៣១ - ការរស់នៅ និង សេដ្ឋកិច្ច សម័យក្រោយអង្គរ
ថ្ងៃអាទិត្យ ទី1.មិនា 2015.ម៉ោង 8:11

ការ​រស់​នៅ​របស់​អាណា​ចក្រ​ប្រ​ជា​នុ​រាស្រ្ដ ក្នុង​គ្រា​ស្រុក​មាន​សន្ដិ​ភាព និង ក្នុង​គ្រា​ស្រុក​មាន​ចំបាំង​រាំង​ជល់ ឃើញ​ថា​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ឆ្ងាយ​ណាស់​។ សេច​ក្ដី​ស្រង់​ខាង​ក្រោម​នេះ​ពីសៀវ​ភៅ Le Sdach Kan របស់ Adhémard Leclère អាច​បញ្ជាក់​លក្ខណៈ​នេះ​បាន​ខ្លះ​។ Le royaume avait retrouvé la paix d' autrefois et les habitantsn se l' ancienne monarchie។ ជា​ទូទៅ​ គេ​ឃើញ​ថា​ អាណា​​ប្រ​ជា​នុ​រាស្រ្ដ​មាន​ការ​តព្វ​កិច្ច​ត្រូវ​បង់​ពន្ធ​ជូន​រាជ​ការ ប៉ុន្ដែ​ក្នុង​ករណី​ខ្លះ ព្រះ​រាជា​ទ្រង់​សព្វ​រាជ​ហរិ​ទ័យ​លើក​លែង​មិន​អោយ​យក​ពន្ធ​បាន ដូច​ព្រះ​ធម្ម​រាជា​​ទ្រង់​បាន​បញ្ជា​អោយ​លើក​លែង​ពន្ធ​រាជ​ការ​ខ្លួន និង ពន្ធ​រាជ​ធានី​អស់​រយៈ​កាល​៣​ឆ្នាំ​។ ឯ​ព្រះ​បាទ​ស្រី​ជេដ្ឋា​ធិ​រាជ (ស្ដេកន) កាល​ច្បាំង​ឈ្នះ​ព្រះ​បាទ​ស្រី​សុគន្ធ​បទ ហើយ​ធ្វើ​ពិធី​រាជា​ភិ​សេក​ឡើង​សោយ​រាជ​នោះ ព្រះ​អង្គ​ទ្រង់​បង្គាប់​អោយ​រាជ​ការ លើក​លែង​អាណា​ប្រជា​នុ​រាស្ដ្រ​ទូ​ទាំង​ប្រទេស​មិន​អោយ​បង់​ពន្ធ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​គេ​បាន​បញ្ជាក់​សេច​ក្ដី​ថា អាណា​ប្រជា​នុ​រាស្រ្ដ​បាន​សំបូណ៌​សប្បាយ​។ ម្យ៉ាង​ទៀត​អាណា​ប្រជា​នុរាស្រ្ដ​ត្រូវ​បាន​កែន​អោយ​បំពេញ​កិច្ច​ការ​ធំ​ៗ ដូច​ជា​លើក​ផ្លូវ សង់​ស្ពាន ជីក​ព្រែក ជីក​អូរ លើក​ទំនប់​៘ សំរាប់​បំរើ​ប្រយោជន៍​រួម និង កិច្ច​ការ​ខ្លះ​ទៀត​សំរាប់​បំរើ​ផល​ប្រ​យោជន៍​ព្រះ​រាជា​។ ក្រៅ​ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​បំពេញ​ដូច​បាន​រៀប​រាប់​មក​ហើយ​នេះ ពួក​យុវ​ជន ក្នុង​ព្រះ​រាជ​ណា​ចក្រ​ត្រូវ​ជាប់​កំនែន ជា​ទាហាន ក្រៅ​កំនែន​ទៀត នៅ​ពេល​ណា​ស្រុក​មាន​ចំបាំង ពួក​ទាហាន​ប្រភេទ​នេះ ត្រូវ​កែន​អោយ​ចូល​បំរើ​ក្នុង​កង​ទ័ព​ភ្លាម​ៗ​។

ក្នុង​​ករណី​ស្រុក​កើត​ចំបាំង ទោះ​ជា​ចំបាំង​គ្នា​អែង​ក្ដី ចំបាំង​ការ​ពារ​ជាតិ​ក្ដី អាណា​ប្រជា​នុ​រាស្រ្ដ​ត្រូវ​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ព្រោះ​ក្រៅ​ពី​ការ​តព្វ​កិច្ច​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​បំពេញ​ខាង​លើ រាស្រ្ដ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្ដិ ស្បៀង​អាហារ​ផ្គត់​ផ្គង់​អោយ​កង​ទ័ព​ថែម​ទៀត​។ ពិសេស​ទៅ​ទៀត​ក្នុង​ចំបាំង​សម័យ​ណា​ក៏​ដូច​សម័យ​ណា​ដែរ អាណា​ប្រជា​នុរាស្រ្ដ​រមែង​តែង​តែ​ស្លាប់​ដោយ​ខ្មាំង​សត្រូវ​ប្រហារ​ផង ដោយ​ជំងឺ​តំកាត់​ផ្សេងៗ​ផង​។ ឆ្លៀត​អោកាស​ដែល​មាន​ការ​វឹក​វរ​ដូច្នោះ ចោរ​ខ្មួញ​តែង​តែ​កំរើក​ថ្លើម​ធំ ប្លន់​កាប់​ចាក់​នៅ​គ្រប់​ស្រុក​គ្រប់​ដំបន់​។ ក្នុង​វិស័យ​សេដ្ឋ​កិច្ច​គេ​សង្កេត​ឃើញ​មាន​សកម្ម​ភាព​ផ្សេង​ៗ​ដូច​ត​ទៅ៖

កសិកម្ម

កសិ​កម្ម​ទំនង​ជា​សកម្ម​ភាព​សេដ្ឋ​កិច្ច​សំខាន់​ជាង​គេ ព្រោះ​គេ​បាន​សង្កេត​ឃើញ​ថា អ្នក​ដឹក​នាំ​ជាតិ​តែង​តែ​យក​ចិត្ដ​ទុក​ដាក់ នឹង​បញ្ហា​ទឹក​ណាស់​។ ក្នុង​ការ​ស្ថាប​នា​រាជ​ធានី​ថ្មី​ម្ដង​ៗ ព្រះ​រាជា​តែង​នឹក​គិត​ទៅ​ដល់​ដី​ធ្លី​សំរាប់​អោយ​រាស្រ្ដ​ធ្វើ​ស្រែ​ចំការ និង​ការ​ជីក​អូរ ជីក​ប្រលាយ ជីក​ព្រែក​សំរាប់​យក​ទឹក​ផ្គត់​ផ្គង់​ដល់​មុខ​របរ​នេះ​ទៀត​។ ក្នុង​រជ្ជ​កាល​ព្រះ​ចន្ទ​រាជា ព្រះ​អង្គ​ទ្រង់ អោយ​គេ​ចាប់​ឆ្ការ​ព្រៃ ដើម្បី​ពង្រីក​ទំហំ​ដី​ស្រែ​ចំការ​។ ក្នុង​គ្រា​មាន​ចំបាំង​គ្នា​អែង​ក្នុង​ស្រុក តែ​កាល​ណា​ដល់​រដូវ​វស្សា​ គេ​តែង​តែ​ស្រុះ​ស្រួល​គ្នា​ទាំង​សង​ខាង ដើម្បី​រំលាយ​ទ័ព​ផ្អាក​សង្រ្គាម អោយ​ទាហាន​ត្រលប់​ទៅ​កាន់​ទី​លំ​នៅ​រៀង​ៗ​ខ្លួន និង ប្រកប​របរ​ធ្វើ​ស្រែ​ចំការ​។ ធ្វើ​យ៉ាង​នេះ​ឃើញ​ថា ដូន​តា​យើង​លោក​យល់​ច្បាស់​ណាស់​នូវ​សារៈ​សំខាន់​របស់​សេដ្ឋ​កិច្ច​ក្នុង​ពេល​ចំបាំង​គឺ «ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ» យ៉ាង​មិញបើ​គ្មាន​បាយ​ទេ ទាហាន និង អាណា​ប្រជា​រាស្រ្ដ​ទូ​ទៅ នឹង​ត្រូវ​ដាច់​ពោះ​ស្លាប់ ហើយ​គេ​គ្មាន​លទ្ធ​ភាព​នឹង​ធ្វើ​ចំបាំង​ត​ទៅ​ទៀត​ដែរ​។

ក្នុង​សម័យ​លង្វែក គឺ​នៅ​ពេល​ដែល​ព្រះ​រាជា​ខ្មែរ បាន​ទាក់​ទង​ជា​មួយ​អ្នក​ផ្សាយ​សាសនា​ព័រ​ទុយ​កល និង អេ​ស្ប៉ាញ ព្រះ​អង្គ​តែង​បាន​ផ្ដល់​ទេយ្យ​ទាន​ជា​អង្ករ ដល់​អ្នក​ទាំង​នោះ​ដែល​រស់​នៅក្នុ​ងប្រ​ទេស​ខ្មែរ​ផង និង ដល់​អង្ការ​ធំ​ខាង​ផ្សាយ​សាសនា​នៅ ម៉ាលា​កា​ផង​។

ពាណិជ្ជកម្ម

ដោយ​សារ​ទន្លេ​មេគង្គ​ជា​ផ្លូវ​គមនា​គមមួយ ​ហើយ​សំខាន់​ក្រុង​ចតុ​មុខ​ក៏​ក្លាយ​ទៅ​ជា​កំពង់​ផែ​មួយ​ ដែល​មាន​ឈ្មួញ​បរ​ទេស​ចេញ​ចូល​លក់​ដូរ​តាំង​ពី​រជ្ជ​កាល​ព្រះ​បរម​រាជា​ទី​២ ចៅ​ពញា​យ៉ាត​ម៉្លេះ​។ ដល់​មក​សម័យ​ព្រះ​ចន្ទ​រាជា និង ស្ដេច​កន​ច្បាំង​គ្នា​អែង គេ​ឃើញ​មេ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​បាន​បញ្ជា​អោយ​ដឹក​ទំនិញ​យក​ទៅ​លក់​អែ​បរ​ទេស ហើយ​ទិញ​យក​គ្រឿង​សស្រ្ដា​វុធ​យក​មក​វិញ​។ តាម​អែក​សារ​អឺរ៉ុប ព្រះ​បរម​រាជា​ទី​៤ កាល​ដែល​ទាក់​ទង​ជា​មួយ​ជន​ជាតិ​អឺ​រ៉ុប​នោះ ព្រះ​អង្គ​ទ្រង់​មាន​សង្ឃឹម​ថា សកម្ម​ភាព​ខាង​ជំនួញ នឹង​កើត​មាន​ឡើង បន្ទាប់​ពី​ការ​មក​ដល់​របស់​ពួក​បព្វ​ជិត តែ​ព្រះ​អង្គ​ពុំ​បាន​ទទួល​ផល​ល្អ​ ក្នុង​វិស័យ​នេះ​ឡើយ​។ ក៏​ប៉ុន្ដែ​បើ​តាម​ប្រភព​ដដែល​នោះ ឃើញ​ថា​ក្នុង​រជ្ជ​កាល​ក្រោយ​ៗ​មក​ទៀត មាន​ឈ្មួញ​បរ​ទេស​ជា​ច្រើន​គឺ ចិន ជប៉ុន ជ្វា បាន​មក​ធ្វើ​ជំនួញ​ក្នុង​ប្រ​ទេស​ខ្មែរ​តាម​ផ្លូវ​ទឹក ជា​ពិសេស​នៅ​កំពង់​ផែ​ចតុ​មុខ​នេះ​អែង​ដែល​ជា​ផ្សារ​លក់​គ្រឿង​ទេស ភ្លុក​ដំរី ស្បែក​សត្វ ជ័រ​កំញាន​៘

សិប្បកម្ម និង អុស្សាហកម្ម

ឧស្សា​ហកម្មដែលសំខាន់​ជាង​គេ ទំនង​ជា​ការ​ស្ល​ដែក​។ ឧស្សា​ហកម្មប្រភេទនេះ មានសន្ទុះ​ខ្លាំង​ដោយ​មាន​ការ​ទំនុក​បំរុង​ពី​ព្រះ​ចន្ទរាជា​។ ប៉ុន្ដែ​របរ​ប្រើ​ដែក​ជា​វត្ថុ​ធាតុ​ដើម មាន​របរ​ដំដែក​ជា​ដើម ឃើញ​មាន​ស​កម្ម​ភាព​រួច​ទៅ​ហើយ​តាំង​ពី​រជ្ជ​កាលព្រះ​បាទ ចៅ​ពញា​យ៉ាត​ម៉្លេះ​។

ជំនឿ និងទំនៀមទំលាប់

ទោះ​បី​នៅ​សម័យ​នោះ​ ព្រះ​ពុទ្ធសាសនាបានជ្រួតជ្រាបចូលក្នុង​សង្គម​ខ្មែរ​ហើយ​ក៏​ដោយ ក៏ជន​ជាតិ​ខ្មែរ​យើង​ពុំ​បាន​លះ​បង់​ចោល​នូវ​ជំនឿ​ដើម​របស់​ខ្លួន​ឡើយ​។​ យ៉ាងណា​មិញ តាំង​ពី​ព្រះ​រាជា​ដល់​ប្រជា​រាស្រ្ដ​តូច​តាច​គ្រប់​ជាន់​ថ្នាក់​សុទ្ធ​តែ​ជឿ​ខ្មោច​បិសាច អារក្ស អ្នក​តា បង់​បត់​៘ រាជ​ពង្សាវ​តារ​ខ្មែរ​បាន​និយាយ​ថា​ កាល​កសាង​រាជ​ធានី​ចតុ​មុខ ព្រះ​បរម​រាជា​ចៅ​ពញា​យ៉ាត ទ្រង់​ចាត់​អោយ​សាង​ខ្លាង​មឿង (អ្នក​តា​ចាំ​ស្រុក) មួយ​នៅ​ខាង​មុខ​វត្ដឧណ្ណា​លោម និង​រូប​អ្នក​តា​បង់​បត់​ជា​ច្រើន​កន្លែង​ទៀត ទុក​ជា​ទ្វារព្រះ​នគរ​ជា​បង្ការសឹកសង្រ្គាម​ពី​ប្រ​ទេស​ជិត​ខាង​។ តាពេជ​ដែលបាន​បូជា​ជីវិត ដើម្បី​ទៅ​កែន​ទ័ព​បិសាច មក​ជួយ​អាសា​ព្រះ​ ចន្ទ​រាជា​ ក្នុង​គ្រា​ចំបាំង​មួយ​ស្ដេច​កន នោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​តា១​រូប ដែល​ប្រជា​រាស្រ្ដ​ខ្មែរ​បាន​ធ្វើ​ពិធី​គោរព​បូជា​ជា​រៀង​រាល់​ឆ្នាំ​។​

ក្នុង​វិស័យ​ជំនឿ​លើ​ខ្មោច​នេះ គេ​ជឿ​ទៀត​ថា ដើម្បី​កសាង​ទំនប់​ទឹក រឺ ព្រះ​វិហារ​អោយ​ជាប់​ល្អ គេ​ត្រូវ​យក​អ្នក​ទោសអស់​ជីវិត​ទៅកប់​ក្រោម​ទំនប់​នោះ​ រឺ គេ​ត្រូវ​យក​ខ្មោច​ទៅ​ទ្រាប់​បាត​សសរ​ព្រះ​វិហារ​។ ម្យ៉ាង​ទៀត​ខ្មែរ​នៅ​គ្រប់​ជាន់​ថ្នាក់​សុទ្ធ​តែ​យល់​ថា ការយល់​សប្ដិ​ជាការ​ប្រាប់​អោយ​ដឹង​ពី​មុន​ពី​​ហេតុ​ការណ៍​ ដែល​បំ​រុង​នឹង​កើត​ឡើង​ ម៉្លោះ​ហើយ​គេ​តែង​តែ​អោយ​ហោ​រា​ទស្សន៍​ទាយ​មើល​មិន​ដែល​ខាន ជា​ពិសេស​ក្នុង​មជ្ឈ​ដ្ឋាន​បរមរាជ​វាំងដែល​ពួក​ហោរាជាមន្រ្ដី​មួយ​ប្រ​ភេទ​ចាំ​តែ​បំពេញ​មុខ​ការ​ខាង​ទស្សន៍​ទាយ​នេះ​អែង​។

ក្រៅ​ពី​នេះ ខ្មែរ​នៅ​មាន​ជំនឿ​មាំ​លើ​ពាក្យ​សំបថ​​ដែល​គេ​យល់​​ថា មាន​លក្ខណៈ​សក្ដិ​សិទ្ធ​ណាស់​។ ពួក​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី ពួក​សេនា​ទាហាន​សុទ្ធ​តែ​ត្រូវ​ផឹក​ទឹក​ពិភទ្ទ​សច្ចា​ជា​រៀង​រាល់​ឆ្នាំ​ជា​ការ​សំដែង​ភក្ដី​ភាព​របស់​ខ្លួន​ចំពោះ​ព្រះ​មហា​ក្សត្រ​។ រាជ​ពង្សាវ​តារ​ខ្មែរ​បាន​កត់​ទុក​នូវ​ពិធី​ជា​ទំនៀម​ទំលាប់​យ៉ាង​សំខាន់​ពីរ គឺ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​១ និង​ពិធី​បុណ្យ​អុំ​ទូក​១​។ បុណ្យ​ចូល​ឆ្នាំ​ថ្មី ទំនង​ជា​ពិធី​បុណ្យ​សំខាន់​ជាង​គេ ពី​ព្រោះ​ទោះ​បី​មាន​កើត​ចំបាំង​គ្នា​អែង​ក៏​ដោយ​ក៏​គេ​ត្រូវ​ផ្អាក​ចំបាំង​នោះ​សិន​ ដើម្បី​បាន​រៀប​ចំ​ពិធី​បុណ្យ​នោះ​។ អែ​ពិធី​បុណ្យ​អុំ​ទូក​ជា​ឱកាស​មួយ​ដែល​គេ​ធ្វើ​ការ​ប្រណាំង​ទូក ល​យក​ន្ទោង​ធំ ទូក​ប្រ​ទីប​ និង​អុជ​កាំ​ជ្រួច​។ គេ​ថា​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​ថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែល​តំកល់​នៅ​ពិភព​នាគ អែ​ការ​អុជ​កាំ​ជ្រួច​រន្ទា គឺ​ថ្វាយ​ទៅ​ចូលា​មណី​ចេតិយ ដែល​តំកល់​ព្រះ​ចង្កូម​កែវ​នៅ​ស្ថាន​ត្រៃ​ត្រឹង្ស​។

វប្បធម៌

អក្សរ ភាសា អក្សរសិល្ប៍ : គួរ​គប្បី​រំលឹក​ឡើង​វិញ​ថា ចាប់​តាំង​ពី​ដើម​ស.វ.១៤​រៀង​មក គេ​ពុំ​ឃើញ​មាន​សិលា​ចារឹក​នៅ​ប្រ​ទេស​ខ្មែរ​ទៀត​ទេ​។ លុះ​ដល់​មក​រជ្ជ​កាល​របស់​ព្រះ​ចន្ទ​រាជា ទោះ​បី​ពេល​នោះ​រាជ​ធានី​ពិត​ប្រាកដ​តាំង​នៅ​រាជ​ធានី​លង្វែក​ក៏​ដោយ ក៏​ព្រះ​រាជា​ខ្មែរ តែង​និយម​នាំ​ពួក​បរិវារ​ទៅ​គង់​នៅ​តំបន់​អង្គរ​ជា​ហូរ​ហែ​រៀង​មក​។ គឺ​ក្នុង​សម័យ​នោះ​ហើយ​ដែល​ខ្មែរ​បាន​កសាង​សិលា​ចារឹក​ឡើង​វិញ​។ សិលា​ចារឹក​ទាំង​នោះ គេ​បាន​ចារ​ទុក​ក្នុង​ប្រា​សាទ​នគរ​វត្ដ ជា​៣​អន្លើ គឺ​នៅ​ទី​ដែល​ហៅ​ថា ព្រះ​ពាន់ ត្រង់​ដែល​មាន​ព្រះ​ពុទ្ធ​រូប​ច្រើន​នោះ​ខ្លះ នៅ​ថ្នាក់​លើ​បំផុត​ដែល​ហៅ​ថា បា​កាណ​នោះ​ខ្លះ និង​នៅ​ព្រះ​របៀង​ថ្នាក់​ក្រោម​។ សិលា​ចារឹក​ទាំ​ងនោះ​មាន​ទាំង​អស់​៤០ ផ្ទាំង​មាន​ចំនុច​កាល​កំនត់​ពី​គ.ស. ១៥៦៥ ដល់ ១៧៤៦ ប៉ុន្ដែ​សករាជ​ដែល​ប្រើ​គឺ​ជា មហា​សក​រាជ​។ សេច​ក្ដី​ក្នុង​សិលា​ចារឹក​នោះ និយាយ​ពី​រឿង​ធ្វើ​បុណ្យ​ផ្សេង​ៗ គឺ​ប្រោស​ខ្ញុំ​អោយ​រួច​ជា​អ្នក​ជា បំបួស​មនុស្ស​លា​បំណន់ សាង​ព្រះ​ សាង​ពិដាន​ និង​ថ្វាយ​របស់​ជា​ពុទ្ធ​បូជា​៘ ជា​របស់​ស្ដេច​ខ្លះ​មន្រ្ដី​ខ្លះ​រាស្រ្ដ​ខ្លះ​។

ចំពោះ​សេច​ក្ដី​ក្នុង​សិលា​ចារឹក​ទាំង​នោះ អ្នក​ស្រាវ​ជ្រាវ​ខ្មែរ​មួយ​ក្រុម​បាន​បន្ថែម​សេច​ក្ដី​ទៀត​ថា «សេច​ក្ដី​អស់​នេះ ជា​ពាក្យ​របស់​អ្នក​ចាល​ចាញ់ ហើយ​មាន​ទី​ពឹង​ទី​រលឹក​ចំពោះ​ព្រះ​រតន​ត្រៃ​ប៉ុណ្ណោះ​ ជា​អ្នក​សុខ​ចិត្ដ​ទទួល​សេច​ក្ដី​លំ​បាក​វេទ​នា​ដោយ​យល់​ថា ជា​ផល​នៃ​កម្ម​អាក្រក់​ដែល​ខ្លួន​បាន​ប្រ​ព្រឹត្ដ​មក​ហើយ​ក្នុង​អតីត​ជាតិ តែ​ពុំ​បាន​អស់​កំលាំង​សេច​ក្ដី​ប្រឹង​ប្រែង​ឡើ យ តែង​ខំ​សន្សំ​បុណ្យ​កុសល​ដើម្បី​សេច​ក្ដី​ចំរើន​ដល់​ខ្លួន និង​ដល់​ប្រ​ទេស។

ភាសា​ដែល​ប្រើ​ក្នុង​សិលា​ចារឹក​ទាំង​នោះ ជា​ភាសា​ខ្មែរ​ធម្មតា​ក្នុង​សម័យ​កន្ដាល​ពាក្យ​ពេជន៍ បុរាណ​លាយ​ឡំ​ខ្លះ​ដែរ តែ​យើង​អាច​មើល​យល់​សេច​ក្ដី​បាន​ច្រើន​។ ជា​ការ​គួរ​អោយ​ស្ដាយ​ពេក​ណាស់ សាស្រ្ដា​ស្លឹក​រិត និង ក្រាំង ក្នុង​សម័យ​ដែល​យើង​លើក​យក​មក​សិក្សា​នេះ​ត្រូវ​វិនាស​បាត់​បង់​ខ្ទេច​ខ្ទី​អស់​ជា​ច្រើន នេះ​ទំនង​ជា​មក​ពី​សត្រូវ​ជិត​ខាង កាល​ដែល​ចូល​មក​លុក​លុយ​ស្រុក​ទេស​យើង គេ​នាំ​គ្នា​ដឹក​ជញ្ជូន​យក​ទៅ​ទុក​ជា​ទ្រព្យ​សម្បត្ដិ​ផ្ទាល់​ទៅ​​ហើយ​ ម្យ៉ាង​ទៀត​ប្រ​ហែល​ជា​ត្រូវ​ភ្លើង​ឆេះ ក្នុង​គ្រា​មាន​សង្គ្រាម​នោះ​ហើយ​។ ប្រ​សិន​បើ​មាន​នៅ​សេស​សល់ គឺ​នៅ​តាម​វត្ដ​អារាម តែ​ច្រើន​ពុំ​មាន​ឈ្មោះ​អ្នក​និពន្ធ​។ ចំពោះ​រឿង​នេះ​មាន​មតិ​ខ្លះ​យល់​ថា មក​តែ​ពី​របប​គ្រប់​គ្រង​ធ្វើ​អោយ​អ្នក​និពន្ធ​ខ្លាច​រអា ពុំ​ហ៊ាន​បញ្ចេញ​ឈ្មោះ​របស់​ខ្លួន​អោយ​អ្នក​ផង​ស្គាល់​ទេ តែ​មាន​មតិ​ខ្លះ​ទៀត​យល់​ថា មក​ពី​អ្នក​ចារ​មាន​ទំលាប់​អាក្រក់​លប់​បំបាត់​ឈ្មោះ​អ្នក​និពន្ធ​ចោល ហើយ​តាំង​ខ្លួន​អែង​ជា​អ្នក​និពន្ធ​ជំនួស​វិញ​។

ស្នា​ដៃ​មួយ​ដែល​គេ​ស្គាល់​ឈ្មោះ​អ្នក​និពន្ធ​ពិត​ប្រាកដ​គឺ ល្បើក​អង្គរ នពន្ធ​ដោយ​អ្នក​ប៉ាង ក្នុង​គ.ស.១៨៩៨ ជា​កាព្យ​និយាយ ពី​ការ​កសាង​ប្រា​សាទ​អង្គរ​វត្ដ តាម​របៀប​រឿង​ទេព​និទាន​។ ប៉ុន្ដែ​អ្នក​ស្រាវ​ជ្រាវ​ខ្មែរ​ខ្លះ​បាន​ដាក់​កាល​កំនត់​រឿង​នេះ​ខិត​មក​មុខ​បន្ដិច​ទៀត គឺ​នៅ​គ.ស. ១៦០៩ វិញ​។

សាសនា និងលទ្ធិផ្សេងៗ

ព្រះពុទ្ធសាសនា : ព្រះ​ពុទ្ធ​សាសនា​បែប​ហី​នយាន​ប្រើ​ភាសា​បាលី ដែល​បាន​ចូល​មក​ប្រតិ​ស្ឋាន​ក្នុង​ប្រ​ទេស​ចាប់​តាំង​ពី​បដិ​វត្ដន៍​នាយ​ត្រសក់​ផ្អែម បាន​ចារឹក​រឹស​គល់​យ៉ាង​ជ្រៅ​ចូល​ក្នុង​សង្គម​ខ្មែរ ជន​ជាតិ​ខ្មែរ​គ្រប់​ស្រទាប់ ចាប់​តាំង​ពី​ព្រះ​មហា​ក្សត្រ ដល់​ប្រជា​រាស្រ្ដ​តូច​តាច​បំផុត​ សុទ្ធ​តែ​មាន​ជំនឿ​មុត​មាំ​លើ​ព្រះ​ពុទ្ធ​សាសនា ដែល​គេ​ចាន​ចាត់​ទុក​ថា ជា​ទី​ពឹង​ទីរលឹក​ ទោះ​បី​គេ​បាន​លះ​បង់​ចោល​ជំនឿ​ដើម​របស់​គេ​លើ​ខ្មោច បិ​សាច អារក្ស អ្នក​តា បង់​បត់​ក៏​ដោយ​។ សង្គម​ខ្មែរ​លែង​ងាក​ទៅ​រក​សាសនា​ព្រាហ្មណ៍​ទៀត​ហើយ​។ ប៉ុន្ដែ​នៅ​បរម​រាជ​វាំង គេ​ឃើញ​មាន​ពួក​បាគូ (ព្រាហ្មណ៍) ដែល​គ្រាន់​តែ​មាន​នាទី​ថែ​រក្សា​ព្រះ​ខាន់​រាជ ព្រះ​លំ​ពែង​ជ័យ និង គ្រឿង​បញ្ច​ក្សត្រ និង​រៀប​ចំ​ធ្វើ​ព្រះ​រាជ​ពិធី​ផ្សេង​ៗ តែ​ប៉ុណ្ណោះ​។​

ក្នុង​សម័យ​នោះ ចំនួន​វត្ដ​អារាម​បាន​កើន​ឡើង​ជា​លំដាប់​។ ព្រះ​មហា​ថេរ ដែល​មាន​នាទី​មើល​ការ​ខុស​ត្រូវ​លើ​ការ​រៀប​ចំ​ខាង​សាសនា និង​លើ​វត្ដ​អារាម​នៅ​ក្នុង​ខេត្ដ​នីមួយ​ៗ​លែង​មាន​លទ្ធ​ភាព​បន្ដ​ការ​គ្រប់​គ្រង​នោះ​ត​ទៅ​ទៀត​ហើយ​។ ដោយ​ហេតុ​នោះ សម្ដេច​ព្រះ​សង្ឃ​រាជ ដោយ​មាន​ការ​ព្រម​ព្រៀង​ជា​មួយ​រាជា​គណ​ឋានា​នុក្រម និង​សហ​ការី​ទាំង​អស់ ទ្រង់​បាន​ស្នើ​ទៅ​ព្រះ​រាជា​សូម​អោយ​មាន​ការ​កែ​ប្រែ​ដែល​មាន​បែប​ផែន​ដូច​ត​ទៅ៖

ព្រះ​មហា​ថេរ​មួយ​អង្គ​ៗ ឥលូវ​ត្រូវ​តែង​តាំង​ជា​មេ​គណៈ ទទួល​ការ​ខុស​ត្រូវ​លើ​គណៈ​សង្ឃ​ក្នុង​ខេត្ដ​នីមួយ​ៗ​។ ចំណែក​ឯ​រាជា​គណៈ ទាំង​៤​សំរាប់ និង សម្ដេច​​សង្ឃ​រាជ​ជា​អ្នក​ត្រួត​ពិនិត្យ និង​សំរេច​កិច្ច​ការ​សាសនា​ទាំង​ពួង​ក្នុង​ព្រះ​រាជ​ណា​ចក្រ​ទាំង​មូល​។ គួរ​គប្បី​បញ្ជាក់​ថា រាជា​គណៈ រឺ​មន្រ្ដី​សង្ឃ​ទាំង​៤ សំរាប់ ត្រូវ​ចែក​ជា សំរាប់​ឯក ទោ ត្រី ចត្វា ដូច​មន្រ្ដី​ជាន់​ខ្ពស់​ខាង​អាណា​ចក្រ​ដែរ៖

- សំរាប់ឯក ជារាជាគណៈ របស់ក្សត្រីយ៍ទ្រង់រាជ។
- សំរាប់ទោ ជារាជាគណៈ របស់ក្សត្រីយ៍ឧភយោរាជ។
- សំរាប់ត្រី ជារាជាគណៈរបស់សម្ដេចព្រះមហាឧបរាជ។
- សំរាប់ចត្វា ជារាជាគណៈរបស់សម្ដេចព្រះវររាជជននី។

គួរ​គប្បី​បញ្ជាក់​ម្យ៉ាង​ទៀតថា ព្រះ​សង្ឃ និង​វត្ដ​អារាម​ក្នុង​សម័យ​នោះ​មាន​មុខ​ងារ​យ៉ាង​សំខាន់​ក្នុង​វិស័យ​សង្គម​កិច្ច​។ យ៉ាង​ណា​មិញ ព្រះ​សង្ឈ​ពុំ​មែន​គ្រាន់​តែ​ជា​ស្រែ​បុណ្យ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ជា​អ្នក​អប់​រំ ផ្ដល់​ចំណេះ​វិជ្ជា​គ្រប់​បែប​យ៉ាង គិត​ទាំង​ចំណេះ​ខាង​មុខ​របរ​ផង​ដល់​ពុទ្ធ​បរិ​សទ្ធ​ជើង​វត្ដ​។ នេះ​ហើយ​ជា​កត្ដា​មួយ​ធ្វើ​អោយ​រាស្រ្ដ​ខ្មែរ​កាន់​តែ​ជក់​ចិត្ដ​លើ​ព្រះ​ពុទ្ធ​សាសនាថែម​ទៀត​។ ពួក​យុវ​ជន​តែង​និយម​ចូល​ទៅ​បួស​អស់​មួយ​រយៈ​កាល ហើយ​សិក្ខ​មក​វិញ ទើប​អ្នក​ផង​គេ​ចាត់​ទុក​ជា​មនុស្ស​ពេញ​លក្ខណៈ​មាន​ចំណេះ​ចេះ​ដឹង ស្គាល់​ខុស​ស្គាល់​ត្រូវ​៘

សាសនាគ្រិស្ដ : ជន​ជាតិ​អឺ​រ៉ុប​មាន​ពួក​ព័រ​ទុយ​កល និង​អេស្បាញ​ជា​ដើម បាន​ប៉ុន​ប៉ង​យក​សាសនា​គ្រិស្ដ មក​ផ្សាយ​ក្នុង​ប្រ​ទេស​ខ្មែរ​ចាប់​ពី​ពាក់​កណ្ដល​ទី​២ នៃ​ស.វ.ទី​១៦​។ ទោះ​បី​ព្រះ​រាជា​ខ្មែរ​ភាគ​ច្រើន​ទ្រង់​ទទួល​រាក់​ទាក់ និង​ផ្ដល់​ជំនួយ​ផ្សេង​ៗ ជា​ច្រើន​ដល់​អ្នក​ផ្សាយ​សាសនា ក្នុង​បំណង​អោយ​ពួក​បព្វ​ជិត​ជួយ​ធ្វើ​អន្ដ​រា​គមន៍ សុំ​ជំនួយ​ទ័ព​មក​ទប់​ទល់​នឹង​សត្រូវ​ខាង​ក្នុង និង​ខាង​ក្រៅប្រ​ទេស​ក៏​ដោយ ក៏​ការ​ប៉ុន​ប៉ង​ផ្សាយ​សាសនា​ថ្មី​នេះ តែង​ទទួល​បរា​ជ័យ​គ្រប់​ពេល​វេលា​។

បព្វ​ជិត Gaspar da Cruz ដែល​ជា​អ្នក​ផ្សាយ​សាសនា​ជាតិ​អឺរ៉ុប​ទី​១ នៅ​ប្រ​ទេស​ខ្មែរ​បាន​ទទួល​សារ​ភាព​ថា មាន​តែ​ខ្មែរ​ម្នាក់(?) ដែល​បាន​ចូល​សាសនា​គ្រិស្ដ ហើយ​ជន​ជាតិ​នោះ បាន​ទទួល​មរណ​ភាព​ហើយ​ទៅ​ទៀត​។ បព្វជិត​អង្គ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយ​មក​ពួក​អ្នក​ផ្សាយ​សាសនា​ជាតិ​អឺ​រ៉ុប​មាន​ទំនាស់​ជា​មួយ​ពួក​ព្រាហ្មណ៍​នៅ​ក្នុង​វាំង​។ ខ្លួន​លោក​ផ្ទាល់ ក៏​បាន​ធ្វើ​អោយ​ពួក​ព្រាហ្មណ៍​អាក់​អន់​ចិត្ដ ដោយ​លោក​បាន​ពន្យល់​ដល់​ប្រជា​រាស្រ្ដ​ថា «ព្រះ​អាទិ​ទេព​របស់​ពួក​នេះ​ពុំ​បាន​បង្កើត​មេឃ និង​ដី​ទេ ហើយ​អាទិ​ទេព​នោះ ជា​មនុស្ស​កាច​សា​ហាវ និង​ជា​អ្នក​ធ្វើ​បាប​កម្ម​ទៀត​ផង»​។បព្វ​ជិត​កា​សើ​ហ្កា​ Caçega បាន​កត់​ទុក​ថា បព្វជិត​សីល​វេស​ត្រិ Sylvestre បាន​លាង​បាប​អោយ​បាន​តែ​ពួក​អ្នក​ទោស និង ជន​បរ​ទេស មាន​ចិន ជប៉ុន ជ្វា តែ​គ្មាន​ខ្មែរ​ម្នាក់​សោះ​។ គេ​សង្កេត​ឃើញ​ថា ការ​ប៉ុន​ប៉ង​បង្កើត​អង្គការ​ដោយ​សាសនា​គ្រិស្ដ​នៅប្រ​ទេស​ខ្មែរ ត្រូវ​បាន​ទទួល​បរា​ជ័យ​ជា​បន្ដប​ន្ទាប់​គ្នា​គឺ​៖

- ការប៉ុនប៉ងទី១ នៅក្នុងរជ្ជកាលព្រះសត្ថាទី១។
- ការប៉ុនប៉ងទី២ នៅក្នុងរជ្ជកាលព្រះរាមជើងព្រៃ។
- ការប៉ុនប៉ងទី៣ នៅក្នុងរជ្ជកាលព្រះបរមរាជាទី៥ ចៅពញាតន់។
- ការប៉ុនប៉ងទី៤ នៅក្នុងរជ្ជកាលព្រះ កែវហ្វាចៅពញាញោម។

លទ្ធិបុគ្គលនិយម លទ្ធិ​បុគ្គល​និយម នៅ​សម័យ​អង្គរ យើង​បាន​ឃើញ​ថា ចាប់​តាំង​ពីស.វ. ទី៩ ដល់ ស.វ. ទឺ១២ គេ​មាន​ភស្ដុ​តាង​ថា លទ្ធិ​នេះ​នៅ​តែ​មាន​សកម្ម​ភាព​បន្ដ​ទៅ​ទៀត​។ ប្រភព​នេះ​បាន​អោយ​ពត៌​មាន​ថា ព្រះ​ចន្ទ​រាជា​បាន​សាង​ព្រះ​វិហារ​មួយ​នៅ​ក្នុង​ខេត្ដ​រប្អៀរ រួច​ទ្រង់​ត្រាស់​អោយ​សាង​ព្រះ​ពុទ្ធ​រូប​ឈើ​ស្នង​ព្រះ​អង្គ​មួយ​ព្រះ​អង្គ កំពស់​ស្មើ​ព្រះ​អង្គ​ទ្រង់​សន្ឋិត​កណ្ដាល​។ ទ្រង់​អោយ​សាង​ព្រះ​ពុទ្ធ​រូប ឈើ​មួយ​ព្រះ​អង្គ​ទៀត ស្នង​ព្រះ​អគ្គម​ហេសី​ព្រះ​ភគ​វតី​ស្រី​ទាវ​ធិតា កំពស់​ស្មើ​ព្រះ​អង្គ សន្ឋិត​ម្ខាង​ទ្រង់​សាង​ព្រះ​ពុទ្ធ​ឈើ​មួយ​ព្រះ​អង្គ​ទៀត ស្នង​ព្រះ​អង្គសម្ដេច​ព្រះ​ស្រី​ទេវី​ក្សត្រី​ ជា​សម្ដេច​ព្រះ​រាជ​បុត្រី កំពស់​ស្មើ​ព្រះ​អង្គ​សន្ឋិត​ម្ខាង​ទៀត​។ ប្រភព​រាជ​ពង្សាវ​តារ​ខ្មែរ​បាន​និយាយ​ទៀត​ថា កាល​ដែល​សម្ដេច​ចៅ​ហ្វា​ដុង​ជំទាវ​ទេវី​នារី​សោភ័ណ​ជៃ ដែល​ត្រូវ​ជាបិតា​មាតា​សម្ដេច​ព្រះ​អគ្គ​មហេសី ស្រី​ទេព​ធិតា ព្រះ​បរម​រាជា​ទី​៤ ទ្រង់​ត្រាស់​បង្គាប់​អោយ​ជាង​យក​ថ្ម​ល្អិត​​ល្អ មក​សាង​ជា​រូបសម្ដេច​ចៅ​ហ្វា​ដុង​១ ជំទាវ​ទេវី​នារី​សោ​ភ័ណ​ជៃ​១ តំកល់​រូប​ទាំង​២​នោះ​ក្នុង​សាលា​មួយ​ទុក​អោយ​សម្ដេច​ព្រះអគ្គម​ហេសី​គោរព​រៀង​មក​។

សិល្បៈ ខ្មែរ​ច្រើន​មាន​ទំនាក់​ទំនង​ជិត​ស្និត​ជា​មួយ​នឹង​សាសនា​។ ដោយ​ហេតុ​ថា នៅ​សម័យ​នោះ ខ្មែរ​មាន​ជំនឿ​ស៊ប់​ តែ​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា សិល្បៈ​ខ្មែរ​ក៏​មាន​លក្ខណៈ​ទោរ​ទន់​ទៅ​តាម​សាសនា​នោះ​ដែរ​។ សេច​ក្ដី​ដក​ស្រង់​ត​ទៅ​នេះ អាច​បង្ហាញ​អោយ​ឃើញ​នូវ​ប្រធាន និង​បច្ចេក​ទេស​ប្រើ​ក្នុង​វិស័យ​សិល្បៈ​ស្ថា​បត្យ​កម្ម និង​ចំលាក់​ក្នុង​សម័យ​នោះ​។ អស់​មុខ​មន្រ្ដី មេ​ការ​ទាំង​ឡាយ កែន​កូន​ជាង​សាង​ព្រះ​មហា​ស្ដូប ព្រះ​ចេតិយ​ធំ​និង ព្រះ​ចេតិយ​តូច​ជា​បរិវារ រចនា​ដោយ​ថ្ម ត​កំផែង​ខ្ចាត់​ខ្វែង អោយ​ជា​ច្រើន​បែប​ច្រើន​យ៉ាង សាង​ព្រះ​វិហារ​មាន​ត្រី​សូល៍ កំពូល​ប្រាំ​តាម​កំ​ផែង និង​ព្រះ​លាន​ព្រះ​អារាម​នោះ​ សឹង​ឆ្លាក់​ឆ្លៅ​ជា​ភាព​មនុស្ស គ្រុឌ​នាគ សត្វ​មហឹង្សា គោ​ក្របី និង​ក្បាច់​ភ្ញី​ផ្កា វល្លិ រចនា​ថ្លែ​ថ្លា ប្រ​ពៃ​ហើយ​សាង​ព្រះ​ពុទ្ធ​រូប​បន្ទំ​ និង​សន្ឋិត​ជា​ច្រើន​អង្គ មាន​សីមា និង​របៀប​រោង​ទង​ក្លោង​ទ្វារ​កំពូល​មុខ​ព្រហ្ម​សុទ្ធ​សឹង​ឆ្លាក់​ឆ្លៅ​ដោយ​ថ្ម ត​កំ​ផែង ខ្វាត់​ខ្វែង ជុំវិញ​សឹង​ថ្ម​បាយ​អ ថ្ម​គ្រោម​ក្រាល​ថ្ម​ល្អិត ហើយ​មាន​រូប​សិង្ហ​តោ​រាជ​សីហ៍ ដំរី​យក្ស​ដាក់​គ្រប់​ទ្វារ​។ ក្នុង​វិស័យ​សិល្បៈ​ដដែល​នេះ​នាង​កញ្ញា Madeleine Giteau បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ព្រះ​ពុទ្ធ​រូប​ទ្រង់​គ្រឿង​ឆ្លាក់​ពី​ឈើ រឺ ពី​ថ្ម​ដែល​មាន​តំកល់​នៅ​ក្នុង​ប្រា​សាទ​អង្គរ​វត្ដ​សព្វ​ថ្ងៃ​។ នាង​យល់​ថា ព្រះ​ពុទ្ធ​រូប​ទាំង​នោះ​អាច​បង្ហាញ​អោយ​ឃើញ​នូវ​រចនា​បថ​ ទាំង​ឡាយ​នៃ​សិល្បៈ​ខ្មែរ​ក្នុង​សម័យ​ក្រោយ​អង្គរ​។