ព្រះវិរោរាជ

  ក្រោយព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចូលទីវង្គត ព្រះវិរោរាជ បុត្រច្បងត្រូវបានឡើងសោយរាជសម្បត្ដិ​បន្ដ​នៅ​ថ្ងៃ​ទី​១៣​កើត ខែ​ផល្គុន ឆ្នាំ​រកា ព.ស ៣៥៣ ត្រូវ​ជា​ឆ្នាំ ១៩១ មុន គ.ស។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទីពីរ បន្ទាប់ពីព្រះថោង។
  កាលនោះព្រះវិរោរាជ បានព្រះជន្ម៣៨វស្សា។ អ្នកម្នាងទេស កូនស្រីរបស់មហាអាមាត្យត្រូវបានព្រះអង្គតែងតាំង​ជា​ព្រះ​អគ្គ​មហេសី ដោយ​មាន​ព្រះ​នាម មន្ទោ​ទេវី​សោ​ភា​លក្ខ​ណា​មហា​ក្សត្រី។ ក្នុងឆ្នាំខាល ព.ស ៣៧០ ព្រះនាងប្រសូតបានព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គព្រះ​នាម ព្រះ​ឧទ័យ​។ សោយ​រាជ​សម្បត្ដិ​បាន​៥០ឆ្នាំ ព្រះ​វិរោ​រាជ ក៏​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ​ខាល​ក្នុង​ព្រះ​ជន្ម ៩១​វស្សា។

ព្រះឧទ័យ

  ថ្ងៃជាពេលាល្អ ត្រូវនិងថ្ងៃ៣កើត ខែចែត្រ ឆ្នាំថោះ ព.ស ៤០៥ ត្រូវជាឆ្នាំ១៣៧ មុនគ.ស ព្រះឧទ័យ បានទទួលព្រះរាជ​ភិសេក​សោយ​រាជ​សម្បត្ដិ​ប្រ​ទេស​ខ្មែរ​ក្នុង​ថានៈ​ជាព្រះមហាក្សត្រខ្មែរទី៣ បន្ដពីបិតា ព្រះវិរោរាជ។
  ក្នុងព.ស៤៣៥ ឆ្នាំមមែ ជាមួយនិងអ្នកម្នាងកេសរ ព្រះអង្គបានបុត្រមួយព្រះអង្គព្រះនាមព្រះសុវណ្ណបទុម។ ជាមួយនឹង​អ្នក​ម្នាង​ទារ ព្រះ​អង្គ​បាន​បុត្រី​មួយ​ព្រះ​អង្គ​ទៀត ព្រះនាមសុវណ្ណមាលា។ សោយរាជបាន ៦០ឆ្នាំ ព្រះឧទ័យរាជា ក៏ចូលទីវង្គតទៅ នៅឆ្នាំខាល ក្នុងព្រះជន្ម ៩៧វស្សា។

ព្រះសុវណ្ណបទុម

  ថ្ងៃនក្ខត្ដរិក ត្រូវជាថ្ងៃ ១០កើត ខែបុស្ស ឆ្នាំខាលព.ស ៤៦៦ ត្រូវជាឆ្នាំ៧៨ មុនគ.ស ព្រះសុវណ្ណបទុម ត្រូវអភិសេកឡើង​សោយ​រាជ​សម្បត្ដិ​បន្ដ​អំពី​បិតា​ព្រះ​បាទ​ឧទ័យ​។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី៤។ កាលនោះ ព្រះបរមរាជវាំងស្ថិតនៅមហានគរធំ​ដដែល​។

  ព្រឹត្ដិការណ៍សំខាន់នៅក្នុងរាជព្រះអង្គ គឺ វិបត្ដិដែលបង្កបង្កើតដោយប្អូនស្រីព្រះអង្គ ព្រះអង្គម្ចាស់ក្សត្រីសុវណ្ណមាលា។ ថ្ងៃ​មួយ​ព្រះ​អង្គ​ម្ចាស់​សុវណ្ណ​មាលា ដែល​ទើប​តែ​បាន​អាយុ​១៥ ឆ្នាំ បានសុំព្រះមហាក្សត្រទៅដើរលេងកំសាន្ដតាមឆ្នេរសមុទ្រ។ដំណើរកំសាន្ដ​តាម​ទូក​បាន​ទៅ​ដល់​បឹង​ណង​ស្នោ នៅ​ទី​នោះ​ម្ចាស់​ក្សត្រី​សុវណ្ណមាលា បានអោយអស់ពលសេនាបរិវារឈប់សំរាក បោះជំរំតាំង​ពន្លា​ជ័យ។ គ្រា​នោះ បុរស​ម្នាក់​ដែល​រក​ស៊ី​ដាក់​ធ្នស់​ចាប់​ត្រី ដោយបានដឹងថា ប្អូនស្រីស្ដេចមកដល់ស្រុកភូមិស្ថានរបស់ខ្លួន បាននាំគ្នីគ្នាអ្នកស្រុក​ភូមិ​ ចូល​មក​គាល់​យក​ដង្វាយ​សួយ​សារ​អាករ​មក​ថ្វាយ​តាមទំនៀម។ បុរសនោះជាកូនប្រុសម្នាក់ ដែលទើបតែបានអាយុ ១៦ឆ្នាំ។

  គ្រាន់តែបានយល់ឃើញរូបរាងយ៉ាងស្រស់ស្អាតឆើតឆាយសង្ហារបស់កំលោះនោះភ្លាម ម្ចាស់ក្សត្រីសុវណ្ណមាលា ក៏​កើត​មាន​ចិត្ដ​រំភើប​កំ​រើក​រំជើប​រំជួល​ញាប់​ញ័រ​ក្នុង​ដួង​ចិត្ដដួងអារម្មណ៍ចាប់ចិត្ដប្រតិព័ទ្ធស្នេហា ចង់បានមកធ្វើជាគូគាប់កៀកកើយអិត​បង្អង់​ការ​។ ដើម្បី​អោយ​បាន​ឆាប់​ប្រញាប់​ទាន់​ចិត្ដ ព្រះ​នាង​បាន​ស្នើទៅបុរសជាឳពុកថា និងយកកូនប្រុសគាត់ទៅថ្វាយអោយធ្វើការបំរើ​ព្រះ​មហា​ក្សត្រ។ ដូច្នេះ​កូន​គាត់​មុខ​ជា​បាន​បុណ្យ​សក្ដិ​កិត្ដិ​យស​និងគេជាមិនខានព្រលប់ទោរទន់រាត្រីឈានជើងចូលមកដល់កាលណា ព្រះ​នាង​ក៏​ប្រើ​ស្រី​ស្នំ​មីនុំ​មីនាង ទៅ​កោះ​ហៅ​អ្នក​កំលោះ​ស្រស់​ស្អាត​នោះ​មក​រួម​រ័ក្សមេត្រី ដោយមហាសែនសុខជាមួយគ្នាទៅ។

  ព្រោះតែសុភមង្គល ព្រោះតែសេចក្ដីសុខ ព្រោះតែកាមតំរេក ភ្លើងតណ្ហា ព្រះនាងសុវណ្ណមាលា ភ្លេចអស់ឋានៈខ្លួនជា​ប្អូន​ស្ដេច​ផែន​ដី​។ ព្រះ​នាង​ក៏​លែង​មាន​ចិត្ដ​ចង់​វិល​ត្រលប់ទៅព្រះនគរវិញដែរ។ ព្រះនាងក៏បែកគំនិតបោកបញ្ឆោតប្រើអស់​នាម៉ឺន​មុខ​មន្ដ្រី​ពល​សេនា អោយ​សាង​សង់​តំណាក់​មួយ​សំរាប់​ព្រះ​នាង​។ អស់រយៈពេលយូរថ្ងៃខែកន្លងមក ដោយយល់ឃើញថា ព្រះនាងមិនអាចបិទ​បាំង​លាក់​រឿង​ស្នេហ៍​អាថិ​កំបាំង​នេះ​ត​ទៅ​ទៀត​បាន ព្រះនាងសុវណ្ណមាលាក៏កោះប្រជុំគ្រប់អស់នាម៉ឺនមុខមន្រ្ដី ដែលបានដង្ហែព្រះនាង ដើម្បី​រៀប​រាប់​អស់​បញ្ហា​តាម​ដំណើរ​ដើម​ទង​។

  ក្នុងគ្រាជាមួយគ្នានោះដែរ ម្ចាស់ក្សត្រីសុវណ្ណមាលា បានប្រទានងារ ស្ដេចប្រទេសរាជ ដល់គូកំណាន់របស់ខ្លួន។ ដោយ​ភ័យ​ខ្លាច​ព្រះ​សុវណ្ណ​បទុម​ជា​បង​ខឹង​សំបារ ចាប់ទោសអូសដំណើរលើកទ័ពមកចាប់ចង ព្រះនាងក៏ចាត់អោយគេកេណ្ឌពលទាហាន​សេនា រៀប​ចំ​ធ្វើ​បន្ទាយ​ចាំ​ការ​ពារ​យ៉ាង​ល្អិត​ល្អន់​។ នៅ​ចំពោះ​មុខ​ព្រឹត្ដិការណ៍នេះ នាម៉ឺនមុខមន្ដ្រីទាំងអស់បានពន្យល់ អង្វរសុំព្រះនាងកុំអោយ​ប្រ​ព្រឹត្ដ​ធ្វើ ​ដូច្នេះ​។ តែ​ព្រះ​នាង​និង​គូ​ស្នេហា​មិន​បាន​ស្ដាប់ទៅតាមពាក្យទូន្មាននែនាំទាំងនោះទេ។

  ដោយសារហេតុការណ៍បានវិវត្ដទៅដូច្នេះ នាម៉ឺនទាំងនោះបាននាំគ្នាតាក់តែងធ្វើចុតហ្មាយផ្ញើទៅថ្វាយព្រះរាជា អធិប្បាយ​ហូរ​ហែ​ទៅ​តាម​ហេតុ​ការណ៍ ដែល​កើត​មាន​ជាក់​ស្ដែង។ គ្រាន់តែបានទទួលដំនឹង ព្រះមហាក្សត្រទ្រង់ខឹងខ្ញាល់ខ្លាំងណាស់ ព្រះអង្គ​បញ្ជា​អោយ​នាម៉ឺន​ និង​មេ​ទ័ព​រៀប​ចំ​ពល​សេនា លើក​ទ័ព​ចេញ​ទៅចាប់ប្អូនស្រី និង សហាយយកមកកាត់ទោសដាក់ទណ្ឌកម្មទៅតាមច្បាប់ប្រពៃណី។

  ម្ចាស់ក្សត្រីសុវណ្ណមាលា បានលឺសូរដំនឹងដូច្នោះមានការតក់ស្លុតភ័យកត្តមា។ ព្រះនាងបានពិគ្រោះគិតគូរថា គួរ​ណាស់​ត្រូវ​តែ​នាំ​គ្នា​ទៅ​សុំ​ទោស​មហា​ក្សត្រ​ជា​បង​ទើប​បាន​សម​ល្អប្រសើរជាង។ គិតដូច្នេះហើយ ព្រះនាងសុវណ្ណមាលា និងសង្សារ ក៏ធ្វើ​ចុត​ហ្មាយ​មួយ​ច្បាប់​ដោយ​មាន​ទាំង​សួយ​សារ​អាករ​ផង ទៅ​ថ្វាយ​ព្រះមហាក្សត្រ។ ព្រះសុវណ្ណបទុមទន់ចិត្ដទន់ថ្លើម នឹកគិតអាណិតអាសូរដល់ប្អូន ក៏​ប្រោស​ប្រណី​លើក​លែង​ទោស​ទៅ​។ ព្រះ​អង្គ​ទ្រង់​ឈ្វេងយល់ថា នេះជាកម្មពៀរវេរាពីព្រេងនាយ ហើយម្យ៉ាងទៀត អ្នកទាំងពីរជា​គូ​និង​គ្នា​ពី​អតីត ព្រះ​អង្គ​បាន​តែង​តាំង​ស្ដេច​ប្រទេស​រាជ​ជា​ស្ដេច​ក្រាញ់​នៅ ស្រុកណងស្នោ ក្នុងមួយឆ្នាំម្ដងស្ដេចប្រទេសរាជត្រូវនាំសួយ​សារ​អាករ​មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​។

  ព្រះបាទសុវណ្ណបទុម សោយរាជសម្បត្ដិបាន ៥៨ឆ្នាំ ព្រះអង្គគ្មានព្រះរាជបុត្រសំរាប់សោយរាជសម្បត្ដិបន្ដពីអង្គទេ។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត នៅ​ឆ្នាំ​កុរ ក្នុង​ព្រះ​ជន្ម​៨៩​វស្សា ដោយ​ជំងឺ​ចាស់ជរា។

ស្ដេចប្រទេសរាជ

  ក្រោយដែលព្រះសុវណ្ណបទុមចូលទីវង្គត នាម៉ឺនមុខមន្ដ្រីទាំងឡាយបាននាំគ្នាទៅសុំយាងស្ដេចប្រទេសរាជ ដែលត្រូវជា​ប្អូន​ថ្លៃ អោយ​ឡើង​សោយ​រាជ​សម្បត្ដិ​នគរ​កម្ពុជា​ជា​បន្ដ។ ពិធីអភិសេកត្រូវបានរៀបចំប្រារព្វធ្វើឡើងនៅថ្ងៃ១០កើតខែផល្គុន ឆ្នាំកុរ ព.ស ៥២៣ ត្រូវ​ជា​ឆ្នាំ ២១​មុន​ គ.ស។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​នាម​ព្រះ​បាទសម្ដេចប្រទេសរាជាធិរាជ។ ព្រះអង្គបានមកគង់នៅព្រះរាជធានី​មហា​នគរ​ធំ​ដដែល​។

  ស្ដេចប្រទេសរាជ និង ម្ចាស់ក្សត្រីសុវណ្ណមាលា គ្មានបុត្រាបុត្រីសំរាប់បន្ដព្រះរាជវង្សានុវង្សឡើយ។ ព្រះអង្គសោយ​រាជ​សម្បត្ដិ​បាន ២១​ឆ្នាំ​។ ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំ​វក​ក្នុង​ព្រះជន៩២វស្សា។

  ដូច្នេះ បើតាមពង្សាវតារសម្ដេចវាំងជួន ព្រះរាជវង្សក្សត្រខ្មែរ ដែលជាប់ឈាមជ័រព្រះថោងនាងនាគ ឬ សម្ដេចកុម៉ែរាជ​ត្រូវ​ចប់ ដាច់​ពូជ នៅ​ក្នុង​គ្រា​កាល​សម័យ​នេះ។

កំណត់សំគាល់

  ក្នុងផ្នែកនេះ យើងអាចកត់សំគាល់បានថា ស្ដេចប្រទេសរាជ ដែលជារាស្រ្ដសោះ ហើយដែលគ្មានជាប់ឈាមជ័រស្ដេចអ្វី​ទាំង​អស់ បាន​ឡើង​សោយ​រាជ​សម្បត្ដិ​នគរ​កម្ពុជា ដោយសារមហេសីជាកូនស្ដេច។ ត្រង់នេះមានន័យថា នៅក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរ​ជំនាន់​ដើម បុរស​អាច​ឈោង​យក​តាម​ត្រកូល​ខាង​ប្រពន្ធ មកប្រើការយកបុណ្យសក្ដិ យកអំណាច ឬ រាជបល្ល័ង្គ ឡើងធ្វើជាស្ដេចបាន​។ ដូច្នេះ​ហើយ​ដោយ​សារ​ម្ចាស់​ក្សត្រី​សុវណ្ណ​មាលា ដែល​ត្រូវជាកូនរបស់មហាក្សត្រផង ជាប្អូនបង្កើតព្រះមហាក្សត្រផង ស្ដេចប្រទេស​រាជ​ដែល​ជា​រាស្រ្ដ និង​ជា​កូន​អ្នក​នេសាទ​ត្រី​សោះ បាន​មាន​សិទ្ធិ​ឡើងគ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ ទំនៀមទំលាប់ឡើងស្នងរាជ្យ ឬ​ក្ដាប់​អំណាច​ដោយ​វិធី​របៀប​នេះ​យើង​ឃើញ​មាន​ជា​ហូរ​ហែ​ត​ទៅទៀតក្នុងប្រវត្ដិសាស្ដ្រខ្មែរ។