២៥ យួនមានឥទ្ធិពេលខ្លាំងឡើងវិញ
រឿងកំពុបតែអុង (ស.វទី១៨ ,១៩)
ថ្ងៃសុក្រ ទី16.មករា 2015.ម៉ោង 21:43

ព្រះបាទឧទ័យរាជា អង្គចន្ទ ១៨០៦ - ១៨៣៤

នៅ​ខែ​សីហា គ.ស. ១៨០៦ ព្រះ​អង្គ​ចន្ទ​ដែល​មាន​ព្រះ​ជន្ម​ទើប​បាន​១៥​វស្សា បាន​អភិ​សេក​នៅ​ក្រុង​បាង​កក ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​ឧទ័យ​រាជា​ធិប​តី​ព្រះ​ស្រី​សុរិ​យោ​ពណ៌​។ រួច​ហើយ​ព្រះ​អង្គ​ទ្រង់​យាង​ត្រលប់​មក​សោយ​រាជ្យ​នៅ​ក្រុង​ឧដុង្គ​វិញ​។ បី​ខែ​ក្រោយ​មក​ចៅ​ពញា​អភ័យ​ធី​បែស​បែន បាន​យក​កូន​ស្រី​ឈ្មោះ​ទេព​មក​ថ្វាយ​ជា​ម្នាង បន្ទាប់​មក​ព្រះ​ឧទ័យ​រាជា​ទ្រង់​នាំ​គ្រឿង​បណ្ណា​ការ​ទៅ​ថ្វាយ​ស្ដេច​សៀម សុំ​យាង​ក្សត្រ​ត្រី​ខ្លះ​មក​វិញ​។ ស្ដេច​សៀម​អោយ​តែ​ព្រះ​មាតា និង​បុត្រី​អង្គ​ពៅ​ត្រលប់​មក​វិញ (១៨០៧)​។

នៅគ.ស. ១៨០៩ អ្នក​ម្នាង​ទេព​ប្រសូត្រ​បុត្រី​នាម​អង្គ​ប៉ែន​។ នៅ​ឆ្នាំ​ដដែល​ព្រះ​ចៅ​សៀម​សោយ​ទី​វង្គត ហើយ​ព្រះ​រាជ​បុត្រ​ច្បង​ឡើង​សោយ​រាជ្យ​ស្នង​។ អែ​ចៅ​ពញា​អភ័យ​ធិ​បែស បែន ក៏​ទទួល​មរ​ណភាព​ដំណាល​គ្នា​នោះ​ដែរ​។ កូន​លោក​គឺ ឧក​ញ៉ា​វិបុល​រាជ​បែន ត្រូវ​បាន​ព្រះ​ចៅ​សៀម​តែង​តាំង​អោយ​កាន់​តំណែង​ជា​ជំនួស​ឳពុក​លោក​។

ព្រះ​អង្គ​ចន្ទ ទ្រង់​បាន​ចាត់​អោយ​ព្រះ​អនុជ និង មន្រ្ដី​ខ្លះ​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ស្ដេច​សៀម​។ ព្រះ​ចៅ​សៀម​ដែល​ស្នង​រាជ​ស្នង​បិតា ទ្រង់​សព្វ​ព្រះ​ទ័យ​តាំង​ព្រះ​អង្គ​ស្ងួន​ជា​ឧ​ភយោ​រាជ និង តាំង​ព្រះ​អង្គ​អិម ជា​ឧប​រាជ​។ ក្រោយ​មក​វិវាទ​បាន​កើត​ឡើង​រវាង​ព្រះ​អង្គ​ចន្ទ និង ព្រះ​អនុជ​ជា​ឧភ​យោ​រាជ​។​ បុព្វ​ហេតុ​ទំនង​ជា​បណ្ដាល​មក​ពី ស្ដេច​សៀម​ពុំ​បាន​សួរ​យោ​បល់​ព្រះ​អង្គ​ក្នុង​ការ​តែង​តាំង​នេះ​។ ព្រះ​ឧភ​យោ​រាជ និង គ្រួសារ​ទ្រង់​បាន​ភៀស​ខ្លួន​ទៅ​នៅ​ពោធិ​សាត់​។ ព្រះ​រាជា​ទ្រង់​បាន​សូម​សម្ដេច​ព្រះ​សង្ឃ​រាជ និង​ចាត់​មន្រ្ដី​អោយ​សូម​យាង​មក​វិញ តែ​ឥត​ប្រ​យោជន៍​។ ដោយ​ហេតុ​ខ្លាច​ក្រែង​មាន​ចំបាំង​គ្នា​អែង​ក្នុង​ស្រុក​កើត​ឡើង ព្រះ​អង្គ​ក៏​ទ្រង់​អោយ​ទៅ​សុំ​ទ័ព​យួន​មក​បង្ការ​។ ទ័ព​យួន​នេះ​បាន​មក​ហើយ​ទៅ​បោះ​នៅ​ត្រង់​កោះ​ចិន​។

ប្រ​ហែល​ជា​ចាប់​ពេល​នោះ ព្រះ​អង្គ​ទ្រង់​បាន​ខិត​ជិត​មក​ខាង​យួន ទ្រង់​ទុក​ដាក់​ប្រទេស​ខ្មែរ​ជា​សាមន្ដ​រដ្ឋ ហើយ​លើក​សួយ​សារ​អាករ​ទៅ​ថ្វាយ​ស្ដេច​យ៉ា​ឡុង ៣​ឆ្នាំ​ម្ដង​។ ចំណែក​ព្រះ​ចៅ​សៀម​ទ្រង់​មិន​ពេញ​ព្រះ​ទ័យ​ចំពោះ​អំ​ពើ​ព្រះ​អង្គ​ចន្ទ ដែល​បាន​ងាក​ទៅ​រក​យួន​ជា​មិត្ដ​នោះ​វិញ​។ ម៉្លោះ​ហើយ​ក៏​ទ្រង់​បញ្ជូន​ទ័ព​អោយ​ចូល​ប្រ​ទេស​ខ្មែរ ជា​៣​ផ្លូវ​។ ទ័ព​ចំរុះ -​យួន ច្បាំង​និង​ទ័ព​សៀម​។ ដោយ​ឃើញ​ស្ថាន​ការណ៍​មាន​សភាព​កាន់​តែ​ធ្ងន់ ព្រះ​អង្គ​ចន្ទ និង​ព្រះ​អនុជ​ទាំង​ពីរ​គឺ អង្គ​អិម និង អង្គ​ដួង ដក​ថយ​ទៅ​គង់​នៅ​តឹង​ចូវ​។ នៅ​ពេល​យប់ ព្រះ​ឧប​រាជ​អង្គ​អិម និង អង្គ​ដួង នាំ​ព្រះ​មាតា និង​បណ្ដា​ខ្ញុំ​រត់​ទៅ​ប្រ​ទេស​សៀម​ជា​មួយ​អង្គ​ស្ងួន​។ នៅ​គ.ស ១៨១៣ ក្រោយ​ពី​បាន​ធ្វើ​ការ​សំរុះ​សំរួល​ជា​មួយ​សៀម​ខ្លះ​ហើយ ស្ដេច​យ៉ា​លុង ទ្រង់​បាន​បញ្ជា​អោយ​លោក លេ វ៉ាន់​យៀក ហែរ​ព្រះ​អង្គ​ចន្ទ​អោយ​ត្រលប់​មក​សោយ​រាជ្យ​ប្រ​ទេស​ខ្មែរ​វិញ​។ ពេល​ទ័ព​យួន​មក​ដល់ ពួក​មេ​ទ័ព​សៀម​បែរ​ជា​ស្រ​លាំង​កាំង ដក​ទ័ព​ថយ​ទៅ​វិញ​ ហើយ​មាន​មេ​ទ័ព​ខ្លះ​មក​ថ្វាយ​ស័ព្ទ​សាធុ​កាពរ​ចំពោះ​ព្រះ​អង្គ​ថែម​ទៀត​ផង​។

ឯកសារសៀម​ក្ដី​(៣៦) រាជ​ពង្សាវតារ​ក្ដី បាន​និយាយ​ស្រប​គ្នា​ថា ទោះ​បី​ព្រះ​អង្គ​សិទ្ធ​ស្នាល​នឹង​យួន​ជាង​ក៏​ដោយ ក៏​ព្រះ​អង្គ​ចន្ទ​បាន​នាំ​គ្រឿង​បណ្ណា​ការ​ទៅ​ថ្វាយ​ស្ដេច​សៀម​ក្នុង​ឋានៈ​ជា​ប្រ​ទេស​រាជ​។ នៅ​គ.ស. ១៨១៤ សៀម​លើក​ទ័ព​ចូល​ម្ដង​ទៀត តែ​ពុំ​មែន​មក​កំចាត់​យួន​ដូច​ពេល​មុនៗ​ទេ គឺ​មក​ដណ្ដើម​យក​ទឹក​ដី​ខ្មែរ​ដោយ​ត្រង់​ៗ​តែ​ម្ដង ដូច្នោះ​ទឹក​ដី​ខ្មែរ​បី​ខេត្ដ​ទៀត​ត្រូវ​បាន​ទៅ​សៀម​ចាប់​តាំង​ពេល​នោះ​ទៅ​ គឺ​ម្លូ​ព្រៃ​ ទន្លេ​ពៅ និង​ស្ទឹង​ត្រែង (សូម​មើល​ផែន​ទី)​។ លោក​ម៊ូរ​រា(៤២) ការ​បាត់​បង់​ទឹក​ដី​ខាង​លើ​នេះ គឺ​បណ្ដាល​មក​ពី​ចៅ​ហ្វាយ​ស្រុក​ខេត្ដ​កំពង់​ស្វាយ ឈ្មោះ ម៉ឺ បាន​ទៅ​អះអាង​ប្រាប់​ព្រះ​ចៅ​សៀម​ថា ប្រជា​រាស្រ្ដ​ក្នុង​ខេត្ដ​ទាំង​ប៉ុន្មាន​នោះ បាន​សុំ​ដោយ​ទទូច​អោយ​ខ្លួន​បាន​ទៅ​នៅ​ក្រោម​អំណាច​គ្រប់​គ្រង​សៀម​។

ឯក​សារ​យួន​មួយ​បាន​សរ​សេរ​ថា លោក​លេ​វ៉ាន់​យៀក ទេសា​ភិបាល​នៅ​យ៉ា​ឌិញ​បាន​ទទួល​សូម​អនុញ្ញាត​ពី​ស្ដេច​យួន​ អោយ​សង់​បន្ទាយ​នៅ​ភ្នំ​ពេញ និង ឡា​ឡេម​(ល្វា​អែម) លុះ​បន្ទាយ​ទាំង​នោះ​បាន​សង់​រួច​ស្រេច​ហើយ ស្ដេច​យួន​ថេ​តោ គឺ​ស្ដេច​យ៉ា​លុង​បាន​បញ្ជា​អោយ​មេ​ទ័ព ង្វៀង វ៉ាន់​ធុយ យក​ទាហាន​ ១០០០​នាក់​ទៅ​តាំង​អាណា​ព្យាបាល​ភាព​លើ​ប្រ​ទេស​ចឹង​លាប (ប្រ​ទេស​ខ្មែរ​)​(៤០)​។ ចំណែក​ទេសា​ភិបាល​យួន​ឈរ​នៅ​កម្ពុជា​ក្រោម មាន​អំណាច​សំរេច​ការ​រាជ​ការ​គ្រប់​បែប​យ៉ាង​លើ​ប្រ​ទេស​ខ្មែរ គឺ​ទាំង​ខាង​រដ្ឋ​បាល និង​ទាំង​ខាង​យោធា​(៤២​)​។

រាជ​ពង្សា​វតារ​ខ្មែរ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អុង តា​គុន (គឺ​លេ​វ៉ាន់​យៀក) បាន​សាង​វាំ​ថ្មី​មួយ​នៅ​ខាង​ត្បូង​វត្ដ​ឧណ្ណា​លោម ហៅ​ថា​ព្រះ​រាជ​វាំង​កំផែង​កែវ ហើយ​យាង​ព្រះ​ឧទ័យ​រាជា អោយ​មក​គង់​នៅ​ក្នុង​វាំង​ថ្មី​នេះ​។ ម្យ៉ា​ង​ទៀត​លោក​បាន​អោយ​លើក​ដី​សង់​ដំណាក់​ព្រះ​បារមី​មួយ​នៅ​ជ្រោយ​ចង្វារ តែ​ដល់​ថ្ងៃ​១​កើត និង ១៥​កើត​អោយ​អស់​មន្រ្ដី​យួន​ខ្មែរ​ទៅ​សំពះ​រំលឹក​គុណ​ស្ដេច​យួន​។ ពេល​ទៅ​នោះ ទាំង​ព្រះ​ឧទ័យ​រាជា ទាំង​នា​ម៉ឺន​សព្វ​មុខ​មន្រ្ដី សុទ្ធ​តែ​ស្លៀក​ខោ​ពាក់​អាវ​ជួត​ឈ្នួត​ក្បាល​តាម​បែប​យួន​ទាំង​អស់​។

រឿងកំពុបតែអុង

នៅ​គ.ស ១៨១៥ អ្នក​ម្នាង​ក្រ​ចាប់ មាន​បុត្រី​នាម​អង្គ​ម៉ី​។ នៅ​ឆ្នាំ​ដដែល​ ស្ដេច​យួន​ទ្រង់​ចាត់​អោយ​សង់​បន្ទាយ​នៅ​មាត់​ជ្រូក និង​ជីក​ព្រែក​ពីរ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម៖
- ព្រែក​មួយ​ហៅ​ថា ព្រែក​វិញ​តេ មាន​ប្រ​វែង ៥៣គ.ម ត្រូវ​ត​ភ្ជាប់​ពី​មាត់​ជ្រូក​ទៅ​នឹង​សមុទ្រ​នៅ​តំបន់​ពាម។
- ព្រែក​មួយ​ទៀត ហៅ​ថា វិញ​អាន ប្រ​វែង ១៤​គ.ម ទទឹង​២៤​ម ត​ភ្ជាប់​ទន្លេ​ធំ​នឹង​ទន្លេ​បា​សាក់​។

នៅគ.ស.១៨២០ មាន​ភិក្ខុ​មួយ​អង្គ​នាម​កែ​គង់ បួស​នៅ​វត្ដ​សំបួរ​ក្នុង​ខេត្ដ​ភ្នំ​ពេញ​បាន​តាំង​ខ្លួន​ជា​អ្នក​សិល្ប៍​ភូ​វិសេស​ ទៅ​បញ្ចុះ​បញ្ចូល​អស់​រាស្រ្ដ​នៅ​ខេត្ដ​បាភ្នំ រួច​ទៅ​រួប​រួម នឹង​សម្ដេច​ចៅ​ពញា​តី ឧក​ញ៉ា​នរេន្ទ​គល់ និង នាយ​កែ​ព្រា​លន លើក​ទ័ព​ទៅ​កាប់​សំលាប់​យួន​អស់​ជា​ច្រើន​។ ពេល​នោះ​អុង​តាគុន​ លេ​វ៉ាន់​យៀក នៅ​ព្រៃនគរ​ប្រើ​អោយ​នាំ​ពល ៣០០​នាក់​លើក​ដល់​ភ្នំ​ពេញ ហើយ​បង្ហួស​ទៅ​បោះ​ទ័ព​នៅ​កោះ​សូទិន ទើប​សម្ដេច​ព្រះ​ឧទ័យ​រាជា ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​ទៅ​ជា​បន្ថែម ហើយ​ចាប់​ភិក្ខុ​កែ​គង់ យក​ទៅ​សំលាប់​។ ចំណែក​អែ​សម្ដេច​ចៅ​ពញាតី ឧក​ញ៉ា​នរេន្ទ​គល់ នាយ​កែ​ព្រាលន ត្រូវ​ចាប់​បាន​បញ្ជូន​ទៅ​ព្រៃន​គរ ហើយ​ក្រោយ​មក​ត្រូវ​ប្រហារ​ជីវិត​បង់​ដែរ​។ រាជ​ពង្សា​វតារ​បាន​បញ្ជាក់​ថា ឧប្បត្ដិ​ហេតុ​នេះ កើត​មក​ពី​ការ​វិវាទរ​វាង​នាម៉ឺន​ខ្មែរ និង​នាម៉ឺន​យួន​។

នៅគ.ស១៨២១ ម្នាង​ម្នាក់​នៃ​អង្គ​ដួង បាន​ប្រសូត​បុត្រី​នាម​មុំ​។ នៅ​ឆ្នាំ​ក្រោយ​អ្នក​ម្នាង​យស របស់​អង្គ​ចន្ទ​មាន​បុត្រី​នាម​អង្គ​ពៅ​។ នៅ​គ.ស ១៨២៩ អ្នក​ម្នាង​ប៉ែន (ប្អូន​អ្នក​ម្នាង​ក្រចាប់) មាន​បុត្រី​នាម​អង្គ​ស្ងួន​។ នៅ​គ.ស ១៨៣២ សៀម​លើក​ទ័ព​មក​តាម​ផ្លូវ​បាត់​តំបង ពោធិ​សាត់ ហើយ​មក​រហូត​ដល់​កំពង់​ឆ្នាំង​។ ទ័ព​ខ្មែរ​ស្ថិត​នៅ​ក្រោម​បញ្ជា​ការ​ចក្រី ឡុង បាន​ប្រយុទ្ធ​ជា​មួយ​ទ័ព​សៀម​នៅ​បឹង​ពោធិ តែ​នៅ​ទី​បំផុត​ខ្មែរ​ទន់​ដៃ​ជាង​ បាក់​ទ័ព​ហើយ​ចក្រី ឡុង ក៏​ភៀស​ទៅ​នៅ​ខេត្ដ​បាភ្នំ​។ បរាជ័យ​លើក​នេះ​ជា​ហេតុ​បណ្ដាល​អោយ​ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ ភៀស​ទៅ​ស្រុក​ក្រោម​ម្ដង​ទៀត ហើយ​ទៅ​គង់​នៅ​លង់​ហោរ​។ ទ័ព​សៀម​ដែល​មាន​ ពញាបឌិន​តេជោ ជា​មេ​បញ្ជា​ការ​បាន​នាំ​ព្រះ​អង្គ​អិម​មហា​ឧប​រាជ និង ព្រះ​អង្គ​ដួង មក​ទុក​អោយ​គង់​នៅ​ភ្នំពេញ ហើយ​លើក​ទ័ព​បង្ហួស​ទៅ​ប្រយុទ្ធ​ជា​មួយ​យួន​នៅ​មាត់​ជ្រូក វាយ​ឈ្នះ​យក​បាន​បន្ទាយ​នេះ​។

នៅ​ពេល​នោះ​ឧក​ញ៉ា​ចក្រី ឡុង ដែល​បាន​ភៀស​ទៅ​បាភ្នំ​នោះ បាន​ទៅ​កែន​ទ័ព ហើយ​វាយ​ឈ្នះ​ទ័ព​សៀម​ដែល​ឆ្លង​ទៅ​ត្រើយ​ខាង​កើត​។ ចំណែក​ពញា​បឌិន​តេជោ​ ដែល​វាយ​ឈ្នះ​យួន​នៅ​មាត់​ជ្រូក​នោះ បាន​ជំរុល​រហូត​ដល់​លង់​ហោរ តែ​ត្រូវ​ទទួល​បរា​ជ័យ ក្នុង​ចំបាំង​ជើង​ទឹក​ជា​មួយ​យួន​។ សៀម​លើក​ទ័ព​ថយ​ទៅ​វិញ​អស់​។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ ព្រះ​អង្គ​អិម និង​ព្រះ​អង្គ​ដួង​ក៏​ភៀស​ទាំង​ពីរ​អង្គ​ទៅ​ខេត្ដ​បាត់​ដំបង​។ លុះ​សៀម​ដក​ទ័ព​ថយ​ទៅ​វិញ​អស់ ហើយ​យួន​នាំ​ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ​ត្រលប់​មក​សោយ​រាជ្យ​នៅ​ភ្នំ​ពេញ​វិញ​។ ចក្រី​ឡុង​ត្រូវ​បាន​តាំង​ជា​នាយក​រដ្ឋ​មន្រ្ដី​។ យួន​បាន​សង់​បន្ទាយ​អាណ្ណាម​នៅ​ជិត​ក្រុង​ភ្នំពេញ ហើយ​ចាត់​មេ​ទ័ព​ឈ្មោះ​ទ្រឿង​មិញ​យ៉ាង និង​មន្រ្ដី​ឈ្មោះ​លេ​ដាយ គឿង អោយ​ឈរ​ត្រួត​ត្រា​ប្រ​ទេស​ខ្មែរ​។ ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ ទ្រង់​សោយ​ទី​វង្គត​នៅ គ.ស ១៨៣៤ ដោយ​រោគ​រាគ​ក្នុង​ព្រះ​ជន្ម​៤៤​ព្រះ​វស្សា​។

ក្សត្រីអង្គម៉ី គ.ស ១៨៣៤ - ១៨៤០

ព្រះ​ចៅ​មិញ ម៉ាង ដែល​ជា​រាជ​បុត្រ​សោយ​រាជ្យ​ស្នង​ព្រះចៅ យ៉ា​ឡុង ទ្រង់​បញ្ជូន អុង​ខាំ ម៉ាង អោយ​នាំ​គ្រឿង​បណ្ណា​ការ​ឡើង​មក​ជួយ​ការ​បុណ្យ​ព្រះ​បរម​សព​។ រាជ​ទូត​រូប​នេះ នៅ​មាន​បេ​សក​កម្ម​ម្យ៉ាង​ទៀត​គឺ ការ​ជ្រើស​រើស​ក្សត្រ​អោយ​ឡើង​សោយ​រាជ្យ​សម្បត្ដិ​ស្នង​ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ​។ តាម​ពិត​លោក​បាន​ទទួល​បញ្ជា​ជា​ស្រេច​ពី​ព្រះ​ចៅ​មិញ ម៉ាង ថា​ត្រូវ​ជ្រើស​រើស​ក្សត្រ​អង្គ​ណា​អោយ​ឡើង​កាន់​អំណាច ដូច​មាន​សេច​ក្ដី​បញ្ជាក់​ពី​ព្រះ​រាជ​ពង្សា​វតារ​ថា អុង ខាំ​ម៉ាង បាន​នាំ​ទាំង​ព្រះ​នាម​មក​ថ្វាយ​រៀប​អភិ​សេក​អ្នក​អង្គ​ម៉ី ជា​ព្រះ​រាជ​បុត្រី​បន្ទាប់​អោយ​គ្រប់​គ្រង​ក្រុង​កម្ពុជា​ធិបតី​។ ប៉ុន្ដែ​ ដើម្បី​ជា​ការ​បិទ​បាំង​កុំ​អោយ​អ្នក​ផង​ស្គាល់​ព្រះ​រាជ​បំណង​ព្រះ​ចៅ​យួន លោក​បាន​ធ្វើការ​ប្រឹក្សា​សួរ​យោ​បល់​នៃ​មន្រ្ដី​ខ្មែរ ដោយ​បាន​បញ្ជាក់​ថា ត្រូវ​ចៀស​វាង​កុំ​លើក​ក្សត្រ​ទាំង​ឡាយ​ដែល​បាន​ភៀស​ទៅ​ខាង​សៀម មាន​ព្រះ​អង្គ​អិម មហា​ឧប​រាជ និង​ព្រះ​អង្គ​ដួង​ជា​ដើម នឹង​ត្រូវ​ចៀស​វាង​កុំ​លើក​ក្សត្រី​ អង្គ​ប៉ែន ព្រោះ​មាតា​ជា​អ្នក​ស្និត​ស្នាល​នឹង​សៀម​ទៀត​(៤២)​។

ដោយ​ហេតុ​នោះ​ក្សត្រី​អង្គ​ម៉ី ជា​បុត្រី​បន្ទាប់​នៃ​ព្រះ​ឧទ័យ​រាជា​អង្គ​ចន្ទ ត្រូវ​លើក​អោយ​ឡើង​សោយ​រាជ្យ ក្នុង​ព្រះ​ជន្ម ២០​វស្សា នៅ​កោះ​ស្លា​កែត ដោយ​មាន​ព្រះ​នាម​ហៅ​តាម​យួន​ថា បាគុន​ចៅ ប៉ុន្ដែ​បើ​តាម​ឯក​សារ​យួន​ថា មាន​ព្រះ​នាម​ថា ង៉ុក វីង​កុង​ជូ ហើយ​មានឋានៈ​ត្រឹម​ជា ក្វឹង ជួ គឺ​ស្មើ នឹង​ចៅហ្វាយ​ខេត្ដ​ម្នាក់​ប៉ុណ្ណោះ​។ ចំណែក​អែ​ក្សត្រី​អង្គ​ពៅ ត្រូវ​លើក​ជា​ឧបរាជ​ជី​នី​ និង​ក្សត្រី អង្គ​ស្ងួន ត្រូវ​លើក​ជា​កែវ​ហ្វា(៤០-៤៤)។

ចំពោះ​ការ​ជ្រើស​រើស​ក្សត្រី​មួយ​អង្គ​អោយ​ឡើង​សោយ​រាជ្យ​នេះ លោក​អាដ្ហេ​មាដ លើ​គ្លែ បាន​សរសេរ​ថា ការ​ជ្រើស​រើស​តាំង​នេះ ពុំ​បាន​ធ្វើ​អោយ​អាណា​ចក្រ​ប្រជា​រាស្រ្ដ​ងឿង​ឆ្ងល់​ពេក​ទេ ព្រោះ​ថា​បើ​គេ​ពុំ​ដែល​នឹក​ឃើញ​ថា ស្រ្ដី​ម្នាក់​អាច​ត្រូវ​បាន​លើក​អោយ​ឡើង​សោយ​រាជ្យ​នៅ​ប្រទេស​កម្ពុជា​ ក៏​គេ​ធ្លាប់​បាន​ឃើញ​ជា​ញយ​ដង​ដែរ​ថា មាន​ព្រះ​រាជា​ខ្លះ​ដោយ​ជក់​ព្រះ​ទ័យ​ខ្លាំង​នឹង​ការ​សាង​ផ្នួស ទ្រង់​បាន​ប្រគល់​អំណាច​អោយ​ព្រះ​អគ្គ​មហេសី​ រឺ​ព្រះ​មាតា​ដែរ (៤៤)​។

ឯកសារ​ផ្សេងៗ​បាន​បញ្ជាក់​អោយ​ឃើញ​ថា ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ​ក្សត្រី​អង្គ​ម៉ី ពុំមាន​អំណាច​អ្វី​ធំ​ដុំ​ឡើយ ហើយ​យួន​បាន​ចាត់​វិធាន​ការ​គ្រប់​បែប​យ៉ាង​ដើម្បី​អោយ​ខ្មែរ​ក្លាយ​ទៅ​ជា​យួន ជា​ហេតុ​បណ្ដាល​អោយ​អាណា​ចក្រ​ប្រជា​នុរាស្រ្ដ​បាន​ដល់​នូវ​សេច​ក្ដី​ទុក្ខ​វេទនា​អិត​ស្រាក​ស្រាន្ដ​។ ដំបូង​ប្រ​ទេស​ខ្មែរ​ត្រូវ​គេ​ផ្លាស់​អោយ​មាន​ឈ្មោះ​ហៅ​ថា ត្រឹង តី​ថាញ់(១) ហើយ​ត្រូវ​ចែក​ជា ៣២​ភូ​(២) និង ពីរ​រៀង​(៣)។ នៅ​ប្រ​ទេស​ខ្មែរ​ទាំង​មូល​មាន​មេទ័ព​ម្នាក់ និង​មន្រ្ដី​យួន​ជា​ច្រើន​នាក់​ទៀត​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ក្នុង​កិច្ចការ​រដ្ឋ​ទាំង​ឡាយ​។ នៅ​កន្លែង​ណា​ដែល​ជា​ចំនុច​យុទ្ធ​សាស្រ្ដ​នោះ មាន​ចាត់​អោយ​មាន​បន្ថែម​នូវ​មន្រ្ដី​ដែល​យួន​ហៅថា ទ្វៀន​ភូ និង អាន​ភូ(៤) ដើម្បី​ការ​ពារ​ថែម​ទៀត​(៤០)​។

ឈ្មោះខ្មែរទាំងឡាយ គិត​តាំ​ង​ពី​ឈ្មោះ​មនុស្ស រហូត​ដល់​ឈ្មោះ​ក្រុង​ខេត្ដ​ស្រុក ភូមិ​សុទ្ធ​តែ​ត្រូវ​ផ្លាស់​ប្ដូរ​មាន​សូរ​សៀង​ជា​យួន​ទាំង​អស់៖
- ក្សត្រីអង្គម៉ី ..... ង៉ុកវីង កុងជូ
- ចៅហ្វាឡុង ..... ត្រាឡុង
- ភ្នំពេញ ....ណាវ៉ាង
- បន្ទាយពេជ្រ ... កប៊ិច
- ល្វាអែម .... ឡាឡេប
- ឧដុង្គ .....បាក់ កូ ណាម
- សំរោង ... ឡុងទោន
- បន្ទាយមាស ... សាយម៉ាត
- កំពត ... កឹងវ៉ត
- បាសាក់ ...បាថាក់
- ពាមបន្ទាយមាស ... ហាទៀង
- ស្រុកឃ្លាំង ... សុក ត្រាំង៘

រាជ​ពង្សា​វតារ​ខ្មែរ បាន​បញ្ជាក់​ថា កាល​ណោះ អុង​តាគុន ជា​ធំ​នៅ​ថែ​រក្សា​ស្រុក​ភ្នំ​ពេញ បាន​ធ្វើ​អោយ​នាម៉ឺន​សព្វ​មុខ​មន្រ្ដី​ខ្មែរ​មាន​ការ​ក្ដៅ​ក្រហាយ ដោយ​បង្ខំ​អោយ​ស្លៀក​ពាក់​ខោ​អាវ អោយ​ជួត​ក្បាល និង​អោយ​មាន​ងារ​សក្ដិ ហៅ​តាម​បែប​យួន​ទាំង​អស់​។ ម្ប៉ាង​ទៀត​ចៅ​ហ្វាយ​ស្រុក​នៃ​ខេត្ដ​ខ្មែរ​ទាំង​អស់​សុទ្ធ​តែ​មាន​មន្រ្ដី​យួន​នៅ​អម​ដើម្បី​ត្រួត​ពិនិត្រ​និង​ឃ្លាំ​មើល​សកម្ម​ភាព​ជា​អចិន្ត្រៃយ៍​។ អាណា​ចក្រ​ប្រជា​រាស្រ្ដ​ត្រូវ​បង្ខំ​អោយ​បង់​ពន្ធ​ជា​ទំងន់ ត្រូវ​កែន​ចាប់​ប្រើ​អោយ​ធ្វើ​ស្រែ​កាប់​ចំការ​​ខ្លះ ​បំពេញ​កិច្ច​ការ​សារ​ធារណៈខ្លះ ​ដូច​សង់​បន្ទាយ លើក​ផ្លូវ​ពី​ភ្នំពេញ ទៅ​ខេត្ដ​ទ្រាំង​បន្ទាយ​មាស​។ នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​តំរូវ​អោយ​សង់​រោង​មាន​មនុស្ស​ប្រ​ចាំ​ការ​ ៣​នាក់​គ្រប់​ដំណាក់​ដែល​យួន​ហៅ​ថា​ត្រាម​។

ចំណែក​ព្រះ​ពុទ្ធ​សាសនា ក៏​ត្រូវ​រាជ​ការ​យួន​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​ខ្លាំង​។ វត្ដ​អា​រាម​ត្រូវ​រុះ​រើ ព្រះ​ពុទ្ធ​រូប​ត្រូវ​វាយ​កំទេច​។ នៅ​អែ​ស្រុក​ក្រោម ស្ដេច​មិញ ម៉ាង បាន​បង្ខំ​អោយ​ព្រះ​សង្ឃ​ខ្មែរ​ប្រព្រឹត្ដ​ដូច​ជា​លោក​សង្ឃ​យួន​ផ្នែក​មហា​យាន គឺ​ត្រូវ​ទុក​ចិញ្ចើម មិន​ឆាន់​សាច់​ស្លៀក​ខោ​ពាក់​អាវ​ផាយ ក​ត្រង់​ពណ៌​ឈាម​ជ្រូក ពេល​សូត្រ​ធម៌​ត្រូវ​មាន​វាយ​ត្រដោក​ផង (៤៥-៤៧) គឺ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ប្រឆាំង​បំបាត់​ទំនៀម​ទំលាប់​ប្រពៃ​ណី​ខ្មែរ​នេះ​ហើយ ដែល​លោក​ចៅ​ហ្វាយ​ស្រុក​ខេត្ដ​ព្រះ​ត្រពាំង​នាម​ចៅហ្វា​គុយ សុខ​ចិត្ដ​ធ្វើ​ពលិ​កម្មបូជា​ជិវិត​ដើម្បី​ថែ​រក្សា​កេរ​មត៌ក​ពី​ដូន​តា​ត​ទៅ​ទៀត​។

នៅ​អែ​កម្ពុ​ជា​លើ ក៏​មាន​មន្រ្ដី​ជា​ច្រើន​បាន​ប្រ​ឆាំង​ចំពោះ​ការ​ជិះ​ជាន់​របស់​យួន ខ្លះ​ក៏​ត្រូវ​ចាប់​បាន ហើយ​យក​ទៅ​ប្រហារ​ជីវិត ខ្លះ​ទៀត​ក៏​រត់​ចូល​ទៅ​ខាង​សៀម​។ នៅ​គ.ស. ១៨៤០ ស្ដេច​មិញ ម៉ាង ទ្រង់​បញ្ជា​មន្រ្ដី​ជាន់​ខ្ពស់​ពីរ​នាក់​ទៀត គឺ​លេ​វ៉ាន់​ឌិក និង យន​អ៊ុន អោយ​មក​ជួយ​ងឿង​មិញ​យ៉ាង ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ខ្មែរ ជា​ពិសេស​ក្នុង​ការ​ត្រួត​ពិនិត្យ​ពាណិជ្ជ​កម្ម ការ​កំរិត​ពន្ធ​ដា និង​ការ​វាស់​វែង​ដី​ស្រែ​។

ឆ្នាំ​ដដែល​នោះ​ដើម្បី​ចៀស​វាង​ការ​បះ​បោរ ដែល​អាច​កើត​មាន​ឡើង ទ្រឿង មិញ​យ៉ាង បាន​ប្រើ​ឧបាយ​បញ្ជា​អោយ​មន្រ្ដី​ធំ​ជំនិត នាំ​សារ​ទៅ​ថ្វាយ​អង្គ​អិម មហា​ឧប​រាជ ដែល​ព្រះ​ចៅ​សៀម​នាម​ណាំង ក្លាវ ទ្រង់​ប្រោស​អាយ​ទៅ​គង់​នៅ​បាត់​តំបង ថា​សូម​យាង​ព្រះ​អង្គ​ចូល​សោយ​រាជ្យ​ នៅ​ប្រទេស​កម្ពុជា​។ លុះ​លឺ​ដូច្នោះ​ហើយ ព្រះ​មហា​ឧប​រាជ​ក៏​ជឿ​តាម​ទ្រង់​បញ្ជា​អោយ​មន្ត្រី​ទូល​បង្កាច់​ថា​ ព្រះ​អនុជ​អង្គ​ដួង ចង់​រត់​ចូល​កម្ពុជា ដើម្បី​ឡើង​សោយ​រាជ្យ​។ ពេល​នោះ​ព្រះ​ចៅ​សៀម​ទ្រង់​បាន​បញ្ជា​អោយ​គេ​នាំ​ព្រះ​អង្គ​ដួង​ត្រលប់​ចូល​ក្រុង​បឹង​កក​វិញ​។ ចំណែក​ព្រះ​ឧប​រាជ​ទ្រង់​ដំណើរ​មក​ដល់​ភ្នំ​ពេញ​។​ ទ្រឿង​មិញ​យ៉ាង បាន​បញ្ជា​អោយ​នាំ​បង្ហួស​យក​ទៅ​ដល់​ក្រុង​វេ​។

បន្ទាប់​ពី​នោះ ទ្រឿង​មិញ​យ៉ាង​បាន​ប្រើ​កល​ម្ដង​ទៀត​ថា សូម​អញ្ជើញ​មន្រ្ដី​ជាន់​ខ្ពស់​របស់​ខ្មែរ​មាន​ចៅ​ហ្វា​ឡុង ជា​ដើម​អោយ​ទៅ​ក្រុង​វេ ថា​ដើម្បី​ពិភាក្សា​ពី​កិច្ច​ការ​រដ្ឋ​ជា​មួយ​ព្រះ​ចៅ​យួន និង​ព្រះ​ឧប​រាជ​។ លុះ​មន្រ្ដី​ចេញ​ដំណើរ​អស់​ហើយ ទ្រឿង​មិញ​យ៉ាង បាន​បញ្ជា​អោយ​គេ​ចាប់​ក្សត្រី​ទាំង​៤ បញ្ជូន​ទៅ​ស្រុក​ក្រោម​ទៀត​។ លុះ​ទៅ​ដល់​លង់ ហោរ លោក​ចៅ​ហ្វាយ​ខេត្ដ​នេះអោយ​តែ​ក្សត្រី ៣​អង្គ គឺ​អង្គ​ម៉ី អង្គ​ពៅ និង អង្គ​ស្ងួន បន្ដ​ដំណើរ​ទៅ​ដល់​ព្រៃ​នគរ ចំណែក​អង្គ​ប៉ែន ត្រូវ​យក​ទៅ​ផ្លុង​ទឹក​ចោល ដោយ​ត្រូវ​ចោទ​ថា​ចង់​នាំ​មាតា​រត់​ទៅ​ស្រុក​សៀម​។

អំពើ​ទាំង​ប៉ុន្មាន​ដែល​យួន​បាន​ប្រ​ព្រឹត្ដ​នេះ​ពុំ​បាន​បាត់​ស្ងាត់​ទេ​។ អស់​នាម៉ឺន​សព្វ​មុខ​មន្ដ្រី​ចៅ​ហ្វាយ​ស្រុក​ខេត្ដ និង អស់​បណ្ដា​រាស្រ្ដ​កើត​ក្ដី​ក្ដៅ​ក្រហាយ​ខឹង​នឹង​យួន ព្រោះ​ដឹង​ថា​វា​បំរុង​នឹង​រំលាយ​ស្រុក​ខ្មែរ​អោយ​សាប​សូន្យ ម៉្លោះ​ហើយ​បា​ន​ស្រុះ​ចិត្ដ​គ្នា​បះ​ឡើង​ក​ជា​ទ័ព លើក​ទៅ​កាប់​សំលាប់​យួន​អស់​ជា​ច្រើន​ យួន​រត់​មក​ផ្ដុំ​គ្នា​នៅ​ភ្នំពេញ​។ នា​ម៉ឺន និង​រាស្រ្ដ​ខ្មែរ​ជំនុំ​ពិភាក្សា​គ្នា​ហើយ មូល​មតិ​គ្នា​ចាត់​ឧកញ៉ា​វិបុល​រាជ ឡុង និង​ឧ​ក​ញ៉ា​សួគ៌ា​លោក​មុក អោយ​ចូល​ទៅ​ស្រុក​សៀម​ទូល​ព្រះ​ចៅ ណាំង​ភ្លាវ សូម​យាង​ព្រះ​អង្គ​បឌិន​តេជោ លើក​ទ័ព​នាំ​ព្រះ​អង្គ​ដួង​ចូល​មក​ស្រុក​ខ្មែរ​វិញ​។

ស្ដេច​យួន​ឃើញ​ស្ថាន​ការណ៍​ដូច្នោះ ទ្រង់​ចាត់​អោយ​លើក​ទ័ព​នាំ​ព្រះ​មហា​ឧប​រាជ និង​ក្សត្រា​ក្សត្រី​មក​វិញ តែ​រាស្រ្ដ​ខ្មែរ​មិន​ជឿ​យួន​ទៀត យួន​ក៏​នាំ​ព្រះ​មហា​ឧប​រាជ​ទៅ​គង់​នៅ​មាត់​ជ្រូក​សិន​។

(១) មណ្ឌល​រដ្ឋ​បាល​មួយ​ក្នុង​សម័យ​បុរាណ​របស់​យួន, តី = ខាង​លិច, ថាញ់ = បន្ទាយ, ដូច្នះ ត្រឹង តី ថាញ់ មាន​ន័យ​ថា មណ្ឌល​រដ្ឋ​បាល​ជា​បន្ទាយ​នៅ​ទិស​ខាង​លិច។
(២) ភូ ស្មើនឹងខេត្ដមួយ។
(៣)វៀង ស្មើ នឹងស្រុកមួយ។
(៤) ស្មើនឹងចៅហ្វាយខេត្ដ?។