ព្រះសេន័ក្ករាជបានទទួលព្រះរាជអភិសេក នៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំថោះ ព.ស.១៧៣៩ ត្រូវជា ម.ស១១១៧ ច.ស ៥៥៧ និង ត្រូវ​ជា គ.ស.១១៩៥ កាល​នោះ​ព្រះ​អង្គ​បានព្រះជន្ម ២៥វស្សា ព្រះអង្គជាមហាក្សត្រខ្មែរទី២៣ ហើយមានព្រះ​បរម​នាម​ព្រះ​បាទ​សម្ដេច​ព្រះ​សេនក្ក​រាជ​បរម​នាថ បរម​ពិត្រ(១)។ ទី​តាំង​ព្រះបរមរាជវាំង ស្ថិតនៅមហានគរដដែល។

    ពង្សាវតារខ្មែរទាំងអស់បានកត់សំគាល់ថា ព្រះបាទសេនក្ករាជ ព្រះមហាក្សត្រខ្មែរទី២៣នេះ បានប្រព្រឹត្ដនូវអំពើ​អា​ក្រក់​ឃោរ​ឃៅ​អយុត្ដិ​ ធម៌ ប្រាស​ចាក​ទស​ពិធ​រាជ​ធម៌​គ្រប់​បែបយ៉ាង គ្មានគិតអំពីអាយុជិវិត ជោគវាសនាអនាគតប្រជាជន និង ប្រទេស​ជាតិ​ឡើយ ​ដូច្នេះ​ហើយ បាន​ជា​ប្រជា​នុរាស្រ្ដ​ដាក់​ឈ្មោះ​អោយ​ថា «ស្ដេចពាល»។

    យល់ហេតុការណ៍មិនស្រួលដូច្នេះ ពួកមីនុំមីនាងនាំគ្នារត់យករឿងរ៉ាវនេះទៅពិតទួលថ្វាយព្រះសេនក្ករាជជា​ឳពុក តាម​ដំណើរ​ដើម​ទង​ ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​សេនក្ករាជ ដែលអាងខ្លួនជាស្ដេច ហើយដោយហេតុតែស្រលាញ់កូនពេក មិន​បាន​ត្រិះ​រិះ​គិត​គូរ​ពិចារ​ណា​អ្វី​អោយ​បាន​ម៉ត់​ចត់​ល្អិត​ល្អន់​ឡើយ ព្រះ​អង្គ​បណ្ដោយខ្លួនអោយលង់លុះទៅតាមភ្លើងកំហឹង ក្រេវក្រោធ ហើយ​បញ្ជា​អោយ​សេនា​អាមាត្យ ចាប់​យក​កូន​បុរោ​ហិត​ទៅ​ជាន់​ជ្រមុជ​ក្នុង​ទឹកទន្លេសាប លុះត្រាតែកុមារនោះរលត់បាត់ដង្ហើមស្លាប់។

   បុរោហិតជាឳពុក ឃើញដូច្នោះ ទាល់ប្រាជ្ញ មិនដឹងជារកវីធីណាដើម្បីជួយជីវិតកូនបានឡើយ ក្រៅអំពីសំរក់​ទឹក​ភ្នែក​ពីរ​នាក់​ប្រពន្ធ​ទូល​ទុក្ខ​រីង​រៃ​ឈឺ​ចុក​ចាប់​ខ្លោច​ផ្សា​ឥតឧបមា រកនិយាយអ្វីក៏ពុំរួច យល់ជាក់ច្បាស់ថាស្ដេចជាមនុស្សព្រៃផ្សៃឃោរ​ឃៅ គ្មាន​យុត្ដិ​ធម៌ មិន​បំពេញ​តួ​នាទី​ ជា​ព្រះ​មហា​ក្សត្រ ហើយ​ជឿ​ជាក់ថា មិនអាចនៅបំរើទៅមុខទៀតបាន បុរោហិតក៏សំរេចចិត្ដ​នាំ​ប្រ​ពន្ធ​កូន​ក្រុម​គ្រួសារ ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​រស់​នៅ​ឯ​ស្រុក​យោនក្ក ឬប្រទេសលាវសព្វថ្ងៃនេះ គឺនៅឆ្នាំវក ព.ស.១៧៦៨ ត្រូវ​ជា ម.ស.១១៤៦ ច.ស ៩៨៦ និង ត្រូវ​ជា គ.ស. ១២២៤។ ក្នុង​គ្រា​ជា​មួយ​គ្នានោះដែរ ក្រុមបុរោហិតទាំងឡាយ ដែលជាអ្នកបំរើកិច្ចការនគរ ដោយ​ការ​ក្ដៅ​ក្រហាយ មិន​ពេញ​ចិត្ដ នឹង​អំពើ​បំពារ​បំពាន​ខុស​ច្បាប់​ក្រិតវិន័យជាព្រះមហាក្សត្រ របស់ព្រះសេនក្ករាជ យល់ឃើញថាមិនអាចទ្រាំ​ទ្រ​រស់​នៅ​ប្រ​ទេស​កម្ពុជា ក្រោម​អំណាច​ស្ដេច​នេះ​បាន​ឡើយ គេបានមូលមតិគ្នា សំរេចចិត្ដប្រមែប្រមូលដឹកជញ្ជូនក្រុមញាតិគ្រួសារ និង​ក្បួន​គម្ពីរ​សីល​សាស្រ្ដ​ចំណេះ​ចេះ​ដឹង​ទាំង​ប៉ុន្មាន​ចុះ​សំពៅ​ធ្វើ​ដំណើរ​ចាកចេញចោលព្រះមហានគរទៅរស់នៅឯនគរ ពារានសី (ទី​ក្រុង​បេន​រ៉េស​ក្នុង​ប្រ​ទេស​ឥណ្ឌៀ​សព្វ​ថ្ងៃ​។

   អំពើសាហាវយង់ឃ្នង និង មិនគោរពច្បាប់វិន័យជាព្រះមហាក្សត្រ របស់ស្ដេចអង្គនេះមិនមែនធ្វើអោយតែប្រ​ជា​ជន​ខ្មែរ មនុស្ស​លោក​ក្ដៅ​ក្រ​ហាយ​ប៉ុណ្ណោះ​ទេ សូម្បី​តែទេវតាឥន្រ្ទព្រហ្ម និង ស្ដេចភុជង្គនាគ ក៏អត់ធ្មត់បិទភ្នែកមិនកើតដែរ ស្ដេច​ភុជង្គង​នាគ ដែល​ធ្លាប់​បាន​នាំ​ពល​សេនា​បឺត​បូម​ទឹក​សមុទ្រ​ធ្វើ​អោយរីងខះគោក ក្លាយទៅជាដីនគរខ្មែរ សំរាប់ទុកជាចំណងដៃថ្វាយ​សម្ដេច​ព្រះ​កុម៉ែ​រាជ ព្រះ​មហា​ក្សត្រ​ទី១ ព្រះ​អង្គ​ខឹង​ខ្ញាល់​ខ្លាំង​ណាស់ ចំពោះអាកប្បកិរិយាប្រាសចាកសីលធម៌របស់ស្ដេចខ្មែរ ដែលមានចិត្ដ​កាច​សា​ហាវ ហ៊ាន​បង្គាប់​អោយ​យក​កូន​ក្មេង​មិន​ដឹង​ក្ដី​តូច​មួយ​ទៅ​ជាន់​ជ្រមុជទឹកសំលាប់ចោល ស្ដេចភុជង្គនាគព្រះអង្គក៏បញ្ចេញមហិទ្ធិរិទ្ធិ ឥទ្ធិ​ពល​បង្ក​បង្កើត​ធ្វើ​អោយ​មាន​ភ្លៀង​ខ្យល់​ព្យុះ​សង្ឃរា ទឹក​ជំនាន់​បោក​បក់​យ៉ាងខ្លាំងមកលើនគរខ្មែរ។ ប្រទេសខ្មែរទាំងមូល ត្រូវទឹកជន់លិចពាសពេញ ប្រជា​នុរាស្រ្ដ​ខ្មែរ​ជា​ច្រើន​ត្រូវ​លង់​ទឹក​ស្លាប់ ត្រូវ​ព្រាត់​ប្រាស​ប្ដីប្រពន្ធកូនចៅក្រុមគ្រួសារ ហើយជួបប្រទះតែភ័យន្ដរាយ ចលាចល ក្រ​ខ្សត់​តោក​យ៉ាក​ រង​ទុក្ខ​វេទនា​អត់​បាយ​អត់​ទឹក គ្មាន​ផ្ទះ​សំបែង​លំ​នៅ​ស្ថាន និង មានជំងឺមិនស្រាកស្រាន្ដ។

    ព្រះបរមរាជវាំងព្រះមហាក្សត្រនៅមហានគរ ក៏ត្រូវលិចលង់ដែរ ពេលនោះ ព្រះសេនក្ករាជ ឬ ស្ដេចពាល បាន​បញ្ជា​អោយ​និមន្ដ​ព្រះ​កែវ​មកត ព្រះ​ត្រៃ​បិតក​យក​ទៅ​ដាក់​ក្នុង​ទូកព្រះរាជទ្រព្យ មហេសី ព្រះរាជបុត្រ ស្រីស្នំ មីនុំមីនាងបរិ វារ និង ព្រះ​ញាតិ​វង្ស​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដឹក​ជញ្ជូន​ចុះ​ទូក​សំពៅ​តូច​ធំ ហើយ​ធ្វើដំណើរតំរង់ទៅភ្នំដងរែក។ ចំណែកឯទូក នាម៉ឺនមុខមន្រ្ដី និង ប្រ​ជាពល​រដ្ឋ ក៏​អុំ​ចែវ​ចេញ​ហែរ​ហម​ទៅ​តាម​ជា​មួយ​ដែរ ទៅ​ដល់​ជើង​ភ្នំ​ដងរែក ក្បួនទូកឈប់សំរាក បោះជំរុំបណ្ដោះអាសន្ននៅទីនោះ។

   គ្រានោះ ស្ដេចលាវព្រះអទិច្ចវង្ស ដែលដឹងយ៉ាងជាក់ច្បាស់ ថាស្រុកខ្មែរកំពុងតែជួបប្រទះគ្រោះថ្នាក់មហន្ដរាយ ក៏​លើក​ទ័ព​គគ្រឹក​គគ្រេង​ទៅ​ដណ្ដើម​យក​ព្រះ​ពុទ្ធ​រូប​ព្រះ​កែវ​មកត ព្រះត្រៃបិតក បញ្ចក្សត្រ ព្រះរាជទ្រព្យរបស់ស្ដេចខ្មែរ និង សំបុក​សម្បត្ដិ​ផ្សេង​ៗ ទៀត​របស់​នាម៉ឺន​មន្ដ្រី និង​រាស្រ្ដ​ប្រជា​ខ្មែរ គឺ​នៅ​ឆ្នាំវកដដែល។

   ឯស្ដេចសៀមវិញ ដែលបាទទួលពត៌មានដូចគ្នានេះដែរ បានលើកទ័ពទៅចាំស្គាត់វាយឆ្មក់ប្រហាស្ដេចលាវ ដណ្ដើម​យក​ព្រះ​ពុទ្ធ​រូប​ព្រះ​កែវ​មរកត ព្រះ​ត្រៃ​បិតក និង​បញ្ច​ក្សត្រ ព្រះសង្ឃ និង អ្នកបំរើថែរក្សាព្រះកែវមរកត និង ព្រះត្រៃបិតក ត្រូវ​ស្ដេច​សៀម​ចាប់​យក​ទៅ​ក្រុង​ស្រី​អយុធ្យា ក្នុង​ចំណោម​បញ្ច​ក្សត្រ​ខ្មែរ ដែលស្ដេចសៀមបានលួចប្លន់បន្ដពីស្ដេចលាវ មានជាអាទិ ដូចជា​ព្រះ​ខ័ន​រាជ​រតន​មង្គល និង ព្រះ​ពុទ្ធ​រូប​ស័ក្ដិ​សិទ្ធិ​ជា​ច្រើន​៘ ព្រះ​កែវ​មរកត សៀមបានថែរក្សាទុករៀងរហូតមកដល់សព្វថ្ងៃ។

    ពង្សាវតារខ្មែរមិនបានបញ្ជាក់អំពីថេរវេលា ដែលប្រទេសកម្ពុជាត្រូវលិចលង់ដោយទឹកជំនាន់ទេ។ ឯកសារខ្លះបាន​សរ​សេរ​ថា ព្រះ​សេនក្ក​រាជ ដែល​ត្រូវ​បរ​ទេស​លួច​ប្លន់​យក​អស់របស់ស័ក្ដិសិទ្ធិ និងសម្បត្ដិទ្រព្យក្នុងនគរ តូចចិត្ដឥតឧបមា ហើយបាន​ចូល​ទិវង្គត​នា​គ្រា​ដែល​កើត​មាន​មហា​មហន្ដ​រាយ​នោះ​។ សាក​សព​ព្រះ​អង្គត្រូវព្រះរាជបុត្រដង្ហែរយកមកនគរធ្វើបុណ្យថ្វាយតាម​ប្រ​ពៃ​ណី​។ តែ​ពង្សាវ​តារ​ខ្លះ​ទៀត ដូច​ជា​ពង្សាវ​តារ​របស់​គណ​កម្ម​ការ​សម្ដេច​សង្ឃនាយកទៀង និងវត្តទឹកវិល បានសរសេរថាព្រះរាជបុត្រអង្គនេះ បាន​សុគត​មុន​ឳពុក​ទៅ​វិញ​។

   ក្រោយដែលទឹកបានស្រកចុះ ព្រះសេនក្ករាជព្រះមហាក្សត្រខ្មែរទី២៣ បាននាំមហេសីព្រះរាជបុត្រ ព្រះរាជវង្សា​នុ​វង្ស ក្រុម​បរិវារ និង​មន្ដ្រី​ពល​សេនា ធ្វើ​ដំណើរ​តាម​ផ្លូវទឹកត្រលប់ចុះតាមទន្លេធំ(២) ត្រលប់ទៅមហានគរ មកដល់កោះរិស្សីកែវ ព្រះ​អង្គ​បាន​ឈប់​សំរាក​បោះ​ជំរុំ​នៅ​តំបន់​ខាង​លិច​ភ្នំ​ប្រសិទ្ធ ហើយ​រៀបចំសាងសង់ធ្វើព្រះរាជវាំង អំពីរិស្សី និង ប្រក់ស្បូវ នេះតាមពង្សាវតារ​វត្ដ​ទឹក​វិល គេ​មិន​បាន​ដឹង​ពេល​វេលា​ពិត​ប្រាកដ ដែល​ព្រះ​អង្គ​បាន​គង់​នៅទីនេះ ពង្សាតារវត្ដទឹកវិលបានត្រឹមតែសរសេរថា ស្ដេចសៀម​បាន​ដង្ហែរ​ព្រះ​ខ័ន​រាជ​ និង​ព្រះ​ពុទ្ធ​រូប​ខ្លះ ក្នុង​បញ្ច​ក្សត្រ យក​មក​សង​ថ្វាយ​ព្រះមហាក្សត្រខ្មែរវិញ ដែលព្រះអង្គគង់នៅតំបន់ភ្នំប្រសិទ្ធនេះ។

    បុព្វហេតុបណ្ដាលអោយស្ដេចសៀម ដាច់ចិត្ដអារកាត់យកវត្ថុស័ក្ដិសិទ្ធទាំងនេះទៅប្រគល់សងម្ចាស់ដើម គឺ​មក​ពី​នៅ​ស្រុក​សៀម​គ្រោះ​កាច​មហន្ដ​រាយ ជំងឺ និង ចលាចលគ្រប់បែបយ៉ាងបានកើតពេញនគរ ធ្វើអោយប្រជារាស្រ្ដរងទុក្ខវេទនាមិនចេះចប់​មិន​ចេះ​ហើយ ឃើញ​ស្រុក​ទេស​មិន​ល្អ​ដូច្នេះ​ ស្ដេច​សៀមក៏កោះហៅហោរា អោយមកគន់គូរទាយ មើលជើងលេខនគរ គន់គូរ​ប្រមើ​មើល​ចុះ​ឡើង​ទៅ ​ហោ​ទស្សន៍​ទាយ​ពោល​ថ្វាយ​ព្រះ​រាជា​ថា មហន្ដតរាយ និង គ្រោះកាចទាំងនេះ គឺបណ្ដាលមកអំពីសៀមបានលួចយក​បញ្ច​ក្សត្រ និង​ព្រះ​ខ័ន​រាជ​រតន​មង្គល​របស់​ខ្មែរ។ ពី​ព្រោះ​វត្ថុ​ស័ក្ដិ​សិទ្ធិ​ទាំងនេះ ជាចំណងដៃដែលព្រះឥន្រ្ទាធិរាជបានកសាងទុកជាកេរ្ដិ៍​មរតក​សំរាប់​ប្រទេស​ខ្មែរ​ហើយ​បើ​យើង​មិន​យក​បញ្ច​ក្សត្រ និង​ព្រះខ័នរាជទៅសងខ្មែរទេ នោះនគរសៀម នឹងត្រូវអន្ដរាយរលត់រលាយ​អស់​ជា​មិន​ខាន​។

   ប៉ុន្ដែមុន នឹង យកវត្ថុស័ក្ដិសិទ្ធទៅថ្វាយសងស្ដេចខ្មែរ ស្ដេចសៀមបានលួចដោះយកដងព្រះខ័នរាជធ្វើ​អំពី​មាស​មក​ទុក។ ហើយ​ព្រះ​អង្គ​អោយ​ពួក​ក្រុម​ជាង​ស្មិត ធ្វើ​ដង​ដាវ​មាសផ្សេងមួយទៀតយកមកដាក់បន្លំជំនួស។ ឯប្រដាប់បញ្ចក្សត្រ និងព្រះ​ពុទ្ធ​រូប​២១​អង្គ​ទៀត​ ក៏​ស្ដេច​សៀម​លាក់​ទុក​មិន​យក​ទៅ​ប្រ​គល់​សងវិញដែរ។ ចំណែកស្ដេចលាវ ដូចស្ដេចសៀមដែរ បានលាក់ទុកបញ្ចក្សត្រខ្មែរ​មួយ​ចំនួន​ធំ​។ ព្រះ​សេ​នក្ក​រាជ ព្រះ​មហា​ក្សត្រ​ទី​២៣ សោយ​រាជ្យ​សម្បត្ដិប្រទេសកម្ពុជា បាន ៤៥ឆ្នាំ ព្រះអង្គចូលទិវង្គតក្នុងព្រះជន្ម៦៨​វស្សា ដោយ​ជំងឺ​ព្យាធិ នៅ​ឆ្នាំ​ចរ ព.ស.១៧៨២ ត្រូវជា ម.ស.១១៦០ ច.ស ៦០០និង ត្រូវជា គ.ស.១២៣៨។

កំណត់សំគាល់

    ១ -មេរៀនដែលយើងអាចដកស្រង់យកមកត្រិះរិះគិតពិចារណានោះ គឺការគ្រប់គ្រងរៀបចំទុកដាក់ប្រទេសជាតិ អោយ​បាន​ល្អ​ត្រឹម​ត្រូវ​យុត្ដិ​ធម៌ និង​មាន​មេត្ដា​ធម៌ ដើម្បី​ប្រ​យោជន៍​ដល់បណ្ដារាស្រ្ដ ស្ដេចផែនដី ឬអ្នកដឹកនាំប្រទេសជាតិ មិន​ត្រូ​វអាង​ប្រើ​អំណាច​ផ្ដាច់​ការ កំលាំង​បាយ​ជិះ​ជាន់​កាប់​សំលាប​វាយប្រហារ គំរាមកំហែងប្រជាពលរដ្ឋរបស់ឯងនោះឡើយ អំពើ​ព្រៃ​ផ្សៃ​នេះ និង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ចង្រៃ​រលាត់​រលាយ​ដល់​ព្រះ​មហា​ក្សត្រ អ្នក​ដឹកនាំ និង ប្រទេសជាតិ។

   ស្ដេចពាលដែលល្មើសរំលោភ មិនគោរពមិនអនុវត្ដតាមក្រិតវិន័យ ត្រូវវត្ថុស័ក្ដិសិទ្ធិដែលមាននៅលើលោកទាំង​ប៉ុន្មាន ស្អប់​ខ្ពើម​ផ្ដន់​ទា​ទោស​ប្រ​ទេច​ផ្ដាសា ធ្វើ​អោយ​វិនាស​អន្ដរាយហិនហោចខ្ចាត់ខ្ចាយទុក្ខវេទនារហូតដល់ថ្ងៃស្លាប់ ទោះបីស្ដេចពាល​ជា​ព្រះ​មហា​ក្សត្រ ហើយ​តាំង​ខ្លួន​ជា​អ្នក​មាន​បុណ្យ​ក៏​ដោយ ក៏មិនអាចគេចអោយផុត ឬ ដោះស្រាយភូតភរយករួចខ្លួន អំពីការ​ផ្ដន់​ទា​ទោស​យ៉ាង​អស្ចារ្យ​នេះ​ដែរ នេះ​ស្ដេច​ពាល​សំលាប់​កូន​ក្មេង​ម្នាក់​ផង ចុះបើព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិខ្មែរ បានសំលាប់ជនជាតិឯងអស់រាប់​រយ​រាប់​ពាន់​រាប់​ម៉ឺន​រាប់​លាន​នាក់​វិញ

    វត្ថុស័ក្ដិសិទ្ធទាំងនេះមិននៅឆ្ងាយពិបាកនឹងរក ពិបាកនឹងយល់នោះទេ វត្ថុស័ក្ដិសិទ្ធស្ថិតនៅជិតជាប់យើង ហើយ​អន្ទោល​តាម​ខ្លួន​យើង​ជា​និច្ច វត្ថុ​ស័ក្ដិ​សិទ្ធ​ជា​អំណោយ​ផល​ដែលកើតចេញមកអំពីអំពើដែលយើងបានប្រព្រឹត្ដ បានបង្កើត និងបានកសាង អំណោយ​ផល​នេះ​ដេញ​តាម​យើង​រៀង​រហូត​ដល់​ថ្ងៃ​កំណត់ ដែលអំណោយផលពេញរូបពេញរាងចាស់ទុំល្អ គឺក្នុងបច្ចុប្បន្នកាល មិន​មែន​ចាំ​តែ​ដល់​ជាតិ​ក្រោយ​មួយ​គត់​ប៉ុណ្ណោះ​ទេ! អំណោយ​ផល នឹង​តាមមកទាន់ ហើយយើង នឹងបានទទួលលទ្ធផលនៃការកសាង និង ការសាប​ព្រោះ​របស់​អំពើ​មុន​ជា​មិន​ខាន​។

   អ្វីដែលជាអយុត្ដិធម៌ គឺការកាត់ទោសផ្ដន់ទាស្ដេច និង អ្នកដឹកនាំនគរ មិនបានធ្លាក់ចំទៅលើមនុស្សកំហូចគ្មានសីល​ធម៌ ភ្លាម​ៗឡើយ គឺ​ប្រ​ជា​ពល​រដ្ឋ​មួយ​នគរ​ជា​អ្នក​ទទួល​ទុក្ខទោស បាបកម្មជំនួសមេដឹកនាំដែលបានប្រព្រឹត្ដអំពើលាមកថោក​ទាប។ អ្នក​ដឹក​នាំ​មេ​កោយ​ធំៗ​នៅ​តែ​រស់​រាន​មាន​ជីវិត​ធាត់​ធំ​ស៊ី​ចុក​សប្បាយ​ហ៊ឺហា បញ្ចេញភាពឃោរឃៅសាហាវយង់ឃ្នងដដែល។ នៅ​ពេល​ទឹក​ជន​លិច​ពេញ​អស់​នគរ ស្ដេច​ពាល​មាន​សេនា​ពល​មន្រ្ដី​ស្រី​ស្នំ​មីនុំ​មីនាង និង បរិវារហែហមពីមុខពីក្រោយបំរើឥតមានខ្ចោះ ព្រះ​អង្គ​នៅ​តែ​ជួប​ជុំ​ប្ដី​ប្រ​ពន្ធ​កូន​វង្ស​ត្រ​កូល អ្នក​ដែល​ស្លាប់ អ្នក​ដែល​ព្រាត់​ប្រាស​ក្រុម​ញាតិគ្រួសារ ដែលរងទុក្ខវេទនាដោយសារកំហុសស្ដេចនោះ គឺ​រាស្រ្ដ​តូច​តាច​ក្រី​ក្រ​គ្មាន​ទី​ពុំនាក់ និង​គ្មាន​បុណ្យ​បារមី។

    ចំនុចត្រង់នេះអាចទាក់ទាញអារម្មណ៍ប្រជានុរាស្រ្ដ ចេះឆ្ងល់ ចេះគិតគូរ ពិចារណាវែកញែកយកមកចោទជា​សំនួរ​ជា​បញ្ហា​ដែរ​ថា «តើ​រាស្រ្ដ​ដែល​ចាំ​តែ​រង​ទុក្ខ​ទោស​វេទនា រងកម្មដោយសារស្ដេច ដោយសារអ្នកដឹកនាំ អ្នកនយោបាយ ត្រូវ​ប្រកាន់​ឥរិ​យាបថ​ដូច​ម្ដេច​ដែរ ចំពោះ​វាសនា​អានា​គត អាយុ​ជីវិត​របស់​ខ្លួន និង កូនចៅពូជពង្សវង្សត្រកូលកូនខ្មែរ?។ ការប្រកាន់ឥរិយាបថរបស់ប្រជា​ជន​ អាច​កំណត់​អោយ​យើង​ដឹង​អំពី​អំណោយ​ផល និង​លទ្ធ​ផល​ដែលគេ នឹងត្រូវជួបប្រទះ ទទួលក្នុងអាណាគតយ៉ាងខ្លី។

   ២ - ពួកបរទេស គេមិនដែលស្រលាញ់ខ្មែរទេ! គេរង់ចាំឱកាសល្អហុចអោយ ដើម្បីលួចប្លន់លេបទឹកដី ទ្រព្យ​សម្បត្ដិ​ធន​ធាន​ខ្មែរ​តែ​ប៉ុណ្ណោះ។ យើង​ឃើញ​ជាក់​ស្ដែង​ស្រាប់ សកម្មភាពលាវ និង សៀម នៅពេលដែលទឹកដីខ្មែរត្រូវលិចលង់ ដោយ​ទឹក​ជំនន់។ តើ​គេ​ត្រូវ​ទុក​ចិត្ដ និង​អោយ​តំលៃ​ទៅ​លើ​បរទេស ជាងខ្មែរគ្នាឯង សាច់ឈាមឯងឬទេ?

   ៣ - យើងកត់សំគាល់ឃើញថា ដោយសារចិត្ដស្ដេចពាល សាហាវឃោឃៅ គ្មានគតិធម៌ស្ដេចភុជ្គនាគ និង​ប្រជា​ជន​ស្ថាន​នាគ នាំ​គ្នា​ឈប់​គ្រាំ​ទ្រ ឈប់​ជួយ​ទំនុក​បំរុង​កសាង​ប្រទេសកម្ពុជា ហើយបែរជានាំគ្នាបំផ្លិចបំផ្លាញធ្វើអោយអន្ដរកប្ប រលត់​រលាយ​អន្ដរ​ធាន​អន្ដ​រាយ​ទៅ​វិញ។ ភព​នាគ​អាច​ប្រដូច​ជា​វណ្ណៈ​មួយ ឬ សាសន៍ជាតិមួយ។ ការដកខ្លួនចេញពីសង្គមជាតិខ្មែរ របស់នាគបាន​ធ្វើ​អោយ​ខ្មែរ​ចុះ​អន់​ថយ​ខ្សោយ​តាំង​ពី​ថ្ងៃ​នោះ​មក យើង​នៅចាំបានថា ជារៀងរហូតមក ព្រះមហាក្សត្រខ្មែរ ធ្លាប់មានមហេសីជាកូន​ស្ដេច​នាគ។ ហើយ​នាម៉ឺន​នាគ​ជា​ច្រើន​ធ្លាប់​បាន​បំរើ​ក្នុង​កិច្ច​ការ​ចាត់ចែង រៀបចំនគរខ្មែរដែរ។

   ៤ - ក្នុងន័យមួយទៀត ការសងសឹក និង ដកខ្លួនថយរបស់សង្គមជនជាតិសាសន៍នាគ អាចជាប្រផ្នូលបញ្ជាក់ថា ស្ដេច​នាគ​បាន​ចេញ​មក​ធ្វើ​អោយ​មាន​ទឹក​ជំនន់ លុប​លាង​ទឹកដី បញ្ជាក់បញ្ចប់ព្រះរាជវង្សព្រះមហាក្សត្រខ្មែរសម័យអង្គរ ដែល​ក្លា​ហាន​ខ្លាំង​ពូកែ​អង់​អាច ហើយ​ដែល​ព្រះ​អង្គ​ទ្រង់​ដោយ​ទស​ពិធ​រាជ​ធម៌ គោរពក្រិត្យវិន័យជាស្ដេច និង មានគតិធម៌បណ្ឌិត្យ ប្រកាន់នូវចិត្ដ​មេត្ដា​ធម៌ ឯ​សម័យ​អង្គរ​ដែល​ភ្លឺ​ថ្លា​ត្រចះ​ត្រចង់ ជា​មហា​ចក្រ​ក៏​ត្រូវ​ចប់​ពី​គ្រានោះដែរ។ ព្រឹត្ដិការណ៍នេះក៏អាច សបញ្ជាក់ដែរថា ព្រះរាជវង្សស្ដេច​ខ្មែរ​ជំនាន់​ក្រោយ​ គ្មាន​ទាក់​ទង ​គ្មាន​ជាប់​ឈាម​ជ័រ​ខ្សែ​ស្រ​លាយ នឹង ព្រះ​មហាក្សត្រខ្មែរ ជំនាន់សម័យអង្គរឡើយ។