ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន
រស់ ចន្ត្រាបុត្រ
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០
អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ
**********************************************
ការរត់ភៀសខ្លួនរបស់បក្សីចាំក្រុង
ថ្ងៃសៅរ៍ ទី15.កញ្ញា 2012.ម៉ោង 0:48
ពង្សាវតារសម្ដេចវាំងជួន បានត្រឹមតែបញ្ជាក់ថាស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ ព្រះបាទសន្ធពអនុរាជ បានកោះហៅហោរាឲ្យទស្សន៍ ទាយ។ ព្រះអង្គចង់ដឹងថា តើមានអ្នកមានបុណ្យណាមួយអាច នឹងមកដណ្ដើមរាជ្យព្រះអង្គឬទេ? ក្រោយដែលបានគន់គូរ គូសវាសយ៉ាងល្អិត ល្អន់មក ហោរាបានទាយទូលថ្វាយព្រះមហាក្សត្រថា «អ្នកមានបុណ្យ បានកើតក្នុងត្រកូលក្សត្រហើយ។ ឥឡូវនេះអ្នកមានបុណ្យអាយុបាន ៧ឆ្នាំ ហើយបន្លំខ្លួនរស់នៅធ្វើជារាស្រ្ដសាមញ្ញធម្មតា នៅតំបន់មួយឆ្ងាយអំពីមហានគរ។ អ្នកមានបុណ្យនេះ អាចនឹងមកដណ្ដើមយកព្រះរាជ បល្លង្គ អ្នកមានបុណ្យនេះមាន សញ្ញាកងចក្រប្រចាំខ្លួននៅលើបាទដៃ និងបាទជើងជសញ្ញាសំគាល់។
គ្រាន់តែបានលឺហោរាទស្សន៍ទាយដូច្នេះ ស្ដេចព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កើតមានក្ដីភ័យព្រួយបារម្ភ រន្ធត់ក្នុងឱរា ខ្លាចរបូតបាត់រាជ សម្បត្ដិពីដៃ ព្រះអង្គក៏ចាត់ចែងចេញបញ្ជាឲ្យអស់នាម៉ឺនមុខមន្ដ្រី ពលសេនាបរិវារទាំងឡាយ ធ្វើការស៊ើបអង្គេតគ្រប់ច្រកល្ហក ដើម្បីរុករក អ្នកមានបុណ្យ តែគ្មាននរណាមួយអាចដឹងបានថា តើអ្នកមានបុណ្យ នៅទីណាឡើយ។ ស្ដេចពញក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ ម្ដងនេះបង្គាប់បញ្ជាឲ្យកេណ្ឌប្រមូលបង្ខំ យកក្មេងក្មាងទាំងអស់ ពីគ្រប់ទិសទីខេត្ដខ័ណ្ឌក្នុងព្រះនគរ ដែលមានអាយុ ៧ឆ្នាំ មកធ្វើការ ពិសោធន៍ សាកល្បងដាក់បាទដៃបាទជើង លើម្សៅដែលគេដាក់ទុកក្នុងចង្អេរ។ ក្មែងណា ដែលគ្មានបញ្ចេញស្នាមកងចក្រលើចង្អេរម្សៅទេ ក្មេងនោះត្រូវរួចខ្លួន ហើយគេដោះលែងឲ្យមានសេរីភាពត្រលប់ទៅផ្ទះសំបែងវិញ។
ដូចដែលយើងរៀបរាប់នៅផ្នែកដើម ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី១៦ មានមហេសីមួយឈ្មោះអ្នកម្នាងកែវ ព្រះនាងទ្រង់មាន គភ៌នៅក្នុងឆ្នាំជូត ព.ស.១៥៤៤ ដែលត្រូវជា គ.ស.១០០០ គឺនៅក្នុងសម័យកាលដែលដំបងគ្រញូង បានបះបោរ លើកកងទ័ពមកវាយប្រហារ ដណ្ដើមយករាជ្យ។ ក្នុងឱកាសនោះ ព្រះនាងបានបន្លំធ្វើជាអ្នកស្រុកអ្នកភូមិសាមញ្ញ លួចរត់គេចភៀសខ្លួន ចេញផុតពីមហានគរ ទៅរស់នៅ តាមជាយជនបទ ឆ្ងាយដាច់ស្រយាលពីគេឯង។ ព្រះនាងបានតាយាយពីរនាក់ប្ដីប្រពន្ធ តាគហេ យាយលក្ខណ៍ ទទួលយកទៅចិញ្ចឹមបីបាច់ថែ រក្សា ជួយលាក់បំពួនបំបិទបំបាំង ឆ្ងាយពីភ្នែកច្រមុះ ពួកក្រុមស្ដេចដំបងគ្រញូង។ ខែមាឃ ឆ្នាំឆ្លូវ ព.ស.១៥៤៥ ត្រូវជា ម.ស.៩២៣ ច.ស.៣៦៣ និង គ.ស១០០១ ព្រះនាងប្រសូត្របានបុត្រមួយព្រះអង្គ មានសំបុរភ្លឺស្រស់បំព្រង ហើយមានសញ្ញាកងចក្រលើបាទដៃ និងបាទជើងដែល បញ្ជាក់លក្ខណ៍ជាអ្នកមានបុណ្យ។
តាគហេយាយលក្ខណ៍ បានស្រលាញ់ថ្នាក់ថ្នមទំនុកបំរុងព្រះនាងកែវ និង ទារកដូចជាកូន និង ចៅបង្កើត សម័យថ្ងៃមួយ ប្ដីប្រពន្ធតាគហេ យាយលក្ខណ៍ និង ព្រះនាងកែវបាននាំព្រះរាជបុត្រទៅច្រូតស្រូវជាមួយ ទៅដល់កន្លែងធ្វើការ គេបានយកព្រះរាជបុត្រទៅដាក់ឲ្យផ្ទុំក្រោមម្លប់ ឈើ។ ដោយរវល់ជាប់ជក់ នឹង ការងារពេក ម្នាក់ៗមិនបាននឹកភ្នកចាប់អារម្មណ៍ដល់ទារកដែលកំពុងតែត្រូវស្ថិតនៅក្រោមកំដៅកាំរស្មីព្រះ អាទិត្យឡើយ។ ពេលនោះ ទិដ្ឋភាពដ៏សែនអស្ចារ្យ ដែលគេមិនធ្លាប់ឃើញ ហើយដែលមិនធ្លាប់កើតមាននោះ បានកើតឡើង «គឺទេពឥន្រ្ទី និង បក្សាបក្សីជាច្រើន ទាំងហ្វូងបានហោះចុះមក កកកុំ ក្រុងព័ទ្ធជិតជុំ ការពារទារកមិនឲ្យត្រូវកំដៅថ្ងៃ។ តាគហេឃើញដូច្នេះ ភ័យលោះព្រលឹង ខំរត់យ៉ាងលឿនស្លេវទៅដេញបង្អើលហ្វូងសត្វបក្សាបក្សី ទៅដល់ តាគហេខំពិនិត្យមើលខ្លាចក្រែងទារករងគ្រោះថ្នាក់ ឬមានរបួសស្លាស្នាម តែគាត់មើលមិនឃើញមានអ្វី ដែលជាការគួរឲ្យភ័យព្រួយបារម្ភឡើយ។ ផ្ទុយទៅវិញទា រកហាក់បីដូចជាបានទទួលនូវសេចក្ដីសុខ និងការ ថ្នាក់ថ្នមឥតហ្មងពីហ្វូងបបក្សាបក្សី។ ហេតុដ៏សែនអស្ចារ្យនេះបានបណ្ដាលឲ្យព្រះនាងកែវ តាគហេ និងយាយលក្ខណ៍ដាក់ឈ្មោះទារកនោះថា បក្សីចាំក្រុង។
តែបើយោងទៅតាមពង្សាវតារវត្ដកោកកាកវិញ គេអាចដឹងថា មហេសីរបស់ព្រះបាទចក្រព័ត្រទ្រង់មានគភ៌ នៅពេលដែលដំបងគ្រញូង លើកទ័ពមកវាយប្រហារដណ្ដើមរាជ្យ។ ព្រះនាងបានរត់រួចទៅលាក់ខ្លួនពួនអាត្មា នៅតាមភូមិស្ថាន តំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មកព្រះ នាងប្រសូតបានបុត្រមួយព្រះអង្គ។ តែគេមិនបាស្គាល់ឈ្មោះព្រះរាជបុត្រអង្គនេះទេ ធំឡើងពេញវ័យកាលណាព្រះរាជបុត្របានមានមហេសី ព្រះមហេសីទ្រង់គភ៌បាន១០ខែ កាលក្នុងរាជ្យ និងសម័យដែលស្ដេចពញាក្រែក ឬព្រហ្មកិល ឬព្រះបាទសន្ធពអនុរាជ កោះហៅហោរាឲ្យមក ទស្សន៍ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយប្រការណាមួយឡើយទេ។ ព្រះរាជបុត្រ អង្គនេះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថាពញាពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ពញាពេជ្រឈ្មោះ អ្នកម្នាងទេព។
ស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ កាលបើបានព្យាករទាយថា អ្នកមានបុណ្យ បានមកចាប់កំនើតបាន ១០ ខែ ក្នុងត្រកូល ក្សត្រហើយ ក៏ចេញបញ្ជាឲ្យនាម៉ឺនពលទ័ពសេនាគ្រប់ទិសទី ចាប់ប្រមូលស្រ្ដីទាំងអស់ក្នុងនគរ ដែលមានផ្ទៃពោះចំនួន ១០ខែ យកទៅប្រហា ជីវិតកុំឲ្យមានសល់។ ពេជ្ឈឃាតត្រូវកាប់ស្ដ្រីទាំងនោះជាបីកង់ គឺត្រង់ ក និង ពោះ។
អ្នកម្នាងទេព ដែលកាលនោះ បានមកលាក់ខ្លួនរស់នៅក្នុងស្រុកស្ទោង មិនបានគេចផុតពីគ្រោះកំណាចនោះទេ។ ព្រះនាងត្រូវស្ដេចចាម សេន្រ្ទា ជាស្ដេចចាមចំណុះខ្មែរ តាំងតែពីសម័យរាជ្យព្រះថោងនាងនាគ ឬ ស្ដេចកុម៉ែរាជ្យ ព្រះមហា ក្សត្រខ្មែរទី១ នៅស្រុកស្ទោងចាប់យក ទៅថ្វាយព្រះរាជា ព្រះសន្ធពអនុរាជក៏បង្គាប់ឲ្យក្រុមពេជ្ឃឃាតស្ដេចចាម យកទៅប្រហារជីវិតដោយគ្មាស្រណោះប្រោសប្រណី។ កន្លែង ពិឃាតអ្នកម្នាងទេពស្ថិតនៅខាងត្បូង កំពង់ព្រះជិន(១) ហើយ នៅខាងលិចវាំងស្ដេចចាមសេន្រ្ទា។ នៅពេលដែលពួកពេជ្ឃឃាតកាប់ប្រហារ ត្រង់ពោះព្រះនាងទេព ទារកនោះរត់ឡើងទៅនៅទ្រូងម្ដាយ ហើយដល់ពួកពេជ្ឈឃាតចេញទៅបាត់ទារកក៏ធ្លាក់ចេញមកក្រៅ។ គឺនៅពេល នោះហើយដែលទេពឥន្រ្ទី និងហ្វូងបក្សាបក្សីជាច្រើនបានហោះកុះករ កកកុំចុះមករោមក្រុងការពារព័ទ្ធជុំវិញ។ សត្វខ្លះទៀតត្រដាងស្លាបដាក់ ក្រោមទារកការពារកុំឲ្យប៉ះប្រលាក់នឹងដី។ តាគហេដែលឃ្វាលគោនៅជិតនោះ ឃើញហ្វូងសត្វបក្សាបក្សីជាច្រើនហោះក្រវែលក្រលឹងចុះ ក្រលឹងឡើង ឆ្វាត់ឆ្វែលច្រើនពេកក្នុងមេឃ កើតក្ដីឆ្ងល់សង្ស័យ ហើយក៏ដើរតំរង់ទៅមើលដល់កន្លែង។ ស្រាប់តែគាត់ភ្ញាក់ព្រើត នឹកគិតទៅ អស្ចារ្យខ្លាំងពេក កាលបើឃើញទារកមួយ ត្រូវបានហ្វូងបក្សាបក្សីចោមរោម ក្រុងការពារ គាត់ក៏លើកបីទារកយកមកចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមយ៉ាងប្រុងប្រយ័ត្ន និងស្រលាញ់ជាទីបំផុត តាគហេបានដាក់ឈ្មោះ បក្សីចាំក្រុង ឲ្យទារកនោះជាប់រៀងរហូតមក។
យូរឆ្នាំកន្លងមក ស្ដេចពញាក្រែក ឬ ព្រហ្មកិល សុបិនឃើញសត្វគ្រុឌហោះចេញពីទិសខាងត្បូង មកខ្វះយកភ្នែកព្រះអង្គទាំងគូ ព្រះអង្គ ភ័យរន្ធត់ញាប់ញ័រ ព្រួយបារម្ភយ៉ាងខ្លាំង ហើយកោះហៅហោរា បង្គាប់ឲ្យទស្សន៍ទាយមើលជតារាសី ហោរាទាយថា «អ្នកមានបុណ្យ នឹង យាងមកយករាជបល្ល័ង្គ ឥឡូវនេះអ្នកមានបុណ្យអាយុបាន ៧ឆ្នាំហើយ ហើយមានសញ្ញាកងចក្រលើបាទដៃ និង បាតជើង រូបកងចក្រនេះ បើមើលនឹងភ្នែក មើលមិនឃើញលុះត្រាតែយកបាទដៃបាទជើងទៅដាក់លើម្សៅ ដូច្នេះហើយទើបបានជាព្រះមហាក្សត្របង្គាប់បញ្ជាឲ្យ នាម៉ឺនពលរេហ៍កេណ្ឌកៀរ ក្មេងអាយុ ៧ឆ្នាំ ពីគ្រប់ទិសទីតំបន់ក្នុងនគរ យកមកពិសោធន៍ដាក់បាទដៃបាតជើងលើចង្អេរម្សៅ។
តាគហេត្រូវនាំបក្សីចាំក្រុង ទៅមហានគរធ្វើការពិសោធន៍នឹងគេដែរ បក្សីចាំក្រុងដាក់ដៃដាក់ជើទៅលើម្សៅ ហើយដកមកវិញកាលណា ស្រាប់តែរូបកងចក្រដាមដិតជាប់ក្រឡៅ ធ្វើឲ្យមនុស្សម្នានាម៉ឺនពលរេហ៍ទាំងឡាយភ្ញាក់ផ្អើលឆោឡោ ឈូឆរ ច្របូកច្របល់ទ្រហឹងអឹងកង។ មើលឃើញមិនស្រួល យល់ថាស្ថានការណ៍មិនល្អ អាចនាំមកនូវគ្រោះថ្នាក់ តាគហេក៏ចាប់កញ្ឆក់ដៃ លើកបក្សីចាំក្រុងដាក់អៀវលើករត់ យ៉ាងលឿន ហើយគេចខ្លួនយ៉ាងរហ័ស ចេញផុតពីទីប្រជុំជនដែលមានមនុស្សអ៊ូអរ។ គ្រានោះមានសត្វម្រឹគី្គម្រឹគាបក្សាបក្សីទាំងហ្វូងៗ រត់ ស្រុះស្រដង្ហែអមតាមផ្លូវ ចាំការពារបក្សីចាំក្រុងពីក្រោយ។ ព្រះមហាក្សត្រព្រះសន្ធពអនុរាជ ឬ ស្ដេចព្រហ្មកិល គ្រាន់តែបានទទួលដំណឹងដឹង អស់គ្រប់ហេតុការណ៍ច្បាស់លាស់ភ្លាមកាលណា ក៏បញ្ជាឲ្យកងទ័ពដេញតាមចាប់បក្សីចាំក្រុង និង តាគហេ។
តាគហេអៀវបក្សីបណ្ដើររត់បណ្ដើរ ងាកឆ្វេងស្ដាំមើលក្រោយបណ្ដើរ គាត់ភ័យតក្កមា នៅពេលដែលងាកមើលទៅឃើញទ័ពស្ដេចដេញតាមប្រកិតពីក្រោយ។ រត់ចូលទៅដល់ព្រៃមួយ គាត់យកបក្សីចាំក្រុងទៅដាក់លាក់ ហើយមានប្រសាសន៍ថា «បាពួននៅឲ្យស្ងៀមកុំមាត់កអ្វីទាំងអស់!» បន្ទាប់មកគាត់ចេញទៅស៊ើបលបលួចមើលចលនាទ័ពស្ដេច ហេតុតែបក្សីចាំក្រុង ជាអ្នកមានបុណ្យបារមី ទ័ពពញាក្រែកដេញតាមមិនទាន់ រកមិនឃើញឡើយ ហើយចេះតែទៅផុតមកផុត ដើរហួសទៅហួសមក។ កាលបើស្ថានភាពបានធូរស្រាលបន្ដិចហើយ តាគហេលើកបក្សីចាំក្រុងដាក់លើ ក ហើយអៀវរត់កាត់វាលចូលព្រៃតូច ចូលព្រៃធំមានព្រៃក្រាស់មានព្រៃស្ដើង វិលត្រលប់តំរង់ទៅគេហដ្ឋានវិញ។ មកដល់ជិតផ្ទះ តាគហេយកបក្សីចាំក្រុង ទៅលាក់ក្នុងគម្ពោតព្រៃដោយពោលថា «បារង់ចាំនៅទីនេះសិនហើយ!»។
គាត់បានរៀបរាប់គ្រប់ហេតុការណ៍ពីដើមដល់ចប់ ប្រាប់ប្រពន្ធ និង ទូលថ្វាយអ្នកម្នាង កែវ ហើយគាត់ក៏ឲ្យភរិយា ចាត់ចែងរៀបចំបាយទឹកស្បៀងអាហារ និង បង្វេចសំរាប់រត់ ភៀសខ្លួនចាកចេញពីទីប្រជុំជន ទៅនៅឲ្យឆ្ងាយដាច់ស្រយាល ក្នុងគោលបំណងសង្ឃឹមថា នឹងបានសន្ដិសុខដល់រូបបក្សីចាំក្រុង រួចស្រេច ហើយកាលណា តាគហេត្រលប់ទៅយកបក្សីចាំក្រុងលើកអៀវដាក់លើ ក ហើយធ្វើដំណើរផ្សងព្រេងកាត់វាលចូលព្រៃដោយគ្មានទិសដៅ អ្វីជាពិតប្រាកដ ទៅដល់ទួលមួយ មានដើមរលួសដុះជាច្រើន យល់ឃើញថា ជាកន្លែងល្អសមរម្យតាគហេ និង បក្សីចាំក្រុងក៏នាំគ្នាឈប់ សំរាកនិន្រ្ទា។ ទីកន្លែងដើមរលួសនេះ ថ្ងៃក្រោយក្លាយជាខេត្ដរលួស ហើយមានវត្ដមួយឈ្មោះវត្ដរលួស(ក្នុងស្រុកនិគម ខេត្ដសៀមរាប) ជាប់ រហូតដល់សព្វថ្ងៃ។
ព្រឹកព្រហាម តាគហេនាំបក្សីចាំក្រុង ធ្វើដំណើររត់ភៀសខ្លួនទៅមុខទៀត ទៅដល់ព្រែកមួយ គាត់បានជួបអ្នកកំលោះម្នាក់ឈ្មោះជីក្រែង ដែលកំពុងតែអុំទូកស្ទូចត្រី ជីក្រែងបានយកអាសារ ជួយចំលងទូកយកទៅដាក់ត្រើយម្ខាង ព្រែកនោះជាប់ឈ្មោះថា«ព្រែកជីក្រែង» រហូតមកដល់សព្វថ្ងៃ ដើម្បីរំលឹកប្រវត្ដិបក្សីចាំក្រុង និងគុណបំណាច់របស់ជីក្រែង
តាគហេនិងបក្សីចាំក្រុង ខំធ្វើដំណើរទៅមុខទៀត កាត់វាលចូលព្រៃ កាត់ព្រៃចូលវាលរហូតដល់ភ្នំមួយ នៅទីនេះគាត់បានជួបតាម្នាក់ ឈ្មោះតាម៉ឹង គាត់រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់តាម៉ឹង ពីដើមដល់ចប់ គាត់បានពោលបន្ថែមថា «ឥឡូវនេះ តាក៏រឹងរិតតែអាសន្នមានទុក្ខ ពិបាកយ៉ាងធ្ងន់ ពីព្រោះគាត់អស់ស្បៀងអាហារ» តាម៉ឹងស្ដាប់លឺសូរដូច្នេះ កើតមានចិត្ដអានិតអាសូស្រលាញ់រាប់អាន ហើយជួយលាក់ បំពួនផ្គត់ផ្គង់ តាគហេ និង បក្សីចាំក្រុង រួចហើយគាត់ចេញទៅប្រមែប្រមូល វេចខ្ចប់ បាយទឹក អង្ករត្រីសាច់ ទុកឲ្យតាគហេធ្វើជាស្បៀង ក្នុងការធ្វើដំណើរទៅមុខ។ កន្លែងព្រៃ ភ្នំនោះ តាំងតែពីសម័យបក្សីចាំក្រុងមកដល់សព្វថ្ងៃបានទទួលឈ្មោះថា ភ្នំអាសន្នទុក្ខ ដែលឥឡូវក្លាយ ទៅជាភ្នំសន្ទុក ឆ្លងផុតពីព្រៃភ្នំចូលមកដល់វាល តា និង ចៅនាំគ្នាឈប់សំរាក។ សត្វល្មាំងមួយហ្វូងបានចេញមកយាមកាពារបក្សីចាំក្រុង កន្លែងនោះ ក៏ជាប់ឈ្មោះថា «គោកល្មាំង» ឬ គោកព្រះកង តរៀងមក។ អ្នកខ្លះហៅថា គោកព្រះកង ពីព្រោះនៅ ក្បែរបឹងជិតនោះ ពេល បក្សីចាំក្រុង ព្រះអង្គច្រត់ដៃអោនក្បាល សោយទឹក ស្នាមកងចក្របានដិតដៅក្រលៅជាប់លើដីភក់។
ចេញផុតពីស្រុកអាសន្នទុក្ខ ទៅដល់វាលផ្សេងមួយទៀត បក្សីចាំក្រុងបានជួបនឹងសេះពណ៌ខៀវមួយមានកំពស់ប្រមាណជាបីហត្ថ។ សេះ ពណ៌ខៀវដើរចេញមកលុតជង្គង់សំពះបក្សីចាំក្រុងបីដង។ បក្សីចាំក្រុងក៏បានសេះនោះមកធ្វើជាជំនិះ ឯតាគហេវិញគាត់ដើរពីមុខនាំផ្លូវ កន្លែង ដែលបក្សីចាំក្រុងជួបសេះ បានមានឈ្មោះជាប់មកថា «គោកសេះ»។
តាគហេ និង បក្សីចាំក្រុង ទាំងតាទាំងចៅ នាំគ្នារត់គេចបន្ដជានិច្ច ឆ្លងកាត់ព្រែកស្ទឹងទន្លេធ្លាក់ទៅដល់ខេត្ដជើងព្រៃ ពេលនោះ កងទ័ពពល រេហ៍របស់ស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ ក៏បានដេញតាមប្រកិតផិតមកដល់ដែរ អ្នកទាំងពីរខំពួនលាក់ខ្លួនក្នុងព្រៃយ៉ាងសែន វេទនាជាទីបំផុត យប់ឡើងគេយកផែនពសុធាធ្វើជាគ្រែយកមេឃធ្វើមុង យកសូរស័ព្ទសព្វសត្វ ក្នុងព្រៃស្ងាត់ជ្រៅជ្រងំ ធ្វើជាវង់ដូតន្រ្ដីប្រគំ បទភ្លេង បំពេរលួងលោមក្ដីទុក្ខព្រួយ ទៅដល់កន្លែង មួយឈ្មោះ ត្រពាំងកងមាស ជួនចំជាពេកយប់ តា និង ចៅនាំគ្នាឈប់សំរាកនិន្រ្ទាយក កំលាំងទីនោះ មានមូសច្រើនណាស់ ដែលរំខានធ្វើឲ្យសំរាកមិនបាន បក្សីចាំក្រុង ក៏បន់ស្រន់សំបូងសង្រូង សុំកុំឲ្យមានមូស រំពេចនោះមូស យ៉ាងច្រើនខ្មៅងងឹត ក៏បាត់អស់ដូចតាមមាត់មែន កន្លែងនោះ បើតាមពង្សាវតារវត្ដទឹកវិល មានឈ្មោះថា មុងមាសអ្នកតាគហេ តែពង្សាវតារ របស់សម្ដេចវាំងជួន បញ្ជាក់ថា កន្លែងដែលបក្សីចាំក្រុង សំពះបន់កុំឲ្យមានមូសមានឈ្មោះថា ទូលតាគហេ ដែលស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាលសព្វថ្ងៃ។
តាគហេ និង បក្សីចាំក្រុង ចេះតែខំប្រឹងរត់តទៅទៀត ទាំងយប់ទាំងថ្ងៃ ឥតមានហ៊ានឈប់ឈរ យូរថ្ងៃមក គេបានរត់ទៅដល់មាត់ទន្លេធំ ដែលសព្វថ្ងៃ ខ្មែរយើងបានដាក់ឈ្មោះថា ទន្លេមេគង្គ ចំណែកខាងកងទ័ពរបស់ស្ដេចព្រហ្មកិលវិញ ក៏ដេញកិតជាប់ពីក្រោយដែរ។ តា និងចៅ ទាំងពីរនាក់ ស្ថិតក្នុងស្ថានភាពទាល់ច្រក ចង់ឆ្លងទឹកក៏មិនរួច ព្រោះគ្មានទូក ចង់ថយក្រោយរកផ្លូវផ្សេងទៀតរត់ក៏មិនរួច។ គ្រានោះបក្សីចាំ ក្រុងក្រលេកមើលទៅមាត់ទន្លេ ឃើញដើមរកា និង ដើមល្វា ហើយនឹកគិតថា បើដើមរកាកោងទៅ ហើយដើមល្វាទេរមក នោះយើងច្បាស់ ជាអាចឆ្លងរត់រួចជាមិនខាន ។ ទាល់ចំនេះ អស់មធ្យោបាយ បក្សីចាំក្រុងក៏លុតជង្គង់ទៅនឹងដីលើដៃប្រទូលដាក់លើក្បាល ឧទ្ទិសបួងសួងថា បើទូលព្រះបង្គំជាខ្ញុំពិតជាអ្នកមានបុណ្យមែន ហើយត្រូវឡើងគ្រងនគរនោះ សូមឲ្យរកាកោងទៅ ល្វាទេរមក! ភ្លាម នោះដោយអំណាចគុន បុណ្យតេជបារមី និង មាត់ទិព្វរបស់បក្សីចាំក្រុង ដើមរកាក៏កោងទៅមែន ហើយដើមល្វាក៏ទេរមកជួមគ្នា ក្លាយជាស្ពានដូចក្ដីប្រាថ្នា។ បក្សីចាំ ក្រុង និងតាគហេក៏នាំគ្នាដើរសួលើដើមឈើទាំងពីរឆ្លងកាត់ទៅត្រើយម្ខាង កងទ័ពស្ដេចពញាក្រែកក៏មកដល់ដែរ តែរកឆ្លងដេញចាប់មិន បាន ពីព្រោះដើមរកា និង ល្វាបានងើបឡើងត្រង់វិញដូចដើម ដោយសារភាពអច្ឆរិយៈដ៏អស្ចារ្យនេះ ទើបបានជាទីកន្លែងនោះ មានឈ្មោះជាប់ មកថា «រកាកោង»និង «ល្វាទេ»ហើយថ្ងៃក្រោយមកក៏កើតមានជាលំនៅស្ថានភូមិស្រុក «រកាកោង ល្វាទេរ» រៀងរហូតមកដល់បច្ចុប្បន្ន ចំណែកសេះពណ៌ខៀវវិញ មកដល់កន្លែងរកាកោង ល្វាទេរនេះ ក៏បាត់រូបរាងក្នុងភាពយ៉ាងអស្ចារ្យដែរ ពីពេលនោះមក បក្សីចាំក្រុងចាប់ផ្ដើម មានជំនឿថាខ្លួន ពិតជាអ្នកមានបុណ្យ មានរិទ្ធិអំណាចតេជៈបារមីខ្លាំងពូកែមែន។
អ្នកទាំងពីរធ្វើដំណើរគេចខ្លួន កាត់វាលកាត់ព្រៃតទៅមុខទៀត។ ទៅដល់ក្រោមដើមល្វាមួយយ៉ាងធំ មានម្លប់ត្រឈឹងត្រឈៃ គេឈប់ សំរាកប្រាសខ្លួនលើកផែនថ្មដាមួយធំ ដែជាប់ឡើងដោយទេវតារក្សាដើមល្វា សំរាប់ទុកថ្វាយបក្សីចាំក្រុង។ កន្លែងនោះក៏ជាប់ឈ្មោះថាថ្មដា ដែលសព្វថ្ងៃស្ថិតនៅក្នុងឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម។
ថ្ងៃមួយតាគហេ និងបក្សីចាំក្រុង ធ្វើដំណើរទៅដល់ទីទួលមួយកន្លែង ដែលមានបឹងនោះ តាគហេបានទៅកាច់មែកជ្រៃ យកមកដោតបាំង ធ្វើម្លប់ឲ្យបក្សីចាំក្រុង ដោយអស់កំលាំងពេក បក្សីចាំក្រុងក៏ផ្ទំលក់ទៅ គ្រានោះមានហ្វូងបក្សី ទាំងនោះស្រែកផ្អើលកោកកាកឆោលោហោះ ហើរចេញទៅ លឺសូរខ្ញៀវខ្ញាសន្ធឹកសន្ធប់ដូច្នេះ តាគហេនឹកស្មានថាកង ទ័ពស្ដេចលើកមកដល់ហើយ កំពុងតែលោមព័ទ្ធចាប់ តាគហេភ័យ ណាស់ខំរត់ទៅដាស់បក្សីចាំក្រុង បក្សីចាំក្រុងភ្ញាក់ ទាំងសើងមម៉ើងភ័យចំប្រប់ ហើយខំស្ទុះស្ទាឡើងដើមជ្រៃសំលឹងមើលគ្រប់ទិសទី។ តែ បក្សីចាំក្រុងមើលមិនឃើញកងទ័ពស្ដេចទេ ឃើញតែហ្វូងសត្វជាច្រើនដែលកំពុងតែហោះហើរ បាត់ភ័យធូរទ្រូងបន្ដិច បក្សីចាំក្រុងចុះពី មែកជ្រៃដោយទាំងទុកស្នាមដានជើងជាប់នៅលើមែកឈើ។ ដើមជ្រៃនោះបានគង់រស់រហូតមកដល់សព្វថ្ងៃ។ បក្សីចាំក្រុងនឹក ខឹងមួរម៉ៅ ចំពោះតាគហេដែលបានធ្វើឲ្យខ្លួនភ័យលួសព្រលឹង ព្រះអង្គមានបន្ទូលលលេងថា «កាលណាបានឡើងសោយរាជ្យខ្ញុំនឹងកាប់តាធ្វើបុណ្យ!(២) ។ ទីទួលដែលតាគហេបានយកមែកជ្រៃទៅដោតធ្វើម្លប់ ត្រូវបានគេឲ្យ ឈ្មោះថា «ទួលស្រួលទឹកមិនលិច» ចំណែកដើមជ្រៃវិញ យូរខែឆ្នាំ មក ក៏ដុះធំត្រសុំត្រសាយ ក្លាយទៅជាទីកន្លែងសក្ការ បូជាយ៉ាឆុតឆាប់ ដែលខ្មែរតែងតែនាំគ្នាមកបន់ស្រន់ជាហូរហែ ឈ្មោះនេះក្លាយបន្ដិច ម្ដងៗ ទៅជាទួល «សួគ៌លោក» ហើយឥឡូវនេះទៅជាវិហារសួគ៌(៣)។
រីឯកងទ័ពពលរេហ៍របស់ស្ដេចព្រហ្មកិល នៅតែបន្ដបេសកម្មរុករកដេញតាមចាប់បក្សីចាំក្រុងឥតសំចៃដៃ បក្សីចាំក្រុង និងតាគហេនៅតែខំរត់គេចដដែល ហើយបានធ្វើដំណើរចុះទៅទិសខាងត្បូង ទៅជិតដល់មាត់ទន្លេ ប្រះទះឃើញមានផ្លែល្វាល្អល្អះគួរឲ្យឆ្ងាញ់ បក្សីចាំក្រុងក៏បេះផ្លែល្វាយកមកសោយចំអែតកាយ ផ្លែល្វាមានរស់ជាតិផ្អែមឆ្ងាញ់ពិសា ធ្វើឲ្យបក្សីចាំក្រុងកើនកំលាំងខ្លាំងក្លា។ ទឹកដីម្ដុំដើមល្វាក៏ជាប់ ឈ្មោះថា «ល្វាផ្អែម» ហើយក្លាយទៅ ជាល្វាអែមរហូតមកដល់សព្វថ្ងៃ គឺនៅក្នុងខេត្ដកណ្ដាល។
កងទ័ពស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ ដែលដឹកនាំដោយមេទ័ពពីរនាក់គឺ ចៅពញាចក្រី និង ចៅពញារាជាសេដ្ឋា បានតាម ដានដេញរកចាប់បក្សីចាំក្រុងអស់រយៈពេលបីឆ្នាំ តែនៅតែរកចាប់មិនបាន។ មិនតែប៉ុណ្ណោះ មេទ័ ពស្ដេចទាំងពីរនាក់ត្រូវបាត់បង់ជីវិតនៅភ្នំ អាសន្នទុក្ខ ដោយចាញ់បុណ្យបារមី របស់បក្សីចាំក្រុង។ ព្រះមហាក្សត្រខ្មែរ ខឹងច្រលោតខ្លាំងណស់ ដោយមេទ័ពរបស់ខ្លួនទាំងប៉ុន្មានគ្មាន សមត្ថភាព ទទួលបរាជ័យ រកចាប់ចង និង កំទេចសំលា ប់បក្សីចាំក្រុងមិនបានដូចបំនង។ ព្រះអង្គរឹងរឹតតែភ័យព្រួយបារម្ភខ្លាំងឡើងៗរកបិទ ភ្នែកមិនជិត ពីព្រោះព្រះអង្គភ័យខ្លាចអស់បុណ្យ អស់អំណាច អស់រាជសម្បត្ដិ អស់បានធ្វើជាស្ដេច ព្រះអង្គក៏សំរេចចិត្ដ លើកកងទ័ពពល សេនាទៅដោ យខ្លួនឯង ដើម្បីដេញតាមរុករកចាប់សំលាប់បក្សីចាំក្រុង អ្នកមានបុណ្យឲ្យទាល់តែបាន នេះបើតាមពង្សាវតារវត្ដទឹកវិល។
ចំណែកតាគហេ និង បក្សីចាំក្រុង កាលបើដល់មាត់ទន្លេ ក៏សុំតាមទូកគេឆ្លងទៅត្រើយខាងលិចត្រង់ម្ដុំកោះរិស្សីកែវ (៤) គ្រានោះកងទ័ព ស្ដេចក៏តាមមកដល់ដែរ តាគហេ និងបក្សីចាំក្រុង នាំគ្នារត់ចូលពួនក្នុងបឹងរាជ ដែលមានឈូកដុះពាសពេញ កងពលសេនាស្ដេចដេញតាម ស្អិតពីក្រោយ ហើយយកដំរីគោក្របី មកឲ្យដើរសាចុះសាឡើងជាន់ឈ្លីបឹងឈូក បែកភក់វក់វ៉ាល់ ដើម្បីសំលាប់បក្សីចាំក្រុងកុំឲ្យរត់រួច។ តែ ដំរីគោក្របី កាលដើរមកដល់ម្ដុំដើមឈូក ដែលបក្សីចាំក្រុង និង តាគហេពួន ចេះតែនាំគ្នាដើរឃ្វាងរហូត តា និង ចៅបានរួចជីវិតជាថ្មីម្ដង ទៀត។ បឹងឈូកដោយសារគោក្របីដំរីដើរជាន់ឈ្លីមិនឈប់ឈរ ក៏រឹងខះទឹកបែរជាគោកស្ងួត ដើម្បីទុកជាអនុស្សាវរីយរំលឹកដល់ប្រវត្ដិតស៊ូរត់គេចភៀសខ្លួនរបស់បក្សីចាំក្រុង និងតាគហេគេបានដាក់ឈ្មោះទឹកដីនោះថា «គោកបញ្ជាន់»។
បក្សីចាំក្រុង និង តាគហេ នាំគ្នារត់បន្ដដំណើរសំដៅទៅទិសខាងលិច តាមផ្លូវបក្សីចាំក្រុងបានប្រទះជួបឃើញនារីក្រមុំ ម្នាក់មានរូបរាង ដំណើរសម្ផស្ស សាច់ល្អស្រស់ស្អាតគួរឲ្យចាប់ចិត្ដស្នេហា នាងកំពុងតែដងទឹក កន្លែងជួបប្រទះស្រីស្រស់ ត្រូវគេដាក់ឈ្មោះថា «ប្រទះនាង» ដែលក្លាយជា «ប្រទះឡាង»។
នៅតាមផ្លូវ ទៅដល់ទួលមួយ តា និង ចៅ ដោយស្រេកឃ្លានខ្លាំងពេក បានបេះផ្លែឈើឳជ្រឹង យកមកបរិភោគចំអែតកាយ ទីនោះជាប់ ឈ្មោះថា «ទ្រនុំជ្រឹង»ជារៀងរហូតតមក។ ដើរហួសកន្លែងនោះឆ្ងាយបន្ដិច ស្រាប់តែបក្សីចាំក្រុង និង តាគហេត្រូវកងពលទាហានស្ដេច លោមចោមចាំចាប់ កន្លែងចោមចាប់ទី១ បានក្លាយទៅជាភូមិចោមចាប់ កន្លែងចោមចាប់ទីពីរ នៅម្ដុំជិតគ្នានោះដែរ បានក្លាយទៅជាភូមិ ចោមចៅ។
ដើម្បីរត់ដោះដៃរករួចខ្លួន ម្ដងនេះដូចលើកមុនដែរ តាគហេ នាំបក្សីចាំក្រុងចុះពួនក្នុងបឹងទៀត។ ពួកពលរេហ៍ស្ដេចក៏ នាំយកដំរីគោក្របី ប្រើឲ្យជាន់ដីជាន់ឈ្លីបញ្ជាន់បឹងដូចលើកមុន តែនៅតែមិនបានសំរេច បក្សីចាំក្រុងនិងតាគហេ នៅតែរត់រួចពីកន្ដាប់ដៃស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ បឹងនោះត្រូវបានគេដាក់ឈ្មោះថា «បឹងបុកបែន» ដែលថ្ងៃក្រោយមក ក្លាយជាបឹង «បឹងក្បែន»។
រត់រួចចេញពីបឹងកាលណា ចៅ និង តានាំគ្នារត់ទៅលាក់ខ្លួនពួនអាត្មា ក្នុងព្រៃក្រាស់ជិតនោះ ព្រៃនោះមានឈ្មោះថា «ព្រៃពួន» ដែលឥឡូវ ក្លាយទៅជា «ព្រៃពួច»(៥)។ កងទ័ពស្ដេចនៅតែដេញតាមប្រកិតពីក្រោយជានិច្ច។ តាគហេ និង បក្សីចាំក្រុងចេះតែខំរត់ពួនគេចវេះ ខំដើរខំរត់កាត់វាលចូលព្រៃទៅដល់ជើងភ្នំរូង(៦) នៅក្នុងភ្នំនេះមានរូងមួយយ៉ាងធំ របស់ស្ដេចកណ្ដុរស។ ស្ដេចកណ្ដុរសក៏បានជួយសង្គ្រោះយក អាសារបក្សីចាំក្រុង នាំយកទៅលាក់ទុកក្នុងរូងរបស់ខ្លួន រំពេចនោះដែរ ពីងពាងជាច្រើនក៏នាំគ្នាបញ្ចេញកំលាំងធ្វើមង ចាក់ស្រះព័ទ្ធព័ន្ធបិទ បាំងមាត់រន្ធស្ដេចកណ្ដុរស។ កងទាហា នស្ដេចព្រហ្មកិលមកដល់ទីនោះដែរ តែរកបក្សីចាំក្រុង និង តាគហេមិនឃើញ។
មកដល់រូងភ្នំបក្សីចាំក្រុង និង តាគហេបានបុណ្យគុណបារមីវត្ថុស័ក្ដិសិទ្ធ និងអ្នកសច្ចំបំបាំងបាត់ ជួយថែរក្សាទំនុកបំរុង ឧបត្ថម្ភនែនាំបង្ហាត់ បង្រៀនអប់រំប្រដែប្រដៅ ផ្ដល់នូវមុខវិជ្ជាសិល្ប៍សាស្រ្ដគ្រប់បែបបទ និងជួយចំលងឲ្យផុតពីគ្រោះកាចចង្រៃគ្រប់បែបយ៉ាង។ តាំងតែពីពេល នោះមក បក្សីចាំក្រុង និង តាគហេ រស់នៅឯភ្នំរូងដោយសុវត្ដិភាព សុខសប្បាយគ្មានសៅហ្មង គ្មានភ័យព្រួយបារម្ភខ្លាចស្ដេចសន្ធពអនុរាជ ឡើយ។
ទោះបីជាដឹងខ្លួនមានជាប់ឈាមជ័រជាបុត្រព្រះមហាក្សត្រ ទោះបីធ្លាប់ត្រូវរងគ្រោះរងទុក្ខទោសវេទនាលំបាកលំបិន ស្ទើរស្លាប់ស្ទើររស់ រត់ចោលស្រុក ព្រាត់ប្រាស់ម្ដាយកូនជីដូនជីតា ដោយចិត្ដកាចសាហាវយង់ឃ្នងរបស់ស្ដេចព្រហ្មកិល ទោះបីស្គាល់ដឹងថា ស្ដេចអង្គនេះគ្មាន គិតនឹកឃើញអ្វីក្រៅអំពីចង់បានអំណាច ហើយដើរកាប់សំលាប់ប្រជានុរាស្រ្ដ កំចាត់គ្រប់អស់អ្នកចេះដឹង មានសមត្ថភាព មានបុណ្យបារមី ខ្លាំងពូកែជាងខ្លួន សូម្បីបក្សីចាំក្រុង មិនដែលមាននឹកចង់បង្កើតឲ្យមានក្រុមបក្សពួក មានទាហានទ័ពទីង ឬ ទៅបំបះបំបោរបំផុះបំផុលប្រជា ជន បង្កឲ្យមានចលាចល រំជើបរំជួលគ្មានសន្ដិសុខ សង្គ្រាមបង្ហូរឈាមក្នុងនគរដែរ គឺបក្សីចាំក្រុងមានឧត្ដមគតិច្បាស់លាស់ ក្នុងបញ្ហាប្រ ទេសជាតិ ហើយយល់ថាចំបាំងរាំងជលរវាងបងប្អូនឯង ព្រោះតែអំណាច និង ប្រយោជន៍ផ្ទាល់ខ្លួន អាចនាំមកនូវទុក្ខវេទនាគ្រប់បែបយ៉ាង ដល់ប្រជានុរាស្រ្ដ និង ប្រទេសជាតិ។ ដូច្នេះហើយបានជាបក្សីចាំក្រុងមិនព្រមយកគំនុំគំគួនផ្ទាល់ខ្លួន ឬ ការសងសឹក មកធ្វើជាត្រីមុខជាធំ។ ព្រះអង្គមិនសុខចិត្ដពឹងផ្អែក ឬ ប្រើកំលាំងបាយ កំលាំងអាវុធដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន ហើយដណ្ដើមយកអំណាច និងរាជបល្ល័ង្គទេ។
ឥរិយាបថបក្សីចាំក្រុង មិនធ្វើសង្រ្គាមបង្កបង្កើតចលាចល បានទុកឱកាសឲ្យស្ដេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជរស់នៅ សោយរាជ្យដោយសុខសប្បាយក្សេមក្សាន្ដ រហូតដល់ថ្ងៃស្លាប់ ពង្សាតារភាគច្រើនបានសរសេរកត់ត្រាប្រហាក់ប្រហែលគ្នាថា ព្រះបាទ សន្ធពអនុរាជគ្មានបុត្រាបុត្រីសំរាប់បន្ដព្រះរាជវង្សទេ ដែលជាហេតុធ្វើឲ្យព្រះអង្គមួហ្មងខឹងក្រេវក្រោធក្ដៅក្រហាយមិនសប្បាយចិត្ដ។
យូរខ្មែរឆ្នាំកន្លងមក បើតាមពង្សាវតារវត្ដទឹកវិល សេះរបស់ព្រះសន្ធពអនុរាជ ឬ ព្រហ្មកិលដែលតាព្រាហ្មណ៍ចាស់ បានយកប្រគល់ឲ្យ បានអស់ជីវិតក្លាយទៅជាថ្មនៅក្នុងឆ្នាំមមែ បញ្ចក្សត្រទាំងប៉ុន្មានប្រែក្លាយទៅជាផ្លែឈើបីផ្ដុំផ្គុំជាប់គ្នា ចំណែកឯព្រះខ័នរាជ្យ និងរំពាត់ក៏ ត្រលប់ចូលទៅក្នុងស្រោម ធ្វើអំពីសំពត់ហូលវិញដែរ។ នៅចំពោះមុខបាតុភូតខុសប្លែកអំពីធម្មតានេះ ព្រះសន្ធពអនុរាជ យល់ច្បាស់ណាស់ ថា ព្រះអង្គដល់ថ្ងៃអវសានអស់បុណ្យហើយ។ ព្រះអង្គរឹង រិតតែភ័យព្រួយបារម្ភ រន្ធត់តក់ស្លុតខ្លាំងឡើង រហូតដល់ធ្លាក់ខ្លួនមានជំងឺឈឺរាំរៃ មើលមិនជា។
ព្រះបាទសន្ធពអនុរាជ ឬ ពញាក្រែក ឬ ព្រហ្មកិល ព្រះមហាក្សត្រខ្មែរទី១៨ បានចូលទីវង្គត់ក្នុងឆ្នាំមមែ ក្នុងព្រះជន្ម ៣១វស្សា ក្រោយដែល បានសោយរាជសម្បត្ដិអស់ចំនួន ២០ឆ្នាំ(៧) នេះបើតាមពង្សាវតាររបស់សម្ដេចវាំងជួន។ ព្រះអង្គមិនបានទុកនូវស្នាដៃ កេរដំណែលអ្វីដែលគួរឲ្យកត់សំគាល់បានឡើយ ពង្សាវតារវត្ដទឹកវិល បានបញ្ជាក់ថាព្រះអង្គមានគំនិត ចង់ផ្លាស់ប្ដូរសករាជថ្មី តែគំរោងនេះមិនត្រូវបានយកមក អនុវត្ដទេ។
(១) ប្រហែលជាកំពុងចិន ក្នុងស្រុកស្ទោង ខេត្ដកំពុងធំ។
(២)តាមអូវពុកខ្ញុំ ដែលធ្លាប់និទានរឿងបក្សីចាំក្រុងឲ្យស្ដាំ កាលខ្ញុំនៅក្មេង ពាក្យសំដីនេះគ្រាន់តែជាការនិយាយ ចំអន់លេងសើចកំប្លែងតែប៉ុណ្ណោះ បក្សីចាំក្រុងមិនដែលមាន
ចិត្ដអាក្រក់រមឹលគុណដូច្នេះឡើយ។
(៣) =ក្នុងសៀវភៅ ប្រជុំរឿងព្រេងភាគ៥ លេខយោង ឲ្យសរសេរថា វិហារសួរ មិនត្រូវសរសេរ វិហារសួគ៌យ៉ាងនេះទេ
(៤) សង្កាត់មួយ នៅផ្នែកខាងជើងនៃទីក្រុងភ្នំពេញ
(៥) ឈ្មោះទីកន្លែង ភូមិស្ថាន ដែលយើងបានរៀបរាប់ជាហូរហែ ក្រោយពេលដែលបក្សីចាំក្រុងរត់មកដល់កោះរិស្សី កែវ
(៦) គឺភ្នំបាសិទ្ធ សព្វថ្ងៃ ដែលស្ថិតនៅប្រវែងប្រមាណជាជាង ២០គ.ម. ខាងជើងក្រុងភ្នំពេញ។ ភ្នំបាសិទ្ធមានកំពូល ទាំងអស់ពីរ មួយក្នុងឃុំម្កាក់
ស្រុកភ្នំពេញ ខេត្ដកណ្ដាល និង កំពូលមួយទៀត ក្នុងខេត្ដកណ្ដាលដដែល តែក្នុងឃុំពញាលឺ
(៧) ព្រះជន្មរបស់ព្រះបាទសន្ធពអនុរាជ ឬ ស្ដេចព្រហ្មកិល ត្រូវបានពង្សាវតារផ្សេងៗកត់ត្រាខុសគ្នាទាំងអស់។