បទវិភាគច្បាប់ស្រី
ដោយវ៉ាន់ ឌីកាអុន(RFI)

ថ្ងៃសុក្រ ទី18.តុលា 2013.ម៉ោង 22:10

   នៅក្នុងអក្សសិល្ប៍ខ្មែរគេឃើញមានពាក្សប្រៀបប្រដៅម្យ៉ាងដែលហៅថា ច្បាប់ស្រី អ្នកប្រាជ្ញបណ្ឌិតខ្មែរ ហាក់បី​ដូច​ជា​យក​ចិត្ដ​ទុក​ដាក់​​អំពី​ការ​អប់​រំ​ស្ដ្រី​ភេទ​នេះ​យ៉ាង​ខ្លាំង​ក្លា ព្រះ​មហា​ក្សត្រ​ខ្មែរ​ពីរ​អង្គ​គឺ ព្រះ​រាជ​សម្ភារ និង​ព្រះ​បាទ​សម្ដេច​ហារីរៈ​រាមា​រិស្ស​រា​ធិប​តេយ្យ​ព្រះ​អង្គ​ឌួង​ ព្រះ​បរម​កោត ក៏​ហាក់​បី​ដូច​ផ្ដល់​សារ​សំខាន់​ពិសេស​ទៅ​អោយ​ដល់​ការ​អប់​រំ​នេះ​ដែរ នេះ​ជា​ការ​ធម្មតា​ទេ​ ព្រោះ​សង្គម​ខ្មែរ​ជា​សង្គម​មាតា​ធិប​​តេយ្យ គឺ​ស្រី​មាន​តួនា​ទី​ដឹក​នាំ​ដ៏​សំខាន់ បើ​ស្ដ្រី​មាន​ឥរិយា​បថ​បែប​ណា គ្រួសារ​និង​សង្គម​ទាំង​មូល​ក៏​មាន​លក្ខណ​បែប​នោះ​ដែរ ក៏​ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ផង​ដែរ​ថា ពាក្យ​ទូន្មាន​ទាំង​ឡាយ​នោះ យក​ចិត្ដ​ទុក​ដាក់​ជា​ពិសេស​អំពី​ទំនាក់​ទំនង​រវាង​ប្ដី​និង​ប្រពន្ធ​។

   ដោយ​អនុ​វត្ដន៍​ពាក្យ​ទូន្មាន​ជា​មូល​ដ្ឋាន​ទាំង​ឡាយ​នេះ សង្គម​បូរាណ​ខ្មែរ​មាន​លក្ខណ​ដ៍​ល្អ​ប្រពៃ រី​ឯ​បុរស​វិញ​តាម​រយ​ច្បាប់​ប្រុស​របស់​បណ្ឌិ​ម៉ៃ​ដដែល ក៏​ត្រូវ​ប្រកាន់​ឥរិ​យាបថ​អោយ​បាន​សម​សួន​ដែរ ទើប​រក​ភាសុខ​ក្សេម​ក្សាន្ដ​នៅ​ក្នុង​គ្រួសារ​បាន​។

   យ៉ាង​ណា​មិញ​រឿង​រាវ​សៅ​ហ្មង​ទាំង​ឡាយ​ដែល​កើត​ឡើង​ក្នុង​គ្រួសារ ក៏​កើត​ឡើង​បណ្ដាល​មក​ពី​ការ​មិន​គោរព​ក្រិត​ក្រម​ទាំង​ឡាយ​នោះ​ដែរ​។ រី​ឯ​បញ្ហា​ដែល​ចោត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​សំនួរ​ដែល​ថា ហេតុ​ដូចម្ដេច​បាន​ជា​ប្រពន្ធ​ត្រូវ​គោរព​ផ្គាប់​ផ្គុន​ប្ដី​ដល់​ថ្នាក់​នេះ បើ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​សេរី​ភាព រឺ​ឥស្សរ​ភាព​រៀង​ៗ ខ្លួន​នោះ​។

   តាម​ការ​ពិត​បណ្ឌិត​ម៉ឺន​ម៉ៃ​ចង់​និយាយ​អំពី​ក្បួន​ចិត្ដ​សាស្ដ្រ​តែ​ប៉ុណ្ណោះ គឺ​អំពី​អាថិ​កំបាំង​ដែល​ជា​កត្ដានៃ​ទំនាក់​ទំនង​ល្អរ​វាង​ប្ដី​និង​ប្រពន្ធ ហើយ​ដែល​ជា​មូល​ដ្ឋាន​នៃ​វប្បធម៌ និង​អរិយ​ធម៌​ខ្មែរ តាម​ការ​ពិត​ផ្ទុយ​ពី​មតិ​ទូ​ទៅ សង្គម​ខ្មែរ​ជា​សង្គម​ដែល​ស្រ្ដី​ជា​អ្នក​ដឹក​នាំ និង​ចាត់​ចែង​កិច្ច​ការ​គ្រប់​សារ​ពើ ទោះ​បី​មាន​ការ​កៀប​សង្កត់ ផ្ជាញ់​ផ្ចាល​ពី​សំណាក់​ចរន្ដ​បិតា​ធិប​តេយ្យ​ក្ដី ដែល​មក​ពី​ចិន និង​ឥណ្ឌៀ​ក្ដី ហើយ​ទោះ​បី​មាន​ឥទ្ធិ​ពល​ផ្សេង​ៗ​ទៀត​មក​ពី​អ៊ឺរ៉ុប​ក្ដី​ ក៏​សង្គម​ខ្មែរ​ នៅ​តែ​ស្ថិត​នៅ​ជា​​សង្គម​មាតា​ធិប​តេយ្យ​ដដែល ស្ដ្រី​ដែល​ជា​ប្រពន្ធ រឺ​មាតា​ នៅ​តែ​ស្ថិត​នៅ​ជា​អ្នក​សំរេច​ចុង​ក្រោយ​បង្អស់​ដដែល​ជា​ដដែល រី​ឯ​ច្បាប់​ក្បួន​របស់​ម៉ឺន​ម៉ៃ មាន​គោល​ដៅ​ពីរ​ផ្ទុយ​គ្នា​ជា​មូល​ដ្ឋាន គឺ​ផ្ដល់​ទៅ​អោយ​ស្រ្ដី​ជា​ភរិយា នូវ​លទ្ធ​ភាព រឺ​អំណាច​ចិត្ដ​សាស្ដ្រ​គ្រប់​គ្រាន់​ សំរាប់​គ្រប់​គ្រង​គ្រួសារ​ផង ហើយ​ធ្វើ​ការ​គៀប​សង្កត់​ទៅ​លើ​ឥស្សរ​ភាព​របស់​ស្ត្រី​ផង​ដែរ ហើយ​នេះ​មិន​ខុស​ប៉ុន្មាន​ពី​ក្បួន​នយោ​បាយ​សំរាប់​គ្រប់​គ្រង​ប្រ​ទេស​នោះ​ទេ ម៉ឺន​ម៉ៃ​បាន​បង្ហាញ​អោយ​ឃើញ​ជា​អាទិ​ថា អំណាច​របស់​ស្រ្ដី​ទៅ​លើ​បុរស គឺ​ការ​តំរូវ​ចិត្ដ​បុរស​គ្រប់​បែប​យ៉ាង គឺ​ថា​បុរស​មិន​អាច​ចាប់​ចិត្ដ​ទៅ​លើ​អ្នក​ណា​ទៀត​បាន​ឡើយ បើ​ប្រពន្ធ​ប្រកាន់​ខ្ជាប់​នូវ គោល​ការណ៍​ទាំង​អម្យាល​មាណ​នោះ ជា​ពិសេស​នៅ​ក្នុង​ការ​រួម​រក្ស​ស្នេហា ដូច្នេះ​ឃើញ​ថា គោល​ការណ៍​ទាំង​នោះ ជា​ការ​បង្កើត​នូវ​សម្ផស្ស​មួយ​ដ៏​ខ្លាំង​ខ្លា សំរាប់​នារី​ខ្មែរ​។

   នៅ​ក្នុង​វប្ប​ធម៌​អរិយ​ធម៌​ខ្មែរ​សុទ្ធ​សាទ ចរន្ដ​ចរិយា​មាយាទ​ទន់​ភ្លន់​ ជា​សោភណ្ឌ​សាស្ដ្រ​មួយ​ប្រ​ភេទ​ដែល​ទាក់​ទាញ​អារម្មណ៍​អ្នក​ផង​ទាំង​ពួង ប៉ុន្ដែ​ក៏​ជា​អាវុធ​មួយ​ដ៏ស្រួច​ស្រាវ​ផង​ដែរ នៅ​ក្នុង​ករណី​ដែល​គេ​យក​ទៅ​ប្រើ​សំរាប់​គោល​ដៅ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​ករ​សាង​សុភ​មង្គល​ក្នុង​គ្រួសារ ពាក្យ​ខ្មែរ​តែង​ពោល​ថា ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ រឺ ទឹក​ត្រ​ជាក់ ត្រី​កុម​​ជា​ដើម ទាំង​នេះ​តាម​ការ​ពិត​ទៅ​សុទ្ធ​តែ​ជា​ក្បួន​ចិត្ដ​សាស្ដ្រ​សំរាប់​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ​។

ច្បាប់ស្រី

នេះបទកំណត់ចងជា ភូជង្គលីលា ចងជាច្បាប់ស្រី។
កាលនាងអិរន្ទវតី ចរចាកតាមប្តី គឺបុណ្ណកយក្សា។
នាងវឹមលាជាមាតា បើកបន្ទូលថា ហៃកូនពិសី ។
នាងនឹងត្រាច់ត្រង់តាមប្តី ចេញចាកអំពី ពិភពនាគនេះ ។
នៅឋានមនុស្សលោកនាយអេះ ចូរនាងចាំចេះ បំរើស្វាមី ។
ធ្វើវត្តប្រត្តិបត្តិប្រក្រតី កុំអោយស្វាមី អាក់អន់ចិន្តា ។
នាងអើយគំដែងក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ។
ហៃកូនស្រីស្ងួនមាសម្តាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី។
ក្រមួយមិនបានសំដី ពាក្យទន់តិចនៃ អោយញាតិចូលចិត្ត។
១០ ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា។
ទោះមានមិនមានក្តីណា ពាក្យផ្អែមចរចារ ទើបគេស្រលាញ់
កុំជួចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្តាន។
កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្ត ពីព្រោះកូនស្រី។
ទោះនឹងនិយាយស្រដី ការកេរ្តិ៍ជាស្រ្តី កុំស្តីឡេះលាស់។
១៥ ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកំលោះ សសៀរចូរជិត។
សើចព្រៀងបញ្ឆៀងមិនគិត ប្រុសព្រើលបានចិត្ត ទាហានដោយសារ។
ហៅស្រីអប្រិយឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន។
សើវ៉ើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់។
ឃើញគេបៀតបែរគយគន់ សើចសួរចំអន់ ចំអកអោយប្រុស។
២០ ហៅស្រីអប្រិយទុរយស មិនខ្លាចខ្លួនខុស មារយាទក្រិត្យក្រម។
ធ្វើការអង្គុយច្រលំ នឹងសមពុំសម ថាឯងជាស្រី ។
មិនកោដមិនខ្លាចចិត្តប្តី អោយប្រុសដទៃ មាក់ងាយប្តីណា។
ហៅស្រីឥតលក្ខណា ឥតមានកិរិយា មារយាទពុំសម។
ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំអោយហើយ។
២៥ កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា។
ទោះធ្វើហូលគោមព្រែផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ។
ធ្វើអោយកើតកេរប្រសើរ ហើយកុំអោយដើរ លេងផ្ទះគេណា។
ឱស្ងួនខ្លឹមខ្លួនរក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ។
មានប្តីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត។
៣០ ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត យំទារតែឆី។
រឹងព្រួយទាំងមួយទាំងពីរ រកបានអោយឆី ទើបបានបាត់មាត់។
ទោះកាន់ការធ្វើអោយស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ។
កុំទុកក្នុងស្មុកស្មាញនៅ ក្រែងដល់យូរទៅ ខាតខូចអាសារ។
ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា កុំភ្លេចស្មារតី។
៣៥ ចូររករៀនយកច្បាប់ស្រ្តី អោយកោតខ្លាចប្តី គំដែងក្រឡា។
ធ្វើវត្តប្រតិបត្តិសោតណា អោយនាងរក្សា ភ្នក់ភ្លើងទាំងបី។
អោយកាន់អោយគង់ប្រក្រដី សព្វថ្ងៃកុំបី ភ្លេចផ្លុំអោយឆេះ។
ក្រែងរាលដូចដាលព្រាយប្រេះ កើតក្តៅរលេះ រលាយអស់អង្គ។
ភ្លើងក្តៅកុំនាំទៅក្នុង អោយឆេះបំផ្លុង រឹងផ្លុំបង្កាត់ ។
៤០ ភ្លើងក្នុងមិនប្រុងប្រយ័ត្ន នាំមកបង្កាត់ អោយឆេះឯក្រៅ។
អុជអាលបណ្តាលអោយក្តៅ ដាលដល់កូនចៅ អសោចអប្រិយ។
អោយនាងខំប្រុងស្មាតី មើលភ្លើងទាំងបី រក្សាអោយគង់។
ភ្លើងនោះអោយគុណពុំលង់ នឹងអោយឧត្តង្គ ឧត្តមកន្លង។
កើតយសរបស់ទ្រព្យផង បរិបូណ៌ឥតហ្មង ប្រសើរក្តាត់ណា។
៤៥ ភ្លើងមួយនោះអោយរក្សា គឺគុណមាតា បិតាស្ងួនគ្រង។
អោយនាងធ្វើដោយគន្លង ប្រណិបតន៍ខុសឆ្គង នឹងម្តាយឳពុក។
អោយខំថែទាំញ៉ិកញ៉ុក ចំណីចំណុក ចំណង់អាត្មា។
កុំឃ្លានទុកឆីឡើយណា ឆ្ងាញ់ឈ្ថុយពិសា ជូនជាប្រក្រតី។
ពាក្យពេចន៍កិច្ចការអ្វីៗ អត់អោនកុំបី អោយអាក់ចិន្តា។
៥០ ភ្លើងមួយគំដែងក្រលា គឺប្តីអាត្មា ឋិតថេររួមរ័ក្ស។
អោយនាងប្រណិបតន៍ជៀកជាក់ កុំធ្វើអោយអាក់ អោយអន់ចិត្តប្តី។
អត់អោនខ្លាចខ្លួនជាស្រី កុំអោយស្រដី ទុកគេជាស្មើរ។
ទោះកើតហេតុភេទសារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្តាប់។
ទោះបី្តស្រដីពុំគាប់ ពុំគួរអោយប្រាប់ បានដឹងដល់ម្តាយ។
៥៥ កើតខឹងរែងរឹងខ្ចរខ្ចាយ លឺពាក្យពីម្តាយ ខ្សឹបខ្សៀវប្រាប់ប្តី។
មិនក្សាន្តបែកបានពីរបី កើតជាសំដី សួរចុះសួរឡើង។
ពុំស្ងាត់ស្ងៀមមាត់ចចើង ជជែកនាំឡើង ចចើងមិនបាត់។
តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមអោយបាត់ អោយបានទីសុខ។
ជជែកស្ទើរបែកទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ។
៦០ នេះហៅភ្នក់ភ្លើងទាំងបី ម្តាយផ្តាំកូនស្រី អោយខំរក្សា។
នាងអើយគំដែងក្រលា ខុសឆ្គងម្តេចម្តា ម្តាយផ្តាំកូនស្រី។
អោយអត់សង្កត់ហរិទ័យ កូនកុំស្រដី ដើមប្តីកំបាំង។
កុំជេរកុំចេញជាខ្លាំង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ។
ល្ងង់ខ្សោយប្រើអោយនិយាយ ណែនាំលេងលាយ អោយស្រួលវាចា។
៦៥ ទោះប្ដីស្រដីម្តេចម្តា ខេខឹងជេរថា បោះពាក្យទំងន់។
ក្រោធក្រេវឆុលឆេវមិនអន់ មិនអាក់ស្រាកស្រន់ ដោយចិត្តគ្នាន់ក្នាញ់។
រអ៊ូរទាំទន្ទេញ ជេរថាជន្លេញ ត្បិតទាស់នឹងចិត្ត។
អោយកូនស្រីស្ងួនខំអត់ អោយបានរលត់ រលាយកំហឹង។
កុំកូនកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នកជាស្វាមី។
៧០ ខេខឹងក្រញឹងសំដី មិនគិតខ្លួនស្រី ស្រដីទ្រគោះ។
ប្រកែកស្តីពាក្យគំរោះ គំរាបបញ្ឆោះ បញ្ជោរអោយខឹង។
រឹងរូសមើលមុខសំលឹង សំលាក់ទោរឹង ចចើងចង់ឈ្លោះ។
រឹងឆ្លងឆ្លើយពាក្យបញ្ឆោះ បំបែកជាឈ្លោះ បំបែរពុំទៀង។
ជេរថាឆ្កែឆ្មាបំព្រៀង ដៀលត្មះបញ្ឆៀង បញ្ឈឺចិតប្តី។
៧៥ បោះបោកប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត។
មិនស្រួលទទួលបំបាត់ ម្នះម្នេញក្នុងចិត្ត អោយបានប្តីចាញ់។
ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អាប់កេរ្តិ៍យសឆ្ងាយ។
ហៃកូនស្រីស្ងួនមាសម្តាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ។
ទោះបីបើប្តីនាងជេរ នាងចូលទៅឯ ដំនេកគិតសិន។
៨០ ចេញមកនាងយកពាក្យទន់ ស្រដីអោយអន់ ស្រាយទោសនោះទៅ
ទោះបីបើប្តីប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា។
ពាក្យពេចន៍កុំភ្លេចឡើយណា ក្រែងឆ្លងម្តេចម្តា ត្បិតបានផ្តាំស្រាប់។
ព្រោះឯងមិនក្រែងមិនស្តាប់ ពាក្យគេបង្គាប់ បង្កើតតែឈ្លោះ។
ឥតសុខអាក្រក់តែឈ្មោះ លឺតែប្រឈ្លោះ មិនចេះហៅល្ហែ។
៨៥ នេះពុំរាប់ជាស្រីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង។
អោយមាត់បង្រ្គបប្តីផង អោយគេស្តាប់ហោង ថាឯងគ្រាន់បើ។
គឺមោះនាងនោះមិនប្រើ មិនបើកអោយដើរ បញ្ចើអោយទេ។
ទោះបីប្តីប្រើមាសមេ កុំកូនចំអែរ ចំអៀកមិនទៅ។
ឆ្ងាយជិតកុំគិតរង់នៅ ក្រោកក្រេសដើរទៅ កុំអោយប្តីជេរ។
៩០ កុំទៅនៅយូរផ្ទះគេ រវល់ទំនេរ រវៀសមកណា៎។
ហៃកូនខ្លឹមខ្លួនមាតា ជាស្រីនេះណា៎ កម្រណាស់នាង។
មិនថាត្បិតល្អរូបរាង មិនរើសត្បិតជាង ចេះការទាំងគ្រប់។
មិនបានស្គាល់ទីគោរព ស្គាល់តែអុបទ្រព ទាំងដប់ប្រការ។
ហៅតែនឹងល្អរូបា ពិតហើយចេះការ គួរកោតដោយយ៉ាង។
៩៥ មួយល្អរូបសសន្លាង ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ។
ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ ការសោតសមគួរ។
គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា។
នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី។
ហៃកូនស្រីស្ងួនពិសី ម្តាយប្រាប់អំពី អុបទ្រពចង្រៃ។
១០០ កាន់ក្បាលប្តីហើយរកចៃ មិនបានលើកដៃ បិទទូលសំពះ។
លោកទុកស្មើកុកទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ។
កន្លងជើងប្តីពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្តី។
ស្មើសត្វរលកខ្មោចខ្មី ហើរច្រាលអប្រិយ កើតព្យាធិ៍រោគា។
ចង្រៃមួយនៃរាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង។
១០៥ ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយសុស
ទុកស្មើគេអុជចន្លុះ អោយចោរចូលចុះ យកទ្រព្យទាំងឡាយ។
ស្រីមួយសើចលេងក្អាកក្អាយ លឺលេចចំងាយ រំលងផ្ទះបី។
ស្មើសត្វចចាតបក្សី ចូលភូមិផងក្តី ចង្រៃក្តាត់ណា៎។
ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា អោយខ្នងទៅប្តី។
១១០ ទុកស្មើពស់ក្រាយអប្រិយ ឡើងផ្ទះឥតបី ឥតបើគណនា។
ចង្រៃកើតក្រៃពុំជា នឹងព្រាត់ប្រាស់គ្នា ពុំបានវែងឆ្ងាយ។
ស្រីមួយសក់វែងអន្លាយ រំសុសរំសាយ សក់សោតរេរា។
នៅមាត់អណ្តូងមាត់ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក។
ចង្រៃឥតបីបើរក រេរាសំកក មិនចុកសក់ងាយ។
១១៥ ស្រីមួយដើរលេងទាត់ជាយ លឺលាន់ស្ទើរធ្លាយ ប្រថពីសន្លឹក។
សំពត់ដាច់ដាចមិននឹក ដើរលឺគគឹក ស្មើសូររន្ទះ។
ញ៉ាំញ៉ើដំណើររលះ ដាក់ជើងលើផ្ទះ គគ្រាំគគ្រេង។
កក្រើកផ្ទះទាំងបីល្វែង ដូចកលគេសែង របស់ចេញទៅ។
ស្រីមួយឃើញទ្រព្យនៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក។
១២០ ពុំចេរចំណេរទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង។
ទ្រព្យនោះរលោះចេញឯង ចង្រៃទាស់ទែង ធ្វើអោយអន្តរាយ។
ទោះឆីចំណីនូវបាយ លបលូកកកាយ ពមពុំសណ្តាប់។
កូនអើយនេះហើយចូរស្តាប់ ហៅក្តីអុបទ្រព ទាំងដប់ប្រការ។
អោយចៀសអស់ទាំងនេះណា អោយរៀនលក្ខណា ទាំងប្រាំពីរផង។
១២៥ គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទគាថា។
មួយមាតុមួយមិត្តភរិយា ភាតុភរិយាជា ទាសភរិយាផង។
ទាំងបួនប្រសើរឥតហ្មង គួរអោយចាំចង ទុកក្នុងអាតា្ម។
រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្តាយ។
ចរិតបីប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៏អោយប្តី។
១៣០ បានថ្កើងរុងរឿងលឺល្បី មិនអោយអាប់ប្ដី អោយបានសក្ដិយស។
មួយបើប្ដីស្លៀកពាក់ចាស់ យកថ្មីអោយផ្លាស់ ចាស់ស្លៀកខ្លួនឯង។
ចេះរៀបរន្ដាប់តាក់តែង ចំណីផងស្វែង រកមកអោយប្ដី
មួយបើប្តីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្តី រកថ្នាំសង្កូវ។
រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើលប្តីអោយជា។
១៣៥ រីឯហៅភាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង។
នោះមានចំរិតពីរផង ដូចប្អូននិងបង ចិត្តមូលមួយប្រាណ។
មួយធ្វើអោយប្តីក្សេមក្សាន្ត របស់ប្តីបាន ចេះទុករក្សា។
មួយទោះលឺពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្តី។
ពុំត្រូវអាស្រូវអប្រិយ ចេះការកេរប្តី បែរបានជាសុខ។
១៤០ ទោះបីបើប្តីមានទុក្ខ គិតអោយបានសុខ យកខ្លួនធានា។
មួយសោតឯមិត្តភរិយា មានចរិតជា បីប្រការមិញ។
បីដូចកលមិត្តសំលាញ់ មានចិត្តអស់អញ មិនអោយមានហ្មង។
បីដូចកលប្អូននិងបង ប្រាសយូរលង់ហោង ទើបមកជួបគ្នា។
មានចិត្តប្រតិព័ទ្ធមហិមា ត្បិតបានជួបគ្នា មិនអោយមានហ្មង។
១៤៥ មួយមានមារយាទកន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ។
រីទាសភរិយានោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្តី។
ចរិតប្រាំបីប្រការខ្មី មួយចិត្តខ្លាចប្តី ក្រែងប្តីវាយជេរ។
ប្រុងចិត្តការគិតខ្មាសគេ មិនអោយប្តីជេរ បន្ទោសខ្លួនបាន។
ទោះប្តីខឹងក្រៃប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់។
១៥០ មួយទោះប្តីនោះកាចក្តាច់ ខឹងដល់វាយវាត់ ជេរចោរដកទង។
មិនហ៊ានឆ្លើយឈ្លោះរំលង តតបទៅផង ក្រែងលឺកេរឆ្ងាយ។
មួយចេះប្រដាប់រៀបបាយ ប្តីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ។
អត់ចាំទំរាំប្តីមក ជួបជុំទើបយក បរិភោគផងគ្នា។
នេះឯងហៅទោសភរិយា សម្តេចភគវា ទេសនាប្រោសប្រាប់។
១៥៥ បើអស់ស្រីណាបានស្តាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ។
លុះអស់អាយុក្សិណក្ស័យ បានទៅកើតអៃ តុសិតសួគ៌នាយ។
នឹងបានក្សេមក្សាន្តពណរាយ សេពសុខសប្បាយ និរទុក្ខកាយា។
រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមានបួន។
កុំអោយយកទុកក្នុងខ្លួន អោយចៀសចេញជួន កើតកម្មវេរា។
១៦០ មួយគិតគំនិតចងជា ឆ្លាស់ឆ្លើយបំពារ បំពានអោយប្តី។
ប្រទូសរឹងរូសខ្ញូវខ្ជី មិនចេះចាញ់ប្តី ថាឯងគ្រាន់បើ។
ឆ្លើយឆ្លងសូរសងបណ្តើរ ចង់ឈ្លោះអោយស្មើ អោយលើសប្តីវិញ។
មួយមិនចង់ធ្វើបំពេញ បង្គាប់ប្តីវិញ អោយថ្កើងខ្លួនឯង។
អាងចេះដៀលតិះពុំក្រែង អោយប្តីស្តាប់ឯង ដោយចិត្តអន្ធពាល។
១៦៥ មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោរពេញមុខប្តី។
មួយចិត្តទ្រឹស្តទ្រុស្តអប្រិយ ចង់សំលាប់ប្តី ស្រលាញ់ប្រុសទៀត។
គិតកាប់សំលាប់បង់សៀត នឹងយកប្រុសទៀត ធ្វើប្តីមរណា។
រីឯសត្រូវភរិយា ចរិតពុំជា ប្រាំពីរប្រការ។
មួយមិនខ្លាចប្តីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត។
១៧០ មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ ប្តីសួរបីមាត់ ពុំស្រដីផង។
មួយប្តីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្តាប់។
មួយមិនចង់អោយប្តីគាប់ មិនចង់ប្រដាប់ អោយប្តីថ្កុំថ្កើង។
មួយទោះនឹងស្រដីឡើង ពាក្យធំចចើង ចចេសនឹងប្តី។
មួយទោះប្តីលោះខ្ញុំស្រី វាបំរើប្តី មិនអោយអាក់អន់។
១៧៥ ឃើញគាប់រឹងស្អប់ខ្នាញ់គ្នាន់ ក្នុងចិត្តប្រចណ្ឌ ជេរថានាយអាយ។
មួយត្បិតប្តីមានសហាយ ហួរហែកសុសសាយ អោយប្តីអាស្រូវ។
រីចោរភរិយានោះកូវ ចរិតពុំត្រូវ មានបីប្រការ។
មួយចង់ចាយទ្រព្យប្តីណា អោយខូចអាសារ មិនគង់ជាល្អ។
មួយប្តីឃ្មាតឃ្មីខំរក របស់បានមក មិនថែទាំទុក។
១៨០ លួចអោយទៅម្តាយឳពុក ប្តីសួររកមុខ មិនប្រាប់ឡើយណា។
មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់។
ដេកលេងចំខែងអស់កល លុះប្តីគេយល់ ពុតធ្វើជាឈឺ។
ទទូរដេកថ្ងូរហ៊ឺៗ ប្តីហៅមិនលឺ ពុតចង់តែស្លាប់។
នេះហៅប្រពន្ធពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ។
១៨៥ លុះអស់អាយុក្ល័បក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពួក។
តែងនឹងរងទុក្ខរងសោក រំដោះរួចមក កើតជាមនុស្សខ្ទើយ។
ហេតុអកុសលនេះហើយ ត្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង។
ខុសវត្តប្រតិបត្តិឆ្គាំងឆ្គង មិនរៀនមិនរង ខុសនឹងច្បាប់ស្រី។
មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា។
១៩០ មាក់ងាយមួយនោះឯងណា ត្បិតប្តីពិការ មិនបានមាំមួន។
ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់។
មើលប្តីអោយជាឆាប់ឆុត ខឹងវិញមិនអត់ បន់អោយប្តីស្លាប់។
មាក់ងាយមួយប្តីខ្សត់ទ្រព្យ គ្មានកេរ្តិ៍កោះគាប់ ស្មើនឹងអាត្មា។
ដៀលត្មះថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់។
១៩៥ មាក់ងាយត្បិតប្តីអ័ប្បយស ឯងត្រកូលខ្ពស់  ពូជពង្សពុំស្មើ។
ឆ្មើងខ្លួនអោយប្តីបំរើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស។
មាក់ងាយមួយត្បិតប្តីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ។
ដៀលត្មះពុំចេះអាសូរ សំដីខ្មោះខ្មូរ មិនក្រែងប៉ុនសក់។
មាក់ងាយមួយប្តីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស។
២០០ កន្ទ្រលរោងរលក្រអុះ សក់ស្គាញស្កូវសុស ពោះធំកំពាង។
ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្តីមិនសម។
មាក់ងាយមួយប្តីមិនខំ ធ្វើការលេលាំ ឡឡែដើរលេង។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា។
មាក់ងាយមួយប្តីផឹកស្រា ស្រវឹងចោលការ ដើលេងតែលតោល។
២០៥ ពាក្យក្អេងរាំច្រៀងឡោៗ អោយឆ្កែព្រុសឆោ ផ្អើលភ្ញាក់កូនចៅ។
លឺមាត់ប្តីហើយខឹងក្តៅ ប្រទេចជេរទៅ តាមដោយចិត្តខ្នាញ់។
មាក់ងាយមួយទៀតនោះមិញ ត្បិតប្តីស្រលាញ់ លលូកប្រលែង។
មួលបិចចាក់ចុចជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ។
ត្បិតតែយល់គេស្រលាញ់ ស្រដីផងមិញ គំរោះគំរើយ។
២១០ ធ្វើខ្នាញ់បែរចេញព្រងើយ គេនឹងកន្តើយ ក្និចក្នក់មាយា។
ពុំបានក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គំរប់ប្រាំបី។
កូនអើយនេះហើយច្បាប់ស្រី អោយកូនពិសី រករៀនរក្សា។
យកទុកក្នុងអង្គអាតា្ម ប្រសើរក្តាត់ណា កើតសុខសួស្តី។
ប្រសើរទាំងនាលោកិយ ទោះបរលោកក្តី សឹងលុះប្រាថ្នា ។
២១៥ ទោះចិត្តគន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូណ៌។
ដូចចិត្តឆាប់ឆុតពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង។
កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរឥតហ្មង ដូចក្តីប្រាថ្នា ។
ច្បាប់នេះអុត្តមថ្លៃថ្លា ទោះស្រីឯណា លឺហើយមានភ័ព្វ។
ជាល្អកម្របានស្តាប់ ស្តាប់ហើយចូរចាប់ ចូរចាំគ្រប់គ្នា ។
២២០ បានដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច ។
ចរចាអស់អាថិពាក្យពេចន៍ ពាក្យពិតកាព្យកិច្ច បរិបូណ៌ប្រពៃ។
ប្រាជ្ញប្រែរីឯនាមនៃ ខ្ញុំឈ្មោះម៉ឺន-មៃ មែនមានសទ្ធា ។
មានចិត្តកួចគិតកាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល។
សច្ចាប្រាថ្នាមគ្គផល ផុលផុសយោបល់ លេចលើកទុកទៅ។
២២៥ ទោះបីសេចក្តីខុសត្រូវ សូមទានតំរូវ តំរង់អោយផង ។
កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា ។
សំរាប់ជាច្បាប់មាត្រា សូរេចបការា បរិបូណ៌ចែងចប់។