ព្រះកេតុមាលា ដែលមានបរមនាម អរដ្ឋពលពាសា ដោយមានការប្រោសប្រណីប្រទានអំពីព្រះឥន្រ្ទាធិរាជ បានមានព្រះជន្ម​យូរ​អង្វែង វែង​ រហូត​ដល់​៤០៥​វស្សា ព្រះអង្គបានគ្រប់គ្រងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា ៣៩០ឆ្នាំ។ ដោយមានអាយុវែងពេក ព្រះ​កេតុ​មាលា​មាន​ មហេសី​និង ស្រី​ស្នំ​ច្រើន​ជំនាន់ដែរ។ ក្រោយដែលព្រះអង្គបានចូលទីវង្គត គ្មានព្រះរាជបុត្រអង្គណាបានស្នងរាជ្យបន្ដអំពីព្រះអង្គឡើយ។

ព្រះរាជវង្សងបន្ដពីព្រះកេតុមាលា

     ព្រះជ័យវង្ស ដែលមានព្រះជន្ម២៥វស្សា បានទទួលអភិសេកឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជានៅថ្ងៃទី១១កើត ខែ​អាសាធ ​ឆ្នាំ​ថោះ ព.ស​១០៥៥ ត្រូវ​ជា គ.ស៥១១ ព្រះអង្គជាមហាក្សត្រទី៩ ព្រះអង្គមានបរមនាមព្រះបាទជ័យវុទ្ធីវង្ស ព្រះរាជធានីស្ថិតនៅ​ព្រះ​មហា​នគរ​ជានិច្ច​។ ក្នុង​ឆ្នាំ​រកា ព្រះ​អគ្គ​មហេសី​បទុមកេសរ បានប្រសូត្រព្រះរាជបុត្រមួយព្រះអង្គព្រះនាម បទុមកុមារ ព្រះរាជាបានដាក់ឈ្មោះ​ដូច្នេះ គឺ​ចង់​អោយ​ ដូច​ទៅ​និង​ឈ្មោះ​ម្ដាយ ព្រះបាទជ័យវុទ្ធីវង្សសោយរាជ្យប្រទេសកម្ពុជាបាន៥០ឆ្នាំ ព្រះអង្គចូលទីវង្គត នៅឆ្នាំរោង ក្នុង​ព្រះ​ជន្ម ៧៤​វស្សា​។

រាជ្យព្រះបាទបទុមវរវង្ស

     ថ្ងៃ៥រោច ខែពិសាខ ឆ្នាំរោង ព.ស.១១០៤ ត្រូវជា គ.ស.៥៦០ ព្រះបទុមកុមារបានទទួលអភិសេកឡើងសោយរាជ្យ​សម្បត្ដិ​បន្ដ​អំពី​ព្រះ​បិតា​ ព្រះ​បាទ​ជ័យ​វុទ្ធី​វង្ស ដោយមានព្របរមនាមព្រះបាទសម្ដេចព្រះបទុមវរវង្សរាជាធិរាជ ព្រះអង្គជាមហាក្សត្រទី១០។ ព្រះ​មហា​នគរ​ស្ថិត​នៅ​ជា​ ព្រះ​រាជ​ធានី​ដដែល។

     ថ្ងៃមួយ ព្រះបាទបទុមវរវង្សបាននាំអស់ពលរេហ៍សេនាមុខមន្រ្ដីតូចធំ យាងទៅប្រពាតព្រៃកំសាន្ដ នៅតាមដងទន្លេក្នុង​តំបន់​បាសាន​ ដែល​ ស្ថិត​នៅ​ក្នុង​តំបន់​ស្រីសន្ធរសព្វថ្ងៃ ត្រង់ចន្លោះទន្លេមេកុង និងទន្លេតូច។ ទីនោះមានទេសភាព និង ដីខ្សាច់សក្បុះល្អណាស់​។ ខណៈ​នោះ​ព្រះ ​អង្គ​បាន​ជួប​ប្រទះ​ឃើញ​នាងនាគមួយអង្គ ដែលតំណែងខ្លួនជានារីយ៉ាងល្អឥតខ្ចោះស្រស់ប្រិមប្រិយ មានសម្ជស្សសោ​ភ័ណ​ភាព លើស​ផុត​ អស់​ស្រី​ទាំង​ពួង នាង​មាន​សាច់​សំបុរពណ៌សស្អាត។ នាងនាគបានធ្វើដំណើរចេញពីស្ថានភុជង្គនាគ មកកំសាន្ដលេង​ត្រង់​ឆ្នេរ​ខ្សាច់​នាះ​ដែរ​ គ្រាន់​តែ​បាន​យល់​ឃើញនាងនាគភ្លាម ព្រះបាទបទុមវរវង្សពុំអាចទប់ចិត្ដ មិនប្រតិព័ទ្ធស្នេហាព្រះនាងបានឡើយ ព្រះអង្គ​ក៏​ស្ទុះ​យាង​ចូល​ទៅ​ សុំ​សេចក្ដី​ស្នេហា ហើយ​សួរស្ដីដណ្ដឹងរៀបចំអភិសេកព្រះនាងជាអគ្គមហេសី។ នាងនាគក៏យល់ព្រម សុខចិត្ដ​សុខ​កាយ លុះ​ទៅ​ដោយ​ សេចក្ដី​ស្នេហា​លួង​លោម​របស់​ព្រះមហាក្សត្រ។ បន្ទាប់មក ព្រះអង្គក៏នាំនាម៉ឺនមន្ដ្រីបរិវារពលសេនា វិលត្រលប់ចូល​ព្រះ​មហា​នគរ​វិញ​ ព្រះ​អង្គ​បាន​ប្រទាន​ឋានៈ​ជា​ព្រះ​អគ្គម​ហេសី​ធំខ្ពស់លើសអស់ស្រីស្នំទាំងពួង។ នាងនាគបានទទួលព្រះនាមថា ព្រះ​ទេវត្ដិ​សេរី​រតន៍​កញ្ញា មហា​ក្សត្រី មិន​តែ​ប៉ុណ្ណោះ ព្រះបទុមវរវង្សបានចេញបញ្ជាអោយរាជការមុខមន្រ្ដី និង ប្រជានុរាស្ដ្រទាំងអស់ក្នុងព្រះ​រាជ​អាណា​ចក្រ ដាក់​ ឈ្មោះ និង​ហៅ​កន្លែង​ដែល​ព្រះអង្គបានជួបស្នេហានាងនាគថា ស្រីសឈរ ឈ្មោះកន្លែងនេះបានក្លាយបន្ដិចម្ដងៗទៅជា ស្រី​សន្ធរ រហូត​មក​ ដល់​សព្វ​ថ្ងៃ​ ក្នុង​កាយ​វិការនេះ ព្រះបទុមវរវង្សចង់លើកទុកអនុស្សាវរីយ៍ស្នេហាព្រះអង្គចំពោះនាងនាគអោយស្ថិត​នៅ​ជា​អមតៈ​ជា​និច្ច​។

     យូរថ្ងៃខែកន្លងមក ព្រះនាងនាគក៏ទ្រង់គភ៌ គម្រប់គ្រប់១០ខែ, ព្រះនាងប្រសូតបានពងមួយ។ ដោយភ័យខ្លាចមានការអាមាស់​មុខ​អាប់​កិត្ដិ​ យស និង ខ្លាច​មាន​ចលាចលក្នុងព្រះនគរព្រះមហាក្សត្រ និង ព្រះអគ្គមហេសីក៏សំរេចិត្ដយកពងនោះទៅកប់ចោលក្នុង​ឆ្នេរ​ខ្សាច់ នា​តំបន់​ គិរិន្ដ​បូរ​គឺស្រុក​បរិបូណ៌ ក្នុងខេត្ដពោធិសាត់សព្វថ្ងៃ។

     នាសម័យកាលនោះនៅក្នុងស្រុកខ្មែរ មានសៀមម្នាក់ឈ្មោះគង់ ដោយគាត់មានពុកចង្កាស្រមូវ អ្នកផងទាំងពួងនាំគ្នាដាក់​ឈ្មោះ​អោយ​ គាត់​ថា​គង់​ស្រមូវ​(២) គាត់ជាមេក្រុមពួកកំណែនសៀម ដែលរៀងរាល់ឆ្នាំ ត្រូវតែដឹកនាំសួយសារអាករតាមរទេះ មាន​ទឹក និង ត្រី​កន្ធរ​ហាល​ មក​ថ្វាយ​ស្ដេច​ខ្មែរ​។ ថ្ងៃមួយ បំពេញភារៈកិច្ចផ្នែកកំណែនរួចហើយ គង់ស្រមូវរៀបចំអីវែអីវ៉ាន់គ្រប់បែបយ៉ាងសព្វសារ​ពើរ ផ្ទុក​ដាក់​ក្នុង​រទេះ ​សំរាប់​យក​ទៅ​លក់​ដូរឯស្រុកភូមិវិញ ក្បួនរទេះសៀមគង់ស្រមូវ បានធ្វើដំណើរឆ្លងកាត់តាមតំបន់បរិបូណ៌ នៅតាម​ផ្លូវ​កន្លែង​មួយ​ដែល​មាន​ ដី​ទួល​ខ្ពស់​ខុស​អំពី​ធម្មតា បានធ្វើអោយគាត់មានការមន្ទិលសង្ស័យចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ក៏ចុះពីរទេះស្ទុះទៅ​ជីក​ដី​ទួល​នោះ​។ ជីក​បាន​ មួយ​សន្ទុះ​គាត់​សង្កេត​ក្រលេក​មើលទៅ ឃើញច្បាស់ជាពងមួយដ៏ធំអស្ចារ្យខុសប្លែកពីធម្មតា គង់ស្រមូវខំលើកបីពងនោះ​ដោយ​ថ្មម​ៗ ហើយ​ លើក​ដាក់​រទេះ​ដឹក​ជញ្ជូន​យកទៅស្រុកភូមិជាមួយ គាត់ថែរក្សាទុកដាក់ពងនោះដោយប្រុងប្រយ័ត្នជាទីបំផុត(៣)

     គ្រប់កាលគ្រប់វេលាកាលណា ពងនោះញាស់ចេញជាទារកប្រុសមួយ មានរូបរាងស្រស់ល្អស្អាតសក្ដិសម ដែលគង់​ស្រមូវ​ដាក់​ឈ្មោះ អោយ​ថា​នាយ​រង​។ គាត់ស្រលាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាចិញ្ចឹមទំនុកបំរុងទារកនោះដូចជាកូនបង្កើត និងថ្លែងអំពីព្រះបាទបទុម​វរ​វង្ស និង​ព្រះ​ អគ្គម​ហេសី​នាគ​វិញ ដែល​គង់​នៅព្រះមហានគរព្រះអង្គបានព្រះរាជបុត្រមួយអង្គទៀតព្រះនាមព្រះបទុមសូរ្យវង្ស(៤) គឺ​នៅ​ក្នុង​ឆ្នាំ​ខាល​ ព.ស.១១៥០ ត្រូវ​ជា គ.ស.៦០៦។ ព្រះ​បទុម​វរ​វង្ស សោយរាជ្យបាន ៦២ឆ្នាំ ហើយបានចូលទីវង្គតនៅឆ្នាំម្សាញ់ ក្នុងព្រះជន៨១ វស្សា ដោយ​ ជម្ងឺ​ចាស់​ជរា​ព្យាធិ។

ព្រះបាទបទុមសូរ្យវង្ស

     កាលនោះ ព្រះបទុមសូរ្យវង្សទើបតែបានព្រះជន្ម១៦វស្សា។ ព្រះអង្គត្រូវឡើងគ្រប់គ្រងរាជ្យសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ១០កើត ខែ​ផល្គុន​ ឆ្នាំ​ម្សាញ់​ ព.ស.១១៦៥, ត្រូវជាគ.ស.៦២១ ក្រោយដែលមានពិធីអភិសេកយ៉ាងអធឹកអធម។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី១១។ ព្រះ​អង្គ​មាន​ រិទ្ធី​អនុ​ភាព តេជៈ​បារមី កំលាំងកំហែងខ្លាំងពូកែអស្ចារ្យ។ មិនតែប៉ុណ្ណោះព្រះអង្គមានព្រះនេត្រទិព្វទៀតផង។ គឺអាចមើលឃើញ​ដឹង​លឺ​យល់​ អស់​គ្រប់​កិច្ច​ការ គ្រប់ព្រឹត្ដិការណ៍ដែលកើតមានឡើងនៅគ្រប់ជ្រុងជ្រោយគ្រប់ទិសទី ក្នុងនគរក៏ដូចជាក្រៅនគរ។

     ចំណែកឯនាយរោងវិញក៏បានពេញវ័យដែរ ក្រោយដែលគង់ស្រមូវបានចូលមរណៈកាលទៅ នាយរោងបានឡើងឋានៈ ជំនួស​ឳពុក ជា​មេ ក្រុម​កង​កំណែន​ដឹក​ជញ្ជូន​ទឹក និង ត្រីកន្ធរ យកមកថ្វាយព្រះមហាក្សត្រខ្មែរ។ ថ្ងៃមួយ ដល់ពេលវេលាដែលត្រូវតែនាំពល​កំណែន​ទៅ​ដង​ទឹក​ យក​ទៅ​ថ្វាយ​ស្ដេច​ខ្មែរ នាយរោងបានបញ្ជាអោយក្រុមកំណែនទាំងនោះ ត្បាញកញ្ជើអោយញឹកល្អិតជាទីបំផុត ហើយ​អោយ​នាំ​គ្នា​ដង​ទឹក​ យក​ទៅ​ចាក់​ដាក់​ក្នុង​​កញ្ជើទាំងនោះ កញ្ជើនោះមានឈ្មោះជាប់មកថា ជាលភ្នែកគ្រួច។ បន្ទាប់មក នាយរោងនិយាយ​បង្គាប់​ទៅ​កាន់​ជាល​ ទាំង​នោះ​អោយ​ធ្វើ​ដូច​ម្ដេច​កុំអោយទឹកលេចចេញសោះ។ ទិព្វដូចមាត់មែន ទឹកឥតមានជ្រាបលេចបន្ដិចឡើយ។ ទឹក​ទាំង​ប៉ុន្មាន​ត្រូវ​បាន​នាយ​ រោង​ដឹក​ជញ្ជូន​ យក​ទៅ​ថ្វាយ​ព្រះបទុមសូរ្យវង្សនៅឯព្រះមហានគរ។

     ពញារោង កាលអាយុ ១១ឆ្នាំ បើតាមពង្សាវតារ របស់ព្រះអង្គម្ចាស់នុព្វរតន៍កូនព្រះបាទអង្គឌួង នាឱកាសអុំទូកលេងកំសាន្ដនៅ​ជិត​ផ្ទះ ធ្លាប់​ ត្រូវ​បាន​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្លាំង ទាញនាំទូករកអុំបញ្ជ្រាសទឹកឡើងត្រលប់មកផ្ទះវិញមិនរួច។ គ្រានោះដោយអស់កំលាំង​កំហែង ពញា​រោង​ក៏​ ស្រែក​បញ្ជា​អោយ​ទឹក​ហូរ​បញ្រ្ជាសត្រលប់ឡើងលើវិញ ដើម្បីនាំទូកខ្លួនយកទៅដាក់អោយដល់ផ្ទះ។ រំពេចនោះ ទឹក​ក៏​ហូរ​បញ្រ្ជាស​ឡើង​ទៅ​ លើ​វិញ​មែន​ ហើយ​នាំ​ទូក​ពញារោងទៅដល់ផ្ទះដូចសេចក្ដីប្រាថ្នា យស់ឃើញភាពអច្ឆរិយៈអស្ចារ្យដូច្នេះ ពញារោងដឹង​ច្បាស់​ថា​ខ្លួន​មាន​រិទ្ធិ​ អានុ​ភាព​មាន​បុណ្យ​បារមី​មាន​មាត់​ទិព្វ ពីថ្ងៃនោះមក ពញារោងខំចិញ្ចឹមលាក់អាថិកំបាំងនេះជារៀងរហូត។

     ចំណែកព្រះបាទបទុមសូរ្យវង្ស ដោយសារមានព្រះនេត្រទិព្វ ព្រះអង្គបានដឹងបានយល់នូវអស់ព្រឹត្ដិការណ៍ ព្រះ​អង្គ​បាន​ដឹង​ថា អ្នក​មាន​បុណ្យ​ មាត់​ទិព្វ​បាន​កើត​ឡើង​ហើយ ព្រះ​អង្គ​នឹក​គិតឃើញថា មិនងាយនឹងចាប់ពញារោងនេះឡើយ។ ព្រះអង្គកោះប្រជុំអស់​នាម៉ឺន​មុខ​មន្រ្ដី ដើម្បី​ ដោះ​ស្រាយ​បញ្ហា​ដ៏​ធំ​នេះ។ ព្រះអង្គយល់ឃើញថា តទៅអនាគត ប្រទេសសៀមនឹងមានស្ដេចមួយអង្គ ដែលគេពុំ​អាច​កំទេច​បាន​ឡើយ​។​ ដូច្នេះ​គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុកសៀមដោយលែក ដោយមិនចាំនាំសួយសារអាករមកថ្វាយស្ដេចស្រុកខ្មែរដូចសព្វដងនោះ​ទៀត​ទេ​។

     បើយោលទៅតាមឯកសារខ្លាះទៀត បុព្វហេតុដែលបណ្ដាលអោយព្រះរាជាខឹងខ្ញាល់ចេញបញ្ជាចាប់ពញារោងនោះ គឺមក​អំពី​នាយ​រោង​ បាន​ប្រមាថ​មាក់​ងាយ​ចេស្ដាព្រះអង្គ ដោយគ្មានញញើតញញើម ហ៊ានចូលមកឈរបង់ជំទែងកណ្ដាលសាលជំនុំ ចំពីមុខព្រះភ័ក្រ្ត​ព្រះ​អង្គ​ពេល​ ដែល​ចូល​មក​នាយ​រោងបានបំបាំងខ្លួន មិនអោយនាម៉ឺនមន្ត្រីពលសេនាម្នាក់មើលឃើញឡើយ មានតែព្រះមហាក្សត្រ​ព្រះ​បទុម​សូរ្យ​វង្ស​មួយ​ អង្គ​គត់​ដែល​យាង​ចូល​មក​ដល់ទើបមើលឃើញ អាកប្បកិរិយាព្រហើនច្រលោមខាមនេះហើយ ដែលធ្វើអោយព្រះ​អង្គ​ខ្ញាល់ ចេញ​បញ្ជា​រក​ ចាប់​នាយ​រោង​។ ឃើញ​ច្បាស់​ជាក់និងភ្នែក ថាព្រះមហាក្សត្រខ្មែរមានមហិទ្ធិរិទ្ធតេជៈបារមី មិនអន់ខ្សោយដូចដែលខ្លួន​នឹក​ស្មាន ពញា​រោង​ក៏​ រត់​ភៀស​ខ្លួន​បាត់​ស្រ​មោល​ទៅ។ ឧកញាមន្រ្ដីចៅពញាតេជោតំឌិន ត្រូវនាំពលសេនាចំនួន៣០០នាក់ ជ្រែកដីទៅចាប់​ពញា​រោង​នៅ ឯ​ស្រុក​ សុខោ​ទ័យ​។ កង​ទ័ព​តេ​ជោ​តំឌិន​វិញដេញតាមចាប់ប្រកិតពីក្រោយ ពញារោងរត់ទៅដល់ស្រុកពីជិត ហើយឡើងកាត់​សំដៅ​ទៅ​តំបន់​ស្រុក​ សុ​ខោ​ទ័យ មក​ដល់​ទី​នេះ ពញារោងរត់ចូលទៅពួនលាក់ខ្លួនក្នុងវត្ដពុទ្ធថៃ សុំលោកចៅអធិការសាងផ្នួសបួសជាសាមណេរ។

  រសៀលថ្ងៃមួយ នៅពេលដែលនេនរោងកំពុងតែបោសសំអាតទីធ្លាមុខព្រះវិហារ ស្រាប់តែចៅពញាតេជោតំឌិន​ជ្រែក​ដី​លេច​ចេញ​មក​ពាក់​ កណ្ដាល​ខ្លួន​ ចំ​ពីមុខ​តែ​ម្ដង ដោយមិនបានដឹងថានេននេះជាពញារោង តេជោតំឌិនក៏ទូលសុំសួរលោករកពញារោង។ នេន​រោង​ស្គាល់​ច្បាស់​ថា​ គេ​មក​រក​ចាប់​ខ្លួន បានមានពុទ្ធដិការឆ្លើយតបទៅវិញ សូមឧបាសករង់ចាំនូវទីនេះសិនចុះ ចាំអាត្មាទៅរកជូន ភ្លាមនោះដែរ​រូប​រាង​កាយ​តេ​ជោ តំឌិន​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង។ ហើយក្លាយទៅជាថ្មរហូតមកដល់សព្វថ្ងៃ។ មេទ័ពពលសេនានៅសល់ប៉ុន្មាន ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​ តេជោ​តំឌិន​បាន​នាំគ្នាដកថយត្រលប់ចូលនគរទៅរាយការណ៍ថ្វាយព្រះរាជាតាម​ហេតុ​ការណ៍​។

     ក្រោយដែលស្ដេចសៀមនៅសុខោទ័យចូលទីវង្គត នេនរោងបានចាកសិក្ខាបទ ហើយបានឡើងគ្រប់គ្រងស្រុកសៀម ពី​ពេល​នោះ​មក​។​ ពញា​រោង​បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះបរមនាមជាព្រះមហាក្សត្រថា ព្រះបាទចន្រ្ទាធិបតី ស្ដេចសៀមថ្មីអង្គនេះ ដែលគេ​និយម​ហៅ​តែ​ពញា​រោងៗ​ បាន​ប៉ុន​ប៉ង​ធ្វើ​គត់​ព្រះ​បទុម​សូរ្យ​វង្ស ព្រះមហាក្សត្រខ្មែរចំនួនពីរលើកទៀត

     លើកទីមួយ ពញារោងបានធ្វើដំណើរលួចមកស្រុកខ្មែរ ដោយមាននាំមកជាមួយនូវពលរេហ៍ចំណានៗ និង មានលាក់​ដាវ​ពីរ​ដាក់​ជាប់​ក្នុង​ ខ្លួន​ផង មក​ដល់​ព្រះ​មហា​នគរ ពញារោងបាននាំគ្នាបន្លំខ្លួនដើរសំដៅតំរង់ចូលទៅក្នុងព្រះបរមរាជវាំង។ ពេលនោះ នាម៉ឺន​សព្វ​មុខ​មន្រ្ដី​ទាំង​ អស់​ទាំង​តូច​ទាំង​ធំ ទាំងមនុស្សទាំងនាគ កំពុងតែនាំគ្នាមកប្រជុំក្នុងព្រះបរមរាជវាំង រង់ចាំទទួលគោរព និង គាល់ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ បទុម​សូរ្យ​វង្ស ព្រះ​រាជា​យាង​គង់​លើ​បល្ល័ង្គរាជ្យ ហើយទ្រង់ត្រាស់មានបន្ទូលថា «តើមាននុស្សក្រៅឯណាចូលមកក្នុង​ទី​នេះ​ឬ​ទេ? »​ នាម៉ឺន​ សព្វ​មុខ​មន្រ្ដី​ទាំង​អស់​ឆ្លើយ​តបទូលព្រមគ្នាទៅវិញថា គ្មានបានឃើញមនុស្សចំលែកឯណាទេ ព្រះរាជាក៏មានបន្ទូលត​ទៅ​ទៀត​យ៉ាង​ខ្លាំង​ៗ​ថា​ ជន​ជាតិ​សៀម​ឯង ដែល​មាន​ចិត្ដថ្លើមធំចូលមកដល់ទីនេះតើឯងមានគោលបំណងដូចម្ដេចដែរ?។

     ពញារោង ដែលអាងទៅលើមន្ដវិជ្ជាការសីល្ប៍សាស្រ្ដបំបាំងខ្លួន លុះព្រះមហាក្សត្រខ្មែរមើលឃើញ ដឹងស្គាល់យល់អំ​ពើ​អស់​គ្រប់​សកម្ម​ ភាព​កាយ​វិការ​របស់​ខ្លួន ក៏កើតភ័យស្លន់ស្លោតក់ស្លុតរបូតដាវទាំងពីរធ្លាក់ពីដៃ ពញារោងខំប្រើមាត់ទិព្វដែរ តែគ្មានប្រសិទ្ធ​ភាព ប្រើ​មិន​កើត​។​ គ្រា​នោះ ពញា​រោង​ដឹង​ច្បាស់​ណាស់ថាមហិទ្ធិរិទ្ធតេជៈរបស់ខ្លួនមិនអាចនឹងយកជ័យជំនះ លើព្រះបទុមសូរ្យវង្សបាន​ឡើយ ភ្លាម​នោះ​ដែរ ព្រះ​ មហា​ក្សត្រ​យាង​ចុះ​ពី​លើ​រាជ​បល្ល័ង្គ ដកដាវដើរសំដៅទៅរកប្រហារជីវិតពញារោង ពញារោងដឹងថាខ្លួនអស់ផ្លូវ អស់​ច្រក​ចេញ ក៏​លុត​ជង្គង់​ គ្រឹប​ក្រាប​ថ្វាយ​បង្គំ​សុំ​ខមា​ទានទោសព្រះបទុមសូរ្យវង្ស ព្រះអង្គយល់ព្រមលើកលែងទោស អោយរួចរស់រានមាន​ជីវិត​ដោយ​ព្រម​ទាំង​មាន​ បន្ទូល​ថា មិន​ពិត​ប្រាកដ​ច្បាស់​ជា​មហិទ្ធិ​រិទ្ធ​ឯង​ខ្លាំងពូកែនោះទេ!..។

     បន្ទាប់មក ពញារោងក៏ក្រាថ្វាយបង្គំលាព្រះមហាក្សត្រខ្មែរ ដើម្បីវិលត្រលប់ទៅស្រុកសៀមវិញ ប៉ុន្ដែក្នុងចិត្ដ ពញា​រោង​មិន​ដែល​ព្រម​ ដាក់​ខ្លួន​ចុះ​ចាញ់​ស្ដេច​ខ្មែរ​ឡើយ ពញារោងគុំទុកជាប់ក្នុងក្រអៅបេះដូងថា ថ្ងៃល្អណាមួយ នឹងធ្វើឃាតសំលាប់ស្ដេច​ខ្មែរ​ដណ្ដើម​យក​រាជ្យ​ សម្បត្ដិ​អោយ​ទាស់​តែ​បាន។

     លើទី២ ឆ្លៀតឱកាសល្អពញារោងបានរៀចំខ្លួន និង ក្រុមបក្សពួកធ្វើដំណើរចូលមកមហានគរ ក្នុងគោលបំណងលួចប្រ​ហារ​ជីវិត​ស្ដេច​ខ្មែរ​ ថ្ងៃ​នោះ ព្រះ​បទុម​សូរ្យ​វង្សដោយមានព្រះខ័នជាប់នឹងខ្លួន បានយាងចុះមកក្រសាលលេងនៅទីធ្លាក្នុងបរមរាជវាំង។ ពញា​រោង ដែល​អាង​ទៅ​ លើម​ហិទ្ធិ​រិទ្ធិ​ខ្លាំង​ពូកែរបស់ខ្លួន ជិះលើដំរីសារមួយយ៉ាងធំ បំបាំងខ្លួនហើយបំបោលដំរីនោះលឿនស្លេវសំដៅចូលទៅក្នុង​វាំង ដើម្បី​ជាន់​ឈ្លី​ សំលាប់​ព្រះ​មហា​ក្សត្រ នៅចំពោះមុខហេតុភេទដូច្នេះ គ្មាននាម៉ឺនមន្រ្ដីពលសេនាណាម្នាក់មើលឃើញពញារោងឡើយ។ តែ​ព្រះ​បទុម​សូរ្យ​ វង្ស​ដែល​មាន​ភ្នែក​ទិព្វ បាន​ក្រលេកមើលឃើញទាន់ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ហើយស្រែសន្ធាប់ថា អាសៀម​នេះ វា​ប្រ​មាថ​មាក់​ងាយ​ យើង​ជ្រុល​ពេក​ហើយ! វាគិតអាងមហិទ្ធិរិទ្ធិរបស់វាខ្លាំងពូកែម្ដងនេះ យើងលែងអត់អោនលើកទោសអោយទៀតហើយ!។

  ពញារោងខំបំបោលដំរីអោយសំរុករឹងរិតតែលឿនឡើង ទៅជាន់សំលាប់ព្រះមហាក្សត្រខ្មែរ ក៏ប៉ុន្តែមកដល់មុខព្រះបទុម​សូរ្យ​វង្ស​កាល​ណា​ ដំរី​នោះ​ទប់ជើង​ឈប់​ងក់ ហើយ​បែរជាលុតជង្គង់ថ្វាយបង្គំសំពះព្រះអង្គទៅវិញ ដោយមិនបានសំរេចជោគជ័យដូចដែល​ប៉ង ពញា​រោង​ភ័យ​ ណាស់ លោត​ចុះ​ពី​លើ​ខ្នង​ដំរី មកក្រាបថ្វាយបង្គំព្រះមហាក្សត្រខ្មែរសុំអោយព្រះអង្គលើកលែងទោសពៃ អោយរួច​រស់​រាន​មាន​ជីវិត​បន្ដ​ទៅ​ ទៀត​។ ពញា​រោង​ប្រកាស​ជាឱឡារិកថា អំនិះតទៅលែងហ៊ានប្រមាថកាតទានលើរូបព្រះអង្គទៀតហើយ ព្រះបទុម​សូរ្យ​វង្ស ដែល​ដឹង​អំពី​ប្រ វត្ដិ​ពញា​រោង​មាន​ជាប់​សាច់​ឈាម ជាបងប្អូនបង្កើត ព្រះអង្គក៏សុខចិត្ដសន្ដោសប្រោសប្រណីលើកលែងទោស ហើយ​ថែម​ទាំង​កាត់​ផ្ដាច់​ទឹក​ ដី​មួយ​ចំណែក​ប្រគល់​អោយទៀត។

     ក្នុងសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរនៅទិសខាងលិច ត្រូវថយរួញមកនៅត្រឹម បស្ចឹមបុរី ដែលសព្វថ្ងៃសៀមដាក់​ឈ្មោះ​ថា ប្រជិន​បុរី​ ឬ ខេត្ដ​ខាង​កើត និង ខាង​ជើងត្រឹមនគររាជសីមារ ដែលសៀមក្រលៃប្ដូរឈ្មោះដាក់ជា កូរ៉ាត ជាមួយគ្នានេះដែរ ព្រះ​បទុម​សូរ្យ​វង្ស​បាន​ដាក់​ កំណត់​លក្ខ័ណ អោយ​គ្រប់ស្ដេចសៀមត្រូវតែនាំផ្កាមាស មកថ្វាយព្រះមហាក្សត្រខ្មែរក្នុងមួយឆ្នាំម្ដង បន្ទាប់មកពញារោង​ក្រាប​ថ្វាយ​បង្គំ​ ព្រះ​រាជា​សុំ​អនុញ្ញាតិ​វិល​ត្រលប់ទៅសុខោទ័យវិញ។ ពញារោងបានទស្សទ៍ទាយ ដាក់ទំនាយស្រុកខ្មែរថា និង រលត់​រលាយ​វិនាស​ខ្ចាត់​ខ្ចាយ​ នៅ​ថ្ងៃ​ដែល​រូប​សំណាក​ចៅពញាតេជោតំឌិនត្រូវបាក់បែកខ្ទេចខ្ទីអស់។

     ពង្សាវតារបស់សម្ដេចវាំងជួន បានសរសេរថា ព្រះអង្គបទុមសូរ្យវង្សដែលមានភ្នែកទិព្វ អាចមើលឃើញអ្វីទាំងអស់ បាន​កាត់​ទឹក​ដី​ខ្មែរ​ មួយ​ផ្នែក​នៅ​ទិស​ខាង​កើត​គឺ ស្រុកគោកអង្រ្កងអោយទៅយួនដែរ។ ពីព្រោះព្រះអង្គមើលឃើញទៅអនាគត ថាស្រុក​នេះ​និង​ក្លាយ​ទៅ​ជា​ នគរ​មួយ​ឯក​រាជ្យ ដែលគេពុំអាចបំផ្លិបំផ្លាញបានឡើយ ពង្សាវតារដដែលនេះបានរៀបរាប់ថា នៅស្រុកគោកអង្រ្កងមាន​ឈ្មួញ​លក់​សូត្រ​ម្នាក់​ បាន​នាំ​ខ្ញុំ​កំដរ​អ្នក​បំរើ​ទៅ​នេសាទត្រី ខណៈនោះស្រាប់តែរើសបានត្រាមាសមួយក្នុងទឹក លើត្រានោះមានចារថា ព្រះ​បង្គាប់​បញ្ជា​តំរូវ​អោយ​ គាត់​ធ្វើ​ជា​ស្ដេច មនុស្ស​ជា​ច្រើននាំគ្នាកុះករទៅសុំចំណុះចុះចូលនៅបំរើជាមួយ ហើយបាននាំគ្នាតែងតាំងឈ្មួញនោះ​ជា​ស្ដេច ដោយ​ដាក់​ ឈ្មោះ​ថា ស្ដេច​ទេវតា ដូច​នេះទឹកដីខ្មែរនៅទិសខាងកើតត្រូវរំកិលត្រឹម បារា និង ដូនណយ ចំណែកព្រំប្រទល់ទឹកខ្មែរ ផ្នែក​ខាង​ជើង និង​ខាង​ ត្បូង​នៅ​ដដែល​ឥត​មាន​រើរុះផ្លាស់ប្ដូរទេ។

     ក្នុងរាជព្រះបាទបទុមសូរ្យវង្ស ព្រឹត្ដិការណ៍សំខាន់មួយទៀត ដែលគួរអោយគាត់សំគាល់ គឺការចូលមកទឹកដីខ្មែរនៃសំពៅ​ដែល​ដឹក​នាំ​ព្រះ​ កែវ​​មកត និង ព្រះ​ត្រៃ​បិដក គឺក្នុងឆ្នាំរោង ព.ស.១២០០ ត្រូវជា គ.ស ៦៥៦។ ព្រឹត្ដការណ៍នេះយើងនឹងលើកទៅ​អធិប្បាយ​ដាច់​ដោយ​ឡែក​ នៅ​ជំពូក​ក្រោយ​។

     ព្រះបទុមសូរ្យវង្ស មានបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ ព.ស.១២៤៥ ត្រូវជាគ.ស៧០១ ពង្សាវ​តារ​វត្ដ​ កោក​កាក​បាន​សរ​សេរ​ថា ព្រះអង្គមានព្រះរាជបុត្រទាំងអស់បួនព្រះអង្គ ដែលឡើងសោយរាជ្យបន្ដបន្ទាប់គ្នា។ ព្រះអង្គ​សោយ​រាជ្យ​សម្បត្ដិ​ ក្នុង​ប្រទេស​កម្ពុជា​បាន​ ១០៩ឆ្នាំ។ ព្រះបទុមសូរ្យវង្សបានចូលទីវង្គតនៅឆ្នាំម្សាញ់ព.ស.១២៧៣ ត្រូវជាគ.ស.៧២៩ ក្នុង​ព្រះ​ជន្ម​១២៤​វស្សា​។

កំណត់សំគាល់

     ១ - តាំងពីបូរម្យបូរាណមក នៅស្រុកខ្មែរយើង ស្ដេចក្ដី អ្នកដឹកនាំកាន់ក្ដាប់អំណាចក្ដិ ភ័យណាស់ ខ្លាចណាស់ ហើយក៏​ស្អប់​ខ្ពើម​ខ្លាំង​ ណាស់​ដែរ អ្នក​ដែល​មាន​បុណ្យ មានពន្លឺបារមីមានចំណេះវិជ្ជាអាចបំភ្លឺអ្នកល្ងិតល្ងង់ ពួកគេមិនអនុញាតអោយខ្មែរណា​មួយ​មាន​បុណ្យ​មាន​ ចំណេះ​វិជ្ជា​ចេះ​ដឹង មានប្រាជ្ញាលើសលប់ជាងក្រុមគេឡើយ ពីព្រោះគេមានជំនឿ និងយល់ច្បាស់ថា អ្នកមានបុណ្យប្រាជ្ញា​ភ្លឺ​ស្វាង​ទាំង​នេះ​អាច​ ដើរ​ពន្យល់​បំភ្លឺ​ប្រជាជន អោយភ្ញាក់រលឹក លែងល្ងង់ខ្លៅ លុះទៅតាមការជិះជាន់ប្រើអំណាចផ្ដាច់ការ ដែលជាឧបសគ្គ ចំពោះ​អំណាច​ផ្ដាច់​ ការ​របស់​គេ មិន​អនុញាត​អោយ​ពួក​គេលក់ទឹកលក់ដី លក់ជាតិ ឬ គេងប្រវ័ញ្ចលើខ្នងរាស្រ្ដបាន។

     ២ - យើងអាចកត់ត្រាបានដែរថា នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ ព្រិត្ដិការណ៍ដដែលៗ ច្រើនតែវិលត្រលប់មកជាន់ផ្ទួនៗគ្នា​ជា​ពិសេស គឺ​គ្មាន​អ្វី ក្រៅ​អំពី​ជំលោះ​គ្រួសារ​ស្ដេច រវាងកូនស្ដេច បងប្អួនកូនក្មួយមាមីង កាប់សំលាប់វាយប្រហារគ្នាដណ្ដើមយករាជ​សម្បត្ដិ​នោះ​ឡើយ ភស្ដុ​តាង​ ជាក់​ស្ដែង​គឺ​ព្រះ​បទុម​សូរ្យ​វង្ស និង ពញារោង។ ព្រឹត្ដិការណ៍របៀបនេះយើងនឹងឃើញមានជាហូរហែទៅមុខទៀតក្នុងប្រវត្ដិសាស្រ្ដខ្មែរ។

     ៣ - អ្នកដែលទទួលរងគ្រោះថ្នាក់ រងទុក្ខវេទនា បាត់បង់ជីវិតនាះ គ្មាននរណាក្រៅអំពីប្រជាពលរដ្ន ឬ អ្នករដ្ឋការតូចតាច​ឡើយ មាន​ចៅ​ ពញា​តេ​ជោ​តំឌិន​ជា​ដើម៘

     ៤ - អ្នកដឹកនាំប្រទេសជាតិត្រូវមានប្រាជ្ញាភ្លឺថ្លាមោះមុត មើលអោយបានវែងឆ្ងាយដូចព្រះបទុមសូរ្យវង្សដែលមានព្រះ​នេត្រ​ទិព្វ​។ ភ្នែក​ទិព្វ​ នេះ​គឺ​ សំដៅ​ទៅ​លើ​ការ​ចេះ​ដឹង ទៅលើពុទ្ធិ ទៅលើការចេះវែកញែកពិចារណា ថ្លឹងថ្លែងគិតគូរល្អិតល្អន់ និង ទៅលើការ​ចេះ​ប្រុង​ប្រៀប​រៀប​ ចំ​មើល​អនា​គត​នគរ​អោយ​បានវែងឆ្ងាយជាទីបំផុត។ មិនតែប៉ុណ្ណោះ គេមិនត្រូវបណ្ដែតបណ្ដោយអោយខ្លួនប្រាណចិត្ដ​គំនិត សរ​សៃ​សរ​សូង​ វិញ្ញាណ​រំជើប​រំជួល​ហក់​លោត អួតក្អេងក្អាងកោងកាចសាហាវឃោឃៅយង់ឃ្នង ទៅតាមភ្លើងកំហឹង ទៅតាមការ​បញ្ជោរ ឬ​ទៅ​តាម​លោភ​ លន់​ឈ្លក់​ក្នុង​ជ្រោះ ក្នុង​អំណាចនោះទេ។ ភ្នែកទិព្វនេះ មិនមែនមនុស្សគ្រប់រូបចេះតែមានបានដោយងាយៗនោះទេ ដើម្បី​អោយ​ភ្នែក​ទិព្វ ឬ​ បុណ្យ​បារមី​មាន​ការ​ចេះ​ដឹង​ភ្លឺ​ថ្លា គេត្រូវតែចំណាយពេលវេលាយ៉ាងច្រើនឥតសំចៃ សំរាប់ប្រឹងប្រែងរៀនសូត្រស្វាធ្យាយ​សិក្សា ធ្វើ​សមាធិ​ តាំង​សីល​ក្នុង​គ្រប់​កាលៈ​ទេសៈ​។ ម្យ៉ាងវិញទៀត គឺភ្នែកទិព្វនេះហើយដែលជំរុញនាំអោយព្រះបទុមសូរ្យវង្ស ឬ អ្នក​កាន់​អំណាច​ចេះ​មាន​ ធម៌​សន្ដោស​លើក​លែង​ទោស ក្នុងនាមសុខសន្ដិភាព និង ការរីកចំរើនក្នុងនគរ។

(1) នៅក្នុងក្រិត្យក្រមវិន័យ ទំនៀមទំលាប់ខ្មែរ កាលបើអស់លែងមានពូជពង្សវង្សត្រកូលស្ដេចហើយ នោះបុរោហិត មានសិទ្ធិឡើងសោយរាជ្យសម្បត្ដិបន្ដបាន
(2) បើតាមពង្សាវតារវត្ដកោកកាក សៀមមេក្រុមកំណែនមានឈ្មោះ គង់ដែរ តែគេបានដាក់ឈ្មោះអោយថាគង់ពុកចង្កាអង្កាញ់។ ពង្សាវតារព្រះ​អង្គ​ម្ចាស់​នព្វរតន៍ បាន​សរ​សេរ​ ថា គង់​នេះ​ត្រូវ​ហៅ​គង់​ស្រមូវ រឺ គង់ក្រៅ។
(3) បើតាមពង្សាវតារវត្ដកោកកាក នៅពេលទៅដល់ម្ដុំស្រុកបរិបូណ៌ គង់ស្រមូវបានឃើញពងនោះកំពុងតែញាស់រួចស្រេចទៅហើយ។
(4) ឯកសារពង្សាវតារខ្លះទៀត បានបញ្ជាក់ថា ព្រះបទុមសូរ្យវង្សត្រូវជាបងពញារោង។