នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមការនិទានដំណាលតៗគ្នាមក ព្រះថោង និង នាងនាគ ជាឳពុកម្ដាយ ជា​ជីដូន​ជីតា ជា​អ្នក​បង្ក​បង្កើត​អោយ​មាន​ជាតិ មាន​កំណើត មាន​ទឹក​ដី​ខ្មែរ​មុន​គេ​ដំបូង​បង្អស់។ បងប្អូនខ្មែរយើងភាគច្រើនណាស់ ពុំបានដឹង ពុំ​បាន​ស្គាល់​ប្រវត្ដិ​នេះ​ទេ​។ ឯក​សារ​រាប់​រៀប អំពី​ប្រវត្ដិ ព្រះ​ថោង នាង​នាគី» មាន​នៅ​ក្នុង​សឹងតែគ្រប់ពង្សាវតារខ្មែរដែលរៀបចំសរសេរឡើងដោយអ្នកនិពន្ធផ្សេងៗ។

ព្រះពុទ្ធទំនាយ

   សម័យមួយ ព្រះសមណគោត្ដមព្រះពុទ្ធបរមគ្រូ កាលនោះព្រះជន្មបាន ៨០វស្សា បានយាង​ត្រេច​រង្គត់​ទៅ​គ្រប់​ទិស​ទី​កន្លែង ដើម្បី​ប្រោស​អស់​សព្វ​សត្វ​លោក​។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ បានយាងទៅដល់កោះមួយ ដែល​មាន​ដើម «ធ្លក» ដុះ​បែក​មែក​សាខា​ត្រសុំ​ត្រសាយ​។ នៅ​ក្រោម​ដើម​ធ្លក​នោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូលរបស់ស្ដេចភុជង្គនាគ សំរាប់​ចេញ​ចូល​មក​ក្រសាល​លេង​។ ទីដី​កន្លែង​នោះ​មាន​ស្ថាន​ភាព​រាប​ស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួត​មួយ​រស់​នៅ​ដោយ​សុខ​សាន្ដ​។

   ព្រឹកព្រហាមស្រាងៗកាលណា ព្រះពុទ្ធអង្គចាប់ផ្ដើមស្មឹងស្មាតប្រមើមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែល​ព្រះ​អង្គ​ត្រូវ​និមន្ដ​ទៅ​ប្រោស​។ បន្ទាប់​មក​ព្រះ​អង្គ​ទ្រង់​សោយ​ចង្ហាន់​។ ដោយធំក្លិនម្ហូបអាហារទិព្វឈ្ងុយឆ្ងាញ់ពេកហើយ​ដោយ​ទ្រាំ​មិន​បាន សត្វ​ត្រកួត​ដែល​រស់​នៅ​លើ​ដើម​ធ្លក ក៏​ចេញ​ខ្លួន​មក​ថ្វាយ​បង្គំព្រះពុទ្ធបរមគ្រូ ព្រះអង្គបានពូតបាយ ហើយបោះអោយទៅសត្វ​ត្រកួត​នោះ​ទុក​ធ្វើ​ជា​អា​ហារ​ឆ្ងាញ់​ពេក ត្រកួត​លិត​មាត់​លិត​ក លៀន​អណ្ដាត​ចេញមកក្រៅ។ ទតឃើញត្រកួតមានអណ្ដាតព្រែកចេញជាពីរ ព្រះពុទ្ធ​លោក​ទ្រង់​ឈ្ងោក​ព្រះ​ភ័ក្រ្ដ​សំលឹង​ទៅ​ព្រះ​ធរណី​ដោយ​ក្ដី​ញញឹម​។ ឃើញដូច្នោះ ព្រះអានន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរសុំអោយ​ព្រះ​អង្គ​ពន្យល់​អំពី​ហេតុ​ផល។

   ព្រះអង្គបានមានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត «កោះកោកធ្លក» នេះ នឹងកកើតក្លាយទៅជានគរ​មួយ​ខ្លាំង​ក្លា​មាន​ទឹក​ដី​ធំ​ទូលាយ ប្រជា​ជន​រស់​នៅ​ដោយ​សុខ​សប្បាយ​ក្សេម​ក្សាន្ដថ្កុំថ្កើងរុងរឿង។

  សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនារបស់ព្រះពុទ្ធ ក្រោយមកដែលបានចាកលោកនេះ​ទៅ នឹង​បាន​កើត​ជា​ព្រះ​រាជ​បុត្រ​ស្ដេច​នគរ​ឥន្ទ​ព័ទ្ធ ហើយ​នឹង​យាង​មក​សោយរាជ្យសម្បត្ដិនៅនគរគោកធ្លក។ ពេលនោះស្ដេចភុជង្គនាគ នឹង​ចេញ​មក​រៀប​ចំ​ទឹក​ដី ថ្វាយ​ព្រះ​អង្គ​។ ព្រះ​អង្គ នឹង​ដាក់​ឈ្មោះ​នគរ​គោកធ្លកជា "កម្ពុជាធិបតី" ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា «ស្រុកខ្មែរ»។ ឯ​ព្រះ​ឥន្រ្ទា​ធិរាជ​វិញ ក៏​នឹង​បញ្ជា​អោយ​ព្រះ​វិស្ស​កម្ម​ទេវ​បុត្រ ចុះមកកសាងប្រាង្គប្រាសាទធំល្អល្អះជាច្រើនទៀតដែរ។ តែ​ប្រជាជននៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្មាន​ចិត្ដ​ស្មោះ​ត្រង់ ប្រកាន់​គោរ​ពពាក្យ​សំដីរបស់ខ្លួនទេ។ សំដីនិយាយចេញមកមានន័យផ្សេង មិនដូចចិត្ដគំនិតដែល​គិត​យល់​នោះ​ទេ​។ គឺ​មាន​អណ្ដាត​ព្រែក​បែក​ជា​ពីរ ដូច​សត្វ​ត្រកួត​ជីតារបស់ខ្លួន។ ទ្រង់ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏ទ្រង់​យាង​និមន្ដ​បន្ដ​ដំណើរ​ទៅ​ប្រោស​សត្វ​លោក​ត​ទៅ​ទៀត។

ប្រវត្ដិព្រះថោង

   កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានកូនប្រុស៥នាក់ បុត្រ​ទី១ ត្រូវ​បាន​ព្រះ​អង្គ​តំរូវ​អោយ​កាន់​កាប់​ខេត្ដ​ខ័ណ្ឌ​ផ្នែក​ទិស​ខាងកើត បុត្រទី២ ខេត្ដខ័ណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដខណ្ឌខាងលិច ហើយ​បុត្រ​ទី​៤ ព្រះ​ថោង ត្រូវ​ទទួល​បន្ទុក​ខេត្ដ​ខ័ណ្ឌ​ទិស​ខាង​ត្បូង​។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅ​ជាប់​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​បរម​រាជ​រាំង​។

   ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលទេសត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជា​ត្រូវ​តែ​ទទួល​ស្ដេច​នគរ​ចំណុះ នាម៉ឺន​សព្វ​មុខ​មន្ដ្រី មក​ពី​គ្រប់​ទិស​ទី ព្រះ​អទិច្ច​វង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាង​ទៅ​ទទួល​ភ្ញៀវ​ជំនួស​ព្រះ​អង្គ​។ គ្រប់​ៗ​គ្នា មាន​ទាំង​ស្ដេច​បង​ព្រះ​អង្គ​ទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបប​ប្រ​ពៃណី​។ លើក​លែង​តែ​ព្រះ​ថោង ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​តាមទំនៀមទំលាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជ្យ​សម្បត្តិ​ផ្ទេរ​អោយ​ប្អូន​ រួច​ស្រេច​បាច់​បាត់​ទៅ​ហើយ​។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់​រាជ្យ​អោយ​បុត្រ​ពៅ​រួច​ស្រេច​ទៅ​ហើយ​មែន​។

   ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វ​មុខ​មន្ដ្រី​ដើម្បី​រៀប​រាប់​ប្រាប់​អស់​នូវ​ព្រឹត្ដិ​ការណ៍​។ ព្រះ​អង្គ​បាន​សំរេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំង​អស់ នៅ​ឯ​បរម​រាជ​វាំង​។

   ពេល​នោះ​នាម៉ឺន​មុខ​មន្រ្ដី​ទាំង​អស់ គ្មាន​នរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗ​គិត​តែ​វៃ​អប​ស៊ី​អែប​លេម​លើម​ឥត​ខ្មាស​អៀន​ហើយ​យល់​ស្រប​តាម​គ្រប់​ចំនុច​។ ពីនោះថ្ងៃមក ព្រះថោងលែងទៅថ្វាយបង្គំ​ព្រះ​បិតា​ដូច​សព្វ​ដង​ទៀត​ហើយ​។

   ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះ​អង្គ​លុត​ជង្គង់​ថ្វាយ​បង្គំ​ដែល​ធ្វើ​អោយ​ព្រះ​ថោង​មាន​ការ​ភ្ញាក់​ផ្អើល និង​ឆ្ងល់​យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់​គ្រប់​ដំណើរ​ដើម​ទង​មក ព្រះ​ថោង​ក៏​បាន​យល់​ស្គាល់​អំពី​កំហុស​របស់​ខ្លួន ហើយ​ក៏​បាន​ផ្ដាំ​ប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។

   ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុកស្មាញនេះ​បាន​ដោយ​ជោគ​ជ័យ ក្នុង​សន្ដិ​វិធី គឺ​ពិត​ជា​សក្ដិ​សម​ជា​ស្ដេច ដែល​ត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះ​ថោង​មាន​ចិត្ដ​ស្រាល​ឆេវ​ឆាវ មិន​ចេះ​គិត​គូរ​ពិចារ​ណា​វែង​ឆ្ងាយ​ឡើយ អា​កប្ប​កិរិ​យាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជា​ការ​ក្បត់ នឹង​ប្រទេស​ជាតិ​ដែរ​ទោស​នេះ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត​បង់ នាម៉ឺន​សព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយ​ព្រះ​ថោង​ព្រះ​អង្គ​ធ្លាប់​មាន​គុណ​បំណាច់​ក្នុង​ការ​ពារ​ទឹក​ដី​ប្រទេស​ជាតិ នាម៉ឺន​មន្រ្ដី​ទាំងនោះ បានសុំអោយត្រឹមតែបំបរបង់នីរទេសព្រះអង្គប៉ុណ្ណោះបានហើយ។

   ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជន្មបាន១៦ឆ្នាំ ព្រះអង្គបានយាងចេញ​ទៅ​កាន់​កាប់​ខេត្ដ​ខ័ណ្ឌ​ទិស​ខាង​ត្បូង​។ ២០​ឆ្នាំ​ក្រោយ​មក អាយុបាន៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់នីរទេស ដេញចេញពីនគរ។ នាម៉ឺន​មុខ​មន្ដ្រី​ពល​សេនា និង​ប្រជា​រាស្រ្ដ​ជា​ច្រើន ដែល​ស្រលាញ់​គោរព​ព្រះ​អង្គ ប្រមាណជាង១កោដិនាក់ (តែឯកសារខ្លះថាតែ​១​សែន​នាក់) បាន​សុខ​ចិត្ត​ចាក​ចេញ​អំពី​នគរ​ទៅ​រស់​នៅ​ដង្ហែរ​តាម​ព្រះ​ថោង​។ ពួកជននីរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់​សក់​ជើង​កញ្ជើ" អោយ​ខុស​អំពី​ប្រជា​ពល​រដ្ឋ​ធម្មតា ដើម្បី​បញ្ជាក់​ថា ជា​ជន​ជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បាន​បញ្ជា​បក្ស​ពួក​ក្រុម​ព្រះ​អង្គ​អោយ​ចុះ​សំពៅ​ទូក​ក្បួន​បណ្ដែត​តាម​ទន្លេ​ខ្សែ​ទឹក​។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ព្រៃ​ព្រឹក្សា​ចុះ​មក​តាម​ទិស​ខាង​ត្បូង​រហូត​មក​ដល់​ភ្នំ​ដង​រែក ដែល​ជាដំបន់ភូមិភាគមួយអហោរស្ថានគ្មានមនុស្សរស់នៅ។

   ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយ​បោះ​យុថ្ការ ចុះ​ចត​លើ​កោះ​គោក​ធ្លក​។ កន្លែង​នោះ មាន​ឈ្មោះ​ដំណាល​ជាប់​មកជាស្រុកគ្រួខ័ណ្ឌ ឬ​គោកខ័ណ្ឌ" ដែលស្ថិតនៅខាង​ជើង​ជួរ​ភ្នំ​ដង​រែក​សព្វ​ថ្ងៃ​។ ក្នុង​វគ្គ​នេះ ពង្សា​វតារ​ខ្លះ​ទៀត​បញ្ជាក់​ថា ព្រះថោង និង​បរិ​វារ​អ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោង​ទង ដែល​នៅ​ទី​នោះ​បាន​ជាប់​ឈ្មោះ​បឹង​ពុង​ពាយ " រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចេរចានិងស្ដេចចាម ដើម្បី​ចង​ស្ពាន​មេត្រី​ក្នុង​ន័យ​រួម​រស់​ជា​មិត្ដ​ភាព​ក្នុង​តំបន់​ជា​មួយ​គ្នា។

   ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះឈ្លោះមិនចុះសំរុងនឹងគ្នា ហើយ​ក៏​កើត​មាន​ជា​សង្រ្គាម​ចំបាំង​រាំង​ជល​។ ព្រះ​ថោង​បាន​យក​ជ័យ​ជំនះ ឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចំបាសាក់ បច្ចុប្បន្ន​ទឹក​ដី​លាវ​សព្វ​ថ្ងៃ​។ ឥឡូវ​ព្រះ​ថោង​ព្រះ​អង្គ​បាន​គ្រប់​គ្រង​ទឹក​ដី​គោក​ធ្លក​តែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា "នគរគោកធ្ល"។

   បណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះ​អង្គ​បាន​បញ្ជា​អោយ​អ្នក​ប្រាជ្ញ​កែ​ប្រែ​អក្សរ​ភាសា​សំស្រ្កិត មក​ជា​អក្សរ​ភាសា​ខ្មែរ​សំរាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យ​កសិ​កម្ម និង​សេដ្ឋ​កិច្ច ក៏​ត្រូវ​បាន​ចាត់​យ៉ាង​សកម្ម​ដែរ​។ នៅ​ផ្នែក​ជំនឿ​សាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនា​ជា​ច្រើន នៅ​លើ​ទឹក​ដី​នគរ​គោគ​ធ្លក​។

អភិសេកព្រះថោងនាងនាគ

   ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវ​ហត់​អស់​កំលាំង ព្រះ អង្គ​ចូល​ទៅ​សំរាក​ក្រោម​ដើម​ធ្លក ដល់​ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយ​មិន​អាច​វិល​ត្រលប់​វាំង​ប្រាសាទ​បាន ព្រះ​ថោង​ក៏​ទ្រង់​សំរាក​នៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រា​នោះ នា​រាត្រី​ដ៏​សែន​ស្ងាត់​ជ្រងំ ព្រះ​នាង​ធារា​វត្ដី បុត្រី​សេ្ដច​ភុជង្គ​នាគ​បាន​នាំ​អស់​ពួក​ភី​លៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះ​ថោង​ទត​យល់​ឃើញ​ព្រះ​នាង​កាល​ណា ក៏​លប​លួច​ចាប់​ចិត្ដ​ប្រតិ​ព័ទ្ធ​ស្នេហា​ភ្លាម​។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះ​ថោង និង​នាង​នាគ​ក៏​ចាប់​ផ្ដើម​មាន​ចិត្ដ​ស្នេហា​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ទៅ​វិញទៅមក។

   ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការ​គ្រប់​បែប​យ៉ាង​មក​រង់​ចាំ​នៅ​ត្រង់​ទីក​ន្លែង​ដដែល​។ ចំណែក​ព្រះ​នាង​ធារា​វត្ដី កាល​បើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាម​ដំណើរ​ទូល​ថ្វាយ​ព្រះ​បិតា និង​ព្រះ​មាតា។ ស្ដេច​ភុជង្គ​នាគ មិន​បាន​យល់​ជំទាស់​ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរ​គោល​បំណង​របស់​កូន​។

   ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាង​បរិ​បូរណ៌​ឥត​មាន​ខ្ចោះ ឥត​មាន​ខ្វះ​ត្រង់​ណា យក​មក​ទុក​ត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និង​អគ្គម​ហេសី​បាន​យាង​ចេញ​មក​ត្រង់​កន្លែង​ដើម​ធ្លក​មែន បាន​យល់​ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​ដោយ​ក្ដី​គោរព​។ ស្ដេច​ភុជង្គ​នាគ និង​មហេសី​ពេញ​ចិត្ដ​ត្រេក​អរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បាន​រៀប​ចំ​អភិ​សេក​កូន​ស្រី​កូន​ប្រុស​ជា​គូស្វាមី​ភរិយា​ត​រៀង​មក​។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាន​នាំ​ពល​រេហ៍​សេនា បឺត​ពង្រីង​ទឹក​សមុទ្រ បង្ក​បង្កើត​អោយ​កើត​បាន​ជា​ដី​ស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទ វាំង​តូច​ធំ​ទុក​ថ្វាយ​ជា​ច្រើន​។

   ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស​២៧៧ ឆ្នាំ​ម្សាញ់ ត្រូវ​ជា​ឆ្នាំ​២៦៧ មុន​គ.ស​។ កាល​នោះ​ព្រះ​ថោង​បាន​ព្រះ​ជន្ម ៤៦វស្សា

   ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះ​អង្គ​បាន​ទទួល​គោ​រម្យ​នាម​ជា ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ​សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន"​។ ព្រះ​អគ្គ​មហេសី​នាង​នាគ​ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រី​គាប់​លក្ខណ៍​ឯក​អគ្គ​ទេវី​។ ពិធី​បុណ្យ​អភិ​សេក​ចប់​សព្វ​គ្រប់​កាល​ណាស្ដេចភុជង្គនាគ និង​ព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់​ចុះ​ទៅ​ព្រះ​នគរ​វិញ ដើម្បី​ជូន​ដំណើរ​ព្រះ​បិតា​ព្រះ​មាតា​ក្មេក​ចុះ​ទៅ​ស្ថានភុជង្គនាគ ព្រះថោង ឬ​ព្រះបាទសម្ដេចកុម៉ែរាជ បានចាប់​តោង​ស្បៃ​នាង​នាគ​ចុះ​ទៅ​តាម​ទៅ​ជា​មួយ​ដែរ​។ កាល​នោះ​ព្រះ​ថោង​រៀប​ចំ​សាង​សង់​ព្រះ​បរមរាជវាំង គង់នៅមហានគរធំ ឬ​មហានគរ ឬ​អង្គរ​ដែលជាកន្លែង​ដើម​ធ្លក​បាន​ដុះ​។

សង្គ្រាមនឹងចាម

   នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេច​ចាម​ដែល​ច្បាំង​ចាញ់​ព្រះ​ថោង​កាល​ពី​លើក​មុន បាន​លើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាម​អាស​ចៃយ​រាជ ដោយ​មាន​កូន​ប្រុស​ប្រាំ​នាក់ ធ្វើ​ជា​មេ​ទ័ព​ជំនួយ បានលើកទ័ពចេញមកពីចំបាសាក់។

   ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួម​ផង បាន​មក​ចោម​ព័ទ្ធ​ទី​ក្រុង​មហា​នគរ​។ ពេល​នោះ​ព្រះ​កុម៉ែ​រាជ​បានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូល​ថា បើ​យើង​ច្បាំង​តប​នឹង​សត្រូវ​ក៏​បាន​ដែរ តែ​ប្រជា​ពល​រដ្ឋ​យើង នឹង​ត្រូវ​ស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិច​កិច្ច​កល​ជា​ចាញ់ ខ្លាច​ចាម​ហើយ​នាំ​គ្នា​វាយ​សំរុក​បើក​ផ្លូវ នាំ​គ្រួសារ​រត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេច​ខ្លួន​ហើយ​នាំគ្នា​មក​តាំង​ទី​ក្នុង​មហា​នគរ​ជា​មិន​ខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារ​សត្រូវ​យក​ជ័យ​ជំនះ​វិញ​។

   ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ​ជំរុំ​នៅ "នគរ​រាជ​សីមា។ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​កង​ទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពីជ័យ​សង្រ្គាម​។ ទ័ព​ចាម​ដូច​ដែល​ព្រះ​អង្គ​បាន​គិត​មែន បាន​នាំ​គ្នា​មក​តាំង​ទី​នៅ​ក្នុង​ព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ​ ដោយមាន​ជំ​នួយ​ពី​ទ័ព​នាគ​បាន​លើក​ទ័ព​ទៅ​វាយ​ប្រហារ ​កំចាត់​ទ័ព​ចាម​ធ្វើ​អោយ​បរា​ជ័យ​រត់បាក់បែកអស់។ ស្ដេចចាមអាសចៃយរាជ ត្រូវរបួស​យ៉ាង​ទំងន់ ហើយ​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​គ្រា​ចំបាំង​នោះ​ទៅ​។ រី​ឯ​កូន​ប្រុស​ទាំង​ប្រាំ​នាក់​របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូន​ស្ដេច​ចាម​ទាំង​ប្រាំ​នាក់​ បាន​ទទួល​ខ្លួន​ចុះ​ចាញ់ សុំ​ចំណុះ និង​សុំ​បំរើ​ព្រះ​ថោង​រៀង​រហូត​ត​ទៅ។

   ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះសុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយ​មាន​ទី​តាំង​នៅ​លើ​ភ្នំ​បា​យ៉ង​កោ ព្រះ​សុរិ​យោ​ទេ​វេស អោយ​ទៅ​គ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមន្រ្ទាវរមិន្ទ ​អោយ​ទៅ​គ្រប់​គ្រង​ស្រុក​លើក​ដែក ព្រះ​សុរិ​យោវរ​មិន្ទ អោយ​ទៅ​គ្រប់​គ្រង​ស្រុក​ត្បូងឃ្មុំ និងព្រះសន្រ្ទាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង។

   នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិសនុកលោក និងសុខោទ័យ នៅ​ទិស​ខាង​លិច​ទៅ​ដល់​ស្រុក​គោក​អង្រ្កង ឬ​ស្រុក​យួន​នៅ​ទិស​ខាង​កើត ទៅ​ដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិស​ខាង​ត្បូង​ទល់​និង​សមុទ្រ​។

   មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញ​ប្រកប​មុខ​របរ​ក្នុង​ស្រុក​ខ្មែរ មាន​ដូច​ជា​សៀម លាវ យួន ជា​ដើម​។ សៀម​ចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់​ត្រី​កន្ធរ​យក​មក​ប្រលាក់​ហាល​។ ជា​រៀង​រាល់​ឆ្នាំ ជន​ជាតិ​សៀម​ទាំង​នោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្រ​បុរី មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​កុម៉ែ​រាជ​ជា​សួយ​សារ​អាករ​។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយ​ជា​រៀង​រាល់​ឆ្នាំ ក៏​តែង​តែ​នាំ​យក​សំពត់​សូត្រ សំពត់​ព្រែ មក​ថ្វាយ​ព្រះរាជាជាសួយសារអាករដែរ។

   ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារៈកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និង​ប្រគល់​បេសក​កម្ម​រៀង​ខ្លួន អោយ​ទៅ​ត្រួត​ត្រា​ស្រុក​នគរ​ប្រទេសផ្សេងៗ

  1. ព្រះវិរោជ, បុត្រច្បង ទទួលមុខងារ ជាមហាអុបរាជ
  2. ព្រះហរិរាជ, ជាកែវហ្វារ
  3. ព្រះបរមន្ទិរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបូរី
  4. ព្រះអុទ័យរាជា, ស្រុកធនបូរី
  5. ព្រះនរិន្ទរាជា, ស្រុកសាវាងបូរី
  6. ព្រះវិជៀនរាជ, ស្រុកគំដែងបូរី
  7. ព្រះសាហរាជ, ស្រុកបូរីរ៉ាម
  8. ព្រះភិរុណរាជ, ស្រុកបស្ចឹមបូរី
  9. ព្រះពិជិតរាជ, ស្រុកពិជិតបូរី
  10. ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
  11. និង ព្រះពិពិតរាជ ស្រុកពិស្នុកលោក។

   ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំ​រកា ក្នុង​ព្រះ​ជន្ម ១២២ ព្រះ​វស្សា​។

កំណត់សំគាល់

   ១ -ប្រវត្ដិព្រះថោងនាង និងទំនៀមទំលាប់ បានដិតដាមជាប់ជានិច្ច ក្នុងប្រវត្ដិសង្គមជាតិខ្មែរ ទោះខ្មែរមិនបានដឹងមិន​បាន​យល់​ក៏​ដោយ ក៏​ខ្មែរ​បាន​គោរព និង​អនុវត្ដ​លុះ​ទៅ​តាម​ប្រពៃ​ណី រួចស្រេចទៅហើយដែរ។ ដូចជាក្នុងពិធីរៀបអាពាហ៍ពិពាហ៍​មង្គ​លការ គឺ​មាន​តាំង​តែ​ពី​ស្លៀក​ពាក់​របៀប​រៀប​ចំ ចំរៀង​ភ្លេង​តន្រ្ដី រហូត​ដល់គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ដ សែនព្រេន បួងសួងបន់​ស្រន់​ អញ្ជើញ​ឥន្រ្ទ​ព្រហ្ម ទេព​តា​អារុក្ខ​អារក្ស​អ្នក​តា​ចាស់​ទុំ យម​រាជ​ខ្មោច​ព្រាយបីសាចចងដៃអោយពរជ័យសព្វសាធុការ បាចផ្កាស្លា និង តោង​ស្បៃ​កូន​ក្រមុំ​ជា​ដើម​៘

   ដូច្នេះក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូប នៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សក្រកូល។

   បើយើងនិយាយ ក្នុងផ្នែកអក្សរសាស្រ្ដវិញ យើងសង្កេតឃើញមានរឿងព្រេងច្រើនណាស់ ដែលដំណាលរៀប​រាប់​និទាន​អំពី​ក្រពើ​ឬ​ ត្រកួត ព្រះ​ថោង ឬ​ជីតារ​បស់​ខ្មែរ​យើង​នេះ​។ រឿង​ព្រេង​ដែលនិទានអំពីក្រពើ មានវត្ដមាននៅគ្រប់ទិសទី ក្នុងគ្រប់​ខេត្ដ​ខ័ណ្ឌ​ទឹក​ដី​ខ្មែរ ប៉ុន្ដែ​រូប​ភាព​ក្រពើ​ត្រូវ​បាន​ខ្មែរ​ជំនាន់​ថ្មី​យល់​ច្រលំ​ជា​តំណាង​រូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូដែលរមិលមិន​ស្គាល់​គុណ​គេ​។ ពី​ព្រោះ​គេ​តែង​និយម​និយាយ​ជាប់​មាត់​ថា "អាក្រ​ពើ​វង្វេង​បឹង"។ តែ​បើ​យើង​យោល​ទៅលើន័យឃ្លានេះវិញ នោះទើប​យើង​ឃើញ​ថា គេ​ចង់​ចង្អុល​បញ្ជាក់​ទៅ​លើ​ខ្មែរ ដែល​ភ្លេច​ដើម​កំណើត​ខ្លួន​ជា​ខ្មែរ ភ្លេចស្រុកកំណើត មុខមាត់ព័ណ៌សំបុរខ្លួនជាខ្មែរ ភ្លេច​ភាសា​វប្ប​ធម៌​ខ្លួន​ជា​ខ្មែរ ហើយ​យក​វប្ប​ធម៌​អរិយ​ធម៌​បរទេស​ជា​ត្រី​មុខ​។ ដែល​មាន​ន័យ​ថាក្រពើ មិនមែនមានន័យថាអាក្រក់នោះទេ។ ជាពិសេស បើ​ក្រពើ​នោះ​នៅ​នឹក​រលឹក​នៅ​ស្គាល់​បឹង​ដែល​ខ្លួន​ធ្លាប់​ស្នាក់​អាស្រ័យ​រស់​នៅ។

   តាមចំលាក់បូរាណ នៅតាមប្រាង្គប្រាសាទនានា ក៏គេសង្កេតឃើញមានរូបក្រពើ ឬ ត្រកួតដែលជាព្រលឹងខ្មែរជា​ហូរ​ហែ​។ រូប​ក្រពើ​នោះ​ជួន​ត្រូវ​គេ​ចាក់​កាប់​សំលាប់ ជួន​ជា​តួ​ទូក​ដែលគេនាំគ្នាជិះពីលើ។

   ពុំនោះសោតទេ នៅតាមព្រះវិហារ ឬនៅពេលដែលខ្មែរចូលមរណៈភាព ជានិច្ចជាកាលខ្មែរតែងតែដោត "ទង់​ព្រលឹង" ឬ​ទង់​ក្រពើ​។ ទង់​ព្រលឹង​ឬ​ទង់​ក្រពើ​ជា​និមិត្ដ​រូប​តំណាង​ព្រះ​ថោង។ ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរព​បូជា ប្រណិ​បត្ដិ​ដោយ​មិន​ដឹង​ខ្លួន​។ ឯ​រូប​សំណាក​នាង​គង្ហីង ឬ​នាង​ធរណី និង​ក្រពើ​នោះ គ្មាន​នរណា​ក្រៅ​អំពី​ព្រះថោង​នាង​នាគ​ឡើយ​។ ក្នុង​ទស្សនៈ​ខ្មែរ​យើង​ទុក​នាង​គង្ហីង​ព្រះ​ធរណី​ជា​ព្រះ​មេ ជា​អ្នក​មាន​គុណ​។ សូម្បីតែក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬ នាង​គង្ហីង និង​ក្រពើ​ក្នុង​ជំនឿ​សាសនា ក្នុង​ការ​គោរព​ជា​តួ​អង្គ​ការ​ពារ​ព្រះពុទ្ធផ្ចាញ់មារដែរ។

   ២ - រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង មិនមែនតូចនោះឡើយ ប្រទេសជិតឆ្ងាយជនជាតិសាសន៍ផ្សេងៗ បាននាំគ្នា​កុះ​ក​មក​រស់​នៅ ក្សេម​ក្សាន្ដ​ដោយ​សុខ​សន្ដិ​ភាព​សំបូរណ៍​សប្បាយ​។ ការរៀបចំស្រុកទេស អោយមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមមានដែរ។ ព្រះ​ពុទ្ធ​សាសនា​បាន​ជ្រួត​ជ្រាប មាន​ប្រជា​ពល​រដ្ឋ​ប្រកាន់​គោរព​ពេញ​នគរ​។ មិនតែប៉ុណ្ណោះសម្ដេចព្រះកុម៉ែរាជ ព្រះអង្គធ្លាប់បានធ្វើសារ​ថ្វាយ​ទៅ​ស្ដេច​កោះ​សេរី​លង្កា សុំ​អោយ​ព្រះ​អង្គ​ចំលង​ធ្វើ​មក​នូវ ព្រះត្រៃបិដក និងធម្មវិន័យព្រះពុទ្ធសាសនាដែលមានទាំងប៉ុន្មាន។ មិន​តែ​ប៉ុណ្ណោះ អ្នក​ប្រាជ្ញ​ព្រាហ្មណ៍ ឈ្មោះ​ប្រទេស​រាជ ត្រូវ​បាន​ស្ដេច​កោះ​សេរីលង្កា បញ្ជូនអោយមកជួបរៀបចំកិច្ចការទឹកដី នគរគោកធ្លក។

   ៣ -ឯកសារមួយចំនួនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួនចេញ បានកំណត់ថា ព្រះថោង ឬសម្ដេចកុម៉ែរាជ និងព្រះ​បាទ​ទេ​វង្ស​អស្ចារ្យ​ជា​តួ​អង្គ​ព្រះ​មហា​ក្សត្រ​ខ្មែរ​តែ​មួយ។

   ៤ ព្រះថោង ឬព្រះកុម៉ែរាជ ក៏អាចជាព្រះបាទ ហ៊ុន ទៀនដែរ។ កាលនោះ ក្នុងសតវត្សទី៣នៃគ្រឹស្ដសាសនា អ្នក​ដំណើរ​ចិន​ម្នាក់​ឈ្មោះ​ក្វាង​តៃ បាន​ទៅ​ដល់​ស្រុក​ខ្មែរ ដែល​ចិន​អោយ​ឈ្មោះ​ថា នគរហ្វូណន់។ អ្នកដំណើរចិននេះបានសំគាល់ថា ដោយសារតែ​សុបិន​និមិត្ដ​ស្ដេច​ឥណ្ឌា​មួយ​ព្រះ​អង្គ​ព្រះ​នាម ហ៊ុន ទៀន បាន​សំរេច​ចិត្ដ​ធ្វើដំណើរតាមសំពៅទៅនគរហ្វូណន់។ គ្រានោះ នៅចំពោះមុខ​ការ​ឈ្លាន​ពាន​របស់​ព័ទ​ឥណ្ឌា ព្រះនាង​លីវ-យី ដែល​ជា​ស្ដេច​ស្រី​នៅ​នគរ​ហ្វូណន់បានលើកទ័ពចេញទៅច្បាំងទប់ទល់ តែព្រះបាទ ហ៊ុន ទៀន បាន​បាញ់​ព្រួញ​ទិព្វ​ទំលុះ​ទំលាយ​ទូក​ព្រះ​នាង​លីវ-យី។ ព្រះ​នាង​លីវ​យី​ត្រូវ​លង់​ទូក ហើយទទួលបរាជ័យ។ នៅទីបំផុត ព្រះនាងសុខ​ចិត្ដ​សុំ​ចុះ​ចាញ់​។ ចំណែក​ព្រះ​បាទ ​ហ៊ុន ទៀន វិញ ព្រះ​អង្គ​ក៏​បាន​ពេញ​ចិត្ដ​ទៅ​លើ​រូប​ព្រះនាងលីវយី​ ហើយក៏រៀបចំទុកដាក់ព្រះនាងជា​ព្រះ​អគ្គម​ហេសី​សោយ​រាជ​សម្បត្ដិ​នគរ​ហ្វូណន់ បង្ក​បង្កើត​ស្រុក​ខ្មែ ត​រៀង​រហូត​មក។

   ៥ -ម៉្យាងវិញទៀត បើតាមសិលាចារិកនៅមីសុន ដែលគេបានសិក្សាកំនត់ថា ចារឆ្លាក់នៅក្នុងព.ស ៦៥៨ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី១​មាន​ព្រះ​នាម កៅ​ឌិញ្ញ ដូច្នោះ​ព្រះ​ថោង​ក៏​អាច​មាន​ព្រះ​នាម​កៅ​ឌិញ្ញ​ដែរ។ សិលាចារិកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ អស​វត្ថា​មន សំរាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោក​ធ្លក ឬ​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ​។ បន្ទាប់​មក ព្រះ​កៅ​ឌិញ្ញ ត្រូវ​បាន​រៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ភុជង្គនាគ។

   ដូច្នេះ យើងឃើញថា ដើមកំណើតដំបូងរបស់ខ្មែរ មានលក្ខណៈស្រពិចស្រពិលជាច្រើន បើយើងសំអាងទៅ​លើសិលា​ចារិក​នៅ​មីសុន​ និង​ទៅ​លើក​សក្ខី​ភាព​របស់​អ្នក​ដំណើរ​ចិន​។ តែអ្វើដែលយើងឃើញមានសេសសល់ជាទំនៀមទំ លាប់ ជាប្រ​ពៃណី អក្សរ​សាស្រ្ដ និង​ជា​រូប​ចំលាក់ គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​ព្រះថោងនាងនាគ។ ដូចដែលយើ ងបាននិយាយខាងលើរួចមក​ហើយ ព្រះ​ថោង​នាង​នាគ​ជា​និមិត្ដ​រូប​នៃ​គ្រួសារ​វង្ស​ត្រកូល និង​ប្រទេសជាតិខ្មែរ។