សេចក្ដីផ្ដើម

  ក្នុងបញ្ហាប្រវត្ដិសាស្រ្ដខ្មែរ យើងកត់សំគាល់ឃើញមានប្រវត្ដិសាស្រ្ដពីរប្រភេទ ដែលផ្នែកដើមមានលក្ខណខុសប្លែកអំពីគ្នា គឺ​ប្រវត្ដិ​សាស្រ្ដ​មួយ ដែល​សិក្សា​ស្រាវ​ជ្រាវ​ដោយ​អ្នក​ប្រាជ្ញ និង សាស្រ្ដាចារ្យបារាំង និង ប្រវត្ដិសាស្រ្ដមួយទៀតដែលចងចាំរត់​មាត់ និទាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយដែលចេះតែបន្ដរៀងរហូត ពីអតីតកាលមកដល់សព្វថ្ងៃ។

   អ្នកស្រាវជ្រាវបរទេសដែលតែងទិតៀន យល់ និងមានជំនឿថា ខ្មែរមិនចូលចិត្ដកត់ត្រា ឬសរសេរចារឯកសារ ចំណេះ​វិជ្ជា​ទុក​បន្ដ​ក្មេង​ជំនាន់​ក្រោយ​ទេ​។ គេ​យល់​ថា ខ្មែរ​និយមតែនាំគ្នារៀនចងចាំរត់មាត់ ហើយបង្ហាត់បង្រៀនគ្នាពីជំនាន់មួយទៅជំនាន់​មួយ​តាម​តែ​មាត់ និង​ការ​ចង​ចាំ​ប៉ុណ្ណោះ តែ​បើ​យើង​ពិនិត្យ​ការ​វិវត្ដន៍​របស់ប្រវត្ដិសាស្រ្ដខ្មែរ អោយបានជិតស្និទ្ធិល្អិតបន្ដិចនោះ យើងនឹង​យល់​ឃើញ​ថា ខ្មែរ​ក្នុង​សម័យ​មហា​នគរ និយម​ចារ​ឆ្លាក់​អក្សរ​ពាក្យ​បណ្ដាំ ព្រឹត្ដិ​ការណ៍​និង​ប្រវត្ដិ​ផ្សេងៗ នៅ​លើផ្ទាំងតាមប្រាង្គប្រាសាទ​នានា​។ បុព្វ​បុរស​ខ្មែរ មិន​បាន​សរ​សេរ​លើ​ក្រដាស លើ​សំពត់ លើ​ឈើ ឬលើស្បែកសត្វទេ ពីព្រោះគេយល់ថា ឯកសារប្រភេទដែលចារ​ឆ្លាក់​ដៅ​នៅ​លើ​ថ្ម​ដា អាច​រក្សា​ទុក​បាន​យឺន​យូរ​ច្រើន​សត្ដ​វត្ស មិន​ងាយ​រលុប ហើយក៏មិនងាយអន្ដរាយបាត់បង់ស្រួលៗដែរ។ ម្យ៉ាងវិញមួយ​ទៀត សិលា​ចារិក​ទាំង​នេះ ដែល​ផ្សំ​ទៅ​ដោយ​ប្រាសាទ​តូច​ធំ​ក៏​ជាសក្ខីភាពភ័ស្ដុតាងជាក់ស្ដែង បញ្ជាក់អំពីមហិទ្ធិរិទ្ធអានុភាពខ្លាំងពូកែក្លាហាន មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​មុត​មាំ និង​ស្គាល់​តែ​សេចក្ដី​ថ្លៃ​ថ្នូរ​ថ្កុំ​ថ្កើង តែ​ថ្ងៃដែលខ្មែរលែងមានធម៌ក្នុងខ្លួន ខ្មែរត្រូវបែកបាក់រត់ខ្ចាត់ខ្ចាយ ព្រាត់ប្រាសក្រុមគ្រួសារ រង​ទុក្ខ​វេទនា​ស្គាល់​ តែ​ភ្លើង​សង្គ្រាម​ធ្វើ​ឃាត កាប់​ចាក់​បង្ហូរ​ឈាម។ ពីពេលនោះមក ស្រុកខ្មែរយើងជួបប្រទះតែសង្គ្រាមបង្ហូរឈាមមិន​ឈប់​ឈរ។ សត្រូវ​ណា​ដែល​ចូល​មក​ដល់​ជាន់​ទឹក​ដី​ខ្មែរ សត្រូវនោះតែងតែចាប់ខ្មែរ យកទៅធ្វើជាឈ្លើយ លួចដឹកជញ្ជូនទ្រពសម្បត្ដិ និង​គម្ពីរ​ក្បួន​ខ្នាត​ខ្មែរ​គ្មាន​សេស​សល់​។

   ដូច្នេះដើម្បីជៀសវាងកុំអោយសត្រូវលួចប្លន់ ឬ​បំផ្លិចបំផ្លាញក្បួនខ្នាតច្បាប់គម្ពីរ និង វប្បធម៌ជាតិបាន ខ្មែរយើងគ្មានវិធី ឬ​មធ្យោ​បាយ​អ្វី ក្រៅ​អំពី​ការ​ខំ​រៀន​ទន្ទេញ​ចង​ចាំរត់មាត់ លាក់ទុកក្នុងខួរក្បាល និងចិត្ដអារម្មណ៍ឡើយ នៅទីនេះសត្រូវមិនអាចរកឃើញ ឬ​លួច​ខ្វេះ​យក​បាន​ឡើយ ដើម្បី​ចែក​កេរ្ដិ៍​មរ​តក បន្ដការចេះដឹងចំណេះវិជ្ជាក្បួនខ្នាតគម្ពីរសិប្បសាស្រ្ដទៅខ្មែរជំនាន់ក្រោយ បុព្វ​បុរស​ខ្មែរ​ត្រូវ​តែ​លួច​បង្ហាត់​បង្រៀន និង​ប្រើ​មធ្យោ​បាយ​សាប​ព្រោះ បន្ដពីមាត់មួយទៅមាត់មួយ និង ពីជំនាន់មួយទៅជំនាន់មួយ។

ពង្សាវតារខ្មែរ

   ប្រវត្ដិ : ពង្សាវតារខ្មែរត្រូវបានប្រវត្ដិវិទូជាច្រើន បែងចែកជាពីរភាគដាច់គ្នា។ ភាគទី១ ដែលចាប់ផ្ដើមពីរាជ្យព្រះថោង​នាង​នាគ​រហូត​ដល់​រាជ្យ​ព្រះ​និពា្វន​បាទ ត្រូវ​គេ​ដាក់​ឈ្មោះថា «ភាគរឿងព្រេងនិទាន» ដែលប្រជាពលរដ្ឋអ្នកស្រុកអ្នកភូមិខ្មែរតែងតែនិទាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ បន្ដ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តរៀងរហូតមក។ ពង្សាវតារខ្មែរ «ភាគរឿងព្រេងនិទាន» មាលក្ខណៈជាអច្ឆរិយ និង​អស្ចារ្យ​ ចំណែក​ភាគ​២​វិញ ត្រូវ​បាន​ចាប់​ផ្ដើម​ពីរាជព្រះមហាក្សត្រព្រះចៅពញាយ៉ាតឬ ព្រះបរមរាជាធិរាជរាមាធិបតី ឬព្រះបរមរាជា​ទី១​ ក្សត្រ​ខ្មែរ​ទី​៣៤ រហូត​មក​ដល់​រាជ្យ​ព្រះបាទ​នរោត្ដម។

   ចនួនពង្សាវតារខ្មែរទាំងអស់ ដែលក្រុមអ្នកប្រវត្ដិវិទូ បានស្រាវជ្រាវប្រមូលរកឃើញ មានប្រមាណជា៤០មុខខុសគ្នា ដែល​គេ​អាច​ចែក​ចេញ​បាន​ជា​ប្រាំបី​ប្រ​ភេទ ប្រ​ភេទ​ពង្សាវ​តារ​ទាំង​៨ ប្រ​ភេទ​បានវិវត្ដន៍ជាហូរហែពី គ.ស.១៧៩៦ ក្រោមរាជ្យ​ក្សត្រ​ខ្មែរ ព្រះ​បាទ​អង្គ​អេង​ដើម្បី​បញ្ជូន​យក​ទៅ​ថ្វាយ​ស្ដេច​សៀម​ព្រះ​រាមា​ទី១ ឬព្រះពុទ្ធយ៉តចុល្លាលោក ពង្សាវតារនេះត្រូវមានបកប្រែជាភាសាសៀម ហើយ​ត្រូវ​បាន​គេ​តំកល់​ទុក​នៅ​ប្រទេស​សៀម តែ​ច្បាប់​ដើម​ជាភាសាខ្មែរគេពុំទាន់បានរកឃើញទេ។

   ពង្សាវតារខ្មែរ សរសេរជាភាសាខ្មែរ ដែលគេរកឃើញ និងបានស្គាល់ជាដំបូង ជាស្នាដៃរបស់អ្នកអក្សរសាស្រ្ដ​ខ្មែរ​ព្រះ​ឃ្លាំង​នង ដែល​និពន្ធ​ក្នុង​ គ.ស.១៨១៨ ព្រះ​ឃ្លាំង​នង កាលនោះបានទទួលបង្គាប់បញ្ជាពីព្រះមហាក្សត្រ ព្រះឧទ័យរាជាអោយរៀបចំកត់​ត្រា​ព្រះ​រាជ​ពង្សាវ​តារ គឺ​ប្រវត្ដិ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ទាំង​ប៉ុន្មាន ដែលបានសោយរាជសម្បត្ដិនៅប្រទេ សកម្ពុជា។

   ម្យ៉ាងវិញទៀតពង្សាវតារខ្មែរដែលរៀបចំសរសេរក្នុងចន្លោះឆ្នាំ១៨១៨ ១៩០៣ មានបែបផែនខ្លីៗ ដូចជាសេចក្ដីសង្ខេប ដែល​បាន​ត្រឹម​តែ​កត់​ត្រា​ចំណាំ​រាជ្យ​ស្ដេច​នីមួយៗ​តែ​ប៉ុណ្ណោះ បន្ទាប់មកក្នុងគ.ស.១៨៦៩ ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្ដម បានបញ្ជា​អោយ​រៀប​ចំ​សរ​សេរ​ពង្សាវ​តារ​ខ្មែរ​ជា​ថ្មី ពង្សាវ​តារ​នេះឈ្មោះថា ពង្សាវតារវត្ដកោកកាក ឬព្រះរាជពង្សាវតារ ដែលចែកចេញជាពី​រភាគ​ធំៗ ភាគ​ទី១ ភាគ​រឿង​ព្រេង​និទាន ដែល​មាន​លក្ខណ​អច្ឆរិយ និង​អស្ចារ្យនិយម (Partie Légendaire ) រីភាគទីពីរវិញ ត្រូវចាត់ទុកជា ភាគ​ប្រវត្ដិ​សាស្រ្ដ​( Partie historique) ភាគ​ទាំង​ពីរ​ត្រូវ​បាន​គេ​និពន្ធ​ឡើង​ដាច់អំពីគ្នា។ ភាគទី២ ឬភាគប្រវត្ដិសាស្រ្ដបាននិពន្ធចប់មុន។

   ក្នុងចំនោមឯកសារទាំងអស់ ដែលទាក់ទងនិងប្រវត្ដិសាស្រ្ដខ្មែរ មានតែព្រះរាជពង្សាវតារ វត្ដកោកកាក នៅស្រុក​កណ្ដាល​ស្ទឹង ខេត្ដ​កណ្ដាល​ទេ ដែល​បាន​រៀប​ចំ​កត់​ត្រា​ចប់​ចុង​ចប់​ដើម ត្រឹមត្រូវជាងគេ។ អ្នកនិពន្ធទី១ នៃភាគ១ ដែលគេបានស្គាល់​ឈ្មោះ​នោះ​គឺ សម្ដេច​ព្រះ​សុគន្ធ​ប៉ាន់(1) សម្ដេច​ព្រះ​សុគន្ធ​ប៉ាន់ ជា​សម្ដេចសង្ឃដែលបានទៅសិក្សានៅប្រទេសសៀម ហើយនាំព្រះពុទ្ធសាសនាផ្នែក​និកាយ​ធម្ម​យុត្ដិ ចូល​មក​ប្រទេស​កម្ពុជា​។

   កាលនោះ អភិបាលបារាំង ប្រចាំនៅកូសាំងស៊ីន ឈ្មោះ លើមារ ដឺវីលេស៍ (Le Myre de Viles) បានស្នើសុំព្រះមហា​ក្សត្រ​ព្រះ​បាទ​នរោត្ដម អោយ​ប្រគល់ ព្រះ​រាជ​ពង្សាវ​តារខ្មែរ ទាំងពីរភាគរបស់សម្ដេចប៉ាន់ ទៅលោកអេជែន អៃម៉ូនិញេ (Etienne Aymonier) ដើម្បី​យក​មក​បក​ប្រែ​ជា​ភាសា​បារាំង​។ បន្ទាប់​មកក្នុង គ.ស.១៨៧៨ ស្នាដៃនេះត្រូវបានព្រះអង្គម្ចាស់នព្វរត(2) បុត្រ​ព្រះ​បាទ​អង្គ​ឌួង លើក​យក​មក​កែ​លំអ​បន្ថែម អោយ​បាន​ក្បោះ​ក្បាយតទៅទៀត។

   គ្រាជាមួយគ្នានេះដែរព្រះបាទនរោត្ដម ក៏បានរៀបចំបង្កើតអោយមានគណកម្មការមួយថ្មីទៀត សំរាប់តាក់តែងពង្សាវ​តារ​ខ្មែរ គណ​កម្ម​ការ​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះ​មហា​សង្ឃ​រាជទៀង(3)សម្ដេចសុគន្ធប៉ាន់ ក៏បានចូលរួមក្នុងគណកម្មការនេះដែរ ក្នុង​ឋានៈ​ជា​សមា​ជិក ស្នា​ដៃ​ប្រ​វត្ដិ​សាស្រ្ដ​នៃ​គណ​កម្ម​ការ​នេះ ត្រូវបាននិពន្ធចប់សព្វគ្រប់ នៅក្នុង គ.ស ១៨៩៤-១៨៩៥ ហើយមានចំណងជើង​ថា «ព្រះ​រាជ​ពង្សាវ​តារ​ព្រះមហា​ក្សត្រ​សោយ​រាជ​ក្នុង​ក្រុង​កម្ពុជា​ធិបតី» តែព្រះបាទនរោត្ដមមិនបានពេញចិត្ដ និងពង្សាវតារថ្មីនេះទេ។

   ក្រោយមក ចាប់ពី គ.ស.១៩០៣ គេអាចកត់សំគាល់ឃើញមានពង្សាវតារខ្មែរជាច្រើនទៀត ដែលមានលំនាំរៀប​ចំ​តាក់​តែង​និពន្ធ និង​មាន​សាច់​រឿង​ប្រហាក់​ប្រហែល​គ្នា តែ​មាន​កាលបរិច្ឆេត កំណត់ពេលវេលា ច្របូកច្របល់ មិនស៊ីសង្វាក់គ្នាឡើយ។ គេ​អាច​សន្និដ្ឋាន​បាន​ថា វិធី​តាក់​តែង​និពន្ធ​ចាប់​ផ្ដើម​មាន​បែប​ផែន ចែកជាឃ្លា ជាប្រយោគ ជាវគ្គហើយ មានក្បួនខ្នាតស្រួលអាន ស្រួល​ស្ដាប់ ប្រសើរ​ល្អ​ជាង​ធម្មតា​មួយ​ផ្នែក​ទៀត អ្នក​និពន្ធ​បាន​បន្ថែម នូវអត្ថន័យជាច្រើន ផ្សេងទៀតក្នុងការអធិប្បាយពណ៌នា ដែលធ្វើអោយ​សាច់​រឿង​ពីរោះ​រស់​រវើក​។

   ថ្ងៃ ២៧ មិនា គ.ស ១៩០៣ ព្រះបាទនរោត្ដមបានបញ្ជាអោយ ឧកញាវាំងជួន រៀបចំគណកម្មការថ្មីមួយទៀត ដើម្បី​សរ​សេរ​ព្រះ​រាជ​ពង្សាវ​តារ​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត សមាស​សភាព​សមាជិកគណកម្មការថ្មីនេះ មានជាអាទិគឺ៖

  1. ឧកញាវាំងជួន ប្រធាន
  2. ឧកញាហោរាទិព្វនៃយនេត្រដុង
  3. ឧកញាចក្រីអាំ
  4. ហ្លួងពេជ្រសុរិយាមាស
  5. ម៉ឺនសរភ័ក្ដីណុប
  6. ឧកញាអិស្សរអក្ខរារស់
  7. ឧកញាអក្ខរាចិន្ដាច័ន្ទ។

   ព្រះរាជពង្សាវតារតាក់តែងមិនទាន់បានចប់ផង ព្រះបាទនរោត្ដម ក៏ចូលទីវង្គតទៅនៅថ្ងៃ ១០ កើតខែពិសាខ ឆ្នាំរោង ត្រូវ​ជា​ថ្ងៃ ២៤ មេសា គ.ស១៩០៤ គ្រា​នោះ គណ​កម្ម​ការ​ព្រះ​រាជ​ពង្សាវតារក៏ត្រូវបញ្ឈប់សកម្មភាពដែរ។

   ព្រះបានទស៊ីសុវត្ដិ ត្រូវបានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា បន្ដពីព្រះបាទនរោត្ដម។ ព្រះអង្គបានបង្គាប់បញ្ជា​អោយ​រៀប​ចំ​គណ​កម្មការ​ថ្មី​មួយ​ទៀត ដើម្បី​ធ្វើ​កិច្ចការដដែល តអំពីគណកម្មការចាស់ គណកម្មការថ្មីបានចាត់តាំង៖

  1. ឧកញាវង្សាអគ្គរាជឌុច
  2. ឧកញាប្រាជ្ញធិបតីប៉ែន
  3. ព្រះអក្ខរាលេខាណុប

   អោយទទួលភារកិច្ច រៀបចំពង្សាវតារខ្មែរទៅតាមឯកសារ ដែលធ្លាប់បាននិពន្ធដោយព្រះបាទអង្គឌួង។ ក្នុង គ.ស១៩២៨ ព្រះ​បាទ​មុនី​វង្ស ដែល​ត្រូវ​បាន​ឡើង​សោយ​រាជ្យ​សម្បត្ដិ បន្ដពីព្រះបាទស៊ីសុវត្ដិ បានផ្ញើសារមួយ ចុះលេខ១៥៨ថ្ងៃ២០ តុលា ទៅជូនអាជ្ញា​ធរ​បារាំង​ប្រចាំ​កម្ពុជា ស្នើ​សុំ​បោះ​ពុម្ព​ផ្សព្វ​ផ្សាយ​ព្រះ​រាជ​ពង្សាវតារក្រុងកម្ពុជាធិបតី ដែលរៀបចំដោយគណកម្មការផ្សេងមួយទៀត គណ​កម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អធិ​បតី​ភាព​របស់​សម្ដេច​វាំង​ជួន។ អាជ្ញាធរអានានិគមបារាំង ក៏យល់ព្រម ទៅតាមសំណើរព្រះមហា​ក្សត្រ ក្នុង​សំបុត្រ​តប​មួយ​លេខ​២៨០ ចុះ​ថ្ងៃ​ទី​១៣ វិច្ឆកា គ.ស​១៩២៨​។ គ្រា​នោះ​គណកម្មការថ្មីមួយទៀត ត្រូវបានតែងតាំងឡើង ដើម្បីទទួលភារកិច្ច​ផ្នែក​បោះ​ពុម្ព​ផ្សាយ​។

  1. លោកអេហ្វ លាវិត (F Lavit) អភិបាលជាន់ខ្ពស់បារាំងប្រចាំនៅកម្ពុជា (Resident Supérieur)
  2. សម្ដេចចៅហ្វាវាំងវរៈវង្សជ័យជួន
  3. សម្ដេចចក្រីកុញ្ជរធិបតីឧត្ដមក្រុងពាហុពេជប៉ុន រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង អប់រំជាតិ
  4. ព្រះអម្ចាស់ ស៊ីសុវត្ដសុផានុវង្ស រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និង វប្បធម៌
  5. ឧកញាយោមរាជ ជា រដ្នមន្រ្ដីក្រសួងយុត្ដិធម៌
  6. ព្រះអម្ចាស់នរោត្ដមសុរាម្រិត រដ្ឋមន្ដ្រីក្រសួងនាវាចរ កសិកម្ម សិប្បកម្ម និង សេដ្ឋកិច្ច
  7. ឧកញាប្រាជ្ញធិបតី យីន ចាងហ្វាងពង្សាវតារ។

   ក្នុងឆ្នាំ១៩៦៦ គេបានយករាជ្យ ព្រះបាទនរោត្ដមស៊ីហនុ និង ព្រះបាទនរោត្ដមសុរាម្រិតមកដាក់បញ្ចូលបន្ថែម ក្នុងរាជ​ពង្សា​វតារ​សម្ដេច​វាំង​ជួន ទៀត​។

   ក្រៅពីពង្សាវតារដែលយើងទើបតែលើកយកមកអធិប្បាយខាងលើ យើងអាចកត់សំគាល់ឃើញ មានពង្សាវតារជា​ច្រើន​ទៀត ដែល​បុព្វ​បុរស​យើង​បាន​តំកល់​ទុក​នៅ​តាមវត្ដអារាម គឺដូចជាមានពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ដែលបានរៀប​រាប់ និង​និពន្ធ​ដោយ​ព្រះ​ភិក្ខុ​ហាស់​ស៊ុក(4) ពង្សា​វតារ​វត្ដ​សំបុក ពង្សាវតារវត្ដកំពង់ត្រលាច ខេត្ដកំពុងឆ្នាំង ដែលត្រូវបានលោកអេងស៊ុត យក​មក​ចង​ក្រង​បោះ​ពុម្ព​ផ្សាយ​តាម​ចំណង​ជើង «ឯក​សារ​មហា​បុរស​ខ្មែរ»(៥) ពង្សាវ​តារ​វត្ដ​សត្បូ និងពង្សាវតារវត្ដព្រែកតាមាក់ ក្នុង​ខេត្ដ​កណ្ដាល​ជា​ដើម​៘

   ពង្សាវតារខ្មែរមួយចំនួនទៀត ត្រូវបានអ្នកស្រាវជ្រាវបារាំង ប្រមូលយកមកតំកល់ទុកនៅប្រទេសបារាំង។ គឺ​មាន​នៅ​បណ្ណា​ល័យ​ជាតិ​សាលា​បារាំង​ចុង​បូព៌ា (Ecole française d'Extrême-Orient) សង្គមអាស៊ី (Société Asia-tique) ក្រុម​ផ្សាយ​ដំណឹងល្អ សាសនា​ព្រះ​យេស៊ូ​នៅ​បរទេស​ (Société des Missons Etrangères de Paris) និង បណ្ណាល័យនៃទីក្រុង អាលង់​សុង៦) (Alençon)។

ការសិក្សាវិភាគ

   ពង្សាវតារខ្មែរទាំងនេះ ត្រូវបានអ្នកប្រាជ្ញអ្នកស្រាវជ្រាវបារាំង និង បរទេសមិនសូវយកចិត្ដទុកដាក់ អោយ​តំលៃ​ប៉ុន្មាន​ទេ ជា​ពិសេស​ចំពោះ​ភាគ​ដើម ឬ​ភាគ​រឿង​ព្រេង​និទាន ពីព្រោះគេយល់ និងមានជំនឿថា គ្មានសាក្ខីភាពជាក់ស្ដែង ហើយឯកសារ​ទាំង​នោះ ក៏​គ្មាន​លក្ខណៈ​អ្វី​ជា​វិទ្យា​សាស្រ្ដ​ដែរ គេ​យល់​ថា​ប្រវត្ដិ​ទាំង​នេះ រៀបរាប់តែរឿងព្រេងនិទាន ដែលពោរពេញទៅដោយភាពអស្ចារ្យ និង​អច្ឆរិយ​និយម ប្រាស​ចាក​ភាព​ប្រាកដ​និយម​។ ជន​បរ​ទេស ដែលយល់ដូច្នេះ មានដូចជាអ្នកប្រវត្ដិវិទូអាមេរិកាំង មាយតែល ថេ​អូដ័រ វិគឃរី (Michael Theodor Vickery) បាន​ចាត់​ទុក​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ ភាគ​រឿងព្រេងនិទាន ជារឿងប្រឌិត គ្មានតំលៃជាប្រវត្ដិសាស្រ្ដ ចំណែក​ភាគ​ផ្សេង ដែល​មាន​បន្ដ​មក​ក៏​លោក​ចាត់​ទុក​ជា​មិន​សូវ​ត្រឹម​ត្រូវបានការប៉ុន្មានដែរ។

   ប៉ុន្ដែប្រវត្ដិវិទូ និង អ្នកស្រាវជ្រាវខ្មែរ បរទេសមួយចំនួនទៀត មិនយល់ស្របទៅតាមទស្សនៈនេះទេ ក្នុងចំនោម​អ្នក​ស្រាវ​ជ្រាវ​ខ្មែរ​យើង សង្កេត​ឃើញ​មាន​ជា​អាទិ លោក​សាស្រ្ដ​ចារ្យ ត្រឹង ងា លោកសាស្រ្ដចារ្យ ម៉ក់ ភិន ឃិន សុខ ដែលយកចិត្ដ​ទុក​ដាក់ សំភី​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ រិះ​គិត​ពិចា​រណា ធ្វើ​វិភាគ​រក​ការពិត អំពីឯកសារប្រវត្ដិសាស្រ្ដខ្មែរ។

   លោកសាស្រ្ដចារ្យ ម៉ក់ ភិន និង ឃិន សុខ បានមូលមតិគ្នា បែងចែកផ្នែកសិក្សាស្រាវជ្រាវ ដើម្បីកុំអោយជាន់គ្នា។ លោក ម៉ក់ ភិន សិក្សា​ស្រាវ​ជ្រាវ ផ្នែក​រឿង​ភាគ​និទាន និង​សម័យ​ក្រោយលង្វែក ១៥៩៤-១៦៧៧) ឯលោកសាស្រ្ដាចារ្យ ឃិន សុខ វិញ លោក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ចន្លោះ​សម័យ​ទាំង​ពីរ គឺ​សម័យ​ព្រះ​បាទ​ព្រះចៅពញាយ៉ាត មកដល់សម័យបែកលង្វែក និង ផ្នែកមួយ​ទៀត ដែល​ចាប់​ផ្ដើម​ពី​ គ.ស ១៧៧៥ ទៅ ១៧៦០។

   ស្នាដៃចំបងរបស់សាស្រ្ដាចារ្យទាំងពីររូប ស្ថិតនៅលើការបកប្រែ ពង្សាវតារខ្មែររបស់សម្ដេចវាំងជួន មកជាភាសារ​បារាំង ការ​សិក្សា​ប្រៀប​ធៀប​ឯក​សារ​ពង្សាវ​តារ​ខ្មែរ​មួយ​ចំនួនតាមគ្រប់ជ្រុងជ្រោយ ការប្រៀបផ្ទឹមជាមួយ នឹង ឯកសារបទេស ហើយនិង​ការ​វិភាគ​ល្អិត​ល្អន់​ស្វែង​រក​ធាតុ​ពិត​ក្នុង​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ។

ទស្សនៈអ្នកនិពន្ធ

វិធីសាស្រ្ដនិពន្ធ

   ខ្ញុំបានចាប់ផ្ដើមសរសេរ តាក់តែង ចងក្រង និពន្ធស្នាដៃ «ប្រវត្ដិសាស្រ្ដខ្មែរ» នេះដោយផ្នែកទៅលើ ឯកសារពង្សាវតារ​ខ្មែរ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ប្រវត្ដិ​វិទូ​ខ្មែរ​បរ​ទេស​មួយចំនួន។

   ស្នាដៃនេះ មិនមែនជាការស្រាវជ្រាវ រកឃើញថ្មីនោះទេ តែខ្ញុំបានផ្លាស់ប្ដូរការសរសេរនិពន្ធ និង រៀបអត្ថបទអោយ​មាន​លក្ខណ​ខុស​អំពី​ធម្មតា​ដោយ​ប្រើ​នូវ​សំយោគ វិធី​ច្បិច​យកតែអត្ថន័យសំខាន់ៗ ពោលអោយចំ គឺក្នុងន័យ និងគោលបំណងអោយ​អ្នក​អាន​ សិស្សា​នុសិស្ស​និសិត្ស អាច​មាន​លទ្ធ​ភាព​ងាយ​ស្រួល​ឆាប់ចាំ ឆាប់យល់ឆាប់ដឹង និងស្គាល់ប្រវត្ដិសាស្រ្ដខ្មែរ និងព្រឹត្ដការណ៍ជាតិ​ធំៗ​ជា​ច្រើន​ដែល​ខ្មែរ​យើង​តែង​តែ​លឺ​ចាស់​ទុំ​ពី​បរម្យ​បូរាណ​និទានតៗគ្នា ពីមាត់មួយទៅមាត់មួយ និងជំនាន់មួយទៅជំនាន់មួយ។ ការនិពន្ធ​សៀវ​ភៅ​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​នេះ​ បាន​អោយ​តំលៃ និង​សង្កត់​ទាំង​ស្រុង​ទៅ​លើព្រឹត្ដិការណ៍ជាតិ ទៅលើព្រះមហាក្សត្រ និងទៅលើវរជនខ្មែរ ឬ​តួ​អង្គ​សំខាន់​ដែល​មាន​មុខ​នាទី​ពិស្ដារ​ក្នុង​បញ្ហា​អាយុ​ជីវិតប្រទេសកម្ពុជា។

   ដូច្នេះហើយ បានជាខ្ញុំដាក់ចំណងជើងជំពូក ឬវគ្គនិមួយៗ អោយសក្ដិសមស៊ីស្របទៅតាមព្រឹត្ដិការណ៍ ដោយមិនសំអាង​តែ​ទៅ​លើ​ព្រះ​រាជ្យ​មហា​ក្សត្រ​ឡើយ​។ ទោះ​បី​ជា​ខ្ញុំ​អនុ​វត្ដ​វិធីរបៀបនេះក៏ដោយ ក៏ជំពូក និង វគ្គនិមួយៗ មានការវិវត្ដន៍ប្រទាក់​ប្រ​ទង​ប្រ​ទាញ​ត​ភ្ជាប់​គ្នា​ជា​លំ​ដាប់​លំ​ដោយ ហើយ​គោរព​ទៅ​តាម​ពេល​វេលា កាលបរិច្ឆេត។ អ្នកអានដែលចាប់ផ្ដើមសិក្សាពីវគ្គដំបូងដល់វគ្គ​បញ្ចប់ អាច​នឹង​យល់​បាន​ថា​កាល​បរិច្ឆេត​ប្រវត្ដិ​សាស្រ្ដ និង​ព្រឹត្ដិ​ការណ៍​ទាំងប៉ុន្មាន មានជាប់គ្នាជាបន្ដរដឹក ម្យ៉ាងវិញមួយទៀត អ្នកអានដែលមាន​ចំងល់ ហើយ​ចង់​ដឹង​​ចង់​យល់​អំពី​ព្រឹត្ដិ​ការណ៍​ណា​មួយ ដែល​គេតែងតែលឺតាមការនិទាន អ្នកអាននោះអាចរកឃើញ អាចយល់បានភ្លាមយ៉ាងឆាប់រហ័ស ដោយ​មិន​ចាំ​បាច់​មើល​សា​ដើម​ឡើយ​។ ហេតុ​ដូច្នេះ ដើម្បី​សំរួលការងាយយល់ បានជានៅតាមវគ្គខ្លះ ខ្ញុំមានធ្វើការរំលឹក​ព្រឹត្ដិ​ការណ៍​ខ្លះ​ដែល​កើត​មាន​ឡើង​ក្នុង​សម័យ​មុន​ដោយ​ត្រួសៗ។

   ចំពោះព្រឹត្ដិការណ៍ទាំងនេះ ខ្ញុំលើកយកតែចំនុច និង ផ្នែកណាដែលសំខាន់ប៉ុណ្ណោះមកបកស្រាយ និង អធិប្បាយ។ អ្វី​ដែល​វែង​អន្លាយ​ជា​បន្ទាប់​បន្សំ ដែល​មាន​ច្រើន​នៅ​ក្នុង​ពង្សាវតារ និង ឯកសារខ្មែរ ខ្ញុំមិនបានដកស្រង់លើកយកមករៀបរាប់អធិប្បាយ អោយ​បាន​ក្បោះ​ក្បាយ​ទេ​។ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​អោយ​អ្នក​អាន មានការធុញទ្រាន់ ឬ មានការយល់ច្រលំ ច្របូកច្របល់ដែលនាំមកនូវលទ្ធផល​ផ្ទុយ​អំពី​គោល​បំណង និង​ទស្សនៈ​ដែល​ខ្ញុំ​ប៉ង​។ គោល​បំណង​ធំ​របស់ខ្ញុំ គឺធ្វើដូចម្ដេចអោយយុវជន និង ពលរដ្ឋខ្មែរធម្មតា អាចចងចាំយល់​ច្បាស់​លាស់​អំពី​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ ឬ​ប្រវត្ដិ​របស់​ខ្លួន​ផ្ទាល់​ដោយ​ងាយស្រួលជាទីបំផុត។ ចំណែកពាក្យពេជន៍ ឃ្លាឃ្លោងប្រយោគ ក៏វិវត្ដន៍ អនុវត្ដ និង​រៀប​ចំ​ប្រើ​ទៅ​តាម​ទស្សនៈ​នេះ​ដែរ គឺ​ខុស​អំពី​ពាក្យ​ពេចន៍​ប្រយោគ ដែលធ្លាប់មានប្រើនៅក្នុងពង្សាវតារខ្មែរ។

   ដើម្បីជាជំនួយដល់អ្នកអាន ក្នុងការយល់ដឹង និង សំរាប់ពិចារណា នៅចុងបញ្ចប់ជំពូក ឬ វគ្គនិមួយៗ ខ្ញុំមានធ្វើ​ការ​កត់​សំគាល់​ចំណាំ វែក​ញែក​ដក​ស្រង់​យក​ទស្សនៈ​មក​ទុក​ធ្វើជាមេរៀនសំរាប់កញ្ចក់ឆ្លុះមើលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ប្រវត្ដិ​សាស្រ្ដ​ខ្មែរ ជា​ពិសេស​ភាគ​រឿង​ព្រេង​និទាន ទោះ​បី​មាន​លក្ខណៈជាអភូតហេតុ អច្ឆរិយៈ អស្ចារ្យមិនប្រាកដនិយម មិនគួរអោយជឿ​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​សំគាល់​ដែរ​ថា ប្រវត្ដិ​ទាំង​នេះ ព្រឹត្ដិ​ការណ៍​ទាំង​នេះ រឿងរ៉ាវទាំងនេះ សុទ្ធតែបានជ្រួតជ្រាបក្នុងឈាមជ័រ ចិត្ដអារម្មណ៍ មនោ​សញ្ចេត​នា​ខ្មែរ​គ្រប់​ជំនាន់​ជា​យូរ​យា​លង់​អង្វែង​ណាស់​មកហើយ ប្រវត្ដិសាស្រ្ដខ្មែរ ឬ ពង្សាវតារខ្មែរ ទោះបីជាអ្នកស្រាវជ្រាវ និងប្រវត្ដិ​វិទូ​ខ្លះ មិន​បាន​ទទួល​ស្គាល់​អោយ​តំលៃ​ក៏​ដោយ ក៏​យើង​អាចចាត់ទុកជាមរតក កេរ្ដិ៍របស់ជីដូនជីតា បុព្វបុរសយើងដែរ។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​ប្រវត្ដិ​ទាំង​នោះ ដូន​តា​យើង​បាន​លាក់​បង្កប់​ទុក នូវទ្រឹស្ដី ទស្សនៈ ច្បាប់គម្ពីរក្បួនខ្នាតវិជ្ជាសីលសាស្រ្ដ និង បន្ដាំជាច្រើន ដែល​អាច​ជា​ជំនួយ​ក្នុង​ការ​ថែ​រក្សា កសាង​ការ​ពារ​ទឹក​ដី​ជាតិ​មាតុភូមិ។

កេរ្ដិ៍មរតកខ្មែរ

   ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ន គេមិនទាន់ស្រាវជ្រាវរកឃើញអាថិកំបាំង ក្បួនតំរាច្បាប់វិន័យ គ្រាំងគម្ពីរ វិជ្ជាសិល្ប៍​សាស្ដ្រ និង​ពាក្យ​បណ្ដាំ​ទូន្មាន​ដែល​ជា​កេរ្ដិ៍​មតក លាក់​បង្កប់​ទុកមកនោះទេ ក្បួនតំរាច្បាប់វិន័យទ្រឹស្ដី ច្បាប់គ្រប់គ្រងរៀបចំកសាងជាតិ គឺពិត​ជា​មាន ប្រសិន​បើ​គ្មាន តើ​ធ្វើ​ដូច​ម្ដេច​ឡើយ បុព្វ​បុរស​ខ្មែរ​យើង លោកនឹងអាចបង្កបង្កើត កសាងរក្សាទឹកដីខ្មែរអោយបានធំ​ទូលំ​ទូលាយ ចំរុង​ចំរើន​លូត​លាស់​ថ្កុំ​ថ្កើង​សុខ​សន្ដិ​ភាព សំបូរណ៌​សប្បាយ​ក្សេម​ក្សាន្ដក្លាយជាមហានរគរ និង ជាមហាអំណាចកើត? ធ្វើដូចម្ដេច ដូន​តា​ខ្មែរ​យើង​អាច​នឹង​កសាង​សង់​ប្រាង្គ​ប្រាសាទ​រាប់​រយ​ពាន់ ទុក​ពាស​ពេញជាភស្ដុតាងកេរ្ដិ៍ដំណែល ក្នុងអាស៊ីភាគអគ្នេយ៍បាន?

   ច្បាប់ក្រិត្យក្រម ធម្មវិន័យ ទ្រឹស្ដីនយោបាយ ក្បួនខ្នាត និងពាក្យបណាំបុព្វបុរសយើង បើយើងសិក្សាត្រិះរិះ ពិចារនាអោយ​បាន​ឆ្ងាយ​បន្ដិច​អោយ​ដល់​ជំរៅ ឆ្លង​ផុត​ពី​អក្សរ​ពាក្យពេចន៍ ដែលយើងមើលឃើញនឹងភ្នែក និង ស្ដាប់លឺសូរនឹងត្រត្រចៀក នោះ​យើង​អាច​កត់​សំគាល់​ចំណាំ​ជួប​ប្រទះឃើញមាន ជាហូរហែក្នុងប្រវត្ដិសាស្រ្ដខ្មែរ៖

   ១ -បញ្ហាទឹកដី ដែលលាតសន្ធឹងធំធេងអស្ចារ្យ ពីទិសខាងត្បូងទៅទិសខាងជើង ពីទិសខាងកើត ទៅទិសខាងលិចដោយ​មាន​រួម​ទាំង​ទឹក​ដី​យួន សៀម ភូមា និង លាវ ខេត្ដ​ខ័ណ្ឌ​ស្រុក​ភូមិ ទន្លេ​ស្ទឹង ព្រែក បឹងបួរ និងដែនទឹកដីខ្មែរត្រូវបានជីដូនជីតាខ្មែរ រំលឹក​ហើយ​រំលឹក​ទៀត រៀប​រាប់​អធិប្បាយ​ឥត​មាន​ខ្ចោះ ក្នុង​ឯក​សារ​ពង្សាវតារខ្មែរ ដូចមានក្នុងប្រវត្ដិព្រះបាទបក្សីចាំក្រុង និង ព្រះបាទពញាយ៉ាត ដែល​បាន​ធ្វើ​ដំណើរ​ត្រាច់​រង្គត់ កាត់​គ្រប់​ទិស​ទី​ក្នុង​ទឹក​ដី​ខេត្ដ​ខ័ណ្ឌ​ខ្មែរ សិលាចារិកខ្មែរជាច្រើន ក៏បានកត់ត្រាទុកអំពីទំហំព្រំដែនទឹកដី​ខ្មែរ​ដែរ ហើយ​ប្រាសាទ និង​សិលា​ចារិក​ទាំង​នោះ ក៏​មាន​បោះ​គោល​បញ្ចុះ​សីមា នៅគ្រប់ទីតំបន់ក្នុងអាស៊ីអគ្នេយ៍ដែរ ដើម្បីជាភស្ដុតាងបញ្ជាក់ប្រាប់កូន​ខ្មែរ​អោយ​ស្គាល់​យល់​ដឹង​លឺ អំពី​កេរ្ដិ៍​មរតក​ទ្រព្យ​សម្បត្ដិ​កម្មសិទ្ធរបស់ជាតិខ្លួន។

   ២ - ទ្រឹស្ដីនយោបាយជាមូលដ្ឋានជាតិដ៏ធំ ដែលអនុញ្ញាតអោយខ្មែរមានកំលាំង ក្នុងគ្រប់មជ្ឈដ្ឋានក្នុងគ្រប់វិស័យ ដើម្បី​សាង​ប្រទេស​ជាតិ​អោយ​ថ្កុំ​ថ្កើង​រុង​រឿង ព្រះ​មហា​ក្សត្រ​អ្នកដឹកនាំជាតិ និងអ្នកប្រាជ្ញខ្មែរក្នុងអតីតកាល តែងអោយតំលៃលើកបញ្ហានេះ មក​ចោទ​ជា​ចំបង ដូច្នេះ​ហើយ​បាន​ជា​នៅ​តាម​សិលា​ចារិក​ជា​ច្រើន ព្រះមហាក្សត្រខ្មែរធំៗ ដែលមានព្រះនាមល្បីល្បាញ តែងតែគោរពរំលឹក​ឧបការ​គុណ​បំណាច់​របស់​ព្រះ​រាជ​គ្រូ​អ្នក​ប្រាជ្ញ​ទាំង​អស់​នោះ​។ ពីព្រោះព្រះមហាក្សត្រខ្មែរយល់ និង​មានជំនឿជាក់ច្បាស់ថា បើស្រុក​ខ្មែរ​បាន​ធំ​រុង​រឿង​ខ្លាំង​ពូកែ​មាន​កិត្យា​នុភាព​រន្ទឺ​ទៅ​គ្រប់​ទិស​ទី រហូត​ដល់ប្រទេសចិន មិនមែនដោយសារតែស្ដេចមួយអង្គឯងគត់នោះទេ គឺដោយ​សារ​អ្នក​ប្រាជ្ញ​ អ្នក​ចេះ​ដឹង មាន​វិជ្ជា​ខ្ពង់​ខ្ពស់ នាម៉ឺន​មន្រ្ដី និង​ប្រជា​ពល​រដ្ឋគ្រប់ៗរូប ដែលបាននាំគ្នាបន្ដទ្រឹស្ដីនយោបាយប្រាកដនិយម ដើម្បី​កសាង​ការ​ពារ​ជាតិ​មាតុ​ភូមិ​។

   ដើម្បីរំដោះខ្មែរពីអាណានិគមជ្វាកោះស្នាវ៉ា ព្រះបាទជ័យវរ្មនទី២ ដោយមានជំនួយពីអ្នកប្រាជ្ញតូចធំខាងព្រហ្មញ្ញ​សាសនា បាន​រៀប​ចំ​នយោ​បាយ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា ទេវរាជ (Le Dieu-Roi) ហើយបានប្រកាសឯករាជ្យភាព នៅភ្នំគូលែនក្នុង គ.ស ៨០២។

   ដើម្បីរំដោះខ្មែរចេញពីកណ្ដាប់ដៃនគរចំប៉ា ហើយដើម្បីសំរួលនយោបាយក្នុងនគរ ព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតទ្រឹស្ដី​មួយ​ទៀត​មក​ជំនួស គឺ​ទ្រឹស្ដី​ពុទ្ធរាជ (Le Buddha-Roi) ព្រះ​អង្គ​បាន​កសាងសង់ប្រសាទជាច្រើន សំរាប់តំណាងទ្រឹស្ដីនេះ។ ទ្រឹស្ដី​នយោយ​បាយ​ខាង​លើ ដែល​អ្នក​ស្រាវ​ជ្រាវ និង​ប្រវត្ដិ​វិទូ​ខ្មែរ​បរទេស តែង​នាំ​គ្នាយល់ឃើញត្រឹមតែជាជំនឿសាសនា ផ្ទុយទៅវិញ គឺពិត​ជា​ព្រលឹង​ខ្មែរ ជា​ឋាម​ពល​ដ៏​ធំ​ដែល​បាន​ជំរុញ​ការ​កសាង និង​មហិទ្ធិ​តេជ​ចេស្ដា​ប្រទេស​កម្ពុជា។

   តែជោគជ័យប្រសិទ្ធភាពទ្រឹស្ដីនយោបាយរបស់បុព្វបុរសខ្មែរ ត្រូវការពឹងផ្អែកជាចាំបាច់ទៅលើទ្រឹស្ដីមួយទៀតដែល​មាន​ឈ្មោះ​ថា ទស​ពិធ​រាជ​ធម៌ គឺ​ព្រះ​មហា​ក្សត្រ និង​អ្នក​ដឹក​នាំជាតិដែលត្រូវយកទ្រឹស្ដីគោលនយោបាយធំៗទៅអនុវត្ដ ដែលត្រូវគោរព​ប្រកាន់​ធ្វើ​តាម​ទ្រឹស្ដី​ទស​ពិធ​រាជ​ធម៌ អោយ​បាន​ត្រឹម​ត្រូវ​ខ្ជាប់​ខ្ជួនជាទីបំផុត បើពុំនោះសោតទេទោះបីជាគោលជំហរនយោបាយ គោល​បំណង ផែន​ការ​នោះ​មាន​លក្ខណៈ​គុណ​សម្បត្ដិ​ល្អ​យ៉ាង​ដូច​ម្ដេច​ក៏ដោយ ក៏គេមិនអាចធ្វើអោយបានសំរេច ទទួលនូវជោគជ័យដែរ។ ដូច្នេះ ខ្មែរ​ត្រូវ​មាន​ទ្រឹស្ដី​នយោ​បាយ​ល្អ​ប្រសើរ​ជា​មុន​សិន ទើប​ខ្មែរ​អាចរៀបចំស្ថាប័ន និង រចនាសំព័ន្ធ គ្រប់គ្រងដឹកនាំប្រទេសជាតិជាក្រោយ។

   ៣ - បញ្ហាគ្រប់គ្រងរៀបចំស្ថាប័នប្រទេសជាតិ ដែលតែងតែប្រកបទៅដោយភាពល្អប្រសើរត្រឹមត្រូវ មាន​យុត្ដិ​ធម៌ មាន​ប្រសិទ្ធ​ភាព​អាច​ឆ្លើយ​តប​ទៅ​តាម​គ្រប់​កាល​ទេស។ នេះជាគុណសម្បត្ដិ និង លក្ខណរបស់ព្រះមហាក្សត្រ និង អ្នកដឹកនាំជាតិពិត​ប្រាកដ ដែល​ត្រូវ​មាន​ជាប់​ជា​និច្ច​ក្នុង​ខ្លួន​អ្នក​ដឹក​នាំ​ជាតិ​ត្រូវ​ចេះ​រៀបចំច្បាប់ដាក់ស្ថាប័នជាមូលដ្ឋាន និងជាគ្រិះនគរ ដើម្បីជៀសវាងវិបត្ដិ និង ផល​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ និង​ដើម្បី​រក​រូប​មន្ដ​គ្រប់​គ្រង​រៀប​ចំ​នគរអោយបានល្អប្រពៃ ជាប្រភពនៃសេចក្ដីសុខក្សេមក្សាន្ដរុងរឿងក្នុងសង្គម ជា​បឋម​គេ​ត្រូវ​តែ​ចេះ និង​អនុវត្ដ​ទៅ​តាម​គន្លង​ធម៌ ក្រិត្យ​ក្រម​វិន័យ ដែលចារទុកក្នុងទ្រឹស្ដីទស្សនៈ និងគម្ពីរក្បួនខ្នាត ទ្រឹស្ដីនិងក្រិត្យវិន័យ​ទាំង​នេះ ក៏​បាន​អធិប្បាយ​ដែរ​អំពី​របៀប​ចាត់​ចែង​រៀប​ចំ​គ្រប់​គ្រង​នគរ និងជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ឧទាហរណ៍មានជាច្រើនដូចជាក្នុង​រាជ្យ​ព្រះ​បាទ​កេតុ​មាលា ក្រោយ​ដែល​ព្រះ​កេតុ​មាលា ត្រូវ​ឆ្គួត​វង្វេង​ដោយ​អំណាច​បុណ្យ​សក្ដិ និង​ស្រី​ញី ព្រះ​ឥន្រ្ធា​ធិរាជ​បាន​យាង​ចុះ​មក​ពីស្ថាន​សួគ៌ ដើម្បី​ជួយ​រៀប​ចំ​ស្រុក​ខ្មែរ អោយ​មាន​ស្ថាប័ន​ជាតិ ជា​មូល​ដ្ឋានសំរាប់នគរ ធ្វើអោយមានរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ ព្រះ​ឥន្រ្ទ​ព្រះ​អង្គ​បាន​តាំង​អាយ​មាន​ក្រុម​ប្រឹក្សា ឬ​រដ្ឋា​ភិបាល បើ​យើងនិយាយទៅតាមភាសាទំនើបថ្មី ដែលមានសុទ្ធតែអ្នកប្រាជ្ញតូចធំគ្រប់ជាន់​ថ្នាក់ អោយ​មក​ធ្វើ​ការ​រួម​អម​ជា​មួយ នឹង​ស្ដេច គឺ​ក្នុង​គោល​ដៅ​ជួយ​តំរែ​តំរង់ណែនាំព្រះមហាក្សត្រ ឬអ្នកដឹកនាំនគរ កុំអោយដើរខុស​គន្លង​ធម៌ វង្វេង​ដើរ​ជាន់​ចូល​ផ្លូវ​អាក្រក់ អបាយ​មុខ​បំផ្លិច​បំផ្លាញ​ផលប្រយោជន៍ជាតិ គ្មានគិតគូរចាប់អារម្មណ៍ អំពីជោគវាសនាអានាគតប្រជានុរាស្រ្ដ ហើយ​គិត​តែ​នាំ​គ្នា​បំរើ​បំពេញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​គ្រួសារវង្សត្រកូល និង បក្សពួកដៃជើង៘និង៘

   មិនតែប៉ុណ្ណោះ ដើម្បីងាយស្រួលយល់ អំពីដង្ហើមអាយុជីវិតនគរ ព្រះឥន្រ្ទ និង ព្រះអានន្ទ បាននាំគ្នារៀបចំអោយមាន​របៀប​ស្ទាប​ស្ទង់​មតិ ដោយ​បង្រៀន​កំណត់​វិធី​អោយ​ចេះ​មើល ចេះយល់អំពីប្រផ្នូលផ្សេងៗ ដែលកើតមានឡើងក្នុងនគរ ប្រផ្នូលទាំងនេះ ​ជា​សញ្ញា​អាច​អង្រន់ បញ្ជាក់​ស្មារតី​ព្រះ​មហា​ក្សត្រ និង​អ្នកដឹកនាំជាតិ អោយចេះភ្ញាក់ដឹងខ្លួនទាន់ពេលវេលា ហើយមិនបណ្ដែតបណ្ដោយ​ខ្លួន​អោយ​លង់​លក់​ភ្លេច​ខ្លួន​ក្នុង​សុបិន ដែល​យល់​ជឿ​ជាក់​គិត​ឃើញថា «មានតែអញ»ប្រផ្នូលនេះមានន័យថា បើកើតមានហេតុភេទមិន​ល្អ​ក្នុង​សង្គម​នោះ​គឺ​ការ​គ្រប់​គ្រង​របស់​ព្រះ​មហា​ក្សត្រ ឬ​អ្នកនយោបាយមិនបានល្អត្រឹមត្រូវ ទៅតាមគន្លងធម៌ច្បាប់វិន័យនគរ ជាម្លប់ត្រជាក់​ត្រជុំ​ដល់​ប្រជា​នុរាស្រ្ដ​ឡើយ​។ ក្នុង​ខណ​នោះ​អ្នក​ដឹក​នាំជាតិ ត្រូវស្វះស្វែងរកយល់ ត្រូវតែចេះផ្លាស់ប្ដូរស្ថាប័ន របៀបគ្រប់គ្រងរដ្ឋ អោយ​ទន់​ពេល​វេលា​ផ្ទុយ​ទៅ​វិញ បើ​គេ​នៅ​តែ​ក្រាញ​មានៈ មិន​ព្រម​យល់ទទួលស្គាល់ភាពពិតប្រត្យក្សនិយមទេ ព្រះមហាក្សត្រ និងអ្នក​នយោ​បាយ​នោះ និង​ជួប​ប្រទះ​គ្រោះ​ថ្នាក់​មហន្ដ​រាយ​គ្រប់​ប្រភេទ គ្រប់បែបយ៉ាង ហើយជាមួយគ្នានោះដែរប្រជាជន និងជាតិមាតុភូមិ ក៏មិនអាច​គេច​ផុត​អំពី​បាប​កម្ម​ដែរ​។ នេះ​គឺ​ជា​កំហុស​របស់​អ្នក​ដឹក​នាំ​ជាតិ តែអ្នកដែលត្រូវទទួលកំហុសជំនួសអ្នកធំមានបន្ដាស័ក្ដិនោះគឺ ប្រជា​ជន​ទៅ​វិញ​សោះ​។

   ព្រះមហាក្សត្រខ្មែរព្រះបាទឥន្រ្ទវរ្ម័នទី១ ដោយយល់ឃើញថាគ្រោះថ្នាក់មហន្តរាយមួយចំណែកធំ ច្រើនតែកើតចេញអំពី​ការ​ដណ្ដើម​រាជ្យ​គ្នា​រវាង​ស្ដេច​ខ្មែរ ហើយ​ដើម្បី​ការ​ពារ​កុំ​អោយមានបញ្ហាស្នងរាជ្យ ចោទក្លាយរាលទៅជាការបែកបាក់សាមគ្គី បង្ក​បង្កើត​ជា​សង្រ្គាម​ផ្ទៃ​ក្នុង ព្រះ​អង្គ​បាន​ចាត់​ចែង ចាត់​តែងកំណត់ ដាក់អោយមានស្ថាប័នក្រិត្យក្រម ក្នុងព្រះរាជវង្សព្រះមហាក្សត្រ គឺព្រះអង្គបាន​កំនត់​អំពី​ឋានៈ​តំណែង​របស់​ក្រុម​ស្ដេច ដែល​អាច​មាន​សិទ្ធិ ឬ​គ្មាន​ក្នុង​ករណី​ដែល​ត្រូវឡើងសោយរាជសម្បត្ដិ។

   ៤ - បញ្ហាឆ្គួតវង្វេងនឹងអំណាច ស្រីញី មាសពេជ្រ ប្រាក់កាស ដែលធ្វើអោយស្រុកទេសធ្លាក់កប់ជ្រៅ ទៅក្នុងជ្រោះ​មហន្ដ​រាយ ដែល​នាំ​មក​នៅ​ទុក្ខ​ទោស ភ័យ​ព្រួយ​វេទនា ឈឺ​ចុក​ចាប់​ខ្លោចផ្សា ព្រាត់ប្រាសប្ដីប្រពន្ធឳពុកម្ដាយកូនចៅ បងប្អូន ក្រុមញាតិគ្រួសារ​៘ និង ៘ ព្រះ​កេតុ​មាលា មុន​នឹង​បាន​ក្លាយ​ទៅ​ជា​ព្រះ​មហាក្សត្រខ្មែរមួយព្រះអង្គដ៏ល្អប្រសើរ ព្រះអង្គធ្លាប់បានឆ្លងកាត់ប្រភព​គ្រោះ​ថ្នាក់​នេះ​ដែរ​។ ក្នុង​សត្ដ​វត្ស​ទី​១៥ បន្ទាប់​ពី​រាជ្យ​ព្រះ​ចៅ​ពញា​យ៉ាត ព្រះស្រីរាជា ព្រះធម្មរាជា និង ព្រះស្រីសុរិយោទ័យ ដែលត្រូវជាបង​ប្អូន​បង្កើត និង​ត្រូវ​ជា​ក្មួយ​បង្កើត បាន​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឈ្លោះ​ប្រកែកប្រទូសរាយ ធ្វើចំបាំងរាំងជល ដណ្តើមយករាជបល្ល័ង្គ ស្រុក​ខ្មែរ​ត្រូវ​បែង​ចែក​ជា​នគរ​បី មាន​ស្ដេច​បី​សោយ​រាជ្យ ដោយ​មិន​អាចយកជ័យជំនះផ្ដាច់ព្រ័ត្រ ឡើងសោយរាជ្យម្នាក់ឯង ស្ដេចខ្មែរព្រះធម្មរាជាបាន​រត់​ទៅ​ពឹង​សៀម សុំ​អោយ​លើក​ទ័ព​មក​ជួយ​ធ្វើ​អន្ដរា​គម ការឆ្គួតវង្វេងរបស់ព្រះមហាក្សត្រ និង អ្នកដឹកនាំខ្មែរ ដែលមិនគិតគូរអំពីអាយុ​ជីវិត ផល​ប្រ​យោជន៍​ប្រទេស​ជាតិ ហើយ​រត់​ទៅ​រក​បរ​ទេស​អោយចូលមកជួយ ជាព្រឹត្ដិការណ៍មួយដែលតែងតែកើតមានជាហូរហែផ្ទូនៗគ្នា​នៅ​ក្នុង​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ ពង្សាវ​តារ​ខ្មែរ​បាន​បង្ហាញ​បញ្ជាក់​អោយ​យើងឃើញយ៉ាងជាក់ច្បាស់ថា រាជបល្ល័ង្គអំណាច និងការល្មោភលោភលន់​នេះ​ហើយ ដែល​ជា​ប្រភព​ធ្វើ​អោយ​ទឹក​ដី​ខ្មែរ កេរ្ដិ៍​ដំណែល​មរតក​ទ្រព្យ​សម្បត្ដិខ្មែរ កិត្ដិយសខ្មែរ និង កិត្យានុភាពខ្មែរ ត្រូវខាតបង់ រលាយ​រូប​បាត់​បន្ដិច​ម្ដងៗ​។

   ៥ - បញ្ហាយុត្ដិធម៌ និងអត់ឱនសណ្ដោស ពីព្រោះការកោងកាចសាហាវយង់ឃ្នង ឥតធម៌មេត្ដាប្រោសប្រណី ឥតយុត្ដិធម៌ ខ្វះ​ការ​ត្រិះ​រិះ ពិចា​រណា​អោយ​បាន​ត្រឹម​ត្រូវ ហើយ​មើល​មិនបានវែងឆ្ងាយ ចំអត្ថប្រយោជន៍ជាតិ និង ប្រជានុរាស្រ្ដនឹងនាំមកតែក្ដីក្ដៅ​ក្រហាយ​មិន​សប្បាយ​ចិត្ដ​វិនាស​អន្ដ​រាយ​ហិន​ហោច​ខ្លោច​ផ្សា ព្រាត់ប្រាស និង​ទុក្ខព្រួយវេទនាសោកសង្រេងតែប៉ុណ្ណោះ តួអង្គជាក់ស្ដែង មាន​ជា​អាទិ​ក្នុង​ប្រវត្ដិ​ស្ដេច​គំលង់​និង​ស្ដេច​ពាល ដោយ​ភាព​កោង​កាចព្រៃផ្សៃអយុត្ដិធម៌ ស្ដេចគំលង់ត្រូវមានជំងឺឃ្លង់ភ្លើងរហូតដល់ថ្ងៃស្លាប់​។ ស្ដេច​ពាល​ដែល​អាង​ប្រើ​អំណាច​ផ្ដាច់​ការ គ្មាន​វិចារ​ណញ្ញាណ គ្មានព្រហ្មវិហារធម៌ គ្មានករុណាមេត្ដាធម៌ ហើយមិនគោរពអនុវត្ដទៅ​តាម​ច្បាប់​ក្រិត្យ​ក្រម​វិន័យ​ព្រះ​មហា​ក្សត្រ​ត្រូវ​នាម៉ឺន​មន្រ្ដី​នាគ​រត់​ចោលលែងនៅជួយធ្វើការបំរើនគរ ប្រទេសជាតិ និងវត្ថុសក្ដិសិទ្ធត្រូវក្ដៅ​ក្រហល់​ក្រហាយ​រំជួល​អស់​ព្រះ​ធរណី​បណ្ដាល​អោយ​កើត​មាន​ចលាចល អភូតហេតុលិចលង់អស់ប្រទេសកម្ពុជា នាំមកតែក្ដីវិនាសអន្ដរាយ​គ្មាន​សេស​សល់​។

   ៦ - បញ្ហាបរទេស ដែលខ្មែរត្រូវតែប្រុងប្រយ័ត្នជានិច្ច ត្រូវតែកុំទុកចិត្ដ ហើយដែលខ្មែរមិនត្រូវនាំគ្នាទៅដេកដួល​ផ្ញើ​វាសនា​ជា​មួយ​សោះ​ឡើយ បរ​ទេសមិន​ដែល​ស្រលាញ់​ខ្មែរ​ជាង​ខ្មែរ​ទេ ខ្មែរមិនត្រូវចាញ់បោកបរទេសដែរ ហើយបែរជានាំគ្នាទៅកាប់ចាក់​សំលាប់​តែ​ប្រជា​ជន​ឯង និង​លក់​ទឹក​ដី​ដូន​តា​ឯង​អោយ​បរ​ទេសនោះឡើយ ព្រឹត្ដិការណ៍ជាច្រើន ដូចជាប្រវត្ដិពេលខ្មែរបែកអង្គរលើក​ដំបូង​បាន​លើក​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ល្បិច​បរ​ទេស បន្ទាយ​លង្វែក​ត្រូវ​សៀមវាយបែក ដោយស្ដេចខ្មែរទុកចិត្ដចារបុរសសៀម ដែល​បង្កប់​បន្លំ​ខ្លួន​ជា​ព្រះ​សង្ឃ​ព្រះរាមា​ជើង​ព្រៃ​ត្រូវ​អស់​ព្រះ​ជន្ម​សុគត ដោយ​សា​ទុកចិត្ដពួកបរទេសអឺរ៉ុប៘ និង ៘ ព្រឹត្ដិការណ៍ទាំងនេះ កើត​ឡើង​បណ្ដាល​មក​អំពី​ស្ដេច​ខ្មែរ អ្នក​កាន់​អំណាច​ខ្មែរ មិន​ទុក​ចិត្ដ​ខ្មែរ​គ្នាឯង ហើយបែរជាជឿទុកចិត្ដ លើកតំកើង យកបរទេសជាធំ ដោយឃើញ​ថា គេ​ចេះ​ជាង​ជាតិ​ឯង​។

   ៧ - បញ្ហាសាមគ្គីភាព ដែលប្រៀនប្រដៅកូនខ្មែរជំនាន់ក្រោយ អោយចេះរួបរូមកំលាំងគ្នា ហើយចេះខំប្រឹងប្រែងប្រើ​កំលាំង​ខ្លួន​ឯង​ផ្ទាល់ ដើម្បី​កសាង​ប្រទេស​ជាតិ អោយបានរឹងប៉ឹង ខ្លាំងក្លាមាំមួន។ ដោយសារកំលាំងសាមគ្គីភាពព្រះបាទជ័យវរ្ម័នទី២ បាន​រំដោះ​ទឹក​ដី​ខ្មែរ​អោយ​មាន​សេរី​ភាព ឯក​រាជ​ភាព ចេញ​ផុត​ពី​អានានិ​គម​ត្រួតត្រារបស់ស្ដេចជ្វាកោះស្នាវ៉ា។ ព្រះបាទជ័យវរ្ម័នទី៧ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ចិត្ដ​ស្នេហា និង​សាមគ្គី​ជាតិ​របស់​ប្រជា​ពល​រដ្ឋខ្មែរ នៅតាមគ្រប់ភូមិស្រុកខេត្ដខ័ណ្ឌ ព្រះអង្គបានវាយកំចាត់យក​ជោគ​ជ័យ​ឈ្នះ​លើ​កង​ទ័ព​ស្ដេច​នគរ​ចំប៉ា ហើយ​រំដោះ​មហា​នគរ និង​ស្រុកខ្មែរទាំងមូល។ បន្ទាប់មកព្រះអង្គបានទាំងលើកទ័ព ទៅវាយប្រហារយក​នគរ​ចំប៉ា​ដដែល​មក​ដាក់​ចំណុះ បញ្ចូល​ជា​ខេត្ដ​ខ្មែរ​។ ព្រះ​បាទ​ពញា​យ៉ាតព្រះមហាក្សត្រខ្មែរ ដោយសារកំលាំងសាមគ្គីភាពរវាងខ្មែរនិង​ខ្មែរ ព្រះ​អង្គ​បាន​រំដោះ​មហា​នគរ និង​ប្រទេស​ជាតិ​ខ្មែរ​ទាំង​មូល អោយចេញផុតពីកណ្ដាប់ដៃអាណានិគមសៀម គឺកត្ដានេះហើយដែលបាន​ជំ​រុញ និង​កសាង​ប្រទេស​ខ្មែរ​អាយ​បាន​រុង​រឿង​ថ្កុំ​ថ្កើង​ធំ​ទូលំ​ទូលាយ ជាមហាអំណាចក្នុងសម័យអតីតកាល។

   ៨ - បញ្ហាអ្នកដឹកនាំគ្រប់គ្រងផែនដី ដែលល្អប្រសើរនិងប្រពៃនោះ គឺត្រូវចេះជ្រើសរើសរកសហការីល្អៗ ដែល​មាន​សមត្ថ​ភាព​ពេញ​លេញ​ច្បាស់​លាល់​បរិ​បូណ៌​ត្រឹម​ត្រូវ ស្នេហាជាតិអោយចូលមករួមជួយ ធ្វើសហប្រតិបត្ដិការបំរើនគរ និងប្រជាជន អ្នក​ដឹក​នាំ​ជាតិ​ត្រូវ​គោរព​អនុ​វត្ដិ​តាម​ច្បាប់​ធម៌​វិន័យ​ប្រពៃណី​សង្គម​ជាតិ ត្រូវមានយុត្ដិធម៌ ចេះអត់ឱនសណ្តោសប្រោសប្រណី ចេះមើលវែង​ឆ្ងាយ​អោយ ផុត​ចុង​ច្រមុះ​ចេះ​អារ​កាត់ ហើយនិង​ត្រូវ​ចេះ​ស្វែង​រក​យល់​គ្រប់ហេតុផល គ្រប់ហេតុភេទប្រផ្នូល ដែលកើតមាននៅក្នុង​នគរ អ្វី​ដែល​មាន​ផុះ​ផុល​ចេញ​មក​សុទ្ធ​តែ​មាន​ហេតុ​ផល​។ ដូច្នេះ​គេ​ត្រូវតែសំភី ខំស្រាវជ្រាវរាវរកបុព្វហេតុអោយទាល់តែឃើញ និងសិក្សា​ពិចារ​ណា​រក​យល់​ ក្នុង​ទស្សន​គោល​ដៅ​រក្សា​ការ​ពារ​ប្រទេស​ជាតិ និង​ប្រជានុរាស្រ្ដ កុំអោយជួបប្រទះនិងភ័យន្ដរាយទាន់ ហើយអ្នកដឹក​នាំ​ជាតិ​ដ៏​ល្អ​ក៏​ត្រូវ​ចេះ​នាំ​មក​នូវ​ភាព​ត្រជាក់​ត្រជុំ​ចំរុង​ចំរើន​ដល់​សង្គម​ជាតិ​ដែរ របៀបរៀបចំ និង ពាក្យប្រៀនប្រដៅក្នុងន័យខាងលើនេះ គេ​ឃើញ​មាន​ជា​ហូរ​ហែ​ក្នុង​ពស្សា​វតារ​ខ្មែរ​ដែរ ដូច​ជា​ក្នុង​ប្រវត្ដិ​សម្ដេច​ព្រះ​កុម៉ែ​រាជ ឬ​ព្រះថោងនាងនាគ ព្រះទេវង្សអស្ចារ្យ តាព្រហ្មឈ្មួញគោ ព្រះកេតុ​មាលា ព្រះ​បាទ​បទុម​សុរិយា​វង្ស ព្រះបាទ​បក្សី​ចាំក្រុង ព្រះបាទ​ជ័យ​វរ្ម័ន​ទី២ ព្រះបាទយសោវរ្ម័នទី២ ព្រះជ័យវរ្ម័នទី៧ ព្រះបាទពញា​យ៉ាត ព្រះ​បាទ​អង្គ​ច័ន្ទ​ទី១ ព្រះបាទ​ស្រី​សុរិយោ​ពណ៌ និង​តាម​សិលា​ចា​រិក​ជាច្រើន ដែលមានសេសសល់រហូតមកដល់បច្ចុប្បន្ន។

   ការកសាងជាតិត្រូវស្ថិតនៅជាគោលដៅធំរបស់អ្នកដឹកនាំជាតិ ឧត្ដមគតិ ទស្សន និងគោលបំណងងធំរបស់ព្រះ​មហា​ក្សត្រ ឬ​អ្នក​ដឹក​នាំ​នយោបាយ មិន​មែន​ត្រូវ​ឈប់​កំណត់​ត្រឹមឈោងដណ្ដើមយកអំណាចបាននោះទេ។ គេត្រូវយកអំណាចតាម​ផ្លូវ​ច្បាប់​នោះ​មក​បំរើ​ប្រ​យោជន៍​ប្រទេស​ជាតិ គេ​ត្រូវ​ចោល​កន្ទុយ​ភ្នែក​មើលអោយបានឆ្ងាយទៅអនាគតកាល គេត្រូវរៀបចំកសាងស្ថាបនា​បច្ចុប្បន្ន​ សំរាប់​អនាគត ដោយ​តំរូវ​អោយ​សម​ស្រប​ទៅ​តាម​ទស្សនៈ​ស្នេហាជាតិ។

   ព្រះមហាក្សត្រខ្មែរសម័យមហានគរ បានជីកបារាយ ព្រែកអូរជ្រលងទឹកគ្រប់ទិសទីក្នុងប្រទេសដើម្បីកសាងកសិ​កម្ម និង​សេដ្ឋ​កិច្ច​ជាតិ​។ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ បាន​កសាង​មន្ទី​ពេទ្យ ផ្ទះ​សំណាក់​ និង​ផ្លូវថ្នល់គមនាគមន៍ទៅស្រុកភូមិជិតឆ្ងាយនេះយើងមិនរាប់ពី​ប្រាង្គ​ប្រាសាទ​រាប់​រយ​ពាន់ ដែល​មាន​ពាស​ពេញ​នគរ​ផង បុព្វបុរសខ្មែរបានផ្សំការកសាងជាតិ ទៅនឹងសាសនា ទ្រឹស្ដីនយោបាយដើម្បី​ធ្វើ​អោយ​ប្រជា​ជន​មាន​បាន និង​នគរ​មាន​កិត្យា​នុភាព គឺ​មិន​ធ្វើ​ត្រឹម​តែអោយបរទេសគេទទួលស្គាល់ មានឈ្មោះល្បីល្បាញ ហើយបណ្ដោយ​អោយ​នគរ​និង​ប្រជា​ជន​រង​ទុក្ខ​ទោស​ភ័យ​ភិត​គ្មាន​សន្ដិ​សុខ ក្រី​ក្រ​វេទនា​នោះ​ទេ។ បើគ្មានការកសាងជាតិ គ្មានការគិតគូរដោះស្រាយ​បញ្ហា​ជី​វភាព​រាស្រ្ដ​អោយ​បាន​ល្អ​ថ្លៃ​ថ្នូរ​ជា​មនុស្ស​ទេ​នោះ ព្រះ​មហា​ក្សត្រ​អ្នក​ដឹក​នាំ​នយោបាយ នឹងក្លាយទៅជាអ្នកល្មោភអំណាចតែប៉ុណ្ណោះ។

   បណ្ដាំជាកេរ្ដិ៍មរតករបស់ជីដូនជីតាខ្មែរយើង នៅមានលាក់បង្កប់អាថិកំបាំង ច្រើនតទៅទៀតមិនមែនមានតែ​ក្នុង​ពង្សាវ​តារ និង​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​ប៉ុណ្ណោះ​នោះ​ទេ​។ នៅ​ក្នុង​អក្សរ​សាស្រ្ដ និង រឿងព្រេងនិទានផ្សេងៗ ក៏យើងអាចពិនិត្យឃើញសាក្ខីភាព​ទាំង​នេះ​ដែរ គឺ​ជា​ការ​ជំរុញ​យើង​អោយ​ចេះ​យក​ការ​ពិចា​រណា រក​ស្គាល់​យល់ អាចដឹងលឺអំពីធាតុពិត និងស្ថានភាពប្រាកដនិយមនៃប្រទេស​កម្ពុជា នេះ​ជា​រិស​គល់ ជា​ពូជ​កំណើត​របស់​ខ្មែរ ប្រសិន​បើ​ខ្មែរ​នាំ​គ្នា​បំផ្លាញ​កាត់ផ្ដាច់ខ្លួនអោយដាច់អំពីរិសគល់នេះ នោះដើមឈើខ្មែរ មែក​ធាង​ស្លឹក​ផ្លែ​ផ្កា​ខ្មែរ​ក៏​ត្រូវ​ងាប់​វិនាស​អន្ដ​រាយ​ហិន​ហោច​អស់​ដែរ ការស្គាល់យល់អំពីប្រវត្ដិខ្លួនយ៉ាងជាក់ស្ដែងពិតប្រាកដ នឹងញ៉ាំងអោយ​ខ្មែរ​យើង​មាន​ព្រលឹង​មាន​ស្មារតី​ជាតិ​ចេះ​ប្រកាន់​ខ្លួន​ជាក់​ស្ដែង​ពិត​ប្រាកដ នឹង​ញ៉ាំង​អោយ​ខ្មែរ​យើងមានព្រលឹង មានស្មារតីជាតិ ចេះ​ប្រកាន់​នូវ​ឥរិយា​បថ​មួយ​យ៉ាង​ថ្លៃ​ថ្នូរ​ខ្ជាប់​ខ្ជួន​ម៉ើង​ម៉ាត់ នៅ​ចំពោះ​មុខ​បច្ចុប្បន្ន​កាលរបស់យើង អោយបានភ្លឺស្វាង រីកចំរើនសំបូណ៌សប្បាយសុខសាន្ដ ក្នុង​ភាព​ឯក​រាជ សេរី​ភាព​ប្រជា​ធិបតេយ្យ​ភាព និង​សុភ​មង្គល។

១ = សម្ដេចព្រះសង្ឃរាជប៉ាន់ បានសុគតនៅក្នុង គ.ស.១៨៩៤។
២ = ព្រះអង្គបានប្រសូត្រក្នុង គ.ស.១៨៥៣ ហើយបានចូលទីវង្គតទៅ ក្នុង គ.ស.១៨៩១ ព្រះអង្គធ្លាប់មានតំណែងយ៉ាងសំខាន់ នៅក្នុងក្រសួងតុលាការ។
៣ = ព្រះអង្គបានសុគតក្នុង គ.ស ១៩១៣ ក្នុងព្រះជន្ម៩១វស្សា
៤ = ពង្សាវតារនេះត្រូវបាននិពន្ធក្នុង គ.ស ១៩៤១។
៥ = បោះពុម្ពនៅភ្នំពេញ ក្នុងឆ្នាំ១៩៦៩ មានទាំងអស់១២១៦ទំព័រ ដែលចែកចេញជាពីរភាគ
៦ = នៅទីនេះ មានឯកសារខ្មែរមួយចំនួនធំ ដែលប្រមូលផ្ដុំថែរក្សាទុក ដោយលោក អាដេមាឡឺគ្លែរ Athémard Leclère)