២៩ -ព្រះបាទស៊ីសុវត្ដិ ១៩០៤ - ១៩២៧
ថ្ងៃសុក្រ ទី13.កុម្ភៈ 2015.ម៉ោង 21:35

នា​ថ្ងៃ២៤ មេសា​ដដែល​នោះ​វេលា​ម៉ោង ៣​និង​២០ នាទី​ល្ងាច ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក ដែល​មាន​គណ​រដ្ឋ​មន្រ្ដី និង មន្រ្ដី​ជាន់​ខ្ពស់​ទាំង​បព្វ​ជិត និង ទាំង​គ្រហស្ដ​បើក​សម័យ​ប្រជុំ​ក្រោម​អធិប​តី​ភាព​នៃ​លោក​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រីយឺរ ដើម្បី​ជ្រើស​រើស​ព្រះ​មហា​ក្សត្រ​ថ្មី​ទៅ​តាម​ប្រ​ពៃ​ណី​ខ្មែរ​។ ដោយ​ហេតុ​ថា​ព្រះ​បាទ​នរោត្ដម​ ពុំ​សូវ​សិទ្ធ​ស្នាល នឹង​បារាំង ព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​ពុំ​ត្រូវ​បាន​ជ្រើស​រើស​អោយ​ឡើង​សោយ​រាជ្យ​ស្នង​ព្រះ​បិតា​ទេ​។ ពេល​នោះ​ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក ដែល​មាន​លោក​រេ​ស៊ី​ដង​ស៊ុ​ប៉េ​រីយឺរជា​អធិ​បតី​នោះ​ បាន​សំរេច​ជ្រើស​រើស​ព្រះ​មហា​ឧប​រាជ​ ស៊ី​សុវត្ដិ ជា​ព្រះ​អនុជ​ព្រះ​បាទ​នរោត្ដម ហើយ​ដែល​ព្រះ​អង្គ​តែង​យក​ចិត្ដ​រណប​បារាំង​ជា​និច្ច​ផង​អោយ​ឡើង​សោយ​រាជ្យ​វិញ​។

- ឧកញ៉ាអគ្គមហាសេនា :មានមុខងារជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និង ធម្មការ និងជាអធិបតីនៃគណរដ្ឋមន្រ្ដី។
- ឧកញ៉ាយមរាជ : មានមុខងារជារដ្ឋមន្រ្ដីទទួលខុសត្រូវកិច្ចការក្នុងរាជវាំង ខាងហិរញ្ញវត្ថុ និងវិចិត្រសិល្បៈ។
- ឧកញ៉ាក្រលាហោម : មានមុខងារជារដ្ឋមន្រ្ដីខាងសង្រ្គាម សាធារណការ និងការសិក្សាសាធារណ។

ចំពោះ​ទឹក​ដី​ដែល​បាន​បាត់​បង់​ទៅ​ក្នុង​ដៃ​សៀម​នោះ គេ​ដឹង​ថា​ក្នុង​ឆ្នាំ ១៩០៤ ប៉ុន្មាន​ខែ​ក្រោយ​ដែល​ព្រះ​បាទ​ស៊ីសុ​វត្ដិ បាន​ឡើង​សោយ​រាជ្យ ប្រ​ទេស​សៀម​បាន​បង្វិល​ទៅ​អាយ​បារាំង​ហើយ​ដែល​បារាំង​បាន​ប្រ​គល់​អោយ​ព្រះ​អង្គ​វិញ​នូ​វខេត្ដ​ត្រាត កោះ​កុង ម្លូ​ព្រៃ និង ទន្លេ​ពៅ​។ នៅ​ពេល​ជា​មួយ​គ្នា​នោះ ខេត្ដ​ស្ទឹង​ត្រែង និង​ស្រុក​សៀម​ប៉ាង ក៏​ត្រូវ​ដក​ហូត​ពី​ ប្រ​ទេស​លាវ​ ហើយ​ប្រ​គល់​មក​អោយ​ព្រះ​រាជា​ខ្មែរ​វិញ​ដែរ​។

តាម​សន្ធិ​សញ្ញា​ថ្ងៃ​ទី​២៣ ខែ​មិនា ១៩០៧ រដ្ឋា​ភិ​បាល​សៀម បាន​ប្រ​គល់​អោយ​បារាំង​វិញ​នូវ​ខេត្ដ​បាត់​ដំបង​សៀម​រាប និង​ស៊ីសុ​ផុន​។ ប៉ុន្ដែ​បារាំង​ត្រូវ​អោយ​ថ្នូរ​ទៅ​វិញ​នូវ​ដែន​ដី​ដាន់​សៃ​ និង​ត្រាត​។ ខេត្ដ​ទាំង ៣​ខាង​លើ​បារាំង​បាន​ប្រគល់​អោយ​មក​ខ្មែរ​វិញ​។

គួរ​គប្បី​ជ្រាប​ថា ការ​វិល​ចូល​មក​ក្នុង​មាតុ​ភូមិ​វិញ​នូវ​ទឹក​ដី​មួយ​ភាគ​យ៉ាង​សំខាន់​ដែល​ត្រូវ​បាត់​បង់​ទៅ​តាំង​ពី​សម័យ​ពញា​អភ័យ​ធិ​បែស បែន​(១៧៩៥) ជា​ជោគ​ជ័យ​មួយ​នៃ​នយោ​បា យ​បារាំង​នៅ​ប្រ​ទេស​កម្ពុជា ដែល​មាន​ចារឹក​ទុក​ជា​អនុស្សាវ​រីយ៍​នៅ​ត្រង់​ទិស​ខាង​ត្បូង​វត្ដ​ភ្នំ​ដូន​ពេញ​សព្វ​ថ្ងៃ​។ ការ​ទាម​ទារ​យក​បាន​ទឹក​ដី​នេះ​មក​វិញ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ អាម៉ង​ហ្វាលិ​យែរ Armand Fallières កាន់​តំណែង​ជា​ប្រធា​នា​ធិប​តី​នៃ​សាធារ​ណ​រដ្ឋ​បារាំង​ លោក​ពោល​បូ Paul Beau ជា​អគ្គ​ទេ​សា​ភិបាល​នៃ​ឥណ្ឌូ​ចិន និង លោក​ប៉ូលលុស​ Paul Luce ជា​រេ​ស៊ី​ដង់​ស៊ុប៉េ​រីយឺរ នៅ​ប្រ​ទេស​កម្ពុជា​។

នា​ឆ្នាំ ១៩០៧ ដដែល​នោះ មាន​បង្កើត​គណ​កម្ម​ការ​ពីរ សំរាប់​ចង​ក្រង​រាជ​ពង្សា​វតារ​ខ្មែរ : គណ​កម្ម​ការ​ទី១ មាន​លោក​ឧកញ៉ា វាំង​ជួន ជា​ប្រ​ធាន​ គណ​កម្ម​ការ​ទី​២ មាន​លោក​ឧក​ញ៉ាវង្សា​អក្ខ​រាជ ឌុច ជា​ប្រធាន​។

តាម​បញ្ញត្ដិ​ថ្ងៃ​ទី​១១ ខែ​មេសា ១៩១២ ឳពុក​ម្ដាយ​ត្រូវ​តែ​បញ្ជូន​កូន​ប្រុស​ស្រី​អោយ​ទៅ​កាន់​សាលា​រៀន បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ទទួល​ទណ្ឌ​កម្ម​យ៉ាង​ទំងន់​។ សូម​ជ្រាប​ថា​នៅ​សម័យ​នោះ​ ក្រៅ​ពី​សាលា​វត្ដ​រាជ​ការ​បាន​បង្កើត​សាលា​នៅ​តាម​ឃុំ​ជា​ច្រើន​ទៀត ដើម្បី​អោយ​ក្មេង​សិក្សា​ភាសា​ជាតិ​ខ្លួន​។ ចំពោះ​ក្មេង​ណា​ដែល​ចង់​បន្ដ​ការ​សិក្សា​ថែម​ទៀត រដ្ឋ​ការ​អាណា​ព្យា​បាល​បារាំង បាន​បង្កើត​សាលា​បឋម​សិក្សា​ជាន់​ដំបូង​ខ្លះ​ដែល​នៅ​ទី​នោះ គេ​បាន​ផ្ដើម​ការ​បង្រៀន​ភាសា​បារាំង​។ នៅ​ពី​លើ​សាលា​ទាំង​នោះ នៅ​មាន​សាលា​ដែល​មាន​កំរិត​វិជ្ជា​ខ្ពស់​ជាង​នៅ​តាម​ទី​រួម​ខេត្ដ​ហើយ​ដែល​មាន​ចាង​ហ្វាង​ជា​បារាំង​។

សំរាប់​មធ្យម​សិក្សា គេ​មាន​តែ​អនុ​វិទ្យា​ល័យ​ស៊ីសុ​វត្ដិ​មួយ​គត់​នៅ​រាជ​ធានី​ភ្នំ​ពេញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩០៤ ម៉្លេះ​។ ក្នុង​វិស័យ​សិក្សា​អប់​រំ និង វប្ប​ធម៌​នេះ គេ​បាន​ដឹង​ថា​តាម​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ១៩១៥ ព្រះ​បាទ​ស៊ី​សុវត្ដិ​ ទ្រង់​បាន​បង្កើត​គណ​កម្ម​ការ​មួយ​ដែល​មាន​នាទី​​រៀប​ចំ​វចនា​នុក្រម​ខ្មែរ​ជា​លើក​ដំបូង រួច​នៅ គ.ស.១៩២១ ព្រះ​អង្គ​ទ្រង់​បាន​សាង​សាលា​បាលី​ជាន់​ខ្ពស់ និង​ព្រះ​រាជ​បណ្ណា​ល័យ​។ ម្យ៉ាង​ទៀត​នៅ​ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ​ដដែល ១៩១៨ លោក​ហ្សក ហ្គូ​លិ​យេ បាន​បង្កើត​សារ​មន្ទីរ​មួយ​នៅ​ក្រុង​ភ្នំពេញ ដើម្បី​ប្រ​មែ​ប្រមូល​ នូវ​ស្នា​ដៃ​ខ្មែរ​ដែល​ជា​វត្ថុ​បុរាណ​យក​មក​ថែ​រក្សា​អោយ​បាន​គង់​វង់​ត​ទៅ​។​

គួរ​កត់​សំ​គាល់​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩១២ ព្រះ​រាជា​ទ្រង់​បាន​ប្រកាស​អោយ​ប្រើ​នូវ​ក្រុម​ព្រហ្ម​ទណ្ឌ​ថ្មី​។ នៅ​ឆ្នាំ​បន្ទាប់ ក្រុម​សើប​អង្កេត​បទ​ឧក្រិដ្ឋ និង​នៅ​ឆ្នាំ​១៩២០ ក្រុម​រដ្ឋ​ប្ប​វេណី​ និង​ក្រុម​នីតិ​វិធី​ខាង​បទ​បវេ​ណី ក៏​ត្រូវ​បាន​ប្រកាស​អោយ​ប្រើ​ជា​បន្ដ​បន្ទាប់​គ្នា​។ ក្រោយ​មក​ទៀត​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី ១៤​ខែ​កញ្ញា ១៩២២ បាន​បង្កើត​អោយ​មាន​ សាលាពហុ​សាលា​ដំបូង​ សាលា​ឧទ្ធ​រណ៍ សាលា​ឧក្រិដ្ឋ​ និង សាលា​វិនិច្ឆ័យ​។ ប៉ុន្ដែ​លាសា​ទាំង​នោះ រឺ​វិស័យ​តុលា​ការ​ទាំង​មូល​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​គ្រប់​គ្រង​របស់​រដ្ឋ​ការ​អាណា​ព្យា​បាល​បារាំង​។

ក្នុង​វិស័យ​ហិ​រញ្ញ​វត្ថុ គួរ​គប្បី​រំលឹក​ឡើង​វិញ​ថា ចាប់​តាំង​ពី​ឆ្នាំ ១៨៩០ មក​បញ្ជី​ចំណូល​ចំណាយ​នៃ​ប្រទេស​កម្ពុជា​ត្រូវ​កាន់​កាប់​ដោយ​ហិ​រញ្ញិក​ម្នាក់​។ ម្យ៉ាង​ទៀត​នៅ​រៀង​រាល់​​ឆ្នាំ ​លោក​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រីយឺរ​ត្រូវ​រៀប​ចំ​ថវិកា​សំរាប់​ឆ្នាំ​ខាង​មុខ​។ ចាប់​ពី​ឆ្នាំ ១៩១២ គេ​បាន​គ្រោង​ក្នុង​ផ្នែក​ចំណាយ​នូវ​មុខ​ចំណាយ​ដូច​ត​ទៅ​៖

- មុខចំណាយសំរាប់រដ្ឋបាល ទាំងខាងខ្មែរ ទាំងខាងបារាំង។
- មុខចំណាយសំរាប់សន្ដិសុខសាធារណ និង តុលាការ។
- មុខចំណាយសំរាប់ហិរញ្ញវត្ថុ និង ធនធានសាធារណ។
មុខ​ចំណាយ​សំរាប់​គិលាន​សង្រ្គោះ និង សិក្សា​ធិការ ហើយ​ដើម្បី​ទប់​ទល់​នឹង​មុខ​ចំណាយ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ គេ​បាន​បង្កើត​នូវ​ប្រ​ភេទ​ពន្ធ​ផ្សេង​ៗមាន​៖
- ពន្ធលើខ្លួន;
- ពន្ធលើការអោយខ្ចី;
- ពន្ធលើដីធ្លី និង ដំនាំ;
- ពន្ធប៉ាតង់;
- ពន្ធលើផលិតផលព្រៃឈើ លើផលិតផលដាក់ភាស៊ី លើផលិតផលអាជីវកម្ម ឧស្សាហកម្ម និង ផលិតផលផ្សេងៗ (១០)។

ក្នុង​វិស័យ​សេដ្ឋ​កិច្ច គេ​បាន​ដឹង​ថា​ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​ស៊ី​សុវត្ដិ ចំការ​កៅ​ស៊ូ​ត្រូវ​បាន​បង្កើត​ជា​លើក​ដំបូង​នៅ​ត្រង់​តំបន់​ជប់ (១៩២១)​។ ដោយ​ការ​សាក​ល្បង​នេះ​មាន​ជោគ​ជ័យ​ ពួក​មូល​ធន​និយម​បារាំង​បាន​បង្កើត​ចំការ​កៅ​ស៊ូ​ធំ​ៗ ផ្សេង​ៗ​ទៀត​ត្រង់​តំបន់​ដី​ក្រហម​ក្នុង​ខេត្ដ​កំពង់​ចាម និង ក្រចេះ​។ ដប់​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១៩៣១ ទំហំ​ដី ​ដាំ​កៅ​ស៊ូ​ឡើង​ហួស​ពី ២៥០០០ ហិច​តា(៥៩)​។

នៅ​ទី​បញ្ចប់​នេះ គួរ​កត់​សំគាល់​ថា ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​ស៊ីសុវត្ដិ រាស្រ្ដ​ខ្មែរ​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ការ​រំលោភ​ជិះ​ជាន់​របស់​បារាំង​អស់​ពីរ​លើក​។ យ៉ាង​ណា​មិញ នៅ​ឆ្នាំ​១៩១៦ ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​រដ្ឋ​ការ​បារាំង ព្រះ​បាទ​ស៊ី​សុវត្ដិ ទ្រង់​បាន​អនុញ្ញាត​អោយ​ពួក​នេះ​កែន​រាស្រ្ដ​ខ្មែរ​ធ្វើ​ទាហាន​យក​ទៅ​ច្បាំង​នៅ​ប្រ​ទេស​បារាំង សង្គ្រាម​សកល​លោក​លើក​ទី​១ (១៩១៤ -១៩១៨)។ ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​រាស្ត្រ​ខ្មែរ​ចំនួន​មួយ​សែន​នាក់​បាន​បះ​ឡើង​ប្រ​ឆាំង នឹង​កា​ររំលោភ​ក្នុង​កំនែន​ខាង​លើ​នេះ និង​ក្នុង​ការ​ស្ថាប​នា​ផ្លូវ​ថ្នល់​។ ជា​កុសល​ព្រះ​រាជា​ទ្រង់​បាន​ធ្វើ​អន្ដ​រាគម​ន៍​យ៉ាង​សក្ដិ​សិទ្ធ ប្រជា​រាស្រ្ដ​របស់​ព្រះ​អង្គ​ក៏​សុខ​ចិត្ដ​ព្រម​វិល​ទៅ​លំ​នៅ​ដ្ឋាន​រៀង​ៗ​ខ្លួន​វិញ​ទៅ​។

ក្រោយ​មក​ប្រ​ហែល​ជា​ដោយ​សារ​បារាំង​ត្រូវ​ការ​លុយ​កាក់​នាំ​យក​ទៅ​ស្រុក​របស់​ខ្លួន​ដែល​បាន​ងើប​ពី​ចំបាំង​ជា​មួយ​អល្លឺ​ម៉ង់ បារាំង​ក៏​បាន​តំលើង​ពន្ធដា ហើយ​តឹង​ទារ​ពី​រាស្រ្ដ​ខ្មែរ​ដែល​មាន​ជីវ​ភាព​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ​។ ម៉្លោះ​ហើយ រាស្រ្ដ​ខ្មែរ​ដែល​នៅ​កន្លែង​ខ្លះ​អត់​ទ្រាំ នឹង​អំពើ​ជិះ​ជាន់​នេះ​មិន​បាន​ក៏​នាំ​គ្នា​បះ​ឡើង​រហូត​ដល់​ហ៊ាន​សំលាប់​រេ​ស៊ី​ដង់​បារាំង ដូច​ករណី​លោក​រេស៊ី​ដង់​បារ​ដេស នៅ​ឃុំ​ក្រាំង​លាវ ខេត្ដ​កំពង់​ឆ្នាំង នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា គ.ស ១៩២៥​។

ក្នុង​វិស័យ​​គមនា​គមន៍ បណ្ដាញ​ផ្លូវ​ថ្នល់​ត្រូវ​គេ​ពង្រីក​យ៉ាង​ខ្លាំង​។ ផ្លូវ​រថ​ភ្លើង​ទី​១ ពី​ភ្នំ​ពេញ​ទៅ​ព្រំ​ដែន​សៀម​ដោយ​កាត់​តាម​បាត់​ដំបង​ត្រូវ​បាន​ស្ថាប​នា​ឡើង​នៅ​គ.ស. ១៩៣២​។ ផ្លូវ​នេះ​មាន​ប្រ​វែង ២៧៥​គ.ម​។ ក្រៅ​ពី​នេះ ស្ពាន​ធ្វើ​ពី​បេ​តុង​ជា​ច្រើន​ក៏​ត្រូវ​បាន​ស្ថាបនា​ដែរ ជា​ពិសេស​ស្ពាន​ដែល​ឆ្លង​កាត់​ទន្លេ​បាសាក់ (ប្រវែង ២៩៣ម) ហើយ​មាន​ឈ្មោះ​ថា​ស្ពាន​មុនី​វង្ស​ ត្រូវ​បាន​សំពោធ​នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆកា ១៩២៨​។

ក្នុងវិស័យនយោបាយ និង វប្បធម៌ ព្រះបាទស៊ីសុវត្ដិ មុនីវង្ស ក៏ទ្រង់បានសាងសមិទ្ធិយ៉ាងសំខាន់ៗណាស់ដែរដូចជា ៖

- សភា​សំរាប់​អោយ​យោ​បល់​មួយ (សភា​ខ្មែរ) តាម​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី ១៨ ខែ​សីហា ១៩២៨។ ប៉ុន្ដែ​បើ​តាម​លោកហិន​រី​រូស្យេ Henri Russier ថា​សភា​នេះ ត្រូវ​បាន​បង្កើត​តាំង​ពី​រជ្ជ​កាល​មុន​ម៉្លេះ ហើយ​ត្រូវ​មាន​ភារៈ​ផ្ដល់​យោបល់​ពី​បញ្ហា​ពន្ធដា បញ្ហា​រដ្ឋ​បាល រឺ បញ្ហា​បង្កើត​ផល​ទាក់​ទង​នឹង​ជី​វភាព​ប្រជា​រាស្រ្ដ​ខ្មែរ​។ សភា​នេះ​មាន​សមា​ជិក ៤៦​នាក់ : ក្នុង​ចំណោម​នេះ​ ៤១​នាក់ ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​បញ្ញ​វន្ដ​ខ្មែរ និង​៥​នាក់​ទៀត​ត្រូវ​បាន​តែង​តាំង​ដោយ​គណ​រដ្ឋមន្រ្ដី​ (១០)​។

- ក្រុម​​ជំនុំ​ព្រះ​ត្រៃ​បីដក ដែល​ត្រូវ​បាន​ង្កើត​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆកា ១៩២៩ ហើយ​ដែល​មាន​ភារ​បក​ប្រែ​ព្រះ​ត្រៃ​បិដក (វិន័យ​បិដក សុត្ដ​បិដក និង អភិ​ធម្ម​បិដក) សព្វ​ថ្ងៃ​នេះ​គម្ពីរ​ទាំង​៣​នេះ ត្រូវ​បាន​បក​ប្រែ​ចប់​សព្វ​គ្រប់ ហើយ​មាន​ទាំង​អស់ ១១០​ក្បាល​។

- វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ដែល​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ ១៩៣០ ហើយ​ដែល​មាន​ភារ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ពី​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តែ​ម្ដង មិន​បាច់​ចេញ​ទៅ​បរ​ទេស​ដូច​មុន​ៗ​ទៀត​។ ក្នុង​ឆ្នាំ​ដដែល តាម​រាជ​បញ្ញត្ដិ​ថ្ងៃ​ទី ១៦ ធ្នូ ព្រះ​បាទ​ស៊ីសុ​វត្ដិ មុនីវង្ស ទ្រង់​បាន​រៀប​ចំ​នូវ​ការ​សិក្សា​ភាសា​បាលី និង ព្រះ​ពុទ្ធ​​លទ្ធិ​ក្នុង​ខេត្ដ​ទាំង​ឡាយ​នៃ​ព្រះ​រាជ​អាណា​ចក្រ​។ ដោយ​ហេតុ​នោះ មាន​ការ​បង្កើត​សាលា​អនុ​វត្ដ​សំរាប់​ព្រះ​សង្ឃ​ដែល​នៅ​ទី​នោះ ព្រះ​សង្ឃ​គ្រូ​បាន​ទៅ​សិក្សា​ពី​វិធី​បង្រៀន​តាម​បែប​ទំនើប​។

នៅ​ឆ្នាំ ១៩៣៩ សង្រ្គាម​សកល​លោក​លើក​ទី​២ បាន​ផ្ទុះ​ឡើង​។ ប្រ​ទេស​សៀម​ដែល​មាន​វិវាទ​ជា​មួយ​ប្រទេស​បារាំង​ ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រ​ទេស​ជប៉ុន​ ហើយ​នៅ​ទី​​បំផុត​បាន​កៀប​សង្កត់​ទៅ​លើ​ប្រ​ទេស​បារាំង ដណ្ដើម​យក​ទៅ​វិញ​នូវ​ខេត្ដ​បាត់​ដំបង និង​ទឹក​ដី​ស្ថិត​នៅ​ត្រង់​ចន្លោះ​ជួរ​ភ្នំ​ដង​រែក និង​ខ្សែ​ស្រប​ក្រាដ (grade)​ទី​១៥​។

ដោយ​ឈឺ​ព្រះ​ទ័យ នឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​សុខ​ភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ​ស៊ី​សុវត្ដិ​មុនីវង្ស ទ្រង់​សោយ​ទី​វង្គត​នៅ​រាត្រី​ទី​២២ ខែ​មេសា ១៩៤១ នៅ​បូក​គោ​ក្នុង​ព្រះ​ជន្មាយុ​ ៦៥​វស្សា​។

សរុប​សេច​ក្ដី​មក ឃើញ​ថា​ទោះ​បី​បារាំង​បាន​មក​ជិះ​ជាន់ និង​រំលោភ​លើ​ប្រជា​រាស្រ្ដ​ខ្មែរ​ខ្លះ​មែន រហូត​ដល់​បាន​ដក​ហូត​ទឹក​ដី​ប្រ​ទេស​កម្ពុ​ជា​យក​ទៅ​បញ្ចូល​ក្នុង​អាណា​និគម​កូសាំង​ស៊ីន​របស់​ខ្លួន ហើយ​នៅ​ទី​បំផុត​បាន​បញ្ចូល​ដោយ​មាន​សេច​ក្ដី​សំរេច​ពី​រដ្ឋ​សភា​នូវ​ដែន​ដី​កូសាំង​ស៊ីន​ទៅ​ក្នុង​ទឹក​ដី​របស់​យួន​ជំនាន់​ព្រះ​ចៅ​បៅ​ដាយ​​នៅ​ឆ្នាំ ១៩៤៩ ជា​ហេតុ​ធ្វើ​អោយ​ខ្មែរ​ក្រោម​រាប់​លាន​នាក់​ត្រូវ​ទទួល​រង​ទុក្ខ​វេទនា​បាត់​បង់​សញ្ជាតិ​ដើម​របស់​ខ្លួន​ខ្លះ​មែន​ក៏​ដោយ ក៏​បារាំង​មាន​ឧបការ​គុណ​ខ្លះ​ៗ​ដែរ​ចំពោះ​ប្រ​ជា​ជាតិ​ខ្មែរ​យើង​។

យ៉ាង​ណា​មិញ ពួក​មន្រ្ដី និង​អ្នក​ប្រាជ្ញ​បារាំង​បាន​ធ្វើ​ការ​រុក​រក និង​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្រ្ដ ហើយ​ធ្វើ​អោយ​ពិភព​លោក​បាន​ស្គាល់​នូវ​អតីត​កាល​របស់​ខ្មែរ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ម្យ៉ាង​ទៀត​អាណា​ព្យា​បាល​ភាព​បារាំង ទំនង​ជា​បាន​ការ​ពារ​ពូជ​ពង្ស​ខ្មែរ និង​ទឹក​ដី​ខ្មែរ​អោយ​បាន​គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​អោយ​ចាក​ផុត​ពី​ការ​ដន្ដើម​គ្នា​ត្រួត​ត្រា និ​ង​លេប​​យក​ទឹក​ដី​ខ្មែរ​ពី​សំណាក់​សៀម​នឹង​យួន​ដែរ​។ ចំពោះ​រឿង​នេះ​មាន​ជន​នៅ​ជិត​ខាង​ខ្លះ​បាន​ថ្លែង​ថា ប្រ​សិន​បើ​បារាំង​មក​យឺត​ប្រ​ហែល​ជា ៥០​ឆ្នាំ​ប៉ុណ្ណោះ នោះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​រលាយ​ជា​មិន​​ខាន​។ ក្នុង​ការ​កសាង​ជាតិ​រដ្ឋកា​របារាំង​បាន​ជួយ​ធ្វើ​ការ​កែ​ទំរង់​សំខាន់​ៗ​ខ្លះ ក្នុង​វិស័យ​នយោ​បាយ សេដ្ឋ​កិច្ច​និង​សង្គម​កិច្ច​ដើម្បី​អោយ​ប្រ​ទេស​ខ្មែរ​មាន​ដំណើរ​ជឿន​លឿន​ទៅ​មុខ ក៏​ប៉ុន្ដែ​ធម្មតា​ ជាតិ​ជា​បរ​ទេស​បារាំង តែង​ប្រមែ​ប្រមូល​យក​ទ្រព្យ​សម្បត្ដិ​ខ្មែរ មាន​សម្បត្ដិ​វប្ប​ធម៌​ជា​ដើម​ទៅ​បំរើ​ប្រ​យោជន៍​ខ្លួន​ផ្ទាល់់ ហើយ​ពុំ​ចង់​អោយ​ខ្មែរ​មាន​ ការ​ចេះ​ដឹង និង​លូត​លាស់​ខ្លាំង​ពេក​ទេ ព្រោះ​ខ្លាច​មាន​ចលនា​ប្រឆាំង នឹង​វត្ដ​មាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។