បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 19:04

   អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ចាស់​បូរាណ​​ខ្មែរ​យល់​​យ៉ាង​ច្បាស់ ហើយ​រិះ​រក​វិធី​អប់រំ​កូន​ចៅ​តាម​បែប​សិល្បៈ​មហោ​ស្រព មាន​កំណាព្យ​បទ​បំពេ ជា​បទ​ព្រហ្មគីតិ ឬ​បទ​កាក​គតិ ​ដែល​ដាក់​រួម​ចូល​គ្នា ហៅ​ថា ច្បាប់​ផ្សេង​ៗ​នេះ​ឯង​ ​ហើយ​ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​ទាញ​យក​អត្ថ​ន័យ​ទាំង​នោះ​មក​ធ្វើ​ជា​គតិ​ដាស់​តឿន​រំលឹក​ទូន្មាន​ខ្លួន​តែ​ម្ដង​។ ថ្វី​ត្យិត​តែ​អ្នក​សិក្សា​សម័យ​ថ្មី​ ​មិន​បាន​ទន្ទេញ​បទ​កំណាព្យ​ទាំង​នេះ​ចាំ​បាន​រត់​មាត់​ទាំង​អស់​ក៏​ដោយ ក៏​គេ​នៅ​ចាំ​ត្រង់​វគ្គ​ខ្លះ​បាន ហើយ​លើក​យក​មក​សូត្រ​ក្រើន​រំលឹក​ទូន្មាន​ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ​។

ច្បាប់បណ្ដាំបិតា
ថ្ងៃអាទិត្យ ទី20.កក្កដា 2014.ម៉ោង 9:41

នេះបទកាកគា តិទើបចងជា ច្បាប់ច្បាស់ទូន្មាន
តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ ប្រាជ្ញលោកនិទាន
ប្រដៅបុត្រភ្ងា។
ហៃកូនពន្លក ស្ងួនអើយមាសយក បណ្ដាំបិតា
ឯពុកនោះចាស់ ឥតអ្វីអោយបា ស្ងួនអើយរក្សា
ពាក្យឯពុកនៅ។
អោកូនកំសត់ រៀនអោនរៀនអត់ រៀនគិតក្នុងក្រៅ
រៀនអោនលំទោន កុំអោយហ្មងសៅ ដល់ខ្លួនកូនពៅ
កេរ្ដិ៍ដល់ឯពុក។
ដឹងឆ្លើយត្បិតដង កូនសោតរែងឆ្គង ត្បិតតែឯពុក
ទ្រព្យគង់ត្បិតស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់
ត្បិតឥតបើគិត។
៥ - ចំណេះទាំងឡាយ កិច្ចកលដោះស្រាយ ត្បិតតែគំនិត
ដឹងកិច្ចដឹងកល ដឹងឆ្ងាយដឹងជិត ដូចកលកាំបិត
កាប់ឆ្ការទំលាយ។
ល្មមទៅល្មមខាន ល្មមដើរបំពាន ពុំគិតក្រងាយ
ល្មមឈប់បង្អង់ ល្មមខាននៅអាយ ក្ដីក្រកុំស្រាយ
ក្ដីងាយកុំធ្វេស។
សូវដើរកុំដេក សូវថប់កុំត្រេក សេចក្ដីប្រហែស
សូវខានកុំពារ ចិត្ដចង់ចចេស សូវចូលកុំចៀស
វាសរួចសឹមគូរ។
លឿនកុំបំបោល ពាក្យព្រេងកុំចោល ខឹងកុំមូទូ
ស្រាយចេញអោយឆាប់ កុំទុកអោយយូរ សេចក្ដីមូទូ
មិនដឹងខុសត្រូវ។
ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មាន ធ្វើជាអោយគួរ តឹងគិតអោយធូរ
យូរគិតអោយឆាប់។
១០ - សេចក្ដីបំរុង ពាក្យដើមពាក្យចុង ប្រកាន់អោយខ្ជាប់
សូវនឿយអោយខ្លួន កុំអោយបង់ទ្រព្យ សូវបង់ក្ដីគាប់
កុំអោយខ្លួនស្លាប់។
សូវស្លាប់ទៅជា កុំបង់ធម្មា ឥរិយាសីលគាប់
អោយគិតជញ្ជឹង រំពឹងអោយសព្វ ពាក្យស្លែងកុំស្អប់
ពាក្យគាប់អោយយក។
ចង់គង់អោយទុក ចង់បានក្ដីសុខ អោយស្វែងដើររក
ឃើញច្បាស់ធម៌អាថិ អោយយកខ្លួនជ្រក ក្ដីសោកមម៉ោក
អោយជៀសចេញឆ្ងាយ។
កូនអើយលោកិយ នេះអោយរៀនក្ដី រៀនច្បាប់ទាំងឡាយ
រៀនទាំងសំដី កុំបីរាយមាយ ក្ដីក្រក្ដីងាយ
ក្ដីគួរក្ដីសម។
អោកូនពុំងា ធម្មតាអ្នកជា អោយរៀនថែទាំ
រៀនដាក់រៀនទុក រៀនរៀបរៀនចំ រៀនរកសន្សំ
លក់ចេញទិញចូល។
១៥ - មួយសោតឯច្បាប់ បើបានមានទ្រព្យ មនុស្សផងមកមូល
ពឹងពាក់ប្រាណណា បាយកប្រមូល សន្សំផ្សំចូល
យកមកជាមួយ។
កូនអើយឯម្លប់ មនុស្សផងចូលឈប់ សំរាន្ដអាត្មា
ព្រោះឈើមានម្លប់ ត្រសុំសាខា ម្ដេចឡើយប្រែជា
ក្ដៅជ្រកពុំបាន។
មនុស្សផងរំលង រកម្លប់ទៀតហោង ចូលចតសំរាន្ដ
ម្លប់នេះត្រជាក់ ត្រសាក់ក្សេមក្សាន្ដ មនុស្សផងចូលថ្កាន
មិនមានហៅអាក់។
ឧបមាដូចទឹក ជ្រាលជ្រៅពន្លឹក ជាទីសំណាក់
មច្ឆោមច្ឆា ចេញចូលពឹងពាក់ ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ។
ពុំគិតឡើយហោង ឯទឹកនោះផង ម្ដេចប្រែជាក្ដៅ
មច្ឆាទាំងឡាយ ព្រាត់ព្រាយរត់ទៅ រកទឹកទៀតនៅ
ពុំនាក់អាត្មា។
២០ - កូនអើយបើច្នោះ អសោចិ៍កេរ្ដិ៍ឈ្មោះ ត្រូវត្រង់ខ្លួនបា
ព្រៀងលានទាំងឡាយ គេនឹងនិន្ទា ដំនៀលដៀលថា
បាឯងពុំចេះ។
អាប់ឥតប្រាជ្ញា អាប់ទាំងឥរិយា យោបល់ចំណេះ
អាប់ទាំងមារយាទ អាប់ទាំងតំរិះ ត្បិតបាឯងនេះ
ពុំចេះរក្សា។
គណនាដូចទឹក កូនអើយបើល្គឹក ពុំមានមច្ឆា
មួយគ្រាន់ពន្លៀក នៅក្នុងគង្គា ពុំរាប់ហៅជា
ប្រសើរឡើយហោង។
មួយសោតអ្នកណា គេមកប្រាប់ថា បទបាធ្វើឆ្គង
បាគិតជញ្ជឹង រំពឹងដើមទង កុំបាកែងកោង
ក្អេងក្អាងពុំស្ដាប់។
ទូកហួសកំពុង រាចែវបង្អង់ ថយមកចូលចាប់
ពាក្យលឿនហួសខ្នាត ហៅឥតគំនាប់ ថយមករកគាប់
ពុំបានឡើយណា។
២៥ - អង្គុយហួសស័ក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា
ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា
ថាហួសសេចក្ដី។
រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី
អួតឯងកំលាំង ជល់នឹងដំរី ទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចក  ដកកកងក(១)  អួតឯងអំណាច
នឹងជ្រែកប្រឹថពី ទៅខាំនាគរាជ ដណ្ដើមយករាជ្យ
ភូមិភពនាគា។
រីសត្វអណ្ដើក វារឡើងរវើក មកអួតអាត្មា
ថាអញនឹងលោត រំលងបព្វតា ហេតុក្ដីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់
អួតខ្លួនថាល្អ ដូចមាសទឹកដប់ រាងអញចំប្រប់
ដូចរាជសីហា។
៣០ - ហាឡើងមិនធ្យាន ស្ដីមិនប្រមាណ នឹងប្រាណអាត្មា
សូវអោនកុំងើប សូវស្ងៀមកុំថា សូវវាយកុំយារ
សូវគប់កុំជះ។
អោកូនពន្លក ច្បាប់នេះបាយក ស្ងួនកុំប្រហែល
ច្បាប់នេះប្រសើរ ហៅមហាវិសេស កូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែង សប្បាយចង់លេង នឹងមានភ័យា
នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា
បង់មារយាទគាប់។
សប្បាយធ្វើស្រែ ចំការជួញប្រែ នោះមានគេរាប់
សប្បាយបានស៊ី សប្បាយបានទ្រព្យ សប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រី ចេះលើកយសប្ដី ចេះគិតចេះគូរ
ចេះរៀបចេះចំ ចេះសមចេះគួរ អ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
៣៥ នាងនេះឈ្មោះអ្វី មុខមាត់អប្រិយ សមជាអ្នកមាន
ម្លោះហើយនឹងកើត ទ្រព្យផងពុំខាន ព្រោះពាក្យសន្ដាន
ព្រេងលានគេទាយ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ
ពុំដែលនឹងល្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថា លោកមានឧបមា អោយគិតអោយយល់
ពាក្យលោកទំនឹម មិនមានអោយសល់ កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា។
កុំអួតកុំអាង ដើរកុំមើលរាង មើលអង្គអាត្មា
កុំដើរផ្ទះគេ ហួសពេលវេលា កុំទៅធានា
ទ្រព្យគេទាំងឡាយ។
កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ
មានទោសនឹងគេ កុំអោយនិយាយ ដើមគេនឹងក្លាយ
កើតទោសទៀតធំ។
៤០ - ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាអោបភ្នំ
ចាស់កោងកាន់ច្រត់ អួតអាងប្រគុំ ក្ងួរអួតផ្លុំ(២)
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់ ដកកក្ងក់ ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់រេរាំ ក្រោកឡើងទន្ទាំ តែងកោងអោបឡាប
ថ្លង់ចង់ស្ដាប់ច្រៀង ផ្អៀងផ្អងទន់ទាប ដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ គ្រប់តួទាំងឡាយ
បាគិតរំពឹង ជញ្ជឹងអោយឆ្ងាយ កុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា
កុំបាភិតភាំង ស្លុតស្លាំងកាយា ប្រាណប្រុងឥរិយា
ស្មារតីអោយនឹង។
៤៥ - រិះរកគំនិត ភ្ជុំយោបល់គិត ទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់ ចាត់ឡើងអោយដឹង ចំណេះមួយរឹង
ធ្វើហាក់មិនក្លឹក។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគជសារសឹក
កាំភ្លើងដៃដុំ ពុំដែលនឹងក្លឹក ជញ្ជួចគគឹក
គគុកបោលចូល។
ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្ដានត្រកូល
អោយគិតអោយដឹង រំពឹងអោយមូល ប្រាជ្ញាអោយចូល
ចងចាំទុកនៅ។
កុំអួតកុំអាង កុំភូតបំព្រាង កុំអោយចែចូវ
កុំកាច់កុំកិន រអែរអូវ កុំនាំពាក្យទៅ
ប្រាប់អោយកើតទោស។
កុំវេះកុំរៀន កុំបៀតកុំបៀន កុំស្ដីតោសម៉ោស
គ្នាបានជាខុស អោយមានសន្ដោស កុំហាអោយហួស
ជ្រួសពាក្យទៅមុន។
៥០ - ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មា កុំអោយលោកអន់ សេចក្ដីទំងន់
សន្សឹមកុំបោល។
កុំអួតកំលាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល
កុំអាងជាធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់តំរង់
ក្រែងបង់ឥរិយា សក្កាកុំគង់ លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្ដាប់ ពាក្យមួយមហាគាប់ មានមិត្ដស្នេហា
អោយមើលមារយាទ មើលសព្វឥរិយា អោយដឹងថាជា
ជាកាចវៀចត្រង់។
អោយសមអោយសួន អោយល្មមនឹងខ្លួន អោយធួននឹងអង្គ
សឹមយកជាមិត្ដ ឋិតថេរដ៏លង់ ទៅមកតំរង់
ចេញចូលស៊ីចុក។
៥៥ - មិត្ដមួយសោតណា ទៅមកកាន់គ្នា បង្កើតអោយសុខ
មិត្ដមួយអោយទោស បង្កើតជាទុក្ខ មិត្ដមួយអោយឆុក
អោយបង់ទ្រព្យា។
មិត្ដមួយបង្ហិន ទៅមកខ្ជាន់ៗ ជក់ថ្នាំស៊ីស្លា
ចុះឡើងឥតអាក់ នឹងហិនអាត្មា កូនអើយលោកថា
អសារបង់ទ្រព្យ។
អោកូនពិសី កូនប្រុសកូនស្រី ស្ងួនអើយបាស្ដាប់
ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្ដាប់
នៃនរជនជាតិ។
មួយសោតលោកថា រិកក្នុងអាត្មា មានបីពុំឃ្លាត
មួយស៊ីមួយដេក មួយដើរជាខ្នាត ស៊ីឥតមារយាទ
ពុំត្រូវសណ្ដាប់។
ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
៦០ - នឹងស្វែងរកទ្រព្យ ចង្រៃអភ័ព្វ មិនអោយជំនា
អោយកើតតែទុក្ខ អោយបង់ទ្រព្យា នឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្ដីអភ័ព្វ ចង្រៃនូវអព មង្គលទាំងឡាយ
ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រី បើមានរិកបី ដូចច្បាប់លោកថា
រិកដេករិកដើរ រិកស៊ីអាហារ ជាអ្នករក្សា
ឥរិយាមារយាទ។
ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានអោយឃ្លាត
ទោះបីនឹងសើច នឹងលេងមានខ្នាត ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយល់ឥរិយា
គេយល់ចំណេះ ជាអ្នករាបសា គេចង់ចងជា
ពន្ធយកជាញាតិ។
៦៥ - មានខ្សត់ពុំគិត យកតែគំនិត  យកតែមារយាទ
អោយចេះរៀបចំ ទុកដាក់ជាខ្នាត ឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្ដាយឯពុក នឹងបានលើកមុខ ដោយកូនពុំងា
អស់ទាំងបងប្អូន ជីដូនជីតា ម្ដាយមីងនូវមា
សឹងស្រួចចូលចិត្ដ។
ត្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សឹងបានដូចចិត្ដ
ដូចដួងចិន្ដា។
៦៨ - កូនអើយចូរស្ដាប់ ចូរចាំអោយខ្ជាប់ ទុកក្នុងអាត្មា
ទំនឹមទំនង គន្លងឧបមា បទចងប្រែជា
បទព្រហ្មគិតិ។
កូនអើយស្ងួនតែមួយ ទុកជាត្រួយត្រូលគំនិត កូនអើយមាសតាំងចិត្ត តាំងចរិតគិតកុំឆ្ងល់។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសគិតឲ្យដល់ ពាក្យលោកតែងខ្វាយខ្វល់ ជាបឋមចប់ម្ល៉េះហោង។