ព្រះបាទសម្ដេចប្រទេសរាជ ជាព្រះមហាក្សត្រខ្មែរទី៥ ចុងក្រោយបំផុតក្នុងព្រះរាជវង្សព្រះថោងនាងនាគ។ ក្នុងរាជព្រះ ថោង​នាង​នាគ ឬ​សម្ដេច​កុម៉ែ​រាជ មាន​ក្សត្រ​ទាំង​អស់៥​ព្រះអង្គ ដែលបានសោយរាជសម្បត្ដិ បន្ដបន្ទាប់គ្នារៀងមកចាប់តាំងតែពីព.ស ២៧៧ ត្រូវ​ជា​ឆ្នាំ​២៦៧ មុន គ.ស រហូត​មក​ដល់​ព.ស៥៤៣ ត្រូវ​ជាឆ្នាំទី១មុនគ.ស។ រួមសេចក្ដីមក ព្រះរាជវង្សព្រះថោងនាងនាគបានគ្រប់គ្រង​ទឹក​ដី​ខ្មែរ​អស់​រយៈ​ពេល​ប្រ​មាណ​ជា ២៦៧​ឆ្នាំ​។

  ព្រះរាជវង្សព្រះថោងនាងនាគត្រូវរលត់ផុតពូជ ដោយសាព្រះសម្ដេចប្រទេសរាជ ស្ដេចចុងក្រោយបង្អស់ និង អគ្គមហេសី​សុវណ្ណ​មាលា គ្មាន​បុត្រា​បុត្រី​សំរាប់​បន្ដ​រាជ្យ​។ ឯព្រះញាតិវង្សជិតឆ្ងាយ ដែលមានសមត្ថភាព បុណ្យបារមីវិញក៏គ្មាន។

ព្រះបាទទេវង្សអស្ចារ្យ

  កាលនោះ មានបុរសកសិករម្នាក់ឈ្មោះអ្នកវង្ស និង ភរិយាឈ្មោះទាវ តាំងទីលំនៅរស់នៅជិតវាំងហ្លួង នៅមហានគរ​រាជ​ធានី​នៃ​កម្ពុជា​ធិប​តី​។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ មាន​រិទ្ធិ​អនុ​ភាព​ខ្លាំងពូកែអស្ចារ្យណាស់។ ដៃអ្នកទាំងពីរ បើកាន់របស់របរអ្វីមួយហើយ របស់​របរ​នោះ និង​អាច​ក្លាយ​ជា​មាស ទៅ​ជា​ប្រាក់ ឬ​ទៅ​ជា​ត្បូង​ពេជ្រចរណៃ។

  ប្រជាពលរដ្ឋមួយចំនួនធំ ដែលបានឃើញជាក់ស្ដែងនិងភ្នែក មហិទ្ធិរិទ្ធិខ្លាំងពូកែអស្ចារ្យរបស់អ្នកវង្ស និង នាងទាវ បាន​បាក់​បប​ខ្លប​ខ្លាច​គោរព​ស្ញប់​ស្ញែង ហើយ​នាំ​គ្នា​មូល​មីកុះករមកចំនុះចូលសុំជ្រោកកោនក្រោមម្លប់បារមី។

  កាលនោះ ដោយស្រុកខ្មែរពុំទាន់មានព្រះមហាក្សត្របន្ដរាជ្យ អំពីព្រះបាទប្រទេសរាជ នាម៉ឺនមន្រ្ដីសេនាតូចធំទាំង​អស់​ក្នុង​ព្រះ​រាជ​អាណា​ចក្រ ដែល​បាន​ដឹង​បាន​យល់ និង​មាន​ជំនឿ​ថា អ្នកវង្ស-នាងទាវ ជាមនុស្សមានសមត្ថភាព មានបុណ្យបារមីខ្ពង់ខ្ពស់​អស្ចារ្យ បាន​នាំ​គ្នា​មូល​មតិ​រៀប​ចំ​ពល​សេនា​ជា​ក្បួន ធ្វើដំណើរហែបុស្សបុក ទៅសុំអញ្ជើញប្ដីប្រពន្ធទាំងពីរនាក់ អោយមកសោយរាជសម្បត្ដិ ដឹក​នាំ​ថែ​រក្សា​ការ​ពារ​ប្រ​ទេស​ជាតិ​ខ្មែរ​។

  ត្រង់វគ្គនេះ បើតាមសៀវភៅ "ប្រជុំរឿងព្រេងខ្មែរភាគទី៥" នៃពុទ្ធសាសនបណ្ឌិត អ្នកវង្សនិងនាងទាវគ្មានបុណ្យបារមី ឬ​សមត្ថ​ភាព​អ្វី​ឡើយ​។ អ្នក​ទាំង​ពីរ​នាក់ បាន​ឡើង​សោយ​រាជ​ដោយ​សារបានបរិភោគសាច់មាន់ខ្មៅត្រង់ដើមទ្រូង និងភ្លៅតែប៉ុណ្ណោះ។ ការ​ឡើង​សោយ​រាជ្យ​សម្បត្ដិ​នេះ​កើត​ឡើង​ដោយ​សារការផ្សងព្រេងលែងដំរីរកអ្នកមានបុណ្យ ដែលរៀបចំដោយក្រុមសេនាបតី។ ដំរី​នោះ​បាន​ទៅ​លុត​ជង្គង់​ក្រាប​នៅ​ចំពោះ​មុខ​អ្នក​វង្ស-នាង​ទាវ​។ ដែលជាហេតុសំគាល់ថាជាអ្នកមានបុណ្យ។

  ថ្ងៃ១កើត ខែពិសាខ ឆ្នាំវក ព.ស៥៤៤ត្រូវជាគ.ស១ វេលាម៉ោង៩ព្រឹក ដែលជាថ្ងៃនក្ខត្ដរិក្សប្រជាជនខ្មែរ និង នាម៉ឺន​មន្រ្ដី​សេនា​បតី​តូច​ធំ​គ្រប់​ជាន់​ថ្នាក់ មក​ពី​គ្រប់​ទិស​តំបន់​បាន​នាំ​គ្នារៀបចំប្រារព្ធធ្វើពិធីអភិសេក អ្នកវង្ស-នាងទាវជាព្រះ​មហា​ក្សត្រី​យានី​ នៃ​នគរ​ខ្មែរ កាល​នោះ​អ្នក​វង្ស​មាន​អាយុ ៣១​ឆ្នាំ​។ បាន​ឡើង​សោយ​រាជ្យ​សម្បត្ដិ​កាលណា កសិករវង្សមានព្រះនាមថា ព្រះបាទសម្ដេចទេវង្ស​អស្ចារ្យ​ខត្ដិយ​ធិរាជ្យ ឯ​នាង​ទាវ​វិញ បាន​ប្ដូរ​ព្រះ​នាម​ទៅ​ជាសម្ដេចព្រះទេវុត្ដីអគ្គមហេសីស្រីទ្រង់លក្ខណ៍ អត្ដនារី។

  ព្រះបាទទេវង្សអស្ចារ្យ ជាព្រះមហាក្សត្រខ្មែរទី៦។ ព្រះអង្គបានគ្រប់គ្រងប្រទេសជាតិដោយសុខក្សេមក្សាន្ដ នាំមក​នូវ​ក្ដី​ចំរុង​ចំរើន​បរិ​បូរណ៌ ត្រជាក់​ត្រជុំ​គ្រប់​បែប​យ៉ាង​។ ក្នុង​រជ្ជ​កាល​ព្រះអង្គប្រទេសកម្ពុជាគ្មានសត្រូវ ហើយក៏មិនបានជួបប្រទះនិងសង្គ្រាមដែរ។

ដើមកំណើតព្រះកេតុមាលា

  ព្រះអង្គគ្មានបុត្រាបុត្រីទេ ក៏ប៉ុន្ដែ តាមពង្សាវតារក្រុងកម្ពុជា របស់វត្ដទឹកវិល ស្រុកស្អាងខេត្ដកណ្ដាល ព្រះបាទទេវង្ស​អស្ចារ្យ មាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​សុធា​វត្ដី​។ ដោយ​យល់​ឃើញ​គ្មាន​បុត្រសំរាប់ស្នងរាជ្យបន្ដ ព្រះអគ្គមហេសីទ្រង់សុបិនឃើញព្រះ​ឥន្រ្ទាធិ​រាជ​យាង​ចុះ​មក​ស្ទាប​ពោះ​ព្រះ​នាង ហើយ​បាន​ប្រទាន​កំរងពេជ្រចរណៃ ជះចែងចាំងពន្លឺភ្លឺផ្លេកឆ្លុះថ្លាមានប្រាំពីរពណ៌។ ព្រះនាងបានទួល​ថ្វាយ​ព្រះ​រាជា អំពី​សុបិន​នោះ​តាម​ដំណើរ​។ ក្រោយ​បាន​សន្ដាប់​សុបិន ព្រះបាទទេវង្សអស្ចារ្យ កោះហៅហោរា​ឲ្យទស្សន៍ទាយ។ ហោរា​បាន​ទូល​ថ្វាយ​ថា ព្រះ​អគ្គ​មហេសី​និង​ទ្រង់​មាន​គភ៌ មាន​បុត្រ​មួយ​ព្រះអង្គ មានរិទ្ធិអំណាច តេជៈបារមីខ្លាំងពូកែឈ្នះអស់មារសត្រូវគ្រប់ទិសទី។ បន្ទាប់​មក​ព្រះ​នាង​ក៏​មាន​គភ៌​មែន​។ គ្រប់​ខែ​ថ្ងៃ​កាល​ណា ព្រះ​អគ្គ​មហេសីប្រសូតបានបុត្រមួយអង្គក្នុងឆ្នាំចរព.ស ៦០៦ ត្រូវជាគ.ស៦២។ ព្រះ​រាជ​បុត្រ​នោះ​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ស្អាត​ណាស់ ព្រះ​មាតាបិតាបានដាក់ព្រះនាមអោយថា "ព្រះកេតុមាលា" ដើម្បីរំលឹកអោយ​សំ​ទៅ​តាម​សុបិ​។

  កាលនោះព្រះកេតុមាលាព្រះជនបាន៦វស្សា ព្រះឥន្រ្ទាធិរាជដែលជាឳពុកដើម ដោយសារនឹកស្រនោះកូនខ្លាំងពេក បាន​បញ្ជា​អោយ​ទេវ​បុត្រ​ព្រះ​នាម​មាតុលី រៀប​ចំ​រាជ​រថ​ពេជ្រ​យន្ដធ្វើដំណើរចុះទៅស្ថានមនុស្សលោក ទៅទទួលយាងយកព្ររាជបុត្រមក​លេង​កំសាន្ដ​នៅ​ស្ថាន​ត្រៃ​ត្រឹង្ស​។ ពី​ព្រោះ​អតីត​ជាតិ ព្រះ​កេតុ​មាលា​ត្រូវជាកូនរបស់ព្រះឥន្រ្ទ ព្រះកេតុមាលាបានទទួលបញ្ជា និង​បេសកកម្ម​ឳពុក មក​ចាប់​ជាតិ​ជា​មនុស្ស​លោក នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បីជួយការពារថែរក្សា ព្រះពុទ្ធសាសនា និងស្រុកខ្មែរអោយបានជួបតែ​សេច​ក្ដី​សុខ​សន្ដិ​ភាព​ក្សេម​ក្សាន្ដ​ប្រកប​ទៅ​ដោយ​ជោគ​ជ័យ សេរីមង្គល សំបូរណ៌សប្បាយចំរុងចំរើនជានិច្ចនិរន្ដ។

  ពេលព្រលប់យប់រាត្រី ឈានជើងមកដល់កាលណា ទេវបុត្រព្រះមាតុលី ក៏បរព្រះរាជរថចុះមកលើផែនពសុធា អនុ​វត្ដ​ទៅ​តាម​ព្រះ​ឥន្រ្ទាធិ​រាជ​។ ព្រឹក​ព្រហាម​ស្រាងៗ ដោយ​ដឹង​ថា​បាត់ព្រះរាជបុត្រ ក្សត្រាក្សត្រីទាំងពីរអង្គកើតទុក្ខសោកសង្រេង ភ័យ​ព្រួយ​បារម្ភ​ឥត​ឧបមា ព្រះ​មហា​ក្សត្រ​បាន​កោះ​ហៅ​ក្រុម​ហោរា​សាស្រ្ដ បុរោហិតអោយមកប្រជុំជំនុំគិតគូរពិចារណា ទស្សន៍​ទាយ​មើល​អស់​គ្រប់​ជើង​លេខ ដើម្បី​អោយ​បាន​ដឹង​អំពី​ហេតុ​ផល​ការ​ពិត ហោរាបានទស្សន៍ទាយទូលព្រះរាជាថា មនុស្សម្នាទាំងអស់ ក្នុងព្រះមហានគរ ត្រូវ​តែ​សមា​ទាន​កាន់​សីល​ធម៌​តាម​ក្រិត្យ​ក្រម​វិន័យ​ព្រះ​ពុទ្ធ​ឱវាទ​ចំនួន​ប្រាំពី​ថ្ងៃ ពេលនោះគេនឹងរកឃើញព្រះកេតុមាលាជាមិនខាន។

  ចំណែកព្រះឥន្រ្ទាធិរាជវិញ កាលបើបានជួបព្រះរាជបុត្រ បានខំបង្ហាត់បង្រៀនកូនអោយចេះចងចាំដឹងលឺ យល់​នូវ​អស់​គ្រប់​ចំណេះ​វិជ្ជា សិល្ប​សាស្រ្ដ និង​ពាក្យ​ប្រៀន​ប្រ​ដៅ​អប់រំ ច្បាប់វិន័យទសពិធរាជធម៌ ក្នុងការគ្របគ្រងដឹកនាំប្រទេសជាតិ ក្នុងឋានៈ​ជា​ព្រះ​មហា​ក្សត្រ ព្រះ​ឥន្ទ្រ​បាន​យក​ព្រះ​កេតុ​មាលា ទៅ​ឧទ្យាន​ព្រះ​អង្គ​ផ្ទាល់ អោយមុជទឹកក្នុងអាងអប់ផ្កា ក្នុងមួយថ្ងៃប្រាំពីរដង ក្នុងរយៈពេល​ប្រាំពីរ​ថ្ងៃ​ ឱកាស​នោះ​ទេវ​តា​ព្រាហ្មណ៍​ម្នាក់ ត្រូវ​បាន​ព្រះ​ឥន្រ្ទាធិ​រាជ យាង​អោយមកសូត្រវេទមន្ដ ចំរើនព្រះជន្មព្រះកេតុមាលា អោយ​អាយុ​វែង​ច្រើន​រយ​វស្សា មិន​តែ​ប៉ុណ្ណោះ​ព្រះ​កេតុ​មាលា​បាន​ដើរ​កំសាន្ដ ទៅស្ពានត្រៃត្រឹង្ស មើលអស់វាំងប្រាសាទគ្រប់ធុនគ្រប់ធី រហូតទៅដល់​ក្រោល​គោ​សួគ៌​ទៀត​។

  ប្រាំពីរថ្ងៃក្រោយមក ដោយសារកំលាំងអំណាចធម៌ និង ឧបោសុទ្ធសីលរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រះឥន្រ្ទាធិ​រាជ​ក៏​បញ្ជា​អោយ​ទេវ​បុត្រ​មាតុលី ដង្ហែ​នាំ​ព្រះ​កេតុ​មាលា​ចុះ​ទៅស្ថានកណ្ដាល ដាក់ក្នុងព្រះបរមរាជវាំងព្រះមហានគរវិញ។ ព្រះបាទទេ​វង្ស​អស្ចារ្យ និង​ព្រះ​អគ្គ​មហេសី ទ្រង់​សប្បាយ​រីក​រាយ​ក្នុង​ព្រះ​ហរិ​ទ័យ​ឥត​ឧបមា ក្រោយដែលបានជួបមុខ រកឃើញព្រះរាជបុត្រ។

ព្រះពិស្ណុការ

  ក្នុងខណៈជាមួយគ្នានោះដែរ ព្រះឥន្រ្ទាធិរាជបានចាត់ចែង បញ្ជាអោយវិស្សកម្មទេវបុត្រ ឬព្រះពិស្ណុការ និងទេវបុត្រ​ចំនួន​ប្រមាណ ៥០០ អង្គ​ទៀត ចុះ​មក​ចាប់​ជាតិ​មាន​កំណើត​ជាមនុស្សលោកលើកទឹកដីខ្មែរ ដើម្បីធំដឹងក្ដីឡើងកាលណា ត្រូវ​តែ​នាំ​គ្នា​រៀប​ចំ​កសាង​ប្រាង្គ​ប្រសាទ​ថ្វាយ​ព្រះ​កេតុ​មាលា​។

  ចាប់ជាតិកើតជាមនុស្សកាលណា ព្រះវិស្សកម្មទេវបុត្រ មានឈ្មោះចៅចិត្ដកុមារ ព្រះអង្គមានប្រាជ្ញាភ្លឺមោះមុត ចេះចងចាំ​គ្រប់​តំរិះ​វិជ្ជា​ទាំង​អស់​គ្មាន​ភ្លេច​ភ្លាត់​ភាន់​ច្រលំ​ឡើយ​។ អាយុបាន៨ឆ្នាំ ព្រះវិស្សកម្មទេវបុត្រ ឬ ព្រះពិស្ណុការ ឬចៅចិត្ដកុមារបានសុំ​ខ្លួន​ចូល​ទៅ​បំរើ​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ទេ​វង្ស​អស្ចារ្យ។ ដោយយល់ឃើញថា ចៅចិត្ដកុមារជាក្មេងម្នាក់មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាវាងវៃ ឆ្លៀវ​ឆ្លាត​ពូកែ​អស្ចារ្យ ព្រះ​អង្គ​ក៏​ចាត់​ចែង​តាំង​ជា​មេ​ជាង​ប្រចាំក្នុងព្រះបរមរាជវាំង ព្រះអង្គបានបញ្ជាព្រះពិស្ណុការ អោយសាង​វាំង​ប្រសាទ និង​កំផែង​នគរ​នានា​ជា​ច្រើន​។

  ក្នុងឆ្នាំចរ ព.ស៦១៨ ត្រូវជាគ.ស ៧៤ ចៅចិត្ដកុមារ និងមេជាងឯទៀតបានសាងធ្វើប្រាសាទ និងបូជនិយដ្ឋានអំពីថ្មដោយ​មាន​ទាំង​ជីក​បារាយ សង់​ស្ពាន និង​ថ្នល់​ផង។ តែ​បើ​តាម "ប្រជុំរឿងព្រេងខ្មែរភាគទី៥" របស់ពុទ្ធសាសនបណ្ឌិតវិញ ព្រះពិស្ណុការ មិនមែនចុះមក​ពី​ឋាន​សួគ៌​តាម​បញ្ជា​ព្រះ​ឥន្រ្ទាធិ​រាជ​ទេ​។ ព្រះ​ពិស្ណុ​ការ​ជា​កូនប្រុសរបស់ទេពធិតាទិពសុតាចន្ទ និង ចឹកលឹមសេងដែលរស់​នៅ​ក្រុង​សៀង​ហៃ នៃ​ប្រទេស​ចិន​។ តាម​រឿង​ព្រេង​និទាន​នោះ ថ្ងៃ​មួយ​នាង​ទិព្វ​សុតា​ចន្ទ និងទេពធិតាបួនអង្គទៀតបាននាំគ្នា ចុះមកលេងឋាន​កណ្ដាល នៅ​ចំពោះ​មុខ​ផ្កា​គ្រប់​ពណ៌​រីក​ចំរុះ​ស្គុះ​ស្គាយ​ព្រោង​ព្រាត ជះ​ក្លិន​ពិដោរ​ឈ្ងុយឈ្ងុប សុះសាយក្នុងសួនច្បារចឹកលឹមសេង ទេពធិតាទិព្វ​សុតា​ចន្ទ ដែល​ខំ​ទប់​ចិត្ដ​អារម្មណ៍​មិន​បាន ក៏​លូក​ដៃ​ទៅ​លួច​កាច់បេះផ្កាបានប្រាំមួយទង ដោយសារកំហុសនេះ នាងត្រូវទទួលកម្មពារវេរាចុះ​មក​រស់​នៅ​ធ្វើ​ជា​ប្រពន្ធ​បំរើ​ចឹក​លឹម​សេង​ចំនួន​៦ឆ្នាំ គឺមួយទងផ្កា ស្មើនិងមួយឆ្នាំ។ ទេព​ធិតា​បាន​បំរើ​ចឹក​លឹម​សេង​ដោយ​គ្មាន​ហ្មង​។ មួយ​ឆ្នាំ​ក្រោយ​មក នាង​ប្រសូត្រ​បាន​កូន​ប្រុស​មួយ ហើយ​ដាក់ឈ្មោះថាពិស្ណុការ។ ព្រះពិស្ណុការ​ត្រូវ​បាន​ម្ដាយ​នាំ​យក​ទៅ​សិក្សា​រៀន​សូត្រ​គ្រប់​អស់​វិជ្ជា​ជាង​ជ្រៅ​ជ្រះ​នៅ​ឋាន​សួគ៌​។

  ព្រះពិស្ណុការ ឬចៅចិត្ដកុមារ បានសាងប្រាង្គប្រាសាទ ជាច្រើនថ្វាយដល់ព្រះមហាក្សត្រមានជាអាទិ ប្រាសាទបាយ័ន បា​ពួន ភិ​មាន​អា​កាស រំលេច​ដោយ​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រណិត អមទៅដោយរូបសត្វដូចជា នាគ គ្រុឌ ក្រពើ សិង្គតោ ដំរី៘ ថ្ងៃមួយ​ព្រះ​បាទ​សម្ដេច​ទេ​វង្ស​អស្ចារ្យ​បាន​បង្គាប់​អោយ​ព្រះ​ពិស្ណុការ រៀប​ចំ​សាងប្រាសាទមួយទៀត សំរាប់ថ្វាយដល់ព្រះកេតុមាលា ប្រា​សាទ​ដ៏​សែន​ល្អ​ប្រណិត​នេះ ថ្ងៃ​ក្រោយ​មក​មាន​ឈ្មោះ​ថា នគរ​វត្ដ ដោយ​សារព្រះកេតុមាលាបានដាក់ថ្វាយ ឧទ្ទិសចំពោះព្រះពុទ្ធសាសនា។ ប្រា​សាទ​នគរ​វត្ដ​មាន​ទំរង់​ទ្រង់​ទ្រាយ​ដូច​ក្រោល​គោ​សួគ៌​របស់​ព្រះ​ឥន្រ្ទ ពីព្រោះកាលព្រះអង្គបានយាងទៅស្ថានត្រៃត្រឹង្ស ព្រះកេតុមាលាបាន​ទត​ឃើញ​ប្រា​សាទ​ធំៗ​ល្អ​ល្អះ​ជា​ច្រើន​មាន​ទាំង​ក្រោល​គោ​សួគ៌​ផង។ ដោយហេតុព្រះអង្គមិនហ៊ានមានចិត្ដលោភលន់ ប្រាថ្នាចង់បានប្រា​សាទ​ដូច​ព្រះ​ឥន្រ្ទា​ធិរាជ ហើយ​ដើម្បី​ជៀស​វាង​កុំ​អោយ​ក្លាយ​ជា​ការ​ប្រមាថកាតទាន ដល់ចេស្ដាព្រះឥន្ទ្រ ទើបបានជាព្រះកេតុមាលាទ្រង់សំរេចចិត្ដ ចង់​បាន​ត្រឹម​តែ​ក្រោល​គោ​ព្រះ​ឥន្រ្ទ​ប៉ុណ្ណោះ​។

  សម្ដេចទេវង្សអស្ចារ្យក្សត្រខ្មែរទី៦ សោយរាជ្យសម្បត្ដិនគរកម្ពុជាបាន៧៨ឆ្នាំ ព្រះអង្គសុគតក្នុងព្រះជន១០៨វស្សា​ដោយ​ជំងឺ​ជរា​ពាធ​។
  ព្រះកេតុមាលាត្រូវឡើងសោយរាជ្យសម្បត្ដិបន្ដពីព្រះបិតា ពិធីអភិសេកត្រូវបានរៀបចំប្រារព្ធធ្វើយ៉ាងអធិកអធមគគ្រឹក​គគ្រេង​នៅ​ថ្ងៃ​ ១០​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ​ព.ស​៦២១ ត្រូវ​ជា​គ.ស៧៨ នៅវេលាម៉ោង៧ព្រឹក កាលនោះព្រះអង្គបានព្រះជន១៦វស្សា។ ព្រះ​កេតុ​មាលា​ជា​ក្សត្រ​ខ្មែរ​ទី៧​។ ព្រះ​នាម​ព្រះ​អង្គ​ជា​ក្សត្រ​គឺ ព្រះ​អរដ្ឋ​ពល​ពា​សោ។ ព្រះអង្គបានគ្រប់គ្រងផែនដីដោយសន្ដោសធម៌ប្រោស​ប្រណី និង​ទស​ពិធ​រាជ​ធម៌​។

  ដោយព្រះអង្គមានរូបឆោមលោមពណ៌ សម្ជស្សឆើតឆាយលើសបុរសនានា ស្រ្ដីគ្រប់ទិសទី មានស្នំភីលៀងមីនុំ​មីនាង​ នាំ​គ្នា​ចោម​រោម​ព័ទ្ធ​ចង់​ប្រតិ​ព័ទ្ធ​រួម​តំរេក​កៀក​កើយ​ ដាក់​ស្នេហ៍មន្ដអាគមធ្វើអោយព្រះអង្គឆ្គួតវង្វេងភ្លេចភាន់ភាំងស្មារតី ចិត្ដអារម្មណ៍ ហើយ​លុះ​ទៅ​ដោយ​ភ្លើង​តណ្ហា​កាម​តំរេក ស្រវឹង​វក់​វី សប្បាយ​ភ្លើតភ្លើនត្រេកត្រអាល លែងមានវិចារណញ្ញាណ ដែលមានសតិសម្បជញ្ញៈ ភ្លេច​អស់​ត្រូវ​ភ្លេច​អស់​ខុស ភ្លេច​អស់​ថា​ខ្លួន​ជា​ស្ដេច ភ្លេច​អស់អ្វីៗជាប្រជាជាតិ អ្វីដែលជាផលប្រយោជន៍នគរ ភ្លេចអស់អ្វីជាសីលធម៌ ភ្លេច​អស់​អ្វី​ជា​ទស​ពិធ​រាជ​ធម៌ ភ្លេច​អស់​ព្រះ​ពុទ្ធ​សាសនា​។ ព្រះ​កេតុ​មាលា​ឆ្គួត​វង្វេងវង្វាន់បាត់ស្មារតីក្នុងរយៈពេលមួយឆ្នាំ។

  បើតាមពង្សាវតារវត្ដទឹកវិល ការឆ្គួតវង្វេងលប់សតិរបស់ព្រះបាទកេតុមាលា បណ្ដាលមកអំពីការដាក់ស្នេហ៍​ស្នូក ធ្វើ​មន្ដ​វិជ្ជា​ការ​របស់​ម្ចាស់​ក្សត្រី​សោយ​សមន្ថា បុត្រី​ស្ដេច​ប្រ​ទេស​លាវនៅទីក្រុងវៀងច័ន្ទ ដែលមានស្រីស្នំពីរនាក់ឈ្មោះកែវថង និង កែវ​ពេជ្រ ចូល​ដៃ​ជើង​រួម​គំ​និត​ជា​មួយ​ផង​(1)

  ឧប្បត្ដិហេតុនេះ បានធ្វើអោយក្ដៅទៅអសនៈព្រះឥន្រ្ទាធិរាជ ធ្វើអោយព្រះអង្គក្រហល់ក្រហាយគង់នៅស្ងៀម​ស្ងាត់​មិន​កើត ព្រះ​អង្គ​ក៏​បើក​ទិព្វ​ចក្ខុ​ក្រ​លេក​មើល​មក​ ឃើញ​ច្បាស់​ប្រ​ត្យក្សថាបុត្រព្រះអង្គ ព្រះកេតុមាលា បានដើរឃ្លៀងឃ្លាតចាក​ចេញ​ពី​គន្លង​ធម្ម​វិន័យ និង​ក្បួន​តំរា​ការ​តព្វ​កិច្ច​ជា​ស្ដេច​ផែន​ដី​។ ក្នុងគ្រាអាសន្ននេះ ព្រះឥន្រ្ទបានចាត់ព្រះវិស្សកម្មទេវបុត្រ អោយទៅនិមន្ដព្រះអានន្ដ និង​ព្រះ​សង្ឃ​ប្រាំ​ពី​រអង្គ​ទៀត នៅ​កោះ​សេរី​លង្ការ ដែល​មានវិជ្ជាខ្ពង់ខ្ពស់ខ្លាំងពូកែទៅមហានគរ ចំណែកព្រះឥន្រ្ទខ្លួនឯងវិញ ព្រះអង្គ​ទៅ​សុំ​យាង​ព្រះ​ព្រហ្ម​អោយ​ចុះ​មក​ជួយ​ដែរ​។

  យាងចុះមកដល់ទឹកដីមហានគរកាលណា ព្រះឥន្រ្ទាធិរាជក៏ចាប់ផ្ដើមរៀបចំធ្វើពិធីអភិសេក ព្រះកេតុមាលាជាថ្មីម្ដងទៀត ព្រះ​រាជា​ភិសេក​ម្ដង​នេះ​ បាន​ប្រ​ព្រិត្ដ​ទៅ​ក្នុង​បរិយា​កាស យាងសែនធំអ៊ឹកធឹកឧតុង្គឧត្ដមអស្ចារ្យ ដោយមានទេវតា ទេពធិតា ទេវ​បុត្រ​ពី​គ្រប់​ទិស​ទី​យាង​ចុះ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ជា​កិត្ដិ​យស។

  ដំបូងព្រះព្រហ្ម និង ព្រះឥន្រ្ទ សូត្រស្វាធ្យាយធម្មទេសនាថ្វាយព្រះពរ ស្រោចស្រព និង ស្រង់ទឹកមន្ដលើព្រះកេស និង​រូប​រាង​កាយ​ព្រះ​កេតុ​មាលា ដើម្បី​ដេញ​កំ​ចាត់​អស់​មន្ដ​អាគម​ស្នេហ៍ស្នូកទាំងប៉ុន្មាន ដែលមានជោគជាំនៅក្នុងខ្លួនព្រះអង្គ ព្រមទាំងប្រសិទ្ធិ​ពរ​ជ័យ​អោយ​បាន​សុខ​សេរី​មង្គល​ឡើង​វិញ​។ បន្ទាប់​មកព្រះឥន្រ្ទាធិរាជ ព្រះព្រហ្ម និងព្រះសង្ឃឯទៀតនាំគ្នាប្រជុំនិយាយទូន្មានប្រដែប្រដៅ​ផ្ដាំ​ផ្ញើ​ដល់​ព្រះ​កេតុ​មាលា អោយ​ចេះ​ស្គាល់​យល់​អំពី​ធម្ម​វិន័យ ក្នុងមាគាព្រះពុទ្ធសាសនា។ បន្តមក ព្រះឥន្រ្ទាធិរាជ ធ្វើពិធីស្រង់​ទឹក​អភិ​សេក​ព្រះ​កេតុ​មាលា​ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​ថ្មី​តាម​ប្រពៃ​ណី។ គឺ នៅវេលាម៉ោង៩ព្រឹក ថ្ងៃ១១កើត ខែពិសាខ ឆ្នាំជូត ព.ស៦២៣ ត្រូវជា គ.ស​៨០​។ ពិធី​អភិសេក​ដោយ​ព្រះ​ ឥន្រ្ទាធិ​រាជ ត្រូវ​បាន​គេដាក់ឈ្មោះថា ព្រះឥន្ទ្រភិសេក។ ដូច្នេះហើយ ចាប់ពីថ្ងៃនោះមក ទីក្រុងមហា​នគរ​មាន​ឈ្មោះ​ថា ឥន្និ​ប័ត្ដ​បូរី​។

  គ្រានោះ ព្រះឥន្រ្ទាធិរាជទ្រង់ព្រះតំរិះគិតឈ្វេងយល់ឃើញថា បើប្រគល់អំណាចនគរមួយទាំងមូលទៅអោយស្ដេច​តែ​មួយ​អង្គ​ឯង ឬ​មនុស្ស​ម្នាក់​គត់ ហើយ​បើ​ស្ដេច​អង្គ​នោះ ឬ​មនុស្សនោះបែរជាប៉ោលែឆ្គួតវង្វេងស្រវឹង អំណាច បុណ្យសក្ដិ លុយកាក់​សម្បត្ដិ​ទ្រព្យ ស្រា​ស្រី ល្បែង​អំពើ​ពាលា មិន​ស្គាល់​ខុស​ស្គាល់​ត្រូវ យកអាក្រក់ជាល្អយកល្អជាអាក្រក់ គិតតែសប្បាយត្រេកត្រអាលភ្លើត​ភ្លើន​ គ្មាន​សីល​ធម៌​គ្មាន​សតិ​សម្ប​ជញ្ញៈ គ្មាន​ទស​ពិធ​រាជ​ធម៌ មិនយកចិត្ដទុកដាក់ មិនស្គាល់អំពីផលប្រយោជន៍អាយុជីវិតជាតិ នោះ​ប្រជា​ពល​រដ្ឋ​តូច​ធំ និង​នគរ​មុខ​តែ​ជួប​ប្រទះ​មហន្ដ​រាយ គ្រោះ​ថ្នាក់​កំណាច​កាចចង្រៃ វិនាសរលាយរលត់ សាបសូន្យជិវិតជាមិនខាន។ ទ្រង់យល់​ដូច្នេះ​ហើយ ទើប​ព្រះ​ឥន្រ្ទាធិ​រាជ​ ព្រះ​អង្គ​កំនត់​តែង​តាំង​អោយ​មាន​ក្រុម​ប្រឹក្សា​មួយ​សំរាប់ជួយធ្វើការអមស្ដេច។ ក្នុងគណៈក្រុមប្រឹក្សាស្ដេចនេះមាន

  1. ១ - គណៈសង្ឃ ៧អង្គ ដែលមានឋានៈខ្ពង់ខ្ពស់ ហើយដែលត្រូវជ្រើសតាំងឡើងដោយព្រះអានន្ដ
  2. ២ - ព្រហ្មបាគូរ ៧រូប តែងតាំងដោយព្រះព្រហ្ម ដែលមានមុខនាទីចាត់ចែងធ្វើពិធីបុណ្យផ្សេងៗ តាមប្រពៃណីសាសនាក្នុងព្រះនគរ
  3. ៣ - ព្រាហ្មណ៍ ហោរាសាស្រ្ដម្នាក់ ជាតំនាងព្រះឥន្រ្ទ សំរាប់ទស្សន៍ទាយព្យាករ មើលដំណើរនគរ
  4. ៤ - រដ្ឋមន្រ្ដី ៧នាក់ សំរាប់ចាំជួយនែនាំ រក្សា និង ការពារព្រះមហាក្សត្រ ចៅហ្វា ទល្លហ ដែលមានឋានៈធំជាងគេបំផុត ចៅពញាយ មរាជ ចៅពញាក្រលាហោម, ចៅពញាចក្រី, ចៅពញាវាំង,ចៅពញាមហាមន្រ្ដី និង ចៅពញាមហាទេព

 មិនតែប៉ុណ្ណោះ ដើម្បីអោយបានឆាប់ដឹង ឆាប់បានយល់អំពីហេតុការណ៍ផ្សេងៗដែលនិងកើតមានឡើង ព្រះឥន្រ្ទា​ធិរាជ​ ព្រះ​អង្គ​បាន​សុំ​អោយ​ព្រះ​មហា​អានន្ដ កំរិត​កំណត់​ទឹក​កន្លែង​សំខាន់មួយ ទុកសំរាប់កន្លែងមើលប្រផ្នូលនគរ ព្រះអង្គអានន្ដ បាន​និមន្ដ​ទៅ​ភ្នំ​បាណន់​ រៀប​ចំ​ធ្វើ​អោយ​មាន​ស្រះ​ទឹក​បី មួយ​សំរាប់​ព្រះ​មហា​ក្សត្រ មួយសំរាប់នាម៉ឺនមុខមន្រ្ដី និងមួយទៀតសំរាប់ប្រជា​នុរាស្រ្ដ គឺ​ទុក​ធ្វើ​ជា​ឧបករណ៍​មើល​ប្រផ្នូល​ដល់​ដំណើរ​វិវត្ដ​នគរ រៀង​រាស់​ឆ្នាំ​ក្រុមបុរោហិត ត្រូវតែដួសទឹកក្នុងស្រះទាំងបី យកទៅដាក់ជិតជាប់និងព្រះខ័ន​រាជ​រតន​មង្គល ដើម្បី​សង្កេត​មើល​ប្រផ្នូល​ទឹក

១ -ទឹកក្នុងស្រះសំរាប់មហាក្សត្រ៖
- បើទឹកត្រូវរីងស្ងួត នោះព្រះមហាក្សត្រ នឹងត្រូវអស់ព្រះជន្ម,
- បើទឹកនោះចោលក្លិនមិនល្អនោះ នឹងកើតមានចំបាំងក្នុងនគរ,
- បើទឹកក្នុងស្រះនោះល្អក់កខ្វក់ខ្វល់ នោះជងឺរោគាពាធ នឹងកើតពាសពេញនគរ, ហើយបើទឹកនោះធុំក្លិនស្អុយអសោច នោះ​នៅ​ក្នុង​នគរ​និង​មាន​ភ័យ​អន្ដ​រាយ កើត​មាន​រាំងស្ងួតមានទុរ្ភិក្ស និង មានចោរ​លួច​ប្លន់​កាប់​សំលាប់។
២ -ទឹកក្នុងស្រះនាម៉ឺនមុខមន្រ្ដី៖
- បើទឹកត្រូវរីងស្ងួត នោះនាម៉ឺនមុខមន្រ្ដីត្រូវអស់បុណ្យបារមី លែងមានសមត្ថភាពទៀតហើយ,
- បើទឹកនោះចោលក្លិនអាក្រក់ ល្អក់ខ្វល់នោះ នាយករដ្ឋមន្រ្ដី និង មន្រ្ដីតូចធំទាំងឡាយខ្វល់ខ្វាយពិបាកចិត្ដ, បែក​បាក់​សាមគ្គី​ឈ្លោះ​ប្រ​កែក​គ្នា
- ប្រសិនបើទឹកនោះ ថ្លាល្អត្រចង់ទេ នោះនាយករដ្ឋមន្រ្ដី និង នាម៉ឺនឯទៀត បានសុខសប្បាយជាធម្មតា
៣ -ទឹកក្នុងស្រះប្រជានុរាស្រ្ដ៖
- បើទឹកក្នុងស្រះរីងស្ងួត នោះប្រជាពលរដ្ឋ នឹងត្រូវស្លាប់ពាសពេញ,
- បើទឹកនោះឡើងល្អក់ ពេលនោះប្រជានុរាស្រ្ដ នឹងរងទុក្ខវេទនា ត្រូវព្រាត់ប្រាស់ប្ដីប្រពន្ធកូនចៅ,
- ប្រសិនបើទឹកនោះ ធុំក្លិនអាក្រក់ស្អុយអសោចឆ្អេះឆ្អាប នោះប្រជារាស្រ្ដ មុខជានឹងជួបការរីងរាំងស្ងួត គ្មានភ្លៀង ជួប​នឹង​ចោរ​ហា​រយ​លួច​ប្លន់​កាប់​សំលាប់ និង​មាន​ឧក្រិដ្ឋកម្មជាមិនខាន។

     ដូច្នេះហើយ ទើបបានជាមានស្រះទឹកទាំងបីនោះជាប់ឈ្មោះតមក ជាភ្នំព្រះអានន្ដ បន្ទាប់មកក្លាយជាភ្នំបានន្ដ ហើយរហូត​ដល់​សព្វ​ថ្ងៃ​ ឈ្មោះ​ក៏​ប្រែ​ទៅ​ជា ភ្នំ​បាណន់​ដែល​ស្ថិត​នៅខេត្ដបាត់ដំបង។

     ក្នុងកិច្ចការរៀបចំទឹកដីខ្មែរ អោយល្អប្រពៃ ព្រះឥន្រ្ទាធិរាជ ព្រះអង្គទ្រង់បានបញ្ជាអោយស្លលោហធាតុធ្វើដាវជ័យ​សេរី​មង្គល (1) ដែល ត្រូវ​តំកល់​ទុក​ដោយ​ក្រុម​បុរោ​ហិត ទន្ទឹម​គ្នា​ជា​មួយ​និងបញ្ចក្សត្រ(2)ក្នុងប្រសាទមួយដាច់ដោយឡែកក្នុងព្រះមហានគរ។

     [1]ព្រះនាងសយសមន្ថា ត្រូវធ្លាក់ឋានៈទៅជាស្រីស្នំចុងផុតក្រោយគេទាំងអស់ ព្រះនាងបានចូលទីវង្គតដោយសាក្ដីទុក្ខព្រួយ រីងរៃ។ ចំណែកឯ​ពួក​មីនុំ​មីនាង កែវ​ថង និង​កែវ​ពេជ្រ​វិញ​ត្រូវ​ទទួលខ្លួនទៅជាទាសាទាសី ធ្វើការបំរើនៅឯជើងក្រានបាយ។
     [2] ដាវបួនទៀតត្រូវបានល្លធ្វើដែរ ហើយត្រូវបានព្រះឥន្រ្ទប្រគល់អោយព្រហ្មជ័យយកទៅទុកថែរក្សានៅឯភូមិប្រាសាទ ក្នុងខេត្ដបារាយ។ ចំពោះពង្សាវ​តារ​វត្ដ​ទឹក​វិល គឺ​ជា​លំពែង​ទេ ដែល​ព្រះ​ឥន្រ្ទាធិរាជបានបង្គាប់អោយធ្វើ។ លំពែងទាំង៤ ត្រូវចែកទៅអោយស្ដេចក្រាញ់ទាំង៤ នៅទ្រាំង ត្បូងឃ្មុំ បាភ្នំ និងភ្នំកំពុងស្វាយកាន់​កាប់​ថែ​រក្សា​។ កាំ​បិត​ស្ដាំ​ និង​កាំ​បិត​ឆ្វេង ពីរ​ទៀត ក៏​ត្រូវ​បាន​ស្ល​ធ្វើ​ដែរ​។ កាំបិតស្ដាំត្រូវយកទៅតំកល់ទុក ឯខេត្តពោធិសាត់ កាំបិតឆ្វេងត្រូវយកទៅតំកល់ទុកឯខេត្ដជើងព្រៃ។
     [3] ក្នុងបញ្ចក្សត្រ ឬ ប្រដាប់ប្រដារសំរាប់សំគាល់សេ្ដចទាំង៥ជំពូកនោះ មានជាអាទិ ព្រះខនរាជ រតនមង្គល សព្រហ្មណ៍មាស, គ្រឿងសក្ការៈបូជា​របៀប​ព្រហ្មញ្ញ​សាសនា រូប​សំនាក​តំនាងព្រះពុទ្ធទាំង៥ព្រះអង្គ ព្រមទាំងចំលាក់ព្រះកំចាយនៈ, និងរូបសំនាកព្រះអាទិទេពទាំង៣៥អង្គទៀត។