ប្រវត្ដិតាព្រហ្ម

      ពាក្យ និង ឈ្មោះតាព្រហ្ម យើងតែងតែលឺសូរជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយ ចំនួន​ក៏​មាន​ឈ្មោះ ​ជា​ប្រា​សាទ​តា​ព្រហ្ម​ដែរ។

     តាព្រហ្មនេះ មិនមែនជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់​ឃើញ​មាន​តួ​អង្គ​តា ព្រហ្ម​ដល់​ទៅ​ពីរ មួយ​គឺ​តា​ព្រហ្មណ៍ ឬ​អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ(1) ដែល​ជា​ព្រះ​មហា​ ក្សត្រ​ក្នុង​សម័យ​ក្រោយ។

អង្គព្រហ្ម

   កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំណើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុង​ភូមិ​ភាគ​ខាង​ត្បូង​នៃ​ប្រ​ទេស​កម្ពុជា ក្នុង​ខេត្ដ​ទន្លេបាទី។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ដំណាក់ថ្វាយ​ព្រះ​អង្គ នៅ​ជាប់​មាត់​ទន្លេ​​បាទី អ្នក​​តូច​​អ្នក​ធំ​ជិត​ឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់បាននាំគ្នាយកដង្វាយសួយសារ​អាករ​មក​ថ្វាយ និង​គាល់​ព្រះ​អង្គ ក្នុង​ចំ​ណោម​នោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើដំណើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូប​ឆោម​លោម​ពណ៌​សម្ជស្ស​ សម​ស្អាត​ស្រស់​ល្អ​ល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏​រំភើប​ចាប់​ចិត្ដ​ស្នេហា​ និយាយ​ផ្ដោះ​ផ្ដង​សាក​សង​ឥតរុញរា។ ចំណែកសេដ្ឋីជាឳពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថាស្ដេចបានចាប់ចិត្ដ​ស្រលាញ់​បេតី​កូន​ ក្រមុំ​របស់​ខ្លួន​ហើយ​មាន​សេច​ក្ដី​រីក​រាយ​សោម​នស្សឥតឧបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះ​មហា​ក្សត្រ ទុក​ អោយ​ធ្វើ​ជា​ភិលៀង​បំរើ​ព្រះ​អង្គ​តាម​តែ​ព្រះ​ហរិ​ទ័យ​។ ព្រះ​កេតុ​មាលា​បាន​រស់នៅជាមួយនាងពៅ អស់ជា ច្រើនខែ​រហូត​ទាល់​តែ​ព្រះ​នាង​ ទ្រង់​គភ៌

  ថ្ងៃមួយព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិតអាសូរដល់មាតាបិតាក្មេកដែលកាន់តែ​ចាស់​​ជរា ព្រះ​កេតុ​មាលា​មិន​ដាច់​ចិត្ដ​នាំ​នាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផល​វិបាក​ផ្សេង​ៗ ក្នុង​ការ​ធ្វើ​ដំណើរ​។ មុន​នឹង​ចេញ​ដំណើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់ឳពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះ​អង្គ​បាន​ដោះ​ព្រះ​ទំរង់​មួយ​វង់​ពី​ម្រាម​ដៃ ប្រទានហុយទៅអោយ ទុកជាចំណងដៃ និង ភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែល​នឹង​ត្រូវ​ប្រ​សូត្រ​។

  ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សា​វតារ​សម្ដេច​វាំង​ជួន​មួយ​តែ​ប៉ុណ្ណោះ រីឯពង្សាវតារឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។

  ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ ឯកសារនិមួយៗ សុទ្ធ​តែ​កត់​ត្រា​ប្រវត្ដិ​ផ្សេង​ៗ​ខុស​អំពី​គ្នា ពង្សាវតារសម្ដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និងព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេ​វង្ស​កុមារ​ អង្គ​ព្រហ្ម​ជា​បុត្រ​ទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះតេតុមា លាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោ​សុម​កេស្ស​រា ដែល​បាន​ប្រ​សូត្រ​ក្នុង​ឆ្នាំ​ម្សាញ់។

  កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំណើរទៅព្រះ​មហា​នគរ រក​ចូល​ជួប​ព្រះ​បិតា​។ នាង​ពៅជាម្ដាយបានយល់ព្រមទៅតាមបំណងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលា ទុក​ប្រ​គល់​អោយ​កូន​ សំរាប់​ធ្វើ​ជា​សាក្ខី​ភាព​បញ្ជាក់​ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយបង្គំលាម្ដាយស្រេចហើយកាលណា អង្គ​ព្រហ្ម​ដោយ​មាន​អ្នក​បំរើ​ ៩​នាក់​ហែ​ហម​អមដំណើរផង នាំគ្នាជិះសេះធ្វើដំណើរសំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្ម​បាន​ចូល​ទៅ​គាល់​បិតា​ ហើយ​រៀប​រាប់គ្រប់អស់ហេតុផល និងគ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសណ្ដាប់តាមដំណើរ។ ទ្រង់ជ្រាប​អស់​សេចក្ដី​ ព្រះ​មហា​ក្សត្រ គ្មាន​ក្ដី​មន្ទិល​សង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យ​រៀប​ចំ​សាង​ប្រាសាទ​មួយ​យ៉ាង​ល្អ​ប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារ សម្ដេចវាំងជួន គឺប្រាសាទ​អង្គ​ព្រហ្ម ដែល​បន្ទាប់​មក​ក្លាយ​ទៅ​ជា​ប្រា​សាទ​តា​ព្រហ្ម​រហូត​ដល់សព្វថ្ងៃ។ ចំណែកឯអង្គព្រហ្មវិញ ជាមួយ នឹងបង ព្រះទេវង្ស និងប្អូនព្រះ​ទេ​វេស ព្រះ​អង្គ​នៅ​បំរើ​បិតា​ ជា​រៀង​រាល់​ថ្ងៃ ឥត​បី​ហ៊ាន​ធ្វេស​ប្រ​ហែសឡើយ។

  ថ្ងៃមួយ ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមាន ម្ដាយ​ក្រុម​គ្រួសារ​នៅ​ក្បែរ​ជុំ​ជិត​គួរ​អោយ​កក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាល​ឆ្ងាយ​អំពី​ម្ដាយ និង​ក្រុម​គ្រួសារ​ញាតិ​សន្ដាន គិត​ឃើញ​ដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រ ហ្មជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះ​អង្គ​ព្រហ្ម និង​មាន​ឱកាស​វេលា ថែរ​ទាំ​ទំនុក​បំរុង​ម្ដាយ​ផង គឺ​នៅ​ឆ្នាំមមី ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។

  អង្គព្រហ្ម បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាង​សង់​ប្រាសាទ​មួយ​អំពី​ថ្ម នៅ​នា​មាត់​ទន្លេ​បាទី ផ្នែក​ខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិចព្រះអ ង្គបានសាង​ប្រា​សាទ​មួយ​ទៀត​សំរាប់​ថ្វាយ​ដល់​ម្ដាយ​ព្រះ​អង្គ គឺ​នាង​ពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូមកដល់សព្វថ្ងៃ នៅស្រុក​ទន្លេ​បាទី​ក្នុង​ខេត្ដ​តាកែវ ប្រា​សាទ​អង្គ​ព្រហ្ម​បាន​ក្លាយ​ឈ្មោះ​ទៅ​ជា​ប្រា​សាទ​តាព្រហ្ម ហើយប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។

  ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បាន​កត់​ត្រា​ទុក​មក​ដែរ។ រឿង​ព្រេង​និទាន​នេះ​បាន​ដំណាល​ថា កាលនោះ ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដទន្លេបាទី។ នៅ​ទី​នោះ​មាន​នារី​ក្រមុំ​ម្នាក់​ឈ្មោះ​នាង​ខ្មៅ ខ្លាំង​ពូកែ​ខាង​បោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមកធ្វើជាប្ដី បុរសណាដែល​មាន​សមត្ថ​ភាព​អាច​យក​ជ័យ​ជំនះ​លើ​នាង​បាន។ ដឹង​លឺ​សូ​រដូច្នោះ ព្រះមហាក្សត្រខ្មែរព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ នឹងនាង​ខ្មៅ នាង​ខ្មៅ​មិន​អាច​យក​ឈ្នះ​លើ​ព្រះ​អង្គ​បាន​ឡើយ​។ នៅ​ទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើ​ព្រះ​អង្គ​រៀង​ដរាប​មក។ ជា​មួយ នឹង​ព្រះ​កេតុ​មាលា ព្រះ​នាង​ខ្មៅ​បាន​ព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។

  ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញ​នៅ​តាម​ដង​មាត់​ទន្លេ​បាទី​ ព្រះ​អង្គ​បាន​ជួប​នឹង​នាង​ពៅ កូន​ក្រមុំ​សេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥត ខ្ចោះ នឹងរកនារីឯ​ណា​មក​ប្រៀប​ផ្ទឹម​ប្រដូច​មិន​បាន​ឡើយ ព្រះ​អង្គ​ក្រលេក​ឃើញ​ភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច ឥតមានបង្អង់អោយខាតពេលយូរ ព្រះ​អង្គ​បាន​ចាត់​អោយ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង ស្នើ​សុំ​រៀប​ចំ​អភិ​សេកជាមួយ នាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។

  ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅ​មិន​មែន​បាន​សំរេច​ដោយ​ងាយ​ៗ​នោះ​ទេ គឺ​មាន​លក្ខណ្ឌ​មួយ​ដែលកំណត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាង​ពៅ ​ក្រុម​បុរស​របស់​អង្គ​ព្រហ្ម និង​ក្រុម​នារី​របស់​នាង​ពៅ ត្រូវ​នាំង​គ្នាប្រណាំងសង់ប្រាសាទមួយអោយហើយ ក្នុងរយៈពេលតែមួយ​យប់​មុន​ថ្ងៃ​រះ។ គឺ​ត្រូវ​អោយ​ហើយ​ចប់​នៅ​ពេល​ណា​ដែល​ផ្កាយព្រឹករះ។

  ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពី​ចំងាយ ឃើញ​ជាក់​ជា​ផ្កាយ​ព្រឹក។ ឃើញ​ដូច្នេះ ក្រុម​បុរស​ដែល​ស្ថិត​នៅ​ក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទ​ត​ទៅ​ទៀត​។ ចំណែក​ខាង​នាង​ពៅ​វិញ គេ​នៅ​តែ​នាំ​គ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយ​ដែល​ចាស់​ៗ តែង​តែ​និយាយ​ពោល​តៗ​គ្នា​មក​ដល់​សព្វ​ថ្ងៃ​ថា ដោយ​សារ​បុព្វ​ហេតុ​នេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មាន​ដុំ​ថ្ម​នៅ​គរ​ពាស​វាល​ពាស​កាល គឺ​មាន​តែ​ប្រា​សាទ​យាយ​ពៅ​ទេ ដែល​បាន​សង់​ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។

តាព្រហ្មឈ្មួញគោ

  តាព្រហ្មមួយទៀត នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គឺតាព្រហ្មឈ្មួញគោ។ តាព្រហ្មឈ្មួញគោជាព្រះមហាក្សត្រមួយព្រះនៃ ប្រ​ទេស​កម្ពុជា​ពង្សា​វតារ​របស់​សម្ដេច​វាំង​ជួន មិន​បានរៀបរាប់និយាយអំពីស្ដេចអង្គនេះទេ តែពង្សាវតារខ្លះទៀត ដូចពង្សាវតារវត្ដទឹកវិល​ជា​ដើម បាន​លើក​យក​ប្រវត្ដិ​ព្រះ​អង្គ​មក​អធិប្បាយ​យ៉ាង​ពិស្ដារ។

  កាលនោះ ក្រោយដែលសោយរាជ្យសម្បត្ដិ នៅប្រទេសកម្ពុជាបាន៤៩ឆ្នាំ ស្ដេចតាក្រែង ឬព្រះបាទសិង្ហក័ង្ហា ក្សត្រ​ខ្មែរ​ទី​២២ បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន​៨៦​វស្សា បុត្រ​របស់​ព្រះអង្គព្រះនាមសេន្នករាជ ឬ ស្ដេចពាល ដែលទើបតែអាយុ ១៦ឆ្នាំ បាន​ឡើង​សោយ​រាជ្យ​បន្ដ សោយ​រាជ្យ​បាន​១០​ឆ្នាំ ស្ដេច​ពាល​ក៏​ចូល​ទីវង្គតទៀត ដោយគ្មានទុកនូវបុត្រាបុត្រីសំរាប់បន្ដរាជ្យឡើយ។ នៅ​ចំពោះ​ព្រឹត្ដិ​ការណ៍​ដូច្នេះ នាម៉ឺន​មុខ​មន្រ្ដី​ទាំង​ឡាយ​នាំ​គ្នា​រៀប​ចំ​កោះ​ប្រជុំ​អស់ព្រះរាជ្យវង្សានុវង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែល​មាន​សមត្ថ​ភាព​បុណ្យ​បារមី​អាច​នឹង​ឡើង​សោយ​រាជ្យ​សម្បត្ដិ​គ្រប់​គ្រង​ដឹក​នាំប្រទេសខ្មែរតទៅអានាគត។

  និទានកាលនោះវិញ នៅស្រុកឈើទាលប្រអោប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដ ប្ដី​ឈ្មោះ​ប្រាជ្ញ ប្រពន្ធ​ឈ្មោះ​នាង​តន់​។ ក្នុង​ឆ្នាំ​ម្សាញ់ ព.ស១៣៩២ត្រូវជាគ.ស៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាងតន់សំរាលបានកូន​ប្រុស​មួយ អាយុ​ទើប​តែ​បាន​ប្រ​មាណ​បី​ខែ ស្រាប់​តែ​ទារក​នោះ​បាត់​ខ្លួន ដោយអាថិកំបាំងជាទីបំផុត ទោះបីជាគេខំរកដូម្ដេចក៏រកមិនឃើញដែរ។

  ៣៥ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និង នាងតន់ ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួន​មក​នេះ​គឺ​ដើម្បី​បំរើ​ឳពុក​ម្ដាយ​ដែល​កាន់​តែ​ចាស់​ជរា បុរស​ជាកូនបានរៀបរាប់ជំរាបជូនមាតាបិតា អំពីបុព្វហេតុនៃ ការបាត់ខ្លួន និង​ព្រឹត្ដិ​ការណ៍​អស្ចារ្យ ដែល​អ្នក​សច្ចំ​បាន​រើស​យក​ទៅ​ចិញ្ចឹម បង្ហាត់​បង្រៀន​អប់រំប្រៀនប្រដៅអស់គ្រប់មុខវិជ្ជា វេទមន្ដសីលសាស្រ្ដដែលធ្វើ​អោយ​ខ្លួន​គេ​មាន​កំលាំង​ពលំ​មាំ​មួន​ខ្លាំង​ក្លា​ស្មើ​នឹង​ដំរី​សារ​ប្រាំពីរ​។ បានយល់ឃើ ញដឹងលឺដូច្នេះបុរសប្ដីប្រពន្ធ នាំគ្នាខំសង្កេតពិនិត្យមើល​រូប​រាង​អាកប្ប​កិរិ​យា​រិក​ពារ​នាយ​កំលោះ​នោះ ហើយ​ក៏​មាន​ជំនឿ​ជឿ​ជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និង នាងតន់ បានដាក់​ឈ្មោះ​អោយ​ថា ព្រហ្ម​។ ចៅ​ព្រហ្ម​មាន​កំពស់​៦ហត្ថ​(2)

  ថ្ងៃមួយ ឳពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅអោយមានគ្រួសារ គាត់បាននាំគ្នាចូល​ទៅ​សុំ​ចង​ស្ពាន​មេត្រី​ ស្ដី​ដណ្ដឹង​នាង​កែ​សនី បុត្រី​ពញា​ស្រី និង​នាង​កែវ​ទុក​ដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន៥៨ឆ្នាំ ឳពុក​ម្ដាយ​ចែក​ស្ថាន​ចាក​ចោល​ទៅ​ដោយ​ទុក​គោ​ញី​មួយ​នឹម សំបុរ​ត្នោត និង​ពណ៌​ស​ជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅ ព្រហ្ម និង នាងកែសនី ពីរនាក់ប្ដី​ប្រ​ពន្ធ ​រក​ស៊ី​ទិញ​គោ​លក់​គោ រហូត​ទាល់​តែ​មាន​បាន​ទ្រព្យ​សម្បត្ដិ​ធនធានសំបូណ៌ហូរ ហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បំរើដល់ទៅ​៥០០​នាក់ អ្នក​ស្រុក​អ្នក​ភូមិ​បាន​ដាក់​ឈ្មោះ​អោយ​ថា តា​ព្រហ្ម​ឈ្មួញ​គោ។

  សម័យកាលមួយ តាព្រហ្ម និង ភរិយានាំមនុស្សម្នា ខ្ញុំបំរើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេ​នាំ​គ្នា​ឈប់​សំរាក​យក​កំលាំង​ក្រោម​ដើម​ឈើ​ទាល នាង​កែ​សនីចាប់ផ្ដើមដាំស្លចំឥនអាហារបាយទឹក គ្រានោះ តាព្រហ្មដែល​ផ្អែក​ខ្នង​ទៅ​លើ​ដើម​ឈើ​ទាល​ងើប​ក្បាល​ក្រ​លេក​មើល​លើ​ស្រាប់​តែ​ប្រទះឃើញពស់វែកធំពីរ មួយឈ្មោលមួយញី ធំដូចដើមត្នោតប្រវែងប្រ​ហែល​១២​ព្យាម(3)​ កំពុង​តែ​រួត​រិត​រមូល​ខ្លួន​ខ្មាញ់​រួម​រក្ស​សង្វះ​គ្នា​លើមែកឈើ។ តាព្រហ្មក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់​ចោល​សំដៅ​សំលាប់​ពស់​វែក​ទាំង​ពីរ រំពេច​នោះ​ទេវ​តា​នៅ​ដើម​ជ្រៃ​ដែល​ថែរក្សាទឹកដីព្រៃភ្នំក៏តំណែងខ្លួនជាសមណសង្ឃនិមត្ដដើរតំរង់មក​រក​តា​ព្រហ្ម​។ តា​ព្រហ្ម​និង​នាង​កែ​សនី​រីក​រាយ​ណាស់ បាន​និមន្ដ​ព្រះ​សង្ឃ​អោយ​ចូលទៅគង់ ហើយពិតទូលលោកអំពី ហេតុការណ៍ដែលទើបតែ​កើត​មាន​។ ព្រះ​សមណ​បាន​មាន​ពុទ្ធ​ដិការ​បញ្ជាក់​ថា ពស់​ទាំង​ពីរ​នេះ​ជាពស់វែកភ្នំ ហើយក៏ជាពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅ​ទៀត​ថា ពស់​វែក​ភ្នំ​ទាំង​ពីរ​ចង់​សាក​ល្បង​មហិទ្ធិ​រិទ្ធ​ជា​មួយ​និង​តា​ព្រហ្ម​។ ឥឡូវ​ពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្ម និង​មាន​សំណាង​ដល់​ពេល​បាន​ឡើង​សោយ​រាជ្យ​សម្បត្ដិ​ប្រទេស​កម្ពុជា ហើយនឹង បានការពារលើកស្ទួយតំលើងព្រះពុទ្ធសាសនាជាមិនខាន។ មាន​ពុទ្ធ​ដិការ​ទស្សន៍​ទាយ​ចប់​ដល់​ត្រឹម​នេះ​ ព្រះ​សាម​ណេរ និង​ពស់​វែក​ភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។

  តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សំរេចចិត្ដមិនធ្វើដំណើរនាំគោទៅលក់ឯកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នក​បំរើ និង​គោ ត្រលប់​មក​កោះ​ឫស្សី​កែវ​វិញ​។ ធ្វើដំណើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សំរាក​នៅ​ទី​នោះ យប់​នោះ​តា​ព្រហ្ម​សុបិន​ឃើញ​ ព្រះ​មួយ​អង្គ​យក​ព្រះ​អាទិត្យ​មកប្រគល់អោយគាត់។ ងើបភ្ញាក់ពីនិន្រ្ទា តាព្រហ្មនឹកពិផលក្នុងចិត្ដ​ណាស់ នាំ​ភរិយា​ចុះ​ទូក​អុំ​ទៅ​វត្ដ​កោះ​ស្លា​កែត ដើម្បី​សុំ​លោក​គ្រូ​ចៅអធិការទស្សន៍ទាយមើលជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេ​បួន​មុខ ភ្លៀង​ព្យុះ​សង្ឃរា​មួយ​យ៉ាង​ធំ​បាន​បោក​បក់​មក​លើ ធ្វើអោយទូកតាព្រហ្មលិចលង់កណ្ដាលទន្លេ។ រហ័យដូចភ្លេកបន្ទោរ តាព្រហ្មចាប់​កញ្ឆក់​ដៃ​នាង​កែសនី​ហក់​លោត​ផ្លោត​ទៅ​ដល់​ត្រើយ​។ កន្លែង​នោះ​មានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។

  ឆ្លងផុតគ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និង ភរិយានាំគ្នាធ្វើដំណើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់​តែ​មាន​ខ្លា​បង់​បត់​ពីរ​ ចេញ​មក​ដេញ​ខាំ​រក​ស៊ី​ប្ដី​ប្រពន្ធ​ទាំង​ពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសំលាប់ខ្លាទាំងពីរ នោះបាន​ដូច​សេចក្ដី​ប្រាថ្នា​។ បន្ទាប់​មក​គាត់​លី​ខ្លា​ទាំង​ពីរ​យក​ទៅ​ប្រគេនលោកគ្រូមេវត្ដ។

  សង្កេតមើលឃើញ និង ស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្ម​ជា​អ្នក​មានបុណ្យ​ដែល​ត្រូវ​សោយ​រាជ្យ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវលើកស្ទួយតំកើងព្រះពុទ្ធសាសនាទៅអនាគត។ តែតាព្រហ្មមិន​បាន​អាយុ​វែង​ទេ ពី​ព្រោះ​គាត់​មាន​កម្ម​ពៀរ​វេរា ដោយ​បាន​សំលាប់​ពស់​ទាំង​ពីរ និង​ខ្លាទាំងពីរ។ ព្រះគ្រូចៅអធិការ បានមានពុទ្ធដិការបញ្ជាក់ប្រាប់តា​ព្រហ្ម​ថា គាត់​នឹង​បាន​ឡើង​សោយ​រាជ្យ ហើយ​និង​ត្រូវ​ការ​ពារ​ព្រះ​ពុទ្ធសាសនា។ ព្រះសង្ឃបានចង្អុលបង្ហាញ អោយធ្វើដំណើរតំរង់ទៅតាម​ទិស​ខាង​ជើង​ឆៀង​ខាង​កើត​នោះ​នឹង​បាន​សំរេច​ដូច​សេចក្ដី​ប្រាថ្នាជាមិនខាន។

  ឆ្នាំរកាព.ស១៤៩៤ត្រូវជាគ.ស៩៥១ តាព្រហ្មអាយុបាន១០២ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកដរប្រុស​ស្រី នាំ​ហ្វូង​គោ​ឆ្លង​កាត់​ទន្លេ​ទៅ​ដល់​ភូមិ​អារិយ​ក្សត្រ បន្ដ​ទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃ គឺស្រុកត្បូងឃ្មុំ រហូត​ទៅ​ដល់​ខេត្ដ​កំពុង​ចាម និង​កំពង់​សៀម(4) តា​ព្រហ្ម​និង​ភរិយា​នាំគ្នារៀបចំសង់ទីលំនៅនៅទីនេះ ហើយប្រកបមុខរបរកសិកម្មធ្វើ​ស្រែ​ចំការ និង​ ចិញ្ចឹម​គោ​។

  ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និង គោទៅលក់ឯមហានគរ។ គ្រានោះ ព្រះឥន្រ្ទព្រះព្រហ្មទេព្តាតូចធំ គុណបុណ្យបារមី និង វត្ថុ​ស័ក្ដិ​សិទ្ធ​ទាំង​ឡាយ​បាន​បង្កើត​ធ្វើ​អោយ​ស្នូរជើងគោ ត្រដោកលាន់លឺសូរគគ្រឹកគគ្រេងទ្រហឹងអ៉ឹងកង ខ្ទខ្ទារសុះសាយពាស​ពេញ​ព្រៀប​មក​លើ​មហា​នគរ។ សព្វ​អស់​នាម៉ឺន​មុខ​មន្រ្ដី និង​ប្រជា​ពល​រដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហា ស្នងរាជ្យបន្ដពី​ស្ដេច​ពាល ឬ​ព្រះ​សេណ្ណ័ក​រាជ្យ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ខំ​ងាក​ក្រលេក​សំលឹង​មើលទៅតាមទិស ដែលលឺសូរស្នូរសំលេង ក៏ស្រាប់តែឃើញមាន​អន្ទ​ចន្ទ​ប្រាំពីរ​ជាន់ ប្រក់​ព្រំ​ការ​ពារ​ពី​លើ​តា​ព្រហ្ម ដូច​ជា​គេ​បាំង​ក្លស់​អោយ​។ ក្លស់​អន្ទ​ចន្ទ​នោះ មានពណ៌ចំរុះ ខៀវ ស បៃតង ក្រហម លឿង មើល​ទៅ​គួរ​អោយ​អស្ចារ្យ​សំបើម​ពេក​ក្រៃ​។

  ដោយយល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្រ្ដខ្មែរទូទៅ ព្រម​ទាំង​នាម៉ឺន​មុខ​មន្រ្ដី​បាន​ចុះ​សំរុង​មូល​មតិ​គ្នា សុំ​អោយ​គាត់​ឡើង​គ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញ គោបាននាំ​មក​នូវ​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​សន្ដិ​ភាព​ចំរុង​ចំរើន គ្រប់​ប្រការ​ដល់​ប្រទេស​ជាតិ។ ព្រះអង្គបានទទួលគោ រម្យនាម ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ។ សោយ​រាជ្យ​បាន​៦ឆ្នាំ​ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ក្នុង​ព្រះ​ជន្ម​១០៨​វស្សា។ ពង្សាវតារ វត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជា​ច្រើន​ ដូច​ជា​ប្រា​សាទ​តាព្រហ្ម​ជា​ដើម​។

ព្រឹត្ដិការណ៍ក្នុងរាជ្យ ព្រះកេតុមាលា

  ដូចដែលយើងបានអធិប្បាយ ពីខាងដើមរួចមកហើយ អង្គព្រហ្មមានបងប្រុសម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានម្ដាយខុស​គ្នា តែ​មាន​ឳពុក​តែ​មួយ គឺ​ព្រះ​កេតុ​មាលា​។ ក្នុង​ចំណោមបុត្រទាំងបីអង្គនេះ គ្មានអង្គណាមួយបានសោយរាជ្យបន្ដ ពីព្រះបិតា ព្រះ​បាទ​កេតុ​មាលា​ឡើយ​។

  ព្រះអង្គទេវង្សកូនច្បង បានប្រសូត្រក្នុងឆ្នាំជូត ហើយសុគតនៅឆ្នាំរកា ក្នុងព្រះជន្ម៨២ឆ្នាំ។ ដោយព្រះអង្គអារឹសកូន ព្រះ​អង្គ​គ្មាន​កូន​ចៅ​សំរាប់​បន្ដ​ព្រះ​រាជ​វង្ស​ទេ​។ ព្រះអង្គទេវេសបុត្រពៅបានប្រសូតក្នុងឆ្នាំម្សាញ់ ហើយបានសុគតនៅឆ្នាំ​ជូត ក្នុង​ព្រះ​ជន្ម​៩៥​វស្សា​។

  ចំពោះប្រវត្ដិព្រះកេតុមាលា ពង្សាវតារវត្ដទឹកវិល បានសរសេររៀបរាប់បន្ថែមយ៉ាងក្បោះក្បាយជាច្រើនទៀត។ ព្រះ​កេតុ​មាលា ដោយ​សារ​ព្រះ​ឥន្រ្ទាធិ​រាជ បាន​ធ្វើ​អន្ដ​រា​គម​យាងចុះមកស្រោចទឹកអភិសេកថ្វាយ(5) ព្រះអង្គមានព្រះជន្មយឺនយូរណាស់។ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​ព្រះ​ជន្ម​វែង​យឺន​យូរ​ដ៏​អស្ចារ្យ​នេះ ព្រះកេតុមាលាត្រូវមានមហេសី ស្រីស្នំមីនុំមីនាង ភីលៀងទាំងអស់ប្រាំជំនាន់ ​ជំនាន់​ទីមួយ ក្នុង​ឆ្នាំ​ឆ្លូវ និង​ខាល ត្រូវ​ជា​ឆ្នាំ​១០២-១០៣ មហា​សក​រាជ ជំនាន់ទី២ ក្នុងឆ្នាំរកា ត្រូវជាឆ្នាំ១៥៧ ម.ស និងបន្ទាប់មកក្នុងឆ្នាំ១៥៨-១៥៩ម.ស ជំនាន់​ទី៣​ ក្នុង​ឆ្នាំ​មមែ​ត្រូវ​ជា​ឆ្នាំ​២០៤​ម.ស និង​ក្នុង​ឆ្នាំ​២០៥ -២០៦ម.ស ជំនាន់ទី៤ ក្នុងឆ្នាំថោះត្រូវជាឆ្នាំ២៦០ម.ស និងក្នុងឆ្នាំ២៦១-២៦២​ម.ស និង​ជំនាន់​ទី៥ ជា​ជំនាន់​បង្ហើយ ក្នុង​ឆ្នាំ​មមែ ត្រូច​ជា​ឆ្នាំ​៣០០​ម.ស និង ៣០១-៣០២ម.ស។ ព្រះអង្គមានព្រះរាជបុត្រាបុត្រី​ជា​ច្រើន ដែល​ព្រះ​អង្គ​ចែក​ចាយ​អោយ​មាន​ងារ​តំណែង និង​ប្រគល់​បេ​សកម្មអោយទៅត្រួតត្រាទឹកដីខេត្ដខ័ណ្ឌ ក្នុងព្រះរាជណាចក្រផ្សេងៗពីគ្នា។

  នៅឆ្នាំច ៣៦៣ម.ស ជាមួយ និង អ្នកម៉ែនាងមាលាបទុម ព្រះកេតុមាលា បានមានបុត្រីមួយអង្គព្រះនាមបទុម​មាលា អាយុ​១៦​ឆ្នាំ ព្រះ​នាង​ត្រូវ​បាន​រៀប​ចំ​អភិ​សេក​ជា​មួយ​នឹង​ព្រះ​អង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ(6)

  ក្នុងរាជព្រះអង្គ គេកត់សំគាល់ដឹងថា ស្ដេចចាមដែលចំណុះព្រះមហាក្សត្រខ្មែរ ហើយដែលគ្រប់គ្រងខេត្ដបាទី បាយ៉ង់​កោ លើក​ដែក បា​សាត ស្លា​កែត និង ត្បូង​ឃ្មុំ បាន​បះ​បោរ​ប្រឆាំងមិនព្រមគោរពតាមបទបញ្ជាកូនព្រះកេតុមាលា។ ចំបាំងរាំងជល​រវាង​ខ្មែរ និង​ចាម​ក៏​កើត​ផ្ទះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​។ ស្ដេច​ចាម​ទាំង​ប៉ុន្មាន ត្រូវ​បរាជ័យ ហើយត្រូវក្សត្រខ្មែរសំលាប់ ដេញកំចាត់ចោលអស់ លើក​លែង​តែ​ស្ដេច​ចាម​ស្រុក​បាសាត និង​ស្រុក​ស្លា​កែត ដែល​បាន​គេច​រត់រួចខ្លួន។

  ព្រឹត្ដិការណ៍មួយទៀត ដែលគេអាចចងចាំបាននោះ គឺនៅឆ្នាំ១៥ម.ស ព្រះកេតុមាលាបាននាំពលរេហ៍ និងទ័ព​ដំរី​ទៅ​ក្រសាល​លេង​នៅ​ភ្នំ​ដង​រែក​។ ព្រះ​អង្គ​បាន​ទទួល​ដំណឹង​មក​ថា មានដំរីពីរធំៗ មានភ្លុកវែងល្អ ហើយមានសំបុរពណ៌ស ទៀត។ ដំរី​នីមួយ​ៗ មាន​ដំរី​ស្ដ​ប្រាំបី​ឥត​ភ្លុក ចាំ​បំរើ​រក​ចំណី​អាហារ​យក​មក​អោយ។ ក្រៅពីនេះ មានហ្វូងដំរីពីរផ្សេងទៀត ចាំថែរក្សាការពារដំរីសទាំងពីរ។ ព្រះ​កេតុ​មាលា​ទ្រង់​សព្វ​ព្រះ​ទ័យ​អោយ​ហ្ម​ដំរី​ខ្មែរ លាវ ភ្នង រៀប​ចំ​ចេញ​ទៅទាក់ដំរី សទាំងពីរ។ ក្នុងគ្រាដែលចាប់បានដំរីសទាំងពីរ ស្រាប់​តែ​មាន​ដំរី​ព្រៃ​មួយ​យ៉ាង​ធំ​កំពស់ ១២​ហត្ថ មាន​ភ្លុក​វែង បោល​សំរុក​យ៉ាង​លឿនស្លេវសំដៅទៅបុកដំរីជំនិះព្រះកេតុមាលា ក្នុងខណៈនោះព្រះ​អង្គ​ក៏​ដក​ព្រះ​ខ័ន​រាជ​រតន​មង្គល​កាប់​សំលាប់​ដំរី​នោះ​ដាច់​ជា​បី​កំណាត់​។ អភូត​ហេតុ​ដ៏​ចំលែកក្នុងឱកាសនោះ គឺព្រះខ័នរាជ ដែល​ធ្វើ​ដោយ​ព្រះ​ឥន្រ្ទាធិ​រាជ សំរាប់​ទុក​មើល​ប្រផ្នូល​ប្រ​ទេស​ជាតិ ត្រូវ​កោង​រិច​រិល។ ទតឃើញដូច្នោះ ព្រះកេតុមាលាព្រះអង្គកើតមានសេចក្ដីសោកសង្រេង មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ដ​ជា​ខ្លាំង​។ ពី​ព្រោះ​ព្រះ​អង្គ​យល់​ថា ត​ទៅ​អនា​គត ស្ដេចខ្មែរដែលសោយរាជ្យបន្ដពីព្រះអង្គ មិនសូវមានបុណ្យបារមី និង​សមត្ថ​ភាព​គ្រប់​គ្រាន់​ឡើយ​។ ភាព​ចលា​ចល​ច្របូក​ច្របល់​ អន្ដរ​កប្ប និង​កើតមានពាសពេញស្រុកខ្មែរ។ ប្រទេសជិតឆ្ងាយ នឹងឆ្លៀតឱកាស​នេះ លួច​ប្លន់​យក​ទឹក​ដី​ខ្មែរ​ជា​មិន​ខាន​។ ដោយ​ការ​ឈឺ​ចុក​ចាប់ ព្រួយ​បារម្ភ​ខ្លាំង​ពេកចំពោះអាយុជីវិត អនាគតប្រទេសជាតិ ដែលទឹកដីនឹងត្រូវរួមតូច​ទៅៗ និង​បណ្ដា​រាស្រ្ដ​ដែល និង​ត្រូវ​ជួប​ប្រទះ​ទុក្ខ​ព្រួយ មហន្ដ​រាយ ព្រាត់​ប្រាស់​ក្រុមញាតិគ្រួសារ ក្ដៅក្រហាយ ស្លាប់មិនចេះចប់មិនចេះ​ហើយ ព្រះ​កេតុ​មាលា​ក៏​ធ្លាក់​ខ្លួន​មាន​ជំងឺ​ជា​ទំងន់​។

  ព្រះកេតុមាលាឬ ព្រះអារដ្ឋពលពាសា ព្រះអង្គមានព្រះជន្មវែងណាស់។ ព្រះអង្គសោយរាជសម្បត្ដិប្រទេសកម្ពុជា​បាន ៣៩០​ឆ្នាំ​។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ​មមី ក្នុង​ព្រះ​ជន្ម ៤០៥​វស្សា​។

កំណត់សំគាល់

  ១ - ទស្សននយោបាយខ្មែរ សម័យមហានគរ ក្នុងការជ្រើសរើសព្រះមហាក្សត្រ មិនមែនប្រកាន់យកតែពូជពង្សស្ដេចនោះ​ទេ​។ បុព្វ​បុរស​ខ្មែរ ក៏​មិន​បាន​កំណត់​ដែរ​ថា ទាល់​តែជាប់ឈាមជ័រខ្សែស្រលាយស្ដេចទើបមានសិទ្ធិឡើងសោយរាជសម្បត្ដិ។ បើ​យោល​ទៅ​តាម​ឯក​សារ​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ​យើង​អាច​កត់​សំគាល់​ឃើញថា ប្រជាពលរដ្ឋធម្មតាទោះបីជាកូនអ្នកក្រីក្រតោកយាក ឬ កូនអ្នកមាន ទោះ​បី​ជា​កូន​កសិករ​ឬ​មាន​ឋានៈ​ដូច​ម្ដេច​ក៏​ដោយ ដែល​មាន​សមត្ថ​ភាព មានបុណ្យបារមី មានចំណេះវិជ្ជាបំភ្លឺប្រជានុរាស្រ្ដតូចធំ អាចមាន​លទ្ធ​ភាព មាន​សិទ្ធិ​សេរី​ភាព​គ្រប់​គ្រាន់ នឹង​ឡើង​សោយ​រាជ្យ ដឹក​នាំ​ប្រទេសជាតិតាមសេចក្ដីត្រូវការ និង តាមឆន្ទៈរបស់រាស្រ្ដ។ អ្នកវង្ស និង​នាង​ទាវ ដោយ​សារ​ដៃ​ទិព្វ​មាន​សមត្ថ​ភាព មាន​ឧត្តម​គតិ ចិត្ដ​គំនិត​ល្អ មាន​កេរ្ដិ៍​ឈ្មោះល្បីល្បាញ ត្រូវបានបន្ដារាស្រ្ដ និង អស់សព្វនាម៉ឺនមុខ​មន្រ្ដី​ទូ​ទាំង​នគរ​អញ្ជើញ​អោយ​ឡើយ​សោយ​រាជ​សម្បត្ដិ​ប្រ​ទេស​កម្ពុ​ជា។ ឯដៃទិព្វរបស់អ្នកវង្ស និង នាងទាវ គឺបុព្វបុរសខ្មែរ ចង់​សំដៅ​ទៅ​លើ​សមត្ថ​ភាព ទៅ​លើ​ការ​ព្យា​យាម​ទៅ​លើ​សេច​ក្ដី​អំណត់​ចេះ​អត់​ធន់ ដោយពឹងផ្អែតែលើកំលាំងខ្លួន យើងផ្ទាល់ មិនដេក​ចាំ​អ្នក​ជិត​ខាង​ឬ​បរ​ទេស​ឬ​ឥន្រ្ទ​ព្រហ្ម​ទេពតា ដើម្បី​កសាង​វាសនា​អនា​គត​របស់​ខ្លួន ក្រុមគ្រួសារ និង ប្រទេសជាតិ។ ដៃនេះជាឧបករណ៍ដ៏ចំនាន ដែល​អាច​ធ្វើ​អោយ​យើង​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ហូរ​ហៀរ ដូច​ជា​មាស​ប្រាក់ និង​ពេជសូរកាន មានកិត្ដិតយសមានកិត្យានុភាពជាដើម៘ ហើយ​ចង់​មាន​បាន​ចង់​ធ្វើ​អ្វី​អោយ​បាន​សំរេច​ដូច​ក្ដី​ប្រាថ្នា គេ​ត្រូវ​តែ​ចេះ​ប្រើ​ដៃ​ទាំង​ពីរ​របស់ខ្លួនឯងផ្ទាល់ ដោយរំពឹងលើខ្លួនឯងតែមួយគត់ប៉ុណ្ណោះ។

  តាព្រហ្មឈ្មួញគោ ក៏មានប្រវត្ដិដូចគ្នានេះដែរ គាត់ជាកូនកសិករ នៅចុងកាត់មាត់ញកដាច់ស្រយាលឆ្ងាយអំពីមហានគរ​គាត់​គ្មាន​ជាប់​ឈាម​ជ័រ​ខ្សែ​ស្រលាយ​ព្រះ​ញាតិ​វង្ស​ស្ដេច​ទេ ហើយ​គាត់ក៏មិនដែលទាមទារតវាអះអាង ឬ ប្រឌិតថា គាត់ជាស្ដេច​ដែរ ដោយ​សារ​ការ​តស៊ូ​ខំ​ប្រឹង​ប្រែង​ឧស្សាហ៍​ព្យា​យាម​អំ​ណត់ ចាប់​ពី​បាទ​ដៃ​ទទេ មានតែគោញីមួយនឹម ដែលឳពុកម្ដាយទុកអោយជាកេរ្ដិ៍ តា​ព្រហ្ម និង​ភរិយា​កែសនី បាន​រក​ស៊ី​មាន​បាន មាន​ខ្ញុំ​កំដរ​៥០០នាក់ មាន​ទ្រព្យ​សម្បត្ដិច្រើនលើសលប់។ ដូច្នេះហើយបានជាកិត្ដិយស កត្ដិនាម​សមត្ថ​ភាព គាត់​ល្បី​ល្បាញ​លាន់​លឺ​សូរ​សុះ​សាយ គ្រប​ដន្ដប់​ពាស​ពេញ​នគរ។ ចំណែកឯស្នូរជើង និង ត្រដោកគោដែលព្រះឥន្រ្ទព្រះព្រហ្មទេព​តា​ធ្វើ​អោយ​លាន់​លឺ​រំពង​ខ្លាំង​គគ្រឹក​គគ្រេង សង្កត់​មក​លើ​មហា​នគរ​នោះ គ្មាន​អ្វីក្រៅពីកេរ្ដិ៍ឈ្មោះ សមត្ថភាពចំនេះវិជ្ជាតាព្រហ្ម និងភរិយា​នាង​កែសនី​នោះ​ឡើយ។ គឺ​កេរ្ដិ៍​ឈ្មោះ និង​សមត្ថ​ភាព​នេះ​ហើយ​ដែល​ជំរុញ​អោយ​ប្រជានុរាស្រ្ដខ្មែរជ្រើសរើសតាព្រហ្ម ជាព្រះមហាក្សត្រ។

  ២ - ដូចនេះ អ្នកគ្រប់គ្រងដឹកនាំប្រទេសជាតិ ត្រូវតែជាមនុស្សមានសមត្ថភាព មានការចេះដឹង ស្គាល់ខុស​ស្គាល់​ត្រូវ ចេះ​ការ​ពារ​ទឹក​ដី​ជាតិ​មាតុ​ភូមិ មាន​ចិត្ដ​សន្ដោស​ប្រោស​ប្រណី មាន​មនុស្សធម៌ ចេះស្រលាញ់ និង គោរពយុត្ដិធម៌ ចេះស្រលាញ់គោរព​អាណិត​អាសូរ និង​ជួយ​ឧបត្ថម្ភ​ផ្គត់​ផ្គង់​ទំនុក​បំរុង​ថែ​រក្សា​ការ​ពារ​ប្រជា​ជនគ្រប់ជាន់ថ្នាក់ ដោយគ្មានរើស​អើង ឬ​ប្រកាន់ក្រុមបក្សពួក។ អ្នក​គ្រប់​គ្រង​ប្រទេស​ជាតិ សំខាន់​ទៅ​ទៀត​នោះ មិន​ត្រូវ​ភ្លេច​ខ្លួន​ឆ្គួត​វង្វេង​ភ្លេច​ភ្លាំង ហោះហើរ ឈ្លក់ក្នុងជំនោរអំណាចនេះឡើយ។ ការដឹកនាំ​គ្រប់​គ្រង​នគរ មិន​មែន​ស្ថិត​នៅ​លើ​ការ​ដណ្ដើម​ក្ដាប់​យក​អំណាច​នោះ​ទេ គឺ​ស្ថិត​នៅលើការកសាង។

  អ្នកដឹកនាំជាតិត្រូវតែមានសមត្ថភាព និង គុណសម្បត្ដិក្នុងការនាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរើនលូតលាស់ដល់ ប្រទេស​ជាតិ ដូច​អ្នក​វង្ស​នាង​ទាវ តា​ព្រហ្ម​នាង​កែសនី​៘ ព្រះ​មហា​ក្សត្រ និង​អ្នកដឹកនាំ ល្អឬអាក្រក់ គេអោយតំលៃ ទៅលើការកសាង ទៅ​លើ​អំពើ​ធ្វើ​។

  ៣ - អ្នកដឹកនាំនយោបាយខ្លះ មានជំនឿយល់ថា បើមានអំណាច នោះគឺខ្លួនខ្លាំងពូកែអស្ចារ្យធ្វើអ្វីតាមតែអំពើចិត្ដនឹកក៏​បាន​ដែរ​។ ហើយ​ក៏​គ្មាន​នរ​ណា​ម្នាក់​ហ៊ាន​ជំទាស់​ប្រ​ឆាំង​ទៀត។ ចំពោះគេ ច្បាប់ទំលាប់គេបត់បែនទៅតាមបបូរមាត់ និង អណ្ដាត​របស់​គេ​។ ត្រង់​នេះ​គេ​ហៅ​ថា ឆ្គួត​វង្វេង​និង​បុណ្យ​សក្ដិ ដែល​ព្រះ​ឥន្រ្ទាធិ​រាជ និង បុព្វបុរសខ្មែរយើងលោកភ័យខ្លាចជាងគេបំផុត ពីព្រោះស្ដេចឬ មនុស្ស​យើង​ម្នាក់​ៗ កាល​បើ​បាន​ឡើង​ធ្វើ​ជា​ស្ដេច ឬ​បាន​កាន់​អំ​ណាច បានធ្វើធំមានមុខដំនែងខ្ពង់ខ្ពស់ច្រើនតែឆ្គួតលីលា វង្វេងវង្វាន់ភ្លេចភ្លាំងបាត់​អស់​ស្មារតី លែង​ចេះ​ថ្លឹង​ថ្លែង​វិ​និច្ឆ័យ​រក​ល្អ​អា​ក្រក់ ភ្លេច​អស់​សីល​ធម៌ ភ្លេចអស់បុណ្យបាប ភ្លេចអស់ទសពិធរាជធម៌ ភ្លេចអស់ជាតិភ្លេច​អស់​រាស្រ្ដ ភ្លេច​អស់​សាសនា​។ ដូច​ព្រះ​កេតុ​មាលា ដែល​យើង​បាន​ឃើញ​ស្រាប់។

  ៤ - ដូច្នេះដើម្បីទប់ទល់ស្ដេច និង អ្នកកាន់អំណាច កុំអោយធ្លាក់ទៅក្នុងជ្រោះមហន្តរាយអបាយមុខពាលា អលីល​ធម៌ ផ្ដាច់​ការ​ដែល​នាំ​អោយ​ប្រទេស​ជាតិ​រង​គ្រោះ​ថ្នាក់​ហិន​ហោចលិចលង់ គេត្រូវតែចេះរៀបចំច្បាប់ទំលាប់ក្រិត្យក្រម ធម្មវិន័យ និង​ស្ថា​ប័ន​រចនា​សម្ព័ន្ធ ធ្វើ​ជា​មូល​ដ្ឋាន​គ្រិះ​របស់​ជាតិ​ដូច​ដែល​ព្រះ​ឥន្រ្ទាធិ​រាជ​ ព្រមទាំងបុព្វបុរសខ្មែរយើង លោកបានបង្ហាញបង្កើតទុកថ្វាយព្រះ​កេតុ​មាលា​។ ស្ដេច​ឬ​អ្នក​កាន់​អំណាច​ត្រូវ​តែ​គោរព និង​អនុវត្ដ​ទៅ​តាមគន្លងច្បាប់ បទបញ្ញាតិ ទំនៀមទំលាប់ដែលមានកំណត់មកក្នុងសង្គមជាតិ​ជា​ដាច់​ខាត​។ បើ​ពុំ​នោះ​សោត​ទេ ស្ដេច​ឬ​អ្នក​កាន់​អំណាច​នោះ និងត្រូវទទួលផលអាក្រក់គ្រោះថ្នាក់ផ្សេងៗ គ្រប់បែបយ៉ាង ដែល​គេ​មិន​អាច​ប៉ាន់​ស្មាន​មុន​ជា​មិន​ខាន​។ ឯ​ក្នុង​ប្រទេស​ជាតិ​វិញ ភាព​ក្ដៅ​ក្រហាយ ចលាចល គ្មានសន្ដិសុខ សុខសប្បាយក្សេមក្សាន្ដ ក៏នឹងផ្ទុះកើត​មាន​ឡើង​ជា​ស្វ័យ​ប្រវត្ដិ​ជៀស​មិន​រួច​ដែរ។

  ៥ -ដើម្បីអោយស្គាល់បរិយាកាសពិតប្រាកដ ដែលកើតមានក្នុងសង្គមជាតិ គេត្រូវតែមើលសំអាងទៅលើប្រផ្នូលនៅ ភ្នំ​បាណន់ និង​នៅ​តាម​ខេត្ដ​ផ្សេងៗ ដែល​រៀង​រាល់​ឆ្នាំ អ្នក​ថែ​រក្សា ឬ ចៅហ្វាយខេត្ដនិមួយៗ ត្រូវតែនាំយកមកធ្វើរបាយការណ៍ថ្វាយព្រះ​រាជា​។ ចំណុច​ត្រង់​នេះ​គេ​ចង់​បញ្ជាក់​ថា ក្នុង​កិច្ច​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ ស្ដេច ឬ អ្នកដឹកនាំទទួលខុសត្រូវនគរ ត្រូវតែចេះស្ទាបស្ទង់មើល​មតិ​មហា​ជន អោយ​ដឹង​ស្គាល់​ យល់​ស្ថាន​ភាព​ពិត​ប្រាកដ​ក្នុង​នគរ​។ បើពុំនោះសោ តទេគេមិនអាចគ្រប់គ្រង ដឹកនាំនគរបានឡើយ។

  ៦ - នៅក្នុងរឿងព្រេងនិទាន គឺជាការចំអករបស់បុព្វបុរសខ្មែរ ចំពោះជោគវាសនាបុរសប្ដីប្រពន្ធ អ្នកវង្ស និង នាងទាវ ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ គ្មាន​បុណ្យ​បារមី ឬ​សមត្ថ​ភាព​អ្វី​ទាំង​អស់​។ គ្រាន់តែបានបរិភោគសាច់ទ្រូង និង សាច់ភ្លៅមាន់ខ្មៅ ភ្លាមកាលណា ដោយ​មិន​បាច់​ខំ ហើយ​មិន​បាន​ដឹង​ខ្លួន​ជា​មុន​ផង គាត់​ទាំង​ពីរ​នាក់ ក៏បានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជាមួយរំពេចដែរ។ អ្នក​និពន្ធ​ចង់​ចង្អុល និយាយ​សំដៅ​ទៅ​លើ​ជំពូក​មនុស្ស​មួយ​ចំនួន ដែល​គ្មាន​បាន​រៀន​សូត្រ​គ្មាន សមត្ថភាព គ្មានឧត្តមគតិជាតិអ្វីទាំងអស់ ប្រព្រឹត្តិ​តែ​អំពើ​ពាលា​អបាយ​មុខ​ព្រៃ​ផ្សៃ​ថោក​ទាប ហើយ​ស្រាប់​តែ​បាន​ទទួ​ល​អំណាច បុណ្យសក្ដិ កិត្ដិយស មានទ្រព្យសម្បត្ដិលុយកាក់ ក្លាយទៅជា​អ្នក​ស្នេហា​ជាតិ​។

  ៧ - បញ្ហាមួយទៀត ដែលយើងត្រូវចាប់អារម្មណ៍ គឺនៅក្នុងប្រជុំរឿងព្រេងខ្មែរភាគទី៥ ព្រះពិស្ណុការ អ្នកសាងនគរវត្ដ​ថ្វាយ​ព្រះ​កេតុ​មាលា​ជា​កូន​ចិន​ទៅ​វិញ គឺ​គេ​បាន​អួត​សរ​សើរ​អំពី​សមត្ថភាពចិន គេចាត់ទុកជាគុណបំណាច់របស់ចិន ឥរិយាបថ និង លក្ខណៈ​នេះ​យើង​អាច​ចាត់​ទុក​ជា​ចលនា​ប្រតិ​កិរិយា ដែល​ប្រើ​វិធី​វាយ​បន្លំ​បំភាន់​ស្មារតី បន្ទាបបន្ថោក បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈ​អក្សរ​សាស្រ្ដ ចលនា​អក្សរ​សាស្រ្ដ​របៀប​នេះ​ ក៏​អាច​អោយ​យើង​ដឹង​យ៉ាង​ច្បាស់ ដែរ​អំពី​បំណង​គោលដៅរបស់បរទេសចំពោះប្រទេសខ្មែរ។

(1) នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដនគរបាជ័យ នៅខេត្ដកំពុងចាម គេមាននិយាយចែងចងមកថា បុរស​ម្នាក់​ឈ្មោះ​ព្រហ្ម​ ជា​កូន​ស្ដេច​ក្រាញ់​ ក្រោយ​ដែល​បាន​បែក​ចេញអំពីឳពុកម្ដាយ ទៅរៀនសូត្រស្រុកចិន អស់រយពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុក​កំណើត​វិញ បាន​មក​ ស្រលាញ់​រៀប​ការ​រួម​រស់​នៅ​ជា​មួយ​ និងម្ដាយបង្កើត។
(2) (១ ហត្ថមានប្រវែងប្រហែល ០,៥០ម)
(3) (១ព្យាម មានប្រវែងប្រហែលជា២ម៉ែត្រ)
(4) (នៅកំពុងសៀម ក្នុងខេត្ដកំពង់ចាម រូងភ្នំ ជាកន្លែងដែល តាព្រហ្មរក្សាទុកដាក់ស្នា មានឈ្មោះថាតុតាព្រហ្មជាប់រហូតរៀងមក)
(5) ថ្ងៃព្រះឥន្រ្ទអភិសេក ត្រុវបានគេចាត់ទុកជាឆ្នាំទី១ ក្នុងមហាសករាជ ប៉ុន្ដែចំនោទស្ថិតនៅត្រង់ឯកសារផ្សេងៗ មិនបានចុះសំរុងគ្នា ក្នុងការកំណត់ថ្ងៃ​អភិ​សេក។ បើ​តាម​អ្នក​ ស្រាវ​ជ្រាវ​បរ​ទេស ដូចជាលោក F.Gfaraut មហាសក រាជចាប់ផ្ដើមនៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំថោះ ព.ស៦២៣ ត្រូវជាថ្ងៃ ១៧មិនា គ.ស ៧៩។
(6) ក្នុងចំណោមកូន ទាំងប៉ុន្មានរបស់ព្រះកេតុមាលា មានក្សត្រមួយព្រះអង្គព្រះនាមអង្គកែវដែរ។