តាមរយៈប្រវត្ដិបក្សីចាំក្រុង យើងអាចកត់សំគាល់ឃើញមានព្រឹត្ដិការណ៍ និង ប្រការជាច្រើន ដែលទាក់ទងទៅនឹង​ចិត្ដ​គំនិត ទស្សនៈ​របៀប​គ្រប់​គ្រង​ដឹក​នាំ​កសាង​ប្រ​ទេស​ជាតិ។

    ១ - ប្រវត្ដិបក្សីចាំក្រុង ដែលយើងទើបលើកយកមកនិទាន ជារឿងមួយមានប្រជាប្រិយភាពណាស់ក្នុងសង្គម​ជាតិ​ខ្មែរ តាំង​តែ​ពី​បុរាណ​កាល​រហូត​មក​ដល់​បច្ចុប្បន្ន ខ្មែរពីជំនាន់មួយទៅជំនាន់មួយ នៅស្គាល់ឈ្មោះបក្សីចាំក្រុងច្បាស់ណាស់ ទោះបីជា​គេ​មិន​បាន​ចង​ចាំ​ប្រ​វត្ដិបក្សី​ចាំ​ក្រុង​អោយ​បាន​ហូរ​ហែចប់ចុងចប់ដើមត្រឹមត្រូវក៏ដោយក្សីចាំក្រុងមានជាប់ជំពាក់យ៉ាងជិតស្និទ្ធ ទៅ​នឹង​ឈ្មោះ​ភូមិ​ស្រុក​ខេត្ដ​ពី​ព្រោះ​ឈ្មោះ​ទន្លេ​បឹង ឬ​អូរ​ស្ទឹង ដែលមានមួយផ្នែកធំស្ថិតក្នុងទឹកដីខ្មែរភូមិភាគខាងត្បូង ព្រឹត្ដិ​ការណ៍​ទាំង​ប៉ុន្មាន ក្នុង​បក្សី​ចាំ​ក្រុង​បើ​យើង​ពិនិត្យ​អោយ​បាន​ជិត​បន្ដិច​ទៅ យើងឃើញហាក់បីដូចជាគេចង់គូសបញ្ជាក់ថា ប្រវត្ដិសាស្រ្ដខ្មែរទៅថ្ងៃក្រោយ នឹង​ត្រូវ​វិល​វល់​វិវត្ដ​ចុះ​ឡើង​ក្នុង​តំបន់​ភូមិ​ភាគ​ខាង​ត្បូង ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ក៏យើងកត់សំគាល់ឃើញថា ព្រះបាទបក្សីចាំក្រុង មិន​បាន​យក​ឈ្មោះ​របស់​ខ្លួន​ផ្ទាល់​ទៅ​ដាក់​អោយ​ប្រាង្គ​ប្រាសាទ វត្ដ​អារាម និង​ទីកន្លែងទឹកដីនោះដែរ។

    ឯលទ្ធផលចុងក្រោយនៅទីបំផុត គឺប្រទេសខ្មែរចេះតែរួញទៅៗ ខើចទៅៗ តូចទៅៗជាលំដាប់។ ភោគសម្បត្ដិកេរ្ដិ៍អាករ​ដូន​តា​ខ្មែរ ចេះ​តែ​រលេះ​បាត់​បន្ដិច​ម្ដង​ៗ ហើយ​រាស្រ្ដខ្មែរចេះតែរងទុក្ខវេទនា ស្លាប់ព្រាត់ប្រាសរត់ចោលស្រុក ក្រទៅៗ ជា​លំ​ដាប់​លំ​ដោយ​គ្មាន​ពេល​ល្ហែ​ល្ហើយ តាំង​តែ​ពី​ចុង​សត្ស​ទី​១៦ សម័យបន្ទាយលង្វែកត្រូវបែកខ្ចាត់ខ្ចាយ ក្រោមកំលាំងទ័ពសៀម ខ្មែរជួប​ប្រទះ​តែ​ភ្លើង​សង្គ្រាម បង្ហូរ​ឈាម​ស្លាប់​បាត់​បង់​ជីវិត​អស់​រាប់​លាននាក់ ព្រាត់ប្រាស ក្រុមញាតិគ្រួសារ អត់បាយអត់ទឹក អត់ផ្ទះសំបែង អត់ថ្នាំសង្កូវ រង​ទុក្ខ​ព្រួយ​សោក​សង្រេង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គ្មានចេះស្រាកស្រាន្ដទាល់តែសោះ។ តើនេះជាកំហុសអ្នកណា? តើអ្នកណា ជាអ្នក​ទទួល​ខុស​ត្រូវ ចំពោះ​វិញ្ញាណ​ខ័ន្ធ​បុព្វ​បុរស​ខ្មែរ? បើ​អ្នកដឹកនាំខ្មែរម្នាក់ៗ សុទ្ធតែល្អត្រឹមត្រូវ បរិសុទ្ធមានសមត្ថភាពគ្រប់គ្រាន់ ហើយ​ចេះ​ស្រលាញ់​ជាតិ បំរើ​រាស្រ្ដ​ឥត​មាន​ខ្ចោះ។

    ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ចាប់ពីសម័យក្រោយលង្វែក ខ្មែរយើងមិនដែលចេះរករូបមន្ដ រកច្រករកផ្លូវ ដោះ​ស្រាយ​បញ្ហា អាយុ​ជីវិត​ស្រុក​ទេស​ដោយ​ខ្លួន​ឯង​ឡើយ​។ ខ្មែរតែងតែរត់ទៅរកបរទេសអោយមកជួយដោះស្រាយជំនួស ហើយជឿតែ​លើ​បរ​ទេស​ទៅ​វិញ។ គេ​មាន​ជំនឿ​ទៅ​លើ​បរ​ទេស​ជា​ជាង​មាន​ជំនឿទៅលើអ្នកមានបុណ្យ អ្នកចេះដឹង អ្នក មានសមត្ថភាពខ្មែរ។

   ៣ - ដូច្នេះស្ដេចខ្មែរ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរ ត្រូវតែស្អប់ខ្ពើមត្រូវតែកំចាត់ត្រូវតែសំលាប់បំផ្លិចបំផ្លាញក្ដិច​ចោល​ចេញ​អស់​ពួក​អ្នក​មាន​បុណ្យ​មាន​សមត្ថ​ភាព​ចេះដឹង មានប្រាជ្ញាឈ្លាសវៃជាងខ្លួន ពោលអោយចំ គេចាត់ទុកអ្នកចេះដឹង ឬ​អ្នក​មាន​បុណ្យ​ជា​សត្រូវ​ធំ​ចំពោះ​រាជ​បល្ល័ង្គ ឬ​ការ​គ្រប់​គ្រង​របស់​គេ​។ គេត្រូវនាំគ្នាចាត់វិធានការ ផ្ដាច់ជីវិតកំចាត់អ្នកមានបុណ្យ អោយបាត់ស្រមោល។ អ្នក​មាន​បុណ្យ គឺ​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះ​អ្នក​មាន​សមត្ថ​ភាព អាចនាំមកនូវពន្លឺ នូវសេចក្ដីសង្ឃឹមមួយថ្មីសំរាប់ប្រជាជន ដែលគេត្រូវ​ជិះ​ជាន់​ ធ្វើ​ទុក្ខ​បុក​ម្និញ​បំ​បិទ​មាត់​បំ​បិទ​ភ្នែក​បំ​បិទ​ត្រចៀក បំ​បិទ​អស់​សិទ្ធិ​សេរី​ភាព។ វត្ដមានអ្នកមានបុណ្យ ឬ អ្នកចេះដឹង ឬ អ្នកមាន​សមត្ថ​ភាព​ អាច​ធ្វើ​អោយ​រង្គោះ​រង្គើ​អំណាច​របស់​ស្ដេច​អ្នក​ដឹកនាំប្រទេសជាតិ គឺធ្វើអោយខ្លួនខាតប្រយោជន៍របស់ស្ដេច របស់ក្រុមពពួកអ្នកកាន់​អំណាច​ផ្ដាច់​ការ ដែល​គិត​តែ​ប្រវ័ញ្ច​ជាន់​ឈ្លី ធ្វើ​ស្រែ​លើ​ខ្នង​រាស្រ្ដ។ យល់ដូចនេះហើយ ទើបបានជាស្ដេច និងក្រុមអ្នកដឹកនាំជាតិ ដែលគិត​តែ​អំណាច​ផ្ដាច់​ការ​និង​ប្រយោ ជន៍​ផ្ទាល់​ខ្លួន ក្រុម​បក្ស​ពួក នាំគ្នាកំចាត់កាប់ចាក់សំលាប់ចោលអោយអស់ ពួកអ្នកមានបុណ្យអ្នកចេះ​ដឹង​រៀន​សូត្រ​មាន​វិជ្ជា និង​អ្នក​ដែល​មាន​សមត្ថ​ភាព​អាច​កសាង​ស្រោច​ស្រង់​ប្រទេសជាតិបាន។ ស្ដេចព្រហ្មកិលភ័យព្រួយបារម្ភ ខ្លាច​អស់​រាជ​បល្ល័ង្គ​ណាស់​នៅ​ពេល​ដែល​ដឹង​ថា​ អ្នក​មាន​​បុណ្យ​​បាន​មក​ចាប់​កំណើត​បាន ១០​ខែ​ហើយ​។ ស្ដេច​ពញា​ក្រែក ឬ​ព្រហ្ម​កិល ដើម្បី​ការ​ពារ ថែរក្សា​អំណាច​រាជ​បល្ល័ង្គ​របស់​ខ្លួន​ បាន​​ចេញ​​បញ្ជា​ អោយ​​ពល​ទាហាន​សេនា​មន្រ្ដី​តូច​ធំ​ ចាប់ស្រ្ដី​ទាំ​អស់​ក្នុង​នគរ​ ដែល​មាន​ផ្ទៃ​ពោះ​គំរប់​​១០​ខែ យក​ទៅ​សំលាប់​ចោល​កុំ​អោយ​មាន​សល់​មួយ​។ នៅ​ពេល​ដែល​ដឹង​ថា​អ្នក​មាន​បុណ្យ​មិន​ទាន់​ស្លាប់​ ពញា​ក្រែក ឬ​ព្រហ្ម​កិល​ ក៏​លើក​ទ័ព​ទីង​ច្រើន​កុះ​ករ​ដេញ​តាម​ចាប់​សំលាប់​បក្សី​ចាំ​ក្រុង និង​តាគ​ហេ ទោះ​បី​ជា​ដឹង​ថា​កុមា​នេះ ជាប់​សាច់ឈាមជ័រជាបងប្អូនបង្កើតនឹងខ្លួនក៏ដោយ។

    ព្រឹត្ដិការណ៍ក្នុងប្រវត្ដិស្ដេចបក្សីចាំក្រុង អាចឆ្លុះនាំយើងអោយឃើញព្រឹត្ដិការណ៍ផ្សែងៗឯទៀត​ ក្នុង​ប្រវត្ដិ​សាស្រ្ត​ខ្មែរ ដែល​មាន​រៀង​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភស្ដុតាងជាក់ស្ដែងថ្មីៗ ក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម គោល​ជំហរ ទិស​ដៅ​ធំ​បំ​ផុត របស់​ពួក​ពេជ្ឈ​ឃាត​ទាំង​នេះ​គឺ​ត្រូវ​ធ្វើ​ដូច​ម្ដេចចាប់កាប់សំលាប់អ្នកមានបុណ្យឬអ្នកមានវិជ្ជាចំ នេះចេះដឹង រឺ អ្នកមាន​សមត្ថ​ភាព អ្នក​មាន​បុណ្យ​អ្នក​មាន​វិជ្ជា​អ្នក​មាន​សមត្ថ​ភាព ក្នុង​សម័យ​ប្រល័យពូជសាសន៍ខ្មែរក្រហម គេមិនចាំបាច់យកបាទដៃបាទជើងទៅ​ដាក់​លើ​ម្សៅ​រក​មើល​កង​ចក្រ​ដូច​សម័យ​កាល​បក្សី​ចាំក្រុង​នោះ​ទេ!។ ជនណា ខ្មែរណា មានពាក់វែនតា មានសំបុរជ្រះ ឬចេះអានអក្សរបន្ដិច​បន្ដួច អ្នក​នោះ​ហើយ​ដែល​គេ​ចោទ​ប្រកាន់​ថា ជា​អ្នក​មាន​បុណ្យ ជាបញ្ញវ័ន្ដ ជាអ្នកចេះដឹង ជាខ្មាំងប្រតិកិរិយាប្រឆាំងនឹងអង្ការ នឹង​បក្ស នឹង​បដិ​វត្ដន៍៘ ​និង ៘

    ម្យ៉ាងវិញទៀត បន្ទាប់ពីការកាប់សំលាប់រង្គាល ដើម្បីរារាំងកុំអាយអ្នកមានបុណ្យចាប់កំនើតកើតមកបាន គេ​ត្រូវ​ធ្វើ​ដូច​ម្ដេច​អោយ​បណ្ដា​រាស្រ្ដ​ល្ងង់​ខ្លៅ​ស្ថិត​ក្នុង​ភាពអវិជ្ជា កាលណារាស្រ្ដល្ងង់ខ្លៅ មិនដឹងខ្យល់ មិនស្គាល់ទិសតំបន់ ពេលនោះពួកអ្នក​ដឹក​នាំ​កាន់​អំណាច​អាច​ធ្វើ​តាម​តែ​អំពើ​ចិត្ដ​របស់​ខ្លួន ដោយ​គ្មានភ័យបារម្ភខ្លាចប្រជាជនជំទាស់ ប្រឆាំងដាក់កំហុស ឬកាត់ទោសឡើយ។ ក្នុង​ទស្សនៈ​នេះ គេ​នាំ​គ្នា​វាយ​បំបាក់​បំបែក​ប្រាង្គ​ប្រាសាទ រូប​ចំលាក់ ដុតបំផ្លាញគម្ពីរក្បួ នខ្នាតវត្តអារាម ដែលជាគ្រិះមូលដ្ឋានមួយនៃ​វប្បធម៌​ជាតិ​ខ្មែរ ភស្ដុតាង​មិន​មែន​មាន​តែ​ក្នុង​អតីត​កាល​ប៉ុណ្ណោះទេ! នៅពេលថ្មីៗ ក្នុងសម័យខ្មែរក្រហមប្រល័យពូជសាសន៍ យើងបានស្គាស់​ហើយ​របៀប​ឃោ​ឃៅយង់​ឃ្នង​ជួរ​ជាតិ ហួស​វិស័យ កាប់​សំលាប់​រំគៀល និង បំផ្លិចបំផ្លាញរំលំរំលើងរិសគល់ជាតិ ពួកមនុស្សផ្ដាច់ការព្រៃផ្សៃ ស្រេក​ឈាម​ទាំង​នេះ​ដែល​ស្រលាញ់​តែ​អំណាច ហើយ​លក់​ដូរតែសម្បត្ដិជាតិ គ្មានចិត្ដគំនិត អារម្មណ៍ រវីរវល់អំពីបញ្ហាអប់រំជាតិទេ គេ ត្រូវ​តែ​ប្រើ​គ្រប់​មធ្យោ​បាយ​រា​រាំង បំបិត​បំបាំង​ប្រជា​ពល​រដ្ឋ មិន​អោយមានលទ្ធភាពក្រេបជញ្ជាក់ ចំណេះវិជ្ជាថ្មីៗ គោលគំនិតទ្រឹស្ដីថ្មីៗ និង​វប្ប​ធម៌​អរិយ​ធម៌​ផ្សេងៗ​មធ្យោ​បាយ​ដែល​គេ​យក​មក​អនុវត្ដន៍​នោះ មានការប្រើវិធីគំរាមកំហែ ង សំលុតបំភ័យបំភាន់មតិ សតិអារម្មណ៍ ចោទ​ប្រកាន់​ពី​បទ​ធ្វើ​វិទ្ធង្សនា​ក្បត់​ជាតិ ចាប់​ឃុំ​ឃាំង ធ្វើ​ទារុណ​កម្ម ឬ​សំលាប់​បំបាត់​ដាន​ជាដើម៘

    ត្រង់ចំនុចនេះក្នុងប្រវត្ដិសាស្រ្តខ្មែរ យើងសង្កេតឃើញថា អ្នកគ្រប់គ្រងប្រទេសជាតិខ្មែរតែងតែចាត់ទុកអ្នកមាន​បុណ្យ ឬ​អ្នក​ចេះ​ដឹង​មាន​ចំណេះ​វិជ្ជា ជា​សត្រូវ​ធំ​ងាប់​រស់របស់គេ។ គេមិននិយមប្រមែប្រមូលយកអ្នកមានបុណ្យ អ្នកមានសមត្ថ​ភាព​ទាំង​នេះ​ មក​អោយ​នៅ​ជុំ​ជិត​សំរាប់​ពិភាក្សា ជួយ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហាប្រទេសជាតិឡើយ។ ស្ដេចខ្មែរ ឬអ្នកដឹកនាំខ្មែរចូលចិត្ដតែមនុស្ស​ល្ងង់​ខ្លៅ ​ឡែប​ឡប​ឡេម​ឡើម គ្មាន​សមត្ថ​ភាព ដែល​គ្មាន​ចេះអ្វីក្រៅអំពីលុតជង្គង់ លើកសំពះប្រណម្យ ឆ្លើយ «ព្រះបាទៗ» ធ្វើត្រាប់តាម​ដូច​សត្វ​សេក​នាះ​ឡើយ​។ ចំណូល​ចិត្ដ​របៀប​នេះ​ធ្វើ​អោយ​គេយល់ច្រលំ អំពីចិត្ដគំនិតទស្សនៈរបស់ក្រុមអ្នកមានបុណ្យ អ្នកដែលមាន​ចំណេះ​វិជ្ជា មាន​សត្ថ​ភាព​ អ្នក​មាន​បុណ្យ មិន​អាច នឹង​ដាក់​ខ្លួន​លុតជង្គង់សុំបុណ្យ អ្នកឥតមានសមត្ថភាពឡើយ។

    ម្យ៉ាងវិញទៀត ស្ដេចខ្មែរ អ្នកនយោបាយខ្មែរតែងតែយល់ច្រលំ មានជំនឿថា ខ្លួនអាចរស់នៅកាន់អំណាចជា​អមតៈ ថា​អំណាច​នេះ​ ទឹក​ដី​នេះ​ ជា​សម្បត្ដិ​ដាច់​មុខ​របស់​ពួកខ្លួន។ អ្នកទាំងនោះមិនដែលនឹកគិតពិចារណាថា បើគ្មានអ្នកមានបុណ្យ​អ្នក​ចេះ​ដឹង​ អ្នក​មាន​សមត្ថ​ភាព​ទេ​នោះ​ប្រទេស​ជាតិ នឹង​ត្រូវ​ទ្រុឌ​ទ្រោម​ធ្លាក់ចុះដុនដាបអន់ថយវិនាសអន្ដរាយ ហើយគ្រានោះ ពួកខ្លួនក៏ត្រូវ​ធ្លាក់​ទឹក រត់​ប្រាស់​ចោល​នគរ​ដែរ​។ តែ​ប្រសិន​បើ​មាន​អ្នក​មាន​បុណ្យ បើរាស្រ្ដមានការ ចេះដឹងមានសមត្ថភាពគ្រប់គ្រាន់ ខ្លាំងពូកែ​មាំ​មួន សំបូរ​សប្បាយ​នោះ​ខ្លួន​ក៏​មាន​កិត្ដិ​យស មាន​ប្រជា​ពល​រដ្ឋ​ស្រលាញ់ គោរព​រាប់អានកោតខ្លាច និង មានកិត្យានុភាពលើពិភពលោក។

    អ្វីដែលអ្នកកាន់អំណាចផ្ដាច់ការ និងអ្នកនយោបាយខ្មែរនឹកមិនដល់នោះ ក្នុងពេលដែលកំពុងតែកាប់សំលាប់ កំ​ទេច​បំ​ផ្លាញ​អ្នក​មាន​បុណ្យ គឺ​ពួក​គេ​កំពុង​តែរំលាយរំលំបំផ្លិចបំផ្លាញព្រលឹងជាតិ ធ្វើអោយជាតិចុះអន់ថយទន់ខ្សោយដុនដាប ហើយពួក​គេ​ក៏​កំពុង​តែ​បំរើ​ផល​ប្រ​យោជន៍​បរ​ទេស​ដែរ។

    ក្នុងប្រវត្ដិបក្សីចាំក្រុង មិនមែនមានតែការថ្កោលទោស ដាក់កំហុសចំពោះស្ដេច ឬ អ្នកដឹកនាំជាតិ ដែលគិតតែ​អំពី​រាជ​បល្ល័ង្គ អំណាច​ផ្ដាច់​ការ និង​ដេញ​កាប់​សំលាប់ បំផ្លាញអោយអស់អ្នកមានបុណ្យ ឬ អ្នកចេះដឹងមានសមត្ថភាពប៉ុណ្ណោះទេ ​យើង​កត់​សំ​គាល់​ឃើញ​មាន​ដែរ ការ​បង្កប់​នូវ​ទស្សនៈ​ទ្រឹស្ដី​នយោ​បាយ​ដែលទុកជាមេរៀនសំរាប់គ្រប់គ្រងដឹកនាំ ប្រទេសជាតិអោយបានល្អប្រសើរ។

    ១ - ជាពិសេស ក្នុងការស្វែងរកសន្តិភាព គេត្រូវរិះរកគិតពិចារណា ធ្វើដូចម្ដេចជៀសវាង គេចអោយផុត កុំអោយ​មាន​សង្គ្រាម ដែល​ជា​ប្រភព​នាំ​មក​នូវ​គ្រប់​ផលអាក្រក់ និង មហន្ដរាយគ្រប់ប្រភេទ ដល់ប្រជានុរាស្ដ្រ និង អាយុជីវិតប្រទេ សជាតិ។ ព្រះ​បាទ​គោតម្ដ អមរ​ទេវ​រាជ ឬ​ដំបង​គ្រញូង ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី១៧ កាលដឹងជាក់ច្បាស់ថាខ្លួនអស់បុណ្យ លែងមានសមត្ថភាព ព្រះ​អង្គ​សុខ​ចិត្ដ​សុំ​ចុះ​ចាញ់​អ្នក​មាន​បុណ្យ​ថ្មី ស្ដេច​ពញា​ក្រែក ឬ​ព្រហ្មកិល។ ព្រះអង្គសុខចិត្ដបោះបង់ ដើរចាកចោលចេញពីព្រះរាជបល្ល័ង្គ ពី​អំណាច​ដើម្បី​ជៀង​វាង​កុំ​អោយ​មាន​ចំបាំង​រាំង​ជល ដែលធ្វើអោយរាស្រ្ដរង ទុក្ខវេទនាព្រាត់ប្រាសក្រុមញាតិគ្រួសារ ដោយសារព្រះអង្គ។

    ព្រះបាទបក្សីចាំក្រុងបំរុងរាស្រ្ដ ទោះបីព្រះអង្គដឹងខ្លួនជាអ្នកមានបុណ្យ ហើយធ្លាប់រងទុក្ខទោសវេទនាមិនចេះ​ចប់ ដោយ​សារ​ស្ដេច​ពញា​ក្រែក​ក៏​ដោយ ក៏​ព្រះ​អង្គ​មិន​បានចេញមុខ បង្កបង្កើតទ័ព ធ្វើអោយមានចលាចលទៅច្បាំងទល់ នឹង ស្ដេចអង្គនេះ ដើម្បី​ដណ្ដើម​យក​រាជ​សម្បត្ដិ​ដែរ ព្រះ​អង្គ​មិន​បាន​យក​គំនុំគុំគួនផ្ទាល់ខ្លួនមកដាក់លាយលំ លេងសើចនឹង បញ្ហាអាយុជីវិតប្រទេសជាតិឡើយ ព្រះ​អង្គ​សុខ​ចិត្ដ​លាក់​ខ្លួន​ពួន​អាត្មា រស់​នៅ​ដាច់ស្រយាលឆ្ងាយអំពីព្រះមហានគរ។ ពីព្រោះព្រះអង្គធ្លាប់ស្គាល់ច្បាស់ណាស់ អ្វីទៅ​ដែល​ជា​ការ​ព្រាត់​ប្រាស​ក្រុម​ញាតិ​គ្រួសារ អ្វីទៅដែលជាការរត់ចោលស្រុកភូមិកំណើត អ្វីទៅដែលជាការរងទុក្ខវេទនា ស្រេកឃ្លានគ្មាន​ទី​ពឹង​ពុំ​នាក់ ឈឺ​ចុក​ចាប់​ខ្លោច​ផ្សា​៘ ព្រះ​អង្គ​មិន​ចង់​អោយ​ប្រជា​នុរាស្ដ្រ និង នគររបស់ព្រះអង្គ ជួបប្រទះ នឹង មហន្ដរាយគ្រោះកាចទាំង​នេះ ហើយ​ប្រែ​ក្លាយ​ទៅ​ជា​ទន់​ខ្សោយ ដោយ​សារ​សង្រ្គាម និង​ការ​បែកបាក់គ្នា។

    ២ - ក្នុងការគ្រប់គ្រង ដឹកនាំប្រទេសជាតិ ស្ដេចអ្នកដឹកនាំ អ្នកនយោបាយត្រូវតែប្រកាន់​នូវ​ពាក្យ​សច្ចៈ ទស​ពិធ​យុត្ដិ​ធម៌ ពាក្យ​ដែល​និយាយ​ចេញ​មក​មួយ​មាត់ៗ សុទ្ធ​តែមានគេចាំកត់ត្រា គេចាំស្ដាប់ចងចាំ សុទ្ធតែមានន័យ មានខ្លឹមសារ​មាន​ទំងន់​អាច​ធ្វើ​អោយ​ស្រុក​ទេស​ក្លាយ​ទៅ​ជា​ល្អ​ក៏​បាន​ទៅ​ជា​អា​ក្រក់​ក៏​បាន ពាក្យទាំងនោះសោត ទោះខ្លួនជាស្ដេចផែនដី ជាមេដឹក​នាំ​ប្រ​ទេស​ជាតិ មាន​អំណាច​ផ្ដាច់​ការ​ខ្លាំង​ក្លា​មហិ​មា​ដូច​ម្ដេច​ក៏​ដោយ ក៏​មិនអាចនឹងដោះដូរ ផ្លាស់ប្ដូរកែបន្លំ ភូតភកុហក បំភ្លេចកាយកប់ត្រលប់​ចោល ឬ​មិន​គោរព​បាន​ឡើយ​។ អ្នក​ដែល​ហាន​ផ្លាស់​ប្ដូរ​បំ​ភ្លេច​មិន​គោរព​ពាក្យសំដីរបស់ខ្លួន គ្មានសច្ចៈធម៌ អ្នកនោះក៏ដូចជាបានក្បត់បណ្ដារាស្រ្ដ និង​ប្រ​ទេស​ជាតិ​របស់​ខ្លួន​ដែរ​។

   ប្រសិនបើស្ដេច ឬ អ្នកដឹកនាំ ឬ អ្នកនយោបាយខ្មែរ មិនប្រកាន់ពាក្យសច្ចៈបំភ្លេចពាក្យសំដីរបស់ខ្លួន ប្ដូរចុះប្ដូរ​ឡើង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ភូត​ភរ​បោក​ប្រាស់​ប្រជា​ពល​រដ្ឋមិនចេះហត់ នោះប្រទេសជាតិ នឹង កើតក្ដីក្ដៅក្រហល់ក្រហាយ រំជើប​រំជួល​ប៉ះ​ទង្គិច​ចលា​ចល​ច្របូក​ច្របល់​អន្ដ​រាយ​ជា​មិន​ខាន។ ពេលនោះ ទោះបីជាខំប្រឹងធ្វើបុណ្យធ្វើទាន មានលុយមានកាក់ច្រើនសំបូណ៌​ហូរ​ហៀរ​យក​ទៅ​ទិញ ឬ​យក​ទៅ​ជះ​ដូច​ម្ដេច​ក៏​ដោយ ក៏​ស្ដេច​នោះ អ្នកនយោបាយនោះ រត់ទៅណាមិនរួចដែរ។ ស្ដេចនោះ អ្នក​នយោបាយ​នោះ នៅ​ជាប់​ជំ​ពាក់​ពាក្យ​សំដី​របស់​ខ្លួន​រៀង​រហូត​ជា​និច្ច​លុះ​អវសាន​លោក ហើយអ្នកដែលធ្លាប់បោកបញ្ឆោតរាស្រ្ដល្ងង់ខ្លៅដូច្នេះ ធ្វើ​ម្ដេច​នឹង​អោយ​គេ​ជឿ​បាន​ត​ទៅ​អនា​គត។

    ព្រះបាទបក្សីចាំក្រុង ព្រោះតែពាក្យសំដីចំអន់លេងសើច ដោយស្មានថាពាក្យសំដីទាំងប៉ុន្មានរបស់ព្រះអង្គ គ្មាន​ន័យ​គ្មាន​ផល​រមាស់ ត្រូវ​គ្រប់​កំលាំង​បារមី និង​វត្ថុ​ស័ក្ដិ​សិទ្ធ​យាងចុះមកប្រមានប្រដែប្រដៅអោយគោរពធ្វើតាមពាក្យពេចន៍ ដែល​ពោល​និយាយ​ចេញ​មក ពី​ព្រោះ​ពាក្យ​សំដី​របស់​ស្ដេច ឬ​អ្នកដឹកនាំនគរ ដែលហារខ្ជាក់ចេញមកជាពាក្យសច្ចៈ។ បក្សីចាំក្រុងខំប្រឹងរៀបចំធ្វើ​ពិធី​ឧប​កិច្ច ប្រលែ​ប្រលំ​បោក​បញ្ឆោត​ទេវ​តា​ដែរ តែ​បារមី​ទាំង​អស់នៅតែមិនព្រមទទួល និង សុខចិត្ដ ទេវតា និង វត្ថុសក្ដិសិទ្ធនៅតែ​ទាម​ទារ​អោយ​គោរព​ធ្វើ​តាម​ពាក្យ​សច្ចៈ បើ​ពុំ​ដូច្នោះ​ទេ នឹង​មក​ផ្ដាច់​យក​អាយុជីវិតប្រជាពលរដ្ឋ ហើយនិង ធ្វើអោយនគរស្រុកទេសទាំង​មូល ជួប​ប្រទះ​តែ​ទុក្ខ​ភ័យ​វេទនា​វិនាស​អន្ដ​រាយ​ហិន​ហោច​ព្រាត់​ប្រាសគ្នាជាមិនខាន បើគោរពតាមពាក្យសច្ចៈ ដើម្បីប្រទេសជាតិ បក្សី​ចាំ​ក្រុង​ត្រូវ​ដាច់​ចិត្ដ​លះ​បង់​ប្រហារ​ជីវិត​លោក​តាគហេ អ្នក​មាន​គុណ​ដ៏​ធំ និង​ដ៏​ធ្ងន់របស់ព្រះអង្គ។

   ៣ -លក្ខណៈពិសេសមួយទៀត របស់ព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ គឺត្រូវចេះ ត្រូវស្គាល់​អ្វី​ដែល​ជា​គុណ និង​ជា​សន្ដោស​មេត្ដា​ធម៌​គុណ គឺ​សុភាវ​ធម៌​ដែល​នាំ​មកនូវសេចក្ដីល្អ នូវសេចក្ដីចំរុងចំរើន បុគ្គលដែលយកគុណ សន្ដោស​មេត្ដា​ធម៌​មក​ធ្វើ​ជា​គោល​ការណ៍​ក្នុង​ជី​វិត ឬ​ក្នុង​ការ​គ្រប់​គ្រង រៀប​ចំដឹកនាំកសាងប្រទេសជាតិ បុគ្គលនោះមិន អាចក្លាយទៅជា​មនុស្ស​ឃោ​ឃៅ​សាហាវ​យង់​ឃ្នង​ស្រេក​ឃ្លាន​ឈាម​សង្គ្រាម និង​ស្រលាញ់​អំណាច​ផ្ដាច់ការឡើយ។ គ្រានោះនគរ ប្រជាពលរដ្ឋ នឹង បានទទួលនូវ​សាមគ្គី​ភាព សន្ដិ​ភាព​ការសប្បាយ​រីក​រាយ​ត្រជាក់​ត្រជុំ និង​ការ​រីក​ចំរើន លូតលាស់ជាមិនខាន។

    ព្រះបាទបក្សីចាំក្រុង ក្នុងជីវិតរបស់ព្រះអង្គ ព្រះអង្គពុំដែលបំភ្លេចគុណនរណាម្នាក់ ដែលធ្លាប់បានធ្វើល្អចំពោះ​រូប​ព្រះ​អង្គ​ឡើយ សូម្បី​តែ​ជា​សត្វ​ដូច​ជា​ស្ដេច​កណ្ដុរ​ស សូម្បីតែកន្លែងទឹកដីរហោឋាន អ្នកតាដែលឥតវិញ្ញាណ ក៏ព្រះអង្គធ្វើបុណ្យ​រំលឹក​គុណ មិន​ដែល​អាក់​ខាន​ដែរ ផ្ទុយ​ទៅ​វិញ ព្រះ​រា​ជា ឬ​អ្នក​ដឹក​នាំដែលកាចសាហាវយង់ឃ្នង មិនស្គាល់គុណ មិនស្គាល់បុណ្យបាប គ្មាន​សន្ដោស​មេត្ដា​ធម៌ មិន​អាច​នៅ​ស្ថិត​ស្ថេរ​គ្រប់​គ្រង​ប្រទេស​ជាតិ​បាន​យូរលង់អង្វែងឡើយ។ ប្រជាពលរដ្ឋនឹងស្អប់ខ្ពើម ដកទំនុកទុកចិត្ដ គ្មានជំនឿ​ទៅ​លើ លែង​អោយ​តំលៃ​ លែង​គោរព ហើយ​ប្រវត្ដិ​សាស្រ្ដ​នឹង​វិនិច្ឆ័យ ផ្ដន់ទាទោស សួរពូជជាប់រៀងរហូតដល់អវសាន្ដលោកដែរ ហើយ​បាប​កម្ម​នោះ នឹង​តាម​កដល់​ទាន់​ហន់​ភ្នែក​ស្រស់ ទាម​ទារ​អោយ​សង​បំណុល​ភ្លាមៗ ជាមិនខាន។