បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 17:45

   អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ចាស់​បូរាណ​​ខ្មែរ​យល់​​យ៉ាង​ច្បាស់ ហើយ​រិះ​រក​វិធី​អប់រំ​កូន​ចៅ​តាម​បែប​សិល្បៈ​មហោ​ស្រព មាន​កំណាព្យ​បទ​បំពេ ជា​បទ​ព្រហ្មគីតិ ឬ​បទ​កាក​គតិ ​ដែល​ដាក់​រួម​ចូល​គ្នា ហៅ​ថា ច្បាប់​ផ្សេង​ៗ​នេះ​ឯង​ ​ហើយ​ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​ទាញ​យក​អត្ថ​ន័យ​ទាំង​នោះ​មក​ធ្វើ​ជា​គតិ​ដាស់​តឿន​រំលឹក​ទូន្មាន​ខ្លួន​តែ​ម្ដង​។ ថ្វី​ត្យិត​តែ​អ្នក​សិក្សា​សម័យ​ថ្មី​ ​មិន​បាន​ទន្ទេញ​បទ​កំណាព្យ​ទាំង​នេះ​ចាំ​បាន​រត់​មាត់​ទាំង​អស់​ក៏​ដោយ ក៏​គេ​នៅ​ចាំ​ត្រង់​វគ្គ​ខ្លះ​បាន ហើយ​លើក​យក​មក​សូត្រ​ក្រើន​រំលឹក​ទូន្មាន​ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ​។

ច្បាប់កូនចៅ
ថ្ងៃសៅរ៍ ទី12.កក្កដា 2014.ម៉ោង 19:33

កូនចៅអើយស្ដាប់ ឳពុកនឹងប្រាប់ ប្រដៅគ្រប់គ្នា
ចូរចាំចូរចាប់ ជាច្បាប់អាត្មា រួសរងរក្សា
ទីទៃគ្រប់ប្រាណ។
ធម្មតាអ្នកជាអ្នកមានប្រាជ្ញាមានផៅសន្ដាន
ពុំចេះអាងអួតប្រកួតរានកានបំពាក់បំពាន
បំពោតអួតអង្គ។
ទោះនឹងយាត្រាទៅទីស្ថានណាដើរដូចភុជង្គ
សិរសាទន់ទាបសុភាពផ្គត់ផ្គង់លំអុតអោនអង្គ
ការកេរអ្នកជា។
រីអ្នកមានសាមាន្យខ្សត់ខ្យោយសន្ដានអាប់ឥតប្រាជ្ញា
ដំណើរអែងអោងកែងកោងហត្ថាដូចខ្ទួយសោះសា
មែនពិសទិច។
បំពោងបំពើតចំកោងស្ទួយស្ទើតពឹងពិសទ្រនិច
ខ្លួនតូចត្រលាំងកំលាំងសោតតិចពឹងពិសទ្រនិច
ទិចតើប៉ុន្មា។
ធម្មតាអ្នកជួពុំដែលផ្ទឹមតួនឹងអ្នកជាបាន
ហេតុលោកការកេរឥតពីរផ្ទឹមប្រាណលោកការសន្ដាន
សន្ដាប់ផៅផង។
កូនចៅអើយចាំឳពុកនឹងផ្ដាំដោយនូវគន្លង
គាថាបាលីគិតពីព្រេងហោងចូរចេះចាំចង
ទីទៃកុំធ្លោយ។
ពាក្យនេះជាច្បាប់ ទូន្មានអោយគាប់ កូនចៅឯក្រោយ
ឳពុកឥតទ្រព្យ អ្វីគាប់ទុកអោយ តែពាក្យនេះដោយ
ព្រះបាលីថា។
លោកថាភ្លើងភ្លឺ មែនពិតមោះរឺ ពុំស្មើសុរិយា
លោកថាសូរ្យសែង ភ្លឺចែងវេហាស៍ មោះពុំស្មើនា
ព្រះធម៌ព្រះពុទ្ធ។
១០ ភ្លើងភ្លឺអស់ចិត្ដ អស់កាលហើយបាត់ រលាយរលត់
ព្រះសូរ្យភ្លឺឡើង ថ្កុំថ្កើងប្រាកដ អាប់អស្ដង្គត
ពុំយល់រស្មី។
រីព្រះធម៌ថ្លៃ ភ្លឺហើយភ្លឺក្រៃ នៅនាលោកិយ
ដល់បរលោកនាយ ភ្លឺធ្លាយបារមី រុងរឿងរង្សី
ពុំរលត់ឡើយ។
កូនចៅអើយណា ពាក្យមួយលោកថា ស្ករឃ្មុំអែងហើយ
ផ្អែមក្រៃលែងផ្អែម ល្ហឹមល្ហែមជាត្រើយ មោះផ្អែមនោះស្បើយ
ពុំចាប់ចាំនៅ។
តែពាក្យលោកថា លោកមានមេត្ដា ទូន្មានប្រដៅ
នោះផ្អែមក្រៃលែង ស្ករឃ្មុំអំពៅ ចាំចងទុកនៅ
អស់កាលដ៏លង់។
លោកថាល្វាផង សំបកក្រៅហោង ភ្លឺផ្លេកយល់យង់
រីឯក្នុងផ្លែ សឹងតែមមង់ ក្រាស់ក្រៃនៅក្នុង
នោះហោងលោកថា។
១៥ អ្នកមួយចែចូវ រអែរអូវ រៀចវេរិស្សា
បញ្ចើចបញ្ចើ ពាក្យពើមាយា ដូចកលផ្លែល្វា
ល្អល្អះតែក្រៅ។
មួយដូចខ្នុរណាំង សំបកស្គោកស្គាំង បន្លាច្រូងនូវ
ឯក្នុងសឹងក្លែប ក្រអែបផ្អែមទៅ ទាល់ក្នុងឥតសៅ
រសសឹងពិសា។
រីអ្នកមានធម៌ សប្បុរសមានអាថិ លោកផ្ទឹមឧបមា
ដូចខ្នុរក្លិនក្លែប ក្រអែបពិសា ក្រៅក្រាស់បន្លា
មោះក្នុងផ្អែមក្រៃ។
មួយសោតលោកថា កន្លង់និងផ្កា ស្ថានឆ្ងាយទីទៃ
ហេតុចិត្ដចង់ក្រេប ជញ្ជាប់ក្លិននៃ ហើរហួសច្រៀវច្រៃ
រសរកបុប្ផា។
ដូចអ្នកមួយមាន ចិត្ដនោះចង់បាន ច្បាប់ក្បួនសាស្រ្ដ
ស្វះស្វែងរកអ្នក មួយមានប្រាជ្ញា រួសរងឧស្សាហ៍
សង្វាតអាលជ្ជី។
២០ មួយនីឯរុយ រករោមសំអុយ អសោចិ៍អប្រិយ
ដូចមនុស្សអបល័ក្ខណ៍ ស្វែងស្វះរកក្ដី ពុំគិតក្រក្រី
ក្រែងក្រោយឡើយនៃ។
មួយនីក្រមច្បាប់ លោកពុំអោយត្រាប់ អំពើពុតជ្រៃ
កាលណាដូចដុះ អាប់ចុះអាស្រ័យ ត្រង់ស្ថានណានៃ
អ្នកដើមអន្ដរាយ។
មួយនីលោកថា អំពើពុតខ្លា យល់សាច់ទាំងឡាយ
ចង់ប៉ុន្ដែស៊ី ឥតបីរសាយ អស់មនុស្សទាំងឡាយ
កុំត្រាប់ពុតខ្លា។
កើតជាមនុស្សនេះ ដូចកង់រទេះ វិលត្រូវគ្រប់គ្នា
មានកាលត្រូវគេ ល្ហែឯអាត្មា ហេតុនេះលោកថា
បើត្រាប់ពុតកង់។
រីឈើវិស័យ ដុះនៅនាព្រៃ ខ្លះវៀចខ្លះត្រង់
ឯអ្នកនគរ ក្សត្រក្សាន្ដទ្រទ្រង់ ខ្លះចិត្ដទៀងត្រង់
ខ្លះខ្លៅសាមាន្យ។
២៥ ពពួកសត្វផង សាហាវយង់ឃ្នង គេអាចញ៉ាំងបាន
ត្រង់មនុស្សសាហាវ ពាលាឈ្លានពាន លោកអោយប្រែប្រាណ
ចៀសចេញអោយឆ្ងាយ។
កូនចៅអើយស្ដាប់ ពាក្យនេះជាច្បាប់ ប្រដៅបរិយាយ
ពាក្យនេះជាថ្នល់ តំកល់ទុកឆ្ងាយ កូនចៅទាំងឡាយ
នាំគ្នាស្ដាំរាំ។
ហៃអស់កូនចៅ តំណក្រោយទៅ ត្រកូលវង្សា
ចូរចេះរាប់រក ស្រករគ្នីគ្នា ខុសគាប់កាចជា
អត់អោនត្រងរង។
អោកូនចៅអើយ អាពុកចាស់ហើយ ពុំបាននូវផង
នរណានឹងនៅ ប្រដៅបាហោង នរណានឹងស្នង
អាពុកនេះបាន។
តែខ្លួនទៅបាត់ ទុកពាក្យមួយម៉ាត់ ប្រដៅទូន្មាន
ពាក្យនេះអាពុក សង់ទុកជាស្ពាន អោយកូនចៅបាន
ឆ្លងទៅត្រើយនាយ។
៣០ ពាក្យនេះមួយមិញ ហេតុមិនស្រលាញ់ មានពាក្យថាឆ្ងាយ
ទោះទូកបែកបាក់ សំពៅធ្លុះធ្លាយ ទាល់លង្កានាយ
សឹងមករកបាន។
កូនចៅអើយគិត ផ្គត់ផ្គង់គំនិត រក្សាខ្លួនប្រាណ
កុំអាងសក្ដិបុណ្យ លោភលន់ចង់បាន បំពារបំពាន
កុំធ្វើដោយធម៌។
ធម្មតាជាមនុស្ស អោយដឹងគាប់ខុស បុណ្យបាបអោយស្គាល់
ថ្វីមិនចង់បាន ចង់គ្មានអង្កាល់ អោយបានដោយធម៌
នោះទើបយឺនយូរ។
បើបានឹងខំ លោភោវាយដំ សន្សំប្រាក់ចូល
ចំណេះទ្រព្យនោះ នៅពុំបរិបូណ៌ ស្មើរកប្រមូល
ទុកអោយគេទេ។
កូនចៅអើយអត់ គិតក្ដីកំសត់ កុំធ្វើប៉ោឡែ
កុំអាងមានទ្រព្យ កុំត្រាប់ពុតគេ ចូរចេះរិះរេ
សាយសព្វសារពើ។
៣៥ ធម្មតាជាស្រី កុំចង់មេត្រី សាយសព្វអន្លើ
យកម្ដេចខ័ណ្ឌស្ករ មកគរទុកលើ ស្រមោចហើយតើ
អត់ម្ដេចមិនស៊ី។
មួយដូចប្រុសខ្លោះ ពាលពេញកំលោះ ចិត្ដចោរចង់ស្រី
កលមួយដូចក្អែក ចេញលួចរកឆី មិនដឹងរឺអ្វី
យកពងមាន់ផ្ញើ។
កលមួយសោតណា នេះនឹងឧបមា អណ្ដើកអែងតើ
ពងលាក់ជាហើយ ម្ដេចឡើយទៅផ្ញើ អស់ពាក្យពេចន៍លើ
អាអួតមហាចោរ។
ប្រើប្រុងប្រយ័ត្ន ពាក្យពេចន៍សូរសត្យ សាស័ព្ទពំនោល
ពីរោះមធូរ បរិបូណ៌ពាក្យពោល កុំអាលខឹងយោះ
ចាចែងភាសា។
កុំអាលកន្ទ្រើង កុំស្ថិតខិតឡើង លើលោកព្រឹទ្ធា
គិតការដំនៀល លោកដៀលនិន្ទា អង្គអោយកើតជា
និន្ទាអាស្រូវ។
៤០ ទោះប្រុសទោះស្រី កើតនាលោកិយ លោកអោយគាប់គ្រូ
ក្រែងមានឆ្អេះឆ្អាប ស្រលាបត្រង់ត្រូវ ក្រែងជួពុំជួ
កាលកម្មវេរា។
លោកថាឆ្កួតបី ឆ្កួតមួយនឹងស្រី ឆ្កួតមួយនឹងស្រា
ឆ្កួតមួយនឹងល្បែង អំពើពាលា ឆ្កួតនេះហៅមហា
ឆ្កួតក្រៃកន្លង។
ឆ្កួតស្រីឆ្កួតស្រា ឆ្កួតល្បែងពាលា អំពើសឹងឆ្គង
លោកពុំអោយសេព អោយវាងតែម្ដង វាតែងអោយហ្មង
ភ្លេចភ្លាំងស្មារតី។
អោយភ្លេចក្ដីគាប់ ភ្លេចទាំងខ្លួនស្លាប់ ភ្លេចសាស្រ្ដសួស្ដី
ភ្លេចសីលភ្លេចទាន ភ្លេចញាណវឌ្ឍី ភ្លេចច្បាប់ប្រក្រតី
ឆ្កួតបីប្រការ។
កុំអាងចំណេះ កុំអួតថាចេះ កុំដោយពុតពាល
កុំសមកុំសេព កុំស្រើបកុំស្រាល កុំអរកុំអាល
ត្រេកទៅដោយវា។
៤៥ ថាបើនឹងចង់ សេពដោយចំណង់ អំពើពាលា
អាចារ្យលោកចង ជាពាក្យឧបមា អោយអ្នកមួយណា
ដុតដែកអោយក្ដៅ។
បើកាន់ដែកបាន នោះទើបអោយហ៊ាន សេពសមចូលទៅ
អំពើទាំងបី ដូចដែកច្រាលឆ្អៅ លុះកាន់មិនក្ដៅ
នោះទើបសេពបាន។
អំពើគុណគាប់ កូនចៅអើយស្ដាប់ អាពុកទូន្មាន
រៀនគុណទាំងប្រាំ សឹងនាំរូបបាន រួមរក្សាប្រាណ
ពិតពុំឃ្លាតឃ្លា។
កាលណាសឹកមាន ថ្កើងឯទាហាន ពន្លឹកមហិមា
កាលបើមានអាថិ នូវសារបញ្ហា ដោះស្រាយប្រស្នា
ថ្កើងឯប្រាជ្ញប្រាយ។
មួយសោតកាលបើ រិះគិតនឹងធ្វើ កិច្ចការសំទាយ
ថ្កើងឯអ្នកជាង ជំនាងសុសសាយ កិច្ចការទំនាយ
ថ្កើងឯហោរា។
៥០ កាលកើតព្យាធី រោគរោមឥន្រ្ទីយ ថ្កើងឯពេទ្យា
រីអ្នកទាំងប្រាំ សឹងនាំអាត្មា អោយគាប់ដោយនា
ចំណេះទីទៃ។
មួយសោតជាសង្ឃ នោះអោយផ្គត់ផ្គង់ តាមព្រះវិន័យ
ជាស្រីសោតផ្គត់ មារយាទប្រពៃ ជាមនុស្សសព្វថ្ងៃ
អោយវៀរបាបបង់។
ចូរចេះដាក់ខ្លួន គួរគិតក្ដីស្ងួន រក្សាផ្គត់ផ្គង់
ស្គាល់ទៅស្គាល់នូវ ប្រាជ្ញខ្មៅគថ្លង់ ស្គាល់វៀចស្គាល់ត្រង់
ស្គាល់អោយគ្រប់ក្រៃ។
លោកថាអោយត្រាប់ នូវសត្វកុកសាប់ អំពើប្រពៃ
កុំត្រាប់កុកស ភោភាវសព្វថ្ងៃ ហើរទំអាស្រ័យ
ពុំប្លែកប្លែងប្រាណ។
លោកថាដែកផង ហៅរឹងកន្លង គេដុតដំបាន
រូសកោសជាការ តាមចិត្ដប្រមាណ ពុំដែលនឹងមាន
ប្រកែកឡើយណា។
៥៥ ដំរីក្នុងព្រៃ សាហាវហ៊ានក្រៃ មមីសោះសា
គេទាក់មកបាន ផ្សះផ្សាំងជិះជា ពុំដែលនឹងថា
ប្រកែកមិនទៅ។
ត្រង់ពាក្យប្រទូស្ដ ប្រទះរឹងរូស ពុំលុះប្រដៅ
រឹងលើសពីដែក នឹងដំរីនៅ ដោយនាកំលៅ
កំលាំងមោហា។
លោកថាក្អែកពិត យកម្ដេចមណីរ័តន៍ ម្រឹគជាតិវិស័យ
កែវទៅបូជា ពាក់ម្ដេចជដា ធម្មជាតិជាស្វា
ស្លៀកម្ដេចសំពត់។
យកម្ដេចព្រះធម៌ ជ្រៅជ្រះមានអាថិ ប្រពៃវិសុទ្ធ
ប្រដៅពាលា ប៉ោលែស្មុតទ្រុឌ យកម្ដេចឯមកុដ
បំពាក់ពានរ។
លោកថាផ្កាផង ពិដោរពិតហោង រិស្សាបវរ
ក្លិនក្លែបត្រលប់ សាយសព្វទិសករ ហើយរោយកេសរ
បាត់បុស្បគន្ធា។
៦០ តែអ្នកមួយទៀត ពាក្យពេចន៍ឥតល្អៀង ចំរើនមេត្ដា
នោះកូវក្រអូប ក្រៃលែងក្លិនផ្កា ទូទៅនានា
ដោយដល់សួគ៌ស្ថាន។
រីអសោចិ៍លាមក ហៅស្អុយអាក្រក់ ពេកពន់ប្រមាណ
មោះស្អុយនោះស្បើយ ល្ហែល្ហើយគ្រាន់ក្សាន្ដ ល្មមទប់ទល់បាន
ពុំទាន់ជាអ្វី។
តែអ្នកមួយកូវ រអែរអូវ ចិត្ដបាបមូទូ
កុហកភរភូត បញ្ឆោតស្រដី នាំពាក្យអប្រិយ
បំបែកមិត្ដគេ។
នោះកូវអាក្រក់ ស្អុយក្រៃលែងលាមក ពុំមានល្ហើយល្ហែ
ដល់បរលោកសោត ទៅនៅនិរយេ នរកអែងអែ
ទល់ទុក្ខវេទនា។
កុំពារកុំពាន កុំយល់គេមាន ច្រណែនរិស្សា
ចូរវៀរពាក្យស្លែង ថ្លែងទៅពុំជា វៀរពាក្យមុសា
បានបុណ្យក្រាស់ក្រៃ។
៦៥ កូនចៅអញអើយ ចាំទុកជាត្រើយ គ្រប់ខ្លួនទីទៃ
ដើរដោយគន្លង ផ្លូវផងវិស័យ កុំពារពានព្រៃ
ជាន់ជាប់ន្លា។
ក្រកិច្ចក្រកល ក្រដឹងក្រយល់ ក្រចិត្ដសទ្ធា
ក្រវៃឆ្នៃទស់ ឆ្លើយឆ្លាស់លោកា ក្រជាមាតា
បិតាស្ងួនគ្រង។
ក្រពាក្យពិរោះ ក្រចិត្ដអាចស្មោះ ដឹងទុក្ខសត្វផង
ក្រអត់ក្រអោន ស្រលាញ់ស្ងួនគ្រង ក្រពាក្យឥតឆ្លង
ល្មមនឹងចិត្ដគេ។
ពាក្យស័ត្យ ក្រចិត្ដអាចកាត់ ស្រលះពីស្នេហ៍
ក្រធ្ងន់គំនិត ក្រគិតគុណគេ ក្របានជាមេ
បាគេទាំងឡាយ។
ក្ដីច្បាប់នេះក្រ នរណាអាចយក៍ ទុកខ្លួនសំទាយ
ដ៏លោកនេះគាប់ នៅបានពណ្ណរាយ ដល់បរលោកនាយ
សោយសុខស្រេចស្រាប់។
៧០ ឳពុកចាស់ហើយ អស់កូនចៅអើយ នាំគ្នាស្ដែងស្ដាប់
ពាក្យពិតទូន្មាន ប្រធានគ្រាន់គ្រប់ ស្មើទ្រព្យសំរាប់
ទុកអោយគ្រប់គ្នា។
ចូរចាំកុំភ្លេច ទូន្មាននេះស្រេច ស្មើខ្លួនហើយណា
ចាំចងអោយខ្ជាប់ ជាច្បាប់អាត្មា សូរេចអក្ខរា
សុភាសិតហោង។
---ចប់---