បទវិចារណកថា
ដោយ កែវ ឈុន :

ថ្ងៃសៅរ៍ ទី2.សីហា 2014.ម៉ោង 17:45

   អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ចាស់​បូរាណ​​ខ្មែរ​យល់​​យ៉ាង​ច្បាស់ ហើយ​រិះ​រក​វិធី​អប់រំ​កូន​ចៅ​តាម​បែប​សិល្បៈ​មហោ​ស្រព មាន​កំណាព្យ​បទ​បំពេ ជា​បទ​ព្រហ្មគីតិ ឬ​បទ​កាក​គតិ ​ដែល​ដាក់​រួម​ចូល​គ្នា ហៅ​ថា ច្បាប់​ផ្សេង​ៗ​នេះ​ឯង​ ​ហើយ​ជា​មួយ​គ្នា​នេះ​គេ​ក៏​អាច​ទាញ​យក​អត្ថ​ន័យ​ទាំង​នោះ​មក​ធ្វើ​ជា​គតិ​ដាស់​តឿន​រំលឹក​ទូន្មាន​ខ្លួន​តែ​ម្ដង​។ ថ្វី​ត្យិត​តែ​អ្នក​សិក្សា​សម័យ​ថ្មី​ ​មិន​បាន​ទន្ទេញ​បទ​កំណាព្យ​ទាំង​នេះ​ចាំ​បាន​រត់​មាត់​ទាំង​អស់​ក៏​ដោយ ក៏​គេ​នៅ​ចាំ​ត្រង់​វគ្គ​ខ្លះ​បាន ហើយ​លើក​យក​មក​សូត្រ​ក្រើន​រំលឹក​ទូន្មាន​ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ​។

ច្បាប់ទូន្មានខ្លួន
ថ្ងៃសៅរ៍ ទី5.កក្កដា 2014.ម៉ោង 7:56

មនុស្សកាចកុំប្រសព្វ កុំទៅគប់និងចោរក្មួញ គេចាប់ចងទៅក្រោយ វាយបណ្តើរយល់អប្រិយ។
កុំគប់នឹងខ្ញុំគេ កុំប៉ោឡែខ្វល់នឹងស្រី កុំជួញនឹងមន្រ្តី នឹងខាតទុនធនឯងហោង។
កូនអើយអាពុកបា នឹងឧបមាមួយទៀតផ្គង បាស្តាប់ត្រាប់ត្រងរង ទុកទូន្មានអង្គឥន្រ្ទីយ។
គេដើរកុំអាលបាញ់ បើស្រលាញ់កុំអោយខ្ចី សូវអោយស្មោះទៅនៃ នៅគង់ជាភ្ញាយឺនយូរ។
សូវចូលកុំអោយចេញ សូវអោយទិញកុំអោយដូរ សាច់ញាតិអោយប្រមូល កុំស្រដីពាក្យសល់វ៉ល់។
មនុស្សកាចកុំបីប្រើ ការក្រធ្វើកុំអោយសល់ ចែកទានកុំអោយយល់ ពាក្យបញ្ជោះកុំអោយមាន។
ពាក្យខុសកុំអោយស្តាប់ សេចក្តីគាប់អោយគិតធ្យាន អំពើបាបកុំអោយមាន សីលនិងទានអោយរិះគិត។
សីលសោតគួររក្សា ខំប្រាថ្នាអោយបានជិត ពិបាកអោយគន់គិត រកគំនិតគិតអោយដល់។
ស្អប់គេកុំអាលថា មានប្រាជ្ញាអោយចេះយល់ ពាក្យភូតស្តាប់គួរឆ្ងល់ មានកង្វល់កុំអាលចែង។
១០ ពាក្យក្រកុំអាលប្រាប់ ពាក្យឥតស័ព្ទកុំអាលថ្លែង ពាក្យពិតកុំអោយចែង ពាក្យពិតស្លែងពុំគួរលាក់។
គេប្រាប់កុំអាលក្រោធ គេបញ្ឆោតកុំអាលភ្ញាក់ សឹកដេញកុំអាលបាក់ គ្នាជំពាក់ប្រើដោះសា។
គេរត់កុំអាលដេញ គេលើកចេញកុំអាលថា សឹកដល់កុំអាលឆ្លា រឺវាចារកុំអាលយក។
គេប្រើកុំអាលទៅ គេអោយហៅកុំអាលមក គេអោយកុំអាលយក គេសង្ឃកកុំអាលថយ។
ខ្លួនតូចកុំខំពារ ខ្លួនអ្នកជាកុំគិតធ្លោយ អោយគិតក្រែងក្រក្រោយ ខ្លួនខ្សត់ខ្សោយអោយបារម្ភ។
១៥ ទំនៀមទំនឹមព្រេង ច្បាប់ថ្លាថ្លែងដោយក្រឹត្យក្រម ពាក្យនេះជាឧត្តម ចូរបាខំៗត្រងត្រាប់។
សង្វាតរកស៊ីចុក ជួញលលក់ទិញតាមច្បាប់ ខ្សត់គ្មានឃ្លាតស៊ូស្លាប់ កុំខុសច្បាប់ព្រះធម្មា។
មានទ្រព្យត្បិតសំណាង ជាតិមុនសាងទានសីលា ទើបកើតជាតិនេះណា មានទ្រព្យធនត្បិតទានគេ។
បើខ្លួនមានស័ក្តិបុណ្យ បានទ្រព្យធនខ្ញុំពលរេហ៍ ធ្វើចិត្តអោយត្រង់ត្រែ ជាតិទៅមុខនឹងបានទៀត។
ស៊ីបានៗនឹងខំ លោកវាយដំគេបៀតបៀន បំបាត់ទ្រព្យគេឆ្លៀត ខុសច្បាប់ផងមិនទេឡើយ។
២០ ល្អនៅលោកិយ លុះដល់ក្ស័យជីវិតហើយ ទល់ទុក្ខពុំដែលស្បើយ រូបរែងរងកម្មវេទនា។
ព្រះទ្រង់ទេសនាមក គួរតែយកទុកសិរសា មនុស្សសត្វផងក្តីណា ពុំដែលវៀរពីក្តីស្លាប់។
គួរតែសាងសីលទាន នោះនឹងបានបុណ្យលាងបាប រក្សាសីលដរាប នោះប្រសើរពេកកូនអើយ។
អស់ទ្រព្យសម្បត្តិនៅ មិនបានទៅតាមខ្លួនឡើយ មានតែសីលទានហើយ នៅកំដរបរលោកនាយ។
អស់ទាំងគ្រឿងរបស់ ខ្ញុំស្រីប្រុសផងទាំងឡាយ សឹងខានចោលនៅអាយ ជារបស់គេរស់នៅ។
២៥ គួរដឹងរិះគិតធ្យាន គួរអោយទានធ្វើបុណ្យទៅ ទាន់ខ្លួនជីវិតនៅ នោះប្រសើរក្រៃពេកពន់
បើបាធ្វើតែបាប មិនសុភាពចិត្តកាចលន់ ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
បើបាបានធ្វើបុណ្យ បានសងគុណម្តាយឳពុក អោយទានចាំសីលសុខ នោះនឹងបានឋានសួគ៌ា។
ខ្លួនធំខំរកស៊ី ចាស់ព្រឹទ្ធីគួរអនិច្ចា កើតជាមនុស្សនេះណា មានវេរាពុំជាឡើយ។
មួយសោតកុំស្នែហ៍ស្និទ្ធ កុំមានចិត្តគិតកាន់កួច ភរិយាគេកុំលួច នៅលោកិយក្តីនិន្ទា។
៣០ ដល់ខ្លួនលែងជាតិនោះ នឹងចូលចុះនរកណា នឹងឡើងដើមរកា ដែកនោះធំៗខ្ពស់ក្រៃ។
យមបាលរត់ទៅជ្រោម កាន់គ្រឿងចោមចាក់ទីទៃ ក្អែកត្មាតទង់ជើងដៃ ចចឹកស៊ីជាអាហារ។
មានខ្លួននោះដាចដាច់ អស់ទាំងសាច់ឈឺខ្លោចផ្សា វាត្រូវនឹងបន្លា សឹងដែកដាមុតធ្លាយធ្លុះ។
ហើយធ្លាក់ពីបន្លា ដើមរកាដែលធំនោះ ធ្លាក់ចុះក្នុងទឹកខ្ទះ ប្រែផ្សារក្តៅឥតសំរាន្ត។
ហើយហែលក្នុងទឹកនោះ ស្លាប់ហើយរស់លំបាកប្រាណ ពីរពាន់ឆ្នាំទើបបាន រួចមកកើតជាមនុស្សា។
៣៥ រួចនោះបានមកកើត យកកំណើតមនុស្សនេះណា ហេតុកម្មពៀរវេរា កើតជាស្រីប្រាំរយជាតិ។
រួចនោះជាខ្ទែខ្ទើយ កូនចៅអើយកុំប្រមាទ កិរិយាគេមិនឃ្លាត ពីនរកនោះឡើយណា។
មួយសោតឳពុកផ្តាំ ចូរបាចាំកុំផឹកស្រា វានាំចិត្តពាលា ពាលោលន់ពន់ពេកក្រៃ។
ផឹកស្រាជាអ្នកកាច ពុំក្រែងខ្លាចអ្នកដទៃ វានាំបាត់ស្មារតី នឹងរកស៊ីបាត់ប្រាជ្ញា។
នៅនាលោកិយហោង អស់អ្នកផងគេនិន្ទា លុះខ្លួនជួនមរណា ទៅនរករងទុក្ខនៅ។
៤០ នៅតែរងពិបាក ខ្លួនរលាកនឹងដែកក្តៅ អស់ថ្លើមប្រមាត់នៅ ក្នុងពុងពោះឈឺពន្លឹក។
ដែកក្តៅឆេះជាភ្លើង ផ្សែងផ្សព្វឡើងលឺគគឹក យមបាលសោតបំផឹក ទឹកទង់ដែកឆេះព្រោងព្រាយ។
ទាក់កទាញផ្តេកផ្តួល នឹងបង្គោលដែកទាំងឡាយ មាត់នោះឆេះព្រោងព្រាយ ហេតុបាបបានផឹកសុរា។
ពាក្យនេះមិនថាឯង មានពីព្រេងព្រះទេសនា អ្នកណាបរទារការ សេពសុរាដូច្នេះនៃ។
គិតគូរគួរអោយចាំ សីលណែនាំអោយល្អក្រៃ រៀនធម៌គម្ពីរថ្លៃ បានវៀរបាបផងនានា
៤៥ ហៃអស់កូនចៅអើយ ចាំអោយហើយធម៌ទេសនា អ្នកមិនផឹកសុរា អ្នកនោះបានឋានសួគ៌ហោង។
រកស៊ីគិតពីរក្តី(១) គិតលោកិយបរលោកផង ក្រែងខ្លួនជួនមកយោង ផលជួយជូនបានសុខា។
ច្បាប់នេះព្រះបន្ទូល គួរតែចូលចិត្តគ្រប់គ្នា ទូលទុកលើសិរសា កុំបីភ្លេចដល់មួយថ្ងៃ។
ថ្ងៃលីលរកផ្កាភ្ញី ទៀនធូបក្តីផ្សំម្រាមដៃ ថ្វាត់ថ្វាយព្រះរតនត្រៃ កុំបីដាច់ថ្ងៃមួយឡើយ។
អ្នកណាអាចបានស្ដាប់ ត្រេងត្រងស្ដាប់ធម៌ជាត្រើយ លុះលែងជាតិទៅហើយ នោះនឹងបានស្ថានសួគ៌ា។
៥០ ទោះបីបានកើតមក យកកំណើតជាតិនេះណា ប្រកបដោយប្រាជ្ញា អង្គកាយាល្អប្រិមប្រីយ។
កើតមកទ្រព្យរបស់ ខ្ញុំស្រីប្រុសគោក្របី មាសប្រាក់ឥតខ្វះអ្វី មានទូកក្តារច្រវាហោង។
មានកេរ្តិ៍មានស្រែស្រូវ ចេកអំពៅដូងស្លាផង នោះច្រើនៗពេកហោង សឹងលើសលន់ពន់ប្រមាណ។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថិអោវាទទាន ជាសូរេចបណ្តាំហោង។
៥៥ ចូររិះចូររៀនយក  ជាពន្លកចិត្តចាំចង ស្មើស្ពានចាំចម្លង ទៅដាក់ដល់ថ្នល់និពា្វន។
---ចប់---