងដឹងច្បាស់ទេ ឯអ្នកនិពន្ធ ក៏សូវបានស្គាល់នាមដែរ ខ្លះគ្រាន់តែដាក់​ប្រាប់​ងារ ឬ ប្រាប់​មុខ​របរ ដូច​ជា​ថា «អរិយសត្ថា» រឺថា «សេដ្ឋី» ជាអ្នកផ្ដើមសរសេរឡើង។ មានតែច្បាប់ប្រុស ច្បាប់ស្រីទេ ដែល​អ្នក​និពន្ធ​ប្រាប់​នាម​ថា «ម៉ឺន​មៃ» ជា​អ្នក​តែង តែ​គ្មាន​បញ្ជាក់​ថា លោក​ជា​មន្ដ្រី​អ្វី​? នៅស្រុកណា? តែងពីឆ្នាំណាឡើយ។

   ច្បាប់ត្រីនេតិ ច្បាប់កូនចៅ និង វិធូបណ្ឌិត ពិតជាកើតពីអ្នកប្រាជ្ញធំដុំណាស់ ព្រោះមានខ្លឹមសារពិសេស ប្រកបដោយ​អត្ថ​ន័យជ្រាល​ជ្រៅ ​ទូលំ​ទូលាយ​។ ច្បាប់​អរិ​យ​សត្ថា ច្បាប់​ក្រម កើតពីព្រះសង្ឃឧជ្ឈាយាចារ្យ ដែលប្រៀនប្រដៅសិស្ស ច្បាប់ពាក្យចាស់ ច្បាប់​ហៃម​ហា​ជន កើត​ ពី​ព្រិទ្ធ​ព្រេង ប្រ​ដៅ​ក្មេង​ៗ តាម​តំរា​បុរាណ ច្បាប់កេរកាល កើតពីអ្នកមានម្នាក់ប្រដៅកូន។ ឯច្បាប់ព្រះរាជសម្ភារ គឺ​ព្រះ​រាជ​សម្ភារ​ខ្លួន​ឯង​ជា​ អ្នក​តែង ហើយ​ទោះ​ជា​លោក​ដាក់​ឈ្មោះច្បាប់នេះថា «រាជនេតិ» តែអ្នកស្រុកនៅតែហៅច្បាប់ព្រះរាជសម្ភារ ដដែល។ សរុប​សេច​ក្ដី​ទៅ​ គឺ​ថា​ វិធី​អប់​រំ​របស់​ចាស់​បុរាណ លោកតែងប្រើតាមមធ្យោបាយអក្សរសិល្ប៍ គឺសរសេរជាពាក្យកាព្យឱយទន្ទេញចាំមាត់ រួច​ហើយ​ស្រង់​យក​ន័យ​ ដែល​ចាំ​មាត់​នោះ​រំលឹក​ទូន្មាន​ខ្លួន​ឯង​តែម្ដងទៅ។ អ្នកសិក្សាសព្វថ្ងៃ នៅតែដកស្រង់យកន័យល្អៗពីក្នុងនេះ មក​ប្រតិ​បត្ដិ​អាច​ត្រូវ​បាន​ជា​ដរាប​ដែរ​ បាន​ជា​គេ​ចាត់​ទុក «ច្បាប់​ផ្សេង៊» ជា​អក្សរ​សិល្ប៍​សាមញ្ញ​មួយ​ផ្នែកខាងការអប់រំមនុស្ស។ Counter