ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន
រស់ ចន្ត្រាបុត្រ
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០
អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ
**********************************************
៦ -ស្ដេចគំលង់ ឬ ព្រះស័ង្ខចក្រ
ថ្ងៃសៅរ៍ ទី1.កញ្ញា 2012.ម៉ោង 0:34
ព្រះបាទធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ ព្រះបាទធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ សោយរាជ្យសម្បត្ដិបាន៦៦ឆ្នាំ ព្រះអង្គចូលទិវង្គត ក្នុងព្រះជន្ម ៩៤វស្សា ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេដង្ហែយកទៅតំកល់ទុកឯភ្នំក្រោម ក្រោយដែលបានធ្វើពិធីបុណ្យយ៉ាងអធឹកអធម ព្រះរាជ បុត្រព្រះអង្គព្រះនាមវិជ័យកុមារដែលប្រសូត្រក្នុងឆ្នាំចរ បានឡើងសោយរាជ្យបន្ដពីព្រះអង្គ។
ស្ដេចសោយរាជ្យបន្ទាប់ពីព្រះបាទធនញ្ជ័យគោរពរាជ្យ
ថ្ងៃ៥កើត ខែផល្គុន ឆ្នាំច ព.ស.១៣៣៨ ត្រូវជាគ.ស.៨៩៤ នាម៉ឺនសព្វមុខមន្រ្ដីទាំងអស់បានចុះសំរុងគ្នា សុខចិត្ដយល់ព្រមតែងតាំងអភិ សេកវិជ័យកុមារជាព្រះមហាក្សត្រ។ កាលនោះព្រះអង្គបានអាយុ២៥វស្សា ព្រះអង្គមានព្រះរាជបរមនាមព្រះបាទសម្ដេចព្រះស្រីជ័យជេដ្ឋនរិទ្ធ រាជា រាមាធិបតីបរមបពត៌ ព្រះបាទជ័យជេដ្ឋជាមហាក្សត្រទី១៣។
ក្នុងឆ្នាំចរ ចុល្លសករាជ១៩២ ជាមួយនឹងព្រះនាងភគវត្ដី(១) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យកុមារ ព្រះនាងភគវត្ដី បើតាមពង្សាវតារវត្ដទឹកវិល ក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋ។ មិនតែប៉ុណ្ណោះ ជាមួយនឹងព្រះនាង ភគវត្ដីដដែល ព្រះអង្គមានបុត្រីមួយព្រះអង្គទៀតព្រះនាមតារាវត្ដី។ ក្នុងរាជស្ដេចអង្គនេះ ព្រឹត្ដិការណ៍ដែលគេអាចគាត់សំគាល់បាននោះ គឺ ដំណើរទស្សនកិច្ចយ៉ាងយូរបស់ព្រះអង្គដែលដើរមើលត្រួតត្រាទឹកដីខ័ណ្ឌសីមា អស់ពេលមួយឆ្នាំ៥ខែ កាលនោះក្នុងឱកាសដែលព្រះអង្គគ្មាន វត្ដមាននៅរាជធានីមហានគរ ព្រះអង្គ បានផ្ទុកផ្ដាក់កិច្ចការនគរឲ្យសម្ដេចចៅហ្វាទល្លហៈ(២) និងនាម៉ឺន៤នាក់កាន់កាប់ជំនួស ក្រៅពីនេះគេពុំ ឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់គួរឲ្យចាប់អារម្មណ៍ឡើយ។ ព្រះបាទស្រីជ័យជេដ្ឋសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦០ឆ្នាំ ព្រះអង្គចូល ទិវង្គតនៅឆ្នាំរកា ក្នុងព្រះជន្ម៨៤វស្សា។
ព្រះបាទជេដ្ឋជ័យ
ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស.១៣៩៧ ត្រូវជាគ.ស៨៥៣ ដោយមានព្រះរាជបរមនាមព្រះបាទសម្ដេច បរមជេដ្ឋាជ័យ រាជាធិបតី រាមាធិបតី កាលនោះព្រះអង្គទើបតែ បានព្រះជន្ម២៤វស្សា។ ព្រះអង្គជាព្រះមហាក្សត្រទី១៤(៣)។
ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស័ង្ខកុមារ ដែលបានប្រសូត្រឆ្នាំកុរ ច.ស.២៦៥។ នេះបើតាមពង្សាវតារ សម្ដេចវាំងជួន។ ចំណែកពង្សាវតារវត្ដទឹកវិល បានសរសេរថា ព្រះជេដ្ឋាជ័យ បានរៀបអភិសេកជាមួយនឹងប្អូនបង្កើតព្រះ អង្គព្រះនាមតារាវត្ដី ដែលព្រះអង្គ បានថ្វាយឋានៈជាព្រះអគ្គមហេសី ជាមួយនឹងព្រះអគ្គមហេសីនេះ ព្រះសេដ្ឋាជ័យបានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម បទុមរាជា ដែល ប្រសូត្រក្នុងឆ្នាំរោង ហើយជាមួយនឹងព្រះម្នាងមាលាវត្ដីបាន ព្រះរាជបុត្រីមួយព្រះនាមសុភវត្ដី ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ។
អាយុបាន២១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ដោយតប់ប្រមល់ មិនអាចរស់នៅក្នុងព្រះបរមរាជវាំងតទៅទៀតកើត ព្រះបទុមរាជា សុំឳពុកទៅសាងផ្នួស បួសជាសង្ឃនៅឯភ្នំគូលេន។ រីព្រះនាងសុភវត្ដីកាលបានអាយុ១៦ឆ្នាំ ថ្ងៃមួយបានសុំសេចក្ដីអនុញ្ញាតិ ពីព្រះបិតា ដើម្បីធ្វើដំណើរទៅក្រសាល កំសាន្ដលេងតាមមាត់សមុទ្រ។ នៅពេលដែលនាងកំពុងតែដើរប្រពាតព្រៃ ចៃដន្យអ្វី ស្រាប់តែមានខ្យល់ព្យុះសង្ឃរា បក់បោក និងភ្លៀងបង្អុរ មកយ៉ាងខ្លាំងក្លា ចំនួនបីថ្ងៃបីយប់ ធ្វើឲ្យព្រះនាងវង្វេងផ្លូវក្នុងព្រៃភ្នំរកទិសទីចេញមិនរួច។ ព្រះមហាក្សត្រជាឳពុក និងម្ដាយបានឲ្យនាម៉ឺនមន្រ្ដី សេនា ប្រជាជននាំគ្នាកាប់ឆ្ការព្រៃ ដើររុករាវរកគ្រប់ច្រកល្ហក រហូតដល់សមុទ្រ តែនៅតែរកមិនឃើញ។ កន្លែងព្រៃភ្នំដែលព្រះមហាក្សត្រ និងពលទាហានដើររកព្រះនាងសុភវត្ដី បានជាប់ឈ្មោះថា«ភ្នំជ្រាវ»រៀងរហូតមកដល់សព្វថ្ងៃ។ បីខែកន្លងមក ដោយរកកូនមិនឃើញ និង ដោយក្ដីអស់សង្ឃឹមព្រះបាទជេដ្ឋាជ័យ ក៏ដាច់ចិត្ដនាំមុខមន្រ្ដីពលរេហ៍ត្រលប់ចូលព្រះរាជធានីវិញ។
នឹងនិទានពីព្រះនាងសុភវត្ដី នាងវង្វេងរកទិសទី រកច្រកផ្លូវត្រលប់មកព្រះពន្លាមិនឃើញទាល់តែសោះ ពីព្រោះទេវតា ធ្វើអន្ដរាគមចុះមក បំបិទបំបាំងផ្លូវ(៤)។ ដើរតត្រុកវិលចុះវិលឡើងវក់វីរកផ្លូវមិនឃើញ នាងសុភវត្ដី ស្រេកឃ្លានហេវហត់អស់កម្លាំងជាខ្លាំង ដាក់ខ្លួនចុះអង្គុយ សំរាកដោយក្ដីមួរហ្មងអស់សង្ឃឹម នាងក្រលេកមើលទៅជិតឆ្ងាយ ឃើញទឹកមួយថ្លុកដក់ក្នុងស្នាមដានជើងដំរី។ ដំរីនេះជាដំរីស នាងលូកដៃ ទៅក្បង់ទឹកយកមកសោយចំអែតកាយ។ ពេលវេលាកន្លងយូរមក ព្រះនាងបានអ្នកស្រុកអ្នកភូមិភ្នំជ្រាវទទួលចិញ្ចឹម បីបាច់ទំនុកបំរុង ព្រម ទាំងនាំគ្នាសង់ដំណាក់ថ្វាយព្រះនាង ដំណាក់នេះជាប់ឈ្មោះ «គុកព្រះរាជមន្ទី» តរៀងមក។ ពីថ្ងៃនោះមក ព្រះនាងរស់លាយលំជាមួយនឹង ប្រជានុរាស្រ្ដតំបន់ជ្រាវ(៥)។ បាតុភូតអស្ចារ្យដែលគេមិនអាចយល់ស្មានបាន គឺមិនយូរប៉ុន្មានផង ព្រះនាងសុភវត្ដីទ្រង់មានគភ៌គ្រប់ថ្ងៃខែ កាលណា ព្រះនាងប្រសូត្របានកូនប្រុស ដែលព្រះនាងដាក់ឈ្មោះថា ពញាជ័យ។ ចំណែកព្រះមហាក្សត្រវិញ ព្រះបាទជ័យជេជ្ឋាជ័យ ព្រះអង្គ បានចូលទិវង្គតនៅឆ្នាំជូត ក្នុងព្រះជន្ម ៨៧វស្សា ដោយជំងឺចាស់ជរា។ ព្រះអង្គសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦៤ឆ្នាំ។
ស្ដេចគំលង់ ឬ ព្រះបាទស័ង្ខចក្រ
គ្រានោះព្រះរាជបុត្រ ព្រះស័ង្ខចក្រដែលទើបតែបានអាយុ១៤វស្សា បានឡើងគ្រងរាជ្យសម្បត្ដិ បន្ដពីព្រះបិតា នៅថ្ងៃ១ កើត ខែផល្គុន ឆ្នាំជូតព.ស.១៤៦០ ម.ស ៨៣៤. ច.ស.៦៧៨ ត្រូវជា គ.ស. ៩១៦។ ព្រះអង្គមានព្រះបរមរាជនាមព្រះ បាទសម្ដេចព្រះស័ង្ខចក្រព័ត្ររាជាធិរាជ។ ព្រះស័ង្ខចក្រជា ក្សត្រខ្មែរទី១៥ ដែលគេបានដាក់ឈ្មោះថា ស្ដេចគំលង់ ព្រះអង្គបានលើកឋានៈព្រះនាងកើត ដែលជា ព្រះរាជវង្សជាព្រះអគ្គមហេសីដែលមានព្រះនាមថ្មីជាសម្ដេចព្រភគវត្ដីស្រីចក្រព័ត្រ ក្នុងច.ល.៣១៤ ជាមួយនឹងព្រះនាងកើត ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចក្រពង្ស។
ព្រឹត្ដិការណ៍សំខាន់ ដែលពង្សាវតារខ្មែរបានកត់សំគាល់ក្នុងរាជព្រះអង្គ បានកើតផ្ទុះឡើងក្រោយ ដែលព្រះអង្គសោយរាជ្យសម្បត្ដិបាន ៤៤ឆ្នាំ។ កាលនោះព្រះអង្គមានព្រះជន្ម៥២វស្សា នេះបើតាម ពង្សាវតារវត្ដទឹកវិល។ ដើមហេតុធំនោះគឺ បណ្ដាលមកពីព្រះបាទស័ង្ខចក្រ មិនបានគ្រប់គ្រងផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និង នាម៉ឺន មុខមន្រ្តីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេស នាម៉ឺនដែលមានដើមកំណើតជានាគ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបំរើទឹកដីខ្មែរតាំងពីសម័យរាជ្យព្រះថោង នាងនាគ សុទ្ធតែមានបុណ្យបារមីរិទ្ធិតេជៈខ្លាំងពូកែ។
ថ្ងៃមួយ, នាឱកាសព្រះអង្គយាងចុះមករោងជុំនុំ ស្រាប់តែព្រះអង្គទតឃើញពួកនាម៉ឺននាគប្រកាន់អាកប្បកិរិយាច្រលើសបើស មិនសម រម្យ ឈរទ្រឹងនៅស្ងៀម មិនព្រមលុតជង្គង់ថ្វាយបង្គំព្រះអង្គដូចប្រក្រតី ព្រះស័ង្ខចក្រទ្រង់ពិរោធ ខឹងក្រេវក្រោធយ៉ាងខ្លាំង ដកដាវដេញតាម ប្រហារជីវិតនាម៉ឺននាគទាំងនោះ។ នាម៉ឺននាគមិននៅស្ងៀម បណ្ដោយឲ្យព្រះមហាក្សត្រពិឃាតឡើយ។ គេនាំគ្នាព្រួសពិសដាក់មុខព្រះស័ង្ខ ចក្រ ហើយនាំគ្នារត់បាត់អស់ទៅ ចាប់តាំងពីថ្ងៃនោះមក នាម៉ឺន និង ពពួកនាគឈប់ចេញមកជួយ គ្រប់គ្រងកសាងថែរក្សាស្រុកខ្មែរដូចដើម ទៀតហើយ។
ចំណែកព្រះស័ង្ខចក្រវិញ ដែលមានពិសនាគប្រលាក់ជាប់ពេញមុខ ខំជូតដុសលាង និង ប្រើអស់គ្រប់មធ្យោបាយដែរ តែនៅតែមិនជ្រះ ស្អាត។ មិនយូរប៉ុន្មាន ព្រះភ័ក្រ្ភព្រះអង្គកើតមានជំងឺឃ្លង់ភ្លើង គ្មានគ្រូពេទ្យហ្មណាមួយអាចមើលព្យាបាលជំងឺព្រះអង្គបានជាសះស្បើយ ឡើយ។ព្រះអង្គត្រូវបានប្រជានុរាស្រ្ដទូទាំងប្រទេសដាក់ឈ្មោះថា ស្ដេចគំលង់ ជារៀងរហូតមក។ ដំណឹងនេះបានលឺទៅដល់ព្រះសង្ឃរុក្ខមូល ដែលគង់នៅលើភ្នំគូលែន ដោយក្ដីអាណិតមេត្ដាធម៌ប្រោសប្រណី ព្រះអង្គ បានបង្គាប់ប្រើសិស្សជំនិតមួយអង្គ ឲ្យចុះពីភ្នំធ្វើដំណើរទៅព្រះ មហានគរ យកថ្នាំទៅព្យាបាលជំងឺព្រះរាជា។ ព្រះធុតុង្គរុក្ខមូលនេះ បើតាមពង្សាវតារវត្ដទឹកវិល គ្មាននរណាក្រៅពីព្រះអង្គបទុមរាជា បុត្រ ច្បងព្រះជេដ្ឋាជ័យ និង ត្រូវជាបងបង្កើតរបស់ព្រះបាទស័ង្ខចក្រនោះទេ។ ទៅដល់គាល់ជួបព្រះមហាក្សត្រកាលណា ព្រះសង្ឃជាសិស្សបាន ទូលថ្វាយ អំពីបេសកកម្ម និង ពិធីព្យាបាលជំងឺរបស់ព្រះអង្គ។ ព្រះសង្ឃបង្គាប់ឲ្យគេដាំទឹកថ្នាំមួយថ្លាង កាលណាទឹកពុះ ស្ដេចត្រូវយាងចុះក្នុង ទឹកពុះ ពេលនោះលោកចាក់រោយថ្នាំមួយមុខថ្មីទៀតបញ្ចូលជាបញ្ចប់ ខណៈនោះ ព្រះមហាក្សត្រ នឹងជាសះស្បើយ លែងមានជំងឺឃ្លង់ភ្លើង ជាមិនខាន។ តែព្រះស័ង្ខចក្រមិនជឿតាមពុទ្ធដិការនេះឡើយ ព្រះអង្គសុំឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅបង្ហាញជាមុខសិន ទើបព្រះអង្គជឿជា ក្រោយ។
គ្រានោះព្រះសង្ឃក៏ចាប់យកឆ្កែមួយបោះទៅក្នុងទឹកពុះក្ដៅគគុក បន្ទាប់មកលោកបង់ថ្នាំធ្វើឲ្យឆ្កែនោះរស់ជីវិតឡើងវិញ ហើយជាចុង បញ្ចប់ ព្រះសង្ឃបង់ថ្នាំមួយមុខផ្សេងទៀតថែមទៅក្នុងទឹកក្ដៅពុះ ធ្វើឲ្យឆ្កែមានជីវិតដឹងខ្លួន ហើយមានរូបរាងល្អស្អាតជាងមុន(៥) ទោះបីជា បានឃើញជាក់ស្ដែង នឹងភ្នែកក៏ដោយ ក៏ព្រះស័ង្ខចក្រនៅតែមិនជឿ ហើយទាមទារឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅពុះដោយផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ ភាពស្មោះត្រង់ ធ្វើឲ្យស្ដេចជឿ មានទំនុកទុកចិត្ដ ព្រះសង្ឃសិស្សព្រះបទុមរាជ ក៏យល់ព្រមចុះក្នុងទឹកពុះ ព្រះអង្គបានផ្ដាំផ្ញើនឹងព្រះមហាក្សត្រ ស្ដេចគំលង់ អំពីរបៀបវីធីបង់ថ្នាំ គឺដំបូងត្រូវបង់ថ្នាំដែលធ្វើឲ្យរាងកាយឡើងរឹង បន្ទាប់មកត្រូវដាក់ថ្នាំធ្វើឲ្យចេញមានជារូបរាង និងជា បញ្ចប់ត្រូវដាក់ថ្នាំធ្វើឲ្យមានជីវិតរស់មកវិញ(៦) មានពុទ្ធដិការចប់ ព្រះសង្ឃក៏និមន្ដចុះភ្លាមទៅក្នុងថ្លាងដែលទឹកពុះក្ដៅហុយទ្រលោម។
ជាមួយគ្នានោះដែរ នៅពេលដែលព្រះអង្គបានឃើញរូបរាងកាយព្រះសង្ឃកំពុងតែរលាយព្រះបាទស័ង្ខចក្រ ឬ ស្ដេចគំលង់នឹកគិតឃើញ ថា «ព្រះគ្រូឧបជ្ឈាយ៍សង្ឃនេះ ត្រូវជាបងរបស់យើង មានដើមកំណើតឈាមជ័រជាស្ដេច សុភាសិតមួយបានដំណាលថា «កាលណាកើតជា ខ្លា ខ្លានោះតែងតែចង់ស៊ីសាច់ កាលណាកើតមកមានឈាមជាស្ដេច មនុស្សនោះតែងតែចង់សោយរាជ្យជានិច្ច» បើយើងបង់ថ្នាំនេះឲ្យសង្ឃ នេះមានជិវិតមកវិញ លោកអាច នឹងតំរូវឲ្យយើងចុះក្នុងទឹកពុះនោះជាមិនខាន ហើយក្នុងឱកាសដ៏ល្អនោះ លោកក៏អាចឆ្លៀតធ្វើឃាតយើង ហើយដណ្ដើមយករាជបល្ល័ង្គថ្វាយបងយើងបានងាយស្រួលបំផុត»។
គិតឃើញដូច្នេះ ស្ដេចគំលង់ក៏ចាប់យកថ្នាំគ្រប់មុខគ្រវែងគ្រវាត់ចោលបាត់អស់ ហើយបញ្ជាឲ្យសេនាអាមាត្យយកថ្លាង និងសំណែ សំណល់សពព្រះសង្ឃទៅចាក់ចោលត្រង់ភ្នំបាខែង ដែលបន្ដិចម្ខងៗ គេនិយមហៅ «ភ្នំបាក់ខែង»។ ដំណឹងអកុសលដែលស្ដេចគំលង់បានធ្វើ ឃាតទៅលើរូបព្រះសង្ឃ បានលេចលឺទៅដល់ព្រះគ្រូដែលគង់នៅឯភ្នំគូលែន ព្រះអង្គនឹកស្រណោះសោកស្ដាយយ៉ាងខ្លាំងដល់សិស្ស ដែល ត្រូវបាត់បង់ជីវិត ដោយសារស្នាដៃស្ដេចមួយអង្គដ៏សាហាវយង់ឃ្នង ព្រះអង្គទ្រង់ខឹងខ្ញាល់ ហើយដាក់បណ្ដាសាប្រទេចដល់ស្ដេចគំលង់ និង ប្រទេសខ្មែរ ហេតុដូច្នេះហើយបានជាបណ្ដាជនខ្មែរមួយភាគធំមានជំនឿថាកម្មពៀរវេរា ទុក្ខព្រួយវេទនា ស្លាប់ព្រាត់ប្រាស់បែកបាក់គ្រួសារ ដែលខ្មែរទាំងនគរធ្លាប់បានជួបប្រទះរហូតមកដល់បច្ចុប្បន្ន គឺបណ្ដាលមកអំពីពាក្យបន្ដាសានេះ។
រីព្រះស័ង្ខចក្រ ឬស្ដេចគំលង់វិញ រហូតដល់អវសានជីវិត នៅតែមានជំងឺឃ្លង់ភ្លើងជាប់ខ្លួនជានិច្ច ព្រះអង្គសោយរាជ្យបាន៥៦ឆ្នាំ ហើយសុគត នៅឆ្នាំមមែ ក្នុងព្រះជន្ម ៦៩វស្សា។ ក្នុងពេលនោះដែរ នគរចំណុះតូចធំ១៤ ដែលស្ថិតនៅក្រោម អំណាចត្រួតត្រារបស់ប្រទេសខ្មែរ បាននាំគ្នា ប្រកាសឯករាជ្យភាព ផ្ដាច់ខ្លួនចេញពីសង្គមជាតិ។
កំណត់សំគាល់
១ - ជំងឺឃ្លង់ភ្លើងរបស់ស្ដេចគំលង់ គឺជាជំងឺរបស់សង្គមខ្មែរដែលប្រជាជនទូទាំងប្រទេសបានជួបប្រទះតាំងតែពីអតីតកាល រហូតដល់ បច្ចុប្បន្នកាល បុព្វហេតុ គឺបណ្ដាលមកអំពីមហាក្សត្ររបៀបធុន «ព្រះស័ង្ខចក្រ»ឬ អ្នកគ្រប់គ្រងផែនដី មិនបំពេញភារកិច្ចខ្លួនឲ្យបានត្រឹម ត្រូវតាមក្រិត្យក្រមធម្មវិន័យ ដែលជាប្រភពនាំមកនូវការរំជើបរំជួលក្ដៅក្រហា យក្នុងផ្ទៃនគរ។ ការក្ដៅក្រហាយមិនសប្បាយចិត្ដនេះហើយ ដែលជំរុញបង្កបង្កើតឲ្យមានការបះទង្កិចគ្នា និង ការបាក់បែកប្រេះឆា ពិសេសដំបៅក្នុងសង្គមនេះ ក៏ដូចជាពិសរបស់មន្រ្ដីនាគ ដែលបានព្រួស ទៅលើព្រះស័ង្ខចក្រដែរ។ ព្រះមហាក្សត្រ ឬ អ្នកនយោបាយដឹកនាំប្រទេសជាតិ មិនអាចគេចវេះ ជៀសវាងឆ្លៀតយករួចខ្លួនឡើយ ទោះចង់ ឬមិនចង់ក៏ដោយ គេត្រូវតែរងទទួលពិសពុល ជំងឺឃ្លង់មហារីក ដែលធ្លាក់មកកើតស៊ីរូងក្នុងសង្គមជាតិ។ ក្នុងសង្គមជាតិនិមួយៗ កាលណា អ្នកដឹកនាំគ្មានសមត្ថភាព មិនចេះចាត់ចែងរៀបចំនគរ មិនស្អាតស្អំ ពុករលួយ អយុត្ដិធម៌ គ្មានវិន័យ គ្មានសន្ដោសធម៌ គ្មានគិតអំពីផល ប្រយោជន៍ប្រជានុរាស្រ្ដ និងប្រទេសជាតិ ហើយគិតតែបំផ្លិចបំផ្លាញលក់ដូរសម្បត្ដិទ្រព្យកេរ្ដិ៍អាករជាតិ យកមកបំពេញបំពោកក្រុមគ្រួសារ បក្សពួកសង្គមជាតិនោះនឹងកើតមានជំងឺឃ្លង់ ឬជំងឺមហារីកមើលមិនជាឡើយ ជំងឺនេះនឹងស៊ីរោលរាលគ្រប់ជាន់ថ្នាក់ រហូតទាល់តែរលាយ រលត់អស់នគរ។
ដើមព្យាបាលជំងីឃ្លង់មហារីកសង្គមឲ្យបានជាសះស្បើយដូចដើម ក្នុងប្រវត្ដិស្ដេចគំលង់ បុព្វបុរសយើងបានពន្យល់ ប្រាប់វិធីដោះស្រាយ រួចស្រេចមកហើយ ៖
- ទី១ ត្រូវតែយកសង្គមនោះមកស្ងោជំរះរាងកាយឲ្យមេរោគងាប់អស់សិន,
- ទី២ ត្រូវយកថ្នាំដាក់ឲ្យកើតមានរូបរាងវិញ ឬរៀបចំកំរិតដាក់ឲ្យមានស្ថាប័ន រចនាសម្ព័ន្ធត្រឹមត្រូវប្រសើរសំរាប់សង្គមជាតិ,
- និងទី៣ ដាក់បញ្ចូលសង្គមជាតិនូវថ្នាំ ឬព្រលឹង ឬទ្រឹស្ដីមនោគមវិជ្ជាជាតិ ដែលអាចធ្វើឲ្យសង្គមជាតិនោះ មានជីវិតរស់រានល្អបរិសុទ្ធ ប្រពៃទៅអនាគត។
២ -វិធីពិស្ដាព្យាបាលសង្គមរបៀបនេះ អាចធ្វើឲ្យមានការឈឺចាប់ អាចធ្វើឲ្យអ្នកកាន់អំណាចមិនសប្បាយចិត្ដ ពីព្រោះគេត្រូវអស់អំណាច និងបុព្វសិទ្ធិ ដែលជាប្រភពនាំឲ្យពួកដឹកនាំ ឬអ្នកនយោបាយទាំងនោះប្រឆាំង មិនយល់ស្របដោះស្រាយតាម។ អ្នកនយោបាយជំពួកនេះ ដែលប្រកាន់ និង ស្រលាញ់អំណាចផ្ដាច់ការ ហើយដែលមិនធ្លាប់គិត អំពីប្រយោជន៍ជាតិ និង ប្រើកម្លាំងបាយ ដើម្បីកំចាត់បំផ្លាញគ្រូពេទ្យ ដែលមានបំណងចង់ព្យាបាលសង្គមជាតិ តួអង្គជាក់ស្ដែងមានព្រះស័ង្ខចក្រ ឬស្ដេចគំលង់ជាឧទាហរណ៍ស្រាប់។ គេចាត់ទុកគ្រូពេទ្យសង្គម ជាតិដែលអាចរកមធ្យោបាយល្អដោះជូនប្រជាជាតិជាសត្រូវ ជាឧបសគ្គធំចំពោះអំណាចផ្ដាច់ការ និង ផលប្រយោជន៍ក្រុមគ្រួសារបក្សពួក ផ្ទាល់របស់គេ។ ដូច្នេះ គោលបំណងទិសដៅរបស់គេ គឺត្រូវតែបំផ្លាញកំចាត់គ្រូពេទ្យ ឬ អ្នកស្នេហាជាតិទាំងនេះឲ្យផុតរលត់ពូជអស់ពីមុខ ពីមាត់របស់គេ។ គឺគេប្រើវិធីតែមួយដូចដែលព្រះស័ង្ខចក្របានប្រើទៅលើព្រះសង្ឃ។
៣ -ក្នុងប្រវត្ដិស្ដេចគំលង់ មានចំណោទមួយបានផ្ទុះឡើងត្រង់ពាក្យ«គំលង់»កាលពីឆ្នាំ១៩៦៨ លោក អូ ឈាង អ្នកឯកទេសខ្មែរយើងម្នាក់ ខាងផ្នែកភាសាខ្មែរ បានលើកយកពាក្យ «គំលង់» មកវែកញែកអធិប្បាយពន្យល់យ៉ាងល្អិតល្អន់ ក្នុងអត្ថបទមួយចុះផ្សាយក្នុងទំព័រទស្សនាវត្ដី Journal Asiatique (សារពត៌មានអាស៊ី) N CCLIV (លេខ ២៥៤) ភាគទី២ ដោយសំអាងទៅលើពាក្យសំស្រ្កិត និង ទៅលើសិលាចារិក ប្រមាណជា៣០ មានសិលាចារិកនៅស្តុកកោះធំ សិលាចារិកសម័យអង្គរ លោកអូ ឈាង បានអះអាងបញ្ជាក់ថាពាក្យ «គំលង់» លេចក្លាយ ចេញមកពីពាក្យ « គន្លង » គន្លងមានន័យថា ផ្លូវ មាគ៌ា ច្បាប់ ឬធម៌ ។ ក្នុងន័យនេះខ្មែរយើងតែងនិយមប្រើ និង និយាយដូចជា តាមគន្លងធម៌ មិនលុះដោយគន្លងធម៌ កូនលុះដោយគន្លងធម៌ គន្លងនង្គ័លជាដើម៘
ដោយមានការផ្លាស់ប្ដូរទៅតាមទីកន្លែងភូមិស្ថាន ការវិវត្ដន៍របស់សង្គមកាលសម័យទៅតាមកាលវេលា និង ទៅតាមទីកន្លែងភូមិស្ថាន ការវិវត្ដន៍របស់សង្គមទៅតាមកាលសម័យទៅតាមកាលវេលា និង ទៅតាមការពោលនិយាយស្ដី ពាក្យ គន្លង បានក្លាយបន្ដិចម្ដងៗទៅជា ពាក្យក្លោង ឬមេ ឬកន្លោង ឬមេក្លោង ឧទាហរណ៍ ដូចជាពាក្យសសរកន្លោង ជាដើម៘ ចំណែកពាក្យ គំលង់ ដែលគេប្រើសំរាប់ សំគាល់ស្ដេចគំលង់ ឬព្រះគំលង់វិញ គឺជាការភាន់ច្រលំ បណ្ដាលមកពីអ្នកប្រាជ្ញស្រាវជ្រាវបារាំងដែលស្គាល់ពាក្យពេចន៍ខ្មែរមិនច្បាស់លាស់ ហើយសំអាងតែទៅលើការស្ដាប់សូរស័ព្ទភាសានិយាយ បានបកប្រែ និង សរសេរពាក្យ គន្លង ខុសន័យដើម ហើយធ្វើឲ្យក្លាយទៅជា គន្លង់ ឬគំលង់។ ដល់គេនាំគ្នាប្រែជាភាសាបារាំង ពាក្យគន្លង ក៏ក្លាយទៅជា «Lépreux » ដូច្នេះហើយក្នុងការបកប្រែភាសាបារាំង តាមលោកអូ ឈាង ពាក្យ «ស្ដេចកន្លោង» បានក្លាយទៅជា Roi Lépreux ហើយពាក្យបារាំងដដែលនេះ កាលណា គេបកប្រែទៅជាភាសាខ្មែរវិញត្រលប់ ជាមានន័យថា «ស្ដេចគំលង់»។
ម្យ៉ាងមួយទៀតចំណុចមួយទៀតដែលធ្វើឲ្យយើងឆ្ងល់ ចោទសួរបញ្ហារនោះ គឺត្រង់រូបស្ដេចគលង់ ឬព្រះគំលង់(៦) ត្រូវបានប្រជាជនខ្មែរ គ្រប់ច្រកល្ហកស្រលាញ់គោរពកោតខ្លាចទុកជាទីសក្ការបូជា ព្រះគំលង់ ដែលខ្មែរតែងតែទៅនាំ គ្នាអុចធូបបន់ស្រន់ដាក់ភ្ញីផ្កាធ្វើបុណ្យទាន ថ្វាយ និងគោរពជាប្រក្រតី មាននៅក្នុងអង្គរធំ និងមុខវត្ដឧណ្ណាលោម៘ តាមការពិតទៅក្នុងប្រវត្ដិសាស្រ្ដ គ្មានប្រជារាស្រ្ដណាមួយ ស្រលាញ់ស្ដេចគំលង់នោះឡើយ ពីព្រោះស្ដេចអង្គនេះ គ្មានទសពិធរាជ ហើយកាចសាហាវឃោឃៅ ស្ដេចនេះគិតតែអំណាច និងផល ប្រយោជន៍ផ្ទាល់ខ្លួន ធ្វើម្ដេចនឹងចេះស្រលាញ់ ហើយ នឹងជួយប្រជានុរាស្រ្ដទន់ខ្សោយដែលមានទុក្ខទោសនោះកើត? ដូច្នេះព្រះបដិមាករនេះ មិនមែនជាតំណាងស្ដេចគំលង់ទេ ព្រះគំលង់នេះ បើយោងទៅតាមការវែកញែករបស់លោកអូ ឈាង គឺពិតជាព្រះកន្លោង ឬព្រះធម៌ ឬព្រះ ដែលមានធម៌ឬព្រះទ្រង់ធម៌។
- ១ - គឺព្រះមហាក្សត្រខ្មែរទី១៥ ព្រះស័ង្ខចក្រជាស្ដេចអយុត្ដិធម៌ គ្មានសន្តោសមេត្ដាធម៌ គ្មានទសពិធរាជធម៌ ដែលគេស្អប់ខ្ពើមជាទី បំផុត,
- ២ - គឺព្រះគន្លងឬ ព្រះកន្លោង ឬព្រះធម៌ ឬព្រះទ្រង់ធម៌ ដែលល្អបរិសុទ្ធ មានរិទ្ធិអំណាចតេជបារមី ចេះស្រលាញ់ការពារថែរក្សាផ្ដាល់ សេចក្ដីសុខក្សេមក្សាន្ដ និង ចំរើនលូតលាស់ដល់ប្រជាពលរដ្ឋខ្មែរ ព្រះអង្គត្រូវបានខ្មែរទូទាំងនគរ ស្រលាញ់ចូលចិត្ដ គោរពបូជា សុំសុខ ជ្រោកកោនក្រោមម្លប់បារមី។
ដោយសំអាងទៅលើហេតុការណ៍ និង ហេតុផលដូចបានរាប់រៀបរួចមកស្រាប់ ខ្ញុំយល់ និង ជឿជាក់ថាមានតួអង្គទាំង អស់ដល់ទៅពីរ ដែលមានលក្ខណៈផ្ទុយខុសគ្នាទាំងស្រុង គឺមិនមែន មានតួអង្គតែមួយគត់នោះទេ ក្នុងឈ្មោះស្ដេចគំលង់ ឬព្រះគំលង់ ឬព្រះកន្លោងឬព្រះ គន្លង តួអង្គទីមួយគឺស្ដេចគំលង ឬ ព្រះស័ង្ខចក្រ, ក្សត្រខ្មែរទី១៥ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ និង ទីពីរ គឺព្រះគន្លង ឬព្រះកន្លោងដែលជាព្រះធម៌ ជាអ្នកការពារ ជាវីរៈបុរសស្នេហាជាតិ និងជាមេកោយគ្រប់គ្រង នែនាំប្រជាពលរដ្នខ្មែរ ឲ្យឆ្ពោះទៅរកសេចក្ដីចំរើន សុខសេរីសួស្ដីតាម ផ្លូវគតិធម៌
៦ -រូបព្រះកន្លោងឬ ព្រះគន្លង ដែលមានលាក់បង្កប់នូវអាថិកំបាំង បានធ្វើឲ្យអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ សិប្បករ និង កវីនិពន្ធបរទេសជាច្រើន ចាប់អារម្មណ៍ដិតដក់ជាប់ក្នុងចិត្ដវិញ្ញាណ ដូចជា មូរ៉ា Mouraហ្គ្រោលីយេ Groslier សឺដេស Coedes ការេរ៉ា Carera និង គ័រម៉ាយ Gormaille ហើយលោក ពីជែរបិណ័ត៍ Pierre Bennoit សមាជិកប ណ្ឌិតសភាបារាំងយ៉ាងធំល្បីល្បាញមួយរូប បានយកឈ្មោះស្ដេចគំលង់ឬ ព្រះគំលង់ ឬព្រះកន្លោង មកតាក់តែងនិពន្ធ ជារឿងប្រលោមលោក និង ដាក់ជាចំនងជើង « Le Roi lèpreux»ឬស្ដេចគំលង់។
(១) ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ។
(២) ជារដ្ឋមន្រ្ដីទី១
(៣) ក្នុងបញ្ហាឈ្មោះ ដើមកំណើត ខ្សែស្រលាយ ថ្ងៃ ខែ ឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិបាកយ៉ាងច្រើន ក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះពង្សា
វតារ និងឯកសារផ្សេងៗ បានកត់ត្រាខុសពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារវត្ដកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានសរសេរថា ព្រះស្រីជ័យជេដ្ឋ,
ព្រះជេដ្ឋាជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យ សុទ្ធតែត្រូវជាបងប្អូនបង្កើត និង ត្រូវជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស។
(៤)ត្រង់ចំនុចនេះ យើងនឹងឃើញមានការទាក់ទង និង ប្រវត្ដិស្ដេចត្រសក់ផ្អែមទៅថ្ងៃក្រោយ។
(៥)អាថិកំបាំងដែល អាចឆ្ងល់ និង ចោទសួរនោះ គឺ ថ្ងៃក្រោយមក, ហេតុដូចម្ដេច ព្រះនាងសុភវត្ដីមិនបានវិលត្រលប់ចូលទៅព្រះរាជវាំង វិញ? ចំពោះព្រឹត្ដិការណ៍
នេះគេពុំឃើញមាន ឯកសារពង្សាវតារខ្មែរណាមួយបានបញ្ជាក់ និង លើកយកមកស្រាយ ឲ្យបានសមហេតុសមផលទេ។
(៥)=នេះជាកំនត់ពង្សាវតារវត្ដទឹកវិល ក្នុងស្រុកស្អាងខេត្ដកណ្ដាល។
(៦)នេះជាកំនត់ពង្សាវតារព្រះអម្ចាស់នុព្វរតន៍ កូន ព្រះបាទអង្គឌួង។
(៧)= ខ្មែនិយមហៅ ព្រះគំលង់ មួយប៉ុណ្ណោះ។