សមាសភាព

វិរយបណ្ឌិតោ
បុព្វបុរសខ្មែរយើង ឆ្លាក់រូបទេវតា និង អសុរៈ នៅជញ្ជាំងថែវនគរវត្តភាគខាងកើត ធ្វើមុខមាត់មាឌសុទ្ធតែប្រឹង។ ទាំង អសុរ ទាំងទេវតា មុខមាត់សំបើម រាងក្រអឺតៗ ទាញព្រ័តនាគនៅគ្រប់ទ្វារនគរធំ មិនតែប៉ុណ្ណោះទេ សូម្បីរូបសីហៈ ឬរូបឆ្មាំទ្វារ គោបុរៈ ក៏មានការៈ ថាថាងប្រឹងប្រែងទាំងអស់។ មើលចុះមិនមែនទន់ល្វែតល្វតរេទៅ តាមខ្យល់ ទេ។ ទាំងអស់នេះ ជារូបភាពសំដែងភស្តុតាងព្យាយាម និងថាមភាពនៃ ដូនតានៅសម័យនគរវត្ត។ បើយើងពោល ដោយផ្លូវហេតុផល គួរទុកជាគតិបានថា គួរប្រឹងឬទេ? ព្រោះដូនតាសុទ្ធតែប្រឹងទាំងអស់។

សុធម្មោ
អារ្យធម៌របស់ជាតិនិមួយៗក្នុងលោក មានអាយុជីវិតរស់នៅបាន និងមានការចំរើនរុងរឿងបាន អាស្រ័យដោយពល រដ្ឋ មានសម្បជញ្ញជាតិ គឺ មិនវង្វេងភ្លេចជាតិខ្លួន មានមនសិការ ចេះស្រលាញ់ជាតិកំនើត មិនមានចិត្តត្រេក ត្រអាល តាម អារ្យធម៌បរទេស ចេះស្រលាញ់អារ្យធម៌ ជាតិខ្លួន ស្រលាញ់វប្បធម៌ជាតិខ្លួន ស្រលាញ់អក្សរ សាស្រ្តជាតិខ្លួន ស្រលាញ់ ប្រពៃណីទំនៀមទំលាប់ជាតិខ្លួន ស្រលាញ់លទ្ធិជាតិសាសនា ស្រលាញ់បូរណភាព ទឹកដីជាតិខ្លួន ហើយ ស្ម័គ្រចិត្តធ្វើពលិ កម្ម ថែរក្សាការពារលើកតំកើងវត្ថុដែលខ្លួនស្រលាញ់នោះស្មើជីវិត។

សុពររង្សី
ក្រោមកំដៅព្រះអាទិត្យ ក្កៅហែង ម៉ែជួតក្បាល ក្រមារែកអំរែកនំបញ្ចុកទៅគ្រប់ទិសទី។ ម៉ែ ប្រើអោយដើរ លក់នំចេក វិចស្លឹកដូងខ្ចី លក់នំក្រូចចៀនខ្លាញ់ ។ រាត្រីខែភ្លឺ ពេលមានបុណ្យទានម្ដង ម៉ែដុតចង្កៀងប្រេងកាត បំភ្លឺលក់ចេកចៀន លក់ចេកអាំង។ នៅខាងមុខ គឺជារោងល្ខោន ល្ខោនសំដែង រឿងចៅស្រទបចេក មកដល់ត្រង់ វគ្គ ចៅចេក យកខ្មោចម្ដាយទៅកប់ ស្រែកយំយ៉ាងកំសត់អស្ចារ្យ ហ្វូងមនុស្សក្រាលកន្ទេល អង្គុយតាមដានសាច់ រឿង មានទឹកមុខ ស្រងួតស្រងាត់ដែរ ខ្លះយកដៃជូតផ្ដិតទឹកភ្នែក ដែលហូរមកមិនដឹងខ្លួន ខ្លះបែរមុខចេញ ព្រោះខ្លាច យំតាមចៅចេក។

------------------------------------