បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃអាទិត្យ ទី27.កក្កដា 2014.ម៉ោង 13:31

   ច្បាប់​ពាក្យ​ចាស់ គឺ​ជា​ច្បាប់​មួយ​តើត​ចេញ​ការ​កត់​ចំណាំ​របស់​ចាស់​បូរាណ អំពី​ដំណើរ​ប្រ​ព្រឹត្ដ​ទៅ​នៃ​មនុស្ស​រស់​នៅ​ក្នុង​សង្គម​គ្រប់​រូប អោយ​ចេះ​ប្រ​មើល​មើល និង​ធ្វើ​ធ្វើ​ការ​ប្រៀប​ធៀបរាស់​ឥរិយាបទ​នា​នា អោយ​រក្សា​នូវ​សីល​ធម៌​ល្អ​គ្រប់​បែប​យ៉ាង អោយ​មនុស្ស​ចេះ​សំលឹង​មើល​ចិត្ដ​មនុស្ស​ដូច​គ្នា មិន​អោយ​មើល​តែ​ខ្លួន​ឯង ហួស​អ្នក​ដទៃ​ឡើយ​។

   រហូត​មក​ដល់​ពេល​នេះ​វា​យូរ​លង់​ណាស់​មក​ហើយ ទោះ​ជា​ខ្មែរ​ធ្លាក់​ចុះ​ដុន​ដាប ស្គាល់​តែ​ទុក្ខ​សោក​វេទនា ឈឺ​ចាប់​បែក​បាក់​ប្រាត់​ប្រាស់ និង​គ្មាន​ស្គាល់​អ្វី​សោះ​ដែល​ហៅ​ថា​កិត្ដិយស​នោះ​ក៏​ដោយ ក៏​ពាក្យ​ប្រៀន​ប្រដៅ​របស់​ចាស់​បូរាណ​ខ្មែរ ស្រែក​អន្ទង​ហៅ​អស់​ប្រលឹង​ជាតិ​ខ្មែរ​ទាំង​នៅ​ជិត​ទាំង​នៅ​ឆ្ងាយ អោយ​មក​មូល​ត្រកូល​ចូល​មក​ក្នុង​រូប​កាយ​ខ្មែរ​វិញ​ជានិច្ច​។ ខ្មែរ​រស់​ក្នុង​អរិយធម៌​ខ្មែរ ខ្មែរ​ស្រ​លាញ់​ខ្មែរ ខ្មែរ​ស្រលាញ់​ពាក្យ​បៀន​ប្រ​ដៅ​ខ្មែរ​ មិន​បណ្ដោយ​អោយ​ភ្លើត​ភ្លើន​តាម​អរិយ​ធម៌​បរ​ទេសណា​ឡើយ​។

   មិន​ថា​ក្នុង​កាល​​ម័យ​ណា​ទេ ខ្មែរ​គ្រប់​រូប​នៅ​តែ​មាន​មោទ​នៈភាព​ទៅ​លើ ពាក្យ​ប្រៀន​ប្រ​ដៅ​ចាស់​បូរាណ​ខ្មែរ អរិយ​ធម៌​ខ្មែរ វប្ប​ធម៌​ខ្មែរ​ដូចៗ​គ្នា ហើយ​នាំ​គ្នា​ថែ​រក្សា យក​មក​សិក្សា​រៀន​សូត្រ​បន្ដ​កូន​ចៅ​ជំនាន់​ក្រោយ​ៗ ដើម្បី​កសាង​សង្គម​ជាតិ​ខ្មែរ អោយ​រីក​ចំរើន​លូត​លាស់​ដូច​ប្រ​ទេស​ប្រជា​ធិប​តេយ្យ​នានា​នៅ​លើ​ពិភព​លោក​មិន​ខាន​ឡើយ​។

ច្បាប់ពាក្យចាស់

ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលពុំយល់ ទោសគេតូចសោតសល់ រមិលយល់ប៉ុននឹងភ្នំ ។
ចូលព្រៃសត្វសាហាវរកអំពាវគ្នាមកជុំបានស្ករនិងទឹកឃ្មុំពួនក្នុងផ្ទះឆីម្នាក់ឯង ។
បានហើយចង់បានទៀត ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង មើលយល់តែមុខឯង មិនមើលគេឯទៀតផង ។
នឹងឆីចង់ពិសា ខ្ជិលទំពាអោយម៉ដ្ឋហ្មង យល់នាមថាជាមង យល់ឯជងថាជាគួយ ។
យល់តាថាជាដូន យល់ឯកូនថាជាក្មួយ យល់ពីរថាជាមួយ យល់ព្រួយថាជាសុខ ។
យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា ។
ស្លៀកស្បង់មិនកោរសក់ ឆ្លុះកពា្ចក់ធ្មេចនេត្រា ឃើញសេះថាជាលា ឃើញគជាថាកណ្តុរ ។
នេះពាក្យចាស់ពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់ ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន ។
អ្នកប្រាជ្ញាកាន់ពាក្យទៀង កុំអោយល្អៀងពាក្យបុរាណ កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់សោតតែងថា។
១០ ពាក្យនេះពីព្រេងព្រឹទ្ធ គួរអោយគិតពិចារណា កុំអាងអួតអាត្មា ថាចំណេះចំណាំមាន ។
ដេកយប់កុំដេកយូរ ខ្លាចក្តីទូរជនដល់ប្រាណ បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គីគ្នា ។
លើកដាក់តាមកំលាំង កុំភើចឆាំឈឺប្រស្មា ប្រើគេប្រើបុត្រា កុំសាំសួរចរចៅរ៉ៅ ។
ទោះគិតកុំរួសរាន់ គិតអោយគ្រាន់ទើបដើរទៅ កុំអោយអាប់អាសៅ កើតដំនៀលដល់អាត្មា ។
កុំយកឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតំរា កុំអាងអួតអាត្មា ចេះច្បាប់ក្បួនពីព្រេងនាយ ។
១៥ ស្រដីអោយស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងគិតអោយឆ្ងាយ យល់ដោយផ្លូវសព្វនានា ។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើអោយបាន ។
កាន់កពស់អោយខ្ជាប់ បែ្រក្រលាប់ខាំឯប្រាណ អូសទូកកុំអោយល្អាន ចាប់ត្រីបានកុំអោយល្អក់ ។
ស្លឹកឈើអិតកំរើក នឹងកក្រើកត្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកបោកសោះសា ។
យល់តូចកុំអាលខំ ទោះយល់ធំកុំអាលថា បានច្រើនកុំខំពារ អោយសន្សឹមសៀរតិចទៅ ។
២០ អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនៅសំប៉ាន ។
អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ ។
រក្សាទៅមុខវឹង ឥតក៏ដឹងអស់អម្បាល ចំណេរចិរកាន់កាល ដូចរបងស្រាស់បន្លា ។
កុំឆីឆ្អែតតែឯង ពុំគិតក្រែងអស់គ្នីគ្នា គេឃ្លានផ្ទៃខ្លោចផ្សា គេឆីរ៉ាបានឆ្អែតផង ។
កុំមានចិត្តពភ្លើ ពឹងក្រពើអោយចំលង កុំកាច់អុសរបង វាំងចំណារឯអាត្មា ។
២៥ មានទូកអោយមានថ្នោល មានបង្គោលព្យួរយុថ្កា ទាំងចែវទាំងច្រវា ក្រជីងចាប់ដោយនូវគ្រប់ ។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់មកដល់នឹងទល់ទប់ ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅថាមានគំនិត ។
ពាក្យព្រេងគិតគួរចាំ ជាបណ្តាំប្រដៅចិត្ត ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ គួរអោយគិតៗអោយគ្រាន់ ។
ពាក្យនេះទុកជាច្បាប់ ជាសន្តាប់ទៀងជាក់ស្យាន់ ពាក្យនេះជាកំណាន់ កំណត់នៅឥតឃ្លាតឃ្លា ។
សូរេចនូវនិទានពាក្យទូន្មានដោយប្រការអម្បាលនេះឯងណាចូរចងចាំរៀងទៅហោង ។
 ----ចប់----