២៨ - អនុសញ្ញាថ្ងៃទី១៧ មិនា ១៨៨៤ និងផលវិបាក
តើបារាំងបានធ្វើអ្វីខ្លះនៅលើទឹកដីខ្មែរ?
ថ្ងៃសុក្រ ទី6.កុម្ភៈ 2015.ម៉ោង 22:36

គួរ​គប្បី​ជ្រាប​ថា គំរោង​ការ​កែ​ទំរង់​ទាំង​ប៉ុន្មាន​ដូច​បាន​រៀប​រាប់​រួច​មក​ហើយ ពុំ​បាន​ទទួល​ជោគ​ជ័យ​ទាំង​អស់​ទេ​។ ផ្ទុយ​ទៅ​វិញ​ការ​អនុ​វត្ដ​ត្រូវ​ជួប​ប្រទះ​នឹង​ឧប​សគ្គ​ជា​ច្រើន បណ្ដាល​មក​ពី​ប្រតិ​កម្មមិន​អនុ​គ្រោះ​ពី​សំណាក់​ពួក​មន្រ្ដី​ជា​ច្រើន និង​ពួក​មេ​បំណុល​។ រដ្ឋា​ភិបាល​បារាំង​ដោយ​បាន​ទទួល​របាយ​ការណ៍​លំអៀង ក៏​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ព្រះ​សុឆន្ទៈ​របស់​ព្រះ​រាជា​។ នៅ​ពេល​នោះ​លោក ហ្សូល​លេ ហ្វែ​រី Joules Ferry ដែល​កាន់​ដំណែង​ជា​នាយក​រដ្ឋ​មន្រ្ដី បាន​សំរេច​ថា​ត្រូវ​តែ តាំង​អាណា​ព្យា​បាល​ភាព​ពិត​ប្រាកដ​លើ​ប្រ​ទេស​ខ្មែរ ជា​ជំនួយ​ការ​ការ​ពារ​ដែល​មាន​តាំង​ពី​មុន​មក​។ លោក​បាន​ប្រ​គល់​បន្ទុក​នេះ​អោយ​ទៅ​លោក Charles Thomson ទេសា​ភិបាល​ដែល​កូសាំង​ស៊ីន​(៩​)​។ អែក​សារ​ជា​ច្រើន ជា​ពិសេស​សៀវ​ភៅ​របស់​លោក ប៉ូល​កូលាដ Paul Collard បាន​បញ្ជាក់​ថា​ការ​តាំង​អាណា​ព្យា​បាល​ភាព​របស់​បារាំង​នៅ​លើ​នេះ​គឺ​ធ្វើ​ដោយ​បង្ខិត​បង្ខំ ដោយ​គំរាម​គំហែង​យ៉ាង​ជាក់​ស្ដែង​តែ​ម្ដង​។​

យ៉ាង​ណា​មិញ លោក​ឆាលី ថូម​សុន Charles Thomson បាន​យក​កប៉ាល់​ចំបាំង​ទៅ​លោម​ព័ទ្ធ​វាំង បាន​លុក​ចូល​ក្រលា​បន្ទំ​ក្នុង​ពេល​ដែល​ព្រះ​រាជា​កំពុង​តែ​ផ្ទុំ ហើយ​បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ថ​លេខា​លើ​អនុ​សញ្ញា​មួយ​ដែល​បាន​ដក​ហូត​អំណាច​ទាំង​ឡាយ​របស់​ព្រះ​អង្គ នៅ​ថ្ងៃ ១៧ ខែ​មិ​ថុនា ១៨៨៤​។​
មាត្រាទី១ : បាន​បង្ខំ​អោយ​ព្រះ​រាជា​ទទួល​ស្គាល់​ជា​មុន​នូវ​ការ​កែ​ទំរង់​ទាំង​ឡាយ​ខាង​ផ្នែក​រដ្ឋ​បាល ផ្នែក​តុលា​ការ​ផ្នែក​ហិ​រញ្ញ​វត្ថុ និង​ផ្នែក​ពាណិជ្ជ​កម្ម ដែល​សាធារណ​រដ្ឋ​បារាំង​យល់​ថា​គួរ​តែ​ធ្វើ​ក្នុង​អានា​គត​កាល​។
មាត្រាទី៣ : ចែង​ថា ក្នុង​ការ​គ្រប់​គ្រង​ខេត្ដ និង​ក្រសួង​នានា​ មន្រ្ដី​ខ្មែរ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញា​ធរ​បារាំង​។ ចំណែក​ក្រសួង​គយ ក្រសួង​ពន្ធ​ដា ក្រសួង​សារ​ធារណ​ការ និង ក្រសួង​អែ​ទៀត​ដែល​មាន​ប្រើ​វិស្វករ​ត្រូវ​បាន​បារាំង​កាន់​កាប់​ផ្ទាល់​តែ​ម្ដង​។
មាត្រាទី​៤ និង ទី៥ : ចែង​ថា រដ្ឋា​ភិបាល​បារាំង​អាច​តែង​តាំង រេ​ស៊ី​ដង់ និង​រេស៊ី​ដង់​រង អោយ​ត្រួត​ពិនិត្យ​មន្រ្ដី​​ខ្មែរ នៅ​តាម​ទី​រួម​ខេត្ដ​និង​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​គេ​យល់​ថា​គួរ​ដាក់​មន្រ្ដី​បារាំង​ទាំង​នោះ​អោយ​ស្ថិត​នៅ​ក្រោម​អោ​វាទ​របស់​រេ​ស៊ី​ដង់​ជាន់​ខ្ពស់ ម្នាក់​ដែល​អាច​សុំ​ធ្វើ​សវនា​ការ​ជា​មួយ​ព្រះ​រាជា​បាន​ជា​និច្ច​។
មាត្រាទី៦ : ចែង​ថា ចំណាយ​ទាំង​ឡាយ​របស់​រដ្ឋ​ការ​ខ្មែរ និង​របស់​រដ្ឋការ​អាណា​ព្យា​បាល​បារាំង​ជា​បន្ទុក​របស់​ប្រ​ទេស​កម្ពុជា​។
មាត្រាទី៧ : ចែងថា អំណេះ​ត​ទៅ ព្រះ​រាជា​ត្រូវ​ទទួល​ប្រាក់​បៀរ​វត្ស​ដែល​មាន​កំរិត​ជាក់​លាក់ ហើយ​មិន​អាច​ខ្ចី​ប្រាក់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​រដ្ឋា​ភិបាល​បារាំង​ឡើយ​។
មាត្រាទី៩ : ចែង​ថា ដី​ធ្លី​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ទាំង​មូល​ពី​ដើម​ជា​កម្ម​សិទ្ធិ​ផ្ដាច់​មុខ​របស់​ព្រះ​រាជា​ឥលូវ​ពួក​អាជ្ញា​ធរ​បារាំង​​និង​ខ្មែរ អាច​រៀប​ចំ​អោយ​មាន​កម្ម​សិទ្ធិ​ឯក​ជន ខាង​ដី​ធ្លី​នេះ​បាន​។
មាត្រាទី១០ : ចែងថា ក្រុង​ភ្នំ​ពេញ​ត្រូវ​គ្រប់​គ្រង​ដោយ​មន្រ្ដី​បារាំង​ម្នាក់ អម​ដោយ​ក្រុម​ប្រឹក្សា​មួយ​មាន​សមា​ជិក​ជាតិ​បារាំង ៦​នាក់​ ជន​បរ​ទេស​បារាំង ៤​នាក់ និង​ខ្មែរ​៣នាក់​។

សេចក្ដី​ជា​ខ​សំខាន់​ដែល​បាន​លាត​ត្រ​ដាង​ក្នុង​មាត្រា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​បាន​បង្ហាញ​អោយ​ឃើញ​ថា រដ្ឋ​ការ​បារាំង​បាន​កាន់​កាប់​អំណាច​សឹង​ទាំង​ស្រុង​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេស​កម្ពុជា​។ ម៉្លោះ​ហើយ​ទោះ​បី​ត្រូវ​គេ​បង្ខំ​អោយ​ទទួល​យក អនុ​សញ្ញា ថ្ងៃ​ទី​១៧ ខែមិថុនា ១៨៨៤ ក៏​ដោយ ក៏​ព្រះ​បាទ​នរោត្ដម​ទ្រង់​បាន​រក​មធ្យោ​បាយ​ដើម្បី​រំដោះ​ប្រ​ទេស​ព្រះ​អង្គ​អោយ​រួច​ពី​ការ​ត្រួត​ត្រា​ផ្ទាល់​របស់​បរ​ទេស​វិញ​ដែរ​។

(Avant tout il allumera la guerre : car ne désespère pas. Toutefois, affolé par le texte de la Convention qui lui révèle l'én- ergie de notre attitude, il s'arrangera de telle sorte que cette guerre4 soit pour lui sans péril, qu'elle ait l'apparence d'une insurrection d'un soulèvement populaire et qu'il soit impossible de l'en rendre responsable. Cette entreprise si difficile à conduire, il la mène à bien avec une rare habilité, admirablement servi par ce tempérament asiatique qui déroute souvent les plus adroits. Il dirige la campagne sans qu'on puisse jamais le prendre en flagrant délit. Au contraire plus les hostilités. Se prolongent, moins il risque de se compromettre. Ainsi qu'il l'a voulue peuple travaillé et endoctriné par ceux puis entretiennent le mouvement, donne à cett guerre toute la physionomie d'une révolte nationale(50)

ចំពោះ​រឿង​ដដែល​នេះ ជន​ជាតិ​បារាំង​ម្នាក់​ទៀត​គឺ​លោក​អង់​ដ្រេ​មី​ហ្សូត André Migot បាន​សរ​សេរ​ថា «មិន​ដល់​មួយ​ឆ្នាំ​ ក្រោយ​ពី​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា ១៨៨៤ មាន​ការ​បះ​បោរ​យ៉ាង​ខ្លាំង​ក្លា​បាន​ផ្ទុះ​ឡើង​ដើម្បី​ប្រ​ឆាំង​នឹង​ខ​សំខាន់​នៃ​សន្ធិ​សញ្ញា​នោះ​។ គេ​ច្រើ​ន​តែ​ចាត់​ទុក​ថា ការ​បះ​បោរ​ដែល​បណ្ដាល​អោយ​មាន​ការ​បង្ហូរ​ឈាម នៅ​ប្រ​ទេស​កម្ពុជា ជា​ស្នា​ដៃរ​បស់​ពួក​ស្ដេច រឺ ពួក​អ្នក​ផ្សង​ព្រេង​ល្មោភ​អំណាច រឺ របស់​ពួក​ឧទ្ទាម​ដែល​មាន​ចិត្ដ​ថ្លើម​ជា​ចោរ​ទៅ​វិញ​។ តាម​ការ​ពិត​នេះ​គឺ​ជា​ការ​បះ​បោរ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ ក្នុង​គោល​បំណង​រំដោះ​ប្រ​ទេស​ជាតិ របស់​ខ្លួន​អោយ​រួច​ពី​នឹម​បរ​ទេស រឺ ក៏​ជា​ការ​តស៊ូ​របៀប​ចំបាំង​ឈ្លប​ដែល​មាន​ការ​រៀប​ចំ​យ៉ាង​ទូ​លំ​ទូលាយ ហើយ​ដែល​មាន​ការ​គាំ​ទ្រ​ពី​សំណាក់​ពួក​ស្ដេច​ និង​ ព្រះ​សង្ឃ​។ ពិត​មែន​ហើយ​ថា នៅ​គ្រា​ដំ​បូង​ពុំ​មាន​ទំនាក់​ទំនង​ជិត​សិទ្ធ​រវាង​រាជ​វង្ស និង ប្រជា​រាស្រ្ដ​អ្នក​ប្រយុទ្ធ ប៉ុន្ដែ​គេ​ដឹង​ច្បាស់​ថា ព្រះ​បាទ​នរោត្ដម ទ្រង់​បាន​ខិត​ខំ​គាំ​ទ្រ​នូវ​ចលនា​តស៊ូ ហើយ​ជន​ជាតិ​បារាំង​ក៏​តែង​តែ​ជឿ​ថា គឺ​ព្រះ​អង្គ​នេះ​ហើយ​ជា​អ្នក​មេ​គំនិត​។ ទោះ​បី​ការ​បះ​បោរ​ត្រូវ​ទទួល​បរា​ជ័ យ​ក៏​ដោយ ក៏​ការ​បះ​បោរ​នោះ​បាន​ពង្រឹង​ជំហរ​របស់​ព្រះ​រាជា​ដែល​អាច​ទាម​ទារ​យក​ពី​ជន​ជាតិ​បារាំង​នូវ​សម្បទាន​ខ្លះ

« Moins d'un an après la signature du traité de 1884, de graves soulèvements avaient éclaté pour protester contre les termes du traité. On a souvent présenté les révoltes qui ensanglantèrent le Cambodge comme le fait de princes ou d'aventuriers avides su pouvoir de "Rebelles" plus ou moins assimilés à des bandits. En réalité il s'agissant d'un soulèvent de patriotes Cambodgiens ayant pour but la libération de leur pays du joug de l'étranger d'une lutte de Guérillas organisée sur une vaste échelle. Soutenue par des princes ou des bonzes bouddhistes. Bien qu'il n'y ait pas eu au début de contact direct entre la famille royale et le  peuple combattant, il est bien évident que le roi Norodom faisait ce qu'il pouvait pou  soutenir le mouvement et les Français restèrent toujours persuadée qu'il était l'instigateur.  Si l'insurrection fut vaincue. Elle n'en réussit pas moins à épaule le roi qui grâce à elle réussit à arracher aux Français un certain nombre de concessions (50)

ការ​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​មាន​រយៈ​ពេល ២៩​ខែ (ពីខែវិច្ឆកា ១៨៨៤ ដល់​ខែ​មករា ១៨៨៧) ហើយ​បាន​ប្រ​ព្រឹត្ដ​ទៅ​ទូ​ទាំង​ប្រទេស​។ បារាំង​ត្រូវ​លើក​ទ័ព​ទៅ​តស៊ូ នឹង​អ្នក​ស្នេហា​ជាតិ​នៅ​គ្រប់​ទិស​ទី​។ នៅ​ក្នុង​ទី​ក្រុង​មាន​ទាហាន​ការ​ពារ​យ៉ាង​មាំ​ទាំ គេ​ឃើញ​មាន​ការ​ធ្វើ​ឃាត​យ៉ាង​ច្រើន ជា​ហេតុ​នាំ​អោយ​ទាន​ហាន​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង ទ័ព​បារាំង​ត្រូវ​ទទួល​រង​ការ​ខូច​ខាត​យ៉ាង​ដំនំ ព្រោះ​ត្រូវ​ទប់​ទល់​នឹង​ការ​វាយ​ប្រ​ហារ​របស់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ផង ត្រូវ​ស្លាប់​ដោយ​ជំងឺ និង​ធាតុ​អាកាស​ផង​។

ក្រោយ​ពី​លោក ហ្សុល ហ្វែ​រី ចេញ​ចាក​ពី​ឆាក​នយោ​បាយ​ទៅ រដ្ឋា​ភិបាល​បារាំង​បាន​ស្គាល់​នូវ​ការ​ភាន់​ច្រលំ​របស់​ខ្លួន ដោយ​សារ​ការ​ផ្ដល់​ពត៌​មាន​ពី​លោក​ពិកេ ជា​រេ​ស៊ី​ដង់​ស៊ុ​​ប៉េ​រី​យឺរ​។​ បារាំ​ង​បាន​ប្រ​គល់​អំណាច​ទៅ​អោយ​ព្រះ​រាជា​វិញ ទុក​អោយ​មាន​តែ​រេ​ស៊ី​ដង់​ស៊ុ​ប៉េ​រីយឺរ​ម្នាក់​អម​ព្រះ​អង្គ​។ កិច្ច​ការ​រដ្ឋ​ត្រូវ​បាន​ប្រ​គល់​ទៅ​អោយ​មន្រ្ដី​ខ្មែរ​កាន់​កាប់​វិញ​។ នៅ​តាម​ខេត្ដ​ នៅ​មាន​តែ​រេ​ស៊ី​ដង់​បារាំង ៤​នាក់​ប៉ុណ្ណោះ (នៅ​កំពត ក្រចេះ កំពង់ធំ និង ពោធិ​សាត់) ដែល​បាន​ទទួល​បញ្ជា​ថា មិន​ត្រូវ​ទៅ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​អ្នក​ស្រុក ហើយ​ត្រូវ​គោរព​ទំ​នៀម​ទំលាប់​ប្រពៃនី​ និង​សាសនា​របស់​អ្នក​ស្រុក​ថែម​ទៀត​។ ការ​កែ​ទំរង់​ទាំង​ឡាយ​ដែល​លោក​រេ​ស៊ី​ដង់​ស៊ុប៉េ​រី​យឺរ​បាន​ស្នើ​ត្រូវ​បាន​ទទួល​សេច​ក្ដី​យល់​ព្រម​ពី​ព្រះ​មហា​ក្សត្រ​សិន​ ទើប​អាច​យក​ទៅ​អនុវត្ដ​បាន​។

លុះ​ព្រះ​រាជា​យល់​ព្រម​តាម​នយោ​បាយ​ថ្មី​របស់​បារាំង​នៅ​ប្រ​ទេស​ខ្មែរ​ហើយ សន្ដិ​ភាព​ក៏​មាន​ឡើង​វិញ ដោយ​ព្រះ​អង្គ​ទ្រង់​បាន​យាង​ទៅ​ជួប​ពួក​មេ​ដឹក​នាំ​ការ​តស៊ូ​ទាំង​អស់​នៅ​វត្ដ​ព្រៃ​ទទឹង ហើយ​ទ្រង់​បាន​បញ្ជាក់​ប្រាប់​ថា រដ្ឋ​ការ​បារាំង​បាន​ប្រ​គល់​អំណាច​មក​អោយ​ខ្មែរ​វិញ​។ ដូច្នេះ​ការ​តស៊ូ​របស់​អ្នក​ស្នេ​ហា​ជាតិ​ក៏​ត្រូវ​បញ្ចប់​ត្រឹម​នោះ​ដែរ​។ គួរ​គប្បី​ជ្រាប​ថា ពួក​មេ​ដឹក​នាំ​សំខាន់​ៗ​នៅ​ពេល​នោះ​មាន​ជា​អាទិ​ ៖
- ឧកញ៉ាឧទ័យាធិរាជ ចៅហ្វាយស្រុកសំរោងទង
- ឧកញ៉ាវង្សាឧទ័យទិត ចៅហ្វាយស្រុកភ្នំស្រួច
- វិបុលរាជកែប នៅគងពិសី
- វង្សាអគ្គរាជញ៉ឹក នៅកន្ដាលស្ទឹង
- វិបុលសង្រ្គាមស នៅស្អាង
- ចក្រីម៉ា នៅបាទី

ចំណែក​ក្រលា​ហោម​គង់ និង ពិសនុ​ឈូក មិន​បាន​អញ្ជើញ​ទៅ​ជួប​ក្នុង​ពេល​នេះ​ទេ លោក​គ្រាន់​តែ​បាន​ចាត់​តំណាង​អោយ​ទៅ​ទូល​សុំ​ធ្វើ​សវ​នាការ​ជា​មួយ​ព្រះ​រាជា​នៅ​ថ្ងៃ​ក្រោយ​។​ គេ​ដឹង​ថា លុះ​ស្រុក​បាន​សន្ដិ​ភាព​ហើយ លោក​ពិសនុ​ឈូក​ត្រូវ​គេ​លួច​ធ្វើ​ឃាត អែ​លោក​ក្រលា​ហោម​គង់ ត្រូវ​បារាំង​អោយ​នាម៉ឺន​ខ្មែរ​ម្នាក់​បញ្ឆោត​អោយ​ឡើង​មើល​កប៉ាល់​វា ហើយ​​ត្រូវ​ចាប់​ចង ផ្អោប​នឹង​បំពង់​ភ្លើង​កប៉ាល់​រហូត​ដល់​ក្សិន​ក្ស័យ​ជីវិត​ទៅ​(៥៤)​។

បញ្ហាដែនដីកូសាំងស៊ីន និងបញ្ហាព្រំដែន

នៅ​គ.ស ១៨៦៥ ព្រះ​បាទ​នរោត្ដម ដោយ​មាន​លោក​ឌូដា​ដ​ដឺ​លាក្រេ អម​ផង​បាន​យាង​ទៅ​ជួប​លោក​ទេសា​ភិបាលដឺលា​ក្ហ្រង់​ដិយែរ​នៅ​​ព្រៃនគរ ហើយ​បាន​ធ្វើ​សំណូម​ពរ​ចំពោះ​លោក​ទេសា​ភិបាល​សូម​អោយ​ប្រ​ទេស​បារាំង​បង្វិល​សង​មក​ខ្មែរ​វិញ​នូវ​ខេត្ដ​ទាំង​អស់​គឺ លង់​ហោរ (លង់ហោរ ព្រះ​ត្រពាំង ផ្សារ​ដែក) មាត់​ជ្រូក (មាត់​ជ្រូក បារាជ ព្រែក​រិស្សី ឃ្លាំង) និង​ ពាម​ (ពាម ក្រមួន​ស ពល​លាវ) ដែល​ស្ថិត​នៅ​ក្នុង​ការ​កាន់​កាប់​របស់​យួន​នៅ​ឡើយ​ តាម​សន្ធិ​សញ្ញា១៨៦២​។ ព្រះ​អង្គ​ទ្រង់​បាន​ទទួល​ពាក្យ​សន្យា​ពី​រឿង​នេះ ហើយ​ក៏​​យាង​ត្រលប់​ចូល​រាជ​ធានី​ឧដុង្គ​វិញ ដោយ​ទ្រង់​មាន​សង្ឃឹម​ថា ទឹក​ដី​ដែល​បាត់​បង់​នោះ នឹង​ត្រូវ​បាន​បញ្ចូល​ជា​ទឹក​ដី​ខ្មែរ​ដូច​ដើម​វិញ​មិន​ខាន​។ ក៏ប៉ុន្ដែ នៅ​គ.ស ១៨៦៧ ដោយ​ហេតុ​ថា​ខេត្ដ​ទាំង​៣​នោះ​ជា​កន្លែង​ដែល​យួន​ធ្វើ​សកម្ម​ភាព​ប្រឆាំង​បារាំង លោក​ទេសា​ភិបាល​កូសាំង​ស៊ីន​ក៏​វាយ​យក​បញ្ចូល​ជា​អណា​និគម​របស់​លោក​ត​រៀង​ទៅ ដោយ​ភ្លេច​នឹក​ដល់​ពាក្យ​សន្យា​របស់​លោក​ចំពោះ​ព្រះ​បាទ​នរោត្ដម​(៥៥)​។

ដូច្នេះ​ចាប់​តាំង​ពី​គ.ស ១៨៦៧ ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​បាន​ក្លាយ​ជា​អាណា​និគម​របស់​បារាំង​។ ចំណែក​អែ​ក​ម្ពុជា​លើ​មាន​លក្ខន្ដិក ជា​ប្រ​ទេស​អាណា​ព្យា​បាល​។ ម្ល៉ោះ​ហើយ​អាជ្ញា​ធម៌​បារាំង​នៅ​កូសាំង​ស៊ីន​តែង​តែ​ធ្វើ​ការ​កែ​ប្រែ​បន្ទាត់​ព្រំ​ដែន​តាម​ទំនើង​ចិត្ដ​របស់​ខ្លួន​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​របប​ខុស​គ្នា ដោយ​សំអាង​លើ​ហេតុ​ផល​ខាង​រដ្ឋ​បាល រឺ ខាង​សេដ្ឋ​កិច្ច​។ គេ​បាន​សង្កេត​ឃើញ​ថា ការ​កែ​ប្រែ​ទាំង​នោះ​សុទ្ធ​តែ​ធ្វើ​អោយ​ចំណេញ​ទឹក​ដី​ទៅ​ខាង​កូសាំង​ស៊ីន​ជា​និច្ច ដោយ​មិន​អើ​ពើ​ដល់​ការ​តវា​របស់​ព្រះ​រាជា​ខ្មែរ រឺ ដោយ​មិន​ស្នើ​សួរ​ព្រះ​យោ​បល់​ផង​ទេ​(៥៦)​។ ចាប់​តាំង​ពី​ឆ្នាំ ១៨៩៣ ដល់​ឆ្នាំ ១៩១៤ ប្រទេស​ខ្មែរ​ត្រូវ​បាត់​បង់​ទឹក​ដី​ថែម​មួយ​ភាគ​ទៀត ដោយ​ហេតុ​តែ​បារាំង​បាន​ប្រ​វ័ញ្ច​យក​ទៅ​បញ្ចូល​ក្នុង​អាណា​និគម​កូសាំង​ស៊ីន រឺ​ក្នុង​ប្រ​ទេស​អាណ្ណាម​ទៅ​វិញ​(៥៧)​។

នៅ​គ.ស ១៨៩៨ លោក​រេ​ស៊ី​ដង់​ស៊ុប៉េ​រី​យឺរ នៃ​ប្រ​ទេស​លាវ​បាន​ដក​ហូត​យក​ពី​ខេត្ដ​ស្ទឹង​ត្រែង​នូវ​ដី​១​ដុំ ដើម្បី​បង្កើត​ស្នង​ការ​ដ្ឋាន​ដា​លាក់ ដែល​ក្រោយ​មក​ត្រូវ​គេ​យក​ទៅ​បញ្ចូល​ក្នុង​ប្រ​ទេស​អាណ្ណាម នៅ​គ.ស ១៩២៩​។ នៅ​គ.ស ១៨៩៣ អនុ​ក្រិត្យ​របស់​លោក​ទេ​សា​ភិបាល​កូសាំង​ស៊ីន​បាន​បញ្ចូល​ស្រុក​ខ្មែរ​ពីរ គឺ​គីវ​អាញ់ និង ថាញ់​អាញ នៅ​អែ​នាយ​ឡុក​និញ និង​ស្រុក​ស្ទៀង​ពីរ គឺ ឡុត​និញ និង ភឿក​ឡេ ទៅ​ក្នុង​វៀង​កាន់​ឡេ (ស្រុក​កាន់​ឡេ) ក្នុង​បំណង​ដើម្បី​កែន​មនុស្ស​ទៅ​ស្ថាប​នា​ផ្លូវ​ពី​បៀន​វ៉ា ទៅ​ក្រចេះ​។ ផែន​ទី​ដែល​បោះ​ពុម្ព​មុន​ឆ្នាំ​១៩០៣​ សុទ្ធ​តែ​ដាក់​ថា​ស្រុក ឡុក​និញ និង ​ភឿក​ឡេ ជា​ទឹក​ដី​ខ្មែរ​ទាំង​អស់​។

លុះ​ដល់​ឆ្នាំ ១៩១៤ ទើប​មាន​អនុ​ក្រិត្យ​មួយ​របស់​អគ្គ​ទេ​សា​ភិបាល​សំរេច​បញ្ចូល​ស្រុក​ពីរ​នោះ​ក្នុង​ដែន​ដី​កូសាំង​ស៊ីន​។ ខាង​ផ្នែក​រោង​ដំរី លិខិត​ផ្លូវ​ការ​ជា​ច្រើន​បាន​បញ្ចាក់​ពី​ការ​ដក​ហូត​យក​ដី​ខ្មែរ​ទៅ​បញ្ចូល​ក្នុង​ដែន​កូសាំង​ស៊ីន គឺ​ស្រុក​ជើង​បា​ដែង បឹង​ជ្រុំ ស្រុក​ត្រាញ់ និង​ដី​ស្ថិត​នៅ​ត្រង់​ចន្លោះ​នៃ​ទន្លេ​វាយ​គោ​ទាំង​ពីរ​។ ខាង​ផ្នែក​ពាម បារាំង​បាន​យក​ឃុំ​ពី​គឺ កោះ​ចន្លុះ​ និង​ សាគី នៅគ.ស ១៨៩៣ ដើម្បី​យក​ទៅ​បញ្ចូល​ក្នុង​ដែន​កូសាំង​ស៊ីន​ទៀត​។ មាន​អនុ​ក្រិត្យ​មួយ​របស់​លោក​អគ្គ​ទេសា​ភិបាល​ធ្វើ​នៅ​ឆ្នាំ​១៩១៤ បាន​បញ្ចាក់​ពី​រឿង​នេះ​។ ចំពោះ​កោះ​ទាំង​ឡាយ​វិញ អាជ្ញា​ធរ​បារាំង​នៅ​កូសាំង​ស៊ីន​ក៏​ដូច​ជា​អាជ្ញា​ធរ​បារាំង​នៅ​ប្រ​ទេស​កម្ពុជា​សុទ្ធ​តែ​បាន​ទាម​ទារ​ទុក​ជា​កម្ម​សិទ្ធ​តែ​រៀង​ខ្លួន​។ តាម​ផ្លូវ​ច្បាប់​គេ​ឃើញ​មាន​សារាចរ​មួយ​របស់​លោក​អគ្គ​ទេសា​ភិបាល ប្រេ​វី​យេ Brévié ចុះ​ថ្ងៃ​ទី​៣១​ ខែ​មករា ១៩៣៩ ដែល​បាន​ចែង​ថា «កោះ​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ខាង​ជើង​បន្ទាត់​មួយ កែង​នឹង​ឆ្នេរ​សមុទ្រ​ត្រង់​ចំនុច​ព្រំ​ដែន​​រវាង​ប្រ​ទេស​កម្ពុជា និង​កូសាំង​ស៊ីន នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​ប្រ​ទេស​កម្ពុជា អាជ្ញា​ធរ​អាណាព្យា​បាល នឹង​រាប់​រង​ជា​ពិសេស​នូវ​បញ្ហា​ប៉ូលីស​លើ​កោះ​ទាំង​នោះ​។​

ចំណែក​កោះ​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ខាង​ត្បូង​បន្ទាត់​នោះ : គិត​ទាំង​កោះ​ត្រ​ល់ ទាំង​មូល​ផង នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ដែន​កូសាំង​ស៊ីន(៥៦)។ ដូច្នេះ​យើង​ឃើញ​ថា ព្រំ​ដែន​រវាង​ប្រទេស​កម្ពុ​ជា និង​ដែន​ដី​កូសាំង​ស៊ីន​មាន​លក្ខណៈ​ជា​ព្រំ​ដែន​រដ្ឋ​បាល​ច្រើន​ជាង​ព្រំដែន​នយោ​បាយ​។ ខ្មែរ​ត្រូវ​បាត់​បង់​ទឹក​ដី​ទទេ​ៗ​ព្រម​ទាំង​កោះ​ខ្លះ​មាន​​កោះ​ត្រល់​ ជា​ដើម មក​តែ​ពី​ចិត្ដ​លោភ​លន់​របស់​បារាំង​តែ​ប៉ុណ្ណោះ​។ ចាប់​តាំង​ពីគ.ស ១៨៨៧ ត​ទៅ ប្រ​ទេស​ខ្មែរ​បាន​ស្ថិត​នៅ​ក្នុង​សន្ដិភាព ប៉ុន្ដែ​ទឹក​ដី​ត្រូវ​បារាំង​ខ្វេះ​ម្ដង​ម្ដុំ​ៗ​យក​ទៅ​បញ្ចូល​អែ​ណេះ រឺ​ អែណោះ​តាម​តែ​អំ​ពើ​ចិត្ដ​របស់​ខ្លួន​។ ព្រះ​បាទ​នរោត្ដម​ទ្រង់​បាន​សោយ​ទីវង្គត នៅថ្ងៃទី ២៤ ខែមេសា ១៩០៤ ដោយ​រោគ​ថ្គាម នៅ​វេលា​ម៉ោង​៣​ល្ងាច ព្រះ​អង្គ​មាន​មរណ​នាម​ថា ​សុវណ្ណ​កោដ្ឋ​។