ក្រោយដែលស្ដេចពាល ឬព្រះបាទសេនក្ករាជ ព្រះមហាក្សត្រខ្មែរទី២៣ បានចូលទិវង្គតព្រះរាជបុត្រព្រះនាម​សីហនុ​កុមារ​បានឡើង​សោយ រាជ្យបន្ដ។

ព្រះបាទសីហនុរាជ

    ថ្ងៃ១រោច ខែបុស្ស ឆ្នាំច ព.ស.១៧៨២ ត្រូវជា ម.ស១១៦០ ច.ស.៦០០ និង ត្រូវជា គ.ស១២៣៨ ព្រះសីហនុកុមារ​បាន​ទទួល​ព្រះ​រាជ​ភិសេក ជា​ព្រះ​មហា​ក្សត្រ​ខ្មែរទី២៤។ កាលនោះព្រះអង្គមានព្រះជន្ម១៩វស្សា ព្រះបរមនាមរបស់ព្រះអង្គ គឺព្រះ​បាទ​សម្ដេច ព្រះ​សីហនុ​មហា​រាជា​ធិ​រាជ​រាមា​ធិបតី។ ព្រះអង្គទ្រង់គង់នៅព្រះបរមរាជវាំងមហានគរ។ ក្នុងឆ្នាំ កុរ ច.ស៦៣៧ ជាមួយ​នឹង​ព្រះ​នាង​អ៊ឹង​ព្រះ​អង្គ​បាន​មាន​បុត្រី​មួយ​ព្រះ​អង្គ​ព្រះនាម​ច័ន្ទ​តា​រាវត្ដី។

    គឺនៅក្នុងរាជ្យព្រះបាទសីហនុរាជនេះហើយ ដែលព្រឹត្ដិការណ៍តាត្រសក់ផ្អែម បានផ្ទុះកើតមានឡើង។ ព្រះ​រាជ​វង្ស​ក្សត្រ​ខ្មែរ​សម័យ​អង្គរ​ត្រូវ​ចប់​នៅ​ពេល​នេះ ហើយ​ព្រះ​រាជសន្ដតិវង្ស ព្រះមហាក្សត្រខ្មែរមួយទៀត បានឡើងសោយរាជ្យ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា​រៀង​រហូត​មក​ដល់​បច្ចុ​ប្បន្ន។ ព្រឹត្ដិ​ការណ៍​នេះ​បាន​ញ៉ាំង​អោយ​អ្នកប្រវត្ដិវិទូខ្មែរ និង បរទេសតែងបែងចែកប្រវត្ដិសាស្រ្ដខ្មែរ ជាពីរ​ចំណែក​សម័យ​អង្គរ​និង​សម័យ​ក្រោយ​អង្គរ ដែល​ផ្ដើម​ពី​រាជ្យ​ស្ដេច​ត្រសក់ផ្អែម។

ប្រវត្ដិតាត្រសក់ផ្អែម

    នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ ប្រវត្ដិ ឬ រិសគល់ដើមកំណើត តាត្រសក់ផ្អែម គ្មានបញ្ជាក់ជាច្បាស់លាស់ពិតប្រាកដឡើយ។ ពង្សា​វតារ​វត្ដ​កោក​កាក មិន​បាន​សរ​សេរ​បញ្ជាក់​កត់​ត្រាអំពីពូជអំបូរខ្សែស្រលាយស្ដេចអង្គនេះឡើយ។ ព្រះអង្គនព្វរត្ន ព្រះរាជ​បុត្រ​ព្រះ​បាទ​អង្គ​ឌួង​ក្នុង​ពង្សាវ​តារ​របស់​ព្រះ​អង្គ ក៏​មិន​បាន​បកស្រាយអំពីប្រវត្ដិ តាត្រសក់ផ្អែមដែរ។ ពង្សាវតាររបស់គណកម្មការ សម្ដេច​សង្ឃ​រាជ​ទៀង ដែល​មាន​សម្ដេច​សង្ឃ​សុគន្ធ​ប៉ាន់​ជា​សមា​ជិក មិន​បំភ្លឺ​រៀបរាប់អធិប្បាយត្រង់ ចំនុចនេះអោយបានច្បាស់លាស់ទេ។

    មានតែពង្សាវតារ ដែលរុះរើរៀបចំសរសេរសាជាថ្មី របស់គណកម្មាការសម្ដេចវាំងជួន និង ពង្សាវតារវត្ដទឹកវិលទេ ដែល​បាន​រៀប​ចំ​តាក់​តែង​អធិប្បាយ​បញ្ជាក់​យ៉ាង​ពិស្ដារ អំពីដើមកំណើតពូជពង្សស្ដេចត្រសក់ផ្អែម គឺក្នុងន័យហាក់បីដូច ជា​ចង់​អះ​អាង​ថា ស្ដេច​អង្គ​នេះ​មាន​ឈាម​ជ័រ​ជាប់​ពី​ព្រះ​មហា​ក្សត្រខ្មែរសម័យអង្គរ ហើយព្រះអង្គក៏ជាអ្នកមានបុណ្យ មានរិទ្ធិអានុភាពខ្លាំងពូកែ​អស្ចារ្យ​មិន​ចាញ់​ស្ដេច​ជំនាន់​មុន​ដែរ​។

    តែការរៀបចំសំរបសំរួលប្រទាក់ប្រទងពូជពង្ស អោយបានសមរម្យល្អមើល ល្អស្ដាប់របស់ពង្សាវតារទាំងពីរមិន​ស៊ី​សង្វាក់​គ្នា​ទេ​ ដូច​ជា​បញ្ហា​ឈ្មោះ រិស​គល់ ដើម​កំណើត​ឳពុក​ និងកាលបរិច្ឆេតផ្សេងៗជាដើម៘ ទោះបីជាមានការច្របូកច្របល់​ដូច្នេះ​ក៏​ដោយ ក៏​សាច់​រឿង ​ក្នុង​ពង្សា​វតារ​ទាំង​ពីរ មាន​ដំណើរ​រឿងប្រហាក់ប្រហែលដូចគ្នាដែរ។

    បិតារបស់ស្ដេចត្រសក់ផ្អែម មានព្រះនាមព្រះបទុមរាជា។ ពង្សាវតារវត្ដទឹកវិលបានសរសេរថា ព្រះអង្គត្រូវ​ជា​ព្រះ​រាជ​បុត្រ​ព្រះ​ជេដ្ឋា​ជ័យ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី១៤។ ព្រះអង្គបានប្រសូត្រក្នុងឆ្នាំរោងព.ស. ១០៧៦ត្រូវជាម.ស៤៥៤ និងត្រូវ ជាគ.ស.៥៣៣។ ព្រះ​អង្គ​ជា​បង​របស់​ព្រះ​ស័ង្ខ​ចក្រ ឬ​ស្ដេច​គំលង់ ព្រះ​មហា​ក្សត្រ​ទី​១៥ ក្នុងឆ្នាំម្សាញ់ព.ស.១០៧៧ម.ស ៤៥៦ ត្រូវជាគ.ស៥៣៤ ជាមួយ នឹង​ម្នាង​មាលា​វត្ដី ព្រះ​បាទ​ជេដ្ឋា​ជ័យ​បាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​សុភវត្ដី។ តែបើពង្សាវតារសម្ដេចវាំងជួនវិញ ព្រះបទុមកុមារត្រូវជាបុត្រច្បង របស់​ព្រះ​បាទ​ចក្រ​ព័ត្រ​ព្រះ​មហា​ក្សត្រ​ខ្មែរទី​១៦ ហើយ​ត្រូវ​ជាបងរបស់ស្ដេចពញាក្រែក ឬ ព្រហ្មកិល និង ព្រះបាទបក្សីចាំក្រុង។ ព្រះអង្គប្រ​សូត្រ​ក្នុង​ឆ្នាំ​ឆ្លូវ។ ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​ឆ្លូវ ដោយ​តប់​ប្រ​មល់​ខ្វល់​រសាប់រសល់ នៅមិនសុខមិនសាប់ក្នុងព្រះបរមរាជវាំងតទៅមុខទៀត​កើត ព្រះ​បទុម​រាជា​ក៏​សុំ​ព្រះ​បិតា​ព្រះ​ជេដ្ឋា​ជ័យ ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន។

    ចំណែកឯព្រះនាងសុភវត្ដី កាលបានព្រះជន១៦ឆ្នាំ បានធ្វើដំណើរកំសាន្ដតាមព្រះបិតាទៅលេងមាត់សមុទ្រ។ នៅ​ពេល​ដែល​ព្រះ​នាង​កំពុង​តែ​ដើរ​ប្រពាត​ព្រៃ​លេង​ដោយ​សប្បាយ​រីក​រាយ ស្រាប់តែមានភ្លៀងផ្គរខ្យល់ព្យុះសង្ឃរាបោកបក់ មក​យ៉ាង​ខ្លាំង​ក្លា ចំនួន​បី​យប់​បី​ថ្ងៃ​ធ្វើ​អោយ​ព្រះ​នាង​វង្វេង​ក្នុង​ព្រៃ​ជ្រៅ​ម្នាក់ឯង រកផ្លូវច្រកចេញវិលមកឌំណាក់មិនឃើញ។ បាត់កូនគ្មានដំណឹង ព្រះ​រាជា​ក៏​បញ្ជា​អោយ​នា​ម៉ឺន​ពល​រេហ៍ និង​ប្រ​ជា​នុរាស្រ្ដ កាប់​ឆ្ការ​ព្រៃ​រក​បុត្រី កាប់ឆ្ការរកគ្រប់ទិសទី ទាំងក្នុងព្រៃក្រមថ្ម ទាំងមុជទឹករាវរក ក្នុង​បាត​សមុទ្រ​ទៀត​ក៏​គេ​នៅ​តែ​រក​ព្រះ​នាង​សុភ​វត្ដី​មិន​ឃើញ​។ កន្លែង​ដែលស្ដេច និង ពលសេនានាំគ្នាកាប់ឆ្ការព្រៃ ជ្រាវរកបុត្រីនេះ បាន​ជាប់​ឈ្មោះ​ថា ភ្នំ​ជ្រាវ​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ព្រះ​អង្គ​ខំ​ប្រឹង​រក​បុត្រីអស់រយពេលបីខែ តែនៅតែរកមិនឃើញ ទីបំផុត ដោយក្ដីអស់​សង្ឃឹម ព្រះ​មហា​ក្សត្រ​ក៏​សំរេច​ចិត្ដ​នាំ​នាម៉ឺន​មន្រ្ដី​ពល​រេហ៍ និង​បរិ​វារ ធ្វើ​ដំណើរ​វិលត្រលប់មកមហានគរវិញ។

    ចំណែកព្រះនាងសុភវត្ដី ព្រះនាងវង្វេងវង្វន់ លែងដឹងទិសតំបន់អ្វីទាំងអស់ ក្នុងព្រៃជ្រៅស្ងាត់ជ្រងំភ្នំជ្រាវ។ នាងរសាត់​អណ្ដែត ភ័យ​ព្រួយ​កំសត់​វេទនា​តែ​ម្នាក់​ឯង គ្មាន​ទិសដៅ និង គ្មានទីពឹងពំនាក់។ ដោយស្រេកឃ្លានខ្លាំងពេក ព្រះនាងបាន លូកដៃទៅក្បង់​ទឹក​ដក់​ក្នុង​ដាន​ជើង​ដំរី​យក​មក​សោយ​ចំអែត​កាយ តែ​នេះជាទឹកនោមដំរីស មិនយូរប៉ុន្មាន អស្ចារ្យណាស់ ព្រះនាងសុភវត្ដីចាប់​ផ្ដើម​ទ្រង់​គភ៌​។ នា​កាល​សម័យ​នោះ​ព្រះ​នាង​បាន​ទទួល​ការ​ទំនុក​បំរុង​ជួយ​យកអាសារ អំពីសំណាក់អ្នកស្រុកអ្នកភូមិភ្នំជ្រាវ ដែលបានសង់សំណាក់​មួយ​ថ្វាយ​ទុក​គ្រាន់​នឹង​សំរាក​​ជ្រក​កោន​សំណាក់​នៅ។ កន្លែង​សំណាក់នោះ ជាប់ឈ្មោះ គោកព្រះរាជមន្ទីរ រហូតមកដល់បច្ចុប្បន្ន។ ក្នុង​ឆ្នាំ​ថោះ ព្រះ​នាង​សុភ​វត្ដី​ប្រសូត្រ​បាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ ដែលព្រះនាងដាក់ឈ្មោះអោយថា ពញាជ័យ។ បើតាមពង្សាវតារវត្ដទឹកវិលដដែល នៅ​ឆ្នាំ​មមែ កាល​នោះ ​ព្រះ​នាង​បាន​ជន្ម​៦៥​វស្សា ហើយ​ពញា​ជ័យបានអាយុ៤៩ឆ្នាំ ទាំងពីរនាក់ម្ដាយ និង កូននាំគ្នាមករស់នៅក្នុងម្ដុំផ្សារ នា​ជើង​ភ្នំ​រូង​ ឬ​ភ្នំ​ប្រសិទ្ធ ដើម្បី​ចិញ្ចឹម​ជីវិត ពញា​ជ័យ​បាន​តាក់​តែង​បង្កើតអោយមានជាល្បែងលេងសើច និងប្រគំវង់ភ្លេងតន្រ្ដី។ល្បែង និង​បទ​ភ្លេង ដែល​ពញា​ជ័យ​បាន​បង្កើត​តាក់​តែង​មាន​ដូច​ជា៖

    ១ -របាំស្នែងទន្សោង
    ២ -របាំកន្ដែរែ
    ៣ -ល្បែងដាំដូង
    ៤ - ល្បែងសួព្រ័ត្រ
    ៥ -ល្បែងចូលភ្លើង
    ៦ -បទភ្លេងប៉ីកែវ
    ៧- ល្បែងវាយដំបង
    ៨ -ល្បែងគ្រវែងត្បាល់
    ៩ -ល្បែងហក់ដាវ
    ១០ -ល្បែងឡើងដាំដូង
    ១១ -ល្បែងយោលទោង
    ១២ ល្បែងរបាំ
    ១៣ -ល្បែងស្ដេចចង់
    ១៤ ល្បែងទល់អង្រែ
    ១៥ -ល្បែងទាញព្រ័ត្រ
    ១៦ ល្បែងអន្ទាក់កាច់
    ១៧ -ល្បែង លោតអន្ទាក់ និង
    ១៨ ល្បែងលាក់កន្សែង។ (តាមពង្សាវតារវត្ដទឹកវិល)

    រីព្រះបទុមរាជា ឬ បទុមកុមារ ដែលទៅសាងផ្នួសនៅភ្នំគូលែន បើតាមពង្សាវតារសម្ដេចវាំងជួន បាននិមន្ដមកគង់​នៅ​ភ្នំ​ខ្នាល (ស្ថិត​នៅ​ខេត្ដ​កំពង់​ឆ្នាំង ជិត​ជួរ​ភ្នំ​ក្រវាញ)។ ថ្ងៃមួយដែលព្រះអង្គកំពុងតែស្មឹងស្មាធ ភាវនាធម៌តាំងសីល ព្រះអង្គស្ដាប់​សូរ​សត្វ​និយាយ​ជជែក​គ្នា​ថា គួរ​អោយ​អាណិត​ព្រះ​សង្ឃ​អង្គ​នេះ​ណាស់ ព្រះអង្គគ្មានប្រពន្ធកូន សំរាប់បន្ដពូជពង្សវង្សត្រកូលតទៅអនាគត ដូច​គេ​ឯង​ឯ​ទៀត​ឡើយ សូម្បី​ព្រះ​ពុទ្ធ​អង្គ​បរម​គ្រូ​ម្លេះ​ក៏​មាន​មហេសី និង កូនដែរ មុននឹងសាងព្រះផ្នួស។ ស្ដាប់យល់ឃើញថា សត្វ​និយាយ​ត្រឹម​ត្រូវ​ចំ​ល្អ ព្រះ​បទុម​រាជា ក៏​សឹក​ចាក​សិក្ខា​បទ ហើយ​ចាក​ចេញ​ធ្វើដំណើរទៅរកគូស្រកររៀបចំយកព្រះនាងសុភវត្ដីជាមហេសី។ ក្នុងព.ស ១៩០៣ ព្រះ​សង្ឃ​ដែល​បាន​មក​យក​ព្រះ​នាង​សុភ​វត្ដី​ធ្វើ​ជា​ភរិយា ត្រូវជាសិស្សព្រះសង្ឃធុតង្គនៅភ្នំខ្នាល)។

    ត្រង់នេះពសង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ទេវតាបានបំបាំងខ្លួន ចុះមកនិយាយប្រាប់អោយព្រះ​បទុមរាជា​លា​ចាក​សិក្ខា​បទ ហើយ​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ព្រះ​នាង​សុភ​វត្ដី ដើម្បីបន្ដពូជពង្សនៅអនាគត។ កាលណាបំពេញសកម្មភាព មានកូន​ចៅ​ហើយ​នោះ​ទើប​ព្រះ​អង្គ​អាច​យាង​ត្រលប់​មក​សាង​ផ្នួស​វិញ​បាន។ ស្ដាប់ចងចាំគ្រប់អស់សេចក្ដី ព្រះបទុមរាជា មិនយឺតយាវបង្អាក់​បង្អង់​យូរ​ឡើយ ព្រះ​អង្គ​ក៏​ហោះ​ហើរ​ជ្រែក​ទឹក​ជ្រែក​ដី មក​រក​រួម​រក្ស​មេត្រី សោយសុខសប្បាយជាមួយនឹងព្រះនាងសុភវត្ដី តាមពាក្យបណ្ដាំ​របស់​ទេវតា​។ បន្ទាប់​មក​កាល​ព្រះ​នាង​សុភវត្ដី​ទ្រង់​គភ៌​បាន​៥ខែ​ព្រះ​បទុម​រាជា ក៏រៀបចំខ្លួនធ្វើដំណើរចាកចោលព្រះនាង ត្រលប់ទៅសាងផ្នួសវិញ មុន​នឹង​ចេញ​ដំណើរ​ព្រះ​អង្គ​បាន​ប្រគល់​ដំបង​មួយ​អោយ​ទៅ​ព្រះនាង ដោយមានបន្ទូលថា កាលណាកូនធំឡើង ហើយបើវាចង់ទៅរកឳពុក ត្រូវ​ប្រ​គល់​ដំបង​នេះ​អោយ ទៅ​កូន​ដើម្បី​ទុក​ជា​ចំណាំ»។

    ផ្ដាំផ្ញើរួចស្រេចបាច់ហើយកាលណា ព្រះបទុមរាជាលាព្រះនាងសុភវត្ដីជាភរិយា ត្រលប់ទៅ​បួស​ជា​សង្ឃ​ដូច​ដើម​វិញ។ ​ព្រះ​អង្គ​បាន​តាំង​សីល​រៀន​សូត្រ​ចេះ​ចង​ចាំ​មន្ដអាគមគ្រប់មុខវិជ្ជាការ មានមហិទ្ធិរិទ្ធិខ្លាំងពូកែ ចេះបំបាំងខ្លួនមើលមិនឃើញ ចេះ​ជ្រែក​ទឹក ជ្រែក​ដី ហើយ​ចេះ​ប្រស់​មនុស្ស​ស្លាប់​អោយ​រស់​រាន​មានជីវិតឡើងវិញ៘ និង៘

    ពញាជ័យ និង ពញាសួស ក្រោយដែលទៅរស់នៅខេត្ដគោកសេះ អស់រយពេលបីឆ្នាំ ដោយក្ដី​អផ្សុក នឹក​នា​ដល់​មិត្ដ​ភ័ក្ដិ​ជិត​ស្និទ្ធ​ញាតិ​សន្ដាន ក៏​បាន​នាំ​គ្នា​វិល​ត្រលប់​មក​រស់​នៅ​ភ្នំរូងកន្លែងចាស់វិញ។ បងប្អូនទាំងពីរនាក់នាំគ្នាដាំត្រសក់លក់ ដោះ​ដូរ​រក​ស៊ី​ដើម្បី​ចិញ្ចឹម​ជីវិត​។ ត្រសក់​ទាំង​នោះ​មាន​រស​ជាតិ​ផ្អែមឆ្ងាញ់ពិសា ខុសប្លែកពីធម្មតា បណ្ដាលអោយមនុស្សម្នាជិតឆ្ងាយចូលចិត្ដ​និយម មក​ទិញ​ដូ​រហូរ​ហែ​ជាប់​រដឹក​។ ដោយ​សារ​ត្រសក់​មាន​រស​ជាតិ​ផ្អែមឆ្ងាញ់ខុសគេមិនដែលមាន ទើបបានជាគេដាក់ងារអោយពញា​ជ័យ​ថា នាយ​ត្រសក់​ផ្អែម ឬ​តា​ត្រសក់​ផ្អែម។ ប្​ ជា​ពល​រដ្ឋ​ជា​ច្រើន​ស្រលាញ់រាប់អាន ពញាជ័យ និង ពញាសួស ហើយចូលរួបរួមធ្វើបក្សពួក​ជា​មួយ​។ អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​បាន​បង្ហាត់​បង្រៀន​អ្នក​ស្រុក​អ្នក​ភូមិ អោយ​ចេះ​លេងភ្លេង ប្រគំតូរ្យតន្រ្ដីដែរ។ កេរ្ដិ៍ឈ្មោះនាយត្រសក់ផ្អែម​ចេះ​តែ​ល្បី​ល្បាញ លឺ​សូរ​ខ្ចរ​ខ្ចាយ​បន្ដិច​ម្ដងៗ ទៅ ​គ្រប់​ទិស​ទី​ក្នុង​ខេត្ដខ័ណ្ឌ។

    ថ្ងៃមួយ ក្របីបានដើរចូលមកស៊ីចំការត្រសក់ផ្អែមពញាជ័យ និង ពញាសួស ឃើញដូច្នោះ នាយត្រសក់ផ្អែមក៏​ឆក់​យក​ដុំ​ថ្ម​ដែក​ដែល​ឳ​ពុក បាន​ចង​ដៃ​គប់​ចោល​ទៅ​លើ​ក្របី ក្របីក៏ដួលងាប់នៅនឹងកន្លែង ដោយសារដុំថ្មដែកបុកប៉ះចំឆ្អឹងជំនី ធ្លាយពីម្ខាង​ទៅ​ម្ខាង​។ ម្ចាស់​ក្របី​ក៏​យក​រឿង​នេះ​ទៅ​ប្ដឹង​ដល់​ចៅ​ក្រម អោយជួយវិនិច្ឆ័យរកយុត្ដិធម៌ និង បង្ខំនាយត្រសក់ផ្អែមអោយសងក្របីវិញ។ នាយ​ត្រសក់​ផ្អែម​ដោះ​សារ​ថា នាយ​គ្មាន​បំណង​នឹង​សំលាប់​ក្របី​នោះទេ នាយគ្រាន់តែដេញ និង ចោលដុំថ្មកំញើញប៉ុណ្ណោះ។ ហើយក្របីដែល​ត្រូវ​ធ្លាយ​ឆ្អឹង​ជំនី​ងាប់​នោះ​គឺ​បណ្ដាល​មក​ពី​កម្ម​របស់​វា​ពី​ជាតិ​មុន​តែប៉ុណ្ណោះ។ ចៅក្រមបង្គាប់អោយនាយត្រសក់ផ្អែមសងក្របីវិញ។ តែ​នាយ​មិន​ព្រម ហើយ​សុំ​ត​វ៉ា​ឡើង​ទៅ​ថ្នាក់​លើ​ទៀត។

    ដោយបញ្ហាចោទប្រកាន់ និង ដោះសារពិបាកស្មុកស្មាញពេក ចៅក្រម និង នាម៉ឺនមន្រ្ដីមិនហ៊ានកាត់សេចក្ដី​សំណុំ​រឿង​នេះ​ឡើយ ​​ហើយ​ក៏​លើក​ទៅ​ទូល​ថ្វាយ​ព្រះ​រាជា​អោយ​សំរេច ព្រះមហាក្សត្រព្រះសីហនុរាជទ្រង់បញ្ជាអោយនាម៉ឺន​អាមាត្យ​រៀប​ធ្វើ​ការ​ពិសោធ ជីក​អន្លុង​ហើយ​យក​ខ្មោច​ក្របី១) មក​ចង​ភ្ជាប់​និង​បង្គោលឈើ។ បន្ទាប់មក ព្រះអង្គបង្គាប់អោយនាយត្រសក់ផ្អែម​យក​ដុំ​ថ្ម​ដែក​គប់​ទៅ​លើ​ពោះ​ក្របី​ពោះ​ក្របី​ក៏​ត្រូវ​ធ្លាយ​ពីម្ខាង​ទៅ​ម្ខាង​ដូច​លើកមុនមែន ព្រះមហាក្សត្រឃើញហេតុការដ៏អស្ចារ្យ កើត​មាន​ដូច្នេះ ក៏​កាត់​សេចក្ដី​អោយ​នាយ​ត្រសក់​ផ្អែម​រួច​ខ្លួន​ដោយ​មាន​បន្ទូល​ថា«នេះជាកម្ម ពីអតីតរបស់សត្វក្របី»។

    ព្រះមហាក្សត្រដែលបានភ្លក់ត្រសក់ពញាជ័យ ពញាសួស បានស្គាល់រសជាតិថាផ្អែមឆ្ងាញ់ពិសា ខុសពី​ត្រសក់​ធម្មតា​មែន ចាប់​ពី​ថ្ងៃ​នោះ​មក ព្រះ​អង្គ​បង្គាប់​អោយ​បង​ប្អូន​ទាំង​ពីរ​នាក់ បេះត្រសក់យកមកថ្វាយព្រះអង្គតាមរដូវ។ ព្រះអង្គបាន ដាក់​ងារ​អោយ​ថា នាយ​ត្រសក់​ផ្អែម ទទួល​បេ​សក​កម្ម​ដាំ​ថែ​រក្សា​ការ​ពារ និង​បេះត្រសក់ផ្អែមសំរាប់ព្រះមហាក្សត្រ។ ព្រះអង្គបានបង្គាប់​ពួក​ក្រុម​ជាង​ស្មិត អោយ​យក​ដុំ​ថ្ម​ដែក​នោះ សិត​ធ្វើ​ជា​លំពែង ហើយ​ប្រគល់​ទៅនាយត្រសក់ផ្អែម ទុកចាំយាមការពារចំការ ព្រះអង្គថែមទាំង​បញ្ញាតិ​ប្រកាស​ផ្ដល់​អំណាច​ដល់​នាយ​ត្រសក់​ផ្អែម អាច​ប្រហារ​ជីវិត​ជន​ណា ឬ​សត្វណាដែលហ៊ានចូលមកឈ្លានពានស៊ីចំការ និង​លួច​ត្រសក់​ផ្អែម​ដោយ​គ្មាន​ទោស​ពៃ​អ្វី​ទាំ​ងអស់​។ បទ​បញ្ជា​ស្ដេច​នេះ ​នាម៉ឺន​មន្រ្ដី​តូចធំ និង ប្រជានុរាស្រ្ដជិតឆ្ងាយដឹងលឺគ្រប់ៗគ្នា។

    ថ្ងៃមួយ មិនដឹងពិផលមកអំពីហេតុអ្វី ស្រាប់តែព្រះបាទសីហនុរាជ បញ្ជាអោយសព្វមុខមន្រ្ដីពលសេនា បរិវារ​រៀប​ចំ​ក្បួន​ដង្ហែ​ព្រះ​អង្គ​ទៅ​ក្រសាល​លំហែ​កាយ​តាម​ព្រៃ​ភ្នំ ក្នុង​ខេត្ដ​សំរោងទង ហើយបានឈប់បោះពន្លាជ័យនៅម្ដុំខាងជើង ចំការ​ត្រសក់​នាយ​ត្រសក់​ផ្អែម។ នៅ​គង់​ប្រ​ថាប់​លេង​ទី​នេះ ស្រាប់​តែ​ព្រះ​អង្គ​កើតមានចិត្ដមន្ទិលសង្ស័យ មិនអស់ចិត្ដ នឹងការស្មោះត្រង់របស់នាយ​ត្រសក់​ផ្អែម ខ្លាច​ក្រែង​នាយ​បេះ​ត្រសក់​យក​ទៅ​លក់​ដូរ​អោយ​អ្នក​ផ្សេងដទៃ។ ពេល យប់ព្រះសីហនុរាជនាំមហាត្លឹកជំនិតពីរនាក់ទៅជាមួយ ដើម្បី​ស៊ើប​លប​លួច​ចូល​ក្នុង​ចំការ​ត្រសក់​រង់​ចាំ​មើល​កាយ​វិការ​នាយត្រសក់ផ្អែម។ ព្រះអង្គចូលទៅដល់ទួលមួយក្នុងចំការ គ្រានោះ នាយ​ត្រសក់​ផ្អែម​មិន​ទាន់​ដេក​លង់​លក់​នៅ​ឡើយ​ទេ នាយ​កំពុង​លេង​ភ្លេង​លំហែ​កាយ ទោះជាកំពុងលេងភ្លេងក៏ដោយ ក៏ភ្នែកនាយរំពៃ​មើល​យាម​ចំការ​ត្រសក់​ដែរ។ ភ្លាម​នោះ​នាយ​មើល​ឃើញ​ស្រមោល​មនុស្ស កំពុងតែដើរលបលួចចូលក្នុងចំការ។ ស្មានថាចោរ មិនបង្អង់យូរ នាយ​ត្រសក់​ផ្អែម​ចាប់​យក​លំពែង​គប់ ចោល​ភ្លែត​សំដៅ​ស្រមោល​នោះ។ ផ្លែលំពែងបានបុកទំលុះធ្លាយចំដើមទ្រូងស្ដេចសីហនុ សុគត​ក្នុង​ពេល​នោះ​ភ្លាម​ទៅ។ នាយ​ត្រសក់​ផ្អែម ឃើញ​មនុស្ស​ដេក​ដួល​ស្លាប់នៅនឹងកន្លែង ក៏យកភ្លើងមកឆ្លុះមើល ស្រាប់តែនាយឃើញ​ជាក់​ច្បាស់ថា ចោរ​នោះ​គ្មាន​នណា​ក្រៅ​ពី​ស្ដេច​ឡើយ​។ នាយ​ភ័យ​តក់ស្លុតឥតឧបមា ស្រែកដង្ហោយយំនឹកស្រណោះព្រះករុណា។ កន្លែង​ដី​ទួល​ដែល​តា​ត្រសក់​ផ្អែម​ចាក់​សំលាប់​ស្ដេច​បាន​ជាប់​ឈ្មោះ​ជា​រៀង​រហូត​មក​ថា ទួលចាក់ស្ដេច។ ព្រះបាទសីហនុរាជ ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤ បាន​សុគត​នៅ​ឆ្នាំ​ខាល ក្នុង​ព្រះ​ជន​៧១​វស្សា ព្រះ​អង្គ​សោយ​រាជ្យ​សម្បត្ដិប្រទេសកម្ពុជាបានចំនួន ៥៣ឆ្នាំ។

    មហាត្លឹកទាំងពីរឃើញដូច្នោះ ភ័យស្លន់ស្លោរត់ប្រាសយករួចខ្លួន ហើយយករឿងរ៉ាវព្រឹត្ដិការណ៍ទាំងប៉ុន្មាន​ទៅ​ប្រាប់​អស់​គ្រប់​នាម៉ឺន​មុខ​មន្រ្ដី​តូច​ធំ​ក្នុង​នគរ។ នាម៉ឺន​មុខ​មន្រ្ដីតូចធំគ្រប់ជាន់ថ្នាក់ ក្រុមបរោហិត ហោរា និង អាចារ្យ ដែលដង្ហែតាម​ស្ដេច​ បាន​នាំ​គ្នា​ទៅ​ដល់​ទីក​ន្លែង​ស្ដេច​សុគត ឃើញ​ពិត​ដូច​ដែល​អាមាត្យ​បានអធិប្បាយ អ្នកទាំងនោះប្រជុំពិភាក្សាវែកញែកប្ដូរយោបល់គ្នាទៅ ​យល់​ឃើញ​ថា នេះ​ជា​កម្ម​របស់​ព្រះ​មហា​ក្សត្រ​តែ​ប៉ុណ្ណោះ។ កម្ម​នេះ​បាននាំអោយព្រះអង្គគិតយល់ខុស ហើយដែលជាហេតុបណ្ដាល​អោយ​ព្រះ​អង្គ​អស់​ព្រះ​ជន្ម​ដូច្នេះ ​គេ​មិន​អាច​ទំលាក់​កំ​ហុស​ទៅ​លើ​នាយ​ត្រសក់ផ្អែមបានឡើយ។

    នាម៉ឺនមន្រ្ដីទាំងអស់បានកត់សំគាល់ថា ព្ររាជវង្សព្រះមហាក្សត្រព្រះសីហនុត្រូវចប់ ដោយគ្មានអ្នក​ស្នង​រាជ្យ​បន្ដ ហើយ​ក៏​មូល​មតិ​គ្នា​យល់​ថា នាយ​ត្រសក់​ផ្អែម​ជា​មនុស្ស​មានបុណ្យធំអស្ចារ្យ មានដូចកាលរឿងសំលាប់ក្របី ជាភ័ស្ដុតាង គាត់​មាន​មាឌ​ធំ​ដំបង ហើយ​កាល​គាត់​ដេក​លក់​ម្ដង​ៗ គាត់​ស្រមុក​លាន់​លឺ​រំពងដូចផ្គរ(២) ម្យ៉ាងវិញទៀត គេយល់ថា ពញាជ័យ និង ពញាសួសពីរនាក់​បង​ប្អូន​នេះ មាន​អាយុ​វែង​ជាង​មនុស្ស​ធម្មតា មាន​លំពែង​មុត​មាំ​ខ្លាំងពូកែ ជាប់វង្សត្រកូលជាក្សត្រ ហើយប្រជាជនជិតឆ្ងាយស្រលាញ់​គោ​រព​រាប់​អាន​ ចុះ​ចូល​ជា​ច្រើន(៣) ដូច​នេះ​គួរ​ថ្វាយ​រាជ​សម្បត្ដិ​នគរ​ខ្មែរ ដល់តាត្រសក់ផ្អែម។ ព្រឹកព្រហាម នាម៉ឺនមុខមន្រ្ដីតូចធំគ្រប់ជាន់ថ្នាក់ ព្រម​ទាំង​ក្រុម​បរោហិត ហោរា និង​អាចារ្យ បាន​នាំ​គ្នា​រៀប​ចំ​ក្បួន​មក​ដង្ហែសុំយាងតាត្រសក់ផ្អែម អោយឡើងសោយរាជ្យ តែតាត្រសក់ផ្អែម​មិន​ព្រម​ទទួល​ពី​ព្រោះ​កាល​ណា​ឡើង​ធ្វើ​ស្ដេច​ទៅ​រស់​នៅ​ក្នុង​វាំង គាត់លែងបានជួបជុំមិត្ដភ័ក្ដិ លែងបានលេងភ្លេង ប្រគំតូរ្យតន្រ្ដី លែងបានស្ដាប់​សំលេង​គោ​ក្របី បក្សា​បក្សី ហ៊ីង​កង្កែប​យំ​ទៀត​ហើយ នាម៉ឺនមន្រ្ដីទាំងឡាយនាំគ្នាអង្វរករ ហើយសន្យាថា នឹងរៀបចំអោយមានប្រគំភ្លេង​តូរ្យ​តន្រ្ដី ​រៀង​រាល់​ថ្ងៃ ​រាល់​ពេល​វេលា​នៅ​ក្នុង​បរម​រាជវាំង។

(1)ពង្សាវតារវត្ដទឹកវិលបញ្ជាក់ថា គឺក្របីរស់ទេ ដែលស្ដេចបានយកមកពិសោធ។
(2)ពង្សាវតាររបស់ព្រះអម្ចាស់នព្វរត្ន
(3) ពង្សាវតារវត្ដទឹកវិល