២១ - ប្រទេសខ្មែរស.ត.វ ទី១៧ និង ១៨ វបត្ដិក្នុងរាជវង្សខ្មែរ និងការជ្រៀតជ្រែករបស់យួន
ថ្ងៃសៅរ៍ ទី20.ធ្នូ 2014.ម៉ោង 11:13

មក​ដល់​សត​វត្ស​ទី​១៧ ប្រ​ទេស​ខ្មែ​បាន​បើក​ទំព័រ​ប្រ​វត្ដិ​សាស្រ្ដ​ថ្មី​មួយ ដែល​ពោរ​ពេញ​ទៅ​ដោយ​មេ​រៀន​ជូរ​ចត់ សំរាប់​អោយ​បច្ឆា​ជន​ខ្មែរ​យក​ទៅ​ត្រិះ​រិះ​ពិចា​រណា​រក​ហេតុ​ផល ហើយ​ទាញ​យក​ការ​ពិសោធន៍​ពី​សកម្ម​ភាព​របស់​ដូន​តា​ខ្លួន ក្នុង​បំណង​ធ្វើ​យ៉ាង​ណា​កុំ​អោយ​ធ្លាក់​ទៅ​ក្នុង​រឿង​ចាស់​ដដែល​ទៀត​។​

ប្រតិកម្មប្រឆាំងសៀម និង ចំណងមេត្រីភាពជាមួយយួន
ព្រះបរមរាជាទី៨ ស្រីសុរិយោពរ ១៦០៣ - ១៦១៨

រួច​មក​ហើយ យើង​បាន​ឃើញ​ប្រភប​អឺរ៉ុប និង ប្រ​ភព​ខ្មែរ​បាន​ផ្ដល់​ពត៌​មាន​ប្លែក​គ្នា​បន្ដិច​អំពី​ការ​ដែល​ព្រះ​ស្រីសុរិ​យោពរ វិល​ត្រលប់​ចូល​មាតុ​ប្រ​ទេស​វិញ​។ ប៉ុន្ដែ​រាជ​ពង្សាវ​តារ​ខ្មែរ​ទាំង​អស់​បាន​និយាយ​ស្រប​គ្នា​ថា ដែល​ព្រះ​ស្រី​សុរិ​យោពរ បាន​ធ្វើ​មាតុ​ភូមិ​និវត្ដន៍​នោះ គឺ​ដោយ​សារ​ការ​មាន​សំនូម​ពរ​ពី​ព្រះ​អយ្យការ​របស់​ព្រះ​អង្គ​ចំពោះ​ព្រះ​ចៅ​សៀម ក្នុង​បំណង​អោយ​ស្ដេច​អង្គ​នេះ​បាន​មក​គ្រប់​គ្រង​អាណា​ប្រជា​រាស្រ្ដ​ជា​ជំនួស​ព្រះ​កែវ​ហ្វា​ចៅ​ពញា​ញោម ដែល​ជា​ស្ដេច​មិន​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌​។

កាល​ដែល​ព្រះ​ស្រី​សុរិ​យោ​ពរ យាង​ដល់​ប្រ​ទេស​ភ្លាម ព្រះ​អង្គ​យាង​ទៅ​គង់​នៅ​កោះ​ស្លា​កែត (ទល់​មុខ​នឹង​ជ្រាយ​អំពិល​សព្វ​ថ្ងៃ)​។ សម្ដេច​ព្រះ​ទេវី​ក្សត្រី សម្ដេច​ព្រះ​កែវ​ហ្វា និង​ព្រះ​រាជ​វង្សា​នុ​វង្ស​ក៏​បាន​យាង​ទៅ​គង់​នៅ​ទី​នោះ​ដែរ​។ អែក​សារ​ខ្មែរ​ខ្លះ​និយាយ​ថា ព្រះ​ស្រី​សុរិ​យោពរ ទ្រង់​បាន​បញ្ជា​អោយ​លើក​ទ័ព​ទៅ​បង្ក្រាប​ស្រុក​តូច​ស្រុក​ធំ​ខ្លះ​ ក៏​ព្រម​ចុះ​ចូល​ខ្លះ​ក៏​នៅ​។ ចំណែក​អែ​កែវ​ព្រះ​ភ្លើង ដែល​​បាន​បះ​បោរ​តាំង​ពី​រាជ្យ​ព្រះ​កែវ​ហ្វា​ចៅ​ពញា​ញោម​នោះ​ត្រូវតេជោ​មាស​លើក​ទ័ព​ទៅ​ចាប់​បាន​។ ត​មក​ព្រះ​ស្រី​សុរិយោ​ពរ ទ្រង់​នាំ​សារ​ទៅ​ក្រុង​ស្រី​អយុធ្យា ទទួល​ព្រះ​ចៅ​សៀម​សូម​ព្រះ​រាជ​បុត្រ​ទាំង​ពីរ គឺ​ព្រះ​ជ័យ​ជេដ្ឋា និង ព្រះ​​ឧទ័យ អោយ​ត្រលប់​មក​ប្រ​ទេស​ខ្មែរ​វិញ​។ ព្រះ​ស្រី​សុរិ​យោពរ​ទ្រង់​បាន​បញ្ជា​ព្រះ​រាជ​បុត្រ​ទាំង​ពីរ​អង្គ​អោយ​លើក​ទ័ព​ចេញ​ប្រាម​ប្រាប់​អស់​ស្រុក​តូច​ធំ​ដែល​មិន​ទាន់​ចុះ​ចូល​។ គួរ​គប្បី​បញ្ជាក់​ថា ការ​ដែល​ស្រុក​ទេស​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​វិក​វរ​ដូច្នេះ គឺ​មក​ពី​អំណាច​កណ្ដាល​ក្នុង​រជ្ជ​កាល​មុន​ៗ មាន​ភាព​ទន់​ខ្សោយ​។ ម៉្លោះ​ហើយ​ពួក​ស្ដេច​ត្រាញ់ ក៏​តាំង​ខ្លួន​ជា​ធំ​រៀង​ៗ​ខ្លួន ដូច​ជា​ព្រះ​រាម​បាទី​ ព្រះ​រាម​ទ្រាំង ព្រះ​រាម​ត្បូង​ឃ្មុំ ព្រះ​រាម​បាភ្នំ​។

នៅ​ឆ្នាំ​ខាល​សំរិទ្ធិ​ស័ក សម្ដេច​ព្រះ​កែវ​ហ្វា​ដែល​សម្ដេច​ទេវី​ក្សត្រី​បាន​បន្ថយ​ចេញ​ពី​ការ​គ្រង​រាជ​សម្បត្ដិ​នោះ​ដោយ​មាន​ព្រះ​ទ័យ​គុំ​គួន បាន​អោយ​ស្ម័គ្រ​បក្ស​ពួក​មក​បំរុង​ធ្វើ​គត​ព្រះ​ស្រី​សុរិ​យោពរ តែ​ពុំ​បាន​សំរេច​ហើយ​ត្រូវ​ព្រះបិតុ​លា​ចាប់​បាន​យក​ទៅ​ប្រហារ​ជីវិត​តាម​ទោស​ប្រ​ពៃណី​។​

នៅ​គ.ស.១៦១៣ ព្រះ​ស្រី​សុរិ​យោពរ ទ្រង់​បាន​ទទួល​អភិ​សេក​អោយ​ឡើង​សោយ​រាជ​សម្បត្ដិ​ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា សម្ដេច​ព្រះ​រាជ​អោង្ការ​ព្រះ​ស្រី​សុរិ​យោ​ពរ​បរ​មរា​ជា (បរម​រាជា​ទី​៨)។ តាម​អែក​សារ​ខ្លះ​ថា ព្រះ​អង្គ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា​ធិ​រាជ​រាមា​ធិប​តី​(៣៦)​។ ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ ព្រះ​បរម​រាជា​ស្រី​សុរិ​យោពរ ទ្រង់​ព្រះ​ភូសា​សឿ​គ្រុយ (អាវ​​ផាយ) បែប​ថៃ ហើយ​ទ្រង់​បញ្ញាត្ដិ​អោយ​បណ្ដា​មុខ​មន្រ្ដី​ធំ​តូច នាយ​មហា​តលិក នាយ​ពល​ធ្វើ​សឿ​គ្រុយ​ពោក់​ មិន​បាន​រុំ​សំពត់​ស្បៃ​ដូច​កាល​នៅ​ក្រុង​លង្វែក​ទេ រួច​ព្រះ​អង្គ​ទ្រង់​បញ្ញាត្ដិ​ទូល​អោយ​ឆ្លើយ​ថា ព្រះ​ស្រី​ស​ពេជ​សម្ដេច​នរ​នាថ ហើយ​ព្រះ​អង្គ​បញ្ញត្ដិ​អោយ​បណ្ដា​ខុន​ណាង​អ្នក​ស្រី​ហៅ​ថា ឳពុក អោយ​ហៅ​សម្ដេច​ព្រះ​អគ្គ​ម​ហេសី​ថា ម៉ែ បណ្ដា​ស្ដេច​ក្រៅ​អំពី​ស្ដេច ទ្រង់​រាជ​ថា ព្រះ​បាទ​អម្ចាស់​(៣៦)​។

ដូច្នេះ​យើង​ឃើញ​ថា​ព្រះ បរម​រាជា​ស្រី​សុរិ​យោពរ ទ្រង់​បាន​ធ្វើ​សន្ដិ​ភាវ​កម្ម​អោយ​ប្រទេស​បាន​រាប​ទាប​ឡើង​វិញ ក៏​ប៉ុន្ដែ​ប្រទេស​ខ្មែរ​ត្រូវ​ទទួល​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ពី​ពួក​សៀម​។ ប្រតិ​កម្ម​មួយ​បាន​ផ្ទុះ​ឡើង​ប្រ​ឆាំង​នឹង​ការ​ទទួល​យក​ទំនៀម​ទំលាប់​សៀម​មក​បង្ខំ​អោយ​ខ្មែរ​ប្រើ​ ជា​ហេតុ​បណ្ដាល​អោយ​ព្រះ​រាជា​ទ្រង់​ដាក់​រាជ​នៅ​គ.ស.​១៦១៨ ថ្វាយ​ទៅ​ ព្រះ​រាជ​បុត្រ​ច្បង គឺ​ព្រះ​ជ័យ​ជេដ្ឋា​។

ទំនាក់ទំនងជាមួយយួន

ប៉ុន្ដែ​គួរ​គប្បី​បញ្ជាក់​ដែរ​ថា ទោះ​បី​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជូល​ឥទ្ធិពល​សៀម​មក​ក្នុង​ប្រ​ទេស​ខ្មែរ​ក៏​ដោយ ក៏​ព្រះ​បរម​រាជា​ស្រី​សុរិ​យោពរ ទ្រង់​បាន​នឹក​គិត​ដល់​អនាគត​របស់​ប្រទេ​ជាតិ​ដែរ​។ ព្រះ​អង្គ​ទ្រង់​បាន​ឈ្វេង​យល់​ថា ឥទ្ធិ​ពល​របស់​សៀម​មក​លើ​ប្រ​ទេស​ព្រះ​អង្គ​នោះ​មាន​ទំងន់​ខ្លាំង​ក្លា​ណាស់​។ ម៉្លោះ​ហើយ ដើម្បី​ដោះ​ប្រ​ទេស​អោយ​ចេញ​ផុត​ពី​ក្រញ៉ាំ​ឥទ្ធិ​ពល​សៀម​នោះ ព្រះ​អង្គ​ពុំ​បាន​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​ជន​ជាតិ​អឺរ៉ុប​ដូច​ព្រះ​រាជា​មុន​ៗ​ទៀត​ទេ តែ​ព្រះ​អង្គ​បាន​ទៅ​ចង​ស្ពាន​មេត្រី​ជា​មួយ​យួន​ម្ដង​វិញ​ដោយ​ទ្រង់​មាន​បំណង​យក​ឥទ្ធិ​ពល​យួន​នេះ​ទៅ​ទប់​ទល់​នឹងឥទ្ធិ​ពល​សៀម​។

គួរ​គប្បី​ជ្រាប​ថា ក្រោយ​ពី​បាន​រំដោះ​ខ្លួន​ចេញ​ផុត​ពីនឹម​ចិន​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​មក (១១១មុន គ.ស. គ.ស.៩២៣) ស្ដេច​យួន​ក្នុង​រាជ​វង្ស​លី បាន​ផ្ដើម​ការ​វាយ​លុក​ប្រ​ទេស​ចំប៉ា​ចាប់​ពី​សត​វត្ស​ទី​១១ ត​ទៅ​។ នៅគ.ស ១៤៧០ ស្ដេច​យួន​ព្រះ​នាម លេ​ថាញ់​ទោ ទ្រង់​វាយ​យក​បាន​រាធា​នី​វិជ័យ​ របស់​ចាម​ដែល​នៅ​ពេល​នោះ​មាន​ពល​ទាហាន​ស្លាប់​ដល់​ទៅ​ ៤០០០០​នាក់​។ ជោគ​ជ័យ​ដ៏​ធំសំបើម​នេះ​របស់​ជន​ជាតិ​យួន​បាន​រុញ​ច្រាន ព្រំ​ប្រ​ទល់​ប្រទេស​ចំប៉ា​ចុះ​ឆ្ងាយ​មក​ទិស​ខាង​ត្បូង​ទៀត​គឺ​មក​ដល់​ជ្រោយ​វា​រេល្លា​។ នៅ​គ.ស​១៦០០ ប្រ​ទេស​យួន​ត្រូវ​បាត់​បង់​អែក​ភាព​របស់​ខ្លួន​ ទឹក​ដី​ត្រូវ​បែង​ចែក​ជា​ពីរ ខាង​ជើង​ជា​របស់​រាជ​វង្ស​លេ ដែល​មាន​ពួក​ស្ដេច​ត្រាញ់ ទ្រិញ ជា​អ្នក​គាំ​ទ្រ ខាង​ត្បូង​ត្រូវ​បាន​ទៅ​ពួក​ស្ដេច​ត្រាញ់ ង្វៀង​។ ប៉ុន្ដែ​ទោះ​បី​មាន​វិបត្ដិ​ផ្ទៃ​ក្នុង​ក៏​ដោយ​ក៏​ពួក​ង្វៀង បាន​បន្ដ​ការ​វាយដណ្ដើម​យក​ទឹក​ដី​ប្រទេស​ចំប៉ា​ទាល់​តែ​អស់​រលីង​។ ក្នុង​ក្រប​ខ័ណ្ឌ​ពង្រីក​ទឹក​ដី​នេះ យួន​បាន​វាយ​យក៖

ភូយេន (Phu yên)​ នៅ​គ.ស ១៦១១
ខាញ់​វា (Khanh Hoa) នៅគ.ស.១៦៥១
ប៊ិញ​ធ្វឹង Binh thuân) នៅ​គ.ស ១៦៩៣។

ដូច្នេះ​យើង​ឃើញ​ថា​នៅ​ស.វ​ទី​១៧​នេះ យួន​បាន​ក្លាយ​ជា​មហា​អំណាច​មួយ​ជា​អ្នក​នៅ​ជិត​ខាង​របស់​ខ្មែរ​យើង​។ គឺ​ក្នុង​កាល​ទេសៈ​នោះ​ហើយ​ដែល​ព្រះ​បរម​រាជា​ស្រី​សុរិ​យោពរ បាន​ទៅ​ចង​សំព័ន្ធ​មេត្រី​ជា​មួយ​យួន​ដោយ​ស្ដី​ដណ្ដឹង​បុត្រី​ស្ដេច​យួន ដើម្បី​រៀប​រាជា​អភិ​សេក​ជា​មួយ​ព្រះ​រាជ​បុត្រ​ច្បង​នាម​ជ័យ​ជេដ្ឋា​។ តាម​រាជ​ពង្សាវ​តារ​ខ្មែរ ក្សត្រី​យួន​អង្គ​នេះ​មាន​នាម​ថា អង្គ​ចូវ ហើយ​នេះ​ជា​ព្រឹត្ដិ​ការណ៍​មួយ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ផង តែ​គួរ​អោយ​ស្ដាយ​!. ព្រោះ​អែក​សារ​យួន​ពុំ​មាន​កត់​ត្រា រឿង​នេះ​អោយ​បាន​ច្បាស់​លាស់​សោះ​។ បើ​តាម​ប្រ​វត្ដិ​សាស្រ្ដ​យួន​ម្នាក់​ថា ក្នុង​អែក​សារ​មួយ​ឈ្មោះ​ លី​យេត ទ្រុ​យែន​ចែន​ប៊ិ​យេន ត្រង់​វគ្គ​និយាយ​ពី​ក្សត្រី​បាន​និយាយ​ថា ស្ដេច​ហ៊ី តុង មាន​បុត្រី​៤​នាក់ ក្នុង​ចំណោម​នោះ​បុត្រី​ ២​នាក់​គឺ​នាង ង៉ុក លៀន និង ង៉ុក ដាញ់ គេ​ឃើញ​មាន​កត់​ត្រា​ច្បាស់​លាស់ ពី​ប្រវត្ដិ​ប្ដី និង​កូន​។ ចំណែក​អែ​បុត្រី​២​នាក់​ទៀត​គឺ ង៉ុក វាន និង ង៉ុក ខ្វា គេ​មិន​ស្គាល់​ពី​ប្រវត្ដិ​ប្ដី និង​ កូន​យ៉ាង​ណា​ទេ​។ អ្នក​ប្រ​វត្ដិ​សាស្រ្ដ​រូប​នោះ​បាន​ចោទ​សួរ​នៅ​ទី​បញ្ចប់​ថា បើ​ដូច្នោះ តើ​នាង​ណា​មួយ​ត្រូវ​ជា​មហេសី​របស់​ជ័យ​ជេដ្ឋា​ទី​២ ? (៣៧)​។ ប៉ុន្ដែ​បើ​តាម​អ្នក​និពន្ធ​យួន​ម្នាក់​ទៀត លោ​ក​អះ​អាង​ថា ជ័យ​ជេដ្ឋា​ទី​២ បាន​រៀប​អភិ​សេក​ជា​មួយ​នាង ង៉ុក វាន​ជា​បុត្រី​របស់​ស្ដេច ង្វៀង សៃ​វឿង​ដែល​បាន​សោយ​រាជ​ពីគ.ស. ១៦១៣ ដល់ ១៦៣៥​(៣៨) ត្រង់​នេះ​គួរ​គប្បី​បញ្ជាក់​ថា នៅ​តំបន់​ធ្វឹង វា នៅ​ក្រុង​វេ​ សម័យ​នោះ​ មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ​ពី​គ.ស ១៦១៣ ដល់​១៦៣៥ ពិត​មែន​។ ស្ដេច​អង្គ​នេះ​នៅ​មាន​នាម​មួយ​ទៀត​ថា ង្វៀង ភុក​ង្វៀង ហើយ​ពេល​ឡើង​សោយ​រាជ​ទ្រ ង់​មាន​ព្រះ​នាម​ថា ហ៊ី​តុង​ហៀន​វាន់​វាង​ជេ​។ បើ​ដូច្នោះ មហេសី​របស់​ជ័យ​ជេដ្ឋា គឺ​ពិត​ជា​បុត្រី​របស់​ស្ដេច​អង្គ​នេះ​ហើយ តែ​យើង​មិន​ហាន​សន្និដ្ឋាន​ថា ត្រូវ​នឹង​នាង​ណា​មួយ​ក្នុង​ចំនោម​នាង​ទាំង​ពីរ គឺ ង៉ុក វាន និង ង៉ុក​ខ្វា។

មាន​ចំនុច​មួយ​ទៀត​ដែល​គួរ​អោយ​បញ្ជាក់​ដែរ​ថា បើ​តាម​អែក​សារ​យួន (៣៧) គឺ​ជ័យ​ជេដ្ឋា​អង្គ​អែង​ទេ ដែល​បាន​ទៅ​ស្ដី​ដណ្ដឹង​បុត្រី​ស្ដេច​យួន​ដោយ​សង្ឃឹម​ថា នឹង​បាន​ការ​គាំ​ទ្រ​ពី​ស្ដេច​ក្រុង​វេ ដើម្បី​ទប់​ទល់ នឹង​ការ​គំរាម​គំហែង​របស់​សៀម​។ ការ​អះអាង​នេះ ឃើញ​ថា​សម​ហេតុ​សម​ផល​គួរ​អោយ​ជឿ​បាន​ដែរ ព្រោះ​រាជ​ភិសេក​រវាង​ព្រះ​ជ័យ​ជេដ្ឋា និង​ក្សត្រី​យួន​មាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​គ.ស.១៦២០ គឺ​នៅ​ពេល​ព្រះ​អង្គ​ទ្រង់​ឡើង​សោយ​រាជ​បាន​ ២ឆ្នាំ​ ហើយ​(១៦១៨)​។ ប្រ​ភព​ដដែល​បាន​បន្ថែម​ទៀត​ថា ដែល​ស្ដេច​យួន​ព្រម​លើក​បុត្រី​ថ្វាយ​ជ័យ​ជេដ្ឋា ព្រោះ​ព្រះ​អង្គ​បាន​គិត​វែង​ឆ្ងាយ​ណាស់​!​​។.

ទំនាក់ទំនងជាមួយជនជាអឺរ៉ុប

ជំពោះ​ទំនាក់​ទំនង​ជា​មួយ​ជន​ជាតិ​អឺរ៉ុប ខ្មែរ​បាន​ស្គាល់​ជន​ជាតិ​អង់​គ្លេស​ជា​លើក​ដំបូង​នៅ​គ.ស ១៦១២ ព្រោះ​នៅ​ឆ្នាំ​នោះ​ជន​ជាតិ​អង់​គ្លេស​ទី​១ ឈ្មោះ​ភេ​ធើរ ហ្លូ​រីស បាន​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​មេ​គង ហើយ​បាន​មក​ដល់​ក្រុង​ភ្នំ​ពេញ​នៅ​ខែ​កក្កដា​។ ក៏​ប៉ុន្ដែ​រហូត​មក​ដល់​គ.ស.១៦៥១ ទើប​ក្រុម​ហ៊ុន​ឈ្មោះ East India Company (ក្រុម​ហ៊ុន​អង់​គេស​នៅ​ប្រ​ទេស​ឥណ្ឌា​ខាង​កើត​) បាន​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​ធ្វើ​ជំនួញ​ជា​មួយ​ប្រ​ទេស​ខ្មែរ​(៣៩)​។

ព្រះបាទជ័យជេដ្ឋាទី២ ១៦១៨ - ១៦២៨

កាល​ដែល​មិន​ទាន់​សោយ​រាជ​ព្រះ​ជន្ម​បាន ២៦​វស្សា​ ព្រះ​ជ័យ​ជេដ្ឋា​មាន​ព្រះ​រាជ​បុត្រ៖
- ចៅពញាតូ ជាមួយ អ្នកម្នាងសុខ
- ចៅពញានូ ជាមួយអ្នកម្នាងទង
លុះលោយរាជបាន២ឆ្នាំព្រះអង្គមានបុត្រ៖
- ចៅពញាចន្ទ ជាមួយ អ្នកម្នាងលាវឈ្មោះប៊ុស
រាជពង្សាវតារខ្មែរខ្លះនិយាយថា ព្រះអង្គមានបុត្រី២អង្គទៀត
- ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង
- បុប្ផាវតី ជាមួយអគ្គមហេសីយួន(?)
ចំណែក​អែ​ព្រះ​ឧទ័យ​បរម​រាជា​ មហា​ឧប​រាជ ព្រះ​អង្គ​ទ្រង់​បញ្ញាត្ដិ​អោយ​បណ្ដា​មុខ​មន្រ្ដី​ទូល និង​ឆ្លើយ​ថា ព្រះ​ភូធ​រ​នរ​នាថ​។ ស្ដេច​មាន​ម្នាង​៣​នាក់​ទៀត ហើយ​មាន​បុត្រ ៤​អង្គ​ដូច​ត​ទៅ​៖
- អ្នកអង្គនន់ បុត្រជាមួយ អ្នកម្នាងសន
- អ្នកអង្គសូរ បុត្រជាមួយ អ្នកម្នាងសួស
- អ្នកអង្គតន់ បុត្រជាមួយ អ្នកម្នាងសួស
- អ្នកអង្គអិម បុត្រជាមួយ អ្នកម្នាងអិន

ទំនាក់ទំនងជាមួយសៀម (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២)

ដោយ​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២ ពុំ​ព្រម​ទទួល​ស្គាល់​អំណាច​របស់​សៀម មក​លើ​ប្រ​ទេស​ខ្មែរ ព្រះ​ចៅ​សៀម​ក៏​លើក​ទ័ព​ចូល​វាយ​ខ្មែរ​នៅ​គ.ស.១៦២២​។ ទ័ព​សៀម​បាន​លើក​មក​ដល់​ភ្នំ​ចុង្គាង​(បរិ​បូរ) ព្រះ​អង្គ​នាំ​ទ័ព​ទៅ​តស៊ូ​ប្រ​ឆាំង​ នឹង​កង​ទ័ព​ខ្មាំង​។ សៀម​បាក់​ទ័ព​ត្រូវ​ខ្មែរ​ចាប់​បាន​ជា​ឈ្លើយ​អស់​ជា​ច្រើន ហើយ​ព្រះ​អង្គ​អោយ​ហៅ​ឈ្លើយ​ទាំង​នោះថា សៀម​ចុង្គាង​។ នៅ​គ.ស.១៦២៣ សៀម​លើក​ទ័ព​មក​វាយ​ខ្មែរ​ម្ដង​ទៀត​ក្រោម​បញ្ជា​ការ​របស់​ព្រះ​ចៅ​ស្រី​ធម្ម​រាជា​។ លើក​នេះ ទ័ព​ជើង​ទឹក​របស់​សៀម​បាន​មក​ដល់​ស្រុក​ពាម ហើយ​បាន​ពើប​ប្រ​យុទ្ធ​នឹង​ទ័ព​របស់​ព្រះ​ឧទ័យ​ដែល​ចេញ​ពី​ក្រុង​ឧដុង្គ​មាន​ជ័យ​។ សៀម​ចាញ់​បាក់​ទ័ព​ថយ​ទៅ​វិញ​អស់​ទៀត​។ រាជ​ពង្សាវ​តារ​ខ្មែរ​ខ្លះ​បញ្ជាក់​ថា ក្រោយ​មក​ព្រះ​ចៅ​សៀម​ទ្រង់​ចាត់​អោយ​បុត្រ​នាម​ព្រះ​ជេដ្ឋា លើក​ទ័ព​តាម​ជើង​ទឹក​មក​វាយ​ខ្មែរ​ម្ដង​ទៀត​។ ព្រះឧទ័យ​ត្រូវ​ចាត់​អោយ​ចេញ​ត​ទល់​ទៀត សៀម​មិន​ហ៊ាន​ច្បាំង​លើក​ទ័ព​ថយ​។ ព្រះ​ឧទ័យ​ទ្រង់​សុំ​ចូល​វា​ស្រុក​សៀម​ តែ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ទ្រង់​មិន​អនុញ្ញាត​។

ទំនាក់ទំនងជាមួយយួន (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២)

សៀវ​ភៅប្រ​វត្ដិ​សាស្រ្ដ​យួន​បាន​បញ្ជាក់​ថា ប្រ​ទេស​ខ្មែរ(ចឹង​ឡាប) ដែល​ស្ថិត​នៅ​ត្រង់​វាល​ទំនាម​ខាង​ក្រោម​នៃ​ទន្លេ​មេ​គង្គ ជា​ប្រ​ទេស​មួយ​សំបូរ​ទៅ​ដោយ​ផ្លូវ​ទឹក អែ​ដី​ធ្លី​ស្រែ​ចំការ​ក៏​មាន​ច្រើន​ណាស់​ដែរ​។ ចំណែក​អែ​នៅ​ប្រ​ទេស អាណ្ណាម អែ​ណោះ​ប្រជា​រាស្រ្ដ​ត្រូវ​ពើប​ប្រទះ​នឹង​ទុរ​ភិក្ស​ជា​រឿយ​ៗ​។ ដោយ​ស្រែ​ចំការ​ពុំ​បាន​ផ្ដល់​ផល​អោយ​គ្រប់​គ្រាន់ ម្យ៉ាង​ទៀត​នៅ​ពេល​នោះ ពួក​ស្ដេច​ក្រាញ់ ទ្រិញ និង ង្វៀង កំពុង​តែ​វាយ​ប្រ​ហារ​គ្នា ម៉្លោះ​ហើយ​មាន​ជន​ជាតិ​យួន​ច្រើន​បាន​លប​លួច​ចូល​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ត្រង់​បារា និង​ដូន​ណៃ ដើម្បី​ឆ្ការ​ព្រៃ​យក​ធ្វើ​ស្រែ​(៤០)​។

នៅ​គ.ស ១៦២៣ គណ​បេ​សក​កម្ម​ទូត​យួន​មួយ​ត្រូវ​បាន​បញ្ជូន​មក​ក្រុង​ឧដុង្គ ក្នុង​គោល​បំណង​សូម​ព្រះ​រាជា​ខ្មែរ​អនុ ញ្ញាត​អោយ​យួន​បង្កើត​គ្រិះ​ស្ថាន​ជំនួញ នៅ​ខាង​ត្បូង​ប្រ​ទេស​ខ្មែរ​ គឺ​នៅ​ត្រង់​តំបន់​ព្រៃ​គរ (ព្រៃ​នគរ) កំពង់​ក្របី(1) ព្រ ម​ទាំង​សុំ​អនុញ្ញាត​អោយ​មាន​សិទ្ធិ​កាន់​កាប់​ក្រ​សួង​គយ​នៅ​តំបន់​នោះ​ផង​។ ស្ថាន​ការណ៍​នេះ​ហើយ​ជា​កត្ដា​ជំរុញ​អោយ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ទ្រង់​អនុញ្ញាត​យល់​ព្រម​តាម​សេច​ក្ដី​សុំ​ស្នើ​របស់​គេ​។ ចំពោះ​រឿង​នេះ​អ្នក​ប្រ​វត្ដិ​សាស្រ្ដ​បរ​ទេស​ខ្លះ​យល់​ឃើញ​ថា «ជា​ការ​វាយ​ដណ្ដើម​យក​មណ្ឌល​ពានិជ្ជ​កម្ម​មួយ​របស់​ខ្មែរ​ដោយ​លាក់​មុខ» (៤១)​។ ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​ដោយ​មាន​ការ​លើក​ទឹក​ចិត្ដ​ពី​ព្រះ​ចៅ​ក្រុង​វេ​ផង ជន​ជាតិ​យួន​បាន​ដឹក​កូន​ជញ្ជូន​ចៅ បបួល​គ្នា​ចូល​នៅ​ក្នុង​ទឹក​ដី​ខ្មែរ កាន់​តែ​ច្រើន​ឡើង​ៗ​។ បន្ទាប់​មក​ទៀត ដោយ​យក​លេស​ថា ដើម្បី​ជួយ​អាជ្ញា​ធរ​​ខ្មែរ​រក្សា​សន្ដិ​សុខ​អោយ​មាន​ប្រសិទ្ធិ​ភាព ព្រះ​ចៅ​ក្រុង​វេ​ទ្រង់​បាន​​បញ្ជូន​មេ​ទ័ព​ម្នាក់​អោយ​ទៅ​ឈរ​នៅ​តំបន់​នោះ​ទៀត​។

ចំពោះ​ការ​ដែល​យួន​លើក​គ្នា​ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ជា​លើក​ដំបូង​នេះ មាន​រាជ​ពង្សា​វតារ​ខ្មែរ​ខ្លះ​និយាយ​ថា ស្ដេច​យួន​បាន​ចាត់​ទូត​អោយ​មក​សុំ​ខ្ចី​ដី​ខ្មែរ​ត្រង់​ព្រៃ​នគរ​, កំពង់​ក្របី​ ដើម្បី​ហ្វឹក​ហាត់​ទាហាន​ធ្វើ​ចំបាំង​ជា​មួយ​ចិន ហើយ​នឹង​បង្វឹល​សង​មក​ខ្មែរ​វិញ​ក្រោយ​រយៈ​ពេល​៥​ឆ្នាំ​។ គួរ​គប្បី​ជ្រាប​ថា ពួក​យួន​ចំនូល​ថ្មី​ទាំង​នោះ កាល​ដែល​មក​តាំង​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ ច្រើន​តែ​រស់​នៅ​ត្រង់​កន្លែង​ណា ដែល​មាន​ជី​ជាតិ​ល្អ ដូច​ជា​នៅ​តាម​ច្រាំង​ទន្លេ និង​ស្ទឹង​ទាំង​ឡាយ ដែល​ជា​មូល​ហេតុ​បណ្ដាល​អោយ​ជន​ជាតិ​ខ្មែរ សុខ​ចិត្ដ​លះ​បង់​ចោល​នូវ​ទ្រព្យ​សម្បត្ដិ មាន​ស្រែ​ចំការ​ផ្ទះ​សំបែង​ស្រុក​ភូមិ ដើម្បី​ថយ​ខ្លួន​ទៅ​រស់​នៅ​អែ​កន្លែង​ផ្សេង​ ព្រោះ​ពុំ​អាច​រស់​នៅ​ជា​មួយ​ពួក​ចំនូល​ថ្មី ដែល​មាន​ទំនៀម​ទំលាប់​របៀប​រស់​នៅ​ខុស​ប្លែក​ពី​គ្នា​ពេក​។ នៅ​ពេល​ដែល​ព្រះ​ជ័យ​ជេដ្ឋា សោយ​ទី​វង្គត​ទៅ នៅ​គ.ស.១៦២៨ ភូមិ​ភាគ​ចាប់​ពី​ព្រៃ​នគរ បារា និង​ដូន​ណៃ​ (កំពង់​ស្រកា​ត្រី)​ ទៅ​ទល់​នឹង​រាជា​ណា​ចក្រ​ចំប៉ា មាន​សុទ្ធ​តែ​ជន​ជាតិ​យួន​មក​នៅ​ពាស​ពេញ​អស់​ទៅ​ហើយ​។

ទំនាក់ទំនងជាមួយអឺរ៉ុប (ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២)

ចាប់​ពី​សត្ដ​វត្ស​ទី​១៧ ត​ទៅ ខ្មែរ​បាន​ទាក់​ទង​ជា​មួយ​ជន​ជាតិ​អឺរ៉ុប​ថ្មី​ៗ​ទៀត ជា​ពិសេស​ជន​ជាតិ ហុល្លង់​នេះ​អែង​។ ផ្ទុយ​ពី​ពួក​ព័រ​ទុយ​កល និង អេស្ប៉ាញ ដែល​មាន​បំណង​ធំ​ក្នុង​ការ​ផ្សាយ​សាស​សនា​នៅ​អាស៊ី​ ពួក​ហុល្លង់​ធ្វើ​ស​កម្ម​ភាព​តែ​ខាង​ជំនួញ​។ ចាប់​តាំង​ពី​គ.ស ១៥៩៥ ពួក​នេះ​បាន​ផ្ដើម​ធ្វើ​ប្រតិ​បត្ដិ​ការ​សឹក​ឆ្ពោះ​ទៅ​កោះ​ជ្វា ហើយ​បន្ទាប់​មក​​បាន​ដណ្ដើម​យក​ពី​ពួក​ព័រ​ទុយ​កល និង អេស្ប៉ាញ នូវ​អាណា​និ​គម​ទាំង​អស់​លើក​លែង​តែ​ម៉ា​កៅ​ចេញ ហើយ​បាន​បង្កើត​គ្រិះ​ស្ថាន​ជំនួញ​នៅ​ប្រ​ទេស​ឥណ្ឌា នៅ​កោះ​សេរី​លង្កា នៅ​ម៉ា​ឡា​កា នៅ​ប្រ​ទេស​សៀម និង​នៅ​ប្រទេស​ជប៉ុន​។

នៅ​គ.ស ១៦២០ ពួក​ហុ​ល្លង់​បាន​ចូល​មក​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​ខ្មែរ​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឈ្មួញ​ឈ្មោះ Jacob Gaerman ជិះ​កប៉ាល Galias បាន​មក​ដល់​ពាម​ទន្លេ​មេ​គង្គ ហើយ​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល ៤​ខែ ទើប​មក​ដល់​ក្រុង​ភ្នំ​ពេញ​។ បី​ឆ្នាំ​ក្រោយ​មក​ទៀត​ពួក​នេះ​បាន​បង្កើត​គ្រិះ​ស្ថាន​ជំនួញ​ជា​លើក​ដំបូង​នៅ​កំពង់​ហ្លូង​ជិត​រាជ​ធានី ឧដុង្គ​។​ ប៉ុន្ដែ​អែក​សារ​មួយ​ទៀត​ (៣៩) បាន​និយាយ​ថា​ ការ​បង្កើត​គ្រិះ​ស្ថាន​ដំ​បូង​នេះ គឺ​នៅ​គ.ស ១៦៣៧ ទៅ​វិញ​ដោយ​ក្រុម​ហ៊ុន​ឥណ្ឌា​ខាង​កើត នៅ​ខាង​ជើង​ពញា​លឺ​បន្ដិច​។ តាំង​ពី​ពេល​នោះ​មក​ ពួក​ហុល្លង់​តែង​តែ​ព្យា​យាម​រក​លេស​មួល​បង្កាច់ និង​ដាក់​កំហុស​លើ​ពួក​ព័រ​ទុយ​កល ដោយ​មាន​ជំនួយ​ពី​ពួក​ជប៉ុន​។ ប៉ុន្ដែ​ទោះ​បី​ពួក​​ហុល្លង់​ខិត​ខំ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​មិន​អាច​កំចាត់​ពួក​ចិន​បាន​ទេ ដែល​នៅ​ទី​បំផុត​ទៅ​ក្លាយ​ជា​ឈ្មួញ​ជើង​អែក​នៅ​តំបន់​អាស៊ី​អគ្គេយ៍​យើង​នេះ​។

ព្រះបាទស្រីធម្មរាជាទី២ រឺ ព្រះរាជសំភារ ចៅពញាតូ ១៦២៩ - ១៦៣៤

កាល​ព្រះ​ជន្ម ២១​វស្សា ចៅ​ពញា​តូ​បាន​យាង​ទៅ​បួស​នៅ​អែ​នគរ​វត្ដ​។ ព្រះ​បិតា​ទ្រង់​បាន​ទំនុក​បំរុង​ផ្សំ​ផ្គំ​ជា​មួយ​បុត្រី​នាម​ចន្ទវតី អោយ​ជា​​ជយា​កំណាន់​ព្រះ​ទ័័យ ទ្រង់​គិត​ថា នឹង​បង្វែរ​រាជ​សម្បត្ដិ​ថ្វាយ​នៅ​ពេល​ណា​ដែល​ចាក​សិក្ខា​បទ​មក​។ ត្រង់​ចំនុច​នេះ អែក​សារ​ខ្លះ​និយាយ​ថា បុត្រី​ដែល​ព្រះ​អង្គ​បាន​ផ្សំ​ផ្គំ​អោយ​ចៅ​ពញាតូ​នោះ​គឺ បុប្ផាវតី​ គឺ​ជា​បុត្រី​ជា​មួយ​អង្គ​ចូវ​(?) ទៅ​វិញ​។

កាល​ដែល​ព្រះ​បាទ​ជ័យ​ជេដ្ឋា​សោយ​ទី​វង្គត​ទៅ ពួក​នា​ម៉ឺន​បាន​យាង​ព្រះ​អនុជ​របស់​ព្រះ​អង្គ​គឺ​ព្រះ​ឧទ័យ​អោយ​ឡើង​សោយ​រាជ្យ​សម្បត្ដិ តែ​ព្រះ​អង្គ​ប្រ​កែក​ពុំ​ព្រម​សោះ​ឡើយ ព្រះ​អង្គ​គ្រាន់​តែ​បាន​ទទួល​ឋានៈ​ជា​ឧភ​យោ​រាជ កាន់​កាប់​អំណាច​បណ្ដោះ​អាសន្ន ទំរាំ​មាន​ព្រះ​រាជា​ឡើង​សោយ​រាជ្យ (១៦២៨ - ១៦២៩)​។ ជា​អកុសល​ព្រះ​ឧទ័យ​ បាន​គួច​ព្រះ​ហរិ​ទ័យ​ប្រតិ​ព័ទ្ធ​លើ​រូប​នាង​ចន្ទវតី (រឺ​បុប្ផាវ​តី?) ដែល​ត្រូវ​ជា​គូ​កំណាន់​របស់​ចៅ​ពញា​តូ​ទៅ​វិញ​។ ចំណែក​អែ​ចៅ​ពញា​តូ ដែល​កំពុង​តែ​បួស​នៅ​វត្ដ​នគរ​វត្ដ​នោះ​ ទាល់​តែ​មាន​នាម៉ឺន​ទៅ​សូម​យាង​អស់​ច្រើន​លើក ទើប​ព្រម​ចាក​សិក្ខា​បទ​មក​ទទួល​រាជា​ភិសេក​ឡើង​សោយ​រាជ​ស្នង​ព្រះ​បិតា​ដោយ​យក​ព្រះ​នាម​ថា ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​ធម្ម​រាជា​ធិ​រាជ​រាមា​ធិបតី នៅ​រាជ​ធានី​ កោះ​ឃ្លោក​ខ្សាច់​កណ្ដាល​។

នៅ​គ.ស.១៦៣៣ ព្រះ​បាទ​ធម្ម​រាជា​ទី​២ ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​លុក​ចូល​ក្រុង​នគរ​រាជ​សិមា តែ​យក​មិន​បាន ហើយ​ក៏​កៀរ​គ្រួសារ​ខ្លះ​នាំ​ចូល​ស្រុក​ខ្មែរ​វិញ​។ ក្នុង​រជ្ជ​កាល​របស់​ព្រះ​អង្គ​មាន​ការ​តែង​តាំង​ចិន ៤​នាក់​ជា​មន្រ្ដី និង​ការ​បង្ហាត់​ចិន​អោយ​ទៅ​ជា​ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ​។ គួរ​គប្បី​ជ្រាប​ថា ព្រះ​បាទ​ធម្ម​រាជា​ទី​២ ចៅ​ពញា​តូ ជា​ក្សត្រ​មួយ​អង្គ​មាន​ប្រាជ្ញា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អក្ស​សាស្រ្ដ​។ ព្រះ​អង្គ​ទុក​ស្នា​ព្រះ​ហស្ថ​ជា​ច្រើន​ក្នុង​វិស័យ​នេះ​ដូច​ជា៖

- រាជស័ព្ទ ច្បាប់រាជសំភារ គ.ស. ១៦២២
- ហេមន្ដមាស គ.ស.១៦២៩
- កាព្យនិរាសគ.ស.១៦៣០
- ហិនលក្ខណ៍សល គ.ស.១៩៣០

ប៉ុន្ដែ​ព្រះ​អង្គ​ពុំ​បាន​សោយ​រាជ​អោយ​បាន​យូរ​អង្វែង​ដើម្បី​ផ្សព្វ​ផ្សាយ និង​ឧបត្ថម្ភ​វិស័យ​អក្សរ​សាស្រ្ដ​នេះ​អោយ​បាន​ទូលំ​ទូលាយ និង​បាន​រឹង​ប៉ឹង​ទេ ព្រោះ​ព្រះ​អង្គ​មាន​ទំនាស់​វិបត្ដិ​ជា​មួយ​នឹង​ព្រះ​បិតុលា​ក្នុង​រឿង​ស្នេហា! យ៉ាង​ណា​មិញ ភ្លើង​កាម​តណ្ហា​បាន​ដុត​រោល​ព្រះ​អង្គ​អោយ​ចាប់​ព្រះ​ទ័យ​ប្រតិ​ព័ទ្ធ​នាង​ចន្ទវ​តី (រឺ​បុប្ផាវ​តី?) ឡើង​វិញ​។ គូ​សង្សារ​ទាំង​ពីរ​បាន​សរ​សេរ​លិខិត​ឆ្លើយ​ឆ្លង​គ្នា​។ នាង​ចន្ទ​វតី (រឺ​បុប្ផា​វតី?) បាន​ធ្វើ​ឧបាយ​ធ្វើ​កឋិន​ទៅ​នគរ​វត្ដ​ដើម្បី​បាន​ឱ​កាស​ជួប​គ្នា​។ ក្រោយ​មក នាង​ធ្វើ​ឧបាយ​ជា​ទៅ​បន់​ស្រន់​ព្រះ​ពុទ្ធ​នៅ​វត្ដ​ព្រះ​វិហារ​សួរ​ អោយ​ព្រះ​ភស្ដា​បាន​ជា​សះ​ស្បើយ​ កាល​ដែល​ព្រះ​អង្គ​ប្រ​ឈួន ដល់​ពេល​ចេញ​ដំណើរ​ក៏​ចូល​ទៅ​កោះ​ឃ្លោក​ ជួប​ព្រះ​ធម្ម​រាជា​ទៀត​។ ពួក​មន្ដ្រី​ចាំ​បាត់​​យូរ​ពេក​ត្រ​លប់​មក​ទូល​ព្រះ​​ឧទ័យ​ ព្រះ​អង្គ​លើក​ទ័ព​ទៅ​ដោយ​មាន​ពួក​ព័រ​ទុយ​កល​ទៅ​ជា​មួយ​ផង​។

ខាង​ព្រះ​ធម្ម​រាជា ក៏​លើក​ទ័ព​ចេញ​ទទួល​ច្បាំង តែ​ទន់​ដៃ​ជាង​ក៏​រត់​ចូល​បន្ទាយ បន្ទាយ​ត្រូវ​វាយ​បែក​ទៀត​។ ព្រះ​ធម្ម​រាជា​ទ្រង់​ភៀស​ព្រះ​អង្គ​តាម​ទូក​ទៅ​ដល់​ស្រុក​កញ្ជរ រត់​ទៅ​ពួន​លើ​ចុង​ត្នោត ហើយ​ត្រូវ​ពួក​ព័រ​ទុយ​កល​បាញ់​ធ្លាក់​មក​ដី តែ​មុន​នឹង​សុគត (គ.ស.១៦៣៤) ទ្រង់​បាន​សុំ​អនុញ្ញាត​ទុក​ពេល​ចារ​លើ​ស្លឹក​ត្នោត​នូវ​ដំបូន្មាន ទុក​អោយ​បច្ឆា​ជន​ជាន់​ក្រោយ​កុំ​ល្មោភ​ក្នុង​កាម​តណ្ហា​ដូច​ព្រះ​អង្គ​ទៀត​។ ចំណែក​នាង​ចន្ទវតី (រឺបុប្ផាវតី?) ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត​បង់​។

ព្រះបាទអង្គទងរាជា ចៅពញានូ ១៦៣៥ - ១៦៣៩

ចៅ​ពញា​នូ ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២ ព្រះ​ជន​បាន​២៣​វស្សា បាន​ឡើង​សោយ​រាជ​សម្បត្ដិ​ស្នង​ព្រះ​ រៀម​នៅ​ក្រុងឧដុង្គ​មាន​ជ័យ ដោយ​មាន​ព្រះ​នាម​សំរាប់​រាជ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អង្គ​ទង​រាជា​ធិ​រាជ​រាមា​ធិបតី នៅគ.ស. ១៦៣៨ នៅ​ស្រុក​រលាំង​គ្រើស​ មាន​ការ​បះ​បោរ ព្រះ​អង្គ​បាន​បញ្ជា​អោយ​បង្ក្រាប​ស្ងប់​អស់​ទៅ​វិញ​។

ទំនាក់ទំនងជាមួយហុល្លង់ ក្នុងរាជព្រះអង្គទង

នៅ​គ.ស. ១៦៣៥ ពួក​ហុល្លង់​បាន​ចាប់​យក​សំពៅ​របស់​ខ្មែរ​ដែល​ផ្ទុក​ពេញ​ដោយ​ទំនិញ​ក្នុង​ដែន​ទឹក Macassar​។ ព្រះ​អង្គ​ទង​រាជា​ទ្រង់​បាន​តវ៉ា ពួក​ហុល្លង់​ក៏​បាន​លែង​សំពៅ​នោះ​មក​វិញ​។ នៅ​ឆ្នាំ​បន្ទាប់ កប៉ាល់​ហុល្លង់​ពីរ​គ្រឿង​មក​ពី​ក្រុង​បាតាវ្យា (គឺ​ក្រុង ចក្កតា​សព្វ​ថ្ងៃ) បាន​នាំ​សំបុត្រ​របស់​លោក​ទេសា​ភិបាល ស្នើ​លក់​កាំ​ភ្លើង​ធំ​អោយ​ខ្មែរ​។ ជា​អកុ​សល​កប៉ាល់​មួយ​គ្រឿង​ឈ្មោះ Woordwych ត្រូវ​គឿង​ជាប់​លើ​ខ្សាច់​ត្រង់​មាត់​ពាម​ទន្លេ​មេ​គង្គ​។ ព្រះ​រាជា​ទ្រង់​បាន​បញ្ជា​អោយ​រិប​អូស​យក​កាំ​ភ្លើង​ធំ ៣០​ដើម និង​ស្ដាន់ ៥០០​ហាប​ពី​កប៉ាល់​នោះ​។ នៅ​ថ្ងៃ​ទី ២៦ ខែ មិនា​១៦៣៧ លោក​ទេសា​ភិបាល​ ហុល្លង់​នៅ​ក្រុង​​បាតា​វ្យា បាន​បញ្ចូល​ឈ្មួញ​ឈ្មោះ ហិន​ដ្រិក​ហា​ហ្គេន​ហា​អារ ជា​មួយ​នឹង​កប៉ាល ៤​គ្រឿង​ទៀត​មក​ក្នុង​ឋានៈ​ជា​ទូត​ដើម្បី​ផ្សះ​ផ្សា​វិវាទ​ខាង​លើ​។ តែ​លុះ​មក​ដល់​ទន្លេ​មេ​គង្គ​នៅ ថ្ងៃ ១១​ខែ​ឧសភា លោក​ហា​ហ្គេន​ហា​អារ បាន​ជួប​ប្រទះ​នឹង​កប៉ាល់​ព័រ​ទុយកល​មួយ​គ្រឿង ហើយ​ក៏​បាន​រិប​អូស​ យក​កប៉ាល់​នោះ​ទៅ​ជា​ហេតុ​បណ្ដាល​អោយ​ព្រះ​រាជា​ស្ដី​បន្ទោស​លោក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​លោក​ថ្វាយ​សារ​តាំង​ចំពោះ​ព្រះ​អង្គ​។ នៅ​គ.ស. ១៦៣៨ គណៈ​បេ​ស​កម្ម​ថ្មី​មួយ​ទៀត​ត្រូវ​បញ្ជូន​មក​ឧដុង្គ ក្រោម​កិច្ច​ដឹក​នាំ​របស់​លោក​ប៉ូលូស ក្រុក ហើយ​លោក​យោ​ហាន​នែស វាន​ហា​ហ្គេន បាន​មក​ជំនួស​លោក Jan Galen ជា​មេ​គ្រិះ​ស្ថាន​ហុ​ល្លង់​។ ពួក​មក​ថ្មី​នេះ​ក៏​ពុំ​បាន​ទទួល​ផល​ល្អ​ក្នុង​កិច្ច​ការ​របស់​ខ្លួន​ដូច​ពួក​មក​មុន​ៗ​ដែរ​។ ប៉ុន្ដែ​ពួក​នេះ​បា​ន​ធ្វើ​អោយ​ព្រះ​អុទ័យ យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ទំនាក់​ទំនង​ពានិជ្ជ​កម្ម និង​ហេ​រញ្ញ​វត្ថុ​ជា​មួយ​ពួក​ហុល្លង់​។ នៅ​គ.ស.១៦៣៨ ព្រះ​អង្គ​ទ្រង់​បាន​អោយ​ក្រុម​ហ៊ុន​ឥណ្ឌា​ខាង​កើត ខ្ចី​ប្រាក់ និង​លក់​ម្រក្សណ៍​ឈើ​ខ្លឹម​ចន្ទន៍ និង​ភ្លុក​ដំរី​អោយ​ពួក​ហុល្លង់​(៩)​។

ទំនាក់ទំនងជាមួយយួន ក្នុងរាជព្រះអង្គទង

រាជ​ពង្សា​វតារ​ខ្មែរ​ខ្លះ​បាន​និយាយ​ថា នៅគ.ស.១៦៣៨ (?) ព្រះ​អង្គ​ទង​រាជា ទ្រង់​បាន​តឿន​ទារ​យក​ដី ព្រែ​នគរ កំពង់​ក្របី​មក​វិញ ប៉ុន្ដែ​អគ្គ​មហេសី​យួន​របស់​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ទ្រង់​បាន​ធ្វើ​អន្ដរា​គមន៍​សុំ​អោយ​ពន្យារ​ពេល​អោយ​បាន​យូរ​បន្ដិច​ទៀត​។

(1) គួរ​គប្បី​ជ្រាប​ថា ដែល​ហៅ​ថា ព្រៃគរ (ព្រៃ​ដើម​គរ) នៅ​ពេល​នោះ​គឺ​ត្រូវ​នឹង​តំបន់​ចំលឹង​សព្វ​ថ្ងៃ អែ​កន្លែង​ក្រុង​ព្រៃ​នគរ​សព្វ​ថ្ងៃ​ ពី​ដើម​ហៅ​ថា កំពង់​ក្របី​។